Author: សឿន សំណាង

  • ក្រុមហ៊ុន Canopy Sands ផ្តល់​កញ្ចប់​ថែទាំ​ដល់​អង្គ​ការថែទាំ​កុមារ ម្លប់​តាប៉ាង រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ

    ក្រុមហ៊ុន Canopy Sands ផ្តល់​កញ្ចប់​ថែទាំ​ដល់​អង្គ​ការថែទាំ​កុមារ ម្លប់​តាប៉ាង រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ

    [ក្រុងព្រះសីហនុ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១] – ក្រុមហ៊ុន ខា​នូ​ភី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន ( Canopy Sands Development ) ហៅ​កាត់​ថា “ខា​នូ​ភី ស៊ែ​ន (Canopy Sands)” ដែលជា​សមាជិក​នៃ ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចែកជូន​នូវ​កញ្ចប់​ថែទាំ​ជាច្រើន​ដល់​អង្គការ ម្លប់​តាប៉ាង ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក រួមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អុង ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ផងដែរ។ ការផ្សព្វផ្សាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Canopy Sands ក្នុង​ការបន្ត​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ស្រប​ពេលដែល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ការស្តារ​ស្ថានភាព​ប្រទេស​ក្រោយ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ-១៩។

    ក្រុមការងារ Canopy Sands បានប្រគល់​កញ្ចប់​ស្បៀង​ចំនួន​ប្រមាណ ៣០តោន ដែល​ផ្ទុក​នូវ​សម្ភារ​ចាំបាច់​ដូចជា អង្ករ ប្រេងឆា និង​អាហារ​កំប៉ុង នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របស់ខ្លួន ដែលមាន​ការចូលរួម​ពី​សំណាក់ អង្គការ ម្លប់​តាប៉ាង និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អុង​ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ សម្ភារ​វេជ្ជសាស្ត្រ និង​សម្ភារ​អនាម័យផ្សេងៗដល់​អង្គការ ម្លប់​តាប៉ាង រួមជាមួយ​នឹង​ជំនួយ​ផ្នែក​អប់រំ ដូចជា​កាបូប​សម្រាប់​សិស្ស​ដែល​បញ្ជា​ទិញ​តាមរយៈ​មូលនិធិ Indochina Starfish ដែលជា​អង្គការ​សប្បុរសធម៌​កម្ពុជា​ផ្តោតលើ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់រំ​សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។

    លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands បាន​មានប្រសាសន៍ថា “យើងខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​តំណាង​មកពី​អង្គការ ម្លប់​តាប៉ាង និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អុង ក្នុងការ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​របស់​ពួកគេ​មុននឹង​សម្រេច​នូវ​ការរៀបចំ​ដាក់​រួមបញ្ចូល​គ្នា​នូវ​កញ្ចប់​ថែទាំ​ទាំងអស់នេះ។ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដែល​កំពុងដំណើរការ​បែបនេះ​នឹង​រួមចំណែក​ក្នុង​ការជួយ​កាត់បន្ថយ​នូវ​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វីដ-១៩។

    អង្គការ ម្លប់​តាប៉ាង គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​អង្គការ​នេះ​បាន​មើលថែទាំ​ដល់​កុមារ​ប្រមាណ​ជាង ៥,០០០នាក់ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ផ្តល់នូវ​សុខ​សុវត្ថិភាព ការមើល​ថែទាំ​សុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និង​ការងារផ្សេងៗប្រកបដោយ​សុវត្ថិភាព ការប្រឹក្សា​យោបល់ ការគាំទ្រ​ផ្នែក​ចិត្ត​សង្គម ការពង្រឹង​និង​ការការពារ​គ្រួសារ​ពី​ការរំលោភបំពានផ្សេង។ ភូមិ​អុង ជាទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ជាង ២០០គ្រួសារ ដែល​ស្ថិតនៅ​ជិត គម្រោង ទីក្រុង​រាម ដែលជាគម្រោ​ងរ​បស់​ក្រុមហ៊ុន Canopy Sands។

    កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ មូលនិធិ​ព្រី​នស៍ (Prince Foundation) ជា​ផ្នែក​សប្បុរសធម៌​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ជំនួយ​ពី​សំណាក់​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ-១៩ ដោយបាន​បរិច្ចាគ​ឈុត​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន PPE សរុប​ចំនួន ៥,០០០ឈុត ឧបករណ៍​ធ្វើតេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​សរុប​ចំនួន ១,០០០ឈុត និង​ទឹក​អាកុល​លាងដៃ​សរុប​ចំនួន ៤,៥០០លីត្រ។ ក្នុង​ខែ​នោះដែរ មូលនិធិ​ព្រី​នស៍ ក៏បាន​ដាក់ឱ្យ​ដំណើរការ​នូវ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដោយ​ផ្តល់​ថ្លៃ​សិក្សា​ពេញលេញ​ជាមួយនិង​ប្រាក់ឧបត្ថម្ភ​ដល់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​សរុប​ចំនួន ៤០០នាក់ តាមរយៈ​ការវិនិយោគ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​ប្រាំពីរ​ឆ្នាំ​ខាងមុខនេះ។

    ការផ្តល់ជូន​នូវ​ជំនួយ​ដ៏​ចាំបាច់​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​នានា រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាន​នឹង​កំពុងធ្វើការ​ដើម្បី​បង្កើត​នូវ​កិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនា​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នក​អភិវឌ្ឍន៍ ដើម្បី​ធានាឱ្យមាន​ទំនាក់ទំនង​យូរអង្វែង​ប្រកបដោយ​ផលិតភាព។ នៅក្នុង​ពិធី​ចែក​អំណោយ​នៅ​ភូមិ​អុង លោក លីន សារិន ជា​មេឃុំ​រាម​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​គម្រោង ទីក្រុង​រាម ដោយ​សង្ឃឹមថា​ភាពជោគជ័យ​នៃ​គម្រោង​នេះ​នឹង​នាំមក​នូវ​ភាពរុងរឿង​ដល់​សហគមន៍​មូលដ្ឋាន​របស់គាត់​ផងដែរ ។

    ក្រុមហ៊ុន Canopy Sands បច្ចុប្បន្ន​កំពុងធ្វើការ​លើ​គម្រោង ទីក្រុង​រាម ដែលមាន​ទំហំ​ដី​ប្រមាណ ៨៣៤ ហិច​តា ជា​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​សម្រាប់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដែល​កំពុងធ្វើការ​លើ​ផែនការមេ​ចេញ​ដោយ​ក្រុមហ៊ុន Surbana Jurong ជា​ក្រុមហ៊ុន​សិង្ហ​បុរី​ប្រឹក្សា​លើ​គម្រោង​ទីក្រុង ដែល​នឹង​ពាក់ព័ន្ធ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សាងសង់​តាម​គោលការណ៍​អភិវឌ្ឍន៍ អចលនទ្រព្យ ប្រកបដោយ​និរន្តរភាព។

    អំពី​ក្រុមហ៊ុន ខា​នូ​ភី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន (Canopy Sands Development)

    ក្រុមហ៊ុន Canopy Sands Development Co., Ltd ហៅ​កាត់​ថា “Canopy Sands” មាន​គោលបំណង​ព​ន្លឿ​ន​នូវ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ចសំខាន់ៗរបស់​កម្ពុជា ដោយ​ការផ្តួចផ្តើម​និង​ជំរុញ​គម្រោង​សេដ្ឋកិច្ច​នានា​ប្រកបដោយ​និរន្តរភាព ដែលមាន​បំណង​បំពេញតម្រូវការ​សាធារណៈសំខាន់ៗ និង​ការរួមចំណែក​ដ៏​សំខាន់​ដែលមាន​អត្ថន័យ​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អាជីវកម្ម​នានា​ក្នុងស្រុក និង​វិស័យ​ស្នូល​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ការប្រកាន់​ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​តែមួយគត់​របស់​ក្រុមហ៊ុន​ទាំងមូល​លើ​វិធីសាស្ត្រ​រួម ដែល​ផ្តល់នូវ​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ផ្តល់នូវ​អត្ថប្រយោជន៍​វិជ្ជមាន​ផ្នែក​សង្គម​ជាច្រើន​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ និង​ផលចំណេញ​ពី​ការវិនិយោគ​ដ៏​គួរឱ្យ​ទាក់ទាញ​ផងដែរ។ ក្នុង​រយៈពេល ៥-១០ឆ្នាំ​ខាងមុខ​ទៀត ក្រុមហ៊ុន​នឹង​ពង្រីក​កិច្ចសហការ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​បណ្តា​ដៃគូ​សាធារណៈ និង​ឯកជន ក្នុង​វិស័យ​ធុរកិច្ច ទេសចរណ៍ ភស្តុភារ ការលក់​រាយ ដឹកជញ្ជូន តំហែទាំ​សុខភាព និង​វិស័យ​អប់រំ​ដោយ​នឹង​បង្កើត​នូវ​ផលប័ត្រ​ដ៏​សម្បូរបែប​នៃ​គម្រោង​ដែលមាន​តម្លៃ​ខ្ពស់​ជា​បន្តបន្ទាប់។

    ស្របតាម​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត និង​សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នៃ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ននេះ ក្រុមហ៊ុន Canopy Sands កំពុងអភិវឌ្ឍន៍​គោលដៅ​អាជីវកម្ម និង​កម្សាន្ត​លំដាប់​ពិភពលោក ដែល​នឹង​ក្លាយជា​កន្លែង​ដ៏​អស្ចារ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

    គម្រោង ‘ទីក្រុង​រាម’ ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​ប្រមូលផ្តុំ​នៃ​ពហុ​គម្រោង​អភិវឌ្ឍន៍ថ្មីៗជាច្រើន ដែល​នឹង​ផ្តល់នូវ​កន្លែង​ដ៏​គួរឱ្យ​ទាក់ទាញ​ជាច្រើន​ដូចជា សួន​កម្សាន្ត​រួមបញ្ចូល​គ្នា​លក្ខណៈ​គ្រួសារ តំបន់​កម្សាន្ត និង​តំបន់​សិក្សាអប់រំ មជ្ឈមណ្ឌល​អាជីវកម្ម និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ផ្ទះ​វីឡា និង​អា​ផាត​មិន គម្រោង​ផ្នែក​បដិសណ្ឋារកិច្ច​ដោយ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ រមណីយដ្ឋាន និង​អា​ផាត​មិន សាលប្រជុំ និង​សាល​អាពាហ៍ពិពាហ៍ ហាង​លក់រាយ និង​ហាង​លក់ទំនិញ​រួច​ពន្ធ និង​តំបន់​ពង្រីក​បន្ថែម​សម្រាប់​ព្រលានយន្តហោះ​ផងដែរ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖
    កញ្ញា ចាន់ សុ​ម៉ាល្លី​ស
    Two Way Public Relations
    ទូរ​សព្ទ​លេខ៖ +៨៥៥ ៦៩ ៥៣៣ ៣៣២
    អ៊ី​ម៉ែ​ល៖ [email protected]

  • ប្រធាន​អង្គការ​​ WHO បញ្ជាក់​ថា «ជំងឺ​រាតត្បាត COVID-19 នឹង​​ស្ថិត​នៅ​យូរ​ទៀត​ទើប​អាច​ត្រូវបាន​បញ្ចប់»

    ប្រធាន​អង្គការ​​ WHO បញ្ជាក់​ថា «ជំងឺ​រាតត្បាត COVID-19 នឹង​​ស្ថិត​នៅ​យូរ​ទៀត​ទើប​អាច​ត្រូវបាន​បញ្ចប់»

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា ជាមួយនឹង​អ្នកស្លាប់​ជិត 50,000 នាក់​ជា​រៀងរាល់​សប្ដាហ៍​ដោយសារតែ​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក ជំងឺ​រាតត្បាត​នេះ នឹង «នៅ​យូរ​ទៀត ទើប​អាច​បញ្ចប់»។

    ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ រដ្ឋធានី​ប៊ែ​កឡាំង កាលពី​ចុង​សប្ដាហ៍​មុន​ថា មហា​រោគរាតត្បាត COVID-19 នឹង​ចប់ «នៅពេល​ពិភពលោក​ជ្រើសរើស​ការបញ្ចប់»។

    «ប្រការ​នោះ​ស្ថិតក្នុង​ដៃ​របស់​យើង។ យើង​មាន​គ្រប់​មធ្យោបាយ​ដែល​ត្រូវការ ប៉ុន្តែ ពិភពលោក​មិនបាន​ប្រើប្រាស់​មធ្យោបាយ​ទាំងនោះ​ឱ្យបាន​ល្អ» លោក Tedros ថ្លែង​ដូច្នេះ និង​បញ្ជាក់ថា ជំងឺ​រាតត្បាត​នេះ​នៅ​អូសបន្លាយ​ពេល​យូរ​ទៀត ខណៈ​ករណី​ស្លាប់​ដោយសារ COVID-19 នៅតែ​កើនឡើង ដោយ​ស្លាប់​ប្រហែល 50,000 នាក់​ក្នុង​មួយ​សប្ដាហ៍។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​អ្នក​ឆ្លង COVID-19 សរុប​ជាង 244,429,000 នាក់ និង​ស្លាប់​សរុប​ជាង 4,963,760 នាក់ ស្រប​ពេលដែល​មនុស្ស​ជាង 17,996,380 នាក់ កំពុង​ព្យាបាល​ជំងឺ​នេះ ក្នុងនោះ ទ្វីបអឺរ៉ុប បច្ចុប្បន្ន​គឺជា​តំបន់​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិត​ត្រឹម​ថ្ងៃ​នេះ​

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 24 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 116 នាក់
    – ជាសះស្បើយ​ថ្មី = 287 នាក់
    – ស្លាប់​ថ្មី = 9 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 116 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 99 នាក់
    – អ្នកដំណើរពីបរទេស 17 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,888 នាក់
    – អ្នកជាសះស្បើយ= 113,264 នាក់
    – អ្នកស្លាប់= 2,743 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 244,429,000 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 221,468,800 នាក់
    – អ្នកស្លាប់​សរុបជាង​ = 4,963,760 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 17,996,380 នាក់

  • សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​ការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗ​របស់​ជាតិ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចហើយ

    សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​ការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗ​របស់​ជាតិ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចហើយ

    ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​នា​ថ្ងៃនេះ ដោយ​សំឡេងគាំទ្រ 111/111 សំឡេង នៅក្នុង​កិច្ចប្រជុំពេញអង្គ ដែល​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក111 រូប​របស់​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2021។

    មូលហេតុ​នាំឱ្យមាន​សេចក្តីព្រាងច្បាប់​ដែលមាន​បំណង​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់ មេដឹកនាំ​ស្ថាប័នកំពូលៗរបស់​រដ្ឋ​នេះ ត្រូវបាន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន ថ្លែងថា គឺ​ដើម្បី​បញ្ជាក់ថា សម្តេច​មាន​សញ្ជាតិ​តែមួយ និង ដើម្បី​បញ្ចៀស​ការជ្រៀតជ្រែក​រប​ស់បរ​ទេស​លើ​កិច្ចការ​ផ្ទៃក្នុង​របស់ កម្ពុជា ក៏ដូចជា​ការបង្ហាញ​នូវ​ភក្តីភាព​សម្រាប់​ជាតិ​របស់​មេដឹកនាំ​នៃ​ស្ថាប័នកំពូល។

    កិច្ច​ប្រជុំ​នេះ​ក៏​មាន​វត្តមាន​របស់​ សម្ដេច​ ហ៊ុន​ សែន​ ផងដែរ​

    រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការសម្រេច​លើ​កិច្ចការសំខាន់ៗ របស់​ប្រទេសជាតិ។

    នៅក្នុង​កិច្ចប្រជុំ​នេះដែរ រដ្ឋសភា ក៏បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស។ រដ្ឋសភា ក៏បាន​ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​អង្គការសហប្រជាជាតិ ទាក់ទង​ទៅនឹង​ការ​កាត់សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​រយៈកាល នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ។  ក្រៅពីនេះ រដ្ឋសភា ក៏បាន​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ផងដែរ៕

  • ថ្នាំ​ព្យាបាល​ប្រភេទ​ថ្មី ទប់ស្កាត់​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 និង​មាន​ប្រសិទ្ធភាព​ជិត 20 ខែ

    ថ្នាំ​ព្យាបាល​ប្រភេទ​ថ្មី ទប់ស្កាត់​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 និង​មាន​ប្រសិទ្ធភាព​ជិត 20 ខែ

    ដោយ​គ្រាន់តែ​ចាក់​លើ​សាច់ដុំ ថ្នាំ​ប្រភេទ​ថ្មី​នេះ នឹងមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 មិនឱ្យ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ ឬ​ស្លាប់ ក្នុង​រយៈពេល​រហូតដល់ 18 ខែ​ឯណោះ។

    ក្រុមហ៊ុន AstraZeneca របស់ ប្រទេស​អង់គ្លេស ថ្មីៗនេះ​បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី ដែលជា​ដំណាក់កាល​ចុងក្រោយ​មុននឹង​ត្រូវបាន​អនុម័ត​ឱ្យ​យកទៅ​ប្រើប្រាស់ បង្ហាញថា វិធីសាស្ត្រ​ថ្មី​ក្នុងការ​ព្យាបាល​ជំងឺ COVIDD-19 ដោយ​ប្រើ​ថ្នាំ AZD7442 របស់​ក្រុមហ៊ុន​នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 មិន​ឱ្យមាន​អាការ​ធ្ងន់ធ្ងរ ឬ​ស្លាប់ នៅក្នុង​រង្វង់ 18 ខែ។

    AZD7442 មាន​ផ្ទុក​អង្គ​ប​ដិ​ប្រាណ ជា​ធាតុ​ដែល​ដើមឡើយ​ត្រូវបាន​ផលិតឡើង​ដោយ​រាងកាយ ដើម្បី​ប្រតិកម្ម​ជាមួយនឹង​វីរុស ឬ​ត្រូវបាន​រាងកាយ​ផលិតឡើង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ពួកវា​ធ្វើ​សកម្មភាព​ដោយ​ការមើល​ស្គាល់​ផ្នែក​ជាក់លាក់​របស់​វីរុស COVID-19 ហើយ​ធ្វើការ​វាយប្រហារ​ដោយផ្ទាល់ ឬ​ទប់ស្កាត់​សកម្មភាព​របស់​វីរុស និង «ដាក់​ស្លាក» លើ​វីរុស ដើម្បីឱ្យ​ផ្នែក​ដទៃ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ កម្ចាត់​ចោល។

    ក្រោយពី​បាន​កម្ចាត់​វីរុស អង្គ​ប​ដិ​ប្រាណ​ទាំងនេះ​ក៏​នៅតែ​ស្ថិតនៅក្នុង​រាងកាយ​មួយរយៈ​ពេល បង្កើតបានជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ចងចាំ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស។ នៅពេល អង់​ទី​ហ្សែ​ន បង្ហាញខ្លួន អង្គ​ប​ដិ​ប្រាណ​ទាំងនេះ​នឹង​ចាត់ការភ្លាម។

    ថ្នាំ​ព្យាបាល​ថ្មី AZD7442 ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​ពិសេស​ដែល​ហៅថា ម៉ូ​ណូ​ក្លូន (Monoclonal antibodies) ជា​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​បន្ទប់ពិសោធន៍ ដោយ​ធ្វើ​ត្រាប​តាម​លទ្ធភាព​នៃ​ការការពារ​បែប​ធម្មជាតិ​របស់​រាង​កាយ ប៉ុន្តែ​ក្នុងករណីនេះ​គឺ​ធ្វើ​ត្រាប​តាម​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ ជាមួយនឹង​វីរុស COVID-19។

    ក្រុមអ្នកវិទ្យាសាស្ត្ររបស់ AstraZeneca សង្ឃឹមថា ថ្នាំ AZD7442 មួយដូស អាចការពារមនុស្សក្នុងរយៈពេលពី 12 ដល់ 18 ខែ ពីការកើតមានអាការធ្ងន់ធ្ងរដោយសារ COVID-19

    នេះ​មិនមែនជា​បច្ចេកវិទ្យា​ថ្មី​នោះទេ ព្រោះថា វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​រួចមកហើយ។ ជាង​នេះ វា​ក៏​ត្រូវបាន អនុម័ត​ដំបូង​គេ សម្រាប់​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ COVID-19 នៅ ប្រទេស​អង់គ្លេស កាលពី​ខែសីហា ឆ្នាំ 2021។

    ក៏ប៉ុន្តែ ថ្នាំ​ថ្មី​របស់​ក្រុមហ៊ុន AstraZeneca នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយមាន​បន្ថែម​មុខងារ​ថ្មី​ដែល​សំខាន់​ជាង អនុញ្ញាតឱ្យ​រក្សាទុក​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង COVID-19 ក្នុង​រាងកាយ រយៈពេល​យូរ​ជាង។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ AstraZeneca សង្ឃឹមថា ថ្នាំ AZD7442 មួយ​ដូ​ស អាច​ការពារ​មនុស្ស​ក្នុង​រយៈពេល​ពី 12 ដល់ 18 ខែ ពី​ការកើតមាន​អាការ​ធ្ងន់ធ្ងរ​ដោយសារ COVID-19។

    លទ្ធផល​នៃ​ការពិសោធ​បានបង្ហាញ​ថា ក្នុងចំណោម​អ្នក​ប្រើ​ថ្នាំ AZD7442 ចំនួន 407 នាក់ គឺមាន​តែ 18 នាក់​ប៉ុណ្ណោះ​ដែលមាន​អាការ​នៃ​ជំងឺ COVID-19 ធ្ងន់ធ្ងរ ឬ​ស្លាប់ បើ​ធៀប​នឹង 37 នាក់ ក្នុងចំណោម 415 នាក់​ដែល​បាន​ប្រើ​ថ្នាំ​បញ្ឆោត (Placebo)។ ប្រការនេះ​មានន័យថា ក្រុមមនុស្ស​ដែល​ប្រើ​ថ្នាំ AZD7442 ប្រឈម​នឹង​ហានិភ័យ​កើត​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង 50% ធៀប​នឹង​ក្រុមមនុស្ស​ដែល​ប្រើ​ថ្នាំ​បញ្ឆោត។ លទ្ធផល​នៃ​ការពិសោធ​ក៏​បង្ហាញ​ដែរ​ថា ការ​ឆាប់​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ AZD7442 នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់ជាង ធៀប​នឹង​វិធីសាស្ត្រ​ព្យាបាល​ដទៃ។

    ទោះជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការពិសោធ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ភាគី​ក្រុមហ៊ុន។ គេ​ត្រូវ​រង់ចាំ​ការត្រួតពិនិត្យ វាយតម្លៃ និង​ការអនុម័ត​ពី​ស្ថាប័នរដ្ឋ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក៕

  • ទាហាន 500 នាក់ និង​ឧទ្ធម្ភាគចក្រ 22 គ្រឿង ដេញចាប់​ជន​ជូ​ញ​ដូរ​គ្រឿងញៀន នៅក្នុង​ព្រៃ​ជ្រៅ

    ទាហាន 500 នាក់ និង​ឧទ្ធម្ភាគចក្រ 22 គ្រឿង ដេញចាប់​ជន​ជូ​ញ​ដូរ​គ្រឿងញៀន នៅក្នុង​ព្រៃ​ជ្រៅ

    (កូ​ឡុំ​ប៊ី)-កងកម្លាំង​ពិសេស​របស់ ប្រទេស​កូ​ឡុំ​ប៊ី ទើបតែ​បាន​ចាប់ខ្លួន​កំពូល​អ្នកជួញដូរ​គ្រឿង​ញៀន Dairo Antonio Usuga ឬ​ហៅថា Otoniel នៅក្នុង​យុទ្ធនាការ​ឡោមព័ទ្ធ​ទ្រង់ទ្រាយ​ធំ។

    យោងតាម​ទូរទស្សន៍ RT ទាហាន​ជាង 500 នាក់ និង​ឧទ្ធម្ភាគចក្រ​ចំនួន 22 គ្រឿង បាន​ចូលរួម​ក្នុង​បេសកកម្ម​តាម​ចាប់ខ្លួន Otoniel នៅក្នុង​ព្រៃ​នៃ​តំបន់ Uraba ភាគ​ពាយព្យ​នេះ ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃទី 23 តុលា។

    ទំហំ​នៃ​បេសកកម្ម​ឡោមព័ទ្ធ​នេះ​ចាប់ខ្លួន​នេះ ធំ​ដល់​ថ្នាក់​សូម្បីតែ​បណ្ដាញ​សន្តិសុខ​ដែលមាន 8 ស្រទាប់ ដឹកនាំ​ដោយ​ជន​ជួញដូរ​គ្រឿងញៀន​រូបនេះ ក៏​មិនអាច​ការពារ​បាន។

    ក្រុមមន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា យុទ្ធនា​ការដែល​បាន​បណ្ដាលឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ព័ត៌មាន​សម្ងាត់​ដែល​ផ្ដល់ឱ្យ​ដោយ សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស។

    នៅក្នុង​ថ្ងៃ​ជាមួយគ្នា ក្រុម​ទាហាន​ដែលមាន​អាវុធ​គ្រប់​ប្រភេទ បាន​ចាប់ និង​នាំខ្លួន Otoniel ចេញពី​ព្រៃ។ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន កូ​ឡុំ​ប៊ី គេ​ឃើញថា មេ​គ្រឿងញៀន​នេះ​ពាក់​ស្បែកជើង​កៅស៊ូ​កវែង។

    ប្រធានាធិបតី​កូ​ឡុំ​ប៊ី Ivan Duque បានប្រកាសថា ការចាប់ខ្លួន Otoniel នេះ​គឺជា​ការ​សំពង​ក្បាល​ដ៏​ធ្ងន់​បំផុត​ទៅលើ​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​នេះ ក្នុងអំឡុង​មួយ​សតវត្សរ៍​កន្លងមក។

    Dairo Antonio Usuga ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ក្រុមសង្គមងងឹត Gulf Clan ដែល​គ្រប់គ្រង​បណ្ដាញ​ជួញដូរ​ទំនិញ​ហាមឃាត់​នៅក្នុង​ព្រៃ បង្កឱ្យមាន​ការភ័យខ្លាច​នៅ​ពាសពេញ​ភាគ​ខាងជើង​នៃ ប្រទេស​កូ​ឡុំ​ប៊ី។ ក្រុមសង្គមងងឹត​នេះ​មាន​ខ្មាន់កាំភ្លើង​ចំនួន 1,200 នាក់ ដែល​ភាគច្រើន​គឺជា​ទាហាន​របប​ចាស់។ អាជ្ញាធរ​កូ​ឡុំ​ប៊ី ក៏បាន​ចោទ​មេ​គ្រឿងញៀន​នេះ​អំពី​បទ​បង្ខំ​ឱ្យក្មេងៗចូលរួម​ក្នុង​បណ្ដាញ​របស់​ពួកគេ​ដោយ​ប្រើ​កម្លាំងបាយ និង​ការរំលោភបំពាន​ផ្លូវភេទ។

    អង្គភាព​ប្រឆាំង​គ្រឿងញៀន (DEA) របស់ សហរដ្ឋ​អាម៉េរិក កន្លងមក ធ្លាប់បាន​ប្រកាស​ផ្ដល់​រង្វាន់ 5 លាន​ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​បាន​ចាប់ខ្លួន Otoniel។ កាលពី​ឆ្នាំ 2009 តុលាការ​នៅ Manhattan បាន​ចោទប្រកាន់​ជននេះ​ពីបទ​ជួញដូរ​គ្រឿងញៀន ក៏ដូចជា​អំពើ​គាំទ្រ​ដល់​កងជីវពល​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ភេរវ​ករ​នៅ សហរដ្ឋ​អាម៉េរិក។

    Otoniel បាន​ជួញដូរ​គ្រឿងញៀន​ប្រភេទ កូកាអ៊ីន ចំនួន 73 តោន ចូល​ទឹកដី អាម៉េរិក ចាប់ពី​ឆ្នាំ 2003 ដល់ 2014 ដោយ​ឆ្លងកាត់​បណ្ដា​ប្រទេស ដូចជា វ៉េ​ណេ​ស៊ុយ​អេ​ឡា, ក្វា​តេ​ម៉ា​ឡា , ម៉ុក​ស៊ិ​ក, ប៉ា​ណា​ម៉ា និង ហុង​ឌូ​រ៉ា​ស។

    មេ​គ្រឿងញៀន​នេះ បាន​លាក់ខ្លួន​ពី​សមត្ថកិច្ច កូ​ឡុំ​ប៊ី អស់​រយៈពេល​ជាង​មួយ​ទសវត្ស៍​មកហើយ។ ជននេះ​ត្រូវបាន​គេ​ជឿថា មិនដែល​លាក់ខ្លួន​នៅ​កន្លែង​តែមួយ លើសពី​មួយ​យប់​នោះឡើយ៕

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​ជា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ 23 ខែ​តុលា​នេះ

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​ជា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ 23 ខែ​តុលា​នេះ

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 243,745,100 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 220,869,660 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,953,500 នាក់

  • កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ជាង 12 ម៉ឺន​ដូ​ស តាមរយៈ​យន្តការ COVAX

    កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ជាង 12 ម៉ឺន​ដូ​ស តាមរយៈ​យន្តការ COVAX

    (ភ្នំពេញ)- កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ផលិត​នៅ​ប្រទេស​ចិន ចំនួន​ជាង 12 ម៉ឺន​ដូ​ស បន្ថែមទៀត កាលពី​ល្ងាច​ថ្ងៃទី 22 តុលា 2021។

    រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ យក់ សម្បត្តិ ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នេះ មានប្រសាសន៍ថា វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន 124,700 ដូ​ស ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បា​នេះ​គឺ តាមរយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក។

    លោកជំទាវ យក់ សម្បត្តិ ក៏បាន​សម្តែង​ការ​អរគុណ​ចំពោះ រដ្ឋាភិបាល​ចិន និង​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង ដល់ កម្ពុជា។

    បច្ចុប្បន្ន កម្ពុជា​បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចិន ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ច្រើនជាងគេ ក្នុងចំណោម​ប្រភេទ​វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​យកទៅ​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ។

    គិត​ត្រឹម​យប់​ថ្ងៃទី 22 តុលា ឆ្នាំ 2021 កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ កម្ពុជា រួមមាន៖

    • ពលរដ្ឋ​ពេញវ័យ ចាក់​បាន 99.71% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់។
    • កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំទៅ​ក្រោម 18 ឆ្នាំ ចាក់​បាន 90.59% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ជិត 2 លាន​នាក់។
    • កុមារ​អាយុ​ពី 6 ឆ្នាំ​ដល់​ក្រោម 12 ឆ្នាំ ចាក់​បាន​ជាង 100% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត 1.9 លាន​នាក់។
  • សម្ដេច​តេ​ជោ អបអរសាទរ​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស

    សម្ដេច​តេ​ជោ អបអរសាទរ​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស

    សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការអបអរសាទរ ខួប 30 ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា 1991 – 23 តុលា 2021។

    ការសម្ដែង​ការអបអរសាទរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 នេះ គឺជា​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991។

    កាលពី 30 ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 ភាគី​ទាំង 4 របស់ កម្ពុជា រួមមាន ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ, សម្តេច​តេ​ជោ ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុលពត) តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយមាន​វត្តមាន​សាក្សី​មកពី 18 ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ កម្ពុជា។

    (ពីឆ្វេងទៅស្ដាំ) លោក ខៀវ សំផន, សម្ដេចបវរសេដ្ឋាធិបតី សឺន សាន, សម្តេចព្រះ នរោត្តម សីហនុ, លោក រ៉ូឡិនឌូម៉ា (Roland Dumas) រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង, និង សម្ដេច ហ៊ុន សែន

    កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស 23 តុលា ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ជំនួប​ដំបូង​រវាង អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹង សម្តេច ហ៊ុន សែន នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​ត្រូវបាន​ហៅថា «ជំនួប​ចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី 02-04 ខែធ្នូ ឆ្នាំ1987)។

    ការចរចា​ដំបូង​ខាងលើ បាន​បើកផ្លូវ​ឱ្យមាន​ការចរចា​ជា​បន្តបន្ទាប់ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991 ដែលជា​ការត្រួសត្រាយ​ផ្លូវ នាំទៅរក​សន្តិភាព​ពេញលេញ​នៅ កម្ពុជា៕

  • មន្ត្រីការទូត​ចិន សង្ស័យថា «COVID-19 ឆ្លង​ពី​បង្កង​ដែល​នាំចូល​ពី សហរដ្ឋ​អាម៉េរិក»

    មន្ត្រីការទូត​ចិន សង្ស័យថា «COVID-19 ឆ្លង​ពី​បង្កង​ដែល​នាំចូល​ពី សហរដ្ឋ​អាម៉េរិក»

    គណនី Twitter របស់​អគ្គ​កុងស៊ុល​ចិន រួម​នឹង​មនុស្ស​ជាង 550 នាក់​ផ្សេងទៀត បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​និយាយថា COVID-19 មាននៅ​ក្នុង​ទំនិញ​ជា​បង្កង​ដែល​នាំ​ពី សហរដ្ឋ​អាម៉េរិក ចូលមក​កាន់ ទីក្រុង​អ៊ូ​ហាន របស់ ប្រទេស​ចិន កាលពី​ខែវិច្ឆិកា ឆ្នាំ 2019។

    Marcel Schliebs ដែលជា​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ព័ត៌មាន​មិន​ពិត​ប្រចាំ​សាកលវិទ្យាល័យ Oxford របស់ ចក្រភព​អង់គ្លេស បាន​តាមដាន​សារ​ទាំងឡាយ​ដែល​ក្រុមមន្ត្រី​ការបរទេស និង​សារព័ត៌មាន​ចិន បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter ក្នុង​រយៈពេល 18 ខែ​កន្លង។ កាលពី​ខែកញ្ញា អ្នកជំនាញ​រូបនេះ​បាន​រកឃើញ សម្មតិកម្ម «ដ៏​គួរឱ្យភ្ញាក់ផ្អើល» ស្ដីពី​ប្រភព​របស់ COVID-19 ដែល​ត្រូវបាន​ក្រុមមន្ត្រី​ការទូត​ចិន ផ្សព្វផ្សាយ។

    កាលពី​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 Schliebs បានឱ្យដឹងថា អគ្គ​កុល​ស៊ុ​ល​ចិន ប្រចាំ ប្រទេស​ឥណ្ឌា Zha Liyou បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ថា COVID-19 ដែល​បាន​ផ្ទុះ​ឆ្លង​រាលដាល​នៅ ទីក្រុង​អ៊ូ​ហាន អាចមាន​ប្រភពពី​បង្កង​ដែល​នាំចូល​ពី រដ្ឋ​ម៉ែន (Maine) របស់ សហរដ្ឋ​អាម៉េរិក កាលពី​ខែវិច្ឆិកា ឆ្នាំ 2019។ នេះ​គឺជា​សម្មតិកម្ម​ថ្មី​បំផុត​ស្ដីពី​ប្រភព​របស់ COVID-19 ដែល​ត្រូវបាន​គណនី Twitter នានា​ដែល​ទាក់ទង​នឹង ប្រទេស​ចិន បានលើកឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។

    បន្ទាប់ពី​ការស្រាវជ្រាវ​ស៊ីជម្រៅ Schliebs បាន​រកឃើញថា មាន​បណ្ដាញ​គណនី Twitter ជាង 550 បាន​ចូលរួម​ផ្សព្វផ្សាយ​សារ​ខាងលើ ដែល​សារ​ទាំងនេះ​ត្រូវបាន​បកប្រែ​ជា​ភាសាផ្សេងៗជាច្រើន ដូចជា អង់គ្លេស បារាំង ប៉ូឡូញ កូរ៉េ និង ភាសាឡាតាំង ជាដើម ហើយ​សារ​ទាំងនេះ​ត្រូវបាន​បង្ហោះ​យ៉ាង​ទៀត​ទាត់​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុង​ពី​ម៉ោង 8 ព្រឹក ដល់​ម៉ោង 11 (ម៉ោង​នៅ​ទីក្រុង​ប៉េកាំង)។

    Schliebs បញ្ជាក់ថា ក្នុងចំណោម​គណនី​រាប់រយ​ខាងលើ មាន​គណនី​មួយចំនួន​ហាក់ដូចជា​គណនី​ក្លូន (clone) ដោយ​វា​មាន​អ្នកតាមដាន (follower) តិច​បំផុត ឬ​គ្មាន​សោះតែ​ម្ដង។ គណនី​មួយចំនួនទៀត​ត្រូវបាន​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ប៉ុន្តែ​ត្រូវបាន​គេ​ហែក​ចូល​គ្រប់គ្រង​ដើម្បី​ផ្សព្វផ្សាយ​សម្មតិកម្ម​ខាង​លើ។

    សមត្ថកិច្ច​ចិន​ ឈរ​យាម​ផ្សារ​បោះ​ដុំ​គ្រឿង​សមុទ្រ​នៅ​ ទីក្រុង​អ៊ូហាន​ កាល​ពី​ឆ្នាំ​ 2020

    «ពិតជា​ពិបាកធ្វើ​ការសន្និដ្ឋាន ប៉ុន្តែ យើង​អាច​មើលឃើញថា សកម្មភាព​ទាំងនោះ​គឺជា​យុទ្ធនា​ការឃោសនា​ព័ត៌មាន និង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់ ប្រទេស​ចិន» អ្នកជំនាញ​ខាងលើ​អះអាង​ដូច្នេះ។

    សារព័ត៌មាន​របស់ ប្រទេស​ចិន កន្លងមក​ធ្លាប់បាន​ផ្សាយ​ច្រើនលើក​អំពី​ការ​សម្មតិកម្ម​ដែលថា COVID-19  អាចមាន​ប្រភពពី​អាហារ​បង្កក។ Schliebs ឱ្យដឹងថា អគ្គ​កុងស៊ុល​ចិន Zha Liyou កាលពី​ខែធ្នូ ឆ្នាំ 2020 បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​និយាយថា COVID-19 អាចមកពី​កន្លែង​ផ្សេង ចូលមក​កាន់ អ៊ូ​ហាន តាមរយៈ​ទំនិញ​បង្កក ទន្ទឹមនឹងនេះ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការស្រាវជ្រាវ​លើ​សម្មតិកម្ម​មួយ​ផ្សេងទៀត​ដែល​យល់ថា កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក ជាប់​ទាក់ទិន​នឹង​ការចម្លង nCoV។

    Schliebs បង្ហើប​ឱ្យដឹង​ដែរ​ថា ខ្លួន​បាន​ចែករំលែក​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ជាមួយ Twitter។ ក្រោយពី​បាន​ត្រួតពិនិត្យ បណ្ដាញ​សង្គម​នេះ​ក៏បាន​បិទ​គណនី​ទាំងឡាយ​ខាងលើ ដោយយោង​ទៅតាម​គោលការណ៍​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត។

    ដោយសារតែ​ក្រុម​ស្រាវជ្រាវ​របស់ Schliebs បាន​រកឃើញ និង​ស្រាវជ្រាវ​លើ​បណ្ដាញ​គណនី​ខាងលើ​យ៉ាង​ឆាប់រហ័ស ទើប​ឥទ្ធិពល​របស់​វា «អាចមាន​តិចតួច» នៅពេល​គណនី​ទាំងនោះ​ត្រូវបាន​ផ្អាក​មុនពេល​ទាក់ទាញ​ចំណាប់អារម្មណ៍​បាន​ច្រើន។ នេះ​បើតាម​អ្នកជំនាញ Schliebs៕