Author: សឿន សំណាង

  • ក្រុម​ហ៊ុន​មួយ​មាន​គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​នៅលើ​ឋាន​ព្រះ​ចន្ទ

    ក្រុម​ហ៊ុន​មួយ​មាន​គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​នៅលើ​ឋាន​ព្រះ​ចន្ទ

    គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​អវកាស​មួយ ទាក់ទាញ​បាន​ទុនវិនិយោគ ៦៥០,០០០ ដុល្លារ ពី​ក្រុមហ៊ុន Draper Associates ដើម្បី​អភិវឌ្ឍ និង​វាយតម្លៃ​បច្ចេកទេស។

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Aquarian Space កាលពី​ថ្ងៃទី ១៧ មីនា បានប្រកាស​អំពី​គម្រោង​ភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​រវាង ផែនដី ព្រះ​ចន្ទ និង​ពិភព​អង្គារ នាពេល​អនាគត ដែលមាន​រលកសញ្ញា​ខ្លាំង​គ្រប់គ្រាន់​ដែល​អាច​ផ្សាយ​វីដេអូ​កម្រិត 4K។ Aquarian Space កំណត់​គោលដៅ​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង​ដំបូង​លើ ឋាន​ព្រះ​ចន្ទ នៅ​ឆ្នាំ ២០២។ គោលដៅ​របស់​ក្រុមហ៊ុន​នេះ​គឺ​បង្កើត​សេវាកម្ម​ក្នុង​បរិយាកាស Solnet ដែល​ស្ថាបនា​ឡើង​ដោយយោង​ទៅតាម​បណ្ដាញ​ផ្កាយរណប​ពាណិជ្ជកម្ម​បញ្ជូន​ទិន្នន័យ​ល្បឿន ១០០ megabit/វិនាទី លឿន​ជាង​ឆ្ងាយ ធៀប​នឹង​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​កម្រិត​មធ្យម​នៅ សហរដ្ឋ​អាម៉េរិក។

    «ក្នុង​ឆ្នាំ ២០២១ មាន​ស្ថានីយ​ចុះចត យានអវកាស​ហោះ​ជុំវិញ​គន្លង​គោចរ និង​រ៉ូ​បូត​ស្វ័យប្រវត្ត នៅលើ​ដី និង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ចំនួន ១៣» Kelly Larson នាយក​ប្រតិបត្តិ​របស់ Aquarian Space ឱ្យដឹង​ដូច្នេះ។ «នៅ​ឆ្នាំ ២០៣០ យើង​នឹងមាន​យាន​ប្រហែល ២០០ គ្រឿង បង្កើតបាន​សេដ្ឋកិច្ច​នៅ ឋាន​ព្រះ​ចន្ទ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ប្រការនេះ​នឹងមិន​អាច​កើតឡើង​បើសិន​មិនមាន​បណ្ដាញ​ទំនាក់ទំនង​ដែល​អាច​ទុកចិត្តបាន រវាង​ព្រះ​ចន្ទ និង​ផែនដី»។

    ក្រុមហ៊ុន​ខាងលើ​កំពុងតែធ្វើការ​វាយតម្លៃ​លើ​បច្ចេកទេស​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​ចូលរួម​កម្មវិធី​សេវាកម្ម​ដឹកទំនិញ​ពាណិជ្ជកម្ម (CLPS) របស់ ណា​សា (NASA) រួម​នឹង​ក្រុមហ៊ុន​មួយចំនួនទៀត​នៅ សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន​បរទេស​ដែល​ជិត​បំពេញបេសកកម្ម​នៅលើ ឋាន​ព្រះ​ចន្ទ។

    CLPS នឹង​នាំ​ទំនិញ ស្ថានីយ​ចុះចត និង​ឧបករណ៍​វិទ្យាសាស្ត្រ​ជាច្រើន ទៅកាន់ ឋាន​ព្រះ​ចន្ទ នៅ​ចុង​ទសវត្សរ៍​នេះ តាមរយៈ​កម្មវិធី Artemis របស់ អាម៉េរិក។ យោងតាម Aquarian Space អតិថិជន​មិនចាំបាច់​ប្ដូរ​ទ្រង់ទ្រាយ​ឧបករណ៍​ទៅតាម​បច្ចេកវិទ្យា​របស់​ពួកគេ។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​បច្ចេកទេស​លម្អិត ប្រភេទ​ផ្កាយរណប​ដែល​ពួកគេ​គ្រោង​នឹង​ប្រើប្រាស់ ក៏ដូចជា​វិធី​បាញ់​បង្ហោះ​ផ្កាយរណប​ទៅក្នុង​ទី​អវកាស​នៅឡើយ។

    ក្រៅពី​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន Aquarian ក៏មាន​គម្រោង​តាមដាន​សំរាម​អវកាស អាកាសធាតុ និង​ការផ្គត់ផ្គង់​ព័ត៌មានវិទ្យា​សាស្ត្រ​ពី ឋាន​ព្រះ​ចន្ទ និង ពិភព​អង្គារ មកកាន់ ពិភព​ផែនដី ផងដែរ៕

  • (វីដេអូ)-គម្រោង​ផ្លូវដែក​​ល្បឿន​​​លឿន​​ឆ្លង​​សមុទ្រ​​ដំបូង​​របស់​ ប្រទេស​ចិន

    (វីដេអូ)-គម្រោង​ផ្លូវដែក​​ល្បឿន​​​លឿន​​ឆ្លង​​សមុទ្រ​​ដំបូង​​របស់​ ប្រទេស​ចិន

    ប្រទេស​ចិន កំពុង​ស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង ប្រវែង ២៧៧ គីឡូម៉ែត្រ ភ្ជាប់​ទីក្រុង Fuzhou ជាមួយនឹង Xiamen ដែល​ស្ថិតនៅ​ទល់មុខ​នឹង កោះ​តៃវ៉ាន់។

    ផ្លូវដែក​ភ្លោះ​ប្រវែង ៥០០ ម៉ែត្រ ត្រូវបាន​ដំឡើង​ដោយ​ជោគជ័យ​នៅលើ​ផ្ទៃ​បេតុង​នៅឯ​ស្ថានីយ​ផ្លូវដែក Putian ក្នុង​ខេត្ត Fujian នា​ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​ថ្ងៃទី ១៧ មីនា ជាការ​ចាប់ផ្ដើម​នៃ​ការស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ចិន។

    ផ្លូវដែក​ប្រវែង ២៧៧ គីឡូម៉ែត្រ​នេះ ត​ភ្ជាប់​ទីក្រុង​រដ្ឋបាល Fuzhou ជាមួយនឹង​ទីក្រុង Xiamen។ ជាមួយ​ល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង ផ្លូវដែក​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ទីក្រុង​ទាំងពីរ​ចុះមក​នៅត្រឹម ១ ម៉ោង។

    ហេដ្ឋារចនាសម្ព័ន្ធ​នេះ គ្រោង​នឹង​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២៣។

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ក្រោម​ ១០០ នាក់ទៀត ក្នុង​ថ្ងៃទី ២០ មីនា

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ក្រោម​ ១០០ នាក់ទៀត ក្នុង​ថ្ងៃទី ២០ មីនា

    ក្នុងចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ៩៩ នាក់ មាន​​ករណីឆ្លង​ក្នុងសហគមន៍ ៩២ នាក់ និង​អ្នកដំណើរពីបរទេស ៧​ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

  • ភ្ញៀវទេសចរ​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ នាំគ្នា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត នៅ សៀមរាប

    ភ្ញៀវទេសចរ​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ នាំគ្នា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត នៅ សៀមរាប

    ភ្ញៀវ​ទេសចរណ៍​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ បាននាំគ្នា​ទៅ​ទស្សនា «ព្រឹត្តិការណ៍​សម​រាត្រី» ដែលមាន​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត ដែល​បានចាប់ផ្តើម​រះ​ពី​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។

    «ព្រឹត្តិការណ៍​សម​រាត្រី» នេះ កើតឡើង​ពីរដង ក្នុង ១ ឆ្នាំ គឺ​នៅ​ថ្ងៃទី ២១ ខែមីនា និង​នៅ​ថ្ងៃទី ២២ ខែកញ្ញា។ ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​អង្គរ គឺជា​ពេលវេលា ដែល​ពេល​ថ្ងៃ​និង​ពេលយប់ មាន​រយៈពេល​ស្មើគ្នា ដោយ​ខុសពី​ខែ​ធម្មតា​ខ្លះ ដែល​យប់​មាន​រយៈពេល​វែង​ជាង​ពេល​ថ្ងៃ ឬ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ នេះ​បើតាម លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​នៃ អាជ្ញាធរ​ជាតិ​អប្សរា។

    បុរាណ​វិទូ​រូបនេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ព្រោះ​វា​គឺជា​លក្ខណៈពិសេស​របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់​ប្រាសាទ​ទុក​មុន ក្នុង​បំណង​តម្រូវ​តាម​បាតុភូតធម្មជាតិ។

  • នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​ពិចារណា​លើ​ការអនុញ្ញាតឱ្យ​ប្ដូរ​ក្រលៀន នៅក្នុង​ស្រុក

    នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​ពិចារណា​លើ​ការអនុញ្ញាតឱ្យ​ប្ដូរ​ក្រលៀន នៅក្នុង​ស្រុក

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន យល់ថា គួរ​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្រលៀន (ឬ​ហៅ​ថា តម្រង​នោម​) ​ស្របច្បាប់ នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​នៅក្រៅ​ប្រទេស។

    នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា សម្ដេច ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឱ្យមាន​ការពិចារណា​ដើម្បី​អនុញ្ញាតឱ្យ​ការផ្លាស់ប្ដូរ​ក្រលៀន​ក្នុងស្រុក ទៅជា​បញ្ហា​ស្របច្បាប់។

    សម្រាប់​មូលហេតុ​នៃ​ការលើកឡើង​នេះ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជា មានលទ្ធភាព​ប្ដូរ​ក្រលៀន​តាំងពី​អំឡុង​ឆ្នាំ ២០១០ ក៏ប៉ុន្តែ មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បាន​បញ្ជាក់ថា ការអនុញ្ញាតឱ្យ​ប្ដូរ​ក្រលៀន​ក្នុងស្រុក គឺ​ដើម្បី​បញ្ចៀស​ការចេញ​ទៅ​បរទេស​ដើម្បី​ទទួល​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ​នេះ ព្រោះ​អ្នកជំងឺ​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុងការ​ព្យាបាល​នៅក្រៅ​ស្រុក។

  • រុស្ស៊ី ចេញ​ឱសានវាទ សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល (Mariupol)

    រុស្ស៊ី ចេញ​ឱសានវាទ សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល (Mariupol)

    ក្រសួងការពារជាតិ​រុស្ស៊ី បានចេញ​ការកំណត់​ពេលវេលា​ចុងក្រោយ​នៅ​ព្រឹក​នេះ សម្រាប់​ការទម្លាក់​អាវុធ​ចុះចាញ់​របស់ កងកម្លាំង​អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល ប៉ុន្តែ ត្រូវបាន ទីក្រុង​កៀវ បដិសេធ។

    RIA Novosti កាលពី​ថ្ងៃទី ២០ មីនា ដកស្រង់​សម្ដី​របស់​វរសេនីយ៍ឯក Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ផ្នែក​ការពារជាតិ​រុស្ស៊ី ស្នើឱ្យ​ក្រុមមន្ត្រី និង​កងកម្លាំង​ការពារ​ទីក្រុង ម៉ារីប៉ូល ទម្លាក់អាវុធ​ចុះចាញ់​ឱ្យបាន​មុន​ម៉ោង ៥ ថ្ងៃទី ២១ មីនា (ម៉ោង ៩ ព្រឹក នៅ ភ្នំពេញ)។

    «អ្នក​ដែល​បាន​ទម្លាក់អាវុធ​ចុះចាញ់ សុទ្ធតែ​ត្រូវបាន​ធានា​សុវត្ថិភាព​សម្រាប់​ការចាកចេញ​ពី ម៉ារីប៉ូល» វរសេនីយ៍ឯក Mizintsev និយាយ​ដូច្នេះ។ លោក​បន្ថែមថា ច្រក​សម្រាប់​មនុស្សធម៌​នឹងត្រូវ​បាន​បើក​ទៅតាម​ទិសខាងកើត និង​ខាងលិច ដើម្បី​ចាកចេញ​ពី ម៉ារីប៉ូល នៅវេលា​ម៉ោង ១០ ព្រឹក (ម៉ោង ១៤ នៅ កម្ពុជា)។

    ម៉ារីប៉ូល ដែល​ស្ថិតនៅក្នុង​ទីតាំង​យុទ្ធសាស្ត្រ​លើ​ឆ្នេរសមុទ្រ អាហ្សូវ (Azov) បាន​ក្លាយជា​គោលដៅ​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ​តាំងពីដើម​ខែមីនា បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ ពលរដ្ឋ​ប្រហែល ៤០០,០០០ នាក់ ត្រូវបាន​គេ​ជឿថា កំពុង​ជាប់​នៅក្នុង​ទីក្រុង ម៉ារីប៉ូល ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ កងទ័ព​រុស្ស៊ី ហើយ​ពួកគេ​កំពុង​ជួប​បញ្ហា​គ្មាន​ទឹក ភ្លើង និង​ប្រព័ន្ធ​កម្ដៅ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ។

    ឆ្លើយតប​នឹង​ការដាក់​ឱសានវាទ​របស់ រុស្ស៊ី ខាងលើ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Irina Vereshchuk បាន​ទាត់​ចោលការ​កំណត់ពេល​វេលា​ចុង​ក្រោយនេះ។ «នឹងមិន​មានការ​ចុះចាញ់ ឬ​ទម្លាក់អាវុធ​នោះឡើយ យើង​បានប្រកាស​ប្រាប់​ភាគី រុស្ស៊ី អំពី​បញ្ហា​នេះ» លោកស្រី Irina បាន​ប្រាប់​ទំព័រ Pravda របស់ អ៊ុយ​ក្រែ​ន ដូច្នេះ។

    អ៊ុយ​ក្រែ​ន បានប្រកាស​កាលពី​ថ្ងៃទី ១៨ មីនា​ថា បាន​បាត់បង់​ការគ្រប់គ្រង «បណ្ដោះអាសន្ន» លើ​សមុទ្រ អាហ្សូវ (Azov) នៅពេល កងទ័ព​រុស្ស៊ី បាន និង​កំពុង​ឡោមព័ទ្ធ​ទីក្រុង ម៉ារីប៉ូល ដែល​នៅជាប់​នឹង​សមុទ្រ​នេះ។

    ក្រោយ​រយៈពេល ៣ សប្ដាហ៍​នៃ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងទ័ព​រុស្ស៊ី បាន​គ្រប់គ្រង​តំបន់ ខឺសុន (Kherson) នៅ​ភាគ​ខាងកើត ក្នុង​គ្រា​ដែល​កំពុង​បន្ត​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ទីក្រុងធំៗជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង រដ្ឋធានី​កៀវ និង ខាកូវ (Kharkov) ផងដែរ។ កងកម្លាំង​រុស្ស៊ី នៅ​ជុំវិញ​រដ្ឋធានី របស់ អ៊ុយ​ក្រែ​ន ហាក់​មិនបាន​ផ្លាស់ប្ដូរ​ទីតាំង​ក្នុង​រយៈពេល ២ សប្ដាហ៍​មកនេះ។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា មាន​វិធី​តែ​មួយគត់​ដែល​អាច​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា មាន​វិធី​តែ​មួយគត់​ដែល​អាច​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បន្ត​ស្នើ​ឱ្យមាន​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន និង​អះអាងថា នេះ​គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នាបច្ចុប្បន្ន។

    «ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួប​គាត់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២០ មីនា នៅលើ​ទូរទស្សន៍ CNN។ «បើសិន​មានឱកាស​តែ ១% ដើម្បី​បញ្ចប់សង្គ្រាម យើង​ត្រូវ​ចាប់យក​វា ដើម្បី​ឆ្ពោះទៅកាន់​កិច្ចចរចា និង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ ប្រធានាធិបតី ពូ​ទីន»។

    លោក ហ្សេ​ឡែ​ន​ស្គី សង្កត់ធ្ងន់ថា កិច្ចចរចា​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់សង្គ្រាម។ «មានតែ​យើង ២ នាក់ ខ្ញុំ និង​លោក ពូ​ទីន ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ»។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​ថា បើសិន​ការប្រឹងប្រែង​ក្នុង​ការចរចា​ទាំងនេះ​បរាជ័យ «ប្រការ​នោះ​មានន័យថា សង្គ្រាមលោកលើកទី ៣ នឹង​ផ្ទុះឡើង» មុន​នោះ លោក ហ្ស​ឡែ​ន​ស្គី ក៏​ធ្លាប់បាន​និយាយ​ច្រើនលើក​ហើយ​ថា សង្គ្រាម​ជាមួយ រុស្ស៊ី បច្ចុប្បន្ន មាន​ហានិភ័យ​រីក​រាលដាល​ទៅជា​សង្គ្រាម​សកល។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក៏​ធ្លាប់បាន​និយាយថា ការដែល អ៊ុយ​ក្រែ​ន ទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk គឺជា​លក្ខខណ្ឌ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង។ ចំណែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា នឹង​បដិសេធ​ប្រការនេះ។

  • មនុស្ស​ជាច្រើន​ចូលចិត្ត​បំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិន​អាច​គ្រប់គ្រង​វា​បាន

    មនុស្ស​ជាច្រើន​ចូលចិត្ត​បំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិន​អាច​គ្រប់គ្រង​វា​បាន

    (សហរដ្ឋ​អាម៉េរិក)-ជាង​ពាក់កណ្ដាល​នៃ​មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ បានឱ្យដឹងថា នឹង​ពិចារណា​ចំពោះ​ការបំពាក់ ឈី​ប (chip) កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិនជា​ពួកគេ​អាច​បញ្ជា​លើ​វា​បាន។

    Pew Research បានធ្វើ​ការស្ទង់មតិ​លើ​មនុស្សពេញវ័យ​ចំនួន ១០,២៦០ នាក់ នៅ សហរដ្ឋ​អាម៉េរិក។ សំណួរ​ភាគច្រើន​គឺ​ទាក់ទង​នឹង​ការយល់ឃើញ​ចំពោះ​បច្ចេកវិទ្យា​ទំនើប​នានា ដូចជា កុំព្យូទ័រ​ខួរក្បាល (brain computing), បញ្ញា​សិប្បនិម្មិត (Artificial intelligence-AI) និង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត។

    ៧៨% នៃ​អ្នក​ដែល​ត្រូវបាន​សួរ បាន​បដិសេធ​ការប្រើ ឈី​ប​កុំព្យូទ័រ ដើម្បី​កែលម្អ​សមត្ថភាព​ខួរក្បាល​របស់​ពួកគេ។ ប៉ុន្តែ ៥៩% និយាយថា នឹង​ទទួលយក​បច្ចេកវិទ្យា​នេះ បើសិន​មាន​សិទ្ធិ​ម្ចាស់ការ ពោលគឺ​អាច​បើក-បិទ ឈី​ប​បញ្ជា​ដែល​ស្ថិតនៅក្នុង​ខួរក្បាល​តាមចិត្ត​ចង់ នេះ​បើតាម Alec Tyson ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Pew Research។

    សារព័ត៌មាន Fortune ផ្សាយ​ថា ក្នុង​វិស័យ brain computing ក្នុងនោះ​ក៏មាន​ការបំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល​ជាដើម កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន បន្ទាប់ពី​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk បានទទួល​ជោគជ័យ​មួយចំនួន​នៅក្នុង​បន្ទប់ពិសោធន៍។

    លោក Musk ធ្លាប់បាន​អះអាងថា បច្ចេកវិទ្យា​របស់ Neuralink ក្នុង​អនាគត​អាច​ប្រើប្រាស់​ដើម្បី​បង្កើន​សមត្ថភាព​របស់​មនុស្ស។ ក៏ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា មហិច្ឆតា​នេះ​នឹង​ស៊ីពេល​យ៉ាងយូរ​ទៀត ទើប​អាច​ក្លាយជា​ការពិត៕

  • រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ក្នុង​វេជ្ជសាស្ត្រ «ជិត​ដល់​វេន​សម្ដែងឫទ្ធិ» ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត

    រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ក្នុង​វេជ្ជសាស្ត្រ «ជិត​ដល់​វេន​សម្ដែងឫទ្ធិ» ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត

    រ៉ូ​បូត​មួយគ្រឿង​ដែល​អាច​ជំនួសមុខ​ឱ្យ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​លំដាប់​មធ្យម នឹង​ក្លាយជា​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​បំផុត​សម្រាប់​ដំណើរ​ហោះហើរ​ទៅកាន់​ពិភព​ព្រះ​អង្គារ ឬ​ពិភព​ដទៃ។

    គិត​មកដល់​បច្ចុប្បន្ន មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បម្រើ​ដល់​បេសកកម្ម​អវកាស ត្រូវបាន​ពិភពលោក​និយម​ប្រើប្រាស់​នៅលើ​ពិភព​ផែនដី ក្នុងនោះ​មានដូចជា កាស​អត់​ខ្សែ, លេប​ថប, ភ្លើង LED, កូនកណ្ដុរ​កុំព្យូទ័រ, កាមេរ៉ា​ទូរស័ព្ទ រហូតដល់​បច្ចេកវិទ្យា​ចម្រាញ់​ទឹក, បន្សុទ្ធ​ខ្យល់, ផ្ទាំង​សូ​ឡា, ដៃជើង​សិប្បនិម្មិត។ល។

    បច្ចុប្បន្ន សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា បច្ចេកវិទ្យា​ទំនើប​បំផុត​មួយ​ប្រភេទ​ទៀត ជិត​ចាប់កំណើត​ក្នុង​បំណង​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទៅកាន់​ទី​អវកាស នោះ​គឺ រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ទាំងស្រុង។

    យុគសម័យ​នេះ មនុស្ស​មាន​រ៉ូ​បូត​ដែល​អាចធ្វើ​ការវះកាត់​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន រួមមាន​ដូចជា វះកាត់​ត្រង់​ឆ្អឹង​អាង​ត្រគាក, វះកាត់​ឆ្អឹងខ្នង, វះកាត់​ភ្នែក, ចាក់​ថ្នាំ​ក្នុង​ស្រោមខួរ ជាដើម ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវការ​កម្រិត​សុក្រឹត​ខ្ពស់បំផុត។

    ក៏ប៉ុន្តែ ប្រភេទ​រ៉ូ​បូត​វះកាត់​បច្ចុប្បន្ន គ្រាន់តែ​ជា​ប្រភេទ​ពាក់កណ្ដាល​ស្វ័យប្រវត្ត​ប៉ុណ្ណោះ ពោលគឺ ពួកវា​ត្រូវបាន​រចនា​ឡើង​ដូច​ទៅនឹង​ម៉ាស៊ីន ដែល​ទទួល​ការបញ្ជា​ពី​អ្នកបច្ចេកទេស និង​ក្រុម​វេជ្ជបណ្ឌិត។

    ប្រភេទ​រ៉ូ​បូត​ស្វ័យប្រវត្ត ឬ​ម្ចាស់ការ ១០០% ដែល​ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង ពេលនេះ​នៅ​ជា​ក្ដី​ស្រមៃ​នៅឡើយ។ STAR ដែលជា​រ៉ូ​បូត​មួយ​ប្រភេទ​ត្រូវបាន​បំពាក់​កម្មវិធី​ឆ្លាត​វៃ ធ្លាប់បាន​ដេរ​ភ្ជាប់​ពោះវៀន​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​ត្រូវបាន​ចាត់ទុកថា​ជា រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០% នោះឡើយ ព្រោះ​ពោះវៀន​ដែល​វា​ដេរ​ភ្ជាប់​គឺជា​ពោះវៀន​សត្វ​ជ្រូក។

    បច្ចុប្បន្ន មនុស្ស​មាន​ រ៉ូបូត​វះកាត់​​ពាក់​កណ្ដាល​ស្វ័យប្រវត្ត

    តើ​ពេលណា​ទើប​មនុស្ស​អាច​សម្រេចបាន​គោលដៅ​ផលិត​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០%? បណ្ឌិត Tamir Wolf នាយក​ប្រតិបត្តិ​របស់ Theator ដែលជា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​កម្មវិធី​វះកាត់​ស្វ័យប្រវត្តិ​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត បានឱ្យដឹងថា «ខ្ញុំ​គិតថា នឹង​ចំណាយពេល​រាប់​សតវត្សរ៍​ទៀត​ឯណោះ»។

    ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ Elon Musk ពិតណាស់ កំពុងតែ​ជួយ​គ្នា​ទៅវិញ ទៅមក យ៉ាង​ស៊ីចង្វាក់។ ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត និង​កំពុងមាន​ផែន​ការនាំ​មនុស្ស​ទៅកាន់​ពិភព​អង្គារ។

    បច្ចុប្បន្ន យើង​កំពុង​ត្រូវ​បើកបរ​រថយន្ត ដូច​ទៅនឹង​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​បញ្ជា​ដៃ​រ៉ូ​បូត។ ប៉ុន្តែ វិស័យ​ទាំងនេះ​សុទ្ធតែ​កំពុង​ឆ្ពោះ​ទៅដល់​ចំណុច​ពាក់កណ្ដាល​ស្វ័យប្រវត្ត ដូច​ទៅនឹង​រថយន្ត Tesla ដែល​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ផ្នែក​ណាមួយ។

    «ហើយ​ក្រោយមក នឹង​ដល់​វេន​ស្វ័យប្រវត្ត​ទាំងស្រុង​ទៅតាម​លក្ខខណ្ឌ នៅពេល​រថយន្ត​ចាប់ផ្ដើម​យល់​អំពី​បរិស្ថាន​របស់​វា។ បន្ទាប់មកទៀត គឺ​ស្វ័យប្រវត្ត​កម្រិត​ខ្ពស់ ដែល​រថយន្ត​ចូលរួម​ធ្វើការ​សម្រេចចិត្ត ហើយ​ចុងក្រោយ​គឺ​ស្វ័យប្រវត្ត​ទាំងស្រុង» លោក​បណ្ឌិត Wolf បកស្រាយ​អំពី​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​នៅលើ​រថយន្ត។

    ចំពោះ រ៉ូ​បូត​វះកាត់​ផ្នែក​វេជ្ជសាស្ត្រ​វិញ លោក​បណ្ឌិត យល់ថា យើង​បាន និង​កំពុង​ឆ្ពោះ​ទៅដល់​ដំណាក់កាល​ស្វ័យប្រវត្ត​មួយផ្នែក។ រ៉ូ​បូត​វះកាត់​ដូចជា STAR របស់​សាកលវិទ្យាល័យ Johns Hopkins គឺជា​ឧទាហរណ៍​ស្រាប់៕

  • ធនាគារ​របស់ ស្វ៊ី​ស កំពុង​រក្សាទុក​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី?

    ធនាគារ​របស់ ស្វ៊ី​ស កំពុង​រក្សាទុក​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី?

    បណ្ដា​ធនាគារ​នៅ ប្រទេស​ស្វ៊ី​ស កម្រ​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ទឹកប្រាក់​ដែល​អតិថិជន​ផ្ញើ​នៅទីនេះ ប៉ុន្តែ ករណី​របស់ រុស្ស៊ី លើក​នេះ ធនាគារ​ស្វ៊ី​ស ត្រូវ​ធ្វើតាម​ការដាក់ទណ្ឌកម្ម​របស់ អឺរ៉ុប។

    យោងតាម​សារព័ត៌មាន Reuters សមាគម​ធនាគារ​ស្វ៊ី​ស (SBA) បាន​គណនា​ឃើញថា បណ្ដា​ធនាគារ​របស់​ប្រទេស​នេះ កំពុង​ទទួល​សិទ្ធិ​គ្រប់គ្រង​ប្រាក់​ពី ១៥០ ទៅ ២០០ ពាន់ ហ្វ្រ​ង់​ស្វ៊ី​ស (ប្រហែល ១៦១ ទៅ ២១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​អតិថិជន​រុស្ស៊ី បាន​ផ្ញើ​នៅក្នុង​គណនី​បរទេស។

    ការ​បង្ហើប​ឱ្យដឹង​នូវ​របាយការណ៍​ស្ដីពី​ទ្រព្យសម្បត្តិ​ពី SBA គឺជា​រឿង​កម្រ ពិសេស​គឺ​ចំពោះ ស្វ៊ី​ស ដែលជា​ប្រទេស​ល្បីឈ្មោះ​ខាង​ការរក្សា​ភាព​សម្ងាត់ និង​សុវត្ថិភាព​សម្រាប់​បណ្ដាគ​ណ​នី​បរទេស។

    សកម្មភាព​មិនធម្មតា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​នៃ​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ចំពោះ​បណ្ដា​ខ្ទង់​ប្រាក់​បញ្ញើ​របស់ រុស្ស៊ី ទាក់ទង​នឹង​ការចូល​ឈ្លានពាន​នៅ អ៊ុយ​ក្រែ​ន។

    ដើមឡើយ ស្វ៊ី​ស គឺជា​ប្រទេស​ដែលមាន​និន្នាការ​កណ្ដាល ប៉ុន្តែ បន្ទាប់ពី កងទ័ព​រុស្ស៊ី បាន​ចូលលុកលុយ អ៊ុយ​ក្រែ​ន កាលពី​ខែ​មុន ប្រធានាធិបតី​ស្វ៊ី​ស អ៊ិកណាហ្ស៊ីយ៉ូ កាស៊ិស (Ignazio Cassis) ប្រកាសថា ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ​របស់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​ក្រុមមន្ត្រី​នយោបាយ និង​ក្រុម​អ្នកជំនួញ ៣៧០ នាក់ ដែល​ត្រូវ សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម ដើម្បី​ទប់ស្កាត់​ប្រភព​ជំនួយ​សម្រាប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។