Author: សឿន សំណាង

  • (វីដេអូ)-កប៉ាល់​រាប់រយ​គ្រឿង កំពុង​បូម​ខ្សាច់​រក​​មាស​នៅក្នុង​ទន្លេ អា​ម៉ា​ហ្សូ​ន

    (វីដេអូ)-កប៉ាល់​រាប់រយ​គ្រឿង កំពុង​បូម​ខ្សាច់​រក​​មាស​នៅក្នុង​ទន្លេ អា​ម៉ា​ហ្សូ​ន

    (ប្រេ​ស៊ី​ល)-កប៉ាល់​បូម​ខ្សាច់​រាប់រយ​គ្រឿង​ដែល​ត​ភ្ជាប់​គ្នា​ជា​ជួរ ចត​ទទឹង​ផ្ទៃ​ទន្លេ ម៉ាដេរ៉ា (Madeira) ដែលជា​កំណត់​សំខាន់​នៃ​ទន្លេ អាម៉ាហ្សូន ហើយ​បញ្ឆេះ​ម៉ាស៊ីន​ជា​បន្តបន្ទាប់​ដើម្បី​បូម​ខ្សាច់​យក​មាស។

    កប៉ាល់​តម្រៀប​ជា​ជួរ​ទាំងនេះ ត្រូវបាន​គេ​ដាក់ឱ្យ​ដំណើរការ​ពាសពេញ​ផ្ទៃ​ទន្លេ ម៉ាដេរ៉ា នៅ​តំបន់ អូតាហ្សេស ( Autazes) ក្នុង​រដ្ឋ អាម៉ាហ្សូណាស (Amazonas) នៃ ប្រទេស​ប្រេ​ស៊ី​ល។

    «យើង​រាប់បាន​ប្រហែល​មិន​ក្រោម 300 គ្រឿង។ ពួកគេ​បាន​នៅ​ទីនោះ​យ៉ាងតិច 2 សប្ដាហ៍​មកហើយ ប៉ុន្តែ រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ទាំងអស់» សកម្មជន​បរិស្ថាន ដាអេនីក្លេ អាគីយ៉ា (DAnicley Aguiar) នៃ​អង្គការ​សន្តិភាព​បៃតង​ប្រេ​ស៊ី​ល បាន​ប្រាប់​ដូច្នេះ។

    ការ​បូម​ខ្សាច់រ​កមាស​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា មនុស្ស​មួយចំនួន​បាន​រកឃើញ​មាស​នៅក្នុង​ទន្លេ ម៉ាដេរ៉ា។ ទន្លេ​នេះ​មាន​បណ្ដោយ​ប្រវែង​ប្រមាណ 3,300 គីឡូម៉ែត្រ រាប់​ពី ប្រទេស​បូ​លី​វី ឆ្លងកាត់​ព្រៃ​ត្រូ​ពិ​ក​ប្រេ​ស៊ី​ល ដល់​ទន្លេ អា​ម៉ា​ហ្សូ​ន។

    អាជ្ញាធរ​ប្រេ​ស៊ី​ល បាននាំគ្នា​គេចវេះ​ពី​ការទទួលខុសត្រូវ ដោយ​អះអាងថា មិនមែនជា​ដែន​សមត្ថកិច្ច​របស់ខ្លួន៕

  • 52 នាក់​បាន​បាត់​បង់ជីវិត​ក្នុង​​ហេតុ​ការណ៍​​ផ្ទុះ​អណ្ដូងរ៉ែ នៅ រ៉ុ​ស្ស៊ី

    52 នាក់​បាន​បាត់​បង់ជីវិត​ក្នុង​​ហេតុ​ការណ៍​​ផ្ទុះ​អណ្ដូងរ៉ែ នៅ រ៉ុ​ស្ស៊ី

    (រ៉ុ​ស្ស៊ី)-មនុស្ស 52 នាក់ ក្នុងនោះ​មាន បុគ្គលិក​សង្គ្រោះបន្ទាន់ 6 នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​ធ្យូងថ្ម​នៅ​តំបន់ ស៊ី​បេ​រី (Siberia)។

    ករណី​ផ្ទុះ​ឧស្ម័ន​មេតាន នៅក្នុង​អណ្ដូង​រ៉េ​ធ្យូងថ្ម Listvyazhnaya ក្នុង​តំបន់ Kemerovo ភាគ​និរតី​នៃ​តំបន់ ស៊ី​បេ​រី បាន​កើតឡើង​កាលពី​ថ្ងៃទី 25 វិច្ឆិកា បណ្ដាលឱ្យ​ផ្សែង​រាលដាល​គ្រប់កន្លែង​នៅក្នុង​ផ្លូវ​រូង​ក្រោម​ដី​នៃ​អណ្ដូងរ៉ែ។ សមត្ថកិច្ច​ឱ្យដឹងថា មនុស្ស 52 នាក់ បាន​បាត់​បង់ជីវិត។

    ប៉ុន្មាន​ម៉ោង​ក្រោយ​ការផ្ទុះ កងកម្លាំង​សង្គ្រោះបន្ទាន់​បាន​រកឃើញ​សាកសព​ចំនួន 14 នាក់ ប៉ុន្តែ ត្រូវ​ផ្អាក​សកម្មភាព​ស្វែងរក ដោយសារ​ផ្សែង​ពុល។ ក្រុម​សង្គ្រោះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស 239 នាក់ ក្នុងនោះ​មាន 49 នាក់ រងរបួស។

    សមត្ថកិច្ច​ទទួលស្គាល់​ថា លែងមាន​ឱកាស​ក្នុងការ​សង្គ្រោះ​មនុស្ស​នៅក្នុង​ហេតុការណ៍​នេះហើយ។ មូលហេតុ​នៃ​ការស្លាប់​របស់​មនុស្ស 52 នាក់​ខាងលើ ត្រូវបាន​បញ្ជាក់ថា ដោយសារ​ពុល​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2)។

    ទីតាំង​អណ្ដូង​រ៉ែ

    សារព័ត៌មាន​រុស្ស៊ី បាន​អះអាងថា តំបន់​អណ្ដូងរ៉ែ​នេះ បំពាក់​អុកស៊ីសែន​គ្រប់​គ្រាន់​ដល់​បុគ្គលិក​ដើម្បី​រក្សា​ជីវិត​បាន 6 ម៉ោង ហើយ​បើសិន​កែសម្រួល​នឹង​អាច​អូសបន្លាយ​បានតែ​ប៉ុន្មាន​ម៉ោង​បន្ថែមទៀត​ប៉ុណ្ណោះ។

    នេះ​គឺជា​ករណី​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​ដែល​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​បំផុត​នៅ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ 2010 បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ និង​ករណី​អគ្គិភ័យ​នៅឯ​អណ្ដូងរ៉ែ Raspadskaya ដែល​បាន​នាំឱ្យ​មនុស្ស 91 នាក់ បាត់បង់​ជីវិត។

    អណ្ដូងរ៉ែ​ធ្យូងថ្ម Listvyazhnaya ធ្លាប់​កើត​មាន​ហេតុ​ការណ៍​ផ្ទុះ​ឆេះ​កាលពី​ឆ្នាំ 2004 ម្ដង​រួចមកហើយ ដែល​ទាក់ទិន​នឹងផ្សែង​ពុល​នៃ​​ឧស្ម័ន​មេតាន និង​បាន​បណ្ដាលឱ្យ​ពលករ 13 នាក់​ត្រូវស្លាប់។ ឆ្នាំ 2007 ករណី​ផ្ទុះ​មួយ​ក៏បាន​កើតឡើង​នៅឯ​អណ្ដូងរ៉ែ Ulyanovskaya ក្នុង​តំបន់ Kemerovo ធ្វើឱ្យមាន​មនុស្ស​ស្លាប់​រហូតដល់ 110 នាក់៕

  • ក្រុមតំណាងរាស្ត្រ​របស់​ សហរដ្ឋ​អាម៉េរិក ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ទៀតហើយ

    ក្រុមតំណាងរាស្ត្រ​របស់​ សហរដ្ឋ​អាម៉េរិក ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ទៀតហើយ

    តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក 5 រូប ដែល​ដឹកនាំ​ដោយ​សមាជិកសភា​ជាន់​ទាប​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ម៉ាក តា​កា​ណូ (Mark Takano) បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ បន្ទាប់ពី​តំណាងរាស្ត្រ អាម៉េរិក មួយក្រុម​ផ្សេងទៀត បានមក​កាន់​កោះ​នេះ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។

    ក្រុមតំណាងរាស្ត្រ​ខាងលើ​មាន​មនុស្ស​សរុប 17 នាក់ រួមមាន តំណាងរាស្ត្រ​បក្ស​កាន់អំណាច​នៃ​សភា​ជាន់​ទាប​ចំនួន 4 រូប តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ 1 រូប រួមជាមួយ​នឹង​ជំនួយការ​របស់​ពួកគេ បាន​មកដល់​ព្រលានយន្តហោះ សុង​សាន (Songshan) នៅ ទីក្រុង​តៃប៉ិ នៃ កោះ​តៃវ៉ាន់ តាម​យន្តហោះ C40-C របស់​កងទ័ព សហរដ្ឋ​អាម៉េរិក កាលពី​យប់​ថ្ងៃទី 25 វិច្ឆិកា។ តាម​គម្រោង ក្រុម​នេះ​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ កោះ​តៃវ៉ាន់ លោកស្រី ត្សៃ អី​ង​វិ​ន (Tsai Ing-wen) និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត ក្នុងនោះ​ក៏មាន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឈី​វ គួ​ឆេង (Chiu Kuo-cheng) ផងដែរ។

    វិទ្យាស្ថាន​អាម៉េរិក ប្រចាំ កោះ​តៃវ៉ាន់ (AIT) កាលពី​យប់​កន្លង​ទៅបាន​ប្រកាសថា ក្រុមតំណាងរាស្ត្រ​ខាងលើ​នឹង​ស្ថិតនៅ កោះ​តៃវ៉ាន់ រហូតដល់​ដំណាច់​ថ្ងៃទី 26 វិច្ឆិកា។

    យន្តហោះ C40-C របស់កងទ័ព សហរដ្ឋអាម៉េរិក

    ចាង ហ្សឺ​វ៉ៃ (Chang Zewei) អ្នកនាំពាក្យ​របស់លោក​ស្រី ត្សៃ អី​ង​វីន បាន​និយាយថា ការិយាល័យ​ប្រធានាធិបតី​​ កោះ​តៃវ៉ាន់ មានការ​ត្រេកអរ​​ខ្លាំង​ចំពោះ​ទស្សនកិច្ច ដែល​ត្រូវបាន​ធ្វើឡើង​ក្រោយពី​មានដំណើរ​ទស្សនកិច្ច​មួយ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ ដឹកនាំ​ដោយ​លោក ច​ន ឃ័​រ​នី​ន (John Cornyn) កាលពី​ថ្ងៃទី 9 វិច្ឆិកា។

    អ្នកនាំពាក្យ​ខាងលើ​បន្ថែមថា ទស្សនកិច្ច​នេះ​អាចជួយ​ឱ្យ​ទំនាន់​ទំនង និង​ការចែករំលែក​ព័ត៌មាន​រវាង សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​តំបន់ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត កាន់តែ​ស៊ីជម្រៅ។

    មន្ត្រី​ចិនដីគោក មាន​ការ​ខឹង​ខ្លាំង​ និង​​បាន​ហៅ ទស្សនកិច្ច​នៃ​ក្រុម​របស់​លើក ច​ន ឃ័​រ​នី​ន ថា​ជា​សកម្មភាព​បង្កហេតុ ហើយ​ថា​នឹង​បង្កើន​ការត្រៀម​លក្ខណៈ​សម្រាប់​ស​ង្គ្រា​ម​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ដែល ទីក្រុង​ប៉េកាំង ហៅថា «សម្ដី និង​សកម្ម​ភាព​​ខុសឆ្គង​ធ្ងន់ធ្ងរ»។

    លោក ម៉ាក តាកាណូ (Mark Takano)

    កាលពី​ខែមិថុនា តំណាងរាស្ត្រ 3 រូប​របស់ អាម៉េរិក ក៏បាន​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ រយៈពេល 3 ម៉ោង ធ្វើឱ្យ​ចិនដីគោក ខឹង​យ៉ាងខ្លាំង និង​បាន​ព្រមាន​ដល់ កោះ​តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក។ កាលពី​ខែមេសា អតីត​តំណាងរាស្ត្រ​អាម៉េរិក 1 រូប រួម​នឹង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស 2 រូប ក៏បាន​មកកាន់ កោះ​តៃវ៉ាន់ ជួបពិភាក្សា​ជាមួយ​លោកស្រី ត្សៃ អី​ង​វីន ​ផង​​ដែរ៕

  • Warren Buffett, Elon Musk និង​អ្នកជំនួញ​ល្បីឈ្មោះ​ជាច្រើន​ទៀត ក្លាយជា​មហាសេដ្ឋី​នៅពេល​មាន​អាយុ​ប៉ុន្មាន?

    Warren Buffett, Elon Musk និង​អ្នកជំនួញ​ល្បីឈ្មោះ​ជាច្រើន​ទៀត ក្លាយជា​មហាសេដ្ឋី​នៅពេល​មាន​អាយុ​ប៉ុន្មាន?

    កំពូល​អ្នកវិនិយោគ​អាម៉េរិក Warren Buffett ក្លាយជា​មហាសេដ្ឋី​នៅពេល​មាន​អាយុ 56 ឆ្នាំ ខណៈដែល ស្ថាបនិក​របស់ Facebook (បច្ចុប្បន្ន​ជា Meta) លោក Mark Zuckerberg មានទ្រព្យ 1,000 លាន​ដុល្លារ​ពេល​មាន​អាយុ​ទើបតែ 23 ឆ្នាំ​ប៉ុណ្ណោះ។

    -មហាសេដ្ឋី Warren Buffett ៖ វ័យ 56 ឆ្នាំ ក្លាយជា​មហាសេដ្ឋី
    ទ្រព្យ​បច្ចុប្បន្ន៖ 104.5 ពាន់​លាន​ដុល្លារ


    -Carlos Slim ៖ វ័យ 51 ឆ្នាំ ក្លាយជា​មហាសេដ្ឋី

    ទ្រព្យ​បច្ចុប្បន្ន ៖ 74.4 ពាន់​លាន​ដុល្លារ


    -Larry Ellison ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 49 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 127.5 ពាន់​លាន​ដុល្លារ


    -Oprah Winfrey ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 49 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 2.6 ពាន់​លាន​ដុល្លារ


    -Meg Whitman ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 42 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 5 ពាន់​លាន​ដុល្លារ


    -Richard Branson ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 41 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 4 ពាន់​លាន​ដុល្លារ


    -Elon Musk ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 41 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 291.3 ពាន់​លាន​ដុល្លារ


    -Jeff Bezos ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 35 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 205.4 ពាន់​លាន​ដុល្លារ


    -Bill Gates ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 31 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 139.5 ពាន់​លាន​ដុល្លារ


    -Larry Page ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 30 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 124.8 ពាន់​លាន​ដុល្លារ


    -Evan Spiegel ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 25 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 9.5 ពាន់​លាន​ដុល្លារ


    -Mark Zuckerberg ៖ ក្លាយជា​មហាសេដ្ឋី ពេល​មាន​អាយុ 23 ឆ្នាំ

    ទ្រព្យ​បច្ចុប្បន្ន ៖ 122 ពាន់​លាន​ដុល្លារ

  • ចិនដីគោក ខឹង​ខ្លាំង ក្រោយ អាម៉េរិក អញ្ជើញ ចិនតៃវ៉ាន់ ចូលរួម​កិច្ចប្រជុំ​កំពូល

    ចិនដីគោក ខឹង​ខ្លាំង ក្រោយ អាម៉េរិក អញ្ជើញ ចិនតៃវ៉ាន់ ចូលរួម​កិច្ចប្រជុំ​កំពូល

    បន្ទាប់ពី​បាន​អញ្ជើញ កោះ​តៃវ៉ាន់ ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រជាធិបតេយ្យ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ ចិនដីគោក ប្រតិកម្ម​ខ្លាំងក្លា ហើយ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងបី ក៏​កើនឡើង​ថែម​មួយកម្រិត​ទៀត។

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក កាលពី​ថ្ងៃទី 23 វិច្ឆិកា បានប្រកាសថា តំណាង​នៃ​ប្រទេស​ជាង 100 ក្នុងនោះ​មាន កោះ​តៃវ៉ាន់ ផងដែរ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រជាធិបតេយ្យ ដែល​នឹង​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី 9 ធ្នូ និង 10 ធ្នូ ខាងមុខ។

    ភាគី កោះ​តៃវ៉ាន់ ក្រោយមក​ក៏បាន​បញ្ជាក់ថា មេដឹកនាំ​នៃ​ស្ថាប័ន​បច្ចេកវិទ្យា​ឌីជីថល និង​តំណាង​របស់ កោះ​តៃវ៉ាន់ ប្រចាំ សហរដ្ឋ​អាម៉េរិក នឹងចូលរួម​កិច្ចប្រជុំ​នេះ។

    មេដឹកនាំ​របស់​ប្រទេស និង​ដែន​ដី​ទាំង​បី (ចិន​ កោះតៃវ៉ាន់ និង​ អាម៉េរិក)

    ទង្វើ​របស់ អាម៉េរិក ធ្វើឱ្យ ចិនដីគោក ខ្លាំង​យ៉ាងខ្លាំង។ អ្នកនាំពាក្យ​នៃ​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់ បាន​ហៅ​ទង្វើ​របស់ អាម៉េរិក ថា «ខុសឆ្គង» និង​ថា ចិនដីគោក «បដិសេធ​រាល់​ទំនាក់ទំនង​ផ្លូវការ​រវាង​ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​តំបន់​តៃវ៉ាន់ របស់ ចិន»។

    អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian ក៏បាន​ស្នើឱ្យ អាម៉េរិក «បញ្ឈប់​ទំនាក់​ទំនងជា​មួយ​នឹង​ក្រុម​ផ្ដាច់ខ្លួន» នៅ កោះ​តៃវ៉ាន់ និង​បាន​ព្រមាន​ថា «ប្រលែង​លេង​នឹង​ភ្លើង​គឺ​មានតែ​នាំឱ្យ​រលា​កដៃ​ប៉ុណ្ណោះ»៕

  • (វីដេអូ)-កាមេរ៉ា​ខ្នាត​យក្ស ទំហំ 3.2 ពាន់​លាន​ភិ​កសែ​ល ជិត​ត្រូវ​បាន​​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​សង្កេតមើល​ទី​អវកាសឆ្ងាយៗ

    (វីដេអូ)-កាមេរ៉ា​ខ្នាត​យក្ស ទំហំ 3.2 ពាន់​លាន​ភិ​កសែ​ល ជិត​ត្រូវ​បាន​​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​សង្កេតមើល​ទី​អវកាសឆ្ងាយៗ

    កាមេរ៉ា​ឌីជីថល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក LSST នៅ ប្រទេស​ស៊ី​លី នឹង​ជួយ​ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​កាឡាក់ស៊ី អាចម៍ផ្កាយ និង​បាតុភូត​អាថ៌កំបាំង​នានា​នៅក្នុង​ទី​អវកាស។

    LSST កំពុង​ត្រូវបាន​ដំឡើង​នៅក្នុង​បន្ទប់ពិសោធន៍​ជាតិ SLAC ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក ដើម្បី​ត្រៀម​សម្រាប់​យកទៅដាក់​ឱ្យ​ដំណើរការ​នៅ​ស្ថានីយ​តារាសាស្ត្រ Vera C. Rubin នៃ ប្រទេស​ស៊ី​លី។ នេះ​បើតាម Interesting Engineering ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 23 វិច្ឆិកា។

    នៅពេល​ការដំឡើង​បាន​ចប់សព្វគ្រប់ គម្រោង​នេះ​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ថត​ផ្ទៃមេឃ​នៅ​ប៉ូល​ខាងត្បូង​របស់​ផែនដី ចំនួន 3 ដង​ក្នុង 1 ថ្ងៃ ក្នុង​បំណង​ស្រាវជ្រាវ​អំពី​អវកាស​ដែល​នៅឆ្ងាយ។

    បេសកកម្ម​សង្កេតមើល​បេតិកភណ្ឌ​នៃ​លំហ និង​ពេលវេលា (LSST) គឺជា​គម្រោង​ស្រាវជ្រាវ​អវកាស​ភាគខាងត្បូងរ​យៈ​ពេល 10 ឆ្នាំ នៅឯ​ស្ថានីយ​តារាសាស្ត្រ Vera C. Rubin។ ស្ថានីយ​តារាសាស្ត្រ​នេះ​កំពុង​ត្រូវបាន​សាងសង់​នៅលើ​កំពូល El Penon របស់​ភ្នំ Cerro Pachon ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ ប្រទេស​ស៊ី​លី។

    គម្រោង​នេះ​នឹង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​យល់​កាន់តែច្បាស់​អំពី​ថាមពល​ងងឹត និង​វត្ថុ​ងងឹត ដំណើរការ​កកើត​រប​ស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ ចំនុច​ពិសេស​របស់​ដុំ​អាចម៍ផ្កាយ ឬ​កូន​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ គន្លង​គោចរ​របស់​អាចម៍​ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី រួម​នឹង​វត្តមាន​នៃ​បាតុភូត​ផ្ទុះ​ដែល​មិនទាន់​ត្រូវបាន​រកឃើញ​ជាដើម។

    កាមេរ៉ា 3.2 ពាន់​លាន​ភិ​កសែ​ល​នេះ អាច​មើល​ទៅដល់​តំបន់​មហា​សែនឆ្ងាយ ដែល​ស្មើនឹង​ការមើលឃើញ​អតីតកាល និង​ថតរូប​ភាព​តំបន់​មួយ​ដ៏​ធំ។ កាមេរ៉ា​នេះ​មាន​ទទឹង​ប្រវែង 1.7 ម៉ែត្រ និង​បណ្ដោយ 3 ម៉ែត្រ។ ផ្ទៃ​ខាងមុខ​រួមមាន​ឡែ​ន​ចំនួន 3 និង​ប្រព័ន្ធ​ចម្រាញ់​រូបភាព ខណៈ​ខាងក្រោយ​គឺជា​ផ្ទៃ​រាបស្មើ​នៃ​ប្រព័ន្ធ Focal Plane។

    តាម​គម្រោង​ដំបូង កាមេរ៉ា​នេះ​នឹងត្រូវ​បាន​ដំឡើង​នៅ ប្រទេស​ស៊ី​លី ឆ្នាំ 2014 ប៉​ន្តែ វា​ត្រូវបាន​ពន្យារពេល​ដល់​ប​ច្ចុ​ប្បន្ន ដោយសារ​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ៕

  • កម្ពុជា ប្រកាស​ផ្តល់​អាហារូបករណ៍​​​រាប់សិប​កន្លែង​ដល់​និស្សិត ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​ហុង​គ្រី

    កម្ពុជា ប្រកាស​ផ្តល់​អាហារូបករណ៍​​​រាប់សិប​កន្លែង​ដល់​និស្សិត ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​ហុង​គ្រី

    ក្រសួង​អប់រំ យុវជន និង​កីឡា របស់​ កម្ពុជា ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​រាប់សិប​កន្លែង​ដល់​និស្សិត ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​ហុង​គ្រី (Hungary) សម្រាប់​ឆ្នាំ​សិក្សា 2022-2023។

    ក្នុង​ក្របខណ្ឌ​នៃ​​កម្ម​វី​ធី អាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាល​នៃ ប្រទេស​ហុង​គ្រី នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន 30 កន្លែង ដល់​និស្សិត​របស់ កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​នេះ សម្រាប់​ឆ្នាំ​សិក្សា 2022-2023 ដែល​ចាប់ផ្ដើម​ពី​ខែកញ្ញា ឆ្នាំ 2022 តទៅ។ នេះ​បើតាម សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា។

    ចំពោះ​និស្សិត​ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នេះ តាម​កម្មវិធី​ខាងលើ អាចដាក់​ពាក្យ​តាមរយៈ៖ http://apply. stipendiumhungaricum.huwww.stipendiumhungaricum.hu ឱ្យបាន​មុន​ថ្ងៃទី 15 ខែមករា ឆ្នាំ 2022។

    បេក្ខជន​ក៏​តម្រូវ​ឱ្យមក​ចុះ​ឈ្នោះ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ 80 មហា​វី​ថី​ព្រះ​នរោត្តម (ស្ថិតនៅក្នុង​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា) ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី 21 ខែមករា ឆ្នាំ 2022៕

  • ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​ COVID-19 នៅ កម្ពុជា បន្ត​ថយ​ចុះ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ

    ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​ COVID-19 នៅ កម្ពុជា បន្ត​ថយ​ចុះ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី 32 (PCR) នាក់ទៀត ខណៈ​អ្នក​ស្លាប់​ថ្មី​ 04 នាក់ អំឡុង​ 24 ម៉ោង​នៃ​ថ្ងៃទី 24 វិច្ឆិកា 2021​។

    ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី មាន​៖
    – ករណីឆ្លងសហគមន៍ 25 នាក់
    – អ្នកដំណើរពីបរទេស 07 នាក់

    ករណី​ COVID-19 ​សរុប​នៅ កម្ពុជា​ គិត​មក​ដល់​ថ្ងៃ​ទី 25 វិច្ឆិកា 2021​ រួម​មាន​៖
    – អ្នកឆ្លងសរុប= 120,009 នាក់
    – អ្នកជាសះស្បើយ= 116,387 នាក់
    – អ្នកស្លាប់= 2,918 នាក់

    ទិន្នន័យ​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ដូចខាងក្រោម៖

    នៅ​ទូទាំង​ពិភពលោក ករណី COVID-19 មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ 41,844 នាក់
    -ឆ្លង​សរុប ៖ 259,731,904 នាក់
    -ស្លាប់​សរុប ៖ 5,192,249 នាក់
    -ជាសះស្បើយ​សរុប ៖ 234,886,211 នាក់
    -កំពុងព្យាបាល​៖ 19,653,444​ នាក់

  • អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ

    អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ

    «អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ជាមួយនឹង​ការរង់ចាំ​ទទួល​ស្វាគមន៍ ទេសចរ​បរទេស​ដែល​បាន​វ៉ាក់សាំង​ពេញលេញ ដែល​អញ្ជើញ​មក​ទស្សនា​ខេត្តសៀមរាប» នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មានប្រសាសន៍​ដូច្នេះ។

    ការអះអាង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី 24 វិច្ឆិកា 2021 នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​កិច្ច​ប្រតិបត្តិ​ស្តង់ដារ​វិធាន​សុវត្ថិភាព SOP ដើម្បី​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ពេញលេញ។

    នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ឯកឧត្តម ប៊ុន រដ្ឋា បាន​បន្តថា កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​បើក​ឡើង​ទ្វារ​សង្គម សេដ្ឋកិច្ច​ឡើងវិញ ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​កម្រិត​ភាគរយ​ខ្ពស់ ដែល​ពិភពលោក​បានទទួល​ស្គាល់។

    កម្ពុជា​បានកំណត់​ក្នុង​បញ្ជី​រួចហើយ​ស្ដីពី​ពលរដ្ឋ​នៃ​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក មកកាន់ កម្ពុជា​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ (VISA) ជាពិសេស​គឺ​បណ្ដា​ប្រទេស​នៅក្នុង​តំបន់ អាស៊ាន។ ឯកឧត្តម ប៊ុន រដ្ឋា ក៏បាន​ថ្លែងថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដែរ សម្រាប់​បម្រើការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា៕

  • នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​នៅ ប្រទេស​អ៊ុយ​អែ​ត លាលែង​ពី​តំណែង ក្រោយពី​​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

    នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​នៅ ប្រទេស​អ៊ុយ​អែ​ត លាលែង​ពី​តំណែង ក្រោយពី​​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

    យោងតាម​​សារព័ត៌​មាននៅ អឺរ៉ុប នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​របស់ ប្រទេស​ស៊ុយអែត លោកស្រី Magdalena Andersson ដែល​ទើបតែ​ត្រូវបាន​សភា​ជ្រើសតាំង​មុននេះ​ប៉ុន្មាន​ម៉ោង​ក្នុង​ថ្ងៃទី 24 វិច្ឆិកា បានប្រកាសថា សម្រេចចិត្ត​លាលែង​ពី​តំណែង ដោយសារតែ​ការ​មន្ទិល​អំពី​ភាពស្របច្បាប់។

    សារព័ត៌មាន​អាល្លឺម៉ង់ ដកស្រង់​សម្ដី​របស់​លោកស្រី Andersson ឱ្យដឹងថា លោកស្រី​បានប្រកាស​នៅឯ Stockholm កាលពី​ថ្ងៃទី 24 វិច្ឆិកា ថា លោកស្រី​បានស្នើ​ឱ្យ​ប្រធានសភា Andreas Norlen បញ្ចប់​តំណែង​របស់​លោកស្រី ប៉ុន្តែ លោកស្រី​នៅតែមាន​បំណង​ត្រលប់មក​កាន់អំណាច​នៅក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​មួយ​នេះ។

    ប្រធានសភា Norlen បាន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី Andersson និង​បានឱ្យដឹងថា នឹង​ទាក់ទង​ទៅកាន់​ក្រុម​មេដឹកនាំ​បក្ស​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ ហើយ​ថា​នឹង​ប្រកាស​អំពី​ជំហាន​បន្ទាប់​ក្នុង​ថ្ងៃទី 25 វិច្ឆិកា។

    លោកស្រី Andersson បាន​មានប្រសាសន៍ថា លោកស្រី​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​គេ​សង្ស័យ​អំពី​ភាពស្រប​ច្បប់។ ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​បញ្ជាក់ថា បក្ស​បៃតង នឹង​នៅតែ​គាំទ្រ​លោកស្រី​ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី។

    មុននេះ បក្ស​បៃតង បានសម្រេច​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ បន្ទាប់ពី​សភា​បានអនុម័ត​សំណើ​ថវិកា​របស់​ក្រុមប្រឆាំង។ សហប្រធាន​បក្ស​បៃតង Per Bolund ឱ្យដឹងថា នេះ​គឺជា​លើកដំបូង​ដែល​សភា​បានអនុម័ត​លើ​សំណើ​ថវិកា​ដែល​ត្រូវបាន​ចរចា​ជាមួយ​បក្សនិយម​ជ្រុល ដែល​នេះ​ចង់​សំដៅលើ​បក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត។

    ថ្ងៃទី 24 ដទៃ សភា​បាន​ជ្រើសតាំង​លោកស្រី Andersson ជា​នាយ​រដ្ឋមន្ត្រី ជំនួស​លោក Stefan Lofven ដែល​បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​កាលពី​ដើមខែ​នេះ ក្រោយ​កាន់អំណាច​បាន 7 ឆ្នាំ។ នៅ ប្រទេស​ស៊ុយអែត ជាធម្មតា មេដឹកនាំ​រដ្ឋាភិបាលចម្រុះ​នឹង​លាលែង​ពី​តំណែង បន្ទាប់ពី​បក្ស​មួយ​បាន​ដកខ្លួន​ពី​សម្ព័ន្ធភាព៕