Author: សឿន សំណាង

  • កងកម្លាំង​រុស្ស៊ី ដក​ថយ​​ចេញ​ពី​​ព្រលាន​យន្ត​ហោះ​​ក្បែរ​​រដ្ឋធានី​​របស់​ អ៊ុយ​ក្រែ​ន

    កងកម្លាំង​រុស្ស៊ី ដក​ថយ​​ចេញ​ពី​​ព្រលាន​យន្ត​ហោះ​​ក្បែរ​​រដ្ឋធានី​​របស់​ អ៊ុយ​ក្រែ​ន

    រូបភាព​ពី​ផ្កាយរណប​ថ្មី​បំផុត​បង្ហាញថា កងកម្លាំង​របស់ រុស្ស៊ី បាន​ដក​ចេញពី​អាកាសយានដ្ឋាន Antonov ក្នុង​ទីរួមស្រុក Hostomel ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កៀវ ៧ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង។

    មន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ១ រូប កាលពី​ថ្ងៃទី ៣១ មីនា បានឱ្យដឹងថា ពួកគេ​ជឿថា កងកម្លាំង​របស់ រុស្ស៊ី ទំនងជា​បាន​ដកថយ​ចេញពី​ព្រលានយន្តហោះ Antovov ជា​គោលដៅ​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី វាយប្រហារ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន។

    ក្រោយមក រូបភាព​ពី​ផ្កាយរណប​របស់ Maxar Technologies ដែល​ថត​បាន​ក្នុង​ថ្ងៃ​ដដែល​នោះ បាន​បញ្ជាក់ថា កងទ័ព​រុស្ស៊ី ពិតជា​បាន​ដកថយ​ពី​ព្រលានយន្តហោះ​នោះ​មែន ដោយ​ពុំ​ឃើញ​មាន​យាន​យោធា ឬ​ទីតាំង​ដាក់អាវុធ​ធុន​ធ្ងន់​របស់ រុស្ស៊ី ទៀត​នោះទេ។ នៅ​ទីនោះ នៅសល់តែ​លេណដ្ឋាន​ដែល ទាហាន​រុស្ស៊ី បាន​បង្កើតឡើង​ដើម្បី​បាំង​ការពារ​ខ្លួន។

    រុស្ស៊ី បានចាប់ផ្ដើម​បើក​ការឈ្លានពាន​លើ ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ដើម្បី «បំបាត់ចោល​ការពង្រីក​យោធា​របស់ អ៊ុយ​ក្រែ​ន»។ តំណាង​ក្រុម​ចរចា​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ បានប្រកាស​បន្ត​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ បន្ទាប់ពី​បាន​ចរចា​គ្នា​ផ្ទាល់​នៅ អ៊ី​ស្តង់​ប៊ុល នៃ ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី ២៩ មីនា ដែល​ត្រូវបាន​វាយតម្លៃថា វិជ្ជមាន។ ចំណែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វិញ បានឱ្យដឹងថា បានប្រគល់​សេចក្ដីព្រាង​មួយចំនួន​ស្ដីពី​ការធានា​សន្តិសុខ ឱ្យ​បណ្ដា​ប្រទេស ក្នុងនោះ​មាន អាម៉េរិក និង​សម្ព័ន្ធ​របស់ អាម៉េរិក ផងដែរ៕

  • រកបាន​ប្រាក់​ច្រើន​តាំងពី​ដើមឆ្នាំ មហាសេដ្ឋី​ឥណ្ឌា រូបនេះ មាន​វត្តមាន​ក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    រកបាន​ប្រាក់​ច្រើន​តាំងពី​ដើមឆ្នាំ មហាសេដ្ឋី​ឥណ្ឌា រូបនេះ មាន​វត្តមាន​ក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    មហាសេដ្ឋី Gautam Adani គឺជា​សមាជិក​ទី ១០ របស់ ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ (The 100 Billion Dollar Club) នាបច្ចុប្បន្ន។

    ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មាន​លេខ​ចំនួន ១២ ខ្ទង់ ទើបតែ​បានទទួល​សមាជិក​ថ្មី នោះ​គឺ​មហាសេដ្ឋី​ឥណ្ឌា Gautam Adani។ យោងតាម Bloomberg Billionaire Index ម្ចាស់ Adani Group ដែលជា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​កំពង់ផែ​សមុទ្រ រុករក​រ៉ែ និង​ថាមពលបៃតង បច្ចុប្បន្ន​មានទ្រព្យ​ដែលមាន​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    លោក Adani ក៏​ជា​មហាសេដ្ឋី​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ចាប់ពី​ដើមឆ្នាំ​មកនេះ ដោយ​រកបាន ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈពេល ១ ឆ្នាំ ២០២១ លោក​រកបាន​សរុប​ជិត ៤៣ ពាន់​លាន​ដុល្លារ។ លោក Adani បាន​យកឈ្នះ​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani និង​ក្លាយជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង ទ្វីបអាស៊ី ព្រមទាំង​ឈរ​លំដាប់​ទី ១០ ក្នុង​ពិភពលោក។ លោក Ambani ឈរ​ពីក្រោយ​លោក Adani ដោយមាន​ទ្រព្យ ៩៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    មហា​សេដ្ឋី Adani ចាប់​ដៃ​ជាមួយ​លោក​ Modi ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី​របស់​ ប្រទេស​ឥណ្ឌា​

    លទ្ធផល​ខាង បាន​កើតឡើង​បន្ទាប់ពី ក្រុមហ៊ុន Adani Group បង្វែរ​ទិសដៅ​ទៅរក​វិស័យ​ថាមពលបៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ទាក់ទាញ​បាន​ប្រភព​ទុនវិនិយោគ​ច្រើន​ពី​បរទេស រួមមាន​ពី Total SE របស់ បារាំង និង Warburg Pincus របស់ សហរដ្ឋ​អាម៉េរិក។

    មហាសេដ្ឋី​កើត​ឆ្នាំ ១៩៦២ រូបនេះ ក៏បាន​ពង្រីក​ខ្លួន​ទៅក្នុង​វិស័យ​នានា​ដែល នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​វាយតម្លៃថា មាន​សារសំខាន់​សម្រាប់​ការកសាង​ប្រទេសជាតិ។

    ក្នុង​គ្រា​ដែល​ក្រុម​មហាសេដ្ឋី​មកពី​បណ្ដា​ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់ សហរដ្ឋ​អាម៉េរិក បាន​ស្គាល់​ការធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន គេ​ឃើញថា មហាសេដ្ឋី ២ រូប របស់ ឥណ្ឌា គឺ​លោក Adani និង Ambani បែរជា​មានទ្រព្យ​កាន់តែច្រើន។ ដូច​ទៅនឹង​មហាសេដ្ឋី Adani ម្ចាស់​ក្រុមហ៊ុន Reliance Industries លោក Ambani ក៏​កំពុងតែ​ពង្រីក​វត្តមាន​ទៅក្នុង​វិស័យ​ថ្មី មានដូចជា ពាណិជ្ជកម្ម​បែប​ឌីជីថល និង​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទាញ​បាន​អ្នកវិនិយោគធំៗមួយចំនួន ក្នុងនោះ​មាន​ទាំង Facebook និង Google ផងដែរ៕

  • សម្ព័ន្ធមិត្ត​ទាំងឡាយ​របស់ អាម៉េរិក យល់ព្រម​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    សម្ព័ន្ធមិត្ត​ទាំងឡាយ​របស់ អាម៉េរិក យល់ព្រម​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ សហរដ្ឋ​អាម៉េរិក យល់ស្រប​ក្នុងការ​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចុះតម្លៃ​ប្រេង​ដែល​បាន និង​កំពុង​ឡើង​ខ្ពស់ ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ថ្នាក់​រដ្ឋមន្ត្រី របស់ អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ដែល​ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ថាមពល​អាម៉េរិក Jennifer Granholm កាលពី​ថ្ងៃទី ១ មេសា។ IEA ឱ្យដឹងថា ព័ត៌មាន​លម្អិត​ស្ដីពី​ការសម្រេចចិត្ត​ខាងលើ នឹងត្រូវ​បានប្រកាស​នៅ​ដើម​សប្ដាហ៍​ក្រោយ។

    ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន មុន​នោះបាន​ឱ្យដឹងថា IEA បាន​យល់ព្រម «បញ្ចេញ​ប្រេង​រាប់សិប​លាន​ធុង​ទៅក្នុង​ទីផ្សារ»។ IEA ដែលមាន​សមាជិក ៣១ ប្រទេស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក បណ្ដា​ប្រទេស​នៅ​អឺរ៉ុប អូស្ត្រាលី និង ជប៉ុន កាលពី​ខែមីនា បាន​សន្យា​បញ្ចេញ​ប្រេង​ចំនួន ៦២.៧ លាន​ធុង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ។

    កិច្ចប្រជុំ​របស់ IEA ត្រូវបាន​ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា អាម៉េរិក នឹង​បញ្ចេញ​ប្រេង ១ លាន​ធុង​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៦ ខែ ដែល​ប្រហាក់ប្រហែល​នឹង​ជាង ១៨០ លាន​ធុង ដើម្បី​រួមចំណែក​ក្នុងការ​ទប់ទល់​នឹង​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​លើក​ទី ៥ ហើយ ដែល IEA បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ ១៩៩១។ បរិមាណ​ប្រេង​សរុប​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក IEA គឺ ១.៥ ពាន់​លាន​ធុង៕

  • (វីដេអូ)-នាវា​ទេសចរណ៍​​ដើរ​​ដោយ​​ថាមពល​​អគ្គិសនី​​ធំ​បំផុត​​ក្នុង​​ពិភព​លោក​​ ដំណើរ​​ការ​​លើក​​ដំបូង​

    (វីដេអូ)-នាវា​ទេសចរណ៍​​ដើរ​​ដោយ​​ថាមពល​​អគ្គិសនី​​ធំ​បំផុត​​ក្នុង​​ពិភព​លោក​​ ដំណើរ​​ការ​​លើក​​ដំបូង​

    ប្រទេស​ចិន កាលពីថ្ងៃទី ២៩​ មិនា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាវា​ទេសចរណ៍​មួយ​គ្រឿង​ដែល​មាន​ប្រវែង​ ១០០ ម៉ែត្រ និង​មាន​បំពាក់​ថ្ម​ដែល​អាច​ផ្ទុក​ថាមពល​ប្រហាក់​ប្រហែល​នឹងថ្ម​របស់​​រថយន្ត​​អគ្គិសនី​ ១០០ គ្រឿង​។

    នាវាទេសចរណ៍​ដំណើរ​ការ​ដោយ​ថាមពលអគ្គិសនី​ធំជាង​គេ​ក្នុង​ពិភពលោក ដែល​មាន​ឈ្មោះ​ថា «Yangtze River Three Gorges ១» កាលពី​ថ្ងៃអង្គារ​ ត្រូវ​បានដាក់​ឱ្យ​​ដំណើរ​ការ​ជា​លើក​ដំបូង​នៅទីក្រុង​ Yichang, ខេត្ត Hubei ប្រទេស​ចិន​។ នាវា​នេះ​បំពាក់​ថ្ម​ដែល​មាន​កម្លាំង​ ៧,៥០០ គីឡូវ៉ាត់​ម៉ោង​ ស្មើ​នឹង​ថាមពល​ថ្ម​របស់​រថយន្ត​អគ្គិសនី​ចំនួន​ ១០០ គ្រឿង​ បូក​ចូលគ្នា​។

    នាវា​ Yangtze River Three Gorges ១ អាច​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាម​ពល​ពេញ ជួយ​សំច័យ​ឥន្ធនៈ​បាន​ ៥៣០ តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុល​បាន​ ១,៦៦០ តោន​ ដែល​អាច​រួម​ចំណែក​ក្នុង​គោល​ដៅ​បន្សុទ្ធ​ឧស្ម័ន​កាបូន​​ក្នុង​បរិយា​កាស​របស់​ អាជ្ញាធរ​ចិន នៅ​ឆ្នាំ​ ២០៦០​។

    នាវា​ទេស​ចរណ៍​នេះ​មាន​បណ្ដោយ​ប្រវែង​ ១០០ ម៉ែត្រ និង​ទទឹង​ ១៦.២​ ម៉ែត្រ​ អាច​ដឹក​ភ្ញៀវ​​បាន​ ១,៣០០ នាក់​ ទៅ​ទេសចរណ៍​​តាម​បណ្ដោយ​ទន្លេ​ Yangtze (Yangzi ឬ Chang Jiang) ត្រង់​តំបន់​​ដែល​ឆ្លង​កាត់​ទីក្រុង​ Yichang នៅ​ភាគ​ខាង​លិច​នៃ​ខេត្ត Hubei។

  • ណា​សា សាកល្បង​រ៉ុក្កែត​កម្ពស់ ៩៨ ម៉ែត្រ ដើម្បី​ត្រៀម​សម្រាប់​ការហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ណា​សា សាកល្បង​រ៉ុក្កែត​កម្ពស់ ៩៨ ម៉ែត្រ ដើម្បី​ត្រៀម​សម្រាប់​ការហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ណា​សា (NASA) ធ្វើការ​សាកល្បង​រ៉ុក្កែត​ខ្នាត​យក្ស ជា​ប្រព័ន្ធ​បាញ់​បង្ហោះ SLS ដែល​ប្រើប្រាស់​ដើម្បី​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ចាប់ពី​ថ្ងៃទី១ ដល់ទី ៣ ខែមេសា។

    រ៉ុក្កែត SLS ត្រូវបាន​ដឹក​ទៅកាន់​ប្រព័ន្ធ​ទម្រ​សម្រាប់​បាញ់​បង្ហោះ​របស់ ណា​សា នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy កាលពី ២ សប្ដាហ៍​មុន ក្រោយពី​ការចំណាយ​ពេល​អភិវឌ្ឍ​ច្រើន​ឆ្នាំ​មកនេះ។ រ៉ុក្កែត​នេះ​គឺជា​ចំណុច​ស្នូល​ក្នុង​គម្រោង​នាំ​អាកាសចរ​របស់ ណា​សា ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង បន្ទាប់ពី​បាន​ខកខាន​ច្រើន​ទសវត្សរ៍ និង​សម្រាប់​គោលដៅ​បន្ទាប់ពី​ទៅកាន់​ពិភព​អង្គារ។

    ជើងហោះហើរ​ដំបូង​របស់ SLS នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ចុងឆ្នាំ ២០២២ ក្នុង​បេសកកម្ម Artemis។ រ៉ុក្កែត​នេះ​នឹង​នាំ​យាន Orion គ្មាន​មនុស្ស​បើកបរ ទៅកាន់​ទី​អវកាស និង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ។ តាម​ផែនការ ដំណើរ​នៃ​ការហោះហើរ​នឹង​អូសបន្លាយ​ពេល​ពី ៤ ទៅ ៦ សប្ដាហ៍។

    នៅមុន​ការហោះហើរ​ខាងលើ SLS នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើនលើក​ដើម្បី​ធានាថា ប្រព័ន្ធ​ទាំងឡាយ​របស់​វា​ដំណើរ​ការល្អ។ ការសាកល្បង​ដំបូង​មួយចំនួន​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣ មេសា។

  • យានអវកាស​របស់ Blue Origin ដឹក​អ្នក​ទេសចរណ៍ ៦នាក់ ឡើងទៅ​កាន់​កម្ពស់ ១០០ គីឡូម៉ែត្រ ដោយ​​ជោគ​ជ័យ

    យានអវកាស​របស់ Blue Origin ដឹក​អ្នក​ទេសចរណ៍ ៦នាក់ ឡើងទៅ​កាន់​កម្ពស់ ១០០ គីឡូម៉ែត្រ ដោយ​​ជោគ​ជ័យ

    ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard ហោះ​ឡើង​ដោយ​ជោគជ័យ​ពី​ព្រលាន​បាញ់​បង្ហោះ Launch Site One របស់ Blue Origin ក្នុង​រដ្ឋ Texas ខាងលិច នៅវេលា​ម៉ោង ២០និង៥៨នាទី ថ្ងៃទី ៣១ មីនា (ម៉ោង​នៅ​ភ្នំពេញ)។

    ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard បាន​នាំ​អ្នក​ទេសចរណ៍ ៦ នាក់ ឡើងទៅ​កាន់​កម្ពស់​ប្រហែល ១០០ គីឡូម៉ែត្រ ក្នុង​តំបន់​អវកាស​ក្រោម​គន្លង​គោចរ។ ប្រហែល ១០ នាទី​ក្រោយ​ការហោះ​ឡើង ក្រុម​ហោះហើរ​ក៏បាន​ត្រលប់​មកកាន់​ផែនដី។ ទូ​សម្រាប់​ក្រុម​ហោះហើរ​បាន​ចុះចត​លើ​វាល​ខ្សាច់ Texas ដោយមាន​ជំនួយ​ពី​ឆត្រយោង។

    បេសកកម្ម​ខាងលើ​ដែលមាន​ឈ្មោះថា NS-២០ គឺជា​ជើងហោះហើរ​ទី ២០ របស់ រ៉ុក្កែត New Shepard ​និង​​ជា​​ជើង​ហោះ​ហើរ​​ដឹក​មនុស្ស​ទី ៤ របស់ Blue Origin ហើយក៏​ជា​ជើងហោះហើរ​ទីមួយ​ដែល​មិនមាន​អ្នកល្បីឈ្មោះ​ចូលរួម។

  • (វីដេអូ)-ទ័ព​អាកាស​របស់​ អ៊ុយ​ក្រែ​ន ទំនង​ជា​បាន​ចូល​ «វាយប្រហារ​សំដៅ​ឃ្លាំង​ប្រេង​ក្នុង​ទឹកដី​រុស្ស៊ី»

    (វីដេអូ)-ទ័ព​អាកាស​របស់​ អ៊ុយ​ក្រែ​ន ទំនង​ជា​បាន​ចូល​ «វាយប្រហារ​សំដៅ​ឃ្លាំង​ប្រេង​ក្នុង​ទឹកដី​រុស្ស៊ី»

    មន្ត្រី​ក្នុង​ខេត្ត Belgorod ភាគ​ខាងលិច​របស់ ប្រទេស​រុស្ស៊ី និយាយថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់​ចូល​ទឹកដី​របស់ រុស្ស៊ី និង​វាយប្រហារ​សំដៅលើ​ឃ្លាំង​ប្រេង នៅក្នុង​ការវាយប្រហារ​ជា​លើកដំបូង​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។

    «អគ្គិភ័យ​នៅឯ​ឃ្លាំង​ប្រេង គឹជា​លទ្ធផល​នៃ​ការវាយប្រហារ​តាម​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ​ប្រដាប់អាវុធ​របស់ កងទ័ព​អ៊ុយ​ក្រែ​ន។ ឧទ្ធម្ភាគចក្រ​ទាំងនោះ​បាន​ចូល​ឈ្លានពាន​ដែនអាកាស​របស់ រុស្ស៊ី ក្នុង​កម្ពស់​ទាប។ កម្មករ ២ នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ន​នោះ មិនមាន​អ្នកស្លាប់» Vyacheslav Gladkov អភិបាលខេត្ត Belgorod សរសេរ​នៅលើ​បណ្ដាញ​សង្គម​នា​ថ្ងៃនេះ។

    វីដេអូ​ដែល​បាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​បង្ហាញថា ឧទ្ធម្ភាគចក្រ​បំពាក់អាវុធ Mi-២៤ ហោះ​ក្នុង​កម្ពស់​ទាប និង​បាញ់​គ្រាប់​រ៉ុក្កែត បង្កឱ្យមាន​ការផ្ទុះ​ខ្លាំង។

    តំបន់ Belgorod

    ក្រុមមន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា កំពុង​ប្រមូល​កម្លាំង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ ខណៈដែល​ប្រជាជន​ក្បែរ​កន្លែងកើតហេតុ​ត្រូវបាន​ឈ្លៀស​ចេញ។

    ក្រសួងការពារជាតិរ​បស់ ប្រទេស​រុស្ស៊ី ក៏ដូចជា​របស់ ប្រទេស​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ​ចំពោះ​ហេតុ​ការណ៍​នេះ។

    Belgorod ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន និង​ក្បែរ Kharkov ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់ អ៊ុយ​ក្រែ​ន។ តំបន់ Belgorod ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​តាំង​ប្រមូល​ទ័ព​របស់ រុស្ស៊ី មុនពេល​ប្រទេស​នេះ​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ទឹកដី​របស់ រុស្ស៊ី ត្រូវបាន​វាយប្រហារ​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ​វា​ជា​លើកដំបូង​ដែល កងទ័ព​អ៊ុយ​ក្រែ​ន រង​ការចោទប្រកាន់។ ហេតុការណ៍​វាយប្រហារ​មុន​នោះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ ឬ​កាំជ្រួច​ផ្លោង ពី អ៊ុយ​ក្រែ​ន។

  • យន្តហោះ​យោធា​របស់ កូរ៉េខាងត្បូង ប៉ះគ្នា​នៅលើ​អាកាស! មនុស្ស​ច្រើន​នាក់​បាន​បាត់​បង់ជីវិត

    យន្តហោះ​យោធា​របស់ កូរ៉េខាងត្បូង ប៉ះគ្នា​នៅលើ​អាកាស! មនុស្ស​ច្រើន​នាក់​បាន​បាត់​បង់ជីវិត

    យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន ២ គ្រឿង របស់​ទ័ពអាកាស​នៃ ប្រទេស​កូរ៉េខាងត្បូង បាន​ហោះ​បុក​គ្នា​នៅលើ​មេឃ​ពេល​កំពុង​ហ្វឹកហាត់ បណ្ដាលឱ្យ​អ្នកបើកបរ ៣ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ម្នាក់​បាត់​ខ្លួន។

    ទ័ពអាកាស​កូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃត្រង់​ទី ១ មេសា នៅពេល​យន្តហោះ​សម្រាប់​ការហ្វឹកហាត់ KT-១ ចំនួន ២ គ្រឿង ហោះ​ប៉ះគ្នា​នៅលើ​អាកាស​ក្បែរ​ទីក្រុង Sacheon ភាគ​អាគ្នេយ៍​ប្រទេស​នេះ ដែលមាន​ចម្ងាយ​ប្រហែល ៦ គីឡូម៉ែត្រ ពី​មូលដ្ឋាន​របស់​ក្រុម​ហោះហើរ។

    «ទោះជា​បាន​ប្រឹងប្រែង​ដើម្បី​គេច​ពី​គ្រោះថ្នាក់ ប៉ុន្តែ អ្នកបើកបរ ៣ នាក់ នៅតែ​បាត់​បង់ជីវិត និង​ម្នាក់​ត្រូវ​បាត់​ខ្លួន។ សមត្ថកិច្ច​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត និង​វាយតម្លៃ​ការខូចខាត» ប្រកាស​របស់​ទ័ពអាកាស​កូរ៉េខាងត្បូង ឱ្យដឹង​ដូច្នេះ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល ៣០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​នៅ​ទីតាំង​យន្តហោះ​ធ្លាក់។

    KT-១ គឺជា​យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​កម្រិត​បឋម​ដែលមាន​កៅអី​ចំនួន ២ និង​អាច​វាយប្រហារ​គោលដៅ​នៅលើ​ដី។ យន្ត​ហោះ​​នេះ​​ត្រូវបាន​សហការ​ផលិត​ដោយ​ស្ថាប័ន​អភិវឌ្ឍ​វិស័យ​ការពារជាតិ និង​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​កូរ៉េខាងត្បូង។

    យន្តហោះ​នេះ​បាន​ហោះហើរ​សាកល្បង​លើកដំបូង​កាលពី​ឆ្នាំ ១៩៩១ និង​ត្រូវបាន​ផលិត​ចាប់ពី​ឆ្នាំ ១៩៩៩ ក្នុងនោះ​មាន​ជាង ១៧០ គ្រឿង​ត្រូវបាន​នាំចេញ និង​ប្រើប្រាស់​នៅក្នុង​ជួរ​ទ័ពអាកាស​របស់ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ប៉េ​រូ សេ​ណេ​ហ្គា​ល់ និង តួ​ក​គី។

  • រុស្ស៊ី បញ្ចុះតម្លៃ​ប្រេង​​សម្រាប់​លក់​ឱ្យ ឥណ្ឌា មក​នៅ​ទាប​បំផុត

    រុស្ស៊ី បញ្ចុះតម្លៃ​ប្រេង​​សម្រាប់​លក់​ឱ្យ ឥណ្ឌា មក​នៅ​ទាប​បំផុត

    អាជ្ញាធរ​រុស្ស៊ី កំពុង​ស្វែងរក​វិធី​ដើម្បី​អាច​លក់​ប្រេង​ឱ្យបាន​ច្រើនជាង​បច្ចុប្បន្ន នៅពេលដែល​ប្រេង Urals របស់​ប្រទេស​នេះ បាត់បង់​ភាព​ទាក់ទាញ បន្ទាប់ពី​កងទ័ព​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    ប្រភពព័ត៌មាន​របស់ Bloomberg បានឱ្យដឹងថា រុស្ស៊ី កំពុងតែ​ស្នើ​លក់​ប្រេង Urals ឱ្យ ឥណ្ឌា ជាមួយនឹង​តម្លៃ​ទាប​ជាង ៣៥ ដុល្លារ បើ​ធៀប​នឹង​តម្លៃ​ប្រេង​នៅមុន​ដំណាក់កាល​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ រុស្ស៊ី ចង់ឱ្យ ឥណ្ឌា ទិញ​ប្រេង ១៥ លាន​ធុង/ឆ្នាំ។ យ៉ាងនេះ​ក្ដី ការជជែក​គ្នា​ទើបតែ​កើតឡើង​នៅ​ថ្នាក់​រដ្ឋាភិបាល​តែប៉ុណ្ណោះ ការសម្រេច​ចុងក្រោយ​គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​នៅ ឥណ្ឌា។

    ឥណ្ឌា បច្ចុប្បន្ន​គឺជា​អ្នក​នាំចូល​ប្រេង​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី ហើយក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ដែល​បង្កើន​ការបញ្ជាទិញ​ប្រេង​ពី រុស្ស៊ី។ ប្រេង​របស់ រុស្ស៊ី កំពុង​បង្កើន​វត្ត​មាននៅ ទ្វីបអាស៊ី នៅពេល​ត្រូវ​បណ្ដា​ប្រទេស​លោកខាងលិច និង សហរដ្ឋ​អាម៉េរិក បដិសេធ ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ អតិថិជន​សំខាន់​របស់ រុស្ស៊ី បច្ចុប្បន្ន​គឺ ឥណ្ឌា និង ចិន។

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មីជាង ៥០ នាក់ទៀត ក្នុង​ថ្ងៃទី ៣១ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មីជាង ៥០ នាក់ទៀត ក្នុង​ថ្ងៃទី ៣១ មីនា​ ២០២២

    ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ទាំង​ ៥៧ នាក់ ដែលទើប​តែ​បាន​រក​ឃើញ​ គឺ​សុទ្ធ​តែ​​ជា​​ករណីឆ្លងក្នុង​សហគមន៍ និង​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។