Author: សឿន សំណាង

  • ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​បច្ចេកវិទ្យា​រូប​និម្មិត សម្រាប់​ទេសចរណ៍​អវកាស និង​ធ្វើការ​ពី​ចម្ងាយ

    ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​បច្ចេកវិទ្យា​រូប​និម្មិត សម្រាប់​ទេសចរណ៍​អវកាស និង​ធ្វើការ​ពី​ចម្ងាយ

    ក្រុមហ៊ុន avatarin Inc និង​ទី​ភ្នា​ក់​អវកាស​ជប៉ុន JAXA កំពុង​សហការគ្នា នៅក្នុង​គម្រោង​អភិវឌ្ឍ «បច្ចេក​វិទ្យា​រូប​និម្មិត» ដែល​ធ្លាប់​ត្រូវបាន​សាកល្បង​នៅលើ​ស្ថា​នី​អវកាស​អន្តរជាតិ (ISS) រួចហើយ។

    កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 ក្រុមហ៊ុន avatarin និង JAXA បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​សហគមន៍​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​រូបតំណាង​ដើម្បី​ទាក់ទង​ជាមួយនឹង​អ្នក​អវកាស​ក្នុង​បន្ទប់ពិសោធន៍ KIBO របស់ ជប៉ុន នៅលើ ISS។ ផ្អែកលើ​ជោគជ័យ​នោះ គម្រោង Space Avatar ពេលនេះ​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍ និង​ពង្រីក​បច្ចេកវិទ្យា​តាមរយៈ​កិច្ចសហការ​ជាមួយ​សាលា​បច្ចេកទេស​របស់​សាកលវិទ្យាល័យ Tokyo។ ក្រុមហ៊ុន avatarin ឱ្យដឹងថា បច្ចេកវិទ្យា​នេះ​នឹង​អនុញ្ញាត​ឱ្យធ្វើ​ទេសចរណ៍​អវកាស និង​ជួយ​ដល់​ការធ្វើការ​ពី​ចម្ងាយ។

    ទេសចរណ៍​អវកាស​ពី​ចម្ងាយ​នឹង​ប្រើប្រាស់​បច្ចេកទេស​រូបតំណាង​ដែល​បំពាក់​អេក្រង់​ទំនាក់ទំនង។ ឧបករណ៍​នេះ​នឹងត្រូវ​បាន​បញ្ជា​ពី​ផែនដី និង​អាច​ចល័ត​ដោយ​សេរី​នៅក្នុង​ស្ថានីយ ISS។ យោងតាម JAXA និង avatarin បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ធ្វើ​ប្រជាធិបតេយ្យ​លើ​វិស័យ​ទេសចរណ៍​អវកាស បើ​ទោះ​ក្នុង​រូបភាព​និម្មិត។

    Avatarin នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​រូបតំណាង សម្រាប់​គោលដៅ​ទាក់ទង​ពី​ចម្ងាយ និង​គោលដៅ​ដែល​ទាមទារ​កម្រិត​សុក្រឹតភាព​ខ្ពស់។ JAXA និង avatarin សង្ឃឹមថា នឹង​អាចធ្វើ​តេស្ត​បច្ចេកវិទ្យា​ទេសចរណ៍​ពី​ចម្ងាយ​នៅឯ​សារមន្ទីរ​អវកាស​ក្នុង​មជ្ឈមណ្ឌល Tanegashima ដែលជា​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត​ធំ​បំផុត​របស់ ជប៉ុន៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 កញ្ញា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 01​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 416 នាក់​, – ជាសះស្បើយ​ថ្មី​ = 386 នាក់​, – ស្លាប់​ថ្មី​ = 13 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 93,926 នាក់, – ជាសះស្បើយ​សរុប​ = 89,500​ នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,928 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 219,283,660​ នាក់, – អ្នកជាសះស្បើយ= 196,074,845 នាក់,​ – អ្នកស្លាប់= 4,545,457 នាក់ និង​កំពុង​ព្យាបាល​ = 18,663,358 នាក់៕

  • WHO សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជំងឺ​រាតត្បាត ដើម្បី​ទប់ទល់​នឹង​វីរុស​អនាគត

    WHO សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជំងឺ​រាតត្បាត ដើម្បី​ទប់ទល់​នឹង​វីរុស​អនាគត

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ស្ដីពី​រោគរាតត្បាត​នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ក្នុង​បំណង​ជួយ​ព្យាករ​បាន​ឆាប់រហ័ស​អំពី​មហា​រោគរាតត្បាត​នាពេល​អនាគត។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus និង​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel បាន​ចូលរួម​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​រោគរាតត្បាត នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង កាលពី​ថ្ងៃទី 1 កញ្ញា។

    មជ្ឈមណ្ឌល​ខាងលើនេះ​គឺជា​កន្លែង​ប្រមូលផ្ដុំ​អ្នកវិទ្យាសាស្ត្រ និង​ជាទី​សម្រាប់ធ្វើ​ការគូសវាស​គោលនយោបាយ​សកល ត្រូវបាន​បង្កើតឡើង​ដើម្បី​វិភាគ​ទិន្នន័យ​បាន​លឿន ក្នុង​បំណង​ព្យាករ ទប់ស្កាត់ រកឃើញ ត្រៀម និង​ទប់​ទល់នឹង​រាល់​ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​វីរុស នៅ​ទូទាំង​ពិភពលោក។

    លោក Chikwe Ihekweazu

    លោក Tedros និយាយថា «វីរុស​ឆ្លង​រាលដាល​លឿន ប៉ុន្តែ ទិន្នន័យ​អាច​បញ្ជូន​បាន​លឿន​ជាង​វីរុស។ ជាមួយនឹង​ព័ត៌មាន​សមស្រប បណ្ដា​ប្រទេស និង​សហគមន៍ នឹង​អាច​ទប់​ទល់នឹង​ហានិភ័យ​ថ្មី​ដែល​ទើបបាន​កើតឡើង និង​សង្គ្រោះ​មនុស្ស​បាន​ទាន់ពេល»។

    មេដឹកនាំ​មជ្ឈមណ្ឌល​នេះ​គឺ​លោក Chikwe Ihekweazu ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស នី​ហ្សេ​រី​យ៉ា។ ក្នុង​រយៈពេល 3 ឆ្នាំ​ដំបូង មជ្ឈមណ្ឌល​ស៊ើបការណ៍​នេះ​នឹង​ត្រូវបាន​រដ្ឋាភិបាល​អាល្លឺម៉ង់ ឧបត្ថម្ភ​មួយផ្នែក​ដែលមាន​តម្លៃ​ប្រមាណ 100 លាន​ដុល្លារ​អាមេរិក។ ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​នេះ បច្ចុប្បន្ន​ស្ថិតនៅក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង។

    នាយករដ្ឋមន្ត្រី Merkel សង្ឃឹមថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ជួយ​ពិភពលោក «ត្រៀមខ្លួន​បានល្អ​ជាង​មុន សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នាពេល​អនាគត»៕

  • តាលីបង់ អនុញ្ញាតឱ្យប្រកួតកីឡាបាល់ដំបង (Cricket) លក្ខណៈអន្តរជាតិ

    តាលីបង់ អនុញ្ញាតឱ្យប្រកួតកីឡាបាល់ដំបង (Cricket) លក្ខណៈអន្តរជាតិ

    តា​លី​បង់ អនុញ្ញាតឱ្យ​ក្រុម​បាល់​ដំបង​គ្រី​ឃី​ត របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ប្រកួត​លើកដំបូង ចាប់តាំងពី​ខ្លួន​បាន​ចូល​គ្រប់គ្រង​ប្រទេស ធ្វើឱ្យ​សាធារណមតិ​សង្ឃឹមថា ការប្រកួត​លក្ខណៈ​អន្តរជាតិ​នឹងត្រូវ​បានធ្វើ​ឡើងជា​ធម្មតា។

    «យើង​ទទួលបាន​ការអនុញ្ញាត​ដើម្បី​នាំ​ក្រុម​ជម្រើសជាតិ​ទៅកាន់ អូស្ត្រាលី» ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​បាល់​ដំបង (Cricket) អា​ហ្វ​ហ្គា​នី​ស្ថាន Hamid Shinwari និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី 1 កញ្ញា។

    ក្នុងអំឡុង​កាន់អំណាច​ចាប់ពី​ឆ្នាំ 1996 ដល់ 2001 តា​លី​បង់ បាន​ហាម​មិន​ឱ្យមាន​រូបភាព​កំសាន្ត​ស្ទើរតែ​ទាំងអស់ ក្នុងនោះ​រួមមាន​ទាំង​កីឡា​ជាច្រើន​ប្រភេទ​ផងដែរ ចំណែក​ពហុ​កីឡដ្ឋាន​វិញ ក៏​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​ប្រហារជីវិត​ជា​សាធារណៈ។ ប៉ុន្តែ តា​លី​បង់ កាលណោះ​ក៏​មិនបាន​ហាម​កីឡា​បាល់​ដំបង​នេះ នោះទេ ព្រោះថា វា​ត្រូវបាន​ទាហាន តា​លី​បង់ ចូលចិត្ត។

    ក្រោយពី​បាន​កាន់កាប់​ប្រទេស​ចាប់ពី​ថ្ងៃទី 15 សីហា ឆ្នាំ 2021 តា​លី​បង់ បាន​សន្យាថា នឹង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​ច្បាប់​អ៊ីស្លាម ដែល​មិន​តឹងរ៉ឹង​ដូច​មុន។ ការប្រកួត​បាល់​ដំបង នឹងត្រូវ​បានធ្វើ​ឡើង​នៅ Hobart ជាទី​ក្រុង​មួយ​នៃ​រដ្ឋ Tasmania របស់ អូស្ត្រាលី ចាប់ពី​ថ្ងៃទី 27 វិច្ឆិកា ដល់ 1 ធ្នូ។ នេះ​នឹង​ជាការ​ប្រកួត​លើកដំបូង​របស់​ក្រុមកីឡា​បាល់​ដំបង របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ប្រទេស អូស្ត្រាលី។

    Rashid Khan (ស្ដាំ) តារា​បាល់​គ្រីឃីត​ របស់​ អាហ្វហ្គានីស្ថាន

    មុនពេល​ទៅ​ប្រកួត​នៅ អូស្ត្រាលី ក្រុមកីឡា​ករគ្រី​ឃី​ត អា​ហ្វ​ហ្គា​នី​ស្ថាន នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ T20 World Cup នៅ អារ៉ាប់​រួម ចាប់ពី​ថ្ងៃទី 17 តុលា ដល់ 15 វិច្ឆិកា។ Shinwari បញ្ជាក់ថា ក្រុមកីឡា​ករគ្រី​ឃី​ត វ័យ​ក្រោម 19 ឆ្នាំ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ប្រកួត​នៅ បង់​ក្លា​ដែ​ស នៅ​ចុងខែ​នេះ​ផងដែរ។

    ចាប់តាំងពី សហរដ្ឋអាមេរិក និង NATO ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុងខែ​មុន សាធារណជន​មានការ​ព្រួយបារម្ភ​ថា កីឡា​បាល់​ដំបង និង​កីឡា​ច្រើន​ប្រភេទ​ទៀត នឹងត្រូវ​រង​ផលប៉ះពាល់។ ប៉ុន្តែ ក្រុមមន្ត្រី​នៃ​ក្រុមប្រឹក្សា​គ្រី​ឃី​ត អា​ហ្វ​ហ្គា​នី​ស្ថាន អះអាងថា កីឡា​នេះ​នឹងត្រូវ​បាន តា​លី​បង់ គាំទ្រ។

    គ្រី​ឃី​ត (Cricket) ហាក់​មិន​ត្រូវបាន​គេ​ស្គាល់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នោះទេ រហូតដល់​ដើមឆ្នាំ 2000 វា​ត្រូវបាន​គេ​និយម​ចូលចិត្ត ព្រោះតែ​សង្គ្រាម។ កីឡា​នេះ​ត្រូវបាន​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ប៉ា​គី​ស្ថាន ទទួលយក ហើយ​ក្រោយមក​ក៏ត្រូវ​បាន​នាំ​ចូលមក​ស្រុកកំណើត​របស់​ពួកគេ។

    ក្រុម​ជម្រើសជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដណ្ដើមបាន​ពាន​ជើងឯក​ពិភពលោក ឆ្នាំ 2017 ហើយ​បច្ចុប្បន្ន ក្រុម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្នុង​ចំណោម​ក្រុម​បាល់​ដំបង​ទាំង 10 ដែល​ខ្លាំងជាងគេ​ក្នុង​ពិភពលោក៕

  • ទិដ្ឋភាព​មនុស្ស​រស់នៅ​លើ​សមុទ្រ​នាពេល​អនាគត មុននឹង​អាច​ឡើងទៅ​ធ្វើ​អាណានិគម​ភព​អង្គារ

    ទិដ្ឋភាព​មនុស្ស​រស់នៅ​លើ​សមុទ្រ​នាពេល​អនាគត មុននឹង​អាច​ឡើងទៅ​ធ្វើ​អាណានិគម​ភព​អង្គារ

    ក្នុង​អនាគត មនុស្ស​អាច​រស់នៅក្នុង​អគារខ្ពស់ៗដែល​ត្រូវបាន​សាងសង់​លើ​ផ្ទៃ​ទឹកសមុទ្រ និង​ប្រើប្រាស់​អគ្គិសនី​ដែល​ផលិតឡើង​ដោយ​ដំណើរការ​នៃ​ការប្រែប្រួល​កំដៅ​ក្នុង​មហាសមុទ្រ។

    មុនពេល​អាច​ទៅធ្វើ​អាណានិគម​ពិភព​ព្រះ​អង្គារ មនុស្ស​នឹងត្រូវ​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​លើ​មហាសមុទ្រ។ ទស្សន​វិស័យនេះ ត្រូវបាន​ព្យាករ​ដោយ Joe Quirk ដែលជា​ប្រធាន​វិទ្យាស្ថាន Seasteading (សហរដ្ឋអាមេរិក)។

    កាលស្យូម កាបូន ត្រូវបាន​ទាញយក​ផ្ទាល់​ពី​ទឹកសមុទ្រ ដើម្បី​កសាង​ទីក្រុង​លើ​មហាសមុទ្រ ដោយ​ប្រើប្រាស់​ថ្ម​ជីវសាស្ត្រ​ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D។ មនុស្ស​ជំនាន់​ក្រោយ​នឹង​រស់នៅក្នុង​អគារ​ខ្ពស់​ដាំ​ក្បាល​ចុះក្រោម (អគារ​ក្នុង​ទឹកសមុទ្រ)។

    វត្ថុ​សម្រាប់​ធ្វើជា​យុថ្កា​ដ៏​ធំ​មហិមា នឹងត្រូវ​បានដាក់​ជ្រៅ​ក្រោម​ទឹកសមុទ្រ បង្កើតជា​គ្រឹះ​រឹងមាំ​សម្រាប់​សាងសង់​អគារ​នៅលើ​សសរ​ដែល​ខ្ពស់ជាង​រលក​សមុទ្រ។

    ឱ្យតែ​ពាល់​ដល់​ជម្រៅ 1,000 ម៉ែត្រ អគារ​លើ​សមុទ្រ​ទាំងឡាយ​នឹង​ផលិត​អគ្គិសនី​បាន​យ៉ាងច្រើន ដោយសារតែ​ភាព​អស្ចារ្យ​នៃ​ការប្រែប្រួល​ថាមពល​ក្នុង​មហាសមុទ្រ។ បច្ចេកវិទ្យា​បៃតង​នេះ ប្រើប្រាស់​មហាសមុទ្រ​ជា​ផ្ទាំង​សូ​ឡា ហើយ​វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​រួចហើយ។

    ក្នុង​ជម្រៅ 500 ម៉ែត្រ​ក្រោម​សមុទ្រ សារជាតិ​បំប៉ន មាន​យ៉ាងច្រើន​សម្បូរបែប និង​អណ្ដែត​ក្នុង​ទឹក ជា​កន្លែង​ដែល​ពន្លឺ​មិនអាច​ចូលទៅ​ដល់។ អគារ​ខ្ពស់​នានា​នឹង​ស្រូប​យកជាតិ​បំប៉ន​ទាំងនេះ​ឡើង​ទៅលើ​ផ្ទៃ​ទឹក ដើម្បី​ផ្គត់ផ្គង់​ឱ្យ​រុក្ខជាតិ។ ឧទ្យាន​​ទាំង​ឡាយ​​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​នឹង​រីកលូតលាស់​យ៉ាង​ស្រស់បំព្រង។

    ចំការ​បន្លែ និង​កសិដ្ឋាន​ដាំ​សារាយសមុទ្រ​នានា​នឹង​អាច​ស្រូបយក​កាបូន អាស៊ីត រាប់លាន​តោន ដែល​នេះ​នឹង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ក្នុង​ទឹកសមុទ្រ ក៏ដូចជា​ផ្គត់ផ្គង់​អាហារ​ដល់​មនុស្ស​ផង និង​ជួយ​ស្ដារ​បរិស្ថាន​ផងដែរ៕

  • អ្នកបកប្រែ​ដែល​ធ្លាប់ជួយសង្គ្រោះ Biden ស្នើសុំ​ជំនួយ​ពី អាមេរិក​ ខណៈ​កំពុង​លាក់​ខ្លួន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    អ្នកបកប្រែ​ដែល​ធ្លាប់ជួយសង្គ្រោះ Biden ស្នើសុំ​ជំនួយ​ពី អាមេរិក​ ខណៈ​កំពុង​លាក់​ខ្លួន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    កាលពី 13 ឆ្នាំមុន អ្នកបកប្រែ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​ជួយ​ដល់​ការសង្គ្រោះ​លោក Joe Biden នៅឯ​ជ្រលង​ភ្នំ​ដាច់ស្រយាល​មួយ ពេលនេះ Mohammed បាន​អំពាវនាវ​សុំ​ជំនួយ និង​កំពុង​រង់ចាំ​ជំនួយ​ពី​ប្រធានាធិបតី សហរដ្ឋ​អាមេរិក។

    «សូម​គោរព​លោក​ប្រធានាធិបតី សូមមេត្តា​ជួយ​ដល់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ផង» Mohammed អ្នកស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ ពេល​កំពុង​លាក់ខ្លួន បាន​និយាយប្រាប់ Wall Street Journal ដូច្នេះ ខណៈ​ជនជាតិ​អាមេរិក ចុងក្រោយ​បាន​ចាក​ចេញពី កា​ប៊ុល កាលពី​ថ្ងៃទី 30 សីហា។ លោក​បន្តថា «សូមកុំ​បំភ្លេច​ខ្ញុំ​ចោល​នៅទីនេះ»។

    Mohammed រួម​នឹង​ភរិយា និង​កូន 4 នាក់ កំពុង​លាក់ខ្លួន​ពី តា​លី​បង់ ក្រោយពី​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​ដើម្បី​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​បញ្ហា​លិខិតស្នាម។ ពួកគេ​ស្ថិត​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រាប់មិនអស់ ដែល​ត្រូវបាន​បោះបង់ចោល នៅពេល សហរដ្ឋអាមេរិក បញ្ចប់​យុទ្ធនាការ​ដកទ័ព។

    Jen Psaki ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន កាលពី​ថ្ងៃទី 31 សីហា បាន​សម្ដែង​ការដឹងគុណ​ចំពោះ​អ្នកបកប្រែ​រូបនេះ ក្រោយ​បាន​ស្ដាប់​ការអាន​លិខិត​របស់ Mohammed ដែល​ផ្ញើ​មកកាន់​ប្រធានាធិបតី។ Jen Psaki បាន​ថ្លែងថា សហរដ្ឋអាមេរិក នឹង​នាំយក​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងអស់ ចេញពី​ប្រទេស​នេះ។

    កាលពី​ឆ្នាំ 2008 ក្នុង​វ័យ 36 ឆ្នាំ Mohammed គឺជា​អ្នកបកប្រែ ឱ្យ​កងទ័ព អាមេរិក នៅពេល​ឧទ្ធម្ភាគចក្រ Black Hawk ពីរ​គ្រឿង របស់ អាមេរិក ត្រូវ​ចុះចត​ជាបន្ទាន់​នៅឯ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារតែ​ព្យុះ​ព្រឹល។ នៅលើ​ឧទ្ធម្ភាគចក្រ មាន​តំណាងរាស្ត្រ​បីនាក់ រួមមាន លោក Joe Biden, John Kerry និង Chuck Hagel។

    ឧទ្ធម្ភាគចក្រ​ដឹក​លោក​ Joe Biden ដែល​ជាប់​គាំង​ក្នុង​ព្យុះ​ព្រឹល​នៅ​ អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ​ 2008

    ក្រុម​ហោះហើរ បាន​ហៅ​ទូរស័ព្ទ​បន្ទាន់​ដើម្បី​សុំ​ជំនួយ។ នៅឯ​មូលដ្ឋានទ័ព Bagram ដែលជា​បន្ទាយ​ធំ​បំផុត​របស់ អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​លោត​ឡើង​រថយន្ត Humvee ជាមួយនឹង​កងកម្លាំង​ប្រតិកម្ម​រហ័ស​ពី​កងទ័ព​ជាតិ Arizona ដែល​កំពុងធ្វើការ​ជាមួយ​អង្គភាព​ឆត្រយោង​លេខ 82 ធ្វើដំណើរ​អស់​ជាច្រើន​ម៉ោង​ដើម្បី​ទៅកាន់​កំពូលភ្នំ​ដែល​នៅក្បែរនោះ បំណង​ជួយសង្គ្រោះ​ក្រុម​អ្នក​ជួប​គ្រោះថ្នាក់។ នេះ​បើតាម Brian Genthe ដែល​កាលណោះ​គឺជា​ព្រឹន្ទបាលទោ។ លោក Brian Genthe បាន​នាំ Mohammed ទៅជា​មួយ​ផងដែរ។

    Matthew Springmeyer ដែល​កាលណោះ​ជា​មេបញ្ជាការ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ក្រុមតំណាងរាស្ត្រ​ខាងលើ និយាយថា ក្រុមតំណាងរាស្ត្រ ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋានទ័ព អាមេរិក ដោយ​សុវត្ថិភាព។

    Mohammed បាន​ចំណាយ​ពេលវេលា​ភាគច្រើន​របស់លោក នៅក្នុង​ជ្រលង​ភ្នំ​ដែល​មិនគួរ​ឱ្យ​ចង់​រស់នៅ​មួយកន្លែង ជាទី​ដែល​ទាហាន​ទាំងឡាយ​និយាយថា លោក រួម​នឹង​ពួកគេ​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ជាង 100 លើក។ ទាហាន អាមេរិក បាន​ជឿជាក់​លើ Mohammed រហូតដល់​ថ្នាក់​ប្រគល់​អាវុធ​ដល់​គាត់​ដើម្បី​ការពារ​ខ្លួន។ Genthe និយាយ​ដូច្នេះ។

    វរ​សេនី​ទោ Andrew R. Till បាន​សរសេរ​កាលពី​ខែមិថុនា ដើម្បី​ជួយ​គាំទ្រ​ដល់​ការស្នើសុំ​ទិដ្ឋាកា​ពិសេស​​ សម្រាប់​ លោក​ Mohammed ថា៖ «ការបម្រើ​អស់ពី​ចិត្ត​របស់គាត់ ចំពោះ​ទាហាន​យើង​គឺជា​ប្រភេទ​នៃ​ការបម្រើ​កងទ័ព​ដែល​ខ្ញុំ​ចង់ឃើញ​នៅលើ​ពលរដ្ឋ​អាមេរិក»។

    សំណើសុំ​ទិ​ដ្ឋ​ការបស់ Mohammed មិនត្រូវ​បានអនុម័ត​នោះទេ ដោយសារតែ​ក្រុមហ៊ុន​ម៉ៅការ​យោធា​បានធ្វើឱ្យ​បាត់​ឯកសារ​សំខាន់​មួយចំនួន។ ក្នុងពេល អាមេរិក ជម្លៀស​មនុស្ស​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed ក៏បាន​ទៅកាន់​ព្រលានយន្តហោះ ប៉ុន្តែ ទាហាន​នៅ​ទីនោះ អនុញ្ញាតឱ្យ​លោក​ចូល​តែម្នាក់ឯង ចំណែក​ប្រពន្ធ​កូន មិនអាច​ចូល​បាន។ Mohammed ក៏​សម្រេចចិត្ត​ត្រលប់​ទៅផ្ទះ​ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី អាមេរិក បាន​ដកទ័ព​អស់ពី អា​ហ្វ​ហ្គា​នី​ស្ថាន៕

  • យន្តហោះ​រាប់សិប​គ្រឿង ត្រូវបាន​បំផ្លាញ មុនពេល អាមេរិក ដកទ័ព​ចុងក្រោយ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន

    យន្តហោះ​រាប់សិប​គ្រឿង ត្រូវបាន​បំផ្លាញ មុនពេល អាមេរិក ដកទ័ព​ចុងក្រោយ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន

    យន្តហោះ និង​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង ស្ថិតនៅ​ពាសពេញ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល បន្ទាប់ពី អាមេរិក ដកទ័ព ខណៈ តា​លី​បង់ ចូលទៅ​គ្រប់គ្រង។

    ឧត្ដម​សេនី Kenneth McKenzie មេបញ្ជាការ​កងទ័ព​អាមេរិក បានឱ្យដឹងថា យន្តហោះ C-17 ដែល​បាន​ហោះ​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ជា​លើកចុងក្រោយ នៅវេលា​ម៉ោង 11 និង 59 នាទី ថ្ងៃទី 30 សីហា ជា​សញ្ញា​នៃ​ការបញ្ចប់​វត្តមាន​យោធា​របស់​អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    មុនពេល​ដកទ័ព កងកម្លាំង​របស់ អាមេរិក បាន​បំផ្លាញ ឬ​បិទ​ប្រព័ន្ធ​ដំណើរការ​ទាំងអស់រ​បស់​យន្តហោះ​ចំនួន 73 គ្រឿង​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ព្រលានយន្តហោះ Hamid Karzai។

    ខាងក្រោម​នេះ គឺជា​បណ្ដា​យន្តហោះ​របស់ សហរដ្ឋអាមេរិក នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ដែល​ត្រូវបាន​កងទ័ព អាមេរិក បំផ្លាញ ឬ​បិទ​ប្រព័ន្ធ​ដំណើរការ​ទាំងស្រុង៖

    A-29 Super Tucano
    C-130 (ឆ្វេង) និង​ Cessna 208 Caravan
  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 កញ្ញា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 31​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 455 នាក់​, – ជាសះស្បើយ​ថ្មី​ = 328 នាក់​, – ស្លាប់​ថ្មី​ = 13 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 93,510 នាក់, – ជាសះស្បើយ​សរុប​ = 89, 114​ នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,916 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 218,557,003​ នាក់, – អ្នកជាសះស្បើយ= 195,392,809 នាក់,​ – អ្នកស្លាប់= 4,533,955 នាក់ និង​កំពុង​ព្យាបាល​ = 18,630,239 នាក់៕

  • តា​លី​បង់ អម​ការពារ​ពលរដ្ឋ​អាមេរិក ទៅកាន់​ព្រលានយន្តហោះ តាម​កិច្ចព្រមព្រៀងសម្ងាត់

    តា​លី​បង់ អម​ការពារ​ពលរដ្ឋ​អាមេរិក ទៅកាន់​ព្រលានយន្តហោះ តាម​កិច្ចព្រមព្រៀងសម្ងាត់

    តា​លី​បង់ បញ្ជូន​ក្រុម​ប្រដាប់អាវុធ​ទៅ​អម​ការពារ​ពលរដ្ឋ​អាមេរិក ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ទៅតាម​កិច្ចព្រមព្រៀងសម្ងាត់​រវាង​តា​លី​បង់ និង​កងទ័ព​អាមេរិក។

    មន្ត្រី​ពីររូប​របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 31 សីហា បានឱ្យដឹងថា ក្នុង​យុទ្ធនាការ​ជម្លៀស​មនុស្ស​ពី អា​ហ្វ​ហ្គា​នី​ស្ថាន នាពេល​កន្លង ពលរដ្ឋ​អាមេរិក ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​ទីតាំង​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai នៅ​រដ្ឋធានី​កា​ប៊ុល បន្ទាប់មក ក្រុម​ប្រដាប់អាវុធ​តា​លី​បង់ ធ្វើការ​ត្រួតពិនិត្យ​លិខិតស្នាម និង​ជូន​ដំណើរ​ពួកគេ​ទៅកាន់​ច្រកចូល​ព្រលានយន្តហោះ ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ស្នាក់នៅ។

    ក្រុមមន្ត្រី អាមេរិក បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការជម្លៀស ក្រុម​តា​លី​បង់ បាន​សហការ និង​បើកផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក។ មន្ត្រី អាមេរិក ម្នាក់ និយាយថា ភារកិច្ច​អម​ការពារ​របស់ តា​លី​បង់ ត្រូវបាន​ធ្វើឡើង​ច្រើនលើក​ក្នុង​មួយថ្ងៃ។ ទីតាំង​ប្រមូល​ផ្ដុំគ្នា​សំខាន់​មួយ​ដែល​ត្រូវបាន តា​លី​បង់ និង អាមេរិក ប្រើប្រាស់ នោះ​គឺ​អគារ​មួយ​ខ្នង​នៃ​ក្រសួងមហាផ្ទៃ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលានយន្តហោះ។ «កិច្ចព្រមព្រៀង​នេះ មាន​ប្រសិទ្ធភាព​ណាស់» នេះ​បើតាម​មន្ត្រី​របស់ សហរដ្ឋអាមេរិក។

    សហរដ្ឋអាមេរិក ក៏បាន​បើក​ច្រក​សម្ងាត់​មួយ​នៅ​ព្រលានយន្តហោះ Hamid Karzai និង បង្កើត​មជ្ឈមណ្ឌល​ផ្ដល់ជំនួយ​តាម​ទូរស័ព្ទ ដើម្បី​ណែនាំ​ផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក ចូលមក​កាន់​ព្រលានយន្តហោះ។

    សូម​រំលឹកថា យុទ្ធនាការ​ជម្លៀស​ពល​រដ្ឋ ក៏ដូចជា​ការដក​ទ័ព​របស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បានបញ្ចប់​កាលពី​ថ្ងៃទី 31 សីហា។ ទាហាន​ដែល​បោះជំហាន​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​គេ គឺ ឧ​ត្ត​ម​សេនីយ៍​ទោ Chris Donahue មេបញ្ជាការ​កងពលតូច​ឆត្រយោង​លេខ 82។

  • អាមេរិក សម្លាប់​អ្នក​យុទ្ធសាស្ត្រ​របស់ IS ដើម្បី​សងសឹក​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល

    អាមេរិក សម្លាប់​អ្នក​យុទ្ធសាស្ត្រ​របស់ IS ដើម្បី​សងសឹក​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល

    យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់ សហរដ្ឋអាមេរិក សម្លាប់​បាន​មន្ត្រី​យុទ្ធសាស្ត្រ​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​សាខា IS-K នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ឆ្លើយតប​នឹង​អំពើ​វាយប្រហារ​ភេរវកម្ម​ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោច 170 នាក់ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល។

    «ការវាយប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខេត្ត Nangahar នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ សញ្ញា​ដំបូង​បង្ហាញថា យើង​បាន​កម្ទេច​គោលដៅ​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ» Bill Urban អ្នកនាំពាក្យ​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​អាមេរិក ឱ្យដឹង​កាលពី​ថ្ងៃទី 27 សីហា។ ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ពី​ខាងក្រៅ​ដែនដី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

    យោងតាម Urban គោលដៅ​នៃ​ការវាយប្រហារ​នេះ​គឺ​អ្នក​យុទ្ធសាស្ត្រ​ដែល​ទទួលបន្ទុក​ក្នុង​ការរៀប​ផែនការ​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ​នៃ​កងកម្លាំង​រដ្ឋ​អ៊ីស្លាម Khorasan (IS-K) ដែលជា​សាខា​ដ៏​មហា​ជ្រុលនិយម​របស់ IS ធ្វើ​សកម្មភាព​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ IS-K មុននេះ​បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃទី 26 សីហា ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច 170 នាក់ ក្នុងនោះ​មាន​ទាំង​ទាហាន អាមេរិក ចំនួន 13 នាក់​ផងដែរ។

    ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​នាំ​យក​ជនរង​គ្រោះ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​នៅ​កាប៊ុល​ កាល​ពី​ថ្ងៃទី 26 សីហា ទៅ​កាន់​មន្ទីរ​ពេទ្យ

    Urban មិនបាន​លើកឡើង​អំពី​អត្តសញ្ញាណ​របស់​អ្នក​យុទ្ធសាស្ត្រ​នៃ​ក្រុម IS-K ដែល​ត្រូវបាន​សម្លាប់​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា នេះ​ពិតជា​អ្នក​ដែល​បាន​រៀប​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ព្រលានយន្តហោះ​កា​ប៊ុល ឬ​យ៉ាងណា​នោះដែរ។

    ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា នឹង​តាម​ប្រមាញ់ ក៏ដូចជា​បង្ខំ​ឱ្យ​ក្រុម​ដែល​នៅ​ពីក្រោយ​អំពើ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ Hamid Karzai នា​រដ្ឋធានី​កា​ប៊ុល សង​នូវ​អ្វីដែល​ពួកគេ​បាន​ប្រព្រឹត្ត។ លោក Biden ក៏បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព អាមេរិក វាយប្រហារ​លើ​មូលដ្ឋាន និង​ក្រុម​មេដឹកនាំ​របស់ IS-K ផងដែរ៕