Author: សឿន សំណាង

  • តម្លៃ​មាស​ពិភពលោក ដាំ​ក្បាល​ចុះ ក្រោយ​មាន​ដំណឹង​ថា​ ​ប្រធាន Fed នឹង​កាន់តំណែង​នេះ​ក្នុង​អាណត្តិ​បន្ទាប់

    តម្លៃ​មាស​ពិភពលោក ដាំ​ក្បាល​ចុះ ក្រោយ​មាន​ដំណឹង​ថា​ ​ប្រធាន Fed នឹង​កាន់តំណែង​នេះ​ក្នុង​អាណត្តិ​បន្ទាប់

    មាស​ក្នុង​មួយ អោន (1 ounce = 8.29426 ជី) ធ្លាក់​ថ្លៃ​ជាង 40 ដុល្លារ​អាម៉េរិក កាលពី​យប់​ម្សិលមិញ ដោយមាន​តម្លៃ​ក្បែរ 1,800 ដុល្លារ ក្រោយពី​មាន​ព័ត៌មាន​ថា ប្រធាន​របស់ Fed ត្រូវបាន​ជ្រើសតាំង​សម្រាប់​អាណត្តិ​ទី​ពីរ។

    ការជួញដូរ​ចុងក្រោយ​នៃ​ថ្ងៃទី 22 វិច្ឆិកា តម្លៃ​មាស​ពិភពលោក​ប្រគល់​ភ្លាម បាន​ធ្លាក់​មក​នៅត្រឹម 1,804 ដុល្លារ ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី 5 វិច្ឆិកា។ ប​ប្ចុ​ប្បន្ន មាស​ក្នុង​មួយ អោន ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 1,809 ដុល្លារ។

    មូលហេតុ​ដែលនាំឱ្យ​តម្លៃ​មាស​ធ្លាក់ចុះ​ជាង 2% កាលពី​យប់ម្សិល​មិញ​គឺ​ដោយសារ​ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ បន្ទាប់ពី​ប្រធាន Fed លោក Jerome Powell ត្រូវបាន​ជ្រើសតាំង​សម្រាប់​អាណត្តិ​ទី​ពីរ។ ប្រការនេះ​ធ្វើឱ្យ​មានការ​រំពឹងថា ធនាគារកណ្ដាល​របស់ អាម៉េរិក អាច​នឹង​បន្ត​ដក​ខ្ទង់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច។

    ប្រាក់​ដុល្លារ​ឡើងថ្លៃ ធ្វើឱ្យ​មាស​ឡើងថ្លៃ​សម្រាប់​អ្នកទិញ​ជា​ជនបរទេស។ អត្រា​ការប្រាក់​កើនឡើង​ក៏​នាំឱ្យ​ការចំណាយ​លើ​ឱកាស​នៃ​ការក្ដោបក្ដាប់​ទ្រព្យ​មិន​បង់​ការប្រាក់​ដូចជា​មាស ត្រូវ​កើនឡើង​ផងដែរ។

    ក្រុមមន្ត្រី​របស់ Fed (Federal Reserve System/ធនាគារ​កណ្ដាល​របស់​ សហរដ្ឋ​អាម៉េរិក) នឹង​លើកយក​បញ្ហា​នៃ​ការដក​ខ្ទង់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​អតិផរណា នៅក្នុង​ខែធ្នូ​ខាងមុខ។

    មាស​ត្រូវបាន​ព្យាករ​ថា នឹងមាន​តម្លៃ​ចន្លោះ​ពី 1,800 ទៅ 1,850 ដុល្លារ/អោន រហូតដល់​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ 2021៕

  • COVID-19! ករណី​ឆ្លង​ថ្មី​នៅ កម្ពុជា កើន​ឡើង​ ធៀប​នឹង​ 37 នាក់ កាលពី​ម្សិល​មិញ

    COVID-19! ករណី​ឆ្លង​ថ្មី​នៅ កម្ពុជា កើន​ឡើង​ ធៀប​នឹង​ 37 នាក់ កាលពី​ម្សិល​មិញ

    កម្ពុជា​ បាន​រកឃើញ​​​ករណី​​​​ស្លាប់​ថ្មី 4 នាក់ និង​ឆ្លង​ថ្មី​ 39 នាក់​ កាលពី​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 22 វិច្ឆិកា ឆ្នាំ 2021។

    ទិន្នន័យ​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ដូចខាងក្រោម៖

    នៅ​ទូទាំង​ពិភពលោក ករណី COVID-19 មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ 26,878 នាក់
    -ឆ្លង​សរុប ៖ 258,441,075 នាក់
    -ស្លាប់​សរុប ៖ 5,174,847 នាក់
    -ជាសះស្បើយ​សរុប ៖ 233,913,010 នាក់

  • ហាង​កាហ្វេ​មួយ ទទួល និង​បណ្ដុះបណ្ដាល​បុគ្គលិក​វ័យ​ចំណាស់ ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ភ្លេចភ្លាំង

    ហាង​កាហ្វេ​មួយ ទទួល និង​បណ្ដុះបណ្ដាល​បុគ្គលិក​វ័យ​ចំណាស់ ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ភ្លេចភ្លាំង

    «ហាង​កាហ្វេ​នៃ​ការចងចាំ» (Memory Café) នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កំពុងតែ​នាំមុខគេ​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​ភ្លេចភ្លាំង​នៅលើ​មនុស្ស​ចាស់ ដោយ​ធ្វើការ​បណ្ដុះបណ្ដាល​ពួកគាត់​ឱ្យក្លាយ​ជា​អ្នកទទួល​ភ្ញៀវ ឬ អ្នក​ឆុង​កាហ្វេ ដើម្បី​មានឱកាស​ច្រើន​ក្នុងការ​សំណេះសំណាល​ជាមួយ​ភ្ញៀវ។

    សារព័ត៌មាន Global Times ថ្មីៗនេះ​បាន​ចុះផ្សាយ​វីដេអូ​មួយ​ស្ដីពី​ហាង​កាហ្វេ Memory Café ដែល​ជ្រើសរើស និង​បណ្ដុះបណ្ដាល​បុគ្គលិក​វ័យ​ចំណាស់។

    លោកយាយ​វ័យ 80 ឆ្នាំ ឈ្មោះ Guo Luli ដែលជា​បុគ្គលិក​ស្ម័គ្រចិត្ត​មួយរូប​របស់​ហាង​កាហ្វេ Memory Café បានឱ្យដឹងថា៖ «ខ្ញុំ​បាន​ធ្វើជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៅ​ហាង​កាហ្វេ​នេះ​ជិត​មួយឆ្នាំ​ហើយ។ ការងារ​នេះ​បាន​ជួយ​ដល់​ពួកយើង​ច្រើនណាស់។ យើង​បាន​រៀនអ្វីៗជាច្រើន​អំពី​មុខរបរ​ឆុង​កាហ្វេ។ យើង​ទទួលបាន​ការបណ្ដុះបណ្ដាល និង​អនុវត្ត​ជា​រៀងរាល់​សប្ដាហ៍។ ការងារ​នេះ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​អាការ​នៃ​ជំងឺ​ភ្លេចភ្លាំង។ ខ្ញុំ​ត្រូវ​ចងចាំ​នូវ​លំដាប់លំដោយ​នៃ​ការ​ឆុង​កាហ្វេ និង​អនុវត្ត​វា។ ខ្ញុំ​ត្រូវ​កត់ត្រា​កិច្ចការ​ទាំងនេះ។ ការងារ​នេះ​មាន​អត្ថប្រយោជន៍​ណាស់»។

    ចំណែក​លោកយាយ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​ម្នាក់ទៀត ឈ្មោះ  Peng Mingxiang បាន​ប្រាប់ថា៖ «ដើម្បី​មាន​អារម្មណ៍​ដូច​យុវវ័យ យើង​ត្រូវការ​ការយល់​ចិត្ត ការសន្ទនា​គ្នា​ដោយ​សេរី​ជាមួយ​ពួកគេ។ ពួកគេ​ប្រព្រឹត្ត​ល្អ និង​គោរព​ពួកយើង។ យើង​ក៏មាន​ភាពជឿជាក់»។

    ហាង​កាហ្វេ Memory ស្ថិតនៅក្នុង​ខណ្ឌ Pudong នៃ​ទីក្រុង​សៀង​ហៃ បាន​រកឃើញ​វិធីសាស្ត្រ​ដោយឡែក​ដើម្បី​ជួយ​ដល់​មនុ​ស្សវ័យ​ចំណាស់ ក្នុងការ​ទប់ទល់​នឹង​ភាព​ចាស់ជរា ដោយ​ការបង្កើត​សកម្មភាព​អន្តរ​កម្ម​ជា​ក្រុម ក្នុងនោះ លោកយាយ និង​លោកតា មានឱកាស​ហ្វឹកហាត់​ការចងចាំ។

    បុគ្គលិក​ស្ម័គ្រចិត្ត​វ័យ​ចំណាស់​នៅក្នុង​ហាង​នេះ ត្រូវបាន​បណ្ដុះ​បណ្ដាលឱ្យ​ក្លាយជា​អ្នកទទួល​ភ្ញៀវ អ្នក​គិតលុយ និង​អ្នក​ឆុង​កាហ្វេ​ជាដើម។

    សកម្មភាព​នៅ​ហាង​កាហ្វេ​នេះ ជួយ​ឱ្យ​ពួកគាត់​មាន​ទំនាក់ទំនង​សង្គម​ច្រើនជាង​មុន និង​ធ្វើឱ្យ​វ័យ​ចំណាស់​របស់​ពួកគាត់​មាន​ភាពស្រស់​ស្រាយ​ជាង​មុន។

    យោងតាម​ស្ថិតិ​ថ្មី​បំផុត ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន មាន​មនុស្ស​ចាស់​អាយុ​ចាប់ពី 60 ឆ្នាំ​ឡើង ចំនួន 23.5% ធៀប​នឹង​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ។ ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ក្រុមមនុស្ស​វ័យ​ចំណាស់​គឺជា​ឧបសគ្គ​មួយ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន៕

  • អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាព

    អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាព

    អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Chun Doo-hwan ដែល​បាន​ដឹកនាំ​ប្រទេស​មួយរូប បន្ទាប់ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បានទទួល​មរណភាព​ក្នុង​វ័យ 90 ឆ្នាំ។

    លោក Chun Doo-hwan បានទទួល​មរណភាព​ដោយ​ជំងឺ​ឆ្អឹង នៅវេលា​ម៉ោង 8 និង 40 នាទី (ម៉ោង 6 និង 40 នាទី នៅ ភ្នំពេញ) ព្រឹក​នេះ នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន ក្នុង​តំបន់ Seodaemun-gu នៃ រដ្ឋធានី​សេ​អ៊ូ​ល។

    លោក Chun Doo-hwan គឺជា​ប្រធានាធិបតី​ទី 5 របស់ កូរ៉េខាងត្បូង ដែល​កាន់អំណាច​ចន្លោះ​ឆ្នាំ 1980-1988 បន្ទាប់ពី​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បណ្ដាលឱ្យ​ប្រធានាធិបតី Park Chung-hee ត្រូវបាន​គេ​ធ្វើឃាត។

    អតីត​ប្រធានាធិបតី​រូបនេះ កើត​នៅក្នុង​ទីរួមស្រុក​ដ៏​ក្រីក្រ Yulgok-myeonm ក្នុងសម័យ​អាណានិគមនិយម​ជប៉ុន។ លោក​បាន​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព​តាំងពី​នៅ​រៀន​វិទ្យាល័យ រហូតដល់​បាន​ឡើងជា​មេបញ្ជាការ​កាលពី​ឆ្នាំ 1979។

    លោក​ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​បង្ក្រាប​លើ​ហ្វូង​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ 1980 នៅ Gwangju។

    ឆ្នាំ 1995 លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បះបោរ ក្បត់ជាតិ និង​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មិន​ព្រម​ចូល​សវនាការ និង​គេចខ្លួន​ទៅ​ស្រុកកំណើត។ ក្នុង​សវនាការ​ក្រោយមក អតីត​ប្រធានាធិបតី Chun បានប្រកាសថា រដ្ឋប្រហារ​យោធា​ដែល​លោក​បាន​ធ្វើឡើង​គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ទឹកដី​ពី​វិបត្តិ​នយោបាយ។

    ឆ្នាំ 1996 លោក Chun ត្រូវបាន​កាត់ទោស​ប្រហារជីវិត ក្នុង​គ្រា​ដែល​សម្ព័ន្ធមិត្ត​របស់លោក គឺ អតីត​ប្រធានាធិបតី Roh Tae-woo ក៏​ត្រូវបាន​កាត់ទោស​ដា​ក់​ពន្ធនាគារ​រាប់សិប​ឆ្នាំ។ ប៉ុន្តែ តុលាការ​កំពូល បាន​សម្រាលទោស ដោយសារតែ​លោក​ធ្លាប់បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ នា​ឆ្នាំ 1988។

    លោក Chun Doo-hwan និង​លោក Roh Tae-woo សុទ្ធតែ​ទទួលបាន​ការលើកលែង​ទោស​ពី​អតីត​ប្រធានាធិបតី Kim Young-sam កាលពី​ឆ្នាំ 1997។ ឆ្នាំ 2020 លោក Chun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ (ក្រៅ​ឃុំ) ​8 ​ខែ​ ដោយ​សារ​តែ​​បាន​បរិហារកេរ្តិ៍​លើ​សកម្មជន​ប្រជាធិបតេយ្យ​មួយរូប​ដែល​បាន​ស្លាប់​ទៅហើយ៕

  • អាជ្ញាធរ​ចិន​ គូស «បន្ទាត់​ក្រហម» សម្រាប់​​​ក្រុមហ៊ុន​របស់ ចិនតៃវ៉ាន់ ដែល​ចង់​រក​ស៊ី​នៅ​ ចិន​ដីគោក

    អាជ្ញាធរ​ចិន​ គូស «បន្ទាត់​ក្រហម» សម្រាប់​​​ក្រុមហ៊ុន​របស់ ចិនតៃវ៉ាន់ ដែល​ចង់​រក​ស៊ី​នៅ​ ចិន​ដីគោក

    អាជ្ញាធរ​ចិនដីគោក តម្រូវឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់ ដែល​រកស៊ី​នៅលើ​ទឹកដី​របស់ ចិនដីគោក ត្រូវ​គូស «បន្ទាត់​ខណ្ឌ​ចែក» ជាមួយនឹង​ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​របស់ កោះ​តៃវ៉ាន់ បើសិនជា​ចង់រក​ប្រា​ក់នៅ ប្រទេស​ចិន។

    ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua កាលពី​ថ្ងៃទី 22 វិច្ឆិកា កន្លង​ទៅ​ បានចេញ​ផ្សាយ​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​របស់ ប្រទេស​ចិន បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​តៃវ៉ាន់ Far Eastern Group ដែល​រកស៊ី​ក្នុង​វិស័យ​ជាច្រើន​ដូចជា សណ្ឋាគារ និង គីមី​ប្រេង ជាដើម ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​បញ្ហា​ពន្ធដារ សុវត្ថិភាព​លើ​បញ្ហា​ផ្ទុះ​ឆេះ។ ការស៊ើបអង្កេត​កំពុង​ត្រូវបានធ្វើ​បន្ត។

    ក្នុងការ​ប្រកាស​ចុងក្រោយ​នៃ​ថ្ងៃ​ដដែល​ដើម្បី​ឆ្លើយតប​នឹង​សំនួរ​ដែល​សួរថា តើ​ចំណាត់ការ​នេះ​អាច​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល សំដៅលើ​កងកម្លាំង​ដែល «ព្យាយាម​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់» ដែរ ឬទេ ការិយាល័យ​ទទួលបន្ទុក​បញ្ហា​កោះ​តៃវ៉ាន់ របស់ ប្រទេស​ចិន មិនបាន​អធិប្បាយ​ផ្ទាល់ ដោយ​គ្រាន់តែ​លើកឡើង​ជាថ្មី​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ Xinhua។

    ប៉ុន្តែ ការិយាល័យ​ខាងលើ​បាន​បង្ក​ត់​ធ្ងន់​ថា ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​របស់ កោះ​តៃវ៉ាន់ «គំរាមកំហែង​ដល់​សន្តិភាព ស្ថិរភាព និង​បង្ក​ការខូចខាត​ផលប្រយោជន៍​របស់​ប្រជា​ជាតិចិន»។ ចិន ទទួល​ស្វគម​ន៍​បណ្ដា​ក្រុមហ៊ុន​តៃវ៉ាន់ ប៉ុន្តែ មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ឯករាជ្យ​របស់ តៃវ៉ាន់ មករក​ប្រា​ក់នៅ ប្រទេស​ចិន។

    ចិនដីគោក តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​រង់ចាំតែ​កា​រប​ម្រួ​ប​បង្រួម​ប៉ុណ្ណោះ ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ បើសិនជា​ចាំបាច់៕

  • Pfizer និយាយថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព 100% ចំពោះ​ក្មេង​ជំទង់ ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ

    Pfizer និយាយថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព 100% ចំពោះ​ក្មេង​ជំទង់ ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ

    ក្រុមហ៊ុន Pfizer បានប្រកាស​ឱ្យដឹងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ពួកគេ ធានា​ប្រសិទ្ធភាព 100% នៅលើ​ក្មេង​អាយុ​ចាប់ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ បន្ទាប់ពី​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ ដែល​នេះ​គឺជា​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ជាង 2,000 នាក់។

    កាលពី​ម្សិលមិញ (22 វិច្ឆិកា 2021) Pfizer បាន​បញ្ចេញ​ទិន្នន័យ​ស្ដីពី​ការពិសោធ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 2,228 នាក់ បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ពុំបាន​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ណាមួយ​ទេ នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ត្រូវបាន​តាមដាន​យ៉ាងតិច 6 ខែ បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរ។

    ក្នុងចំណោម​ក្មេង​ជំទង់​អាយុ​ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ រាប់ពាន់នាក់​ដែល​បាន​ចូលរួម​ការពិសោធ មាន 30 ករណី​ឆ្លង COVID-19 ដែលមាន​រោគសញ្ញា ប៉ុន្តែ ពួកគេ​សុទ្ធតែជា​អ្នកប្រើប្រាស់​ថ្នាំ​បញ្ឆោត (placebo)។ Pfizer យល់ថា ប្រការ​នេះ​​មាន​ន័យ​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព 100% នៅលើ​មនុស្ស​គ្រប់​ភេទ គ្រប់​ជាតិ​សាសន៍ គ្រប់​កម្រិត​នៃ​ភាពធាត់​និង​មាន​ជំងឺ​ប្រចាំកាយ។

    ការព្រួយបារម្ភ​តែមួយគត់​ចំពោះ​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ដល់ 15 ឆ្នាំ នោះ​គឺ​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​នៅ​ក្មេងប្រុស​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យ​បានបង្ហាញ​ថា នេះ​គឺជា​បញ្ហា​កម្រ​បំផុត ហើយ​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ធំធេង​ជាង​ហានិភ័យ។ វីរុស COVID-19 ក៏បង្ក​ឱ្យមាន​បញ្ហា​រលា​ក​សាច់ដុំ​បេះដូង​ក្នុង​អត្រា​ខ្ពស់ជាង និង​ធ្ងន់ធ្ងរ​ជាង។

    នាយក​ប្រតិបត្តិ​របស់ Pfizer លោក Albert Bourla បាន​អះអាងថា លទ្ធផល​នៃ​ការពិសោធ​ខាងលើ​នឹង​ជួយ​ឱ្យ​វ៉ាក់សាំង Pfizer ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​នៅ សហរដ្ឋ​អាម៉េរិក និង​នៅ​ទូទាំង​សកលលោក។ បច្ចុប្បន្ន វ៉ាក់សាំង Pfizer ទើបតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើង​ប៉ុណ្ណោះ៕

  • វៀតណាម ជិត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «ស្ពាន​គោក​លើ​ពពក» ខ្ពស់​ជាងគេ​បង្អស់​នៅ​ប្រទេស​នេះ

    វៀតណាម ជិត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «ស្ពាន​គោក​លើ​ពពក» ខ្ពស់​ជាងគេ​បង្អស់​នៅ​ប្រទេស​នេះ

    ស្ពាន ម៉ុង​សេន (Cau Mong Sen) ដែល​ស្ថិតនៅក្នុង​ខេត្ត​ឡាវ​កាយ (Lao Cai) ភាគ​ខាងជើង​ប្រទេស​វៀតណាម កំពុង​ត្រូវបាន​សាងសង់​ដំណាក់កាល​ចុងក្រោយ​ដើម្បី​អាច​សម្រេច​ជា​ស្ថាពរ​នៅ​ចុងខែ​ធ្នូ 2021។

    តាម​គម្រោង ស្ពាន​នេះ​នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ថ្ងៃទី 31 ធ្នូ 2021។ បច្ចុប្បន្ន ក្រុម​អ្នកវិនិយោគ​កំពុង​ញាប់ដៃ​ញាប់ជើង​ដើម្បី​បង្ហើយ​ការងារ​ចុងក្រោយ ឱ្យ​ត្រូវ​តាម​ពេលវេលា។

    ក្រោយ​ការសាងសង់​រយៈពេល 2 ឆ្នាំ គម្រោង​ស្ពាន ម៉ុង​សេន ដែល​ប្រើប្រាស់​ទុនវិនិយោគ​ជាង 450 ពាន់​លាន​ដុង (ជាង 19 លាន​ដុល្លារ​អាម៉េរិក) សាងសង់​សម្រេចបាន 90% រួចហើយ ធៀប​នឹង​ការគ្រោងទុក។

    ស្ពាន ម៉ុង​សេន គឺជា​ស្ពាន​ឆ្លងកាត់​តំបន់​គោក​ដែលមាន​បង្គោល​ខ្ពស់​ជាងគេ​បង្អស់​នៅ ប្រទេស​វៀតណាម។

    ស្ពាន​ដែលមាន​គន្លង​សម្រាប់​រថយន្ត​ចំនួន 4 នេះ មាន​ប្រវែង​ជាង 600 ម៉ែត្រ ទទឹង 14.5 ម៉ែត្រ និង​មាន​បង្គោល​ទ្រ​ចំនួន 5។ ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពីដើម​ខែកុម្ភៈ 2020៕

  • ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ នឹង​សាង​សង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក

    ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ នឹង​សាង​សង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក

    ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មាន​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក ដោយ​ប្រភព​ទុនវិនិយោគ​ដំបូង​នឹង​ត្រូវបាន​ប្រមូល​ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់​ប្រាក់​ឌីជីថល​មួយ​នេះ។

    ប្រធានាធិបតី Nayib Bukele នៃ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ (El Salvador) កាលពី​ថ្ងៃទី 20 វិច្ឆិកា បានប្រកាស​អំពី​ព័ត៌មាន​ខាងលើ​នៅក្នុង​គ្រា​ដែល​ប្រទេស​អាម៉េរិក​ខាងត្បូង​នេះ រួម​ជាមួយនឹង​ប្រទេសផ្សេងៗក្នុង​តំបន់ កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​វិស័យ​ប្រាក់​ឌីជីថល។

    លោក Nayib Bukele បាន​ថ្លែងថា ប្រទេស​របស់លោក​នឹង​ចាប់ផ្ដើម​ប្រមូល​ទុនវិនិយោគ​ពី​ប្រភព​មូល​ប​ត្រ​បំណុល Bitcoin នៅពេល​វា​ត្រូវបាន​បោះផ្សាយ​ក្នុង​ឆ្នាំ 2022។

    ទីក្រុង​នេះ​នឹង​មាន​រូប​រាង​មូល​ តំណាង​ឱ្យ​រូប​រាង​របស់​កាក់​ ហើយ​នឹង​ត្រូវ​បាន​សាង​សង់​នៅ​​ភាគ​អាគ្នេយ៍នៃ​តំបន់​ La Unión ​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ លោក Nayib Bukele។

    ប្រធានាធិបតី Nayib Bukele នៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador)

    ទន្ទឹមនឹង​ការប្រកាស​របស់​មេដឹកនាំ​នៃ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ប្រធាន​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Blockstream លោក Samson Mow ឱ្យដឹងថា ចំពោះមុខ អែល​សាល់​វ៉ា​ឌ័​រ នឹង​បោះផ្សាយ​មូល​ប​ត្រ Bitcoin តម្លៃ 1,000 លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្រមូល​ទុនវិនិយោគ​សម្រាប់​គម្រោង​សាងសង់​ខាងលើ។

    សូម​រំលឹកថា កាលពី​ខែកញ្ញា ឆ្នាំ 2021 ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅក្នុង​ការជួញដូរ ទូទាត់ បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​ច្បាប់ Bitcoin កាលពី​ថ្ងៃទី 9 មិថុនា 2021៕

  • លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដាក់សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន

    លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដាក់សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន

    កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី 30 នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 22 វិច្ឆិកា 2021 តាមរយៈ​ប្រព័ន្ធ​វីដេអូ។

    នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បានដាក់​សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន ក្នុងនោះ​មានដូចជា ការកសាង​ផ្ទះ​ដែល​ប្រកបដោយ​សន្តិភាព​ជាមួយ​គ្នា ឬ ការកសាង​ផ្ទះ​ដ៏​ស្រស់ស្អាត​ជាមួយគ្នា។ល។

    នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ សម្ដេច​តេជោ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ចិន​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ COVID-19 និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​-សង្គម​នៅ​ កម្ពុជា​ ផងដែរ​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ខាងក្រោម៖

  • (វីដេអូ)-លុយ «ធ្លាក់​មក​លើ​ផ្លូវ​​ដូច​ទឹកភ្លៀង» ប្រជាជន​អាម៉េរិក នាំគ្នា​ចុះ​រើស ធ្វើឱ្យ​ប៉ូលិស​មានការ​ងារ​ត្រូវធ្វើ​បន្ត

    (វីដេអូ)-លុយ «ធ្លាក់​មក​លើ​ផ្លូវ​​ដូច​ទឹកភ្លៀង» ប្រជាជន​អាម៉េរិក នាំគ្នា​ចុះ​រើស ធ្វើឱ្យ​ប៉ូលិស​មានការ​ងារ​ត្រូវធ្វើ​បន្ត

    «នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ» Bagby និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram «មាន​គេ​ធ្វើឱ្យ​ប្រាក់​ជ្រុះ​ពេញ​ផ្លូវ​ល្បឿ​លឿន»។

    ព្រឹក​ថ្ងៃទី 19 វិច្ឆិកា រថយន្ត​ពាស​ដែក​មួយគ្រឿង​ដែល​ដឹក​ប្រាក់ បាន​បើកទ្វារ ធ្វើឱ្យ​ថង់​ដាក់​ប្រាក់​ធ្លាក់​ពីលើ​រថយន្ត នាំឱ្យ​ប្រាក់​ជ្រុះ​មកលើ​ដី​ដូច​ទឹកភ្លៀង នៅលើ​ផ្លូវ San Diego។ ម្ចាស់​រថយន្ត​នានា​នាំគ្នា​ឈប់​រថយន្ត ហើយរ​ត់ទៅ​រើស​ប្រាក់ ធ្វើឱ្យ​ផ្លូវត្រូវ​ស្ទះ​យ៉ាងយូរ។ នេះ​បើតាម​ក្រុម​ល្បាតផ្លូវ​ល្បឿន​លឿន California (CHP)។

    មនុស្ស​យ៉ាងតិច​ចំនួន​ពីរ​នាក់​ត្រូវ​បានដាក់​ខ្នោះដៃ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ពួកគេ​បិទ​សោ​រថយន្ត ធ្វើឱ្យ​ស្ទះផ្លូវ។

    «យើង​កំពុងធ្វើការ​ជាមួយ FBI។ នេះ​គឺជា​ការស្រាវជ្រាវ​រួម ហើយ​បើសិន​អ្នក​រើស​បាន​ប្រាក់ ខ្ញុំ​ស្នើឱ្យ​អ្នក​យកមក​ប្រគល់ជូន​ការិយាល័យ CHP ជាបន្ទាន់ ព្រោះថា យើង​មាន​ភ័ស្ដុតាង​ច្រើនណាស់» អ្នកនាំពាក្យ​របស់ CHP បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ។

    ហេតុការណ៍​ខាងលើ​កើតឡើង​នៅលើ​ដងផ្លូវ Interstate 5 នៅ Carlsbad រដ្ឋ California កាលពី​វេលា​ម៉ោង​ប្រហែល 9 និង 30 នាទី ថ្ងៃទី 19 វិច្ឆិកា 2021។

    Demi Bagby ដែលជា​អ្នកល្បីឈ្មោះ​ម្នាក់​នៅលើ​បណ្ដាញ​សង្គម ដោយមាន​អ្នកតាមដាន​ប្រមាណ 2 លាន​នាក់ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ដែល​ខ្លួន​មាន​វត្ត​មាននៅ​កន្លែងកើតហេតុ។

    Demi Bagby និយាយ​នៅក្នុង​វីដេអូ​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram ថា៖ «នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ។ មាន​គេ​ធ្វើឱ្យ​ប្រាក់​ជ្រុះ​ពេញ​ផ្លូវ​ល្បឿ​លឿន»៕