Author: សឿន សំណាង

  • តា​លី​បង់ ស្នើឱ្យ​បុគ្គលិក មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ និង​ពុកចង្កា

    តា​លី​បង់ ស្នើឱ្យ​បុគ្គលិក មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ និង​ពុកចង្កា

    អាជ្ញាធរ​តា​លី​បង់ នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្នើឱ្យ​មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ ពុកចង្កា និង​គោរព​ទៅតាម​ការកំណត់​នានា​របស់​ពួកគេ មិន​ដូច្នោះ​ទេ នឹងត្រូវ​បណ្ដេញ​ពី​ការងារ។

    តំណាង​សារព័ត៌មាន នៃ ស្ថាប​ន័​លើកកម្ពស់​សីលធម៌ និង​ទប់ស្កាត់​អំពើ​អសីលធម៌ របស់ អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី ២៨ មីនា បាន​ទៅកាន់​ការិយាល័យ​នានា​របស់​ស្ថាប័នរដ្ឋ ដើម្បី​ត្រួតពិនិត្យ​អំពី​ស្ថានភាព​គោរព​គោលការណ៍​ថ្មី​របស់​មន្ត្រី​រដ្ឋការ នេះ​បើតាម Reuters។

    បុគ្គលិក មន្ត្រី​រដ្ឋការ ដែល​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ត្រូវបាន​ស្នើឱ្យ​ទុក​ពុកមាត់ ពុកចង្កា និង​ត្រូវ​ស្លៀកពាក់​តាមបែប​ប្រពៃណី ព្រមទាំង​ដាក់​កំហិត​ឱ្យ​ធ្វើការ​សូត្រធម៌​បួងសួង​ត្រូវ​ទៅតាម​ពេលវេលា​ដែល​បានកំណត់។ បើសិនជា​អនុវត្ត​ផ្ទុយ​ពីនេះ ពួកគេ​នឹង​ត្រូវបាន​បញ្ឈប់​ពីមុខ​តំណាង។

    តា​លី​បង់ គឺជា​ក្រុម​ប្រកាន់​តឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ កាលពី​សប្ដាហ៍​កន្លង ពួកគេ​ក៏បាន​ហាម​ស្ត្រី​ជិះ​យន្តហោះ​ផងដែរ បើសិន​មិនមាន​បុរស​តាម​ការពារ។ រដ្ឋអំណាច​ក៏​ស្នើឱ្យ​សួន និង​ឧទ្យាន​នានា បើកទ្វារ​ទទួលភ្ញៀវ​ជា​បុរស និង​ស្ត្រី​ដាច់ដោយឡែក ក្នុងនោះ ៤ ថ្ងៃ សម្រាប់​បុរស និង ៣ ថ្ងៃ សម្រាប់​ស្ត្រី ដែល​ប្រការនេះ​មានន័យថា គូ​ស្វាមី ភរិយា និង​គ្រួសារ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​រួម​ដំណើរ​ជាមួយគ្នា ពេល​ចូល​លេង​សួន ឬ​ឧទ្យាន៕

  • អភិបាលរងក្រុង​ព្រៃនគរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន

    អភិបាលរងក្រុង​ព្រៃនគរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន

    (វៀតណាម)-រថយន្ត​ដឹក​អភិបាលរងក្រុង​ហូជីមិញ (ព្រៃនគរ/សៃ​ហ្គ​ន) បាន​ក្រឡាប់​នៅលើ​ផ្លូវ​ល្បឿន​លឿន​ពី ក្រុង​ព្រៃនគរ ទៅកាន់ ខេត្ត​ឡុង​អាន នៅវេលា​ម៉ោង ៧និង២០នាទី ព្រឹក​ថ្ងៃទី ២៩ មីនា នេះ​បើតាម​ប្រភពព័ត៌មាន​ពី Vnexpress។

    មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា ដោយសារ​បែក​កង់​ក្រោយ ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​រនាំង​ខណ្ឌ​ចែកផ្លូវ ហើយ​ក្រោយមក​ក៏​ក្រឡាប់​ដេក​ចំហៀង។ នៅក្នុង​រថយន្ត​ជួប​គ្រោះថ្នាក់​នេះ មាន​ដឹក​មនុស្ស ៣ នាក់ ក្នុងនោះ​មាន អភិបាលរងក្រុង​ព្រៃនគរ លោក ឡេ ហួរ ប៊ិ​ញ ផងដែរ។

    លោក ប៊ិ​ញ រងរបួស​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​នៅពេល​ត្រូវបាន​នាំ​ចូលដល់​មន្ទីរពេទ្យ លោក​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ដង្ហើម និង​បេះដូង​ឈប់​ដើរ ចំណែក​មនុស្ស ២ នាក់​ទៀត រងរបួស​ស្រាល។

    ហូជីមិញ ឬ​ព្រៃនគរ​ គឺជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​ ប្រទេស​វៀត​ណាម។ ទីក្រុង​នេះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៩ លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩។

    មុន​ពេល​ជនជាតិ​វៀតណាម​ មក​តាំង​ទីលំនៅ​ក្នុង​សតវត្សរ៍​ទី ១៧ ទីក្រុង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​​ នគរភ្នំ ចេនឡា និង​ កម្ពុជា​៕

  • ទីផ្សារ​ថ្ងៃទី​ ២៩ ​មីនា៖​ តម្លៃ​​ប្រេង​​ដាំ​​ក្បាល​​ចុះ​ ៧%​ ខណៈ​​មាស​ រួម​​នឹង​​​កសិផល​​ក៏​​នាំ​គ្នា​​ធ្លាក់​​ថ្លៃ

    ទីផ្សារ​ថ្ងៃទី​ ២៩ ​មីនា៖​ តម្លៃ​​ប្រេង​​ដាំ​​ក្បាល​​ចុះ​ ៧%​ ខណៈ​​មាស​ រួម​​នឹង​​​កសិផល​​ក៏​​នាំ​គ្នា​​ធ្លាក់​​ថ្លៃ

    ប្រេង​ធ្លាក់​ថ្លៃ​ប្រហែល ៧% នៅក្នុង​ការជួញដូរ​នា​ថ្ងៃ​ដើម​សប្ដាហ៍ នៅពេល សៀង​ហៃ ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់ ចិន ត្រូវ​បានដាក់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩ ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង។

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៨ មីនា ប្រេង Brent ធ្លាក់​ថ្លៃ ៨.១៧ ដុល្លារ ឬ ៦.៨% ចុះមក​នៅត្រឹម ១១២.៤៨ ដុល្លារ/ធុង គ្រា​ដែល​ប្រេង WTI ដាំ​ក្បាល​ចុះ ៧.៩៤ ដុល្លារ ឬ ៧% មក​នៅត្រឹម ១០៥.៩៦ ដុល្លារ/ធុង។

    តម្លៃ​ប្រេង​មានការ​ប្រែង​ប្រួល​ខ្លាំង​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ កាលពី​សប្ដាហ៍​កន្លង តម្លៃ​ប្រេង Brent កើនឡើង ១២% និង​ប្រេង WTI កើនឡើង​ជិត ៩%។

    តាម​ការ​ព្យាករ ប្រទេស​ចិន ដែលជា​អ្នក​នាំចូល​ប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក នឹង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង​ជាង ៨០០,០០០ ធុង/ថ្ងៃ ធៀប​នឹង​បរិមាណ​ធម្មតា​ដែល​ប្រើប្រាស់​ក្នុង​ខែមេសា ព្រោះតែ​តំបន់​ជាច្រើន​កំពុង​ត្រូវ​បានដាក់​បម្រាម​គោចរ ដោយសារ​កូ​វីដ-១៩។

    ក្ដីសង្ឃឹម​ទៅលើ​ការរីកចម្រើន​ក្នុង​ការចរចា​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៩ មីនា នៅ ប្រទេស​តួ​ក​គី ក៏បាន​បង្ក​សម្ពាធ​ទៅលើ​តម្លៃ​ប្រេង​ផងដែរ។

    ក៏ប៉ុន្តែ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​ដែល​អាច​នាំឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង នោះ​គឺថា សាធារណមតិ​មានសង្ឃឹម​ច្រើន នៅពេល OPEC បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ៣១ មីនា ដើម្បី​ពិភាក្សា​អំពី​ការបង្កើន​កូតា​ផលិតកម្ម​ចំនួន ៤៣២,០០០ ធុង/ថ្ងៃ ដូច​ការគ្រោងទុក។

    ចំណែក​មាស​វិញ ក៏បាន​ធ្លាក់​ថ្លៃ (១,៩៣៣ ដុល្លារ/អោន/ជិត៨.៣ ជី សម្រាប់​មាស​ប្រគល់​ភ្លាម និង​មាស​ប្រគល់​ក្នុង​ខែមេសា មានតម្លៃ ១,៩៣៩.៨ ដុល្លារ/អោន) ដោយសារ​អត្រា​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់​រតនាគារ​ជាតិ​អាម៉េរិក កើនឡើង ខណៈ​ប្រាក់​ដុល្លារ​អាម៉េរិក ក៏​ឡើងថ្លៃ។

    ចំណែក​ផលិតផល​មួយចំនួន​ផ្សេងទៀត​ក៏បាន​ធ្លាក់​ថ្លៃ​ផងដែរ ក្នុងនោះ​មានដូចជា ស្ករ, កាហ្វេ, ពោត, ស្រូវ​សាលី, សណ្ដែក​សៀង និង​កៅស៊ូ។ល។

  • កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    ប្រទេស​កាណាដា មាន​ផែន​ការទិញ​យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨៨ គ្រឿង ដើម្បី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស និង​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ថ្មី ក្នុងនោះ​មាន រុស្ស៊ី ជាដើម។

    «យន្តហោះ​ចម្បាំង​បំបាំងកាយ F-៣៥ បានបង្ហាញ​អំពី​សក្ដានុពល លក្ខណៈ​ពេញលេញ និង​សមត្ថភាព​សហការ​ក្នុង​សមរភូមិ ដែល​នោះ​គឺជា​មូលហេតុ​នាំឱ្យ​យើង​ឈានដល់​ដំណាក់កាល​បង្ហើយ​កិច្ចសន្យា​ទិញដូរ។ កាណាដា ដែលមាន​ដែនអាកាស​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ត្រូវការ​ធានាថា ក្រុម​ហោះហើរ​នៃ​យន្តហោះ​ចម្បាំង​បន្ទាប់ អាច​ទប់​ទល់នឹង​ការគំរាមកំហែង» រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា Anita Anand បាន​ថ្លែង​កាលពី​ម្សិលមិញ​ដូច្នេះ។

    បណ្ដា​យន្តហោះ​ចម្បាំង F-៣៥ របស់ កាណាដា នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ល្បាត​ដែនអាកាស​នៅ អាម៉េរិក​ខាងជើង ជាមួយនឹង​ទ័ពអាកាស​របស់ សហរដ្ឋ​អាម៉េរិក ក្រោម​បញ្ជាការ​របស់​បញ្ជាការ​ដ្ឋា​ន​ការពារ​ដែនអាកាស​អាម៉េរិក​ខាងជើង (NORAD)។ ពួកវា​ក៏​អាច​ចូលរួម​បេសកកម្ម​ការពារ ណា​តូ នៅ អឺរ៉ុប ឬ​ប្រទេស​នានា។

    F-៣៥

    មូលហេតុ​ដែលនាំឱ្យ កាណាដា សម្រេចចិត្ត​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ ត្រូវបាន រដ្ឋមន្ត្រីការបរទេស​កាណាដា Melanie Joly ថ្លែងថា «ពិភពលោក​បាន​ផ្លាស់ប្ដូរ​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ» ជា​ពេលដែល រុស្ស៊ី បើក​ការឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    F-៣៥

    ទ័ពអាកាស​របស់ កាណាដា បច្ចុប្បន្ន​មាន​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ CF-១៨A/B ចំនួន ៧៦ គ្រឿង ដែល​ត្រូវបាន​អភិវឌ្ឍ​ពី​កំណែ F/A-១៨A/B របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​យន្តហោះ​ចម្បាំង F/A-១៨ ចំនួន ១៨ គ្រឿង ដែល​ទទួលបាន​ពី អូស្ត្រាលី កាលពី​ឆ្នាំ ២០១៩។ យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ កាណាដា នឹងត្រូវ​បានដាក់​ឱ្យចូល​និវត្តន៍ ដោយសារតែ​ផុត​អាយុកាល​ប្រើប្រាស់។

    យន្តហោះ​ចម្បាំង CF-១៨ របស់ កាណាដា

    ដំណាក់​នៃ​ការចរចា​ជាមួយ​ក្រុមហ៊ុន Lockheed Martin គ្រោង​នឹង​ចំណាយពេល ៧ ខែ ហើយ កាណាដា អាច​ទទួលបាន​យន្តហោះ F-៣៥ ដំបូង ចាប់ពី​ឆ្នាំ ២០២៥៕

  • អាម៉េរិក ថា កងទ័ព​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន ដកថយ​ទៅ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​

    អាម៉េរិក ថា កងទ័ព​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន ដកថយ​ទៅ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​

    មន្ត្រី​មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា កងទ័ព​រុស្ស៊ី បាន​ដកថយ​រាប់សិប​គីឡូម៉ែត្រ ទៅ​ទិសខាងកើត​នៃ រដ្ឋធានី​កៀវ និង​ចាប់ផ្ដើម​បង្កើត​ទីតាំង​ការពារ​ខ្លួន​នៅ អ៊ុយ​ក្រែ​ន។

    «អ៊ុយ​ក្រែ​ន បាន​រុញច្រាន​កងទ័ព​របស់ រុស្ស៊ី ឱ្យ​ថយក្រោយ ៥៥ គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត និង​ភាគ​ឦសាន​នៃ រដ្ឋធានី​កៀវ។ នោះ​គឺជា​ប្រែប្រួល​ដែល​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ។ នៅ​ភាគ​ឦសាន រុស្ស៊ី ជារួម កំពុង​ជីក​លេណដ្ឋាន និង​បង្កើត​ទីតាំង​ឈរជើង​ការពារ​ខ្លួន។ មិនមែន​ពួកគេ​មិន​បន្ត​វាយលុក​ទៅមុខ ប៉ុន្តែ ពេលនេះ​ពួកគេ​មិន​ព្យាយាម​ធ្វើ» មន្ត្រីជាន់ខ្ពស់​នៃ ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ២៨ មីនា បាន​អះអាង​ដូច្នេះ។

    មន្ទីរ​បញ្ច​កោណ នា​ថ្ងៃទី ២៩ មីនា បញ្ជាក់ថា កងកម្លាំង​រុស្ស៊ី កំពុង​ស្ថិតនៅ​ចម្ងាយ​ពី រដ្ឋធានី​កៀវ ប្រហែល ២០ គម និង​ត្រូវបាន​រាំងខ្ទប់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រហែល ១០ គម ពី​ទីក្រុង Chernihiv។ ទីតាំង​មួយចំនួន​របស់ កងទ័ព​រុស្ស៊ី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៥ ទៅ ២០ គម ទៅ​ទិសខាងកើត​ក្រុង Kharkov កំពុង​រង​ការ​វាយបក​យ៉ាង​ខ្លាំងក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។

    បច្ចុប្បន្ន រុស្ស៊ី ហាក់​កំពុង​ផ្ដោតទៅលើ​តំបន់​ផ្ដាច់ខ្លួន Donetsk និង Lugansk នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មន្ត្រី​អាម៉េរិក និយាយថា មន្ទីរ​បញ្ច​កោណ ជឿថា ទីក្រុង​មូ​ស្គូ កំពុង​ព្យាយាម «ទាក់ទាញ» កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន នៅ​តំបន់​ទាំងនេះ ដើម្បី​កុំឱ្យ​ពួកគេ​អាច​ពង្រាយ​កម្លាំង​ទៅកាន់​តំបន់​ដទៃ។

    ការលើកឡើង​ខាងលើ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន «វាយបក​នៅ​ទីតាំង​នានា និង​រុញច្រាន កងទ័ព​រុស្ស៊ី ឱ្យ​ចេញពី​តំបន់​មួយចំនួន»៕

  • មហា​គម្រោង​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពលខ្យល់​លើ​សមុទ្រ! ផលិត​អគ្គិសនី​ស្អាត​បាន​លើស ១ពាន់​លាន kWh

    មហា​គម្រោង​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពលខ្យល់​លើ​សមុទ្រ! ផលិត​អគ្គិសនី​ស្អាត​បាន​លើស ១ពាន់​លាន kWh

    (ប្រទេស​ចិន)-ក្រោយ​ដំណើរការ​ពេញ​សមត្ថភាព កសិដ្ឋាន​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​នៅ​សមុទ្រ Shapa ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង នៅ​ថ្ងៃទី ២៥ មីនា ២០២២។

    ស្ថិតនៅលើ​លម្ហ​សមុទ្រ​នៃ​ទីរួមស្រុក Yangjiang ក្នុង​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន មហា​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ Shapa គឺជា​កម្លាំងចលករ​មួយ​សម្រាប់​ការអភិវឌ្ឍ​បៃតង​នៅ​មហា​តំបន់ Guangtong-Hong Kong-Macao។ ដោយមាន​ផលិតភាព ២ លាន​គីឡូវ៉ាត់ កសិដ្ឋាន​ខាងលើ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ចំនួន ៥.៦ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង ជា​រៀងរាល់ឆ្នាំ សម្រាប់​មហា​តំបន់​នេះ។

    ចាប់តាំងពី​បានដាក់​ចូលក្នុង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី ២៥ ធ្នូ ២០២១ គម្រោង​ខាងលើ​ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង​រួចហើយ ដែល​អាច​ជំនួស​ការប្រើប្រាស់​ធ្យូងថ្ម ៣០៧,០០០ តោន ក្នុង​វិស័យ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ធ្យូងថ្ម និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​គ្រួសារ​ដែលមាន​សមាជិក ៣ នាក់ ចំនួន ៥០០,០០០ គ្រួ ក្នុង ១ ឆ្នាំ។

    Shapa គឺជា​គម្រោង​ផលិត​អគ្គិសនី​នៅលើ​ផ្ទៃសមុទ្រ លំដាប់ gigawatt ដំបូង​គេ​របស់ ប្រទេស​ចិន និង​ជា​គម្រោង​ដំបូងបង្អស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទប់ទល់​ព្យុះ​ដែល​ផ្ដល់ជំនួយ​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ​ផ្កាយរណប Beidou។ វា​ក៏​ត្រូវបាន​បំពាក់​ប្រព័ន្ធ​តាមដាន​ស្ថានភាព អាច​ត្រួតពិនិត្យ​សកម្មភាព​របស់​ទួ​រ​ប៊ី​ន គ្រប់ពេល​ផងដែរ៕

  • «អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មិនបាច់​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ»! នេះ​គឺ​នៅ ប្រទេស​អេ​ស្ប៉ា​ញ

    «អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មិនបាច់​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ»! នេះ​គឺ​នៅ ប្រទេស​អេ​ស្ប៉ា​ញ

    អាជ្ញាធរ​អេ​ស្ប៉ា​ញ អនុញ្ញាតឱ្យ​អ្នក​កំពុង​វិជ្ជមាន​នឹង វីរុស SARS-CoV-2 (កូ​វីដ-១៩) ដែលមាន​រោគសញ្ញា​ស្រាល មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​ធ្វើតេស្តរ​កវី​រុស នៅពេល​ប្រទេស​នេះ​ចាត់ទុក កូ​វីដ-១៩ ជា​ជំងឺ​ធម្មតា​ដូច​ផ្ដាសាយ។

    ចាប់ពី​ថ្ងៃនេះ អាជ្ញាធរ​អេ​ស្ប៉ា​ញ កំណត់ អនុញ្ញាតឱ្យ​អ្នក​ឆ្លង​កូ​វីដ-១៩ ដែលមាន​អាការរោគ​ស្រាល ឬ​មិនមាន​រោគសញ្ញា អាច​រស់នៅ ប្រកបមុខរបរ​រក​ស៊ី ដូច​ធម្មតា។ ការធ្វើ​តេស្ត ឬ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ បន្ទាប់ពី​ឆ្លង កូ​វីដ-១៩ លែង​ជា​បញ្ហា​ដែល​ត្រូវតែ​អនុវត្ត​ដូច​មុន​ទៀតហើយ។

    អ្នក​ដែល​ត្រូវធ្វើ​តេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក គឺជា​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន មនុស្ស​វ័យ​ចាប់ពី ៦០ ឆ្នាំ និង​អ្នកមាន​អង្គ​ប​ដិ​ប្រាណ​ថយចុះ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ និង​បុគ្គលិក​សុខាភិបាល។

    ដូច្នេះ នៅ ប្រទេស​អេ​ស្ប៉ា​ញ វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ-១៩ នៅសល់តែ​មួយគត់ គឺ​ពាក់​ម៉ាស​នៅក្នុង​អគារ​សាធារណៈ អគារ ឬ​សាល​ដែលមាន​មនុស្ស​ច្រើន និង​នៅក្នុង​រថយន្តក្រុង រថភ្លើង និង​យន្តហោះ៕

  • ឥណ្ឌា គ្រោង​នឹង​​​នាំ​ចូល​​ធ្យូង​កូក ​(coke) ​ពី ​រុស្ស៊ី​ ច្រើន​ជាង​​បច្ចុប្បន្ន​​ទ្វេដង

    ឥណ្ឌា គ្រោង​នឹង​​​នាំ​ចូល​​ធ្យូង​កូក ​(coke) ​ពី ​រុស្ស៊ី​ ច្រើន​ជាង​​បច្ចុប្បន្ន​​ទ្វេដង

    ឥណ្ឌា បានឱ្យដឹងថា នឹង​ជំរុញ​ការ​នាំចូល​ធ្យូងកូក ពី រុស្ស៊ី ក្នុង​គ្រា​ដែល​លោកខាងលិច បោះបង់​ប្រភព​ផ្គត់ផ្គង់​ពី រុស្ស៊ី ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    «យើង​កំពុងមាន​និន្នាការ​ទៅរក​ការ​នាំចូល​ធ្យូងកូក កាន់តែច្រើន​ពី ប្រទេស​រុស្ស៊ី» លោក Ramchandra Prasad Singh សមាជិក​របស់​ក្រុម​ប្រឹក្សាជាតិ បានឱ្យដឹង​កាលពី​ថ្ងៃទី ២៧ មីនា។

    យោងតាម​លោក Singh ប្រទេស​ឥណ្ឌា មាន​គម្រោង​បង្កើន​បរិមាណ​នៃ​ការ​នាំចូល​ធ្យូងកូក (កូក/Coke គឺជា​វត្ថុ​ធាតុ​ពណ៌​ប្រផេះ រឹង និង​ដូច​អេ​ប៉ុង មាន​ផ្ទុក​កាបូន​ច្រើន ប៉ុន្តែ មាន​លាយ​សមាសធាតុផ្សេងៗតិច ប្រើ​សម្រាប់​ផលិត​ដែកថែប) ពី រុស្ស៊ី។ លោក​បន្ថែមថា ឥណ្ឌា បាន​នាំចូល​ធ្យូងកូក ពី រុស្ស៊ី ចំនួន ៤.៥ លាន​តោន ប៉ុន្តែ មិនបាន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់។

    ទិន្នន័យ​ពី​ក្រុមហ៊ុន Kpler ឱ្យដឹងថា កប៉ាល់​មួយចំនួន​ដែល​ដឹក​ធ្យូងកូក និង​ធ្យូងថ្ម (សម្រាប់​ផលិត​អគ្គិសនី) យ៉ាងតិច ១,០៦ លាន​តោន នឹង​មកដល់​កំពង់ផែ​របស់ ឥណ្ឌា នៅក្នុង​ខែ​នេះ។ នេះ​គឺជា​បរិមាណ​ធ្យូង​ច្រើន​បំផុត​ដែល​នាំ​ចូលមក ឥណ្ឌា ពី ប្រទេស​រុស្ស៊ី គិត​ចាប់ពី​ខែមករា ២០២០។

    បច្ចុប្បន្ន ទំនិញ​ជា​ច្រើន​របស់​ រុស្ស៊ី ត្រូវ​បាន​បណ្ដា​ប្រទេស​បស្ចិម​លោក​ «លែង​រាប់​រក» ព្រោះ​តែ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​នេះ ទៅ​លើ​ ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ ប្រទេស​មួយ​ចំនួន​ដែល​ស្និទ្ធ​ជា​មួយ​ រុស្ស៊ី ក្នុង​នោះ​មាន​ ឥណ្ឌា​ ជា​ដើម កំពុង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​បញ្ហា​ខាងលើ​ ដោយ​ពួក​គេ​ទិញ​ទំនិញ​ពី​ រុស្ស៊ី ក្នុង​តម្លៃ​ទាប​ជាង​មុន​៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា អាច​បញ្ចូល​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ទៅក្នុង​មនុស្ស​យន្ត Optimus

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា អាច​បញ្ចូល​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ទៅក្នុង​មនុស្ស​យន្ត Optimus

    មហាសេដ្ឋី​អាម៉េរិក លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) បានឱ្យដឹងថា មនុស្សលោក​អាច​រក្សា​ទិន្នន័យ​ស្ដីពី​អនុស្សា​វ​វី​យ៍ បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ ទៅក្នុង​រ៉ូ​បូត​របស់ Tesla ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ។

    នៅក្នុង​ការជជែក​គ្នា​ជាមួយ Mathias Dofner ដែលជា CEO របស់ Inder Axel Springer នៅឯ​រោងចក្រ​របស់ Tesla ក្នុង​ទឹកដី California កាលពី​សប្ដាហ៍​កន្លង នាយក​ប្រតិបត្តិ​របស់ SpaceX លោក អ៊ី​ឡុ​ន ម៉ាស បានបង្ហាញ​ក្ដីសង្ឃឹម​ខ្ពស់​ទៅលើ​មនុស្ស​យន្ត Optimus (ឬ Tesla Robot) ដែល​កំពុង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Tesla។

    «Optimus ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ​កិច្ចការដដែលៗ ឬ​ប្រកបដោយ​គ្រោះថ្នាក់។ ជា​មូលដ្ឋាន នោះ​គឺជា​ការងារ​ដែល​មនុស្ស​មិន​ចង់​ធ្វើ» CEO របស់ Tesla និយាយ​ដូច្នេះ។ លោក អ៊ី​ឡុ​ន ម៉ាស បន្ថែមថា ថ្ងៃ​ណាមួយ មនុស្ស​អាច​បញ្ចូល​សម​ត្ថ​ភាព​របស់​ខួរក្បាល ទៅក្នុង Optimus។

    https://www.youtube.com/watch?v=SdqwkG1omaA

    «យើង​អាច​បញ្ចូល​បុគ្គលិកលក្ខណៈ​ពិសេស​រប​ស់មនុស្ស​ម្នាក់​ទៅក្នុង​រ៉ូ​បូត។ ពិតណាស់ បើសិនជា​មនុស្ស​នោះ​លែងមាន​វត្តមាន​នៅលើ​លោក រ៉ូ​បូត​នេះ​នឹង​ទទួល​ភារកិច្ច​រក្សា​ការពារ​ការចងចាំ​ទាំងនោះ។ ខ្ញុំ​គិតថា យើង​អាច​ធ្វើបាន​ដូច្នោះ» មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស អះអាង​ដូច្នេះ។

    ម្ចាស់ Tesla និយាយថា ក្រុមហ៊ុន​នេះ​កំពុង​ផលិត​មនុស្ស​យន្ត​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ពេញលេញ និង​អាច​បង្ហាញខ្លួន​នៅ​ចុង​ឆ្នាំនេះ ហើយនឹង​ចាប់ផ្ដើម​ផលិត​ក្នុង​បរិមាណ​សមល្មម​នៅ​ឆ្នាំ ២០២។ មនុស្ស​យន្ត Optimus ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍ AI Day កាលពី​ថ្ងៃទី ១៩ សីហា ២០២។

    យោងតាម​លោក ម៉ាស មនុស្ស​យន្ត Tesla Bot មាន​កម្ពស់​ប្រហែល ១៧២ សម, ទម្ងន់ ៥៦ គីឡូក្រាម, អាច​ដើរ​ក្នុង​ល្បឿន ៨ គូ​ឡូ​ម៉ែត្រ/ម៉ោង, អាច​លី​ទម្ងន់ ២០ គីឡូក្រាម និង​អាច​លើក​ទម្ងន់ ៦៨ គីឡូក្រាម។ ក្បាល​របស់​រ៉ូ​បូត បំពាក់​កាមេរ៉ា​ដែល​កំពុង​ប្រើប្រាស់​លើ​រថយន្ត Tesla ដែល​អនុញ្ញាតឱ្យ​វាទ​ទួល​ដឹង​នូវ​បរិយាកាស​ជុំវិញ និង​មាន​អេក្រង់​សម្រាប់​បង្ហាញ​ទិន្នន័យ។ រ៉ូ​បូ​នេះ​ត្រូវបាន​ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​របស់ Tesla៕

  • តម្លៃ​ប្រេង​ថ្ងៃនេះ ២៨ មីនា៖ ធ្លាក់​ថ្លៃ​ខ្លាំង បើ​ទោះ​ការបារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់

    តម្លៃ​ប្រេង​ថ្ងៃនេះ ២៨ មីនា៖ ធ្លាក់​ថ្លៃ​ខ្លាំង បើ​ទោះ​ការបារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់

    ចាប់ផ្ដើម​ការជួញដូរ​ក្នុង​សប្ដាហ៍​ថ្មី តម្លៃ​ប្រេង Brent ធ្លាក់​ថ្លៃ ៣.៥ ដុល្លារ មក​នៅត្រឹម ១២០ ដុល្លារ/ធុង​បារ៉ែល ខណៈ​ប្រេង WTI ក៏​កំពុង​ធ្លាក់​ថ្លៃ​ផងដែរ។

    យោងតាម​ទំព័រ Oilprice នៅ​ព្រឹក​ថ្ងៃទី ២៨ មីនា តម្លៃ​ប្រេង​ឆៅ WTI របស់ អាម៉េរិក ប្រភេទ​ប្រគល់​ក្នុង​ខែមេសា ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១១ ដុល្លារ​អាម៉េរិក/ធុង ថយចុះ ២.២៨ ដុល្លារ ដែល​ស្មើនឹង ២.៥០% ធៀប​នឹង​ម្សិលមិញ។ ចំណែក​ប្រេង​ឆៅ Brent ប្រគល់​ក្នុង​ខែឧសភា មានតម្លៃ ១១៧.២ ដុល្លារ/ធុង ថយចុះ ២.៨៧% ស្មើនឹង ៣.៤៦ ដុល្លារ។

    តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​នៅ​ដើម​សប្ដាហ៍ បើទោះជា​មានការ​បារម្ភ​អំពី​កង្វះ​ប្រភព​ផ្គត់ផ្គង់ ដែល​កើតឡើង​ដោយសារ​បញ្ហា​មួយចំនួន ដូចជា បំពង់​បង្ហូរ​ប្រេង​នៅ កា​ហ្សា​ក់​ស្ថាន ត្រូវ​ខូចខាត​ដោយសារ​ព្យុះ, រោងចក្រ​ចម្រាញ់​ប្រេង និង​ឃ្លាំង​ដាក់​ប្រេង​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស Aramco រង​ការវាយប្រហារ និង អ្នកទិញ​នៅតែ​បែរខ្នង​ដាក់​ប្រេង​របស់ រុស្ស៊ី។ល។

    មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ អាច​បណ្ដាលមកពី​ប្រភពព័ត៌មាន​ដែល​និយាយថា សហរដ្ឋ​អាម៉េរិក កំពុង​ពិនិត្យ​លើ​ការបញ្ចេញ​ប្រេង​បន្ថែម (ជាង ៣០ លាន​ធុង) ពី​ឃ្លាំង​យុទ្ធសាស្ត្រ និង​ក្រុម​អ្នកជួញដូរ​កំពុង​ចាប់ផ្ដើម​កំណត់​តម្លៃ​លើ​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ មួយ ដែលមាន​សក្ដានុពល រវាង អាម៉េរិក និង អ៊ីរ៉ង់ ដែល​អាច​រំដោះ​ប្រភព​ផ្គត់ផ្គង់​ប្រេង​នានា៕