Author: សឿន សំណាង

  • មហាសេដ្ឋី Gautam Adani ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី

    មហាសេដ្ឋី Gautam Adani ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី

    មហាសេដ្ឋី Gautam Adani នៅ ប្រទេស​ឥណ្ឌា រួម​នឹង​គ្រួសារ​របស់លោក រកបាន 10 ពាន់​លាន​រូពី (134 លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​កន្លង ដូច្នេះ ទ្រព្យសម្បត្តិ​របស់​ពួកគេ កើន​លើស​មួយឆ្នាំ​មុន​ជិត 4 ដង ពោលគឺ​ពី 1.4 ទ្រី​លាន​រូពី (ជិត 19 ពាន់​លាន​ដុល្លារ) កាល​ពីមួយ​ឆ្នាំមុន ឡើងដល់​ជាង 5 ទ្រី​លាន​រូពី (68 ពាន់​លាន​ដុល្លារ) នាបច្ចុប្បន្ន។

    បញ្ជី​ឈ្មោះ​នៃ​ក្រុម​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា របស់ IIFL Wealth-Hurun India ឆ្នាំ 2021 បានឱ្យដឹងថា ទំហំ​ទ្រព្យសម្បត្តិ​ខាងលើ បាន​ជួយ​ឱ្យ Adani ក្លាយជា​ត្រកូល​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅ ឥណ្ឌា ហើយ Gautam Adani វ័យ 59 ឆ្នាំ បាន​យកឈ្នះ​លើ​ថៅកែ​ក្រុមហ៊ុន​ផលិត​ទឹក​ច្រក​ដប Zhong Shanshan របស់ ប្រទេស​ចិន និង​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ប្រចាំ ទ្វីបអាស៊ី។

    នេះ​គឺជា​លើកដំបូង​ហើយ ដែល​ទាំង Gautam Adani និង​បងប្រុស Vinod Shantilal Adani មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ទាំង 10 រូប នៅ ឥណ្ឌា ឆ្នាំ 2021 ក្នុងនោះ Gautam Adani បាន​ឡើងដល់​លំដាប់​ទី 2 ក្នុង​គ្រា​ដែល Vinod Adani និង​គ្រួសារ លោត​ឡើង​បាន 12 កាំ​ថែមទៀត ហើយ​ឈរ​លំដាប់​ទី 8។

    មហា​សេដ្ឋី Muskesh Ambani

    ទ្រព្យ​របស់​គ្រួសារ Vinod Adani បច្ចុប្បន្ន​មាន​ជាង 1.3 ទ្រី​លាន​រូពី កើន 21%។ ចំណែក​គ្រួសារ​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា Muskesh Ambani រកបាន 1.7 ពាន់​លាន​រូពី/ថ្ងៃ ក្នុង​ឆ្នាំ​កន្លង ហើយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន 9%។

    យោងតាម IIFL Wealth-Hurun India ឈ្មោះ​ថ្មី​ចំនួន 229 នាក់ ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា នា​ឆ្នាំនេះ​ផងដែរ។ ក្រុម​អ្នកមាន​ថ្មី​នេះ​គឺជា​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការធ្វើ IPO (ព្រឹត្តិការណ៍​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​លើកដំបូង) កាលពីពេលថ្មីៗនេះ និង​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែលមាន​កាន់តែច្រើន​នៅ ឥណ្ឌា។

    ក្នុងចំណោម​ក្រុម​អ្នកមាន​ថ្មី​នៅ ឥណ្ឌា ខាងលើនេះ មាន 42 នាក់ នៅក្នុង​វិស័យ​គីមី & ប្រេង​គីមី, 33 នាក់​ក្នុង​វិស័យ​ផ្នែក​ទន់ (software) និង​សេវាកម្ម និង 15 នាក់​នៅក្នុង​វិស័យ​សំណង់ & បច្ចេកទេស៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 ខែ​តុលា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 ខែ​តុលា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 30 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 232 នាក់

    – ជាសះស្បើយ​ថ្មី = 556 នាក់

    – ស្លាប់​ថ្មី = 17 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 232 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 187 នាក់

    – អ្នកដំណើរពីបរទេស 45 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 01 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=112,883 នាក់

    – អ្នកជាសះស្បើយ=103,383 នាក់

    – អ្នកស្លាប់=2,336 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖    

    – អ្នក​ឆ្លង​សរុប = 234,563,517 នាក់

    – អ្នកជា​សះស្បើយ = 211,372,825 នាក់

    – អ្នកស្លាប់ = 4,797,328 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,393,364 នាក់

     

  • ថ្នាក់ដឹកនាំ​របស់​ក្រុម​ហ៊ុន​ BioNTech ៖ «COVID-19 អាច​ត្រូវបាន​គ្រប់គ្រង»

    ថ្នាក់ដឹកនាំ​របស់​ក្រុម​ហ៊ុន​ BioNTech ៖ «COVID-19 អាច​ត្រូវបាន​គ្រប់គ្រង»

    សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន BioNTech ដែលជា​ដៃគូ​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ជាមួយនឹង Pfizer យល់ថា COVID-19 អាច​ត្រូវបាន​គ្រប់គ្រង ហើយ​គ្រប់គ្នា «មិនគួរ​រស់នៅ​ដោយ​ការភ័យខ្លាច​នោះឡើយ»។

    «COVID-19 នឹង​ក្លាយជា​រោគរាតត្បាត​ដែល​អាច​ត្រូវបាន​គ្រប់គ្រង។ បច្ចុប្បន្ន វា​បានចាប់ផ្ដើម​ក្លាយជា​វីរុស​ដែល​អាច​គ្រប់គ្រង​បាន» វេជ្ជបណ្ឌិត Ozlem Tureci ដែលជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​សុខាភិបាល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ អាល្លឺម៉ង់ BioNTech និយាយ​នៅក្នុង​កម្មវិធី​របស់ CNBC កាលពី​ថ្ងៃទី 29 កញ្ញា។

    ក៏ប៉ុន្តែ លោកស្រី​សង្កត់ធ្ងន់ថា «គេ​ត្រូវ​ការវិល​ត្រលប់​ទៅរក​ស្ថានភាព​ធម្មតា​ថ្មី ព្រោះថា វីរុស​នេះ​នឹង​នៅតែ​រស់នៅ​ជាមួយ​យើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៀត»។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការព្រួយបារម្ភ​ចំពោះ វ៉ា​រ្យ៉​ង់ ថ្មី លោកស្រី​ឱ្យដឹងថា BioNTech «វាយតម្លៃ​ជា​បន្តបន្ទាប់ លើ​វីរុស​បំប្លែង​ថ្មី​ដែល​ជិត​បង្ហាញខ្លួន» ហើយ​ថា «នឹងមាន វ៉ា​រ្យ៉​ង់ ថ្មីៗបន្ថែមទៀត»។

    លោកស្រី Tureci និងស្វាមី Ugur Sahin

    «ចំពោះ​វ៉ា​រ្យ៉​ង់​ទាំងឡាយ​នាបច្ចុប្បន្ន គេ​ទំនងជា​ត្រូវ​ការចាក់​វ៉ាក់សាំង​រំលឹក​ប៉ុណ្ណោះ​គឺអាច​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​ថយចុះ ត្រលប់មក​កម្រិត​ខ្ពស់​វិញ» វេជ្ជបណ្ឌិត Tureci ថ្លែង​ដូច្នេះ។ «ប៉ុន្តែ យើង​ត្រូវ​បន្ត​ចម្រាញ់​ជ្រើសរើស ព្រោះថា ពេលខាងមុខ​អាច​នឹងមាន វីរុស បំប្លែង​ថ្មី​ដែល​មិន​ដូច​បច្ចុប្បន្ន។ យើង​បាន​ត្រៀម​រួចហើយ សម្រាប់​ករណី​ត្រូវ​ប្រតិកម្ម​នឹង វ៉ា​រ្យ៉​ង់ ថ្មី»។

    លោកស្រី Tureci និង​ស្វាមី Ugur Sahin ដែលជា CEO បាន​រួមដៃគ្នា​បង្កើត BioNTech កាលពី​ឆ្នាំ 2008។ លោកស្រី​និយាយថា ត្រូវការ​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​គូសវាស​រក​ច្រក​ចេញពី​មហា​រោគរាតត្បាត ប៉ុន្តែ លោកស្រី​យល់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នាពេល​អនាគត អាច​ត្រូវបាន​ចាក់ «12 ឬ 18 ខែ ម្ដង»។

    ការងារ​អាទិភាព​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នា BioNTech នោះ​គឺ​វិធីសាស្ត្រ​បង្កើន​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​រាង​សម្រាប់​ថ្នាំ​ព្យាបាល​ជំងឺមហារីក និង​ការប្រើប្រាស់​បច្ចេកវិទ្យា mRNA ដើម្បី​ជំរុញ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ។ BioNTech ក៏​កំពុង​ស្រាវជ្រាវ អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺគ្រុនចាញ់​ផងដែរ៕

  • «ពិធី​រៀប​អភិសេក» របស់​រាជវង្ស លើកដំបូង​នៅ ប្រទេស​រុស្ស៊ី ក្រោយ​រយៈពេល​មួយ​សតវត្សរ៍

    «ពិធី​រៀប​អភិសេក» របស់​រាជវង្ស លើកដំបូង​នៅ ប្រទេស​រុស្ស៊ី ក្រោយ​រយៈពេល​មួយ​សតវត្សរ៍

    (រុស្ស៊ី)-ពិធី​រៀប​អភិសេក​របស់​សមាជិក​ជំនាន់​ក្រោយ​នៃ​រាជវង្ស​រុស្ស៊ី នឹងត្រូវ​បានធ្វើ​ឡើង​នៅ​អតីត​រាជធានី St.Petersburg (Saint Petersburg) ដែល​បច្ចុប្បន្ន​គឺជា​ទីក្រុង​កំពង់ផែ​របស់ រុស្ស៊ី ដែល​នេះ​គឺជា​របត់​ថ្មី​មួយ និង​ជា​ពិធី​អភិសេក​របស់​រាជវង្ស រុស្ស៊ី លើកដំបូង​បង្អស់ ក្នុង​រយៈពេល​ជាង​សតវត្សរ៍​មកនេះ។

    មហាឧបរាជ George Mikhailovich Romanov នឹង​រៀប​អភិសេក​ជាមួយ​គូ​ដណ្ដឹង​ជា​ជនជាតិ​អ៊ីតាលី ឈ្មោះ Victoria Romanovna (Bettarini) នៅឯ​វិហារ St. Isaac នៅ​ទីក្រុង St.Petersburg នា​ថ្ងៃទី 01 ខែតុលា។ ពិធី​រៀប​អភិសេក​នេះ ត្រូវបាន​រៀបចំ​យ៉ាង​ម៉ត់ចត់ និង​មានការ​អញ្ជើញ​ភ្ញៀវ​បរទេស​រាប់រយ​នាក់​ផងដែរ។

    «នេះ​គឺជា​កន្លែង​ដំបូង​នៅ ប្រទេស​រុស្ស៊ី ដែល​យើង​បាន​ត្រលប់​មកវិញ» George Mikhailovich Romanov អាយុ 40 ឆ្នាំ ប្រាប់​សារព័ត៌មាន Fontanka.ru អំពី​ការជ្រើសរើស St.Petersburg ដើម្បី​ធ្វើ​ពិធី​រៀបការ។ «ទីនេះ​នៅ​ជិត​គ្រួសារ»។

    George Mikhailovich Romanov ចាប់កំណើត​នៅ ប្រទេស​អេ​ស្ប៉ា​ញ។ ម្ដាយ​របស់លោក​គឺ ព្រះ​នាង Maria Vladimirovna ដែល​ធ្លាប់បាន​ប្រកាស​ដោយ​អង្គឯង​ថា​ជា​រាជទាយាទ​នៅ រុស្ស៊ី ចំណែក​ឪពុក​របស់លោក​គឺជា​មហាឧបរាជ Mikhail Pavlovich។ ជីវិត​របស់លោក George Mikhailovich Romanov ភាគច្រើន រស់នៅ ប្រទេស​បារាំង និង អេ​ស្ប៉ា​ញ។

    តា​ទួត​របស់ George Mikhailovich គឺ​មហាឧបរាជ Kirill Vladimirovich បាន​ទៅកាន់ ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ឆ្នាំ 1917 ហើយ​ក្រោយមក​ក៏បាន​នាំ​គ្រួសារ​ទៅ​រស់នៅក្នុង​តំបន់​អឺរ៉ុប​ខាងលិច។

    George Mikhailovich ត្រលប់​មកលេង ប្រទេស​រុស្ស៊ី លើកដំបូង​កាលពី​ឆ្នាំ 1992 ហើយ​បច្ចុប្បន្ន​រស់នៅក្នុង រដ្ឋធានី​មូ​ស្គូ ជាទី​ដែល​លោក​ដឹកនាំ​គម្រោង​មនុស្សធម៌​មួយចំនួន។

    កូន​ក្រមុំ​ Bettarini អាយុ 39 ឆ្នាំ បាន​ចូល​សាសនា​គ្រិស្ត​អ​ថូ​ដុក​រុស្ស៊ី កាលពី​ឆ្នាំ 2020 និង​ប្រើប្រាស់​ឈ្មោះ Victoria Romanvna។

    ស្ដេច​ចុងក្រោយបង្អស់​របស់ ប្រទេស​រុស្ស៊ី គឺ​ព្រះអង្គម្ចាស់ Nicholas II រួម​នឹង​មហេសី និង​បុត្រ 5 អង្គ ត្រូវបាន​កងទ័ព​បដិវត្ត​ប្រហារជីវិត​នៅក្នុង​បន្ទប់ក្រោមដី​របស់​គ្រួសារ​អ្នកជំនួញ​ម្នា​ក់នៅ Yekaterinburg ជាទី​ក្រុង​ដែលមាន​ចម្ងាយ​ប្រហែល 1,450 គីឡូម៉ែត្រ ពី រដ្ឋធានី​មូ​ស្គូ កាលពី​ខែកក្កដា ឆ្នាំ 1918។

    រាជវង្ស Romanov គ្រប់គ្រង ប្រទេស​រុស្ស៊ី អស់​រយៈពេល 300 ឆ្នាំ មុនពេល​ស្ដេច Nicholas II ដាក់​រាជ​កាលពី​ឆ្នាំ 1917។ វិហារ​សាសនា​គ្រិស្ត​អ​ថូ​ដុក របស់ រុស្ស៊ី (Russian Orthodox Church) បានតែងតាំង​ស្ដេច Nicholas II ជា​អាទិទេព​មួយអង្គ កាលពី​ឆ្នាំ 2000៕

  • រដ្ឋធានីឡាហាវ៉ាន់ (Havana) បើក​ដំណើរការ​ឆ្នេរសមុទ្រ និង​អាង​ហែល​ទឹក​មួយចំនួន​ឡើងវិញ​ហើយ

    រដ្ឋធានីឡាហាវ៉ាន់ (Havana) បើក​ដំណើរការ​ឆ្នេរសមុទ្រ និង​អាង​ហែល​ទឹក​មួយចំនួន​ឡើងវិញ​ហើយ

    នា​ថ្ងៃទី 30 កញ្ញា ឆ្នេរសមុទ្រ និង​អាង​ហែល​ទឹក​ទាំងឡាយ​នៅ រដ្ឋធានី​ឡា​ហាវ៉ាន របស់ ប្រទេស​គុយបា ក៏ដូចជា​មហាវិថី El Malecon ដ៏​ល្បីល្បាញ នៅក្បែរ​ឆ្នេរសមុទ្រ ត្រូវបាន​បើកទ្វារ​ទទួល​អ្នកទេសច​រណ៍​ឡើងវិញ ក្រោយ​បិទទ្វារ​អស់​រយៈពេល 9 ខែ ដោយសារតែ COVID-19។

    សារព័ត៌មាន​គុយបា ដកស្រង់​ប្រកាស​ផ្លូវការ​របស់​អភិបាលក្រុង​ឡា​ហាវ៉ាន លោក Reynaldo Garcia ឱ្យ​ដឹ​ថា បណ្ដា​ឆ្នេរសមុទ្រ និង​អាង​ហែល​ទឹក ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ 50% នៃ​លទ្ធភាព ប៉ុន្តែ ត្រូវ​ធានា​អនុវត្ត​គ្រប់​ជំហាន​នៃ​វិធានការ​ទប់ស្កាត់ និង​ប្រឆាំង COVID-19។ អ្នក​ទេសចរណ៍​ដែល​ស្ថិតនៅលើ​តំបន់ឆ្នេរ​សមុទ្រ និង​អាង​ហែល​ទឹក​នានា ត្រូវតែ​ពាក់​ម៉ាស​ជា​កំហិត។ ក្រៅពីនេះ អាជ្ញាធរ​ក៏បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ដើរ​ហាត់ប្រាណ​នៅ​ទីសាធារណៈ​ផងដែរ។

    កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​គុយបា ក៏បាន​អនុញ្ញាតឱ្យ​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ទីតាំង​សាធារណៈ​នានា​ដែល​នៅក្នុង​ខេត្ត​ចំនួន 8/15  របស់​ប្រទេស​នេះ បើកទ្វារ​ឡើងវិញ ប៉ុន្តែ ក៏ត្រូវ​កាត់បន្ថយ​សក​ម្ម​ភាព។

    ផែនទី​ប្រទេស​គុយបា

    រដ្ឋាភិបាល​គុយបា បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បើកទ្វារ​ព្រំដែន​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​បរទេស ចាប់ពី​ថ្ងៃទី 15 វិច្ឆិកា ខណៈ​សាលារៀន​នឹងត្រូវ​បើក​ឡើងវិញ​នៅក្នុង​ខែតុលា និង​វិច្ឆិកា។

    ការសម្រេច​ខាងលើនេះ ត្រូវបាន​អាជ្ញាធរ​ពន្យល់ថា ដោយសារតែ​តួលេខ​នៃ​ករណី​ឆ្លង COVID-19 បាន​ថយចុះ​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល 8 ខែ​កន្លងទៅ ក៏ដូចជា​មានការ​រីក​ចម្រើន​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    គុយបា កំពុងតែ​ប្រឹងប្រែង​បង្កើនល្បឿន​ដើម្បី​សម្រេចបាន​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ជាង 90% នៃ​ចំនួន​ប្រជាជន​សរុប នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុងស្រុក។ បច្ចុប្បន្ន រដ្ឋធានី​ឡា​ហាវ៉ាន ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង 70% នៃ​គោលដៅ​សរុប។ កាលពី​ដើមខែ​នេះ គុយបា ក៏បាន​ស្នើឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ចាប់ផ្ដើម​វាយតម្លៃ និង​ទទួលស្គាល់​វ៉ាក់សាំង​ដែល​ប្រទេស​នេះ​បាន​អភិវឌ្ឍ​ដោយផ្ទាល់៕

  • ស្រី​ស្អាត​មានទ្រព្យ​ច្រើន​បំផុត​នៅ ជប៉ុន មិនទាន់​ចង់​រៀបការ​នៅឡើយ៖ «មានតែ​ប្រាក់ និង​សុនក​ប៉ុណ្ណោះ ទើប​មិនចេះ​ក្បត់​យើង!»

    ស្រី​ស្អាត​មានទ្រព្យ​ច្រើន​បំផុត​នៅ ជប៉ុន មិនទាន់​ចង់​រៀបការ​នៅឡើយ៖ «មានតែ​ប្រាក់ និង​សុនក​ប៉ុណ្ណោះ ទើប​មិនចេះ​ក្បត់​យើង!»

    ទំហំ​នៃ​តម្លៃ​ទ្រព្យសម្បត្តិ​របស់​នាង ប្រាកដជា​ធ្វើឱ្យ​អ្នក​ត្រូវ​ជញ្ជក់មាត់​កោតសរសើរ ក៏ប៉ុន្តែ បើ​ទោះ​នាង​មាន​គ្រប់យ៉ាង​ក៏ដោយ នារី​ដ៏​ស្រស់ស្អាត​រូបនេះ នៅតែ​មិន​ចង់យក​គូស្រករ។

    បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់ ជប៉ុន កាលពី​ឆ្នាំ 2019 Reiko Takashima ពេលនោះ មាន​អាយុ​ទើបតែ 31 ឆ្នាំ តែ​នាង​រកបាន​ទ្រព្យ​ជាង 4 ពាន់​លាន​យ៉េន (ប្រហែល 35,750,000 ដុល្លារ​អាម៉េរិក) ពីមុខ​ជំនួញ​ផ្ទាល់ខ្លួន។ នៅ ជប៉ុន នាង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្រី​ស្អាត​ដែលមាន​ទ្រព្យ​ច្រើនជាងគេ។

    Reiko គឺជា​កូនស្រី​មួយរូប​នៅក្នុង​គ្រួសារ​ដែលមាន​ការអប់រំ​ខ្ពស់ ប្រកបដោយ​សណ្ដាប់ធ្នាប់។ នាង​ធ្លាប់បាន​ទៅ​សិក្សា​រយៈពេល 6 ឆ្នាំ នៅ ប្រទេស​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ព្រមទាំង​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយ​នៅ ជប៉ុន។ Reiko ចេះ​ភាសាបរទេស​ចំនួន 3 គឺ អង់គ្លេស អាល្លឺម៉ង់ និង បារាំង។

    ក្នុង​វ័យ 24 ឆ្នាំ Reiko បង្កើត​ក្រុមហ៊ុន​ផ្នែក​គ្រឿង​ថែរក្សា​សម្រស់​ផ្ទាល់ខ្លួន។ តាម​ការ​គណនា ប្រាក់ចំណូល​ក្នុង​ឆ្នាំ 2019 នៃ​ផ្នែក​គ្រឿង​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​នេះ​គឺ ប្រហែល 3 ពាន់​លាន​យ៉េន (26,812,000 ដុល្លារ​អាម៉េរិក)។ ទន្ទឹមនឹងនេះ Reiko ថែមទាំង​ធ្វើ​ជំនួញ​ផ្នែក​គ្រឿង​លំអ​សម្រស់ ផលិតផល​សម្រាប់​អ្នក​តម​អាហារ ថែទាំ​សក់​ជាដើម ក៏​រកបាន​ចំណូល​ច្រើន​ដល់​នាង​ផងដែរ។ ក្នុង​វ័យ 29 ឆ្នាំ Reiko បាន​ក្លាយជា​ថៅកែ​ស្រី​នៃ​ក្លឹប​រាត្រី​ចំនួន 3 នៅ ជប៉ុន។

    ម៉ាស​ដាំ​ពេជ្រ និង​ត្បូងប្រណិតៗរបស់ Reiko មានតម្លៃ 150 លាន​យ៉េន (1,340,000 ដុល្លារ)។ ចំណែក​ចិញ្ចៀន​ទាំងអស់​របស់​នាង ក៏​សុទ្ធតែ​មានតម្លៃ​ខ្ទង់ 500 លាន​យ៉េន (4,468,000 ដុល្លារ) ដូចគ្នា។

    ដូច្នេះ ពុំមាន​អ្វី​ចម្លែក​នោះទេ នៅពេលដែល​នាង​បាន​ចំណាយ​ប្រាក់​រាប់លាន​យ៉េន​ដើម្បី​ថែរក្សា​សម្ផស្ស ឬ​ទិញ​សម្ភារថ្លៃៗសម្រាប់​ខ្លួនឯង។ ម៉ាស​ដាំ​ពេជ្រ និង​ត្បូងប្រណិតៗរបស់ Reiko មានតម្លៃ 150 លាន​យ៉េន (1,340,000 ដុល្លារ)។ ចំណែក​ចិញ្ចៀន​ទាំងអស់​របស់​នាង ក៏​សុទ្ធតែ​មានតម្លៃ​ខ្ទង់ 500 លាន​យ៉េន (4,468,000 ដុល្លារ) ដូចគ្នា។ នៅក្នុង​ផ្ទះ​របស់ Reiko មាន​បន្ទប់​មួយ​សម្រាប់​រក្សាទុក​កាបូប​ម៉ាក Hermes ចំនួន 200 ឈុត ហើយ​អ្វីដែល​គួរ​ទាក់ទាញ​ជាង​នេះ នោះ​គឺថា ពួកវា​សុទ្ធតែជា​ផលិតផល​កម្រ។

    Reiko បាន​ចែករំលែក​អំពី​ជោគជ័យ​បច្ចុប្បន្ន​របស់ខ្លួន​ថា កើតឡើង​ដោយ​បញ្ហា​មួយ​កាលពី​អតីតកាល។ កាលពី​អាយុ 22 ឆ្នាំ នាង​ធ្លាប់​ត្រូវបាន​មិត្ត​ប្រុស​ម្នាក់​ដែល​នាង​ស្រលាញ់​ពេញ​ឧរា ចង្អុលមុខ​ដោយ​ត្រង់ និង​រិះគន់ថា នាង​ជា​នារី​កន្ធាត់ ហើយ​ថា គាត់​ខ្មាស់​គេ​ណាស់ នៅពេល​ដើរ​ជាមួយ​នាង​ចូលទៅក្នុង​ក្លឹម​រាត្រី។ ដោយសារតែ​អតីតកាល​ដ៏​ជូរ​ចាត់​នេះហើយ ទើប​ធ្វើឱ្យ Reiko «ក្រោកឈរ» និង​ក្លាយជា​នារី​ដ៏​ស្រស់ស្អាត រឹងមាំ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាង​មុន​ឆ្ងាយ ហើយ​បន្ទាប់មក នាង​មានទ្រព្យ​សម្បត្តិ​សម្បូរហូរហៀរ។

    កាបូប​ម៉ាក Hermes ចំនួន 200 ឈុត ដែល​សុទ្ធតែជា​ផលិតផល​កម្រ

    នៅក្នុង​ដំណាក់កាល​ជូរចត់ Reiko បាន​ព្យាយាម​សម្រក​ទម្ងន់ និង​បាន​សុំចូល​ធ្វើការ​នៅក្នុង​ក្លឹប ដើម្បី​រកប្រាក់​ចិញ្ចឹមជីវិត។ ក្រោយមក នាង​ក៏បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​បរទេស។ ដោយសារ​តែមាន​ជំនាញ​ខាង​ទំនាក់ទំនង និង​និយាយ​ភាសាបរទេស​បានល្អ Reiko ក៏មាន​ឱកាស​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ។

    មាន​សម្រស់​ស្រស់​សោភា មាន​សមត្ថភាព សម្បូរ​ទ្រព្យ និង​ភាព​ឯករាជ្យ ប៉ុន្តែ នៅក្នុង​វ័យ 33 ឆ្នាំ Reiko នៅតែ​មិនទាន់​ចង់បាន​គូស្រករ​ដដែល។ មិនដឹងថា នេះ​គឺ​ដោយសារ​របួស​ចាស់​មិនទាន់​សះ ឬ​យ៉ាងណា​នោះទេ តែ​នាង​បាន​អះអាងថា ខ្លួន​មិនមាន​ចំណាប់អារម្មណ៍​នឹង​រឿង​រៀបការ ហើយ​នាង​ក៏បាន​បញ្ជាក់​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន​ថា៖ «មានតែ​ប្រាក់ និង​សុនក​ប៉ុណ្ណោះ ទើប​មិនចេះ​ក្បា​ត់​យើង!»៕

  • អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ព្រីនស៍​​គ្រុប​ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​ សម្តេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​បរិច្ចាគ​ទឹក​ប្រាក់​ ១​​លាន​​ដុល្លារ​​សហរដ្ឋ​​អាម៉េរិក ក្នុង​ការ​ជួយ​ដល់​ប្រទេស​ឡាវ​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត

    អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ព្រីនស៍​​គ្រុប​ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​ សម្តេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​បរិច្ចាគ​ទឹក​ប្រាក់​ ១​​លាន​​ដុល្លារ​​សហរដ្ឋ​​អាម៉េរិក ក្នុង​ការ​ជួយ​ដល់​ប្រទេស​ឡាវ​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត

    [រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១] អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១លាន​ដុល្លា​សហរដ្ឋរ​អាមេរិក​ជូន​ដល់​រដ្ឋាភិបាល​ឡាវ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​កម្ពុជា​ក្នុងការ​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឡាវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត។

    អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ជាទី​ប្រឹក្សា សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​ការបរិច្ចាគ​នេះ​គឺ​ក្នុង​គោលបំណង​មនុស្សធម៌ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ផ្តល់ជំនួយ និង​ការគាំទ្រ​យ៉ាងសកម្ម​ជូន​ដល់​ប្រទេស​ឡាវ។ ដោយសារ​កម្ពុជា​តែងតែ​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេសជិតខាង ដូច្នេះ​យើងទាំងអស់គ្នា​គួរតែ​រួបរួម និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​ដ៏​កាច​សាហាវ​នេះ។

    ក្នុងនាម​ជា​អ្នកជំនួញ​ម្នាក់​ដែល​បាន​ចាក់គ្រឹះ​ជា​យូរ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី។ ដូច្នេះ​លោក​ក៏បាន​​សម្រេច​​វិនិយោគ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​ឡាវ តាមរយៈ​ក្រុមហ៊ុន​ជាច្រើន​របស់​សម្ព័ន្ធ ដែល​ជំរុញ​ដល់​ការលើកកម្ពស់​ធុរកិច្ច​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេសជិតខាង​ទាំងពីរ។

    ដោយ​ផ្អែកលើ​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​របស់គាត់​អំពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា លោក​គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ជាច្រើន ដូចជាៈ ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត ធនាគារ​ព្រី​នស៍ ក្រុមហ៊ុន​ព្រី​នស៍ ហ័ន​យូ ក្រុមហ៊ុន​ប៊ែ​ល រ៉ូ​ដ ឃែ​ភី​ថ​ល មេ​នេ​ច​ម៉ិ​ន និង​ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​វ៉េ។

    សហគ្រិន​កម្ពុជា​រូបនេះ​ត្រូវបាន​ទទួលស្គាល់ថា​ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​​អន្តរជាតិ​​ឆ្នាំ​២០២១​ ហើយ​ក៏​​ជា​សហគ្រិន​កម្ពុជា​តែមួយគត់​ដែល​បានឈ្នះ​ពានរង្វាន់​អ្នកដឹកនាំ​អាជីវកម្ម​ពហុ​ឧស្សាហកម្ម។

    លើសពីនេះ​​ទៀត​ លោក​គឺជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​អាស៊ី​ទាំងបី​រូប​ដែល​ត្រូវបានគេទទួលស្គាល់​​ចំពោះ​​ភាព​ជា​​សហគ្រិន​​ដ៏​​រឹងមាំ​នៅក្នុង​វិស័យផ្សេងៗគ្នា ក្នុងអំឡុង​ឆ្នាំ​ដ៏​សែន​លំបាក​មួយ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន។

    នៅក្នុង​យុគសម័យ​មួយ​ដែល​ពហុ​ក្រុមហ៊ុន​នានា​កំពុង​បំពេញ​នូវ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​សង្គម អ្នកឧកញ៉ា ចេ​ន ហ្ស៊ី និង​ក្រុមការងារ​នៃ​ថ្នាក់ដឹកនាំ​របស់លោក​នៅ​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​ខិតខំ​ធ្វើការ​ដោយ​មិន​គិតពី​ភាព​នឿយហត់​ដើម្បី​ជា​កម្លាំង​ជម្រុញ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ និង​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ប្រទេស​ដើម្បី​យកឈ្នះ​ជម្ងឺ​រាត​ត្បាត​​ដ៏​កាច​សាហាវ​នេះ។

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ      វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​បុរី​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

    ក្រុមហ៊ុន Prince Holding Group  នឹង​បន្ត​បោះជំហាន​ទៅមុខ​ក្នុងការ​ស្វែងរក​ឱកាស​ដើម្បី​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ការធ្វើការ​ក្នុង​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​នៅក្នុង​ឧស្សាហកម្មសំខាន់ៗដើម្បី​នាំមក​នូវ​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុង​តំបន់។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

    កញ្ញា ចាន់ សុ​ម៉ាល្លី​ស
    Two Way Public Relations
    ទូរ​សព្ទ​លេខ៖ +៨៥៥ ៦៩ ៥៣៣ ៣៣២
    អ៊ី​ម៉ែ​ល៖ [email protected]

  • មេទ័ព​ចិន ណាត់​ជាមួយ​ទ័ព​អាម៉េរិក៖ «ជួបគ្នា​នៅលើ​អាកាស បើ​មិន​ខ្លាច»

    មេទ័ព​ចិន ណាត់​ជាមួយ​ទ័ព​អាម៉េរិក៖ «ជួបគ្នា​នៅលើ​អាកាស បើ​មិន​ខ្លាច»

    មេបញ្ជាការរង​នៃ​កងទ័ពអាកាស​ចិន អះអាងថា ប្រទេស​នេះ​មាន​សមត្ថភាព និង​ជឿជាក់​នៅក្នុង​ការការពា​រ​ខ្លួន ទន្ទឹមនឹងនេះ លោក​ក៏បាន​ណាត់ជួប​កងទ័ព​អាម៉េរិក នៅលើ​អាកាស​ផងដែរ បើសិនជា​មិន​ភ័យខ្លាច។

    «ថ្មីៗនេះ សមាស​ភាគី​របស់ខ្ញុំ​ម្នាក់​មកពី​ប្រទេស​ធំ​មួយ ប្រកាសថា ចង់​ធ្វើឱ្យ​ប្រទេស​ចិន ភ័យខ្លាច» មេបញ្ជាការរង​កងទ័ព​អាកាស​ចិន លោក Wang Wei និយាយ​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍​ចិន​លើក​ទី 13 «The 13th China International Aviation and Aerospace Exhibition» ឬ​ហៅថា Airshow China 2021 កាលពី​ថ្ងៃទី 29 កញ្ញា។

    «ប្រទេស​ចិន មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ជឿជាក់​ក្នុងការ​ការពារ​សន្តិសុខ​ជាតិ ព្រមទាំង​ការពារ​ទឹកដី​ទាំងមូល ទន្ទឹមនឹង​ការរួមចំណែក​សម្រាប់​ស​ន្តិ​ភាព​របស់​ពិភពលោក» ឧ​ត្ត​ម​សេនីយ Wang Wei អះអាង​ដូច្នេះ។ «ខ្ញុំ​ចង់​និយាយថា បើសិនជា​ពួកគេ​មិន​ភ័យខ្លាច​នៅ​ចំពោះមុខ​សមត្ថភាព​របស់​កងទ័ព​ចិន​ទេ នោះ​ចូរ​យើង​ជួបគ្នា​នៅលើ​អាកាស»។

    យន្តហោះ​គ្មានមនុស្ស​បើក​ (UAV) របស់​ ចិន​ នៅ​ក្នុង​ពិព័រណ៍​យន្ត​ហោះ ចិន​ 2021

    ការអធិប្បាយ​របស់​មេ​ទ័ព​ចិន​រូបនេះ ទំនងជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​លេខាធិការ​នៃ​កងទ័ពអាកាស សហរដ្ឋ​អាម៉េរិក Frank Kendall កាលពី​ខែសីហា ដែល​បាន​និយាយថា អាម៉េរិក ត្រូវតែ​ឈានមុខ​គេ​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់​កំពូល ដែល​អាច «ធ្វើឱ្យ ចិន ខ្លបខ្លាច»។ លោក Kendall ទទួលស្គាល់ថា កម្មវិធី​ធ្វើ​ទំនើបកម្ម​យោធា​របស់ ចិន ដំណើរការ​លឿន​ជាង​ការ​ព្យាករ​របស់ អាម៉េរិក។

    អាម៉េរិក និង ចិន ត្រូវបាន​គេ​មើលឃើញថា កំពុង​ប្រណាំងប្រជែង​គ្នា ក្នុង​ការធ្វើ​ទំនើបកម្ម​សព្វាវុធ។ ប្រទេស​ចិន កាលពី​ខែសីហា បានឱ្យដឹងថា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន 2 គ្រាប់ ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​កម្ទេច​ប្រព័ន្ធ​ទំនាក់ទំនង​របស់​សត្រូវ។

    លេខាធិការ​នៃ​កងទ័ព សហរដ្ឋ​អាម៉េរិក លោក Kendall កាលពី​ថ្ងៃទី 13 សីហា បាន​អះអាងថា ការដែល ចិន ធ្វើ​ទំនើបកម្ម​យោធា ពិតជា​ជះឥទ្ធិពល​ដល់​សន្តិសុខ​របស់ អាម៉េរិក។ លោក Kendall ក៏បាន​លើកឡើង​អំពី​កម្មវិធី​អាវុធ​ទំនើប​របស់ អាម៉េរិក ដែល​អាច​កំញើញ​ដល់​សត្រូវ ក្នុងនោះ​មានដូចជា យន្តហោះ​ទម្លាក់​គ្រាប់បែក B-21 និង យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ផងដែរ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 29 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 978 នាក់

    – ជាសះស្បើយ​ថ្មី = 605 នាក់

    – ស្លាប់​ថ្មី = 17 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 978 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 897 នាក់

    – អ្នកដំណើរពីបរទេស 81 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=112,651 នាក់

    – អ្នកជាសះស្បើយ=102,827 នាក់

    – អ្នកស្លាប់=2,319 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖     

    – អ្នក​ឆ្លង​សរុប = 234,072,335 នាក់

    – អ្នកជា​សះស្បើយ​សរុប​ = 210,890,960 នាក់

    – អ្នកស្លាប់​សរុប​ = 4,788,397 នាក់

    – អ្នក​​កំពុង​ព្យាបាល​សរុប​ = 18,392,978 នាក់

  • ក្រុមបងធំ​អុកឡុក​ពន្ធនាគារ បណ្ដាលឱ្យ​មនុស្ស​ស្លាប់ 100 នាក់! អ្នក​ខ្លះ​ត្រូវ​គេ​កាត់​ក្បាល!

    ក្រុមបងធំ​អុកឡុក​ពន្ធនាគារ បណ្ដាលឱ្យ​មនុស្ស​ស្លាប់ 100 នាក់! អ្នក​ខ្លះ​ត្រូវ​គេ​កាត់​ក្បាល!

    (អេក្វាទ័រ)-ហេតុការណ៍​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​ក្រុមបងធំ​នៅក្នុង​ពន្ធនាគារ Guayaqui បណ្ដាលឱ្យមាន​អ្នកស្លាប់​យ៉ាងតិច 100 នាក់ និង​របួស 52 នាក់។

    SNAI ដែលជា​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ​របស់ ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី 29 កញ្ញា បានឱ្យដឹងថា ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​អ្នកទោស​ដែលមាន​កាំភ្លើង និង​គ្រាប់បែកដៃ កើតឡើង​នៅក្នុង​បរិវេណ​របស់​ពន្ធនាគា​រ Guayaqui។ ជម្លោះ​នេះ​ត្រូវបាន​គេ​ជឿថា មាន​ជាប់ទាក់ទង​នឹង​ក្រុមបងធំ​គ្រឿងញៀន​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុងនោះ​មាន​ក្រុម Sinaloa និង​ក្រុម Jalisco។

    «មនុស្ស​ជាង 100 នាក់​បាន​ស្លាប់ និង 52 នាក់​រងរបួស» SNAI បង្ហោះ​នៅលើ Twitter ដូច្នេះ ខណៈដែល​ក្រុមមន្ត្រី​បានឱ្យដឹងថា មនុស្ស​យ៉ាងតិច 6 នាក់ ក្នុងចំណោម​អ្នកស្លាប់ 100 នាក់ ត្រូវបាន​គេ​កាត់​ក្បាល។ សមត្ថកិច្ច​យ៉ាងតិច 2 នាក់ ក៏​រងរបួស នៅក្នុង​ការដណ្ដើម​គ្រប់​គ្រង​ពន្ធនាគារ​ឡើងវិញ។

    អ្នក​ទោស​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំភ្លើង​ និង​គ្រាប់​បែក​ដៃ​

    ប្រធានាធិបតី Gullermo Lasso ប្រកាសថា នឹង​អនុញ្ញាត​ឱ្យប្រើ​កម្លាំងបាយ​ដើម្បី​ស្ដារ​ស្ថិរភាព។ លោក​ថា នឹង​ដឹកនាំ​គណៈកម្មការ​សន្តិសុខ​មួយ​នៅ Guayaquil ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន ប៉ុន្តែ ធានា «សិទ្ធិមនុស្ស​ដល់​គ្រប់គ្នា​ដែល​ជាប់​ពាក់ព័ន្ធ»។

    ប្រព័ន្ធ​ពន្ធនាគារ​នៅ អេ​ក្វេ​ទ័​រ បាន​ក្លាយជា «សមរភូមិ» របស់​អ្នកទោស​រាប់ពាន់នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ក្រុមបងធំ​គ្រឿងញៀន​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក។ កាលពី​ថ្ងៃទី 23 កុម្ភៈ ប្រទេស​អេក្វាទ័រ ក៏​កើតមាន​ហេតុការណ៍​ប្រយុទ្ធ​គ្នា​នៅក្នុង​ពន្ធនាគារ​ចំនួន 4 ក្នុងនោះ​ក៏មាន Guayaquil ផងដែរ ដែល​បានធ្វើឱ្យ​មនុស្ស​ចំនួន 79 នាក់ បាត់បង់​ជីវិត ហើយ​អ្នកទោស​ខ្លះ​ក៏មាន​អ្នក​ត្រូវគេ​កាត់​ក្បាល។

    យោងតាម​អង្គការ​គាំពារ​សិទ្ធិមនុស្ស តាំងពី​យូរ​មកហើយ ប្រព័ន្ធ​ពន្ធនាគារ​នៅ ប្រទេស​អេក្វាទ័រ បាន​ប្រឈម​នឹង​ស្ថានភាព​លើស​ចំណុះ ខណៈដែល​ចំនួន​បុគ្គលិក​សន្តិសុខ​គ្រប់គ្រង​ពន្ធនាគារ​ក៏​នៅមានកម្រិត មិនអាច​គ្រប់គ្រង​អ្នកទោស​បានល្អ។ ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​អេក្វាទ័រ បង្កើន​ចំនួន​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​ពន្ធនាគារ និង​អនុ​វិធានការ​ត្រួតពិនិត្យ​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​សកម្មភាព​នាំចូល​អាវុធ​ខុសច្បាប់ និង​សកម្មភាព​របស់​បណ្ដាញ​ឧក្រិដ្ឋជន នៅ​ខាងក្នុង​ពន្ធនាគារ៕