Author: សឿន សំណាង

  • ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ព្រោះតែ​ដុត គម្ពីរ​កូ​រ៉ា​ន (Qu’ran)

    ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ព្រោះតែ​ដុត គម្ពីរ​កូ​រ៉ា​ន (Qu’ran)

    (ប៉ា​គី​ស្ថាន)-មនុស្ស​ម្នាក់​ដែលមាន​បញ្ហា​សតិ​អារ​មណ៍ នៅក្នុង​ខេត្ត Punjab ត្រូវបាន​ក្រុមមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង នាំគ្នា​យក​ដុំថ្ម​គប់​រហូតដល់​បាត់បង់​ជីវិត ដោយ​ចោទថា បាន​ប្រមាថ​លើ គម្ពីរ​កូ​រ៉ា​ន (Qu’ran ឬ Koran)។

    Mian Mohammad Ramzan អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម​មួយ​នៅ​ក្នុងភូមិ​ដាច់ស្រយាល Tulamba ក្នុង​ខណ្ឌ Khanewal ខេត្ត Punjab បានឱ្យដឹងថា គាត់​បានឃើញ​បុរស​ម្នាក់​ដុត គម្ពីរ​កូ​រ៉ា​ន កាលពី​ព្រលប់​ថ្ងៃទី ១២ កុម្ភៈ និង​បាន​ប្រាប់​ដល់​អ្នកផ្សេង មុននឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

    ប៉ូលិស​បាន​ប្រញាប់​ទៅកាន់​កន្លែងកើតហេតុ និង​បានឃើញ​បុរស​ម្នាក់​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង។ ប៉ូលិស​ឈ្មោះ Mo ammad Iqbal រួម​នឹង​ថ្នាក់ក្រោម ២ នាក់ បាន​ព្យាយាម​ចូលទៅ​ជួយ​ជនរងគ្រោះ ប៉ុន្តែ ក៏ត្រូវ​ហ្វូងមនុស្ស​ចោល​នឹង​ដុំថ្ម ធ្វើឱ្យ Iqbal ត្រូវ​រងរបួស​ធ្ងន់ និង​ប៉ូលិស ២ នាក់​ទៀត រងរបួស​ស្រាល។

    Munawar Gujjar ប្រធានការិយាល័យ​នគរបាល Tulamba ឱ្យដឹងថា លោក​បាន​ប្រញាប់​បញ្ជូន​កម្លាំង​បន្ថែម​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ ហ្វូងមនុស្ស​នោះបាន​សម្លាប់ និង​ចង​ព្យួរ​សាកសព​ជនរងគ្រោះ​ទៅលើ​ដើមឈើ​ទៅហើយ។

    ជនរងគ្រោះ​មានឈ្មោះ​ថា Mushtaq Ahmed អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បែរ​នោះ។ ជនរងគ្រោះ​មាន​បញ្ហា​សតិអារម្មណ៍​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ។ បើតាម​ក្រុមគ្រួសារ បុរស​នេះ​តែង​បាត់​ខ្លួន​ជា​ញឹកញាប់ និង​ដើរ​សុំទាន និង​ហូប​គ្រប់យ៉ាង​ដែល​គាត់​បាន​រកឃើញ» ប៉ូលិស Gujjar ប្រាប់​ដូច្នេះ។

    Ramzan ដែលជា​អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់ថា គាត់​បានឃើញ​ផ្សែង​បាញ់​ចេញពី​ខាងក្នុង​វិហារ ហើយ​គាត់​បានឃើញ គម្ពីរ​កូ​រ៉ា​ន មួយ​ក្បាល​កំពុង​ឆេះ ចំណែក Ahmed ក៏​កំពុង​ព្យាយាម​ដុត​គម្ពីរ​មួយ​ក្បាល​ទៀត។ Ramzan ស្រែក​ឱ្យ​ឈប់ ក្នុងពេលដែល​ប្រជាជន​ក្នុងភូមិ​កំពុង​នាំគ្នា​មក​វិហារ​ដើម្បី​បួងសួង។

    សាក្សី​បានឱ្យដឹងថា ហ្វូងមនុស្ស​បាន​រារាំង​ក្រុមប៉ូលិស​ចូលទៅ​ជួយ​ជនរងគ្រោះ។ ក្រោយ​ហេតុការណ៍​នេះ ប៉ូលិស​ក៏បាន​មកកាន់​កន្លែងកើតហេតុ ដើម្បី​នាំយក​សាកសព​ជនរងគ្រោះ។

    សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់​ទាំងឡាយ​នៅក្នុង​ករណីនេះ ដោយ​ពិនិត្យ​វីដេអូ​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រហែល ៨០ នាក់ ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ ប៉ុន្តែ តាម​ការស្រាវជ្រាវ ជនសង្ស័យ​ប្រហែល ៣០០ នាក់ បាន​ចូលរួម​គប់​ដុំថ្ម​សម្លាប់​បុរស​ខាងលើ។

    នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ និង​បាន​ថ្លែងថា លោក​កំពុង​ស្នើឱ្យ​អភិបាលខេត្ត Punjab រាយការណ៍​អំពី​វិធី​ដែល​ក្រុមប៉ូលិស​ដោះស្រាយ​បញ្ហា​នេះ។ លោក​ថា ប៉ូលិស​បាន «បរាជ័យ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន» ក្នុងករណីនេះ៕

  • ភាព​តានតឹង​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី! ប្រទេស​នានា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក​ចេញពី អ៊ុយ​ក្រែ​ន

    ភាព​តានតឹង​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី! ប្រទេស​នានា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក​ចេញពី អ៊ុយ​ក្រែ​ន

    ដោយសារតែ​ការព្រួយបារម្ភ​អំពី​ជម្លោះ​ប្រដាប់អាវុធ​រវាង អ៊ុយ​ក្រែ​ន និង​រុស្ស៊ី យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ១៩ ហើយ ដែល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​កាត់បន្ថយ​បុគ្គលិក​ការទូត​នៅ​ប្រទេស​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​ដែល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី អ៊ុយ​ក្រែ​ន រួមមាន សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស អៀឡង់ បែ​ហ្ស៊ិ​ក លុច​សំបួ ហូ​ឡង់ កាណាដា ន័​រ​វែ​ស អេ​ស្តូ​នី លី​ទុយ​អា​នី ប៊ុលហ្គារី ស្លូ​វេ​នី  អូស្ត្រាលី ជប៉ុន អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    ប្រទេស​បារាំង បាន​ណែនាំ​ថា មិនគួរ​ទៅកាន់​បណ្ដា​តំបន់​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ មិនទាន់បាន​ស្នើឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​នេះ​នៅឡើយ។

    ប្រទេស​រ៉ូ​ម៉ា​នី ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន បាន​ណែនាំ​ជាពិសេស​ដល់​ពលរដ្ឋ ឱ្យ​ចៀសវាង ប្រទេស​អ៊ុយ​ក្រែ​ន និង «ពិនិត្យ​លើ​តម្រូវការ​ស្នាក់នៅ​ទីនោះ» បើសិនជា​បាន​ជ្រុល​ធ្វើដំណើរ​ទៅដល់។

    រុស្ស៊ី បាន​កោះហៅ​បុគ្គលិក​មួយចំនួន​ត្រលប់​មកវិញ ព្រោះតែ​ព្រួយបារម្ភ​ចំពោះ​អ្វីដែល​ពួកគេ​ហៅថា «សកម្មភាព​បង្កហេតុ»។

    សហរដ្ឋ​អាម៉េរិក បានចេញ​បទបញ្ជា​ដក​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ចេញពី​ទីក្រុង Kiev ដោយ​យល់ថា រុស្ស៊ី អាច​ផ្ទុះអាវុធ​ដាក់ អ៊ុយ​ក្រែ​ន គ្រប់ពេល។ ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​រក្សា​បុគ្គលិក​កុងស៊ុល នៅក្នុង​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន។

    កាណាដា និង អូស្ត្រាលី ក៏​បិទទ្វារ​ស្ថានទូត​នៅ ទីក្រុង​កៀវ ខណៈដែល​បណ្ដា​ប្រទេស​របស់ សហភាព​អឺរ៉ុប ក៏បាន​ស្នើឱ្យ​បុគ្គលិក​ការទូត​មិនចាំបាច់​នៅ ទីក្រុង​កៀវ ចាក​ចេញពី អ៊ុយ​ក្រែ​ន។

    អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ចោទថា រុស្ស៊ី មាន​ផែនការ​វាយប្រហារ អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជូនទាហាន​ជាង ១០០,០០០ នាក់ រួម​នឹង​សព្វាវុធទំនើបៗ ចូលទៅ​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន។ រុស្ស៊ី វិញ អះអាងថា សកម្មភាព​នេះ​របស់ខ្លួន គ្រាន់តែ​ជា​បញ្ហា​ផ្ទៃក្នុង និង​ដើម្បី​ធ្វើ​សមយុទ្ធ នៅ​ចំពោះមុខ​ការគំរាមកំហែង​ពី សេណា​រី​យ៉ោ «ណា​តូ (NATO) ពង្រីក​ទឹកដី​មក​ភាគ​ខាងកើត ព្រមទាំង​បាន​ចោទ អាម៉េរិក និង​សម្ព័ន្ធមិត្ត​ថា បាន​បំប៉ោង​ហានិភ័យ​នៃ​ការកើតមាន​សង្គ្រាម។

    បន្ទាប់ពី រុស្ស៊ី បាន​ចល័ត​ទ័ព សហរដ្ឋ​អា​ម៉​រិ​ក ក៏បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់ សមុទ្រ​ខ្មៅ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជា​សមាជិក​ណា​តូ ចំនួន ២ គឺ រ៉ូ​ម៉ា​នី និង តួ​ក​គី។

    ក្រៅពីនេះ អាម៉េរិក និង​ប្រទេស​មួយចំនួន​របស់ ណា​តូ ក៏​បន្ត​លក់​អាវុធ និង​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ផងដែរ។ ជាមួយនឹង​ការគាំទ្រ​ពី អាម៉េរិក ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​បាន​ថយកំដៅ​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

  • មហា​សេដ្ឋី​ ប៊ី​ល ហ្គេ​ត (Bill Gates) សោក​ស្ដាយ​​ចំពោះ​ «យុវវ័យ»​ របស់​ខ្លួន ​កាល​ពី​​នៅ​​រៀន​ ព្រោះ​តែ ​«មិន​ចេះ​​សប្បាយ»!​

    មហា​សេដ្ឋី​ ប៊ី​ល ហ្គេ​ត (Bill Gates) សោក​ស្ដាយ​​ចំពោះ​ «យុវវ័យ»​ របស់​ខ្លួន ​កាល​ពី​​នៅ​​រៀន​ ព្រោះ​តែ ​«មិន​ចេះ​​សប្បាយ»!​

    មហាសេដ្ឋី​ជនជាតិ​អាម៉េរិក លោក Bill Gates បានឱ្យដឹងថា ប្រការ​ដែល​លោក​សោកស្ដាយ​បំផុត​គឺ កាលពី​នៅ​រៀន លោក​មិនបាន​ចូលរួម​ក្នុង​ពិធីជប់លៀង និង​ដើរលេង​សប្បាយ​ឱ្យបាន​ច្រើន​នឹង​គេ។

    ឆ្នាំ ១៩៧៥ លោក Bill Gates បានសម្រេច​ចិត្ត​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ Harvard ដ៏​ល្បីល្បាញ ប៉ុន្តែ​នោះ​មិនមែនជា​ប្រការ​ដែល​ធ្វើឱ្យ​លោក​សោកស្ដាយ​បំផុត​នោះទេ។ នៅក្នុង​ពិធី​ជួបពិភាក្សា​ជាមួយ​ក្រុមនិស្សិត​របស់​សាលា​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក Bill Gates ថ្លែងថា ប្រការ​ដែល​លោក​សោកស្ដាយ​ជាងគេ​បំផុត​គឺ កាលពី​ជំនាន់​នៅ​រៀន គាត់​មិនបាន​ចូលរួម​ក្នុង​ពិធីជប់លៀង និង​ដើរលេង​សប្បាយ​ឱ្យបាន​ច្រើន។

    «ខ្ញុំ​បាន​រំលង​ចោល​ប្រការ​ជាច្រើន។ ខ្ញុំ​មិន​ធ្លាប់បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ឱប បាល់បោះ ឬ​កីឡា​ប្រភេទ​ណាមួយ ពេល​នៅ Harvard។ គ្រប់យ៉ាង​ដែល​ខ្ញុំ​បានធ្វើ​គឺ រៀន និង​ស្រាវជ្រាវ» លោក Bill Gates ប្រាប់​ដូច្នេះ។

    លោក​បន្តថា «ខ្ញុំ​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម ឬ​ក្លឹប ឬ​ក្រុម​ណាមួយ​ឱ្យបាន​ញឹកញាប់។ ខ្ញុំ​ថែមទាំង​មិនបាន​ដឹង​អំពី​វត្តមាន​របស់​ពួកវា។

    Bill Gates និង​ លោក Paul Allen បង្កើត​ក្រុមហ៊ុន​ Microsoft កាលពី​ឆ្នាំ​ ១៩៧៥

    មហាសេដ្ឋី​រូបនេះ​យល់ថា ការចូលរួម​ធ្វើ​សកម្មភាព​ច្រើន និង​ជួប​មនុស្ស​ច្រើន​នឹង​នាំមក​នូវ​ប្រយោជន៍​មិនតិច​នោះទេ​សម្រាប់​ជោគជ័យ​នាពេល​អនាគត ជាជាង​ការ​គិតតែ​ពី​ការរៀនសូត្រ និង​ស្រាវជ្រាវ។

    ទោះជា​យ៉ាងណាក៏ដោយ លោក​នៅតែ​ជា​ឧទាហរណ៍​លេចធ្លោ​ស្ដីពី​មនុស្ស​ម្នាក់​អាច​រកឃើញ​ផ្លូវ​សម្រាប់​ខ្លួនឯង និង​ជោគជ័យ​ត្រចះត្រចង់ ដោយ​មិនបាច់​មាន​សញ្ញាបត្រ​មហាវិទ្យាល័យ នៅក្នុង​ចំណោម​បុគ្គល​ជាច្រើន​ដែល​បាន​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ដើម្បី​កសាង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ក្នុងនោះ​មានដូចជា សហ​ស្ថាបនិក​របស់ Facebook លោក Mark Zuckerberg, Steve Jobs ស្ថាបនិក​របស់ Apple ឬ Michael Dell ដែលជា CEO របស់ Dell Technologies ជាដើម។

    ក៏ប៉ុន្តែ នេះ​មិនមែន​មានន័យថា គ្រប់គ្នា​គួរ​បោះបង់​ការសិក្សា ដើម្បី​ចេញ​រកស៊ី​នោះទេ។ ជំនួស​មកវិញ គ្រប់គ្នា​ត្រូវមាន​ការវាយតម្លៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុននឹង​សម្រេចយក​បុគ្គល​ណាមួយ​ជា​គំរូ៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៣០០ នាក់ទៀត និង​ស្លាប់ «គ្មាន»

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៣០០ នាក់ទៀត និង​ស្លាប់ «គ្មាន»

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១១ កុម្ភៈ កម្ពុជា​ បាន​រកឃើញ​អ្នក​ថ្មី​កូវីដ-១៩ ចំនួន ៣០០ នាក់​ ក្នុងនោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ២៩៥​ នាក់ និង​​អ្នកដំណើរពីបរទេស ៥ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ ករណី អូមីក្រុង។

     

  • ប្រទេស​ចិន អាច​​នឹង​មិន​​បាន​ក្លាយ​​ជា​ «មហា​​យក្ស​​សេដ្ឋ​កិច្ច​​ទី​មួយ​​របស់​​ពិភព​លោក»!​ នេះ​​ជា​​មូលហេតុ​…

    ប្រទេស​ចិន អាច​​នឹង​មិន​​បាន​ក្លាយ​​ជា​ «មហា​​យក្ស​​សេដ្ឋ​កិច្ច​​ទី​មួយ​​របស់​​ពិភព​លោក»!​ នេះ​​ជា​​មូលហេតុ​…

    វិបត្តិ​បំណុល ការដាក់​ខ្លួន​ឱ្យដាច់​ដោយឡែក​ពី​ខាងក្រៅ និង​ចំនួន​ប្រជាជន​ចេះតែ​ថយចុះ គឺជា​កត្តា​ដែល​អាច​ក្លាយជា​ឧបសគ្គ​ដែល​រារាំង ចិន នៅលើ​វិថី​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​ទីមួយ​របស់​ពិភពលោក។

    បើតាម​និន្នាការ​បច្ចុប្បន្ន ប្រទេស​ចិន នឹង​យកឈ្នះ សហរដ្ឋ​អាម៉េរិក ហើយ​ដណ្ដើមបាន​តំណែង​លេខ ១ នៅក្នុង​ចំណោម​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ចពិភពលោក ក្រោយ​រយៈពេល​ប្រហែល ១ ទសវត្សរ៍​ទៀត។ ក៏ប៉ុន្តែ ពុំមាន​អ្វីដែល​អាច​ធានាបាន​នូវ​ការរំពឹងទុក​នេះ។

    យោងតាម Bloomberg កត្តា​ដែល​បាន​និយាយ​ខាងដើម អាចធ្វើឱ្យ ប្រទេស​ចិន នៅតែ​ឈរ​លំដាប់​លេខ ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។ Bloomberg Economics បាន​បង្កើត​រូបមន្ត​ស្ដីពី សេណា​រី​យ៉ោ ចំនួន ៣ ដែល​អាច​កើតមានឡើង​នៅ ប្រទេស​ចិន។

    សេណា​រី​យ៉ោ ទីមួយ គឺជា សេណា​រី​យ៉ោ ដែល​អាចទៅរួច​សម្រាប់ ប្រទេស​ចិន៖ ប្រទេស​នេះ​នឹង​យកឈ្នះ​លើ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ ២០៣០។

    កំណែទម្រង់​ថ្មី និង​ការច្នៃប្រឌិត គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន និង​ដោយមាន​ប្រភព​វិនិយោគ​ធំ​សម្រាប់​វិស័យ​ស្រាវជ្រាវ អភិវឌ្ឍ​ជាដើម ប្រទេស​ចិន កំពុងតែ​លេចធ្លោ​ជាងគេ​បង្អស់។ ដូច្នេះ ចិន មានលទ្ធភាព​អាច​ផ្ដួល អាម៉េរិក ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទីមួយ​ក្នុង​ពិភពលោក។

    ទិដ្ឋភាព​នៅ​រោង​ចក្រ​មួយ​ក្នុង​ប្រទេស​ចិន​

    សេណា​រី​យ៉ោ ទី​ពីរ គឺ​វិបត្តិ​ហិរញ្ញវត្ថុ។ នៅពេលដែល ប្រទេស​ជប៉ុន ស្វែងរក​វិធី​ដើម្បី​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​នាំមុខគេ ប្រទេស​នេះ​បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​បំណុល។ ប្រការ​ដូចគ្នានេះ​ក៏​អាច​កើតឡើង​ចំពោះ ប្រទេស​ចិន។ ស្ថានភាព​បំណុល​កើនឡើង​ខ្ពស់​ចាប់តាំងពី​ឆ្នាំ ២០០៨ នៅ ប្រទេស​ចិន គឺជា​សញ្ញា​ប្រកាសអាសន្ន​កម្រិត​ពណ៌​ក្រហម។

    បណ្ដា​ខឿនសេដ្ឋកិច្ច​ជឿនលឿន​ដូចជា សហរដ្ឋ​អាម៉េរិក ជាដើម មាន​បំណុល​ខ្ពស់ ប៉ុន្តែ ពួកគេ​បាន​ឈានដល់​ដំណាក់កាល​រកចំណូលបាន​ក្នុង​កម្រិត​ខ្ពស់។ ឥណ្ឌា និង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប បង្កលក្ខណៈ​ងាយស្រួល​ដើម្បី​អភិវឌ្ឍ និង​រីកចម្រើន។ ចំណែក​ចំណូល​ទាប និង​បំណុល​ខ្ពស់​របស់ ចិន ធ្វើឱ្យ​ប្រទេស​នេះ ធ្លាក់​ទៅក្នុង​ស្ថានការណ៍​លំបាក។

    ករណី​វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន Evergrande Group និង​បញ្ហា​ជាច្រើន​ដែល​កើត​ឡើងលើ​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ ប្រទេស​ចិន បាន​បង្ហាញថា ប្រទេស​នេះ​មាន​គ្រឹះ​មិន​រឹងមាំ។ លទ្ធផល​គឺថា ចិន អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ធ្វើឱ្យ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ត្រូវ​ថយចុះ នាំឱ្យ​ជាប់​នៅក្នុង​លំដាប់​ទី​ពីរ​ដដែល។

    សេណា​រី​យ៉ោ ទី​បី គឺ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ។ មិនចាំបាច់​មាន​វិបត្តិ​ហិរញ្ញវត្ថុ ក៏​ការ​លោត​ឡើង​របស់ ចិន នៅតែ​អាច​ត្រូវបាន​បន្ថយល្បឿន។ ការរួម​ផ្សំ​រវាង​កត្តា​មួយចំនួន​ដូចជា ការដាក់​ខ្លួន​ដោយឡែក​ពី​ពិភព​ខាងក្រៅ ឧបសគ្គ​ទាក់ទង​នឹង​ប្រជាសាស្ត្រ និង​ចំណុច​អវិជ្ជមាន​ក្នុងការ​គ្រប់គ្រង អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដូចគ្នា។

    សង្គ្រាមពាណិជ្ជកម្មរវាង ចិន-អាម៉េរិក លែងនៅជារឿងក្ដៅគគុកដូចមុន

    សង្គ្រាម​ពាណិជ្ជកម្ម​រវាង ចិន-អាម៉េរិក លែង​នៅ​ជា​រឿង​ក្ដៅគគុក​ដូច​មុន ប៉ុន្តែ អត្រាពន្ធ​ដែល អាម៉េរិក អនុវត្ត​ចំពោះ ប្រទេស​ចិន នៅតែ​ខ្ពស់។ ស្ថានការណ៍​នៃ​ការដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​ពី​អន្តរជាតិ ពិសេស​គឺ​បញ្ហា​ដែល​កើតឡើង​ដោយសារ កូ​វីដ-១៩ បូករួម​នឹង​រនាំង​នៃ​ទីផ្សារ​សកល និង​បច្ចេកវិទ្យា អាច​កាត់បន្ថយ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់ ប្រទេស​ចិន បានដែរ។

    ចិន មាន​កម្មវិធី​វិបុលភាព​រួម ក្នុង​បំណង​ដោះស្រាយ​បញ្ហា​វិសមភាព​នានា​នៅក្នុង​ទីផ្សារ ប៉ុន្តែ វា​ក៏​ជាការ​សំពង​មួយ​យ៉ាងធ្ងន់ធ្ង​ន់​ទៅលើ​វិនិយោគិន។

    ការបញ្ចប់​គោលនយោបាយ​កូន​មួយ​គឺជា​ក្ដីសង្ឃឹម​របស់ ប្រទេស​ចិន ប៉ុន្តែ ចំនួន​ប្រជាជន​ក្នុង​វ័យ​ពលកម្ម​ដែល​ចេះតែ​ថយចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នឹង​ជា​កម្លាំង​រារាំង​ដល់​កំណើនសេដ្ឋកិច្ច។

    ជា​លទ្ធផល ប្រទេស​ចិន អាច​ធ្លាក់​ចូលទៅក្នុង​ផ្លូវ​ដែលមាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​បច្ចុប្បន្ន ហើយ​ត្រូវ​ដេញតាម​ឱ្យទាន់ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ មិនអាច​តាម​ពីក្រោយ​ក្នុង​គម្លាត​ឆ្ងាយ៕

  • ថវិកា ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្ក​កនៅ​ធនាគារ​អាម៉េរិក ត្រូវបាន​លោក ចូ បៃ​ដិ​ន បញ្ជា​ឱ្យ​ដកយក​មកប្រើប្រាស់

    ថវិកា ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្ក​កនៅ​ធនាគារ​អាម៉េរិក ត្រូវបាន​លោក ចូ បៃ​ដិ​ន បញ្ជា​ឱ្យ​ដកយក​មកប្រើប្រាស់

    កាលពី​ថ្ងៃទី ១១ កុម្ភៈ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដើម្បី​បញ្ចេញ​ខ្ទង់​ថវិកា​ចំនួន ៧ ពាន់​លាន​ដុល្លារ របស់​រដ្ឋាភិបាល​ចាស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    ខ្ទង់​ប្រាក់​នេះ ក្រោយមក​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ ដល់​ប្រជា​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ដូចជា​ផ្ដល់​ជា​សំណង​ដល់​ជនរងគ្រោះ​នៃ​ករណី​ភេរវកម្ម​សំដៅលើ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១។

    ជាក់ស្ដែង ខ្ទង់​ថវិកា ៧ ពាន់​លាន​ដុល្លារ​ខាងលើ ត្រូវបាន​បង្កក​នៅក្នុង​ធនាគារកណ្ដាល​របស់​អា​ម៉េ​រិ​ក (FED) បន្ទាប់ពី​រដ្ឋាភិបាល​ចាស់​នៅ កា​ប៊ុល បាន​ដួលរលំ ហើយ​កម្លាំង​តា​លី​បង់ បាន​ត្រលប់មក​កាន់អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០២១។

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន គ្រោង​នឹង​ប្រើប្រាស់​ថវិកា ៣.៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ខ្ទង់​ប្រាក់​ខាងលើ ដើម្បី​បង្កើត​មូលនិធិ​មួយ​សម្រាប់​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់ អា​ហ្វ​ហ្គា​នី​ស្ថាន «ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​អនាគត​របស់​ប្រទេស​នេះ»។

    រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​មិនមាន​សិទ្ធិ​គ្រប់គ្រង​មូលនិធិ​ខាងលើ។ ចំណែក ៣.៥ ពាន់​លាន​ដុល្លារ​ទៀត នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​សំណង​ដល់​ជនរងគ្រោះ​នៅក្នុង​អំពើ​ភេរវកម្ម​ថ្ងៃទី ១១ កញ្ញា ២០០១ បើសិន​សំណើ​របស់​ជនរងគ្រោះ​ត្រូវបាន​តុលាការ​អាម៉េរិក យល់ស្រប៕

  • អង្គការ​​សុខភាព​​ពិភព​លោក​ (WHO) ​ថា ​ដំណាក់​កាល​​ស្រួច​ស្រាវ​​របស់​ជំងឺ​រាត​ត្បាត​សកល​​ កូ​វីដ-១៩ ​អាច​នឹង​​​បញ្ចប់​​ក្នុង​ឆ្នាំ​នេះ

    អង្គការ​​សុខភាព​​ពិភព​លោក​ (WHO) ​ថា ​ដំណាក់​កាល​​ស្រួច​ស្រាវ​​របស់​ជំងឺ​រាត​ត្បាត​សកល​​ កូ​វីដ-១៩ ​អាច​នឹង​​​បញ្ចប់​​ក្នុង​ឆ្នាំ​នេះ

    មេដឹកនាំ WHO បានឱ្យដឹងថា ដំណាក់កាល​ធ្ងន់ធ្ងរ​របស់​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ អាច​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២២ នេះ បើសិន​ប្រជាជន​ប្រមាណ ៧០% របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង។

    «យើង​រំពឹងថា ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ ជាមួយនឹង​លក្ខខណ្ឌ ត្រូវ​សម្រេច​ដល់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន ៧០% នៃ​ចំនួន​ប្រជាជន​សរុប នៅ​ពាក់កណ្ដាល​ឆ្នាំនេះ ខ្ទង់​ខែមិថុនា-កក្កដា» លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ១១ កុម្ភៈ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្រុមហ៊ុន Afrigen Biologics&Vaccines នៅ អាហ្វ្រិក​ខាងត្បូង។

    លោក Tedros បន្ថែមថា៖ «បើសិន​ប្រការ​នោះ​ត្រូវបាន​អនុវត្ត ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល ពិតជា​អាច​ត្រូវបាន​បញ្ចប់ ហើយ​នោះ​គឺជា​ការដែល​យើង​រំពឹងទុក។ វា​ស្ថិតក្នុង​ដៃ​របស់​យើង​គ្រប់គ្នា វា​មិនមែនជា​រឿង​សំណាងល្អ ឬ​សំណាងអាក្រក់ ប៉ុន្តែ វា​គឺជា​បញ្ហា​នៃ​ការជ្រើសរើស»។

    Afrigen គឺជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ ទ្វីបអាហ្វ្រិក ដែល​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA របស់ Moderna។ ផលិតផល​នេះ​នឹងត្រូវ​ពិសោធ​លើ​មនុស្ស​នៅ​ខែវិច្ឆិកា ២០២២ និង​អនុម័ត​នៅ​ឆ្នាំ ២០២៤។

    ប្រធាន WHO រំពឹងថា វ៉ាក់សាំង​នេះ «សមស្រប​ជាមួយនឹង​ស្ថានការណ៍​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដោយមាន​ឧបសគ្គ​តិចតួច​ទាក់ទង​នឹង​ការ​ទុកដាក់ ហើយ​តម្លៃ​ក៏​ទាប​ជាង​ទីផ្សារ»។

    Afrigen កំពុងតែ​នាំមុខគេ​នៅក្នុង​គម្រោង​ពិសោធ​ដែល​ផ្ដល់ជំនួយ​ដោយ WHO និង COVAX។ មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២១ នឹង​បណ្ដុះបណ្ដាល​ប្រទេស​មួយចំនួន ហើយ​ផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឱ្យទៅ​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​ស្ថិត​នៅក្រោយ​គេ​ក្នុងការ​ប្រកួតប្រជែង​ចាក់​វ៉ាក់សាំង៕

  • (វីដេអូ)-«បើសិន​ផែនដី​ឈប់​វិល ៥ វិនាទី» តើ​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ?

    (វីដេអូ)-«បើសិន​ផែនដី​ឈប់​វិល ៥ វិនាទី» តើ​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ?

    ការដែល​ផែនដី​ឈប់​វិលភ្លាមៗ អាច​បង្កឱ្យមាន​រលក​យក្ស និង​ខ្យល់​ខ្លាំង​រហូតដល់ ១,៦៧០ គីឡូម៉ែត្រ/ម៉ោង ដែល​អាច​ហែក​កម្ទេច​គ្រប់យ៉ាង​នៅលើ​ពិភព​បៃតង​នេះ។

    ផែនដី​បញ្ចប់រ​ង្វិ​ល​ជុំ​មួយ​ជុំ​ខ្លួន​វា​ក្នុង​រយៈពេល​មួយថ្ងៃ ប្រការនេះ​បាន​បង្កើតឱ្យមាន​ថ្ងៃ និង​យប់។ ផែនដី​វិល​គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​នៅក្នុង​ដំណាក់កាល​កកើត​កាលពី ៤.៦ ពាន់​លាន​ឆ្នាំមុន។ នៅពេល​ថាស​ធូលី និង​ឧស្ម័ន​ដ៏​មហិមា​មួយ​វិល​ជុំវិញ​ព្រះអាទិត្យ ធូលី និង​គ្រាប់​ថ្ម បាន​ប្រមូល​ផ្ដុំគ្នា បង្កើតបានជា​កម្លាំង​ដែល​រក្សា​ភពផែនដី​វិល​ទៅតាម​ទិស​តែមួយ ហើយ​ទំនងជា​មិនមាន​កម្លាំង​អ្វីមួយ​ក្នុង​លំហ​អវកាស អាចធ្វើឱ្យ​វា​វិល​យឺត​មកវិញ។ ផែនដី​បន្ត​វិល​ទៅទៀត និង​បន្ត​ក្នុង​រយៈពេល​រាប់ពាន់​លាន​ឆ្នាំ។

    ក៏ប៉ុន្តែ បើសិនជា​ផែនដី​ឈប់​វិល​មួយស្របក់ តើ​គ្រប់យ៉ាង​អាច​ខ្ទាត​ចេញពី​ផ្ទៃផែនដី ឬទេ?

    នៅពេល​ផែនដី​ឈប់​វិលភ្លាមៗ បរិយាកាស​នឹង​នៅតែមាន​ចលនា។ ប្រការនេះ​មានន័យថា បើទោះជា​គ្រប់យ៉ាង​បាន​ឈប់ ប៉ុន្តែ ខ្យល់​ខ្លាំង​នឹង​នៅតែ​បន្ត​បោកបក់ ហើយ​នោះ​មិនមែនជា​ខ្យល់​ខ្លាំង​ធម្មតា។ វា​នឹង​ខ្លាំង​ជាង​ច្រើនដង ធៀប​នឹង​ខ្យល់ព្យុះ​ដែល​ធ្លាប់មាន​កន្លងមក​នៅលើ​ផែនដី។ ប៉ុន្តែ កម្លាំង​របស់​ខ្យល់​នឹងមាន​ភាពខុសគ្នា ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

    នៅ​តំបន់​អេក្វាទ័រ ឬ​ក្បែរ​តំបន់​អេក្វាទ័រ ផែនដី​វិល​លឿន​បំផុត ហើយ​នៅទីនេះ​ខ្យល់​នឹងមាន​ល្បឿន ១,៦៧០ គីឡូម៉ែត្រ/ម៉ោង អាច​បក់​អ្នក​ទៅលើ​អាកាស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​ក៏មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ហែក​បំបែក​សម្បក​ផែនដី។ ដូច្នេះ បើ​ទោះ​កំពុង​នៅ​កណ្ដាលវាល ឬ​ខាងក្នុង​អគារ​ដ៏​មហា​រឹងមាំ ខ្យល់​នេះ​ក៏​នៅតែ​អាច​យក​ជីវិត​អ្នក​បាន។

    ដើម្បី​ប្រៀបធៀប៖ ខ្យល់កំបុតត្បូង F៥ ខ្លាំង​បំផុត មាន​ល្បឿន ៥១១ គីឡូម៉ែត្រ/ម៉ោង អាច​ហែក និង​ដក​កម្ទេច​ផ្ទះ​ចេញពី​គ្រឹះ និង​កួច​រថយន្ត​ទៅលើ​អាកាស ហើយ​អាច​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​ផងដែរ។ ប៉ុន្តែ ខ្យល់​ដែល​កើតឡើង​នៅពេល​ផែនដី «ចាប់​ហ្វ្រាំង​បន្ទាន់» គឺ​ខ្លាំង​ជាង​នេះ ៣ ដង​ឯណោះ។ ដូច្នេះ បើសិនជា​បេតុង​នៅក្រោម​ជើង​របស់​អ្នក​មិនត្រូវ​ខ្ទេច អ្នក និង​វត្ថុ​ជាច្រើន​ផ្សេងទៀត​អាច​ត្រូវបាន​ខ្យល់កួច​ហោះ​ទៅ​យ៉ាង​ឆ្ងាយ ប៉ុន្តែ មិនអាច​ចេញផុត​ពី​ផែនដី។ ល្បឿន​ដែល​អ្នកត្រូវការ​ដើម្បី​អាច​ចេញ​ផុតពី​ទំនាញផែនដី និង​អណ្ដែតត្រសែត​ក្នុង​ទី​អវកាស គឺ​ប្រហែល ៤០,០០០ គីឡូម៉ែត្រ/ម៉ោង។

    នៅ​តំបន់​ផ្សេង​លើ​ផែនដី ដូចជា នូ​វែ​ល​សេ​ឡង់ ឬ​បារាំង អ្នកនឹង​បាន​ជួប​ខ្យល់​ដែលមាន​កម្លាំង​ខ្សោយ​ជាង​បន្តិច ប៉ុន្តែ ល្បឿន​នៅតែ​ឡើងដល់ ១,១៨០ គីឡូម៉ែត្រ/ម៉ោង ខ្លាំង​ជាង​ខ្យល់ព្យុះ​ដែលមាន​បច្ចុប្បន្ន។ វា​ក៏​នឹង​អាច​កម្ទេច​សំណង់​ជាច្រើន​ប្រភេទ។

    យ៉ាងនេះ​ក៏ដោយ ខ្យល់​មិនមែន​ជាការ​គំរាម​តែមួយគត់ ដែល​អ្នកនឹង​ត្រូវ​ប្រឈម​ក្នុង​រយៈពេល ៥ វិនាទី​នេះនោះ​ទេ។ ផែនដី​របស់​យើង ពុំមែន​ជា​ពិភព​ដែលមាន​រាង​មូល​ពេញលេញ​ឡើយ។ វា​នឹង​ប៉ោង​ឡើង​នៅ​តំបន់​ក្បែរ​ខ្សែ​អា​ក្វា​ទ័​រ ដោយសារតែ​កម្លាំង​មួយ​ដែល​ហៅថា «centrifugal force» កើតឡើង​ព្រោះតែ​ការវិល​របស់​ផែនដី។

    បើសិន​ការវិល​របស់​ផែនដី បាន​ឈប់​មកវិញ ផែនដី​នឹង​ប្រែ​រូបរាង​ទៅជា​មូល​ពេញលេញ។ ទឹក​ទាំងអស់​ដែល​ប្រមូលផ្ដុំ​ក្បែរ​ខ្សែ​អេក្វាទ័រ នឹង​ហូរ​ទៅកាន់​ប៉ូល​ទាំងពីរ បង្កើតបានជា​រលក​យក្ស​ដ៏​មហិមា។ ៥ វិនាទី​ក្រោយ នៅពេល​ផែនដី​ចាប់ផ្ដើម​វិល​ក្នុង​ល្បឿន​ធម្មតា​ឡើងវិញ ទឹកនឹង​ហូរ​ត្រលប់​ទៅកាន់​កន្លែង​ដើម។ រលក​យក្ស​នឹង​បោក​ខ្ទប់​ពីរលើក​ទៅលើ​គ្រប់យ៉ាង។

    តំបន់​តែមួយគត់​ដែល​អាចមាន​សុវត្ថិភាព​នៅក្នុង​ករណី​នេះ គឺ​តំបន់​ក្បែរ​ប៉ូល​ខាងជើង ឬ​ប៉ូល​ខាងត្បូង។ នៅទីនេះ ខ្យល់​នឹងមាន​កម្លាំង​ស្រាល​បំផុត។ អ្នក​ប្រហែលជា​បាន​ធូរស្រាល​ក្នុង​អារម្មណ៍​នៅពេល​ដឹងថា ផែនដី​បាន​ត្រលប់មក​សភាព​ធម្មតា។ ប៉ុន្តែ ពេលនោះ​គ្រប់យ៉ាង​លែងមាន​នៅលើ​ផែនដី​ទៀតហើយ។

    អគារ ដី​កសិកម្ម និង​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​នឹង​ត្រូវបាន​កម្ទេច។ មនុស្ស​រាប់ពាន់​លាន​នាក់​នឹង​ស្លាប់​ដោយសារតែ​កម្លាំង​ដ៏​មហាសាល​របស់​ខ្យល់។ ដូច្នេះ បើសិនជា​អ្នក​ចង់​នៅមាន​ជីវិត​ក្នុងស្ថានភាព​នេះ ល្អ​បំផុត អ្នក​គួរតែ​ចាប់ផ្ដើម​សាងសង់​ជម្រក​ក្រោម​ដី​ដែល​ប្រកបដោយ​ភាព​មហា​រឹងមាំ។

    ក៏ប៉ុន្តែ សំណាងល្អ អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ផែនដី​នឹងមិន​ឈប់​វិល​សោះឡើយ​នៅក្នុង​រយៈពេល​រាប់ពាន់​លាន​ឆ្នាំ​ទៀត៕

  • ទិវា​នៃ​ក្ដី​ស្រលាញ់ (១៤ កុម្ភៈ) ជិត​មកដល់ ក្រសួង​អប់រំ​ចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​អំពើ​មិន​គាប់​បី

    ទិវា​នៃ​ក្ដី​ស្រលាញ់ (១៤ កុម្ភៈ) ជិត​មកដល់ ក្រសួង​អប់រំ​ចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​អំពើ​មិន​គាប់​បី

    ដោយមាន​ការព្រួយបារម្ភ​អំពី​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ក្រសួង​អប់រំ បានចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​នៅតាម​គ្រឹះស្ថានសិក្សា។

    ថ្ងៃទី ១៤ កុម្ភៈ គឺជា​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​គ្រប់គ្នា​អាច​យក​ឱកាស​នេះ​ដើម្បី​ផ្សាយ​មេត្តា ការគោរព​ស្រលាញ់ ការដឹងគុណ​ចំពោះ​លោកអ្នក​មានគុណ ដូចជា មាតា បិតា ។ល។

    ក៏ប៉ុន្តែ បច្ចុប្បន្ន យុវវ័យ​មួយចំនួន បានចាត់ទុក​ទិវា​នេះ​ថា ជា​ថ្ងៃបុណ្យ​សង្សារ​ទៅវិញ ដោយ​អ្នកខ្លះ​ថែមទាំង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​រឿង​មិន​គាប់​បី​ដល់ដៃ​គូ​ជា​សង្សារ​ទៀតផង។

    ដោយ​បារម្ភ​អំពី​សកម្មភាព​មិនល្អ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន។ ព័ត៌មាន​លំអិត សូម​អាន​សេចក្ដីណែនាំ​ខាងក្រោម៖

  • (វីដេអូ)-របក​គំហើញ​ថ្មី​! ត្រី​សិប្បនិម្មិត​ដែល​អភិវឌ្ឍ​ពី​កោសិកា​បេះដូង​មនុស្ស គឺជា​ចំណុច​ចាប់​ផ្ដើម​ដើម្បី​បង្កើត​បេះដូង​កូនកាត់

    (វីដេអូ)-របក​គំហើញ​ថ្មី​! ត្រី​សិប្បនិម្មិត​ដែល​អភិវឌ្ឍ​ពី​កោសិកា​បេះដូង​មនុស្ស គឺជា​ចំណុច​ចាប់​ផ្ដើម​ដើម្បី​បង្កើត​បេះដូង​កូនកាត់

    (សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​កោសិកា​ចំនួន ៧៣,០០០ គ្រាប់​ដែល​យក​ពី​កោសិកា​ដើម​របស់​បេះដូង​មនុស្ស ឱ្យទៅជា​រូបរាង​ត្រី អាច​ហែល​បាន​ដោយ​ពឹង​លើ​ការ​កន្ទុយ​ដែល​បក់​ទៅតាម​ចង្វា​ក់លោត។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Harvard កំពុង​រក​វិធី​បង្កើត​បេះដូង​សិប្បនិម្មិត​អភិវឌ្ឍ​ពី​កោសិកា​ដើម​របស់​បេះដូង សម្រាប់​ករណី​ចាំបាច់ ព្រោះតែ​កង្វះ​នៃ​ការបរិច្ចាគ​បេះដូង។ បើទោះជា​ត្រូវ​ចំណាយពេល​យូរអង្វែង​ទៀត​ទើប​អាច​សម្រេចបាន ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​អាច​អភិវឌ្ឍ​បណ្ដា​កោសិកា​ឱ្យទៅជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ដែលមាន​រូបរាង​ដូច​ត្រី។

    នេះ​គឺជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ស្វ័យប្រវត្ត​ដំបូង​ដែល​ធ្វើ​អំពី​កោសិកា​បេះដូង​ដែល​បាន​អភិវឌ្ឍ​ពី​បណ្ដា​កោសិកា​ដើម​របស់​មនុស្ស។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី Science កាលពី​ថ្ងៃទី ១០ កុម្ភៈ។

    ឧបករណ៍​នេះ​ត្រូវបាន​គេ​ហៅថា ប្រភេទ​កូនកាត់​ជីវសាស្ត្រ ព្រោះតែ​វា​ជាការ​រួមផ្សំ​រវាង​បណ្ដា​កោសិកា​របស់​មនុស្ស និង​វត្ថុ​ធាតុ​មិនមែនជា​ជីវសាស្ត្រ ដោយ​ដងខ្លួន​របស់​វា​ធ្វើ​អំពី​ក្រដាស ចំណែក «អាវ​ពោង» របស់​វា ធ្វើ​អំពី​ជ័រ។ ឧបករណ៍​ថ្មី​នេះ មិនមាន​អ្វីមួយ​ដែល​ត្រូវបាន​យក​មកពី​ត្រីពិត​នោះទេ។

    ចំណុច​ពិសេស​របស់​បេះដូង​គឺ​ចង្វា​ក់លោត ហើយ​បណ្ដា​កោសិកា​របស់​វា​ក៏​ដំណើរការ​គ្នា​នេះដែរ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រែក្លាយ​កោសិកា​ដើម​ចំនួន ៧៣,០០០ កោសិកា ឱ្យទៅជា​កោសិកា​បេះដូង រួច​ដាក់​ពួកវា​ទៅក្នុង​រចនាសម្ព័ន្ធ​មួយ​ដែលមាន​រាង​ដូច​ត្រី ដោយមាន​កោសិកា​សាច់ដុំ​ចំនួន ២ ស្រទាប់​នៅត្រង់​សងខាង​កន្ទុយ។ កោសិកា​សាច់ដុំ​ទាំងនេះ ផ្ទុក​ប្រូតេអ៊ីន​រី​ទីណា (retinal protein) ដែលមាន​ភាព​រសើប ឬ​រំញោច​ខ្លាំង​ជាមួយនឹង​ពណ៌​របស់​ពន្លឺផ្សេងៗគ្នា។

    ដោយ​ការផ្លាស់ប្ដូរ​ពណ៌​របស់​ពន្លឺ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើឱ្យ​កោសិកា​សាច់ដុំ​ទាំងសងខាង​កន្ទុយ លោត​មិន​ស្របគ្នា ដោយ​ម្ខាង​រួញ​ចូល ខណៈ​ម្ខាង​ទៀត​លា​ចេញ បណ្ដាលឱ្យ​កន្ទុយ​របស់​ត្រី​សិប្បនិម្មិត​នេះ ម្ដង​បក់​ទៅខាង​ស្ដាំ និង​ម្ដង​បក់​ទៅខាង​ឆ្វេង។ ចលនា​នេះ​រុញច្រាន​ត្រី​ឱ្យទៅ​មុខ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​បញ្ជាក់ថា កោសិកា​នានា​អាច​រក្សា​ចលនា​នេះ​រយៈពេល ១០៨ ថ្ងៃ នៅពេល​ហែល​ក្នុង​ធាតុ​រាវ​អំបិល​ដែល​សម្បូរ​គ្លុយកូស។