Author: សឿន សំណាង

  • ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ទម្ងន់​សរុប​របស់​វីរុស​Covid-19 ទាំង​អស់​ ដែល​មាន​នៅ​លើ​ពិភព​លោក​

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ទម្ងន់​សរុប​របស់​វីរុស​Covid-19 ទាំង​អស់​ ដែល​មាន​នៅ​លើ​ពិភព​លោក​

    បើសិន​ជា​គ្រាប់​វីរុស​Covid-19 ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រាងកាយ​របស់អ្នក​ជំងឺ​នៅ​ទូទាំង​ពិភព​លោក​ ត្រូវ​បាន​គេ​យក​មក​ដាក់​នៅកន្លែង​តែ​មួយ​ នោះ​ទម្ងន់​របស់​ពួក​វា​​នឹង​ស្មើ​នឹង​ទម្ងន់​ ចន្លោះ​ពី​ប៉ោម​ 1ផ្លែ ទៅដល់​​ទម្ងន់​កូន​ក្មេង​ 1​នាក់​។

    អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ ថ្មី​ៗ​នេះ​បាន​គណនា​ឃើញ​ថា អ្នក​ជំងឺCovid-19 ​ម្នាក់​ មាន​ផ្ទុក​វីរុស​ប្រមាណ​ពី​ 10​ ទៅ​ 100​,000,000​,000​គ្រាប់​ ក្នុង​ដំណាក់​កាល​ជំងឺ​ធ្ងន់​ធ្ងរ​បំផុត​។ ដូច្នេះ​ វីរុស​Covid-19 ទាំង​អស់​ដែល​បាន​ឆ្លង​ទៅ​មនុស្ស​​នៅ​ទូទាំង​​​ពិភព​លោក​ (មធ្យម​ភាគ​នៃ​ 1-10លាន​ករណី​ នៅ​រាល់​ដំណាក់​កាល​ក្នុង​វិបត្តិ​សុខ​ភាព​នេះ) នឹង​មាន​ទម្ងន់​សរុប​ ចាប់​ពី​ 0.1 – 10គីក្រាម​។

    អ្នក​វិទ្យា​សាស្ត្រ​ Ron Milo មក​ពី​វិទ្យា​ស្ថាន​​វិទ្យា​សាស្ត្រ​ Weizmann នៃ​ប្រទេស​អ៊ីស្រាអែល​ និង​បេក្ខ​ភាព​បណ្ឌិត​ Ron Sender នៅ​បន្ទប់​ពិសោធន៍​របស់​ Milo ឱ្យ​ដឹង​ថា​ Covid-19 ប្រៀប​បាន​ទៅ​នឹង​អាវុធ​នុយក្លេអែរ​ ដោយ​វា​មាន​ទម្ងន់​​មហា​សែន​ស្រាល​ ប៉ុន្តែ កម្លាំង​បំផ្លាញ​របស់​ពួក​វា​ ពិត​ជា​មហិមា​។

    យោង​​តាម​សាក​ល​វិទ្យា​ល័យ​ Johns Hopkins បច្ចុប្បន្ន Covid-19 បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 173​លាន​នាក់​ និង​បាន​សម្លាប់​មនុស្ស​ជាង​ 3.7​លាន​នាក់​។​ ដើម្បី​គណនា​ឱ្យ​ដឹង​ថា តើ​អ្នក​ជំងឺ​ម្នាក់​​ មាន​ផ្ទុក​វីរុស​ចំនួន​ប៉ុន្មាន ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ប្រើប្រាស់​លទ្ធផល​មុន​នេះ ​ដែល​ត្រូវ​បាន​យក​ពី​សត្វ​ស្វា​រោម​លឿង​ ស្ដីពី​បរិមាណ​​​​គ្រាប់​វីរុស​នៅ​ក្នុង​ជាលិកា​ផ្សេង​ៗ​ ​ដែល​ងាយ​ឆ្លង​វីរុស​ រួម​មាន​ សួត​ កូនកណ្ដុរ​ក្នុង​ខួរក្បាល​ កូនកណ្ដុរ​ឈាម​ស​ និង​ប្រព័ន្ធ​រំលាយ​អាហារ​។ បន្ទាប់​មក​ ពួក​គេ​គណនា​គ្រាប់​វីរុស​​នៅក្នុង​ជាលិកា​ 1​ក្រាម​ៗ​ នៃ​ស្វា​រោម​​លឿង​ ជាមួយ​នឹង​ជាលិកា​របស់​មនុស្ស​ ដើម្បី​រក​បរិមាណ​នៃ​គ្រាប់​វីរុស​ក្នុង​ជា​លិកា​របស់​មនុស្ស​។

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​ បាន​ឱ្យ​ដឹង​ថា វីរុស​Covid-19 1គ្រាប់​ៗ មាន​ទម្ងន់​ 1 ហ្វេម​តូក្រាម (femtogram) (ដែល​ស្មើ​នឹង​ 0.000000000000001 ក្រាម)។ ដោយ​យក​ទម្ងន់​របស់​វីរុស​ 1​គ្រាប់​ គុណ​នឹង​បរិមាណ​របស់​វីរុស​ អ្នក​វិទ្យា​សាស្ត្រ​ករឃើញ​ថា អ្នកជំងឺ​ម្នាក់​ មាន​ផ្ទុក​វីរុសទម្ងន់​​ប្រមាណ​ 10​ មីក្រូក្រាម (microgram) (1​ មីក្រូក្រាម​ = 0.000001 ក្រាម)។

    សាស្ត្រាចារ្យ​ Milo និង​លោក​ Sender​ សង្ឃឹម​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ពិសោធ​ថ្មី​ៗ ប្រកប​ដោយ​ភាព​​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​។ លទ្ធផល​នៃ​ការ​រកឃើញ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences (PNAS)៕

    ប្រភព៖ Live Science
    ប្រែសម្រួល​៖ បុត្រា

  • សហរដ្ឋអាមេរិក មាន​គម្រោង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​បណ្ដា​ប្រទេស

    សហរដ្ឋអាមេរិក មាន​គម្រោង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​បណ្ដា​ប្រទេស

    ប្រធានាធិបតី Joe Biden នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចំនួន 500លាន​ដូ​ស ដើម្បី​ចែក​ឱ្យ​បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G7។

    សារព័ត៌​មាននៅ សហរដ្ឋអាមេរិក ដកស្រង់​ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី9 ខែមិថុនា ឱ្យដឹងថា អាជ្ញាធរ​របស់លោក Biden មាន​គម្រោង​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ពី​ក្រុមហ៊ុន Pfizer-BioNTech ដើម្បី​ចែក​ឱ្យ​ប្រទេសផ្សេងៗក្នុង​ពិភពលោក។

    ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​ខាងលើនេះ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ប្រទេស​អង់គ្លេស នាពេល​ដ៏​ខ្លី​ខាងមុខ។ នេះ​បើតាម​សារព័ត៌មាន Washington Post និង New York Times។

    ប្រធានាធិបតី Biden ក៏បាន​និយាយ​ដល់​បញ្ហា​នេះ នៅពេល​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប។ លោក​បញ្ជាក់ថា៖ «ខ្ញុំ​មាន​ផែនការ ហើយនឹង​ប្រកាសឆាប់ៗនេះ»។

    ចំណែក​សារព័ត៌មាន Times បានឱ្យដឹងថា លោក Biden រួម​នឹង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pfizer លោក Albert Bourla នឹងចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ប្រកាស​អំពី​គម្រោង​ខាងលើ។

    យោងតាម​សារព័ត៌មាន Times កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឱ្យ សហរដ្ឋអាមេរិក មិនត្រូវ​បង់ថ្លៃ​ដែល​រួមទាំង​ខ្ទង់​ចំណេញ​សម្រាប់​វ៉ាក់សាំង​ដែល​បាន​បញ្ជា​ទិញ ជាមួយនឹង​គម្រោង​ទទួលបាន 200លាន​ដូ​ស ក្នុងឆ្នាំនេះ និង 300លាន​ដូ​ស​ក្នុង​ឆ្នាំ2022។

    បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ជូន​ដល់​ពលរដ្ឋ​ជាង​ពាក់កណ្ដាល នៃ​ប្រទេស​នេះ និង​បានឱ្យដឹងថា អត្រា​នៃ​ករណី​ឆ្លង បាន​ថយចុះ​ក្នុង​រយៈពេល​កន្លង៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 426​​នាក់​, អ្នក​ជា​ចំនួន​ 760​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 11​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី9​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 36,666​​​នាក់ ក្នុងនោះ​មាន 300​​នាក់​បាន​បាត់​បង់ជីវិត,

    29,807​​នាក់​បានជា និង​ប្រមាណ​ 6,900​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 175,181,016​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 158,698,660​​​នាក់​​បានជា, 3,777,167​​នាក់​បាន​ស្លាប់ និង 12,705,189​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ទិដ្ឋភាព​ដងផ្លូវ​ក្នុង​ទីក្រុង Mumbai ក្លាយជា​ទន្លេ

    ទិដ្ឋភាព​ដងផ្លូវ​ក្នុង​ទីក្រុង Mumbai ក្លាយជា​ទន្លេ

    ទីក្រុង Mumbai ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី9 ខែមិថុនា​កន្លងទៅ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់ 12ម៉ោង បណ្ដាលឱ្យ​ផ្លូវ​និង​តំបន់​នានា​ក្នុង​ទីក្រុង​នេះ ត្រូវ​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

    រដូវភ្លៀង​នៅ​ប្រទេស​ឥណ្ឌា អូសបន្លាយ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ ប្រទេស​នេះ ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ។ កាលពី​ថ្ងៃទី9 ខែមិថុនា តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង និង​នៅ​ជាយក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​នឹងមាន​ផ្គរ​រន្ទះ​នាពេល​ព្រឹក។

    ទីក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ទៅដល់ 222ម​ម ក្នុង​រយៈពេល 12ម៉ោង ស្រប​ពេលដែល​ទឹកសមុទ្រ​ជោរ​ឡើងដល់ 4.6ម៉ែត្រ ធ្វើឱ្យ​ទឹកភ្លៀង​មិនអាច​ហូរ​ចូល​សមុទ្រ​បាន នាំឱ្យ​ដងផ្លូវ​ក្នុង​ទីក្រុង ផ្លូវ​រថភ្លើង និង​តំបន់​ក្បែរ​ខាង​នៃ​ទីក្រុង​នេះ ត្រូវ​លិចលង់។

    ភ្លៀង​ធំ នាំឱ្យ​ប៉ូលិស​ត្រូវ​ផ្អាក​ដំណើរការ​រថភ្លើង​ក្រោម​ដី​ចំនួន 4ខ្សែ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​ទុកចោល​រថយន្ត​នៅលើ​ដងផ្លូវ។ ប៉ូលិស​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ បើសិន​មិនមាន​កិច្ចការ​ចាំបាច់ និង​ហាម​មិនឱ្យ​ចូលទៅ​កាន់​តំបន់​លិច​ទឹក។

    ទឹកជំនន់​នៅ​ទីក្រុង Mumbai ជម្រៅ​រហូតដល់​ស្មើនឹង​ពោះ​របស់​មនុស្សពេញវ័យ។ សកម្មភាព​រំដោះ​ទឹកជំនន់ កំពុង​ត្រូវបាន​ធ្វើឡើង​យ៉ាង​ញាប់ដៃ ញាប់ជើង។

    នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ឥណ្ឌា (IMD) បានប្រកាស​អាសន្ន​កម្រិត​ពណ៌​ក្រហម (កម្រិត​ខ្ពស់បំផុត) សម្រាប់​ទីក្រុង Mumbai កាលពី​ថ្ងៃទី9 ខែមិថុនា និង​ប្រកាសអាសន្ន​កម្រិត​ពណ៌​លឿង ដោយ​ព្យាករ​ថា នឹងមាន​ភ្លើង​ធំ រហូតដល់​ធំ​ខ្លាំង ក្នុង​រយៈពេល 4ថ្ងៃ​ទៀត៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-រលំ​អគារ សង្កត់​លើ​រថយន្តក្រុង! មនុស្ស​ជិត 20នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ

    (វីដេអូ)-រលំ​អគារ សង្កត់​លើ​រថយន្តក្រុង! មនុស្ស​ជិត 20នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ

    កូរ៉េខាងត្បូង៖ អគារ​កម្ពស់ 5ជាន់ ដែល​កំពុង​ត្រូវបាន​រុះរើ​កាលពី​ម្សិលមិញ (9 មិថុនា) ស្រាប់តែ​បាក់​រលំ សង្កត់​លើ​រថយន្តក្រុង​មួយគ្រឿង បណ្ដាលឱ្យ​មនុស្ស​ចំនួន 9នាក់​បាត់​បង់ជីវិត។

    អង្គភាព​ពន្លត់​អគ្គិភ័យ​របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​ទីក្រុង Gwangju ចម្ងាយ​ពី​រដ្ឋធានី សេ​អ៊ូ​ល 270គម ទៅ​ទិសនិរតី។ នៅក្នុង​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បង្ហាញថា ផ្ទាំង​បេតុង​ដ៏​ធំ​នៃ​អគារ បាន​បាក់​រលំ​សង្កត់​លើ​រថយន្តក្រុង​មួយគ្រឿង​ដែល​កំពុង​ដឹក​អ្នកដំណើរ​ចំនួន 17នាក់។ ក្រុម​ប្រតិកម្ម​រហ័ស ជួយសង្គ្រោះ​មនុស្ស​បាន 8នាក់ ចេញពី​រថយន្ត ប៉ុន្តែ ពួកគេ​សុទ្ធតែ​រងរបួស​ធ្ងន់ធ្ង​រ ខណៈ​អ្នកដំណើរ 9នាក់​ទៀត បាន​បាត់​បង់ជីវិត។ អ្នកបើកបរ​រថយន្ត​រងគ្រោះ ក៏​ស្ថិត​ក្នុងចំណោម​អ្នករងរបួស​នេះដែរ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ Kim Seok-sun ឱ្យដឹងថា កម្មករ​ដែលមាន​ភារ​កិច្ច​រុះរើ បាន​ចាក​ចេញពី​អគារ​នេះ មុនពេល​វា​ដួលរលំ។ បច្ចុប្បន្ន គេ​មិនទាន់​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​នេះ​នៅឡើយ។

    កូរ៉េខាងត្បូង ធ្លាប់មាន​គ្រោះថ្នាក់​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ករណី​មកហើយ។ កាលពី​ឆ្នាំ1995 មាន​ករណី​បាក់​អគារ​ហាង​ទំនិញ​មួយ បណ្ដាលឱ្យ​មនុស្ស​ជាង 500នាក់​ត្រូវស្លាប់ និង​ឆ្នាំ1994 មនុស្ស​ចំនួន 49នាក់​បាន​បាត់​បង់ជីវិត ដោយសារ​ករណី​បាក់​ស្ពាន​មួយកន្លែង​ផងដែរ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • យន្តហោះ​ចម្បាំង​របស់ ប៊ុលហ្គារី បាត់​ខ្លួន ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមជាមួយ​អាមេរិក

    យន្តហោះ​ចម្បាំង​របស់ ប៊ុលហ្គារី បាត់​ខ្លួន ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមជាមួយ​អាមេរិក

    យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​អាកាស​នៃ​ប្រទេស​ប៊ុលហ្គារី បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា ពេល​កំពុង​ហោះ​ហើរ​ក្នុង​លំ​ហាត់​សមយុទ្ធ​លើ​ដែនសមុទ្រ​របស់​ប្រទេស​នេះ នា​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021។

    ស្ថានីយទូរទស្សន៍​ជាតិ​ប៊ុលហ្គារី (BNT) ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​នេះ ឱ្យដឹងថា យន្ត​ហោះ MiG-29 បាន​បាត់​ខ្លួន​នៅវេលា​ម៉ោង 00៖45នាទី នៃ​ថ្ងៃទី9 ខែមិថុនា (ម៉ោង​ក្នុងស្រុក) នៅក្នុង​ក្របខណ្ឌ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែលមាន​ឈ្មោះថា «Shabla 21» ជាមួយនឹង​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក នៅ​សមុទ្រ​ខ្មៅ។

    BNT រាយការណ៍​ថា ក្រុមមន្ត្រី នៃ​ប្រទេស​ប៊ុលហ្គារី ភ្លាមនោះ​ក៏បាន​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែងរក និង​សង្គ្រោះ។ ការស្វែងរក​អ្នកបើកបរ និង​យន្តហោះ នៅតែ​ត្រូវបាន​ធ្វើឡើង។ សកម្មភាព​ស្វែងរក​នេះ មានការ​ចូលរួម​រប​ស់​កងកម្លាំង​ជាច្រើន​ប្រភេទ រួមមាន​ទាំង​ទ័ពអាកាស ទ័ពជើងទឹក និង​ប៉ូលិស​ការពារ​ព្រំដែន​ផងដែរ។

    យោងតាម​ការប្រកាស​នៅលើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ ប៊ូល​ហ្គា​រី សមយុទ្ធ «Shabla 21» បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី7 ខែមិថុនា ហើយ​បើតាម​ផែនការ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី11 ខែមិថុនា។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​ទាហាន​ជាង 2,000នាក់ មកពី​កងទ័ព​ប៊ុលហ្គារី និង​សហរដ្ឋអាមេរិក៕

    ប្រភព៖ Xinhuanet
    ប្រែ​សម្រួល៖ បុត្រា

  • រាជធានី​ភ្នំពេញ កំណត់​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា «តំបន់​លឿងទុំ»

    រាជធានី​ភ្នំពេញ កំណត់​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា «តំបន់​លឿងទុំ»

    រដ្ឋ​បាន​រាជធានី​ភ្នំពេញ កំណត់​ផ្នែក​ខ្លះ​នៅតាម មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី2 និង​សង្កាត់​ចោមចៅ​ទី3 ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា «តំបន់​លឿងទុំ» រយៈពេល 2សប្តាហ៍ ដើម្បី​ទប់ស្កាត់​ជំងឺ​Covid-19។ នេះ​បើតាម​សេចក្ដីសម្រេច របស់ អភិបាល​រាជធានី​ភ្នំពេញ។

    (ភ្នំពេញ)៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021នេះ បានសម្រេច​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ3 ក្នុង​សង្កាត់​ចោមចៅ​ទី2 និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍  ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង2 និង​ផ្នែក​ខ្លះ នៃ​ភូមិ​ជម្ពូ​វ័ន2 នៃ​សង្កាត់​ចោមចៅ​ទី3 របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា «តំបន់​លឿងទុំ» រយៈពេល 14ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី1០ ខែមិថុនា រហូតដល់​ថ្ងៃទី23 ខែមិថុនា ឆ្នាំ2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​របស់​អភិបាល រាជធានី​ភ្នំពេញ ដែល​មាននៅ​ខាងក្រោម៖
    ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​
    ដកស្រង់​៖ បុត្រា​

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 729​នាក់​និង​អ្នកស្លាប់​ថ្មី​ចំនួន 11​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី8​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 36,240​​នាក់ ក្នុងនោះ​មាន 289​នាក់​បាន​បាត់​បង់ជីវិត,

    29,047​នាក់​បានជា និង​ 6,584​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។
    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 174,749,068​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 158,157,982​នាក់​បានជា, 3,762,883​នាក់​បាន​ស្លាប់ និង 12,828,203​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • កម្ពុជា រៀប​ពិធី​ទទួល​កែវ​ដំណក់​ប្រេង​ដំបូង និង​តម្កល់ទុក​ក្នុង​វិមាន ឈ្នះ ឈ្នះ

    កម្ពុជា រៀប​ពិធី​ទទួល​កែវ​ដំណក់​ប្រេង​ដំបូង និង​តម្កល់ទុក​ក្នុង​វិមាន ឈ្នះ ឈ្នះ

    នៅ​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021នេះ កម្ពុជា​បានរៀបចំ​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល។

    «នេះ​ជា​ដំណក់​ប្រេង​ដំបូង​ដែល កម្ពុជា ទទួលបាន កាលពី​ថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ហើយ​នេះ​ក៏​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ក៏​ជា​និមិត្តរូប​នៃ​ជោគជ័យ របស់ កម្ពុជា ទាំងមូល ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទន្ទឹងរង់ចាំ​ជាច្រើន​ជំនាន់​មកហើយ»។ នេះ​បើតាម​ការចុះផ្សាយ​របស់ អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី។

    និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់ កម្ពុជា ត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា» ដែល​មាន​ន័យ​ថា​ «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕

    ប្រភព​៖ Press OCM
    ដកស្រង់​៖ បុត្រា

  • COVID-19 បំប្លែង​ខ្លួន​ B.1.617.2 ពី ឥណ្ឌា កំពុង​រាតត្បាត​ សិង្ហ​បុរី

    COVID-19 បំប្លែង​ខ្លួន​ B.1.617.2 ពី ឥណ្ឌា កំពុង​រាតត្បាត​ សិង្ហ​បុរី

    ការកំណត់​ទិន្នន័យ​ហ្ស៊ែ​ន ឬ​ឌី​អិន​អេ (DNA) របស់​វីរុស​Covid-19 (genomic sequencing) បាន​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ឈ្មោះ Delta ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា កំពុង​បង្ហាញ​វត្តមាន​ភាគច្រើន​នៅក្នុង​ចំណោម​ករណី​ឆ្លង Covid-19 នៅ សិង្ហ​បុរី ដែល​នេះ​គឺជា​ភ័ស្ដុតាង​បញ្ជាក់​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​របស់​វីរុស​ក្លាយ​ពូជ​ថ្មី។

    អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី កាលពី​ម្សិលមិញ បានឱ្យដឹងថា នៅក្នុង​ចំណោម​ករណី​វិជ្ជមាន​នឹង Covid-19 នៅ​ប្រទេស​នេះ មាន 449ករណី​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​បំប្លែង​ខ្លួន​ដ៏​គួរឱ្យ​ព្រួយបារម្ភ ក្នុងនោះ​មាន 428នាក់ ឆ្លង​វីរុស​បំប្លែង​ខ្លួន Delta ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា។ សិង្ហ​បុរី បច្ចុប្បន្ន បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 62,219ករណី ក្នុងនោះ​មាន 34នាក់​បាន​ស្លាប់។ សិង្ហ​បុរី គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច ដែល​ធ្វើ​ការកំណត់​ហ្ស៊ែ​ន លើ​ករណី​វិជ្ជមាន​នឹង Covid-19 ទាំងអស់​ដែល​បាន​រកឃើញ។

    អ្នកនាំពាក្យ​ខាងលើ ឱ្យដឹងថា យោងតាម​ការវិភាគ​បច្ចុប្បន្ន វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយចំនួន​របស់ Covid-19 ក្នុងនោះ​មាន​ទាំង Delta ផងដែរ គឺ «ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់»។

    វីរុស​Covid-19 ប្រភេទ Delta ឬ​ហៅថា B.1.617.2 ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ជាង 60 ក្នុង​រយៈពេល 6ខែ​កន្លងទៅនេះ ចាប់តាំងពី​វា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ2020។ B.1.617.2 គឺជា​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ចេញពី​ប្រភេទ B.1.617។ B.1.617 មាន​វ៉ា​រ្យ៉​ងរ​ង​ចំនួន 3ប្រភេទ​គឺ B.1.617.1, B.1.617.2 និង B.1.617.3។ WHO បាន​ចាត់​វីរុស​បំប្លែង​ខ្លួន​ប្រភេទ B.1.617 នេះ ទៅក្នុង​ក្រុម «បំប្លែង​ខ្លួន ដែល​គួរ​យកចិត្តទុកដាក់» ព្រោះថា ពួកវា​បង្កឱ្យមាន​ការ​ឆ្លង​រាលដាល​លឿន ឬ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​អ្នក​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​នេះ។ Covid-19 បំប្លែង​ខ្លួន​ប្រភេទ B.1.617 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា គឺជា​វីរុស​ក្លាយ​ពូជ​ថ្មី ដែល​បំប្លែង​ខ្លួន​ចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស។

    សិង្ហ​បុរី បាន និង​កំពុង​ប្រតិកម្ម​ខ្លាំងក្លា​ទៅនឹង​ការរកឃើញ​ខាងលើ ដោយបាន​ហាម​អ្នកដំណើរ​ពី​ប្រទេស​ឥណ្ឌា កាលពី​ខែមេសា ទន្ទឹមនឹង​ការដាក់​បម្រាម​គោចរ​មួយចំនួន​ដែល​កំណត់ដោយ​រដ្ឋាភិបាល។ ពលរដ្ឋ​សិង្ហ​បុរី ក៏​ត្រូវបាន​កាត់បន្ថយ​​ការ​ជួប​ជុំ បិទទ្វារ​សាលារៀន និង​ហាម​ការ​ទទួលទាន​អាហារ​នៅក្នុង​កន្លែង​បិទ​ជិត​ផងដែរ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ៕

    ប្រភព​៖ Reuters, Newscientist
    ប្រែសម្រួល​៖ បុត្រា