Author: សឿន សំណាង

  • នាយកដ្ឋាន​ព័​ត៌មាន​វិទ្យា៖ ជន​ខិល​ខូច​ កំពុង​​ប្រើ​ល្បិច «ស្ទង់​មតិ និង​​ចែក​ចាយ​ Link​ តាម Facebook Messenger និង WhatsApp ដើម្បី​ឈ្នះ​រង្វាន់ 2សែន​រៀល»

    នាយកដ្ឋាន​ព័​ត៌មាន​វិទ្យា៖ ជន​ខិល​ខូច​ កំពុង​​ប្រើ​ល្បិច «ស្ទង់​មតិ និង​​ចែក​ចាយ​ Link​ តាម Facebook Messenger និង WhatsApp ដើម្បី​ឈ្នះ​រង្វាន់ 2សែន​រៀល»

    (ភ្នំពេញ)៖ «កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា “និ​ធិ​សុខុមាលភាព​កូ​កា-កូ​ឡា” ដែល​ស្នើឱ្យ​បុគ្គល​គោលដៅ ឆ្លើយ​នឹង​សំណួរ​ស្ទង់​មតិ និង​ចែករំលែក​តំណ​ភ្ជាប់ ទៅកាន់​មិត្តភក្តិ ដើម្បី​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ 2សែន​រៀល គឺជា ល្បិច​បោកប្រាស់​របស់​ជនខិលខូច» នេះ​បើតាម នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ។

    នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​បញ្ជាក់ថា កម្មវិធី​ឆ្លើយ​សំណួរ និង​ចែកចាយ​តំណ​ភ្ជាប់ ដើម្បី​ឈ្នះ​រង្វាន់​ប្រាក់ 2សែន​រៀល ពី​ក្រុមហ៊ុន កូកាកូឡា ខាងលើនេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម Facebook Messenger និង​កម្មវិធី WhatsApp។

    ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានប្រកាសថា កម្មវិធី​ខាងលើ គឺជា​ល្បិច​បោកប្រាស់ របស់​ជនខិលខូច ក្នុង​បំណង​ខាងក្រោម៖

    * ធ្វើការ​អូសទាញ​ជនរ​ង​គ្រោះ​ចូលទៅ​កាន់​តំណ​ភ្ជាប់ (Link) ដែលជា​គេហទំព័រ​ក្លែងបន្លំ

    * ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ឆ្លើយ​សំណួរ ដើម្បី​ទទួលបាន​រង្វាន់

    * ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​គេហទំព័រ​របស់​ជន​ខិលខូច​នោះ ដំណើរការ​កម្មវិធី​ផ្ញើ​សារ របស់​ជនរងគ្រោះ តួយ៉ាង កម្មវិធី Facebook Messenger ឬ​កម្មវិធី WhatsApp និង​ធ្វើការ​ចែករំលែក​តំណ​ភ្ជាប់​ខាងលើ ដោយ​ស្វ័យប្រវត្ត ទៅកាន់​មិត្តភក្តិ​ទាំងអស់ (Contact List) របស់​ជនរងគ្រោះ។

    ក្រៅពី​ចំណុច​ដែល​បាន​រៀបរាប់​នេះ ជនខិលខូច ក៏​អាច​ប្រើប្រាស់​យុទ្ធនាការ​នេះ ក្នុង​គោលបំណង ផ្សេងៗ ដូចជា ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ ដើម្បី​ឆបោក លួច​យក​ព័ត៌មាន​គណនី​របស់​ជ​ន​រងគ្រោះ (ឧទាហរណ៍៖ គណនី​អ៊ីនធឺណិត ឬ​គណនី​ធនាគារ) និង​ប្រើប្រាស់ គេហទំព័រ​ក្លែងបន្លំ ធ្វើការ​ចម្លង​មេរោគ​ជាដើម។

    ដូច្នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម បញ្ឈប់​ការចែករំលែក និង​ការ​ចុច​លើ​តំណ​ភ្ជាប់ ដើម្បី​ចៀសវាង​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ៕

    ប្រភព​៖ Press OCM
    ដកស្រង់​៖ បុត្រា

  • យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19! កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន​ជាង 2.6លាន​នាក់

    យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19! កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន​ជាង 2.6លាន​នាក់

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី3 ខែមិថុនា​នេះ​ថា ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស សរុប​ចំនួន 2,665,822នាក់។

    ខាងលើនេះ​គឺជា​តួលេខ​នៃ​អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង ម្ជុល (ដូ​ស) ទីមួយ គិត​ត្រឹម​ថ្ងៃទី2 ខែមិថុនា ឆ្នាំ​2021។ ចំណែក​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ មាន​ចំនួន 2,058,122នាក់។

    សូមបញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ កម្ពុជា ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021។ ព័ត៌មាន​បន្ថែម សូម​អាន​តារាងបញ្ជី​បូកសរុប​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​Covid-19 ដែលមាន​ដូចខាងក្រោម៖

    ប្រភព៖ Pres OCM
    ដកស្រង់៖ បុត្រា

  • នាវា​ល្បាត​សមុទ្រ ដែល អាមេរិក ផ្ទេរ​មកឱ្យ​ក្រុង ហាណូយ កំពុងធ្វើដំណើរ​ឆ្ពោះ​មកកាន់ វៀតណាម

    នាវា​ល្បាត​សមុទ្រ ដែល អាមេរិក ផ្ទេរ​មកឱ្យ​ក្រុង ហាណូយ កំពុងធ្វើដំណើរ​ឆ្ពោះ​មកកាន់ វៀតណាម

    នាវា​ល្បាត​ឆ្នេរសមុទ្រ​ទម្ងន់​ជាង 3,000តោន ដែល សហរដ្ឋអាមេរិក ផ្ទេរ​មកឱ្យ​ឆ្មាំ​សមុទ្រ វៀតណាម បាន​ចាក​ចេញពី​ទីក្រុង Seattle សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ដើម្បី​ឆ្ពោះ​មកកាន់​ប្រទេស វៀតណាម។ នេះ​បើតាម​សារព័ត៌មាន VNexpress។

    «ក្រុម​នាវិក​នៃ​ឆ្មាំ​សមុទ្រ​វៀតណាម នឹង​នាំ​នាវា​ដែល​ធ្លាប់បាន​បំពេញភារកិច្ច​នៅក្នុង​កងកម្លាំង​ការពារ​សមុទ្រ​របស់ សហរដ្ឋ​អាមេរិក ទៅកាន់​កំពង់ផែ​ថ្មី​របស់ខ្លួន នៅ​តំបន់​ឆ្មាំ​សមុទ្រ​លេខ3 ក្នុង​រដូវក្ដៅ​នេះ» ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ វៀតណាម បាន​សរសេរ​ដូច្នេះ​នៅលើ Facebook កាលពី​ថ្ងៃទី2 ខែមិថុនា នៅពេលដែល​ប្រកាសថា នាវា បាន​ចាក​ចេញពី​ទីក្រុង Seattle រដ្ឋ វ៉ា​ស៊ី​ង​តោន នៃ សហរដ្ឋអាមេរិក ដើម្បី​ចាប់ផ្ដើម​ដំណើរ​ឆ្ពោះ​មកកាន់​ប្រទេស វៀតណាម។

    «ការផ្ទេរ​នាវា​នេះ​មកឱ្យ វៀតណាម បាន​បន្ថែម​ឧទាហរណ៍​ជាក់ស្ដែង​មួយទៀត ស្ដីពី​ទំនាក់ទំនង​លើ​វិស័យ​សន្តិសុខ​ក្នុង​តំបន់ កាន់តែ​ត្រូវបាន​ពង្រឹង រវាង វៀតណាម និង សហរដ្ឋអាមេរិក។ យើង​ពិតជា​ទន្ទឹងរង់ចាំ​ទទួល​ស្វាគមន៍​នាវា CSB 8021 នៅ វៀតណាម» ស្ថានទូត អាមេរិក បន្ថែម។

    នាវា John Midgett ឈ្មោះ​ដើម​របស់ CSB 8021 គឺជា​នាវា​ល្បាត​សមុទ្រ ថ្នាក់ Hamilton ប្រភេទ​ធំ របស់​ឆ្មាំ​សមុទ្រ សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃទី5 ខែមេសា ឆ្នាំ​1971 និង​ត្រូវបាន​ដក​ចេញពី​កម្លាំង​ឆ្មាំ​សមុទ្រ​នៅ​ឆ្នាំ​2020។ នេះ​គឺជា​នាវា​ល្បាត ថ្នាក់ Hamilton ទី​ពីរ ដែល​ត្រូវបាន សហរដ្ឋអាមេរិក ប្រគល់​មកឱ្យ វៀតណាម តាមរយៈ​កម្មវិធី​លក់​ឧបករណ៍​ការពារជាតិ​ដែល​សល់​ពី​ការប្រើប្រាស់ (EDA) បន្ទាប់ពី​ការលក់​នាវា USCGC Morgenthau ឆ្នាំ​2017។

    USCGC John Midgett ទទួលបាន​ការជួសជុល​ពេញលេញ​កាលពី​ឆ្នាំ1991 ដោយមាន​ការបំពាក់​អាវុធ​ទាន់សម័យ បន្ថែម​កន្លែង​ដាក់​ឧទ្ធម្ភាគចក្រ។ល។ រា​ដា និង​អាវុធ​របស់​នាវា ត្រូវបាន​ដោះចេញ មុនពេល​ប្រគល់ឱ្យ វៀតណាម ដោយ​រក្សាទុក​តែ​កាំភ្លើង​ធំ Otobreda ប្រភេទ 76ម​ម ដែល​បំពាក់​ពីមុខ​នាវា​ប៉ុណ្ណោះ។

    នាវា​ដែលមាន​បណ្ដោយ 115ម៉ែត្រ ទទឹង 13ម៉ែត្រ និង​ទម្ងន់ 3,050តោន​នេះ ត្រូវបាន​បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំនួន​ពីរ និង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​ហ្គាស​ចំនួន​ពីរ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​អតិបរមា 54គីឡូម៉ែត្រ/ម៉ោង។ នាវា​​មួយ​គ្រឿង​នេះ​ ​អាចបំពេញ​បេសកកម្មរ​យៈ​ពេល 45ថ្ងៃ​បន្តបន្ទាប់​នៅលើ​សមុទ្រ ក្នុង​រង្វង់​ប្រតិបត្តិ 20,000​គីឡូ​ម៉ែត្រ។

    សហរដ្ឋអាមេរិក ថ្មីៗនេះ បង្កើន​កិច្ចសហការ​ជាមួយ វៀតណាម នៅក្នុង​វិស័យ​ជាច្រើន ពិសេស​គឺ​បញ្ហា​សន្តិសុខ​ដែនសមុទ្រ។ សហរដ្ឋអាមេរិក បាន​ផ្គត់ផ្គង់​មធ្យោបាយ​ដឹកជញ្ជូន និង​ទូក កប៉ាល់ ដល់​កងកម្លាំង​ឆ្មាំ​សមុទ្រ វៀតណាម។

    ក្រៅពី​នាវា​ល្បាត​សមុទ្រ​ខាងលើ សហរដ្ឋអាមេរិក ក៏បាន​ប្រគល់​ទូក​ល្បាត Metal Shark ជាច្រើន​គ្រឿង​ឱ្យ វៀតណាម ផងដែរ ដែល​នេះ​បញ្ជាក់​អំពី​កិច្ចសហការ​ស៊ីជម្រៅ រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជួយ​ដល់ វៀតណាម ការពារ​ដែនសមុទ្រ​ដែល វៀតណាម អះអាងថា ជា​កម្មសិទ្ធិ​របស់ខ្លួន ក្នុង​គ្រា​ដែល​ប្រទេស​នេះ កំពុងមាន​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង៕

    ប្រភព​៖ VNexpress
    ប្រែសម្រួល​៖ បុត្រា

  • សាលា​រាជធានី​ភ្នំពេញ សម្រេច ផ្អាក​ជា​បណ្តោះអាសន្ន នូវ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង Covid-19 និង​ការជួបជុំ​មនុស្ស​មិនឱ្យ​លើសពី 15នាក់

    សាលា​រាជធានី​ភ្នំពេញ សម្រេច ផ្អាក​ជា​បណ្តោះអាសន្ន នូវ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង Covid-19 និង​ការជួបជុំ​មនុស្ស​មិនឱ្យ​លើសពី 15នាក់

    សេចក្ដីសម្រេច​ខាងលើ ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 និង​មាន​សុពលភាព 14ថ្ងៃ ដោយ​ចាប់ផ្ដើម​អនុវត្ត ចាប់ពី​ម៉ោង​សូន្យ នៃ​ថ្ងៃទី3 ខែមិថុនា រហូតដល់​ថ្ងៃទី16 ខែមិថុនា ឆ្នាំ2021។

    ក្រៅពី​ការកំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត ទៅតាម​ស្ថានភាព​ជាក់ស្តែង។ យ៉ាងនេះ​ក្ដី សេចក្ដីសម្រេច​នេះ ក៏មាន​បញ្ជាក់​អំពី​ប្រការ​ដែល​ត្រូវ​លើកលែង​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម៖

  • ឆេះ​រោងចក្រ Foxconn របស់ តៃវ៉ាន់ នៅ​ប្រទេស​ចិន ក្រោយ​ស្ថាបនិក​ក្រុមហ៊ុន​នេះ ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​កោះ​តៃវ៉ាន់

    ឆេះ​រោងចក្រ Foxconn របស់ តៃវ៉ាន់ នៅ​ប្រទេស​ចិន ក្រោយ​ស្ថាបនិក​ក្រុមហ៊ុន​នេះ ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​កោះ​តៃវ៉ាន់

    រោងចក្រ​មួយ​របស់ Foxconn ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក និង​កុំព្យូទ័រ ធំជាងគេ​ក្នុង​ពិភពលោក របស់​អ្នកជំនួញ តៃវ៉ាន់ នៅ​ប្រទេស​ចិន រងគ្រោះ​អគ្គិភ័យ​នៅ​ថ្ងៃទី2 ខែមិថុនា​នេះ។

    រោងចក្រ​ដែល​រងគ្រោះ​អគ្គិភ័យ​នេះ ស្ថិតនៅក្នុង​ទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន។ កម្លាំង​ពន្លត់​អគ្គិភ័យ បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​គ្រប់គ្រង​ស្ថានការណ៍​ទាន់ពេល។

    ហេតុការណ៍​នេះ មិនបាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ប៉ះពាល់​ដល់​ផ្នែក​ផលិតកម្ម​នោះដែរ។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Foxconn។ ក្រុមមន្ត្រី​មាន​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ករណីនេះ។

    Foxconn បច្ចុប្បន្ន គឺជា​អ្នក​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ទៅតាម​ការបញ្ជាទិញ ធំ​បំផុត​ក្នុង​ពិភពលោក។ ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​កោះ​តៃវ៉ាន់។

    គួររំលឹកថា កាលពី​ថ្ងៃទី1 ខែមិថុនា កន្លងទៅ មហាសេដ្ឋី​តៃវ៉ាន់ លោក Terry Gou ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Foxconn បានដាក់​ពាក្យសុំច្បាប់​នាំចូល​កោះ​តៃវ៉ាន់ នូវ​វ៉ាក់សាំង​បង្ការ Covid-19 BioNTech របស់ អាល្លឺម៉ង់ ចំនួន 5លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​កោះ។ អាជ្ញាធរ​កោះ​តៃវ៉ាន់ កំពុង​ពិនិត្យ​សំណើរ​នេះ៕

    ប្រភព៖ Global Times, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថាបនិក​របស់​ក្រុមហ៊ុន Foxconn ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​កោះ​តៃវ៉ាន់

    ស្ថាបនិក​របស់​ក្រុមហ៊ុន Foxconn ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​កោះ​តៃវ៉ាន់

    ក្រុមហ៊ុន Foxconn និង​ស្ថាបនិក Terry Gou បាន​សុំច្បាប់​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​ចេញ​ប្រាក់​ផ្ទាល់ខ្លួន ទិញ​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 5លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​នៃ​កោះ​នេះ។

    សំណើរ​របស់​មហាសេដ្ឋី Terry Gou ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី1 ខែមិថុនា។ ចំណែក​វ៉ាក់សាំង​ដែល​លោក​មានបំណង​ទិញ នោះ​គឺ BioNTech របស់​អាល្លឺម៉ង់។ ក្រោយ​ការទិញ​បាន វ៉ាក់សាំង​ទាំងនោះ​នឹង​ត្រូវបាន​បែងចែក និង​ចាក់​ជូន​ពលរដ្ឋ​តៃវ៉ាន់ ក្នុង​គ្រា​ដែល​កោះ​នេះ កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​Covid-19។

    សំណើរ​របស់​ស្ថាបនិក​ក្រុមហ៊ុន Foxconn នេះ ក៏​យោងទៅតាម​ការបើក​ភ្លើង​ខៀវ ពី​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដែលថា អង្គការ​សាសនា និង​អាជ្ញាធរ​មូលដ្ឋាន មាន​សិទ្ធិ​រៀប​ចំការ​នាំចូល​វ៉ាក់សាំង បើសិន​ជាមាន​លក្ខខណ្ឌ​សមស្រប។

    លោក Terry Gou សង្ឃឹមថា នឹង​បញ្ជូន​វ៉ាក់សាំង BioNTech ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះ​ត្រង់​មក​កោះ​តៃវ៉ាន់ ដោយ «មិន​ឆ្លងកាត់​អន្តរការី ឬ​ភាគី​កណ្ដាល​ណាមួយ​ឡើយ»។ មហាសេដ្ឋី​រូបនេះ ក៏បាន​បញ្ជាក់ថា លោក​បានផ្ដល់​ឯកសារ​ទាំងអស់​ដែល​អាជ្ញាធរ​ត្រូវការ។

    មហា​សេដ្ឋី​តៃវ៉ាន់ Terry Gou

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តៃវ៉ាន់ លោក Chen Shih-chung បាន​សំដែង​ការដឹងគុណ​ចំពោះ​មហាសេដ្ឋី Terry Gou និង​បាន​ប្រាប់ថា អាជ្ញាធរ កំពុង​ត្រួតពិនិត្យ​លើ​ពាក្យសុំ​នាំចូល​វ៉ាក់សាំង​របស់លោក។

    ក្រៅពី Foxconn នៅមាន​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត ដែល​ស្នើសុំ​នាំចូល​វ៉ាក់សាំង​បង្ការ Covid-19 មកកាន់​តៃវ៉ាន់ ក្នុងនោះ​មានដូចជា សម្ព័ន្ធ​សមាគម​ព្រះពុទ្ធសាសនា​អន្តរជាតិ​របស់​តៃវ៉ាន់។ល។

    គិត​មកដល់​ថ្ងៃទី2 ខែមិថុនា​នេះ កោះ​តៃ​វ៉ា​ក់ បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 9,389នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 149នាក់, ជាសះស្បើយ 1,133នាក់ និង​កំពុង​ព្យាបាល 8,107នាក់។

    តៃវ៉ាន់ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រាប់លាន​ដូ​ស ពី AstraZeneca, Moderna រួម​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ពីរ​ផ្សេងទៀត។ ចំណែក កិច្ចព្រមព្រៀង​ជាមួយ BioNTech ត្រូវ​ជួប​ឧបសគ្គ ដោយសារតែ​មានការ​រារាំង​ពី​ចិនដីគោក។ នេះ​បើតាម​មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-នាវា​ធំ​បំផុត​របស់​កងទ័ពជើងទឹក អ៊ីរ៉ង់ ឆាបឆេះ​សន្ធោសន្ធៅ មុនពេល​លិច​ក្នុង​សមុទ្រ

    (វីដេអូ)-នាវា​ធំ​បំផុត​របស់​កងទ័ពជើងទឹក អ៊ីរ៉ង់ ឆាបឆេះ​សន្ធោសន្ធៅ មុនពេល​លិច​ក្នុង​សមុទ្រ

    នាវា IRIS Kharg របស់​កងទ័ពជើងទឹក​អ៊ីរ៉ង់ បាន​លិច បន្ទាប់ពី​បាន​ឆេះ​អស់​រយៈពេល​ជិត​មួយថ្ងៃ នៅក្បែរ​ច្រក​សមុទ្រ Oman ប៉ុន្តែ មិនមាន​ករណី​បាត់បង់​ជីវិត​មនុស្ស​នោះទេ។

    អគ្គីភ័យ បាន​ឆាបឆេះ​នៅលើ​នាវា​ដឹកជញ្ជូន IRIS Kharg កាលពី​ថ្ងៃទី1 ខែមិថុនា ក្នុងពេល​ចូលរួម​ធ្វើ​សមយុទ្ធ​នៅលើ​ដែនសមុទ្រ​របស់​ទីក្រុង Jask ក្បែរ​សមុទ្រ Oman។ ក្រុម​នាវិក និង​សិក្ខាកាម​នៃ​កងទ័ពជើងទឹក​ទាំងអស់​ដែល​នៅលើ​នាវា​នោះ ត្រូវបាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព។

    ក្រុមមន្ត្រី​របស់ អ៊ីរ៉ង់ បា​នប​ញ្ជូ​ល​កម្លាំង​ទៅ​ជួយ​ពន្លត់​អគ្គិភ័យ​នេះ ប៉ុន្តែ មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន បើ​ទោះ​បាន​ចំណាយពេល​ជាង 20ម៉ោង។ សារព័ត៌មាន​របស់ អ៊ីរ៉ង់ Fars News រាយការណ៍​ថា៖ «ការប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​នាវា​នេះ បានទទួល​បរាជ័យ ហើយ​នាវា​នេះ​ក៏បាន​លិច»។

    ទាក់ទិន​នឹង​មូល​ហេតុដែល​នាំឱ្យមាន​អគ្គិភ័យ​បំផ្លាញ​នាវា​នេះ បច្ចុប្បន្ន កងទ័ព អ៊ីរ៉ង់ មិនទាន់បាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    IRIS Kharg គឺជា​នាវា​ដឹកជញ្ជូន​សំខាន់ ស្ថិតក្នុង​កង​នាវាចម្បាំង Ol ដែល​ត្រូវបាន​ផលិត​ដោយ​ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ1977 និង​ប្រគល់ឱ្យ អ៊ីរ៉ង់ កាលពី​ឆ្នាំ1984។ IRIS Kharg មាន​ប្រវែង 207ម៉ែត្រ ទទឹង 25.5ម៉ែត្រ និង​មាន​ទម្ងន់​ជាង 33,000តោន។ នេះ​គឺជា​នាវា​ធំ​បំផុត​របស់​កងទ័ពជើងទឹក អ៊ីរ៉ង់ បើ​និយាយ​ពី​សមត្ថភាព​ផ្ទុក។

    IRIS Kharg ត្រូវបាន​គេ​ជឿថា មាន​តួនាទី​សំខាន់​ក្នុងការ​ពង្រីក​កម្លាំង​ជើង​ទឹក​របស់ អ៊ីរ៉ង់។ នាវា​នេះ ផ្គត់ផ្គង់​គ្រប់យ៉ាង​ដែល​នាវាចម្បាំង​ជួរមុខ​ត្រូវការ ហើយ​វា​ជួយ​ឱ្យ​នាវាចម្បាំង​ខ្នាតតូច​របស់ អ៊ីរ៉ង់ ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​យូរ ដោយ​មិនត្រូវ​ចូល​ចត​ញឹកញាប់​ដើម្បី​ចាក់​ប្រេង។

    IRIS Kharg ក៏​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ប្រភេទ​ធំ​ជាច្រើន​គ្រឿង ដូចជា SH-3 Sea King ជាដើម ដើម្បី​ពង្រីក​សមត្ថភាព​របស់​ក្រុម​ប្រយុទ្ធ ក្នុងការ​ប្រមាញ់​នាវាមុជទឹក​របស់​សត្រូវ៕

    ប្រភព៖ NY Times, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ជាង 700នាក់​ ខណៈ​ពិភពលោក​រក​ឃើញ​ជាង​ 21,913​នាក់​​ទៀត ក្នុង​ថ្ងៃទី1 ខែមិថុនា

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ជាង 700នាក់​ ខណៈ​ពិភពលោក​រក​ឃើញ​ជាង​ 21,913​នាក់​​ទៀត ក្នុង​ថ្ងៃទី1 ខែមិថុនា

    ក្នុង​រយៈពេល 24ម៉ោង​នៃ​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 កម្ពុជា បានរ​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 750នាក់ និង​អ្នកស្លាប់​ចំនួន 10នាក់​ទៀត​បន្ថែមទៀត។

    គិត​មកដល់​ព្រឹក​ថ្ងៃទី2 ខែមិថុនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 31,460នាក់ ក្នុងនោះ​មាន 24,042នាក់​បានជា​សះស្បើយ និង 230នាក់​បាន​ស្លាប់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​របស់​ក្រសួងសុខាភិបាល ដូច​មាននៅ​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 បាន​កើន​ដល់ 171,938,586នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,575,782នាក់, ជាសះស្បើយ 154,427,901នាក់ និង​កំពុង​ព្យាបាល 13,934,903នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • កូរ៉េខាងត្បូង បង្ហាញ​រ៉ុក្កែត​អវកាស​ក្នុងស្រុក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    កូរ៉េខាងត្បូង បង្ហាញ​រ៉ុក្កែត​អវកាស​ក្នុងស្រុក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    កូរ៉េខាងត្បូង កាលពី​ថ្ងៃទី1 មិថុនា ឆ្នាំ2021 បានប្រកាស​បង្ហាញ​ម៉ូ​ដែល​រ៉ុក្កែត​អវកាស​ដំបូង​ដែល​ប្រទេស​នេះ​បាន​អភិវឌ្ឍ និង​ផលិត​ដោយ​ផ្ទាល់ដៃ។ ប្រទេស​នេះ នឹង​បំពេញបែបបទ​ចុងក្រោយ​នានា មុនពេល​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំនេះ។

    សារព័ត៌មាន Yonhap ដកស្រង់​ព័ត៌មាន​ពី​ក្រសួង​វិទ្យាសាស្ត្រ​និង​ព័ត៌មានវិទ្យា​របស់ កូរ៉េខាងត្បូង ឱ្យដឹងថា គំរូ​របស់​រ៉ុក្កែត Nuri ត្រូវបាន​ដំឡើង​លើ​ជើង​ទម្រ ក្នុង​មជ្ឈមណ្ឌល​អវកាស Naro នា​ស្រុក Goheung ចម្ងាយ 473គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង​នៃ​រដ្ឋធានី សេ​អ៊ូ​ល។ រ៉ុក្កែត​នេះ​នឹងត្រូវ​ឆ្លងកាត់​ការសាកល្បង​ជាង 1ខែ ហើយ​ត្រូវ​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ខែតុលា ឆ្នាំ2021នេះ។

    កូរ៉េខាងត្បូង បាន​ចំណាយ​ប្រាក់ 1.8ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ Nuri តាំងពី​ឆ្នាំ2010។ នេះ​គឺជា​ម៉ូ​ដែល​រ៉ុក្កែត​ផលិត​ក្នុងស្រុក​ដំបូង​គេ​របស់ កូរ៉េខាងត្បូង។

    រ៉ុ​ក្កែង​ដែលមាន​ទម្ងន់ 200តោន និង​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន 4 នេះ នឹងត្រូវ​បាន​បាញ់​បង្ហោះ​អម​ជាមួយនឹង​វត្ថុ​តំណាង​មួយចំនួន នៅក្នុង​ខែតុលា មុនពេល​ត្រូវ​ហោះ​នាំយក​ផ្កាយរណប​ទម្ងន់ 200គីឡូក្រាម ទៅកាន់​ទី​អវកាស នៅក្នុង​ខែឧសភា ឆ្នាំ2022។

    ក្រៅពីនេះ កូរ៉េខាងត្បូង ក៏មាន​គម្រោង​បញ្ជូន​ផ្កាយរណប​ដំបូង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​តារាវិថី នៃ​ឋាន​ព្រះ​ចន្ទ នៅ​ឆ្នាំក្រោយ​ផងដែរ៕

    ប្រភព៖ Yonhap, Koreatimes
    ប្រែ​សម្រួល៖ បុត្រា

  • រាជរដ្ឋាភិបាល​ថៃ អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច តម្លៃ 4.5ពាន់​លាន​ដុល្លារ​អាមេរិក

    រាជរដ្ឋាភិបាល​ថៃ អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច តម្លៃ 4.5ពាន់​លាន​ដុល្លារ​អាមេរិក

    រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បានអនុម័ត​កញ្ចប់​ថ​វិកា​ជំរុញ​កំណើនសេដ្ឋកិច្ច ដែលមាន​ទំហំ​ទឹកប្រាក់ 140ពាន់​លាន​បាត (ប្រហាក់ប្រហែល​នឹង 4.5ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វិបត្តិ Covid-19។

    អ្នកនាំពាក្យ​នៃ​ក្រសួង​ហិរញ្ញវត្ថុ លោកស្រី Kulaya Tantitemit បានឱ្យដឹងថា កញ្ចប់​ថវិកា​នេះ មាន​តួនាទី​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី Covid-19 និង​ដើម្បី​ជំរុញ​ការចាយវាយ​ក្នុងស្រុក។ វិធានការ​នេះ តាម​គម្រោង នឹងត្រូវ​ផ្ដល់ជូន ចាប់ពី​ខែកក្កដា ដល់​ខែធ្នូ ឆ្នាំ2021 តាមរយៈ​សាច់ប្រាក់​សុទ្ធ ប័ណ្ណ​ទូទាត់​អេ​ឡិច​ត្រូ​និ​ច (e-voucher) ឬ​តាម​ទម្រង់​ទូទាត់​រួម។

    ទំហំ​ទឹកប្រាក់​ប្រមាណ 93ពាន់​លាន​បាត ដែល​ទូទាត់​ក្រោមរូបភាព​ទូទាត់​រួម នឹង​ជួយ​ដល់​ពលរដ្ឋ​ចំនួន 31លាន​នាក់ ខណៈ 16.4ពាន់​លាន​បាត និង 3ពាន់​លាន​បាត​ទៀត នឹងត្រូវ​បែងចែក​ក្រោមរូបភាព​ប្រគល់​ប្រាក់​ដល់ដៃ សម្រាប់​ពលរដ្ឋ​ដែល​កំពុងស្ថិត​ក្នុង​រប​ប​នៃ​គោលនយោបាយ​សន្តិសុខ​សង្គម និង​ជនពិការ។ ទន្ទឹមនឹងនេះ ខ្ទង់​ប្រាក់ 28ពាន់​លាន​បាត នឹងត្រូវ​បែងចែក​តាម​ទម្រង់ ប័ណ្ណ​ទូទាត់​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ខ្ពស់។

    ប្រទេស​ថៃ គិត​ត្រឹម​ព្រឹក​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 162,022​នាក់ ក្នុងនោះ​មាន អ្នកស្លាប់ 1,069នាក់ អ្នកជា​សះស្បើយ​ចំនួន 111,735នាក់ និង​កំពុង​ព្យាបាល​ចំនួន 49,218នាក់៕

    ប្រភព៖ Xinhuanet
    ប្រែ​សម្រួល៖ បុត្រា