Author: សឿន សំណាង

  • ចេក​ខ្ចី ព្យាបាល​អាការ​រាករូស និង​ទល់លាមក

    ចេក​ខ្ចី ព្យាបាល​អាការ​រាករូស និង​ទល់លាមក

    មាន​អ្នកណាខ្លះ​ដែល​ដឹងថា ផ្លែ​ចេក​ខ្ចី អាច​ព្យាបាល​អាការ​រាករូស​បាន​យ៉ាង​ពូកែ​នោះ…ដូច្នេះ​ដើម្បី​កុំឱ្យ​ខាត​ពេល យើង​នាំគ្នា​មក​តាមដាន​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទាំងអស់គ្នា​ដូចតទៅ…

    ដោយសារតែ​ផ្លែ​ចេក​ខ្ចី​មាន​សារធាតុ ធែ​ន​និ​ន ដែល​អាច​ព្យាបាល​អាការ​រាក ប្រភេទ​មិន​ធ្ងន់ធ្ងរ​បាន ដោយ​អាច​យក​ផ្លែ​ចេកណាំវ៉ាស្រគាលៗ មក​ញ៉ាំឆៅៗ ស្រស់ៗ  ម្តង​កន្លះ​ផ្លែ ឬ ១ផ្លែ​ក៏បាន  ឬក៏​យក​ផ្លែ​ចេកណាំវ៉ាខ្ចីៗ មក ហាន់​ជា​បន្ទះស្តើងៗ រួច​យកទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត ហើយ​យកមក​កិន​ឱ្យ​ក្លាយទៅជា​ម្សៅ សម្រាប់​ឆុង​ជាមួយ​ទឹក​ក្តៅ​ផឹក ក៏​អាច​ប្រើ​ព្យាបាល​អាការ​រាករូសល្មមៗបានដែរ។ តែ ក្នុងការ​ព្យាបាល អ្នកជំងឺ​គួរ​តម​អាហារ​គ្រប់​ប្រភេទ ប្រហែលជា 2ពេល​ជាមុនសិន ដើម្បីឱ្យ​ពោះ​បាន​សម្រាក  រួច​សឹម​ផឹកទឹក​ក្តៅ​ឆុង​នឹង​ម្សៅ​ចេក​ខ្ចី​នោះ។ ក្រៅពីនោះ  ផ្លែ​ចេកទុំ នៅ​អាច​ប្រើ​ធ្វើជា​ថ្នាំ​បន្ធូរ​លាមក​​បាន​​ទៀត​ផង​ ដោយសារតែ​ផ្លែ​ចេកទុំ មាន​សារធាតុ ភែ​ក​ធី​ន ដែល​ជួយឱ្យ​ងាយស្រួល​ក្នុងការ​បន្ទោបង់​ហ្នឹងឯង។

    យើង​បានឃើញ​គុណប្រយោជន៍​របស់​ផ្លែ​ចេក​ហើយ មិនថាតែ​ចេកទុំ ឬ​ខ្ចី​នោះទេ សុទ្ធតែ​មានគុណ​ប្រយោជន៍​ទាំងអស់ ដូច្នេះ​បើ​អ្នកណា​កើត​អាការ​រាករូស (ហើយ​មិន​ចង់​លេប​ថ្នាំពេទ្យ) សូម​សាកល្បង​រក​ផ្លែ​ចេក​ខ្ចី​មក​ទទួលទាន​តាម​ការ​ណែនាំ​ខាងលើ​ចុះ ចំណែក​អ្នកណា ដែលមាន​អាការ​ទល់លាមក ឬ​បន្ទោបង់​មិន​ស្រួល សូម​រក​ផ្លែ​ចេកទុំ​មក​ពិសា​ចុះ ធានាថា លោក​អ្នកនឹង​បត់ជើង​យ៉ាង​ងាយស្រួល​មិន​ខាន៕

  • កំលោះអាមេរិកកើតទុក្ខព្រួយ ខំសន្សំ​លុយ​ច្រើនឆ្នាំ ទិញចិញ្ចៀនពេជ្រ តម្លៃខ្ទង់ $ម៉ឺន ឱ្យគូដណ្ដឹង ស្រាប់តែនាងមិនពេញចិត្ត

    កំលោះអាមេរិកកើតទុក្ខព្រួយ ខំសន្សំ​លុយ​ច្រើនឆ្នាំ ទិញចិញ្ចៀនពេជ្រ តម្លៃខ្ទង់ $ម៉ឺន ឱ្យគូដណ្ដឹង ស្រាប់តែនាងមិនពេញចិត្ត

    កំលោះ​វ័យ 30ឆ្នាំ មកពី​សហរដ្ឋអាមេរិក បាន​ផូ​ស្ត​នៅក្នុង​បណ្ដាញ​សង្គម Reddit ដើម្បី​សុំ​យោបល់​ពី​អ្នក​នៅក្នុង​បណ្ដាញ​សង្គម រឿង​ចិញ្ចៀន​ថា៖ លោក​បាន​យកប្រាក់ ដែល​ខំ​សន្សំ​មក​យូរ រាប់សិប​ឆ្នាំ​ហើយ ទៅ​ទិញ​ចិញ្ចៀនពេជ្រ 1គ្រាប់​ធំ (3.6កា​រ៉ាត់) ឱ្យទៅ​នារី​គូ​ដណ្ដឹង ប៉ុន្តែ ចិញ្ចៀន ១វង់​នេះ ស្រាប់តែ​ក្លាយជា​ដើមហេតុ​ធ្វើឱ្យ​ទាំង 2នាក់ ឈ្លោះ​គ្នា​យ៉ាងខ្លាំង​ទៅវិញ។

    អ្នក​កំលោះ​អភ័ព្វ បាន​រៀបរាប់ថា ដំបូងៗ មើលទៅ​នាង ហាក់ដូចជា​ស្រឡាញ់​ចិញ្ចៀន ១វង់​នោះ​ខ្លាំងណាស់ តែ​រឿងរ៉ាវ វា​ចាប់ផ្ដើម​អាក្រក់​ឡើង បន្ទាប់ពី​នាង​បាន​សាកសួរ​ពី​តម្លៃ​របស់​ចិញ្ចៀន ដែល​អ្នក​កំលោះ​យើង ក៏​ឆ្លើយ​ទៅវិញ​ថា ទិញ​មក​ក្នុងតម្លៃ 20,000ដុល្លារ។

    នៅពេល​បានឮ​ដូច្នោះ នាង​ក៏មាន​អាកប្បកិរិយា​ប្រែប្រួល នាង​ចាប់ផ្ដើម​សង្ស័យថា តើ​គេ​បាន​ចិញ្ចៀនពេជ្រ ១គ្រាប់​ធំ​នេះ ក្នុងតម្លៃ​នេះ​មក​យ៉ាងម៉េច​បាន? ទើប​សុំ​មើល​លិខិតធានា​គុណភាព​គ្រាប់ពេជ្រ។

    ពីដំបូង អ្នក​កំលោះ​យើង គិតថា ប្រហែលជា​នាង​បារម្ភ ខ្លាច បាន​ពេជ្រ​ក្លែងក្លាយ​ហើយ​មើលទៅ? តែមាន​ឯណា?! នាង​បែរជា​កើតក្ដី​កង្វល់ ព្រោះ​វា​ជា​គ្រាប់ពេជ្រ​កែច្នៃ​ទៅវិញ…។

    នាង​ត្រូវការ​តែ​គ្រាប់ពេជ្រ ដែល​ចេញ​មកពី​ធម្មជាតិ​ប៉ុណ្ណោះ មិនមែន​គ្រាប់​ពេញ​ដែល​បណ្ដុះ​ឡើង​នៅក្នុង​បន្ទប់ពិសោធន៍​ឡើយ។  តែ ពេជ្រ​ទាំង ២បែប​នោះ ស្ទើរតែ​មិន​ខុសគ្នា​ឡើយ គ្រាន់តែ ១ប្រភេទ កើតឡើង​តាម​ធម្មជាតិ និង ១ប្រភេទ​ទៀត កើតឡើង​នៅក្នុង​បន្ទប់ពិសោធន៍​តែប៉ុណ្ណោះ។ អ្វីដែល​សំខាន់ គឺ​ចាយលុយ​ក្នុងតម្លៃ​ដូចគ្នា តែ​បាន​គ្រាប់ពេជ្រ​ធំ​ជាង ដូច្នេះ​វា​មានតែ​ចំណេញ និង​ចំណេញ។

    កាលពីពេល​មុននឹង​ទិញ​ចិញ្ចៀន 1វង់​នេះ អ្នក​កំលោះ បាន​សាកសួរ​យោបល់​ពី​មនុស្ស​ជុំវិញខ្លួន ទាំង​ឪពុកម្ដាយ និង​មិត្តភក្តិ​របស់​ខាង​ស្រី​រួចហើយ។ ពួកគេ សុទ្ធតែ​ប្រាប់ថា បើ​ស្រឡាញ់គ្នា​ពិត ពេជ្រ​មកពីណា ប្រហែលជា​មិន​សំខាន់​ទេ…តែ វា​មិនមែន​ដូច​ពួកគេ​ទាំងអស់គ្នា គិត​នោះទេ…។

    នាង​នៅតែ​ប្រកាន់​គោលជំហរ​ថា ត្រូវតែ​ពាក់​ពេជ្រ​ធម្មជាតិ​ឱ្យបាន ថែមទាំង​សុំឱ្យ​គេ ទៅ​ប្ដូរ​យក​គ្រាប់ពេជ្រ ដែលមាន​តម្លៃ​ប៉ុនគ្នា​មកវិញ​ទៀតផង។ ទីបំផុត អ្នក​កំលោះ​យើង បាន​បដិសេធ​ក្នុងការ​ធ្វើតាម​ចិត្ត​រប​ស់​គូ​ដណ្ដឹង ព្រមទាំង​ប្រាប់ថា នាង​អាចឱ្យ​ចិញ្ចៀនពេជ្រ​នោះមក​គេ​វិញ និង​បញ្ចប់​សម្ព័ន្ធភាព​ស្នេហ៍​បាន…។

    ចំណែក​ខាង​គំនិត​យោបល់​របស់​អ្នក​ចូល​មើល​ប្រព័ន្ធ​បណ្ដាញ​សង្គម​វិញ ចែកចេញជា 2ក្រុម…ក្រុម​ដំបូង យល់ឃើញថា នារី​គូ​ដណ្ដឹង ជា​មនុស្ស​វត្ថុនិយម ព្រោះថា ចង់​ជា​ចិញ្ចៀន​ប្រភេទ​ណា ឬ​ទំហំ​ប៉ុនណា  វា​មិន​សំខាន់​ទេ វា​អាស្រ័យ​លើ​សេចក្ដីស្នេហា​របស់​អ្នក​ទាំង2 ខ្លាំង​ជាង។ បើសិន​ឈ្លោះ​គ្នា ព្រោះតែ​រឿងនេះ វា​អាច​បង្ហាញ​សញ្ញា ឱ្យឃើញ​ពី​ភាពបរាជ័យ​របស់​ជីវិត​គូ​មិន​ខាន។ ចំណែក​ក្រុម 1ទៀត យល់ឃើញថា ស្រី​ជា​គូ​ដណ្ដឹង​មិន​ខុស​ទេ…បុរស​គូ​ដណ្ដឹង គួរតែ​សួរ​យោបល់​របស់​នាង​សិន​ថា តើ​ចូលចិត្ត​ចិញ្ចៀន​បែបណា? ព្រោះ​អី នាង​នឹងត្រូវ​ពាក់ចិញ្ចៀន​នោះ​អស់​មួយជីវិត ដូច្នេះ វា​គួរតែ​ជា​អ្វី ដែល​នាង​ជា​អ្នក​ជ្រើសរើស​ខ្លួនឯង មែន​អត់?

    ប្រភព៖ worldofbuzz
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • វិធី​បរិភោគ​យ៉ាង​ឆ្លាត ដើម្បី​សុខភាព​ល្អ

    វិធី​បរិភោគ​យ៉ាង​ឆ្លាត ដើម្បី​សុខភាព​ល្អ

    1. បរិភោគ​ឱ្យ​ឆ្អែត​ល្មម ដោយ​ការ​ដួស​ស្មាន​បរិមាណ​ឱ្យ​ល្មម ដូចជា បាយ 1 – 2វែក បន្លែ និង​សាច់ 4 – 6 ស្លាបព្រា ហើយ​និង​ទឹក​ពិសា 1 – 2កែវ។
    2. មិន​បរិភោគ​កំពប់​ខ្ជះខ្ជាយ។
    3. ជ្រើសរើស​អាហារ​ដែល​ល្អ មានគុណ​ប្រ​យោ​ជ​ន៏ តម្លៃ​ធូរ​ថ្លៃ អាហារ​ប្រភេទ​ប្រូតេអ៊ីន អាច​ប្រើ​ដុំ​តៅហ៊ូ ឬ​គ្រាប់សណ្តែក​ស្ងួត លាយ​ជាមួយ​សាច់សត្វ​បាន។ ជ្រើសរើស​បរិភោគ​អាហារ ដែលមាន​នៅក្នុង​ស្រុក បន្លែ​ផ្លែឈើ​ដែល​ងាយស្រួល​រកបាន។
    4. បរិភោគ​បន្លែ​ផ្លែឈើ​ខ្មែរ​យើង ជំនួស​បង្អែម ជាពិសេស​ផ្លែឈើ​តាម​រដូវ​កាល ដែលមាន​តម្លៃ​ធូរ​ថ្លៃ ដែល​គ្មាន​ស្ករ និង​ខ្ទិះ ដែលនាំឱ្យ​ធាត់​ផង។
    5. កាត់បន្ថយ​ការ​ញ៉ាំ​ចំណី​កំប៉ិកកំប៉ុក​ច្រើន។
    6. ផឹកទឹក​បរិសុទ្ធ គឺ​ល្អ​បំផុត កាត់បន្ថយ ឬ​តម​ភេ​ស្ជ​ជៈ ដែលមាន​រសជាតិ​ផ្អែម​ទាំងឡាយ។
    7. បរិភោគ​ម្ហូបអាហារ​ខ្មែរ តម្លៃ​ធូរ​ថ្លៃ និង​បានទទួល​គុណ​ប្រ​យោ​ជ​ន៏​ខាង​អាហារ​គ្រប់សព្វ​ទៀតផង។
    8. កាត់បន្ថយ​ការ​កុម្ម៉ង់​ម្ហូបអាហារ​ពិសេស ដូចជា ថែម​សាច់ ឬ​ប្រ​ហឹ​ត បាយ ឬ​ម្ហូប ដែលនាំឱ្យ​អស់​លុយ​ច្រើន និង​ធ្វើឱ្យ​ធាត់​ទៀតផង។
    9. តម​ការ​ទទួលទាន​អាហារ​ពេលយប់។
    10. ទំពារ​អាហារមួយៗ យឺតៗ កុំ​ប្រញាប់ នឹងធ្វើ​ឱ្យមាន​អារ​ម្ម​ណ៏​ឆាប់​ឆ្អែត​ជាង ព្រោះ​រាងកាយ​របស់​មនុស្ស​យើង​នឹង​ឆ្អែត ពេលដែល​ញ៉ាំ​អាហារ​ចូលទៅ​បាន ប្រមាណ​ជា 20នាទី៕
  • ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា

    ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា

    ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ ជាតិ សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ​រដ្ឋ បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី។

    https://www.youtube.com/watch?v=DmmVUma9dJc&t=256s

    ប្រភព​៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

  • (វីដេអូ)-គ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែល កម្ទេចអគារកម្ពស់14ជាន់ នៅ​តំបន់​​ហ្គាហ្សា៖ អ៊ីស្រាអែល ថា ជាទីស្នាក់ការរបស់អង្គភាពស៊ើបការណ៍សម្ងាត់នៃក្រុម ហាម៉ាស

    (វីដេអូ)-គ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែល កម្ទេចអគារកម្ពស់14ជាន់ នៅ​តំបន់​​ហ្គាហ្សា៖ អ៊ីស្រាអែល ថា ជាទីស្នាក់ការរបស់អង្គភាពស៊ើបការណ៍សម្ងាត់នៃក្រុម ហាម៉ាស

    យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាន​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់ ធ្វើឱ្យ​អគារ​មួយកន្លែង មាន​កម្ពស់ 14ជាន់ ដែល​ត្រូវបាន​គេ​ជឿថា​ជា ទីស្នាក់ការ​របស់​ទូរ​ទស្សន៍​ផ្កាយរណប Al-Aqsa របស់​កងជីវពល ហា​ម៉ាស ត្រូវ​ដួល​រាប​ដល់​ដី​។

    កាលពី​ថ្ងៃទី12 ខែឧសភា អ៊ីស្រាអែល​ បាន​​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ Al-Shorouk ជា​អគារ​មួយ​ដែលត្រូវ​បាន​ ប៉ាលេស្ទីន​ និយាយ​ថា មាន​ក្រុមហ៊ុន​ជាច្រើន រួមទាំង​ការិយាល័យ​របស់​ទូរទស្សន៍​ផ្កាយរណប Al-Aqsa របស់​កងទ័ព ហា​ម៉ាស។ ប៉ុន្តែ អ៊ីស្រាអែល ជឿថា នេះ​គឺជា​ទីស្នាក់ការ​នៃ​អង្គភាព​ស៊ើប​ការណ៍​សម្ងាត់​របស់ ​ហា​ម៉ាស។ វា​ស្ថិតក្នុង​តំបន់​ក្រុង​រ៉ូ​ម៉ាំង​បុរាណ ជាទី​តាំង​ពាណិជ្ជកម្ម​ធំ​បំផុត​ប្រចាំ​តំបន់ ហ្គា​ហ្សា។

    អ្នករស់នៅ​ក្នុង​តំបន់​នេះ បានឱ្យដឹងថា មុន​ការវាយប្រហារ អ៊ីស្រាអែល បាន​ព្រមាន​ដល់​មនុស្ស​ទាំងអស់​​ឱ្យ​ចាក​ចេញពី​អគារ ដោយ​ការទម្លាក់​គ្រាប់បែក​ក្លែងក្លាយ​មួយ​គ្រាប់​ទៅលើ​ដំបូល​អគារ។ ភ្លាមនោះ ប្រជាជន​ក៏បាន​អំពាវនាវ​ឱ្យ​មនុស្សម្នា​ចាកចេញ​ពី​អគារ​ដែល​ជិត​នឹងត្រូវបាន​​កម្ទេច។

    បន្ទាប់មក យន្តហោះ​ចម្បាំង F-16 របស់​អ៊ីស្រាអែល បាន​បាញ់​រ៉ុក្កែត សរុប 9គ្រាប់ តម្រង់​គោលដៅ បណ្ដាលឱ្យ​អគារ​ត្រូវ​របេះ​ធ្លាក់​ម្ដង​មួយផ្ទាំងៗ ហើយ​រ៉ុ​ក្កែង​ពីរ​គ្រាប់​ចុងក្រោយ ក៏បាន​កម្ទេច​អគារ Al-Shorouk នេះ ឱ្យ​រាប​ដល់​ដី​ទាំងស្រុង។ នេះ​គឺជា​អគារ​ខ្ពស់​ទី​បី​នៅ​តំបន់ ហ្គា​ហ្សា ដែល​ត្រូវបាន​យន្តហោះ​ចម្បាំង​របស់់​អ៊ីស្រាអែល​វាយប្រហារ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

    https://www.youtube.com/watch?v=agf2sIy2uh4

    ភាគី​ខាង ហា​ម៉ាស បានឱ្យដឹងថា ខ្លួន​បាន​បាញ់​រ៉ុក្កែត 130គ្រាប់ សំដៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជាការ​សងសឹក​នឹង​ការវាយប្រហារ​លើ​អគារ Al-Shorouk នេះ។

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ គ្រាប់​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 7នាក់ ក្នុងនោះ​មាន​កុមារ​អាយុ 6ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់​ផងដែរ។

    ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន ឱ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​ចំនួន 53នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 14នាក់​ផងដែរ ខណៈដែល 320នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា នា​សប្ដាហ៍​នេះ។

    មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

    បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

    ប្រភព​៖ Al Jazeera, AP
    ប្រែសម្រួល​៖ បុត្រា

  • សម្រួល​ហុងស៊ុយ​ផ្ទះ ឱ្យបាន​ត្រឹមត្រូវ  អារម្មណ៍​នឹង​ផ្លាស់ប្តូរ​ភ្លាម

    សម្រួល​ហុងស៊ុយ​ផ្ទះ ឱ្យបាន​ត្រឹមត្រូវ  អារម្មណ៍​នឹង​ផ្លាស់ប្តូរ​ភ្លាម

    ក្នុងការ​តុបតែង​ផ្ទះ បើ​គិតតែ​ពី​រឿង​សប្បាយ​សុខ​ស្រួល ឬក៏​រឿង​ស្អាតបាត​តែ​ម្យ៉ាង​នោះ ពិតជា​មិន​បានទេ  អ្នក​គួរ​ពិចារណា​ពី​រឿង​ទីតាំង និង​ការរៀបចំ​ទុកដាក់​របស់របរ និង​តុ ទូ កៅអី​ផង ដោយសារតែ​របស់​អស់ទាំងនោះ ក៏មាន​ផល​ចំពោះ​ជីវិត​របស់​មនុស្ស ដែល​នៅក្នុង​ផ្ទះ​ដែរ  ដ​ច្នេះ​ហើយ​ទើប​មនុស្ស​ជាច្រើន តែង​ប្រកាន់យក​សាស្ត្រា​ហុងស៊ុយ មក​ប្រើ​ក្នុងការ​រៀបចំ​តុបតែង​ផ្ទះ  និង​ថែមទាំង​ជួយ​កែប​ញ្ហា​រឿង​អារម្មណ៍​អវិជ្ជមាន ឱ្យ​ក្លាយទៅជា​វិជ្ជមាន​បាន​ទៀតផង ដូច្នេះ​នៅថ្ងៃនេះ យើង​មាន​សាស្ត្រា​នៃ​វិជ្ជា​ហុងស៊ុយ ដែល​និយាយ​ពី​រឿង​ការសម្រួល​អារម្មណ៍​របស់​មនុស្ស​នៅក្នុង​ផ្ទះ មក​ជម្រាបជូន ។

    1. ចង់​សម្រក​ទម្ងន់

    សម្រាប់​អ្នក ដែល​ត្រូវការ​បញ្ចុះទម្ងន់ ក៏​អាច​យក​គោលការណ៍​ហុងស៊ុយ មក​ប្រើ​ក្នុងការ​រៀបចំ​ទីតាំង​របស់របរ​នៅក្នុង​ផ្ទះ​បាន​ដូចគ្នា  ដោយ​ចាប់ផ្តើម​ពី​ការរៀបចំ​ទុកដាក់​ឧបករណ៍ នៅក្នុង​ចង្ក្រាន​បាយ​ឱ្យមាន​របៀបរៀបរយ តុបតែង​លម្អ​ជុំវិញ​ក្នុង​បន្ទប់ ដោយ​ផ្លែឈើ ឬ​ផ្កាស្រស់ៗ និង​កញ្ចក់ស្អាតៗ 1ផ្ទាំង ព្រមទាំង​ប្តូរ​តុ​បាយ កម្រាលតុ​បាយ ដាក់​ពណ៌ដិតច្បាស់ៗវិញ​ម្តង ដូចជា ពណ៌​ខ្មៅ ប្រផេះ និង​ខៀវ​ជាដើម រួមទាំង​ព្យាយាម​ចៀសវាង​ការប្រើប្រាស់​ពណ៌ស្រស់ៗ ដូចជា ពណ៌​ក្រហម លឿងទុំ ឬ​លឿង ដោយសារតែ​ពណ៌​ទាំងអស់នេះ វា​ជួយ​ជំ​រុញឱ្យ​មនុស្ស​ឃ្លានបាយ និង​ញ៉ាំ​អាហារ​បាន​កាន់តែ​ច្រើនឡើង​ហ្នឹងឯង។

    1. ថ្ងៃ​ដែល​នឿយហត់

    បង្កើន​ថាមពល​ក្នុង​ថ្ងៃ​ដែល​នឿយហត់​ដល់​ខ្លួនឯង ឬ​សមាជិក​ក្នុងផ្ទះ​ទាំងអស់ ដោយ​ការយក​រុក្ខជាតិ​ឱសថ​បុរាណ​មក​ដាក់តាំង​ជុំវិញ​ក្នុងផ្ទះ ដោយ​ចង់​ដាក់​ក្នុង​ថូ ឬ​ក្នុង​ដប​កែវ​ក៏បាន  តែបើ​ចង់ឱ្យ​ល្អ​បំផុត​នោះ គួរ​ដាក់​ដាំ​នៅក្នុង​ផើង​ដីឥដ្ឋស្អាតៗ ដោយ​លើក​យកមក​ដាក់​ទន្ទឹម​គ្នា​នឹង​ឧបករណ៍​ផ្ទុក​ទឹកស្អាត  តែ​ប៉ុណ្ណឹង ភាព​នឿយហត់​ទាំងឡាយ និង​រលាយ​បាត់អស់​ជាបណ្តើរៗ ប្រែក្លាយជា​ភាពស្រស់ថ្លា​ជំនួស​វិញ។ ចំណែក​អ្នក​ដែលមាន​បញ្ហា រឿង​សម្រាន្ត​មិនសូវ​លក់​នោះ ក៏​អាច​យក​វិធី​នេះ​ទៅប្រើ​បានដែរ។

    1. បញ្ហា​លុយកាក់

    អ្នក​ដែលមាន​បញ្ហា​រឿង​លុយកាក់ អាច​កែ​បាន​ដោយ​ការបន្ថែម ឬ​ប្តូរ​ពណ៌​ខាងក្នុង​ផ្ទះ ឱ្យមាន​ចំណែក​របស់​ពណ៌បៃតង មាស ក្រហម ឬ​ស្វាយ​ឱ្យ​ច្រើនឡើង ព្រមទាំង​ឧស្សាហ៍​មើលថែទាំ​ដើម​ផ្កា ឱ្យនៅ​ស្រស់​ខ្ចី​ជាប់​ជានិច្ច និង​ព្យាយាម​ផ្លាស់​ដាក់​ផ្កា​ស្រស់​ថ្មី​ជាប្រចាំ ព្រមទាំង​យក​រូបភាព ដែលមាន​លក្ខណៈ​សញ្ញា ដែល​ពាក់ព័ន្ធ​នឹង​លុយ មក​តុបតែង​លម្អ 1ផ្ទាំង 2ផ្ទាំង​ផង ដើម្បី​ជួយ​បង្កើន​រាសី ក្នុង​រឿង​លុយកាក់​ឱ្យ​រលូន​ឡើង។

    1. មាន​អារម្មណ៍​អផ្សុក​ឯកោ

    បើសិន​ភាព​អផ្សុក មក​គោះ​ទ្វារផ្ទះ​ញឹកញាប់​នោះ  ប្រហែលជា​ដល់ពេល​ត្រូវ​រៀបចំ​កន្លែង​នៅ ជាថ្មី​ម្តង​ទៀតហើយ

    ជាពិសេស​អ្នក​ដែល​តុបតែង​បន្ទប់ ដោយ​ក្រណាត់​ស្បៃ​ប៉ាក់ ឬ​ពណ៌ផ្កាឈូកៗ  ព្រោះ​អី ទាំង 2យ៉ាងនេះ រឺត​តែ​ធ្វើឱ្យ​ភាព​ឯកោ​អផ្សុក​កើនឡើង​ទ្វេដង។  ដូច្នេះ​គួរ​សាកល្បង​ប្តូរ​ស្ទីល​ការតុបតែង ដោយ​ប្រើ​សាច់​ក្រណាត់ធម្មតាៗ ឬ​បែប​ដែលមាន​ពណ៌ និង​ក្បូរក្បាច់ ព្រមទាំង​តុបតែង​លម្អ ដោយ​របស់របរ​ណា​ដែលជាគូៗវិញ​ម្តង  អារម្មណ៍​ឯកោ​អផ្សុក​នឹង​រលាយបាត់​អស់មិ​នខា​ន។

    ប្រយោជន៍​របស់​សាស្ត្រា​ហុងស៊ុយ មិនមែន​ពាក់ព័ន្ធ​តែ​ជាមួយ​រឿង​ជោគ​សំណាង​របស់​អ្នកស្នាក់នៅ​ប៉ុណ្ណោះ​ទេ  តែ​នៅ​អាចជួយ​សម្រួល និង​ផ្លាស់ប្តូរ​អារម្មណ៍ ដែល​អវិជ្ជមាន ឱ្យ​ក្លាយជា​វិជ្ជមាន​វិញ​បាន​ទៀតផង។ ដូច្នេះ​បើ​លោកអ្នក​កំពុងតែ​សម្លឹង​រកមើល​ច្រកចេញ​នោះ សូម​សាកល្បង​ចាប់ផ្តើម​កែសម្រួល​ហុងស៊ុយ​ក្នុងផ្ទះ​ម្តង​មើល៕

  • តម្លៃ Bitcoin ដាំក្បាលចុះភ្លាមៗ ក្រោយ Elon Musk ប្រកាសផ្អាកការទូទាត់ប្រាក់ដោយប្រើ រូបិយវត្ថុ​អេឡិច​ត្រូនិក​មួយនេះ

    តម្លៃ Bitcoin ដាំក្បាលចុះភ្លាមៗ ក្រោយ Elon Musk ប្រកាសផ្អាកការទូទាត់ប្រាក់ដោយប្រើ រូបិយវត្ថុ​អេឡិច​ត្រូនិក​មួយនេះ

    តើ​ទង្វើ​នេះ​គឺជា «ល្បិច​គ្រប់គ្រង​តម្លៃ» លើ​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin បន្ទាប់ របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla លោក Elon Musk មែន ឬ​មិនមែន?

    សារព័ត៌មាន CNN បាន​រាយការណ៍​ថា លោក Elon Musk និយាយថា Tesla នឹង​ផ្អាក​គម្រោង​ទទួលយក​រូបិយវត្ថុ Bitcoin សម្រាប់​ការទូទាត់​របស់​អតិថិជន​ដែល​មក​ទិញ​រថយន្ត Tesla។ មូលហេតុ​ដែល​លោក Musk លើកឡើង នោះ​គឺថា ការប្រើប្រាស់ Bitcoin បង្ក​ការខូចខាត​ច្រើន​ដល់​បរិស្ថាន។ នេះ​គឺជា​ឥរិយាបថ​មួយ​ដែល​ផ្ទុយស្រឡះ​ទៅនឹង​ការ​ថ្លែង​របស់លោក កាលពី​ប៉ុន្មាន​ខែ​មុននេះ។

    លោក Musk ឱ្យដឹងថា៖ «យើង​មានការ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​ថាមពល​កាន់តែច្រើនឡើងៗ ក្នុងការ​រុករក និង​ជួញដូរ Bitcoin ពិសេស​គឺ​ធ្យូង។ រូបិយវត្ថុ​អេឡិចត្រូនិក​គឺជា​គំនិត​ដ៏​ល្អ បើ​យោងទៅតាម​កម្រិតផ្សេងៗគ្នា ហើយ​យើង​ជឿថា នោះ​គឺជា​អនាគត​ប្រកបដោយ​ក្ដីសង្ឃឹម ប៉ុន្តែ ការទទួលយក និង​ប្រើប្រាស់​ប្រាក់​អេឡិចត្រូនិក មិនអាច​អមដោយ​ការខូចខាត​ច្រើន​ចំពោះ​បរិស្ថាន​រស់នៅ​នោះទេ»។

    យ៉ាងណាក៏ដោយ មកដល់ពេលនេះ ភាគី​ក្រុមហ៊ុន Tesla ផ្ទាល់ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី ទាក់ទង​នឹង​បញ្ហា​ដែល​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង Elon Musk បានលើកឡើង​នេះ​នៅឡើយ។

    ភ្លាមៗ ក្រោយ​ការ​បង្ហោះ​សារ​របស់លោក Elon Musk គេ​ឃើញថា តម្លៃ​របស់ Bitcoin បានចាប់ផ្ដើម​ធ្លាក់ចុះ 5%។ ប៉ុន្មាន​ម៉ោង​បន្ទាប់មក តម្លៃ​របស់ Bitcoin បាន​ធ្លាក់​មក​នៅត្រឹម​ជាង 46,000ដុល្លារ/bitcoin ប៉ុន្តែ ក្រោយមក វា​ក៏បាន​ងើបឡើង​បន្តិច។

    លោក​ Elon Musk

    នៅក្នុង​ប្រកាស​របស់ខ្លួន លោក Musk បានឱ្យដឹងថា Tesla នៅតែ​អាច​ប្រើប្រាស់ Bitcoin នៅពេល​ប្រាក់​អេឡិចត្រូនិក​នេះ រកឃើញ​ប្រភព​ថាមពល​ស្អាត​ជាង​បច្ចុប្បន្ន។

    «Tesla នឹងមិន​លក់ Bitcoin ណាមួយ​ឡើយ ហើយ​យើង​នឹង​ទទួលយក Bitcoin ភ្លាម សម្រាប់​ការជួញដូរ នៅពេល​ការប្រតិបត្តិ​ត្រូវបាន​ប្ដូរ​ទៅប្រើ​ថាមពល​ល្អ។ យើង​ក៏​កំពុង​ពិនិត្យមើល​ប្រាក់​អេឡិចត្រូនិក​ដទៃទៀត ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិចជាង 1% ក្នុងការ​ជួញដូរ​មួយលើកៗ ដែល Bitcoin ប្រើប្រាស់»។

    សូម​រំលឹកថា កាលពី​ខែ កុម្ភៈ ក្រុមហ៊ុន Tesla បានប្រកាសថា ពួកគេ​បាន​ចំណាយ 1.5ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​ទៅលើ Bitcoin។ បន្ទាប់មក នៅ​ចុងខែ​មេសា ពួកគេ​បាន​លក់ 10% នៃ Bitcoin សរុប ដែល​ក្រុមហ៊ុន Tesla កំពុង​កាន់កាប់ ហើយ​រកបាន​ប្រាក់ចំណេញ 101លាន​ដុល្លារ។

    កាយវិការ​នេះ នាំឱ្យមាន​ការសង្ស័យថា ទំនង​ជាមាន​អំពើ​បោក​បញ្ឆោត​ណាមួយ​កើតឡើង នៅពេលដែល​ក្រុមហ៊ុន Tesla ទិញ Bitcoin លោក Elon Musk បន្ទរ​ថា ចូលចិត្ត ហើយ​ក្រោយមក Tesla ក៏​រកបាន​ប្រាក់ចំណេញ​រាប់រយ​លាន​ដុល្លារ ពី​ការលក់ Bitcoin។

    កន្លងមក អ្នកលេង Twitter ម្នាក់​ដែលមាន​ឈ្មោះថា Dave Portnoy បាន​បង្ហោះ​អត្ថបទ​មួយ​ដែល tag លោក Elon Musk ចូល និយាយ​អំពី​បញ្ហា​នេះ។ Dave ប្រើពាក្យ «pump» (សប់​បំប៉ោង) ដើម្បី​អធិប្បាយ​អំពី​សកម្មភាព​របស់ Tesla នៅលើ Twitter។ Dave សរសេរថា៖ «តាម​ខ្ញុំ​យល់​គឺ​យ៉ាងនេះ៖ Elon Musk ទិញ Bitcoin ហើយ​ក្រោយមក គាត់​បំប៉ោង ដោយ​ការលើកសរសើរ​ចំពោះ Bitcoin។ តម្លៃ របស់ Bitcoin ក៏បាន​កើនឡើង។ ហើយ​ក្រោយមក Elon Musk លក់​ចេញ និង​រកបាន​ប្រាក់ចំណេញ​យ៉ាង​ក្រាស់ក្រែល»។

    គិតត្រឹមថ្ងៃទី12 ខែមេសា ឆ្នាំ2021 នេះ តម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីរបស់បណ្ដាញ Bitcoin កើនដល់ជាង 115 terawatt/ម៉ោង ក្នុងមួយឆ្នាំៗ ខ្ពស់ជាងប្រហែល 4% បើធៀបនឹងអគ្គិសនីសរុបដែលប្រទេសអាហ្សង់ទីន បានផលិតក្នុងឆ្នាំ2019 ទៅទៀត

    មិនយូរប៉ុន្មាន មហាសេដ្ឋី Elon Musk បាន​ឆ្លើយតប​វិញ នៅ​ខាងក្រោម​អត្ថបទ​នេះ​ថា៖ «អូ អត់​ទេ ខ្ញុំ​មិនបាន​ធ្វើ​ដូច្នេះ​ទេ។ Tesla លក់ 10% នៃ Bitcoin ដែល​កំពុង​កាន់កាប់​គឺជា រឿង​ចាំបាច់ ដើម្បី​បង្ហាញ​អំពី​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​របស់ Bitcoin ដែល​ដូច​ទៅនឹង​ស្ថាប័ន​ជំនួស សម្រាប់​ការផ្ញើ​ប្រាក់»។

    តាម​ការជាក់ស្ដែង កន្លងមក មានមតិ​ចម្រូងចម្រាស​មួយចំនួន​រួចហើយ នៅពេល​លោក Musk «លើកស្ទួយ» Bitcoin ខណៈដែល​ប្រកាសថា Tesla គឺជា​ក្រុមហ៊ុន «បៃតង» ដោយសារ​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដោយសារ​ថា ការរុករក ឬ​ប្រតិបត្តិការ​លើ​ការជួញដូរ Bitcoin គឺ​ត្រូវ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ច្រើន និង​ប៉ះពាល់​ដល់​បរិស្ថាន។

    ម៉ាស៊ីន​រុករក Bitcoin ស៊ី​ភ្លើង​ច្រើន​ក្នុង​ការធ្វើ​ប្រតិបត្តិការ ដោះស្រាយ​សមីការ​គណិត​វិទ្យា កំណត់​អត្តសញ្ញាណ​កូដ ដើម្បី​ទទួលបាន​មកវិញ​នូវ​ប្រាក់កម្រៃ​ជា​រូបិយវត្ថុ​អេឡិចត្រូនិក។ លទ្ធផល​នៃ​ការ​គណនា​មួយចំនួន បាន​រកឃើញថា ថាមពល​អគ្គិសនី​សរុប ដែល​ម៉ាស៊ីន​ប្រតិបត្តិការ​លើ​ការទូទាត់​ដោយ Bitcoin នៅក្នុង​ពិភពលោក​គឺ ប្រហាក់ប្រហែល​នឹង​ថាមពល​អគ្គិសនី​សរុប​ដែល​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ប្រើប្រាស់។

    នៅ​ថ្ងៃ​ទី​12 ​ខែមេសា ឆ្នាំ2021 នេះ​ តម្រូវការ​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​បណ្ដាញ Bitcoin ​កើន​ដល់ជាង​ 115 terawatt/ម៉ោង ក្នុងមួយឆ្នាំៗ ខ្ពស់ជាង​ប្រហែល 4% បើ​ធៀប​នឹង​អគ្គិសនី​សរុប​ដែល​ប្រទេស​អា​ហ្ស​ង់​ទីន បាន​ផលិត​ក្នុង​ឆ្នាំ2019 ទៅទៀត។ នេះ​បើតាម​សាកលវិទ្យាល័យ Cambridge និង​ Digiconomist៕

    ប្រភព៖ CNN, Bloomberg, Digiconomist
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាពជំងឺCOVID-19 នៅ​​កម្ពុជា និង​ពិភពលោក​ ក្នុង​អំឡុង​​ថ្ងៃទី​12​ ខែឧសភា ឆ្នាំ​2021

    ស្ថានភាពជំងឺCOVID-19 នៅ​​កម្ពុជា និង​ពិភពលោក​ ក្នុង​អំឡុង​​ថ្ងៃទី​12​ ខែឧសភា ឆ្នាំ​2021

    នៅ​ថ្ងៃទី13 ខែឧសភា ឆ្នាំ2021 ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ចំនួន 446នាក់ ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24ម៉ោង នៃ​ថ្ងៃទី12 ខែឧសភា ឆ្នាំ2021។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម។

    ដោយ​ឡែក​ នៅ​ពិភពលោក​ទាំងមូល គិត​មកដល់​ថ្ងៃទី13 ខែឧសភា មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 161,091,539​នាក់ ក្នុងនោះ​មាន 3,345,293​នាក់​បាន​ស្លាប់ និង 17,860,324​នាក់ កំពុង​ព្យាបាល។ ថ្ងៃ​ទី​12​ ខែ​ឧសភា សកល​លោក​ក៏​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង​ Covid-19 ថ្មី​ ចំនួន​ 14,944នាក់​ផងដែរ​។

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • ហា​ម៉ាស បាញ់​រ៉ុក្កែត 1,500គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល! គ្រាប់​ខ្លះ​បាន​ធ្លាក់​ក្បែរ​រោងចក្រ​នុយ​ក្លេ​អែរ

    ហា​ម៉ាស បាញ់​រ៉ុក្កែត 1,500គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល! គ្រាប់​ខ្លះ​បាន​ធ្លាក់​ក្បែរ​រោងចក្រ​នុយ​ក្លេ​អែរ

    កងជីវពល​អ៊ីស្លាម ហា​ម៉ាស (Hamas) បាន​ផ្លោង​រ៉ុក្កែត រាប់ពាន់​គ្រាប់ ទៅលើ​ទីក្រុង និង​ទីរួមស្រុក​ជាច្រើន​របស់​ប្រទេស​អ៊ីស្រាអែល ក្នុងនោះ មាន​គ្រាប់​រ៉ុក្កែត​ខ្លះ បាន​ធ្លាក់​ក្បែរ​តំបន់​រោងចក្រ​នុយ​ក្លេ​អែរ Dimona ផងដែរ។

    កងពលតូច Al-Qassam របស់ ហា​ម៉ាស នៅ​ប៉ា​លេ​ស្ទី​ន កាលពី​ថ្ងៃទី12 ឧសភា បានប្រកាសថា ពួកគេ​បាន​បាញ់​រ៉ុក្កែត 15គ្រាប់ ពី​តំបន់ ហ្គា​ហ្សា តម្រង់​ទៅកាន់​ទីរួមស្រុក Dimona ភាគ​ខាងលិច​ប្រទេស​អ៊ីស្រាអែល ក្បែរ​រោងចក្រ​នុយ​ក្លេ​អែរ Shimon Peres Negev របស់​ប្រទេស​នេះ។ រ៉ុក្កែត 50គ្រាប់​ផ្សេងទៀត ក៏ត្រូវ​បាន​បាញ់​សំដៅ​ទីក្រុង Ashdod របស់​អ៊ីស្រាអែល​ផងដែរ។

    សាក្សី​មួយចំនួន​បាន​និយាយថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​ជាច្រើនលើក នៅលើ​អាកាស នៅពេល​គ្រាប់​រ៉ុក្កែត​មួយចំនួន ត្រូវបាន​ប្រព័ន្ធ​ខែល​ដែក Iron Dome របស់​អ៊ីស្រាអែល បាញ់​ស្កាត់។ ពុំទាន់​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​នៅក្នុង​ការវាយប្រហារ​រ​បស់​ក្រុម​ហា​ម៉ាស​នេះ​នៅឡើយ។

    កងកម្លាំង​ការពារជាតិ​របស់​អ៊ីស្រាអែល (IDF) បញ្ជាក់ថា «រ៉ុក្កែត ជាច្រើន​គ្រាប់ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា» បាន​ហោះចូល​ក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ កាលពី​ថ្ងៃទី12 ខែឧសភា ក្នុងនោះ​មាន 1,050គ្រាប់ បាន​ហោះចូល​ទឹកដី​អ៊ីស្រាអែល និង​ប្រហែល 350គ្រាប់​ជួប​បញ្ហា​បច្ចេកទេស បន្ទាប់ពី​ត្រូវបាន​បាញ់។

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ គ្រាប់​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 7នាក់ ក្នុងនោះ​មាន​កុមារ​អាយុ 6ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់​ផងដែរ។

    ជាការ​សងសឹក IDF ក៏បាន​បើក​ការ​វាយ​ការ​ប្រហារ​ជាច្រើនលើក តម្រង់​គោលដៅ ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីស្រាអែល Benny Gantz ប្រកាសថា IDF នឹង​បន្ត​វាយប្រហារ​តាមផ្លូវ​អាកាស ទៅលើ​គោលដៅ​របស់ ហា​ម៉ាស នៅ ហ្គា​ហ្សា រហូតដល់ «ស្ថានការណ៍​ស្ងប់ស្ងាត់​ទាំងស្រុង»។

    https://www.youtube.com/watch?v=I599cDoIjmY

     

    ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន ឱ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​ចំនួន 53នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 14នាក់​ផងដែរ ខណៈដែល 320នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា នា​សប្ដាហ៍​នេះ។

    មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

    បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

    ប្រភព៖ RT, Times of Israel
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-អ៊ីស្រាអែល សម្លាប់​មេបញ្ជាការ​​ហា​ម៉ាស របស់​ប៉ាលេស្ទីន​ ប្រចាំ​ទីក្រុង ហ្គា​ហ្សា

    (វីដេអូ)-អ៊ីស្រាអែល សម្លាប់​មេបញ្ជាការ​​ហា​ម៉ាស របស់​ប៉ាលេស្ទីន​ ប្រចាំ​ទីក្រុង ហ្គា​ហ្សា

    ក្រុម​ជីវពល ហា​ម៉ាស (Hamas) ដែលជា​ក្រុម​ប្រយុទ្ធ និង​ជាតិនិយម កាន់សាសនា​អ៊ីស្លាម និកាយ​ស៊ុន​នី នៃ​ប្រទេស​ប៉ា​លេ​ស្ទី​ន បាន​ទទួលស្គាល់ថា មេបញ្ជាការ​ជាន់ខ្ពស់​មួយចំនួន​របស់ខ្លួន បាន​បាត់​បង់ជីវិត ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ក្នុងនោះ​មាន​ទាំង​មេ​បញ្ជា​កងទ័ព​ប្រចាំ​ទីក្រុង​ហ្គា​ហ្សា (Gaza) ផងដែរ។

    អង្គភាព​សន្តិសុខ Shin Bet របស់​អ៊ីស្រាអែល កាលពី​ម្សិលមិញ (12ឧសភា) បានឱ្យដឹងថា មេបញ្ជាការ​កងពលតូច ប្រចាំ​ទីក្រុង​ហ្គា​ហ្សា Bassem Issa ស្ថិតក្នុង​ចំណោម​សមាជិក​ជាន់ខ្ពស់ 4រូប របស់​កងជីវពល​អ៊ីស្លាម ហា​ម៉ាស ដែល​ត្រូវបាន​សម្លាប់។ នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា៖ «នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង។ យើង​នឹង​វាយប្រហារ​ពួកគេ​រហូតដល់​ថ្នាក់ ពួកគេ​មិនអាច​នឹកស្មាន​ដល់»។

    https://www.youtube.com/watch?v=OIXB5fEd5Ks

    ហា​ម៉ាស បានទទួល​ស្គាល់​អំពី​ការស្លាប់​របស់​មេបញ្ជាកា​រ​កងពលតូច​ខាងលើ និង «ក្រុម​មេទ័ព រួម​នឹង​ទាហាន​ជាច្រើនរូប​ទៀត»។ «មេបញ្ជាការ និង​ទាហាន​រាប់រយ​នាក់ នឹង​បន្តវេន​របស់​ពួកគេ» សេចក្ដីប្រកាស​របស់​ក្រុម ហា​ម៉ាស មាន​ឃ្លា​សរសេរ​ដូច្នេះ។

    យោងតាម Shin Bet ក្រៅពី Issa ពួកគេ​ក៏បាន​សម្លាប់ Jumaa Tahle ជា​អ្នកទទួលខុសត្រូវ​លើ​ការកែលម្អ​លើ​ប្រព័ន្ធ​កំណត់​ទិស​របស់​មី​ស៊ី​ល, Jamal Zibde ប្រធាន​អង្គភាព​ស្រាវជ្រាវ និង​គ្រាប់រំសេវ រួម​នឹង Hazem Hatib ជា​ប្រធាន​ក្រុម​វិស្វករ។

    បន្ទាប់ពី​ការប្រកាស​របស់ Shin Bet ទីក្រុង Ashdod របស់​អ៊ីស្រាអែល ត្រូវ​រង​គ្រាប់​រ៉ុក្កែត ជា​បន្តបន្ទាប់។ សារព័ត៌មាន​របស់​អ៊ីស្រាអែល បាន​រាយការណ៍​ថា កងទ័ព​ប្រទេស​នេះ កំពុង​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​ថ្មី នៅ​ទូទាំង​ទីក្រុង តែ​ល អា​វីវ (Tel Aviv)។

    អ៊ីស្រាអែល ក៏បាន​ឱ្យដឹង​ដែរ​ថា ទាហាន 3នាក់​របស់​ប្រទេស​នេះ បាន​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់​​រ៉ុក្កែត​ពី​ក្រុម ហា​ម៉ាស ក្នុងនោះ​មាន​ម្នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា