Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 21 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 21 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 20​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 493 នាក់​, – ជាសះស្បើយ​ថ្មី​ = 655 នាក់​, – ស្លាប់​ថ្មី​ = 16 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 21 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 88,735 នាក់, – ជាសះស្បើយ​សរុប​ = 84,506 នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,778 នាក់។

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​នៅ ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 21 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 86.58%, អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 42.95%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 59.39%។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 211,572,165​ នាក់, – អ្នកជាសះស្បើយ= 189,320,364 នាក់,​ – អ្នកស្លាប់= 4,428,045 នាក់ និង​កំពុង​ព្យាបាល​ = 17,823,756 នាក់៕

  • Putin ស្នើឱ្យ​លោកខាងលិច ឈប់​ធ្វើ​អន្តរាគមន៍ លើ អា​ហ្វ​ហ្គា​នី​ស្ថាន

    Putin ស្នើឱ្យ​លោកខាងលិច ឈប់​ធ្វើ​អន្តរាគមន៍ លើ អា​ហ្វ​ហ្គា​នី​ស្ថាន

    លោក Putin បានស្នើ​ឱ្យ​ក្រុម​ប្រទេស​លោកខាងលិច ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន និង​ថា លោកខាងលិច «ត្រូវតែ​បញ្ចប់​គោលនយោបាយ​គ្មាន​ការទទួលខុសត្រូវ» របស់​ពួកគេ។

    «មិនអាច​ហៅ​វា​ថា​ជា​ជោគជ័យ» ប្រធានាធិបតី រុស្ស៊ី Vladimir Putin និយាយ​ដូច្នេះ​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Angel Merkel នៅ​វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី 20 សីហា ពេល​ត្រូវបាន​សួរ​ដល់​អន្តរាគមន៍​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ករណី​ភេរវកម្ម ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។

    «ប៉ុន្តែ ការយកចិត្តទុកដាក់​នាបច្ចុប្បន្ន​របស់​យើង គឺ​មិនមែន​វាយតម្លៃ​អំពី​បញ្ហា​នេះ ឬ​ចាត់ទុកជា​បរាជ័យ។ យើង​ចង់ឱ្យ​ស្ថាន​ករ​ណ៍​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ស្ថេរភាព» លោក Putin បន្ថែម។

    ប្រធានាធិបតី រុស្ស៊ី ក៏បាន​សម្ដែង​ការព្រួយបារម្ភ ចំពោះ​ក្រុម​ប្រដាប់អាវុធ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​អាច​ព្យាយាម​ចូលក្នុង​ទឹកដី​នៃ​ប្រទេសជិតខាង ក្រោមរូបភាព​ជា​ជនភៀសខ្លួន។

    លោក Putin ក៏បាន​រិះគន់​លើ​ការគាំទ្រ​របស់​ប្រទេស​លោកខាងលិច ចំពោះ​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ ដោយ​បញ្ជាក់ថា ការព្យាយាម «កសាង​មូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដទៃ ទៅតាម​គំរូ​របស់​បរទេស» នឹង​ទទួលបាន​ឥទ្ធិពល​បញ្ច្រាស។ លោក​ស្នើឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច មិន​ធ្វើ​អន្តរាគមន៍​លើ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី​រដ្ឋធានី​កា​ប៊ុល ត្រូវបាន​កាន់កាប់​ដោយ តា​លី​បង់។ លោក Putin សង្កត់ធ្ងន់ថា លោកខាងលិច «ត្រូវតែ​បញ្ចប់​គោលនយោបាយ​គ្មាន​ការទទួលខុសត្រូវ» ទាក់ទិន​នឹង​ការដាក់​តម្លៃ​ពី​បរទេស ខ្ពស់​ហួរ​ហេតុ។

    ការ​ថ្លែង​ដូច្នេះ ទំនងជា​ចង់​សំដៅ​ទៅលើ​ការខ្វែងគំនិត​គ្នា​រវាង រុស្ស៊ី និង​លោកខាងលិច ទាក់ទិន​នឹង​បញ្ហា​ប៉ះទង្គិច​គ្នា​នៅ ស៊ី​រី និង លី​ប៊ី ឬ​បាតុកម្ម​នៅ រុស្ស៊ី ពេលដែល​លោក Putin បាន​ចោទ​លោកខាងលិច​ថា គាំទ្រ​ក្រុមប្រឆាំង​នៅ មូ​ស្គូ។

    លោក Putin និយាយថា លោក​សង្ឃឹមថា តា​លី​បង់ នឹង «ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​ក្រុម​អ្នកការទូត​បរទេស» ហើយ អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមិន​ដួលរលំ បន្ទាប់ពី អាមេរិក ដកទ័ព៕

  • វ៉ាក់សាំង COVID-19! ប្រទេស​ឥណ្ឌា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង DNA ដំបូង​គេ​ក្នុង​ពិភពលោក

    វ៉ាក់សាំង COVID-19! ប្រទេស​ឥណ្ឌា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង DNA ដំបូង​គេ​ក្នុង​ពិភពលោក

    ក្រុមមន្ត្រី ឥណ្ឌា បានអនុម័ត​បន្ទាន់​លើ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Zydus Cadila ជា​វ៉ាក់សាំង DNA ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ប្រើ​សម្រាប់​មនុស្សពេញវ័យ និង​ក្មេង​ចាប់ពី​អាយុ 12 ឆ្នាំ។

    ក្រសួង​បច្ចេកវិទ្យា​ជីវសាស្ត្រ ឥណ្ឌា កាលពី​ថ្ងៃទី 20 សីហា បានចេញ​លិខិតអនុញ្ញាត​បន្ទាន់​ដល់​វ៉ាក់សាំង​បង្ការ COVID-19 ឈ្មោះ ZyCoV-D ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន Zydus Cadila។ «នេះ​គឺជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ប្រភេទ DNA ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ផលិត​ដោយ ឥណ្ឌា» ស្ថាប័ន​នេះ​បានប្រកាស​ដូច្នេះ។

    វ៉ាក់សាំង ZyCoV-D នេះ អាច​ត្រូវបាន​បញ្ចូល​ទៅក្នុង​រា​កាយ ដោយ​ឧបករណ៍​ដែល​ពុំមាន​ម្ជុល។ ក្រសួង​បច្ចេកវិទ្យា​ជីវសាស្ត្រ ឥណ្ឌា បាន​បន្ថែមថា ZyCoV-D ត្រូវ​ចាក់​ជា​បី​ដូ​ស ហើយ​នៅពេល​ចូលដល់​ក្នុង​រាងកាយ វា​នឹង​បង្កើត​ប្រូតេអ៊ីន​បន្លា​របស់ COVID-19 និង​បង្កើត​អង្គ​ប​ដិ​ប្រាណ។

    វ៉ាក់សាំង DNA ផ្ទុក​កូដ DNA នៃ​អង់​ទី​ហ្សែ​ន​ជាក់លាក់​មួយ​ខ្សែ ដើម្បី​ចាប់ផ្ដើម​ដំណាក់កាល​នៃ​ដំណើរការ​របស់​អង្គ​ប​ដិ​ប្រាណ។ បច្ចេកវិទ្យា​នេះ ត្រូវបាន​វាយតម្លៃថា លើកកម្ពស់​ស្ថិរភាព កម្រិត​នៃ​ការទុកចិត្ត និង​ធានា​សុវត្ថិភាព ដោយសារ​មិនមាន​កត្តា​បង្ក​ជំងឺ​ណាមួយ និង​មានការ​ចំណាយ​ទាប​នៅពេល​ផលិត​ក្នុង​បរមាណ​ច្រើន។

    ZyCoV-D គឺជា​វ៉ាក់សាំង COVID-19 ទី 6 ដែល​ត្រូវបាន ឥណ្ឌា អនុម័ត​ឱ្យប្រើ​ប្រាស់ បន្ទាប់ពី Moderna, Johnson & Johnson (អាមេរិក), AstraZeneca (អង់គ្លេស), Covaxin (ឥណ្ឌា) និង Sputnik V (រុស្ស៊ី)។

    បណ្ដា​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ ឥណ្ឌា មិនចាំបាច់​រក្សាទុក​ដោយ​ឧបករណ៍​ពិសេស​នោះទេ ដែល​នេះ​គឺជា​ដំណោះស្រាយ​ល្អ​សម្រាប់​ការដឹកជញ្ជូន និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស៕

  • អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ វាយដំ​ពលរដ្ឋ​អាមេរិកាំង នៅ កា​ប៊ុល

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ វាយដំ​ពលរដ្ឋ​អាមេរិកាំង នៅ កា​ប៊ុល

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បាន​ប្រាប់​ក្រុម​សមាជិកសភា​ថា ពលរដ្ឋ​ជាច្រើន​នាក់​របស់​ប្រទេស​នេះ នៅ កា​ប៊ុល ត្រូវបាន​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ វាយ​ធ្វើបាប។

    ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ Lloyd Austin បាន​ប្រាប់​អំពី​ដំណឹង​ខាងលើ នៅក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃទី 20 សីហា ហើយ​បាន​ហៅ​បញ្ហា​នេះ​ថា​ជា រឿង​ដែល​មិនអាច​ទទួលយកបាន។ ប៉ុន្តែ​រដ្ឋមន្ត្រី​រូបនេះ​ក៏​មិនបាន​អះអាង​អំពី​លទ្ធភាព​ដែលថា ទាហាន អាមេរិក អាច​ចេញពី កា​ប៊ុល ដើម្បី​ចុះទៅ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់ តា​លី​បង់ ដែរ ឬ​យ៉ាងណា​នោះទេ។

    លោក Austin ក្រោយមក​ក៏បាន​បញ្ជាក់ថា តា​លី​បង់ ជារួម ពុំបាន​រារាំង​ពលរដ្ឋ​អាមេរិកាំង ធ្វើដំណើរ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល នោះដែរ។

    នៅពេល​សួរ​អំពី​ព័ត៌មាន​ដែលថា ពលរដ្ឋ​អាមេរិកាំង ត្រូវ តា​លី​បង់ វាយដំ ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន John Kirby ឱ្យដឹងថា ស្ថាប័ន​នេះ «ប្រាកដជា​យកចិត្តទុកដាក់​ដល់​ដំណឹង​ដូច្នេះ។ បញ្ហា​នេះ​ពិតជា​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង»។

    រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋ​អាមេរិក​ Lloyd Austin

    អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ បាន​និយាយថា កងកម្លាំង សហរដ្ឋអាមេរិក រកឃើញ​ពលរដ្ឋ​បរទេស​ចំនួន 169 នាក់ កំពុង​លាក់ខ្លួន​នៅក្នុង​សណ្ឋាគារ Baron ក្បែរ​តំបន់​ភាគខាងត្បូង​នៃ​ព្រលានយន្តហោះ​នៅ កា​ប៊ុល ក្រោយពី​ប្រទេសមួយ​បាន​រាយការណ៍​ដល់​មេបញ្ជាការ​របស់​កងទ័ព អាមេរិក។ ឧទ្ធម្ភាគចក្រ CH-47 Chinook ក៏បាន​ហោះ​ចេញពី​ព្រលានយន្តហោះ Hamid Karzai ទៅ​ទទួល​ពួកគេ។ បេសកកម្ម​ម​ត្រូវបាន​ធ្វើឡើង​យ៉ាង​លឿន និង​ដោយ​សុវត្ថិភាព។

    លោក Kerby និយាយថា ខាងលើនេះ​គឺជា​ករណី​តែមួយគត់​ដែល​ឧទ្ធម្ភាកចក្រ អាមេរិក ចាក​ចេញពី​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ដើម្បី​ទៅ​ទទួល​ពលរដ្ឋ។

    សូម​រំលឹកថា តា​លី​បង់ បាន​វាយ​កាន់កាប់​រដ្ឋធានី​កា​ប៊ុល ក្រោយ អាមេរិក ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។ តា​លី​បង់ កាលពី​ថ្ងៃទី 15 សីហា បាន​ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ដោយ​ស្ទើរតែ​ពុំមាន​ឧបសគ្គ​អ្វី​ទាំងអស់។

    ក្រោយមក មនុស្ស​រាប់ពាន់នាក់​ដែលជា​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​នាំគ្នា​សម្រុក​ទៅកាន់​ព្រលានយន្តហោះ Hamid Karzai ដើម្បី​រក​វិធី​ចាក​ចេញពី​ប្រទេស។ ដោយមាន​មនុស្ស​ច្រើនពេក ព្រលានយន្តហោះ​នេះ​ក៏​ធ្លាក់​ទៅក្នុង​ភាពច្របូកច្របល់​អស់​ជាច្រើន​ថ្ងៃ។ កងទ័ព អាមេរិក កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​ខាងលើ ហើយ​នេះ​ក៏​ជាទី​តាំង​ចុងក្រោយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល មិនទាន់​ត្រូវបាន​កាន់កាប់​ដោយ តា​លី​បង់៕

  • អតីត​ភរិយា​របស់ Bill Gates ស្ថិតក្នុង Top 30 នៃ​ស្ត្រី​មានទ្រព្យ​ច្រើន​បំផុត​នៅ សហរដ្ឋអាមេរិក ក្រោយ​លែងលះ

    អតីត​ភរិយា​របស់ Bill Gates ស្ថិតក្នុង Top 30 នៃ​ស្ត្រី​មានទ្រព្យ​ច្រើន​បំផុត​នៅ សហរដ្ឋអាមេរិក ក្រោយ​លែងលះ

    Melinda French Gates កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី 28 នៅ សហរដ្ឋអាមេរិក។

    យោងតាម​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន Real Time របស់ Forbes អ្នកស្រី Melinda French Gates ដែលជា​អតីត​ភរិយា​របស់​មហាសេដ្ឋី អាមេរិក Bill Gates បច្ចុប្បន្ន មានទ្រព្យ​សរុប 5.7 ពាន់​លាន​ដុល្លារ និង​ជា​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី 28 នៅ សហរដ្ឋអាមេរិក។ ចំណែក MacKenzie Scott ដែលជា​អតីត​ភរិយា​របស់​ម្ចាស់ Amazon លោក Jeff Bezos កំពុង​ជាម​ហា​សេដ្ឋិនី​លំដាប់​ទី​ពីរ​នៅ សហរដ្ឋអាមេរិក ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប 53.8 ពាន់​លាន​ដុល្លារ។ នៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នេះ គឺ Alice Walton ដែលជា​អ្នក​ស្នង​មរតក​នៃ​ក្រុមហ៊ុន Walmart ដោយមាន​ទ្រព្យ 67.8 ពាន់​លាន​ដុល្លារ។

    យោងតាម​ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាមេរិក កាលពី​ថ្ងៃទី 5 សីហា មូលនិធិ​វិនិយោគ Cascade Investment របស់លោក Gates បាន​ផ្ទេរ​មូល​ប​ត្រ​ចំនួន 3.3 លាន​ហ៊ុន​របស់ AutoNation តម្លៃ​ប្រហែល 387 លាន​ដុល្លារ ទៅឱ្យ Melinda។ អតីត​ភរិយា​របស់លោក Gates ក៏​ទទួលបាន​មូល​ប​ត្រ 2.8 លាន​ហ៊ុន​របស់ Deere & Co. តម្លៃ​ប្រហែល 1 ពាន់​លាន​ដុល្លារ និង​មូល​ប​ត្រ 9.5 លាន​ហ៊ុន​របស់ Canadian National Railway Co. តម្លៃ​ជាង 1 ពាន់​លាន​ដុល្លារ។

    អ្នកស្រី Melinda French Gates

    មុន​នោះ បន្ទាប់ពី​បានប្រកាស​លែងលះ​កាលពីដើម​ខែឧសភា អ្នកស្រី Melinda ក៏​ទទួលបាន​មូល​ប​ត្រ​ពី​បណ្ដា​ក្រុមហ៊ុន​ខាងលើ ក្នុងតម្លៃ​ជាង 3 ពាន់​លាន​ដុល្លារ​ផងដែរ។

    ចំណែក​លោក Bill Gates វិញ Forbes បាន​គណនា​ឃើញថា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft កំពុង​កាន់កាប់​ទ្រព្យ​ដែលមាន​តម្លៃ 129.9 ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក បន្ទាប់ពី Jeff Bezos, Elon Musk និង Bernard Arnault។

    គួររំលឹកថា Bill និង Melinda បាន​ជួបគ្នា​នៅឯ​ក្រុមហ៊ុន Microsoft ដែល​ពេលនោះ លោក Gates គឺជា CEO។ Melinda ចាប់ផ្ដើម​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​កម្មវិធី​ឯកសារ​របស់ Microsoft នៅ​ឆ្នាំ 1987។ កាល​ណោះ អ្នកស្រី​គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ក្នុងចំណោម​អ្នក​ដែលមាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ Microsoft។ កាលពី​ខែឧសភា ឆ្នាំនេះ លោក Gates និង​អ្នកស្រី Melinda បានប្រកាស​លែងលះគ្នា បន្ទាប់​ពី​រស់នៅ​ជា​ប្ដី​ប្រពន្ធ​បាន 27 ឆ្នាំ៕

  • សំខាន់ ថ្មី​! វ៉ាក់សាំង​ mRNA បន្ទាន់​សម័យ​​​ថ្មី​​ អាច​ទប់​ស្កាត់​​រាល់​​វីរុស​បំប្លែង​ខ្លួន របស់​​ COVID-19

    សំខាន់ ថ្មី​! វ៉ាក់សាំង​ mRNA បន្ទាន់​សម័យ​​​ថ្មី​​ អាច​ទប់​ស្កាត់​​រាល់​​វីរុស​បំប្លែង​ខ្លួន របស់​​ COVID-19

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កំពុង​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ COVID-19 ដែល​អាច​ទប់​ស្កាត់​រាល់​​វ៉ារ្យ៉ង​​បំប្លែង​ថ្មី​ដ៏គ្រោះ​ថ្នាក់​នៃ​វីរុស​ COVID-19 ហើយ​ពួក​គេ​កំពុង​តែ​ឈាន​ជិត​ដល់គោល​ដៅ​នៃការ​ផលិត​បាន​​វ៉ាក់សាំង​ប្រភេទ​នេះ​។

    ការ​ធ្វើ​តេស្ត​​លើ​មនុស្ស​ ចំពោះ​វ៉ាក់​សាំង​ COVID-19 សកល​ («universal» COVID-19 vaccine)

    ​សារ​ព័ត៌មាន​ Fortune បាន​ចេញ​ផ្សាយ​ថា សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតលើ​ការត្រៀមបង្ការរោគរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations) ថ្មី​ៗ​នេះ​​ បាន​យល់​ព្រម​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ 20.6​ លាន​ដុល្លារ​ ដល់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ​​​ Gritstone ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ក្នុង​ទីក្រុង​ Emeryville ​រដ្ឋ​ California (សហរដ្ឋ​អាមេរិក​) ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ពិសោធ​វ៉ាក់សាំង​បង្ការ​ COVID-19 ថ្មី​មួយ​ប្រភេទ​ដែល​ហៅ​ថា វ៉ាក់សាំង​បង្ការ​ COVID-19 សកល (universal COVID-19 vaccine)។

    CEPI គឺជា​ស្ថាប័ន​សហប្រតិបត្តិ​រវាង​​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ និង​បណ្ដា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​បំណង​បង្កើត​បាន​យន្តការ​ទប់​ទល់​រហ័ស​នឹង​រោគ​រាត​ត្បាត​។ COVID-19 គឺជា​ការ​ពិសោធ​ជាក់​ស្ដែង​ដំបូង​របស់​អង្គការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ 2016 នេះ​។

    លោក​ Richard Hatchett នាយក​ប្រតិបត្តិ​របស់​ CEPI ឱ្យ​ដឹង​ថា​៖ «បណ្ដា​វ៉ារ្យ៉ង់របស់​​ COVID-19 ធ្វើ​ឱ្យ​វ៉ាក់សាំង​មួយ​ចំនួន​របស់​យើង​ មាន​ប្រសិទ្ធ​ភាព​តិច​តូច​ ដូច្នេះ ប្រការ​សំខាន់​គឺ​យើង​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​។ យើង​ត្រូវ​បន្ត​វិនិយោគ​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​វ៉ាក់សាំង​ បើ​សិន​ជា​ចង់​ដើរ​ឱ្យ​បាន​មុន​វីរុស​កាច​សាហាវ​នេះ​»។

    ខ្ទង់​ប្រាក់​ឧបត្ថម្ភ​ថ្មី​បំផុត​នេះ​ នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Gritstone​ ធ្វើ​ការ​ពិសោធ​ដំបូង​នៅ​លើ​មនុស្ស​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19 ដែល​ក្រុម​ហ៊ុន​នេះ​បាន​អភិវឌ្ឍ​។ នៅក្នុង​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 18 សីហា​ Gritstone ឱ្យ​ដឹង​ថា ការ​ពិសោធលើ​មនុស្ស​នេះ​នឹង​ចាប់​ផ្ដើម​នៅ​មុន​ដំណាច់​ឆ្នាំ​ 2021​។

    យោង​តាម​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​រវាង​​ CEPI​ និង​​ក្រុម​ហ៊ុន​ Gritstone បាន​ចែង​ថា បើ​សិន​ពួក​គេ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​​ COVID-19 មួយ​ប្រភេទ​ដែល​អាច​ទប់ស្កាត់​រាល់​វីរុស​បំប្លែង​ថ្មី​របស់​ COVID-19 នោះ​វ៉ាក់សាំង​នេះ​​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដល់​ពិភព​លោក​ទាំង​មូល​ តាម​រយៈ​យន្ត​ការ​ COVAX ដែល​ជា​ស្ថាប័ន​ផ្គត់​ផ្គង់​វ៉ាក់សាំង​សកល​ របស់​ CEPI, GAVI និង​ WHO។ ប្រការ​នេះ​មាន​ន័យ​ថា បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ មាន​ឱកាស​ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង​នេះ​ផងដែរ​។

    Gritstone មិន​មែន​ជា​ក្រុម​ហ៊ុន​តែ​មួយ​ដែល​កំពុង​អភិវឌ្ឍ «​វ៉ាក់​សាំង​ COVID-19 សកល​» ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជីវសាស្ត្រ​​នោះ​ទេ​​។ ក្រុមហ៊ុន​​​ជា​ច្រើន​ផ្សេង​ទៀត ក៏​កំពុង​ញាប់ដៃ​ ញាប់​ជើង​ក្នុង​ការ​ស្រាវ​ជ្រាវ​រក​វ៉ាក់សាំង​ប្រភេទ​នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ ក្រុម​ហ៊ុន​ myNEO របស់​ បែលហ្ស៊ិក ក៏ដូចជា​ក្រុម​ជំនាញ​​ដាច់​ដោយ​ឡែក​ មក​​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​យោធា​ Water Reed (សហរដ្ឋ​អាមេរិក​), សាកល​វិទ្យា​ Duke និង​សាកល​វិទ្យា​ល័យ​ Carolina ខាង​ជើង​ (សហរដ្ឋ​អាមេរិក​)​ ផងដែរ។

    ភាព​ខុស​គ្នា​រវាង​បច្ចេក​វិទ្យា​របស់ Gritstone និង​បណ្ដា​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​​ក្នុង​ពិភពលោក​

    បច្ចេកវិទ្យា messenger ribonucleic acid (mRNA) របស់ Gritstone គឺ​ដូច​ទៅនឹង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ក្រុមហ៊ុន Pfizer/BioNTech និង Moderna ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 របស់​ពួកគេ។ ប៉ុន្តែ មាន​ភាពខុសគ្នា​មួយចំនួន​ដ៏​សំខាន់៖ បណ្ដា​វ៉ាក់សាំង mRNA ដែលមាន​បច្ចុប្បន្ន ជំរុញ​ឱ្យ​កោសិកា​របស់​រាងកាយ ផលិត​តែ ប្រូតេអ៊ីន មួយ​មុខ​ប៉ុណ្ណោះ (ប្រូតេអ៊ីន​បន្លា​ដែល​វីរុស COVID-19 ប្រើប្រាស់​ដើម្បី​វាយប្រហារ​ទៅលើ​កោសិកា)។ ប្រការនេះ បានធ្វើឱ្យ​វ៉ាក់សាំង​ដែលមាន​បច្ចុប្បន្ន ងាយ​រងរបួស​នៅ​ចំពោះមុខ​ការវិវឌ្ឍ​រប​ស់​ប្រូតេអ៊ីន​បន្លា ដូចដែល​បានឃើញ​នៅក្នុង​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី​របស់​វីរុស COVID-19 ក្នុងនោះ​មាន Delta ជាដើម។

    ទន្ទឹមនឹង​ប្រូតេអ៊ីន​បន្លា​ខាងលើ វ៉ាក់សាំង​របស់ Gritstone នឹង​ណែនាំ​ឱ្យ​កោសិកា ផលិត​បណ្ដា​ប្រូតេអ៊ីនផ្សេងៗដែលមាន​ទំនាក់ទំនង​ជាមួយ​វីរុស ដើម្បី​ជួយ​ការពារ​វ៉ាក់សាំង​ពី​ប្រូតេអ៊ីន​បន្លា​ដែល​បាន​វិ​វ​ឌ្ឍ។

    ចំនុច​ខុសប្លែក​ពិសេស​ជាង​នេះ នោះ​គឺ Gritstone កំពុង​ស្រាវជ្រាវ​លើ​ការប្រើប្រាស់​ធាតុ​មួយ​ដែល​ត្រូវបាន​ហៅថា វ៉ាក់សាំង «mRNA ស្វ័យ​បង្កើន» (SAM)។ ក្នុង​គ្រា​ដែល​វ៉ាក់សាំង mRNA បច្ចុប្បន្ន គ្រាន់តែ​អាច​ជំ​រុញឱ្យ​កោសិកា​ផលិត​ប្រូតេអ៊ីន​វីរុស​ក្នុង​ចំនួន​កំណត់ វ៉ាក់សាំង SAM របស់ Gritstone នឹង «បញ្ឆោត» ឱ្យ​កោសិកា​ផលិត​កំណែ​ចម្លង​ជាច្រើន​នៃ​ប្រូតេអ៊ីន​ជាក់លាក់​ណាមួយ។ ប្រការនេះ​មានន័យថា វ៉ាក់សាំង​តិចតួច​ប៉ុណ្ណោះ អាចបង្កើត​បាន​អង្គ​ប​ដិ​ប្រាណ​ដ៏​ខ្លាំងក្លា​ជាង​បច្ចុប្បន្ន ហើយ​អាច​កាត់បន្ថយ​តម្រូវការ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ និង​ដូ​ស​រំលឹក។

    បញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន Gritstone

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន មានការ​ព្រួយបារម្ភ​ចំពោះ​វិធី​ដែល Gritstone កំពុង​ប្រើប្រាស់​ដើម្បី​ផលិត​វ៉ាក់សាំង។ វ៉ាក់សាំង​របស់ Gritstone អាច​បង្ខំ​ឱ្យ​កោសិកា​បញ្ចេញ​អង្គ​ប​ដិ​ប្រាណ​ច្រើន​ហួស​ក្នុងពេល​តែមួយ ប្រការនេះ​អាច​កាត់បន្ថយ​កម្លាំង​នៃ​យន្តការ mRNA ក៏ដូចជា​ដំណើរការ​នៃ​ការផលិត​ប្រូ​តេ​អ៊ី របស់​កោសិកា នាំឱ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ទាប ហើយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ មាន​លក្ខណៈ​ស្ដើង​ជាង​មុន។

    យ៉ាងណាក៏ដោយ ឡា​រ៉ែ​ន (Lareine) សង្ឃឹមថា វ៉ាក់សាំង SAM របស់ Gritstone នឹង​ទទួលបាន​ជោគជ័យឆាប់ៗ ដើម្បី​ជួយ​លុបបំបាត់​វីរុស COVID-19 ឱ្យ​អស់ពី​ផែនដី៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 សីហា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 19 សីហា ឆ្នាំ 2021 រួមមាន៖ – ឆ្លង​ថ្មី = 519 នាក់, – ជាសះស្បើយ​ថ្មី = 553 នាក់, – ស្លាប់​ថ្មី = 15 នាក់។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែសីហា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖ – ឆ្លង​សរុប = 88,242 នាក់, – ជាសះស្បើយ​សរុប = 83,851 នាក់, – អ្នកស្លាប់​សរុប = 1,762 នាក់។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 86.12%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 39.48%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 58.68%។

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖ – អ្នក​ឆ្លង​សរុប= 210,854,907 នាក់, – អ្នកជា​សះស្បើយ= 188,795,923 នាក់, – អ្នកស្លាប់= 4,417,603 នាក់ និង​កំពុង​ព្យាបាល = 17,641,381៕

  • សហរដ្ឋអាមេរិក កំពុង​ហ៊ុម​ព័ន្ធ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ តា​លី​បង់

    សហរដ្ឋអាមេរិក កំពុង​ហ៊ុម​ព័ន្ធ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ តា​លី​បង់

    ប្រាក់​បម្រុង​រាប់ពាន់​លាន​ដុល្លារ​អាមេរិក របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន រួមទាំង​ប្រភព​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ សុទ្ធតែ​ត្រូវបាន សហរដ្ឋអាមេរិក បង្កក ក្រោយពី តា​លី​បង់ ឡើងកាន់​អំណាច។

    មុនពេល​ក្រុម​ឧទ្ទាម តា​លី​បង់ សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ធនាគារកណ្ដាល​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅមាន​ប្រាក់​បម្រុង​ជិត 9 ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ក្នុងចំណោម​នោះ មាន​ប្រមាណ 7 ពាន់​លាន​ដុល្លារ ដែល​ផ្ញើ​ក្នុង​គណនី​នៅ សហរដ្ឋអាមេរិក ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ក្នុង​ក្រុង New York។ ព័ត៌មាន​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី 18 សីហា ដោយ​អតីត​អគ្គនាយក​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន Ajmal Ahmady។

    ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ អាមេរិក Janet Yellen និង​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) នៃ​ក្រសួង​ហិរញ្ញវត្ថុ អាមេរិក ក៏បាន​បង្កក​គណនី​ធនាគារ​ទាំងឡាយ​ខាងលើ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រសួង​ហិរញ្ញវត្ថុ អាមេរិក ថែមទាំង​អាច​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុម តា​លី​បង់ ទៀតផង។

    ក្រុម​មេដឹក​នាំ​ តាលីបង់ ដែល​បាន​ចូល​រួម​កិច្ច​ចរចា​នៅ​ប្រទេស​ កាកា​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​ 2020​

    ដោយមាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅមាន​លទ្ធភាព​រារាំង តា​លី​បង់ ក្នុង​ការយក​មកវិញ​នូវ​ខ្ទង់​ប្រាក់ 1.3 ពាន់​លាន​ដុល្លារ ដែល​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ផ្ញើ​នៅក្នុង​គណនី​ធនាគារ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត ពិសេស​គឺ​គណនី​បញ្ញើ​ជា​ប្រាក់​អឺរ៉ូ និង​ប្រាក់​ផោន​អង់គ្លេស នៅក្នុង​ធនាគារ​មួយចំនួន​នៅ​អឺរ៉ុប។

    ខ្ទង់​ប្រាក់​ក្រៅពីនេះ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​តម្លៃ 700 លាន​ដុល្លារ កំពុងស្ថិត​ក្នុង​ធនាគារ​ទូទាត់​អន្តរជាតិ (BIS) នៅ​ប្រទេស​ស្វី​ស។

    «ខ្ទង់​ប្រាក់​ដែល តា​លី​បង់ អាច​ប្រើប្រាស់​បាន​គឺ ប្រមាណ​ជា ពី 0.1-0.2% នៃ​ខ្ទង់​ប្រាក់​បម្រុង​សរុប​នៅ​បរទេស របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។ មិន​ច្រើន​ប៉ុន្មាន​ទេ» អតីត​អគ្គនាយក​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ajmal Ahmady បាន​អះអាង​ដូច្នេះ៕

  • អា​ហ្វ​ហ្គា​នី​ស្ថាន៖ សហរដ្ឋ​អាមេរិក បោះចោល​ឧទ្ធម្ភាគចក្រ​ជម្លៀស​មនុស្ស​នៅ​កា​ប៊ុល

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ សហរដ្ឋ​អាមេរិក បោះចោល​ឧទ្ធម្ភាគចក្រ​ជម្លៀស​មនុស្ស​នៅ​កា​ប៊ុល

    ឧទ្ធម្ភាគចក្រ​ធុន​ធំ CH-46E ត្រូវបាន​បិទ​ប្រព័ន្ធ​ដំណើរការ និង​ទុកចោល​ក្នុង​ព្រលានយន្តហោះ​នៅ​រដ្ឋធានី​កា​ប៊ុល បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ជម្លៀស​បុគ្គលិក​ស្ថានទូត សហរដ្ឋអាមេរិក។

    «ក្រសួងការបរទេស សហរដ្ឋអាមេរិក ទុកចោល​ឧទ្ធម្ភាគចក្រ CH-46 ចំនួន 7 គ្រឿង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​ប្រព័ន្ធ​ដំណើរការ​របស់​ពួកវា​ត្រូវបាន​បិទ និង​លែង​ហោះហើរ​បាន។ ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ កំពុង​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍​ជាបណ្ដើរៗហើយ» មន្ត្រី​ការបរទេស សហរដ្ឋ​អាំ​មេ​រិ​ក សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​កាលពី​ថ្ងៃទី 19 សីហា។

    ឧទ្ធម្ភាគចក្រ Boeing Vertol CH-46 Sea Knight ទាំងនេះ ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1960 និង​ដាក់​ឱ្យប្រើ​នៅក្នុង​ជួរ​កង​ម៉ា​រី​ន សហរដ្ឋអាមេរិក។ ពួកវា​ត្រូវបាន​ដំឡើង​ស្ដង់ដា ទៅជា CH-46E និង​ជួសជុល​ទាំងស្រុង​ដូច​ថ្មី ហើយ​ក្រោយមក​ក៏​ត្រូវបាន​ប្រគល់ឱ្យ​ក្រសួងការបរទេស អាមេរិក ចាប់ពី​ឆ្នាំ 2012។

    ក្រុម​ឧទ្ធម្ភាគ​ចក្រ​ CH-46E Sea Knight នៅ​ កាប៊ុល ដែល​ថត​បាន​ពី​ផ្កាយ​រណប​ កាល​ពី​ថ្ងៃទី 17 សីហា​

    ក្រុម​ហោះហើរ CH-46E ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកម៉ៅការ​ឯកជន​នេះ គឺជា​មធ្យោបាយ​សំខាន់​របស់​បុគ្គលិក​ការទូត សហរដ្ឋអាមេរិក ក្នុងការ​ផ្លាស់​ទី​រវាង​ស្ថានទូត​នៅ កា​ប៊ុល និង​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក៏​ដូច​ទៅ​ទីតាំង​ជាច្រើន​ទៀត នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    ចាប់តាំងពី អាមេរិក ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែឧសភា ក្រុម តា​លី​បង់ ក៏បាន​ចាប់ផ្ដើម​ការវាយប្រហា​រ និង​បាន​សម្រុកចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល ហើយ​បាន​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ពី​ថ្ងៃទី 15 សីហា ដោយ​ស្ទើរតែ​ពុំ​ជួប​ឧបសគ្គ។ ប្រការនេះ ធ្វើឱ្យ អាម​រិ​ក ត្រូវ​ប្រមូល​ឧទ្ធម្ភាគចក្រ និង​ប្រញាប់​ជម្លៀស​បុគ្គលិក​ការទូត​នៅ កា​ប៊ុល។

    ក្រុម​ហោះហើរ CH-46E រួម​នឹង​ឧទ្ធម្ភាគចក្រ​យោធា​ជាច្រើន ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជម្លៀស​ក្រុមមនុស្ស​ដែល​មិនមែនជា​អ្នកចូលរួម​ប្រយុទ្ធ​ផ្ទាល់ (NEO) នៅ កា​ប៊ុល។ មន្ទីរ​បញ្ច​កោណ និយាយថា នេះ​គឺជា​បេសកកម្ម​ជម្លៀស​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ហើយក៏​អាចជា​ភារកិច្ច​ធំ​ចុងក្រោយ​នៃ​ក្រុម​ឧទ្ធម្ភាគចក្រ Sea Knight របស់​រដ្ឋាភិបាល សហរដ្ឋអាមេរិក នេះ​ផងដែរ៕

  • តា​លី​បង់ បាញ់សម្លាប់​បាតុករ​ដែល​លើ​ទង់ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន

    ក្រុម​ទាហាន តា​លី​បង់ បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស នៅក្នុង​ទីក្រុង Asadabad បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​បាត់បង់​ជីវិត នៅពេល​បាតុកម្ម​កំពុង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង ដើម្បី​អបអរ​ថ្ងៃ​ឯករាជ្យ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

    ក្រុមបាតុករ​ដែល​កាន់​ទង់ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បានចេញ​ដើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ជាច្រើន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 19 សីហា ដើម្បី​អបអរ​ថ្ងៃ​ឯករាជ្យ​ពី អង់គ្លេស ឆ្នាំ 1919 ក្នុង​គ្រា​ដែល​ការតវ៉ា​ពី​សំណាក់​ប្រជាជន ចំពោះ​ក្រុម តា​លី​បង់ កំពុង​រាលដាល។

    «ទង់ជាតិ​របស់​យើង អត្តសញ្ញាណ​របស់​យើង» ហ្វូងមនុស្ស រួមមាន​ទាំង​បុរស និង​ស្ត្រី គ្រវីទង់ជាតិ​ពណ៌​ខ្មៅ ក្រហម និង​បៃតង ព្រមទាំង​បាន​ស្រែក​ហ៊ោ នៅក្នុង រដ្ឋធានី​កា​ប៊ុល។

    សាក្សី​ឈ្មោះ Mohammed Salim ឱ្យដឹងថា នៅ​ទីក្រុង Asadabad នៃ​ខេត្ត Kunar ភាគ​ខាងកើត អា​ហ្វ​ហ្គា​នី​ស្ថាន មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​ហ្វូង​បាតុករ។ សាក្សី​ឈ្មោះ Mohammed Salim ឱ្យដឹងថា នៅ​ទីក្រុង Asadabad នៃ​ខេត្ត Kunar ភាគ​ខាងកើត អា​ហ្វ​ហ្គា​នី​ស្ថាន មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​ហ្វូង​បាតុករ។ «មនុស្ស​រាប់រយ​នាក់​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ។ ដំបូង​ខ្ញុំ​ខ្លាច​ណាស់ និង​មិន​ចង់​ដើរទៅ​ជាមួយ ប៉ុន្តែ នៅពេល​ឃើញ​អ្នកភូមិ​ចូលរួម ខ្ញុំ​ក៏បាន​ហូត​យក​ទង់ជាតិ​ក្នុងផ្ទះ ហើយ​ដើរ​ទៅតាម​ពួកគេ។ មនុស្ស​មួយចំនួន​បាន​ស្លាប់ និង​រងរបួស ដោយសារ​តា​លី​បង់ បាន​បាញ់ប្រហារ និង​រត់​ជាន់គ្នា»។

    អនុ​ប្រធានាធិបតី​ទីមួយ Amrullah Saleh

    បាតុកម្ម​ក៏បាន​កើតឡើង​នៅ​ទីក្រុង Jalalabad និង​ស្រុក​មួយ​របស់​ខេត្ត Paktia។ កាលពី​ថ្ងៃទី 18 សីហា ទាហាន តា​លី​បង់ បាន​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ​ដែល​កំពុង​លើក​គ្រវីទង់ជាតិ​នៅ​ទីក្រុង Jalalabad បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​បីនាក់។

    អ្នកនាំពាក្យ​របស់​ក្រុម តា​លី​បង់ មកដល់​បច្ចុប្បន្ន មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ។

    នៅ​កន្លែង​មួយចំនួន ក្រុមបាតុករ​បាន​យក​ទង់​ពណ៌​សរ​បស់ តា​លី​បង់ មក​ហែក​ចោល។ ទិដ្ឋភាព​ដូចគ្នានេះ ក៏បាន​កើតឡើង​នៅ Asadabad រួម​នឹង​ទីក្រុង​មួយចំនួន​នៅ​ភាគ​ខាងកើត​ផងដែរ។

    អនុ​ប្រធានាធិបតី​ទីមួយ Amrullah Saleh ដែល​កំពុង​ប្រឹងប្រែង​ដឹកនាំ​ការប្រឆាំង តា​លី​បង់ ក៏បាន​គាំទ្រ​បាតុកម្ម​ទាំងនេះ។ «គោរព​ដល់​ក្រុមមនុស្ស​ដែល​លើក​ទង់ ដែល​តំណាងឱ្យ​ភាពថ្លៃថ្នូរ​របស់​ប្រទេសជាតិ» លោក Amrullah Saleh បាន​បង្ហោះ​សារ​នៅលើ Twitter ដូច្នេះ។ លោក Saleh មុន​នោះបាន​ឱ្យដឹងថា លោក​កំពុង​នៅ អា​ហ្វ​ហ្កា​នី​ស្ថាន និង​ជា «ប្រធានាធិបតី​បណ្ដោះអាសន្ន​ស្របច្បាប់» ក្រោយពី​ប្រធានាធិបតី Ashraf Ghani បាន​ចាក​ចេញពី​ប្រទេស នៅពេល តា​លី​បង់ ចូលមក​កាន់កាប់​រដ្ឋ​ធានី៕