Author: សឿន សំណាង

  • រដ្ឋាភិបាល​សម្រេច​អនុញ្ញាតឱ្យ​រៀប​មង្គលការ​ដោយ​អាច​ទទួលភ្ញៀវ​ច្រើនជាង​មុន ប៉ុន្តែ នៅមាន​កំណត់​ដដែល

    រដ្ឋាភិបាល​សម្រេច​អនុញ្ញាតឱ្យ​រៀប​មង្គលការ​ដោយ​អាច​ទទួលភ្ញៀវ​ច្រើនជាង​មុន ប៉ុន្តែ នៅមាន​កំណត់​ដដែល

    នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី 8 វិច្ឆិកា នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រៀប​មង្គលការ​ឡើងវិញ​ដោយ​អាច​ទទួលភ្ញៀវ​ច្រើន ប៉ុន្តែ ត្រូវមាន​កំណត់។

    សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ប្រជាពលរដ្ឋ ត្រូវតែមាន​ការកំណត់​ទៅលើ​ចំនួន​ភ្ញៀវ​ដែល​ចូលរួម មិនឱ្យ​លើសពី 200 នាក់ ដែល​ចំនួន​នេះ​មិន​រាប់ទាំង​អ្នកផ្តល់​សេវាកម្ម (អ្នករៀបចំ) នានា​នោះទេ។

    គួររំលឹកថា កន្លងមក ដោយសារតែ COVID-19 កម្ពុជា បានសម្រេច​ផ្អាក​ពិធី​រៀបការ​ដែលមាន​មនុស្ស​ច្រើន​ចូលរួម ដោយ​គ្រាន់តែ​អនុញ្ញាតឱ្យ​សែនព្រេន​តាម​ប្រពៃណី។ ក្រោយមក នៅពេល​តួលេខ​អ្នកជំងឺ​វីរុស COVID-19 បាន​ថយចុះ​ក្រោម 100 នាក់ រដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឱ្យ​រៀបការ ប៉ុន្តែ មិន​ឱ្យមាន​អ្នកចូលរួម​លើសពី 50 នាក់។

  • (វីដេអូ)-ប្រជាជន​ឥណ្ឌា ប្រជ្រៀត​គ្នា​ចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ ដើម្បី​សុំ​សេចក្ដីសុខ

    (វីដេអូ)-ប្រជាជន​ឥណ្ឌា ប្រជ្រៀត​គ្នា​ចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ ដើម្បី​សុំ​សេចក្ដីសុខ

    ប្រជាពលរដ្ឋនៅក្នុង​ភូមិ Gumatapura សប្បាយរីករាយ​ជាខ្លាំង​ក្នុង​ការចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ Gorehabba ជា​ព្រឹត្តិការណ៍​បញ្ចប់​រដូវ​បុណ្យ Diwali ដែលជា​បុណ្យ​ដ៏​សំខាន់បំផុត​មួយ​របស់​សាសនា​ហិណ្ឌូ។

    ពិធីបុណ្យ Gorehabba ចាប់ផ្ដើម​ដោយ​ការប្រមូល «អាវុធ» ជាលា​មក​គោ ពី​គ្រួសារ​ទាំងឡាយ​ដែល​ចិញ្ចឹមសត្វ​នេះ។ លាមក​គោ​ដែល​ប្រមូលបាន ត្រូវបាន​នាំយកទៅ​កាន់​វិហារ​ក្នុង​តំបន់​ដើម្បីឱ្យ​ក្រុម​បព្វជិត​ប្រសិទ្ធពរ។

    បន្ទាប់ពី​ពិធី​ប្រសិទ្ធី​នេះ លាមក​គោ​ក៏ត្រូវ​បាន​គេ​ចាក់គរ​លើដី ហើយ​បុរស​ទាំងឡាយ​ក្នុងភូមិ​នឹង​នាំគ្នា​ចូលទៅ​កាន់​គំនរ​លាមក​គោ​ដើម្បី​ត្រៀម​សម្រាប់​ពិធី​គប់​លាមក។

    ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់​នាំគ្នា​មកកាន់​ភូមិ Gumatapura ដើម្បី​ចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ ដោយ​យល់ថា នេះ​មិន​ត្រឹមតែ​ជា​រឿង​អស្ចារ្យ ប៉ុន្តែ​ក៏​នាំមក​នូវ​ផលប្រយោជន៍​ផ្នែក​សុខភាព។

    https://www.youtube.com/watch?v=FfGSE1Cb2Mk

    «បើសិន​ជាមាន​ជំងឺ យើង​នឹង​ត្រូវបាន​ព្យាបាល​ជាសះស្បើយ» Mahesh ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ពិធី​គប់​លាមក​គោ ឱ្យដឹង​ដូច្នេះ។

    ប្រជាជន​ឥណ្ឌា មួយចំនួន​ដែល​កាន់សាសនា​ហិណ្ឌូ មានជំនឿថា សត្វ​គោ និង​គ្រប់យ៉ាង​របស់​សត្វ​នេះ​សុទ្ធតែជា​វត្ថុ​ស័ក្ដិសិទ្ធិ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ជម្រះ​ភាពអាក្រក់ សៅហ្មង។

    នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ដែលជា​ហិណ្ឌូ​សាសនិក​មួយរូប​ដែរនោះ បាន​ជំរុញឱ្យមាន​ការការពា​រ​សត្វ​មួយ​ប្រភេទ​នេះ។ រដ្ឋ​ជាច្រើន​របស់ ឥណ្ឌា តាំងពី​យូរ​មកហើយ បាន​ហាម​ការ​សម្លាប់សត្វ​គោ​ដើម្បី​យក​សាច់។

    សមាជិក​ជាច្រើនរូប​នៅក្នុង​បក្ស​របស់​នាយករដ្ឋមន្ត្រី Modi ក៏​ធ្លាប់បាន​អះអាងថា ទឹកនោមគោ​គឺជា​ឱសថ​ដែល​អាច​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19 រួម​នឹង​ជំងឺផ្សេងៗទៀត។ ចំណែក​រដ្ឋាភិបាល​រប​ស់លោក ក៏​កំពុង​ស្វែងរក​វិធី​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការផលិត​ថ្នាំដុសធ្មេញ សាប៊ូកក់សក់ និង​ថ្នាំ​សម្លាប់​មូស​ពី​កាកសំណល់​របស់​សត្វ​គោ​ទៀតផង៕

  • ក្រោយ​ពី​ភូមិ​គ្រឹះ​​ត្រូវ​យន្តហោះ​​ដ្រូន​​ទម្លាក់​​គ្រាប់​បែកលើ​ ​នាយ​ក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ថា បាន​ស្គាល់​ច្បាស់​អ្នក​នៅ​ពីក្រោយ

    ក្រោយ​ពី​ភូមិ​គ្រឹះ​​ត្រូវ​យន្តហោះ​​ដ្រូន​​ទម្លាក់​​គ្រាប់​បែកលើ​ ​នាយ​ក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ថា បាន​ស្គាល់​ច្បាស់​អ្នក​នៅ​ពីក្រោយ

    (អ៊ីរ៉ាក់)-នាយករដ្ឋមន្ត្រី Mustafa al-Kadhimi បានឱ្យដឹងថា លោក​បានដឹង​ច្បាស់​ក្រុមមនុស្ស​ដែល​នៅ​ពីក្រោយ​អំពើ​លួច​ធ្វើឃាត​រូបលោក ហើយ​ថា នឹង​នាំខ្លួន​ជន​ទាំងនេះ​ឡើង​តុលាការ។

    «យើង​នឹង​តាម​ចាប់ខ្លួន​ពួន​ឧក្រិដ្ឋជន យើង​បានដឹង​ច្បាស់ យើង​នឹង​វែកមុខ​ពួកគេ» នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អ៊ីរ៉ាក់ លោក Mustafa al-Kadhimi បាន​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី 7 វិច្ឆិកា ក្រោយពី​ភូមិគ្រឹះ​របស់លោក ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ទម្លាក់​គ្រាប់បែក។

    ភូមិគ្រឹះ​របស់លោក Kadhimi មាន​ទីតាំង​នៅក្នុង​តំបន់​បៃតង នា រដ្ឋធានី​បា​កដាដ ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃទី 7 វិច្ឆិកា ដោយ ដ្រូន ចំនួន 3 គ្រឿង ក្នុងនោះ​មាន 2 គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់។ លោក Kadhimi មាន​សុវត្ថិភាព ខណៈ​អង្គរក្ស 6 នាក់​បាន​រងរបួស។

    នាយករដ្ឋមន្ត្រី Mustafa al-Kadhimi

    ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ហៅ​អំពើ​នេះ​ថា ជាការ​វាយប្រហារ​ភេរវកម្ម​ដ៏​កំសាក ក្នុង​បំណង​ធ្វើឃាត​រូបលោក។

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​ក្រុម​ជីវពល​ជនជាតិ Shiite ដែល​គាំទ្រ​ដោយ ប្រទេស​អ៊ីរ៉ង់។ ក្រុម​ជីវពល​ជនជាតិ Shiite កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ បានធ្វើ​បាតុកម្ម​នៅក្បែរ​តំបន់​បៃតង ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី 10 តុលា ដោយ​យល់ថា មាន​ភាពមិនប្រក្រតី​នៅក្នុងពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែលនាំឱ្យ​ក្រុម​នេះ​បាត់បង់​កៅអី​ជាច្រើន​នៅ​សភា​អ៊ីរ៉ាក់។

    ក្នុង​បាតុកម្ម​កាលពី​ថ្ងៃទី 5 វិច្ឆិកា កម្លាំង​សន្តិសុខ និង​ក្រុម​ជីវពល​ខាងលើ បាន​បាញ់ប្រហារ​គ្នា បណ្ដាលឱ្យ​បាតុករ​ម្នាក់​ស្លាប់ និង​ប៉ូលិស​ច្រើន​នាក់​រងរបួស៕

  • (វីដេអូ)-អគារ​ទីស្តីការ​ថ្មី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ តម្លៃ​ជាង 28 លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​នេះ

    (វីដេអូ)-អគារ​ទីស្តីការ​ថ្មី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ តម្លៃ​ជាង 28 លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​នេះ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ 8 ខែវិច្ឆិកា ឆ្នាំ 2021 នេះ បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ មានតម្លៃ​ជាង 28 លាន​ដុល្លារ​អាមេរិក។

    អគារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែលជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ និង​មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ នា​ភាគ​ពាយព្យ​នៃ រាជធានី​ភ្នំពេញ នេះ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី 28 ខែមករា ឆ្នាំ 2020។

    អគារ​នេះ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ 4.5 ហិកតា។ តួ​អគារ​ដែលមាន​បណ្ដោយ​ប្រវែង 132.7 ម៉ែត្រ និង​ទទឹង​ប្រវែង 94.7 ម៉ែត្រ នេះ មាន 8 ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់​ដល់​ចុង​កំពូល​បុស្បុក សរុប 88.5 ម៉ែត្រ។ អគារ​អាច​ចត​រថយន្ត​បាន​ប្រមាណ 450 គ្រឿង រួម​នឹង​ចំណត​ទោចក្រយានយន្ត​ផងដែរ។

    ជាន់​ផ្ទាល់​ដី​របស់​អគារ មាន​សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល​ប​ណ្ឌុះ​បណ្តាល ការិយាល័យ​ច្រកចេញចូល​តែមួយ និង​សួនផ្កា​រំដួល​ជាដើម។

    ជាន់​ទី 1 មាន​សាលប្រជុំ​ខ្នាតតូច និង​មធ្យម​ចំណុះ 386 នាក់ ឃ្លាំង និង​បណ្តុំ​នៃ​នាយកដ្ឋាន​របស់​ក្រសួង។

    ជាន់​ទី 2 មាន​សាលប្រជុំ​ខ្នាត​ធំ​ចំណុះ 2,021 កៅអី បណ្តុំ​នៃ​អគ្គនាយកដ្ឋាន គណៈ​ស្ថាបត្យករ ឃ្លាំង​ជាដើម។

    នៅ​ជាន់ 3 មាន​បណ្តុំ​នៃ​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន ឃ្លាំង​ជាដើម។

    ជាន់​ទី 4 មាន​ការិយាល័យ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាល​សវនាការ​អន្តរជាតិ សាល​ចុះ​ពិធីសារ បន្ទប់​ប្រជុំ បន្ទប់​ពិធីការ ការិយាល័យ​ខុទ្ទកាល័យ អគា​ធិ​ការដ្ឋាន​ជាដើម។

    ជាន់​ទី 5 មាន​សាលប្រជុំ​អន្តរក្រសួង និង​ការិយាល័យ​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន (ស្លាប​ស្ដាំ និង​ឆ្វេង)។

    ជាន់​ទី 6 និង​ជាន់​ទី 7 ជា​ការិយាល័យ​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន។

    https://www.youtube.com/watch?v=5eXNG2p5m5g

    អគារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​រចនា​ឡើង​តាមបែប​ស្ថាបត្យកម្ម​រួម​សម័យ គឺ​សម័យអង្គរ សម័យ​កណ្តាល ក្លាស​សិកសា​កល បែប​រ៉ូ​ម៉ាំង និង​បែប​បុរាណ​ខ្មែរ បូក​នឹង​សម័យ​ទំនើប មាន​រចនាបថ​ស្ថាបត្យក​កម្ម​អគារ​មុខដាច់ ឬ​ហៅថា​អគារ​មុខធំ មាន​ដំបូល​កិង​ត្រួត​ស្លាប​ពីរ​ជាន់ លម្អ​ដោយ​ជហ្វា​ក្បាល​នាគ និង​គ្រឿង​លម្អ​ស្ថាបត្យកម្ម​បុរាណ​ប្រពៃណី​ខ្មែរ​និយម​បែប​លក្ខណៈ​អត្តសញ្ញាណ​ជាតិ។

    ឯ​គ្រឿង​ប្រកប​ផ្នែក​ដំបូល ប្រតិស្ឋាន​នូវ​ព្រះ​មណ្ឌប​បុស្បុក​កម្ពស់ 33.28 ម៉ែត្រ តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ដែលមាន​រួត 7 ជាន់ តំណាងឱ្យ​ភ្នំ​សត្តបរិភណ្ឌ គឺ​ភ្នំ​ទាំង 7 សង្កាត់ នៅ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ គឺ​ភ្នំ​យុគន្ធរ ភ្នំ​ឥសិន្ធរ ភ្នំ​ករវិក ភ្នំ​សុ​ទស្សនៈ ភ្នំ​នេ​មិ​ន្ធ​រ ភ្នំ​វិ​ន​តកៈ និង​ភ្នំ​អស្ស​ក​ណ្ណៈ។ នេះ​បើតាម​ក្រសួង​ព័ត៌មាន។

    តួ​អគារ​មាន​រាង​ជា​ចតុកោណកែង មាន​ទម្រង់​ស្មើនឹង 1 ភាគ 2 នៃ​តួ​បាកាណ​ប្រាសាទអង្គរវត្ត ដែល​ផ្នែក​ខាងមុខ និង​ខាងក្រោយ​ចែកចេញជា 3 សង្កាត់ ចំណែក​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ​ចែកជា 2 សង្កាត់ និង​មាន​ទម្រង់​ដំបូល​ជា​រាង​អក្សរ​អ៊ុយ «U» លាតសន្ធឹង​ត្រួតស៊ីគ្នា​លើ​តួ​អគារ​ទាំង 3 ទិស។

    តួ​អគារ​នេះ​មាន​ច្រកចេញចូល​ទាំង 4 ទិស ក្នុងនោះ ច្រកចូល​ធំ ឬ​ខ្លោងទ្វារ​អគារ​លម្អ​ដោយ​ក្បាច់​ផ្តែរ​រចនាបថ​ព្រៃ​ក្មេង វិចិត្រ​រចនា​ដោយ​និមិត្តសញ្ញា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឈ្មោះ​ទីស្តីការក្រសួង​នៅលើ​ឋាន​ផ្តែរ​ថ្ម​ម៉ាប​កំពង់ស្ពឺ​ពណ៌​មរកត ទ្រ​ដោយ​សសរ​ម៉ាប​កំពង់ស្ពឺ​ពណ៌​ក្រហមទុំ​ចំនួន 6 ដើម​ជា​ទម្រ តំណាងឱ្យ​នាយកធម៌​ទាំង 6 យ៉ាង​គឺ ធម៌​របស់​នាយក ឬ​ធម៌​សម្រាប់​ថ្នាក់ដឹកនាំ​ទាំង​គ្រហស្ថ និង​បព្វជិត៕

  • ស្ត្រី​មានទ្រព្យ​ច្រើនជាងគេ​លំដាប់​ទីមួយ​ប្រចាំ ប្រទេស​ចិន សម្រាប់​ឆ្នាំ 2021 រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ

    ស្ត្រី​មានទ្រព្យ​ច្រើនជាងគេ​លំដាប់​ទីមួយ​ប្រចាំ ប្រទេស​ចិន សម្រាប់​ឆ្នាំ 2021 រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ

    ទស្សនាវដ្ដី Forbes របស់ សហរដ្ឋ​អាម៉េរិក ទើបតែ​បានប្រកាស​បង្ហាញ​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ចំនួន 100 នាក់ នៅ​ប្រទេស​ចិន សម្រាប់​ឆ្នាំ 2021 ក្នុងនោះ Yang Huiyan ដែល​កាន់កាប់​ភាគហ៊ុន 57% និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Country Garden គឺជា​អ្នក​នាំមុខគេ។

    Yang Huiyan ចាប់កំណើត​នៅ​ឆ្នាំ 1981 និង​ធំ​ឡើង​នៅ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន។ កាលណោះ ឪពុក​របស់​នាង ឈ្មោះ Yang Guoqiang រកស៊ី​ក្នុង​វិស័យ​សំណង់​បាន​ជាង​មួយឆ្នាំ ដែល​នេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការឈាន​ចូល​វិស័យ​អចលនទ្រព្យ​ពេញលេញ។

    លោក Yang Gouqiang

    តាំងពី​នៅ​តូច Yang Huiyan ត្រូវបាន​ឪពុក​សង្ឃឹម​ជឿជាក់ និង​បណ្ដុះបណ្ដាល​ដើម្បី​បន្តវេន​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន។ ពេល Yang Huiyan នៅ​រៀន​មធ្យមសិក្សា ឪពុក​របស់​នាង​បាន​បង្កើត​ក្រុមហ៊ុន Country Garden។ ក្រោយពី​បញ្ចប់​មធ្យមសិក្សា​នៅ ប្រទេស​អង់គ្លេស Yang Huiyan ក៏បាន​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​នៅ​សាកលវិទ្យាល័យ Ohio។ ឆ្នាំ 2003 Yang Huiyan បានបញ្ចប់​ការសិក្សា និង​បាន​ត្រលប់មក​ប្រទេស​វិញ ដើម្បី​ជួយ​ការងារ​ជំនួញ​របស់​គ្រួសារ។

    លោក Yang Gouqiang តែង​ស្នើឱ្យ​កូនស្រី​របស់ខ្លួន ចូលរួម​កិច្ចប្រជុំ​នានា​របស់​ក្រុមហ៊ុន និង​ទទួលខុសត្រូវ​លើ​ការងារ​មួយចំនួន។ ក្រោយ​រយៈពេល 2 ឆ្នាំ តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Country Garden បាន​ឡើងដល់​ជិត 120 លាន​លាន​ដុល្លារ​ហុងកុង និង​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​លំដាប់​ទីមួយ​នៅ ប្រទេស​ចិន។

    Yang Huiyan កាល​ពី​វ័យ​នៅក្មេង

    វ័យ 25 ឆ្នាំ Yang Huiyan បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ ប្រទេស​ចិន ក្រោយពី​ឡើងកាន់តំណែង​ជា​នាយិកា​ប្រតិបត្តិ​របស់ Country Garden បាន 1 ឆ្នាំ។ ជោគជ័យ​របស់ Yang Huiyan ត្រូវបាន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នេះ សរសើរ​ថា មិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់​ខ្ពស់ និង​ឆ្លាត​វៃ​នោះទេ តែ​នាង​ក៏មាន​ការយល់ដឹង​ច្រើន​អំពី​និន្នាការ ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​សម្រាប់​អនាគត​របស់​ក្រុមហ៊ុន​ផងដែរ។ Yang Huiyan មាន​បុគ្គលិកលក្ខណៈ​ដូច​ទៅនឹង​ឪពុក​របស់​នាង។

    Yang Huiyan កាល​ពី​អាយុ​ខ្ទង់​ជាង​ម្ភៃ

    នៅ​ចុងឆ្នាំ 2021 នេះ Yang Huiyan ត្រូវបាន​ទស្សនាវដ្ដី Forbes របស់ សហរដ្ឋ​អាម៉េរិក ចាត់​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​បង្អស់ ក្នុងចំណោម​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ចំនួន 100 នាក់ នៅ​ប្រទេស​ចិន។ មហា​សេដ្ឋិនី Yang Huiyan កំពុង​កាន់កាប់​ភាគហ៊ុន 57% និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Country Garden។ បច្ចុប្បន្ន Yang Huiyan មាន​អាយុ 40 ឆ្នាំ និង​មានទ្រព្យ​សម្បត្តិ 27.8 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ដំណឹង​ល្អ​មួយ​ទៀត​! Pfizer ប្រកាស​បង្ហាញ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ថ្មី «ប្រសិទ្ធភាព 89%»

    ដំណឹង​ល្អ​មួយ​ទៀត​! Pfizer ប្រកាស​បង្ហាញ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ថ្មី «ប្រសិទ្ធភាព 89%»

    ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ មាន​ប្រសិទ្ធភាព​រហូតដល់ 89% នៅក្នុង​ការកាត់បន្ថយ​អត្រា​ចូល​ពេទ្យ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ខ្ពស់។

    យោងតាម​ប្រកាស​របស់ Pfizer ការពិសោធ​លើ​មនុស្ស​របស់​ពួកគេ​បាន​បង្ហាញថា ថ្នាំ​គ្រាប់​នេះ នាំមក​នូវ «ប្រសិទ្ធភាព​អស្ចារ្យ​ជាងគេ»។

    ក្រុមហ៊ុន Pfizer គ្រោង​នឹងដាក់​សំណើសុំ​ការអនុម័ត​ពី​អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ដើម្បី​អាច​ប្រើប្រាស់​បន្ទាន់។ មូល​ប​ត្រ​របស់ Pfizer ក៏បាន​ឡើងថ្លៃ 11% គិត​មកដល់​ម៉ោង ជិត 7 ព្រឹក ថ្ងៃទី 5 វិច្ឆិកា នៅ​ទីក្រុង​នី​វ​យ៉​ក។

    Pfizer បានចាប់ផ្ដើម​ធ្វើការ​ពិសោធ​ថ្នាំ​នេះ​នៅលើ​អ្នកស្ម័គ្រចិត្ត​ពេញវ័យ​ចំនួន 1,219 នាក់​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង COVID-19។ យោងតាម​ទិន្នន័យ​របស់ Pfizer ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​នេះ​នឹងមាន​រយៈពេល 5 ថ្ងៃ។ ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​អត្រា​ចូល​ពេទ្យ​បាន​យ៉ាងច្រើន​បន្ទាប់ពី​បាន​លេប​រយៈពេល​ពី 3 ទៅ 5 ថ្ងៃ ក្រោយពី​មាន​រោគសញ្ញា។

    ថ្នាំ​គ្រាប់​របស់ Pfizer នេះ មានឈ្មោះ ថា Paxlovid។ Paxlovid មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការកើត​កូនចៅ​ដោយ​ស្វ័យប្រវត្ត​របស់​វីរុស។

    Pfizer បញ្ជាក់ថា មានតែ 0.8% ប៉ុណ្ណោះ ដែល​ត្រូវ​ចូល​ពេទ្យ នៅក្នុង​ចំណោម​អ្នកជំងឺ​ដែល​បាន​លេបថ្នាំ Paxlovid រយៈពេល 3 ថ្ងៃ ក្រោយ​មាន​រោគសញ្ញា ហើយ​ពុំមាន​ករណី​ស្លាប់​នោះដែរ ខណៈដែល​អ្នកជំងឺ​ចំនួន 7% ដែល​បាន​ប្រើ​ថ្នាំ​បញ្ឆោត (placebo) ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់។

    Pfizer ក៏​កំពុង​ពិសោធ​ប្រើប្រាស់​ថ្នាំ Paxlovid នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស ពោលគឺ អ្នក​ដែល​មិនទាន់​ឆ្លង COVID-19 អាច​លេបថ្នាំ​នេះ​បាន ដើម្បី​ស្កាត់​មិនឱ្យ​ឆ្លង​វីរុស។

  • ក្រសួងសុខាភិបាល បន្ថែម​វ៉ាក់សាំង​បង្ការ COVID-19 មួយ​ប្រភេទ​ទៀត​ទៅ​​ក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង​​ដែល​ត្រូវ​​​ចាក់​ជូន​ប្រជាពលរដ្ឋ

    ក្រសួងសុខាភិបាល បន្ថែម​វ៉ាក់សាំង​បង្ការ COVID-19 មួយ​ប្រភេទ​ទៀត​ទៅ​​ក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង​​ដែល​ត្រូវ​​​ចាក់​ជូន​ប្រជាពលរដ្ឋ

    កាលពី​ថ្ងៃទី 5 វិច្ឆិកា កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មួយ​ប្រភេទ​ទៀត​ដែលមាន​ឈ្មោះថា COVAXIN សម្រាប់​ប្រយុទ្ធ​តតាំង​នឹង​ជំងឺឆ្លង​នេះ ក្នុង​លក្ខខណ្ឌ​បន្ទាន់។

    វ៉ាក់សាំង COVAXIN នេះ គឺជា​ជម្រើស​ថ្មី និង​ជា​អាវុធ​ថ្មី​មួយទៀត​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​របស់ កម្ពុជា នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស COVID-19។

    វ៉ាក់សាំង​ដែល​ត្រូវបាន​ផលិត​នៅ ប្រទេស​ឥណ្ឌា នេះ ត្រូវបាន​កំណត់ឱ្យ​ប្រើប្រាស់​សម្រាប់តែ​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ​ប៉ុណ្ណោះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​កម្ពុជា។

    សូមបញ្ជាក់ថា វ៉ាក់សាំង Covaxin នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឱ្យប្រើ​បន្ទាន់ បន្ទាប់ពី​ក្រុមប្រឹក្សាបច្ចេកទេស (TAG) បាន​ស្នើឱ្យ​ដាក់បញ្ចូល​វ៉ាក់សាំង​នេះ​ទៅក្នុង​បញ្ជី​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ កាលពី​ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2021។

    COVAXIN គឺជា​វ៉ាក់សាំង​បង្ការ COVID-19 ដែល​ត្រូវបាន​អភិវឌ្ឍ និង​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Hyderabad នៃ ​ប្រទេស​ឥណ្ឌា។

  • ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 នៃ​រដ្ឋសភា

    ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 នៃ​រដ្ឋសភា

    នៅ​ព្រឹក​ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 រដ្ឋសភា ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី 5 វិច្ឆិកា។

    អមដំណើរ​សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ ក៏​រួមមាន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ជាច្រើនរូប​ផ្សេងទៀត។

    ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី 1 នៃ​រដ្ឋសភា បានទទួល​មរណភាព​កាលពី​ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នៅវេលា​ម៉ោង 10 និង 31 នាទី ព្រឹក ក្នុង​ជន្មាយុ 79 ឆ្នាំ ដោយ​រោគាពាធ។

    សព​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ត្រូវបាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី ពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

  • កូនស្រី​របស់ Thaksin បង្ហាញខ្លួន! នេះ​ជាស​ញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​របស់​ត្រកូល Shinawatra

    កូនស្រី​របស់ Thaksin បង្ហាញខ្លួន! នេះ​ជាស​ញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​របស់​ត្រកូល Shinawatra

    ក្រោយ​ការចាកចេញ​ពី​ការក្ដោបក្ដាប់​អំណាច​នៅ ប្រទេស​ថៃ ត្រកូល Shinawatra ទំនងជា​កំពុង​ចិញ្ចឹមចិត្ត​វិល​ត្រលប់​មកវិញ ហើយ​សញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​នេះ នោះ​គឺ​ការបង្ហាញ​ខ្លួន​របស់ Paetongtarn ដែលជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra។

    Paetongtarn Shinawatra កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin កាលពី​ថ្ងៃទី 28 តុលា បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​មួយ​របស់​បក្ស ភឿ​ថៃ នៅក្នុង​ខេត្ត Khon Kaen ភាគ​ឦសាន​ប្រទេស​នេះ។

    ក្រោយ​ការ​ឧទ្ទេសនាម​របស់ Sompong Amornwiwat ជា​មេដឹកនាំ​បក្ស​ដែល​ជិត​អស់​អាណត្តិ Paetongtarn ក៏បាន​ឡើង​បញ្ចេញមតិ ហើយ​បានប្រកាសថា ខ្លួន​ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​យោបល់​ផ្នែក​នវានុវត្តន៍ និង​សមាហរណកម្ម នៃ​បក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​ប្រទេស​ថៃ។

    Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល Paetongtarn បានប្រកាស​ជា​សាធារណៈ​អំពី​ការចូល​ប្រលូក​ក្នុង​វិស័យ​នយោបាយ​របស់ខ្លួន​នៅ​ប្រទេស​ថៃ។

    លោក Thaksin ដែលជា​ស្ថាបនិក​នៃ​បក្ស​ភឿ​ថៃ ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​អំពើពុករលួយ និង​ត្រូវ​រស់នៅ​និរទេស​ខ្លួន​ចាប់តាំងពី​ពេល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ប៉ុន្តែ ឥទ្ធិពល​នយោបាយ​រប​ស់លោក បាន​ជួយ​ឱ្យ​សមាជិក​ត្រកូល Thaksin មួយចំនួន​បាន​ចូលកាន់​កាប់​មុខនាទី​ជាន់ខ្ពស់។ ប្អូនថ្លៃ Somchai Wongsawat និង​ប្អូនស្រី​បង្កើត Yingluck Shinawatra របស់លោក Thaksin ធ្លាប់ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ ពួកគេ​ត្រូវ​ចាក​ចេញពី​តំណែង​មុន​អាណត្តិ ហើយ​ត្រូវ​ជួប​បញ្ហា​ផ្លូវច្បាប់​មួយចំនួន។

  • (វីដេអូ)-អនាគត ទូរស័ព្ទ​ឆ្លាត​វៃ​នឹង​លែងមាន​គេ​ប្រើ​ច្រើន ព្រោះតែ​វា​ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​មហា​ឆ្លាត​វៃ

    (វីដេអូ)-អនាគត ទូរស័ព្ទ​ឆ្លាត​វៃ​នឹង​លែងមាន​គេ​ប្រើ​ច្រើន ព្រោះតែ​វា​ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​មហា​ឆ្លាត​វៃ

    មួយ​ក្នុងចំណោម​ការ​ព្យាករ​អំពី​អនាគត​របស់​ឧបករណ៍​បច្ចេកវិទ្យា ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុម​អ្នកជំនាញ នោះ​គឺថា ដល់​ឆ្នាំ 2030 ទូរស័ព្ទ​នឹង​លែង​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​ដូច​បច្ចុប្បន្ន ហើយ​វា​ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​ទំនាក់ទំនង​ដែល​ទំនើប​ជាង​នេះ ដូចជា​វ៉ែនតា​ឆ្លាត​វៃ​ជាដើម។

    Google Glass គឺជា​វ៉ែនតា​ឆ្លាត​វៃ​ដំបូង​គេ​មួយ​របស់​ពិភពលោក ដោយ​ត្រូវបាន​ផលិតឡើង​កាលពី​ឆ្នាំ 2013 ដោយ​ក្រុមហ៊ុន Google របស់ អាមេរិក។ ប៉ុន្តែ ឧបករណ៍​នេះ កាលណោះ​នៅមាន​រូបរាង​ចម្លែក និង​មិនទាន់​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា​នៅឡើយ ទើប​មិនមាន​ការគាំទ្រ​ច្រើន។

    ក៏ប៉ុន្តែ បន្ទាប់ពី​មាន​ក្រុមហ៊ុន​កាន់តែច្រើន ចូលរួម​ប្រកួតប្រជែង​ក្នុងការ​អភិវឌ្ឍ និង​ផលិត​វ៉ែនតា​ឆ្លាត​វៃ AR (Augmented reality) និង VR (Virtual reality) អនាគត​នៃ​ទីផ្សារ​វ៉ែនតា​ឆ្លាត​វៃ ក៏ត្រូវ​បាន​គេ​មើលឃើញ​កាន់តែច្បាស់។

    ក្នុងចំណោម​ក្រុមហ៊ុន​ដែល​កំពុង​ចាប់ផ្ដើម​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​វ៉ែនតា​ឆ្លាត​វៃ គេ​ឃើញថា Meta (ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន Facebook) បានចាប់ផ្ដើម​តាម​ចាប់​បច្ចេកវិទ្យា​ចក្រវាល​និម្មិត ដែល​ក្រុមហ៊ុន​នេះ​ហៅថា metaverse ដោយ​ប្រើប្រាស់​វ៉ែនតា​ឆ្លាត​វៃ​ជា​គោល។ ចំណែក Apple ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​វ៉េ​នតា AR ដោយឡែក និង​អាច​ចេញលក់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ក្រៅពីនេះ​ក៏​នៅមាន​ក្រុមហ៊ុន​លំដាប់​យក្ស​ជាច្រើន​ផ្សេងទៀត បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះដែរ មានដូចជា​ក្រុមហ៊ុន Microsoft ជាដើម។

    បច្ចុប្បន្ន វ៉ែនតា​ឆ្លាត​វៃ ត្រូវ​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​មេ​រប​ស់វា មានដូចជា​ទូរស័ព្ទ​ឆ្លាត​វៃ​ជាដើម ទើប​អាច​ដំណើរការ​បានល្អ 100%។ នាពេលខាងមុខ នៅពេល​បច្ចេកវិទ្យា​បាន​រីកចម្រើន​ខ្លាំង រាល់​កម្មវិធី និង​ឧបករណ៍​ទាំងឡាយ​ដែល​នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ នឹង​ត្រូវបាន​ប្រមូល​ដាក់ចូល​ទៅក្នុង​វ៉ែនតា​ឆ្លាត​វៃ​មិនខានឡើយ៕