Author: សឿន សំណាង

  • ទិដ្ឋភាព​ខ្លះ​ៗ​ នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

    ទិដ្ឋភាព​ខ្លះ​ៗ​ នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

    នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នឹងមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ និង​អំណរ​បុណ្យ​ប្រពៃណីជាតិ។

    រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​កម្មវិធី​លេងល្បែង​កម្សាន្ត​បែប​ប្រជាប្រិយ, កម្មវិធី​ដុត​កាំជ្រួច, ល្បែង​វាយក្អម, ល្បែង​ជិះ​ពោង​នាគ, រត់ប្រណាំង​គ្នា​លើ​ឆ្នេរ​ខ្សាច់ និង​កម្មវិធី​កម្សាន្តផ្សេងៗជាច្រើន​ទៀត ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ទទួល​អំណរ​បុណ្យចូលឆ្នាំ​ខ្មែរ។ នេះ​បើតាម​ការអះអាង​របស់​លោក ប៊ុន ណា​រ៉ា ជា​អ្នកគ្រប់គ្រង​ស្ពាន​ឫស្សី និង រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន។

    លោក ណា​រ៉ា បញ្ជាក់ថា ដើម្បីឱ្យ​កម្មវិធី​កម្សាន្ត​នានា ប្រព្រឹត្ត​ទៅដោយ​រលូន និង​សុខ​សុវត្ថិភាព ខាង​រមណីយដ្ឋាន​នេះ​បាន​ត្រៀម​សន្តិសុខ​ការពារ​ទាំង​ផ្លូវទឹក ទាំង​ផ្លូវគោក ជូន​ប្រជាជន​ដែលជា​ភ្ញៀវ​ទេសចរណ៍​ផងដែរ។

    ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម លោក ស៊ាន សុ​គុណ មានប្រសាសន៍ថា ភ្ញៀវ​ទេសចរណ៍​ចង់​ទៅលេង​រមណីយដ្ឋាន​កែច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន គឺអាច​ធ្វើដំណើរ​តាម​ស្ពាន​ប្រដឹស​ឫស្សី ពី​ក្រុង​កំពង់ចាម។ សម្រាប់​អ្នក​ដែលមាន​រថយន្ត ត្រូវ​បើក​ឆ្លងតាម​ស្ពាន​កោះ​ប៉ែន ហើយ​ពេល​វិលត្រឡប់​វិញ ភ្ញៀវ​អាច​ទិញ​បន្លែ ផ្លែឈើ​ជាច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​នៅទីនេះ ដាំ​ដុះ​តាមបែប​ធម្មជាតិ។

    អ្នកគ្រប់គ្រង​ស្ពាន​ប្រដឹស​ឫស្សី និង រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​អំពាវនាវ​ឱ្យ​ភ្ញៀវ​ដែល​មកលេង ចូលរួម​រក្សា​សម្អាត​អនាម័យ និង​វេច​ខ្ចប់ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ។ ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម វិញ ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្តន៍​វិធានការ​ទប់ស្កាត់​ការឆ្លង កូ​វីដ-១៩ ទៅតាម ក្រសួងសុខាភិបាល ក្នុងនោះ កុំ​ភ្លេច​វិធានការ «៣កុំ និង ៣ការពារ»។

    ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​មិត្ត ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​មាន​ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​សណ្ឋាគារ មិត្តភាព។ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិតនៅក្នុង​ប្រភេទ​រមណីយដ្ឋាន ឆ្នេរ​ស​មុ​ទ្យ និង​កោះ។

    ខាងក្រោម​នេះ​គឺជា​កម្រង​រូប​ថតពី​បណ្ដាញ​សង្គម​ ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៖

  • ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​មិនទាន់​គ្រប់គ្រាន់ Elon Musk គិត​ចង់​ទិញយក​ Twitter ទាំងមូល?

    ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​មិនទាន់​គ្រប់គ្រាន់ Elon Musk គិត​ចង់​ទិញយក​ Twitter ទាំងមូល?

    មហាសេដ្ឋី​លំដាប់​លេខ ១ របស់​ពិភពលោក ទំនងជា​គិតថា ត្រឹម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​នៅ Twitter មិនអាច​ធ្វើ​អ្វី​បាន​ច្រើន ដូច្នេះ លោក Elon Musk ក៏​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម​នេះ។

    ការសម្រេច​ខាងលើនេះ មានន័យថា លោក Musk មិន​ជាប់ជំពាក់​អ្វី​ទៅនឹង​ការកំណត់​របស់​ក្រុមហ៊ុន​នេះ​ ដែល​កំណត់​ថា​ លោក​មាន​​សិទ្ធិ​​​កាន់កាប់​ភាគហ៊ុនច្រើន​បំផុត​​ត្រឹមតែ ១៤.៩% ប៉ុណ្ណោះ នៅក្នុង​ក្រុមហ៊ុន Twitter។ បច្ចុប្បន្ន អ្នកវិភាគ​នានា​និយាយថា នាយក​ប្រតិបត្តិ​របស់ Tesla អាច​នឹង​ទិញ​ភាគហ៊ុន Twitter បន្ថែមទៀត ហើយ​ចុងក្រោយ​លោក​នឹង​សាកល្បង​ឡើង​គ្រប់គ្រងបណ្ដាញ​សង្គម​នេះ។

    «ការដែល Musk មិន​ស្ថិតក្នុង​ក្រុមប្រឹក្សាភិបាល អាចជួយ​ឱ្យ​ក្រុមហ៊ុន​មិនត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការពិភាក្សា​នៅ​ថ្នាក់​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន ត្រូវ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ Twitter ត្រូវ​ទប់​ទល់នឹង​អ្នកវិនិយោគ​មួយរូប​ដែល​ពិបាក​ឱ្យគេ​ស្មាន​ត្រូវ ​កំពុង​កាន់កាប់​ភាគហ៊ុន​ជាង ៩% របស់​ក្រុមហ៊ុន និង​មាន​ប្រភពធនធាន​គ្រប់គ្រាន់​ដើម្បី​ទិញ​ភាគហ៊ុន ៩១% ទៀត។ ហានិភ័យ​ត្រូវ​ទិញ​គឺ​ពិតជា​ប្រការ​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់ Twitter នាពេល​បច្ចុប្បន្ន» លោក Don Bilson អ្នកវិភាគ​មកពី​ក្រុមហ៊ុន Gordon Haskett Research Advisor យល់​ឃើញ​ដូច្នេះ​។

    លោក Don Bilson អះអាងថា សារ​របស់​ក្រុមហ៊ុន Twitter បង្ហាញថា ជា «សញ្ញា​អាក្រក់» នៅពេល CEO របស់ Twitter គឺ Parag Agrawal ប្រកាសថា Musk នឹង​លែង​ចូលរួមក្នុង​​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម​នេះ​ទៀតហើយ។

    ចុងក្រោយ Twitter អាច​សម្រេចចិត្ត​ទទួលយក «ថ្នាំពុល ១ ដូ​ស» ឬ​ផែនការ​ស្ដីពី​សិទ្ធិ​របស់​ភាគ​ហ៊ុ​និក ដើម្បី​ប្រឆាំងនឹង​លទ្ធភាព​នៃ​ការ​ទិញយក​ទាំងស្រុង។ ប៉ុន្តែ លោក Bilson ឱ្យដឹងថា វិធានការ​បែបនេះ​នឹង​អាចធ្វើឱ្យលោក​ Musk ខឹង។

    ចំណែក​អ្នកវិភាគ Dan Ives ក៏មាន​យោបល់​ប្រហាក់ប្រហែល​នឹង​លោក Bilson ផង​ដែរ​។ «នេះ​ពិតជា​ស្ថានការណ៍​មិន​​មាន​អំណោយ​ផល​ល្អ​។ ជំនួស​ឱ្យ​ការដែល Musk នៅក្នុង​ក្រុមប្រឹក្សាភិបាល និង​អាចនិយាយបាន​ត្រឹមតែ «យល់ព្រម» ឬ «មិន​យល់ព្រម» នៅក្នុង​កិច្ចពិភាក្សា​នានា ខ្ញុំ​គិតថា នៅ​រយៈពេល​ខាងមុខ យើង​នឹង​ចាប់ផ្ដើម​ឃើញ​គាត់​មានការ​ជំទាស់​កាន់តែខ្លាំង​ក្លា» Ives សរសេរ​បញ្ជាក់​ដូច្នេះ។

    យោងតាម CNBC ភាគហ៊ុន Twitter បានឃើញ​ការឡើង​ថ្លៃ​ខ្ពស់​រាប់​ចាប់ពីការ​ធ្វើ​ IPO ក្រោយពី Musk ប្រកាសថា កំពុង​កាន់កាប់​ភាគហ៊ុន​ជាង ៩%។ ភាគហ៊ុន​នេះ​បាន​កើនឡើង ២% ទៀត បន្ទាប់ពី Musk បន្ត​និយាយថា លោក​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ភាគហ៊ុន Twitter នឹង​បន្ត​មានការ​ប្រែប្រួល និង​ពិបាក​ប៉ាន់ស្មាន​ក្នុង​សប្ដាហ៍​នេះ។

    ក៏ប៉ុន្តែ Gene Munster មកពី​ក្រុមហ៊ុន Loup Ventures វិញ និយាយថា «វគ្គ​សំខាន់​នៃ​ល្ខោន​នេះ​បានបញ្ចប់​ហើយ»។ លោក ជឿថា បើសិនជា លោក​ Musk មានបំណង​ទិញយក Twitter នោះ​លោក​ប្រាកដជា​ធ្វើ​តាំងពី​ដំបូង​មកម្ល៉េះ។ ការទិញ Twitter យកមក​គ្រប់គ្រង​គឺជា​រឿង​ដែល​លោក Musk មិន​ចង់​ចំណាយ​ពេលធ្វើ។ «ខ្ញុំ​គិតថា ការទិញ​នេះ​មិនមែនជា​របស់​ដែល Musk ចាប់អារម្មណ៍» អ្នកវិភាគ Gene Munster បញ្ជាក់​ដូច្នេះ៕

  • កូវីដ-១៩! កម្ពុជា​ ​បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១១ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ ​បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១១ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១១ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៧ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • តំណាងរាស្ត្រ​ជាង ១០០ រូប លា​លែង​​ពី​​តំណែង​ ដើម្បី​​ប្រឆាំង​នឹង​​​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​​របស់​ ប៉ា​គី​ស្ថាន

    តំណាងរាស្ត្រ​ជាង ១០០ រូប លា​លែង​​ពី​​តំណែង​ ដើម្បី​​ប្រឆាំង​នឹង​​​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​​របស់​ ប៉ា​គី​ស្ថាន

    តំណាងរាស្ត្រ​ជាង ១០០ រូប របស់ ប្រទេស​ប៉ា​គី​ស្ថាន បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់ ក្នុង​បំណង​គាំទ្រ​ចំពោះ អតីត​នាយករដ្ឋមន្ត្រី Imran Khan ក្រោយពី​នាយករដ្ឋមន្ត្រី​ថ្មី Shehbaz Sharif ចូលកាន់​អំណាច។

    សភា​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី ១១ មេសា បាន​បោះឆ្នោត​ជ្រើសរើស​លោក Shehbaz Sharif ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី ជំនួស​លោក Imran Khan ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​មុន​នោះ។

    លោក Shehbaz Sharif ទទួលបាន​សំឡេងគាំទ្រ​ពី​សំណាក់​តំណាងរាស្ត្រ ១៧៤/៣៤២ នាក់។ លោក Sharif នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ចប់​អាណត្តិ​នៅក្នុង​ខែសីហា ២០២៣ នៅពេល​ការបោះឆ្នោត​សកល​ត្រូវបាន​ធ្វើឡើង។

    នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក Imran Khan ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​នា​ពេល​ថ្មី​ៗ​នេះ

    លោក Shehbaz Sharif (៧១ ឆ្នាំ) គឺជា​ប្រធាន​បក្សប្រឆាំង PML-N និង​ជា​ប្អូនប្រុស​របស់លោក Nawaz Sharif ដែល​ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន បាន ៣ លើក។ លោក Shehbaz Sharif ធ្លាប់បាន​កាន់តំណែង​ជា​អភិបាលខេត្ត Punjab ជា​ស្រុកកំណើត​របស់​ត្រកូល Sharif ជាច្រើនលើក។

    ខុសពី​បងប្រុស​របស់ខ្លួន លោក Shehbaz Sharif មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កងទ័ព ដែលជា​អ្នកគ្រប់គ្រង​គោលនយោបាយ​ការពារជាតិ និង​ការបរទេស នៅ​ប្រទេស​ដែលមាន​អាវុធ​នុយ​ក្លេ​អែរ​មួយ​នេះ។

    កាលពី​នៅ​ជា​អភិបាលខេត្ត Punjab លោក Shehbaz Sharif ល្បីឈ្មោះ​ខ្លាំង ទាក់ទង​នឹង​របៀប​ដឹកនាំ​ផ្ទាល់ និង «អាចធ្វើ​បាន» គ្រប់​កិច្ចការ។ លោក​ធ្លាប់​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ចិន នៅក្នុង​បណ្ដា​គម្រោង​ដែល​វិនិយោគ​ដោយ ទីក្រុង​ប៉េកាំង។

  • រុស្ស៊ី និយាយថា យុទ្ធនាការ​​យោធា​​នៅ​ អ៊ុយ​ក្រែ​ន​ គឺ​​ដើម្បី​​បញ្ចប់​​សណ្ដាប់​ធ្នាប់​​ពិភព​លោក​​របស់ ​អាម៉េរិក

    រុស្ស៊ី និយាយថា យុទ្ធនាការ​​យោធា​​នៅ​ អ៊ុយ​ក្រែ​ន​ គឺ​​ដើម្បី​​បញ្ចប់​​សណ្ដាប់​ធ្នាប់​​ពិភព​លោក​​របស់ ​អាម៉េរិក

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ថ្មីៗនេះ​បាន​និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នេះ គឺជា​ការចាំបាច់​ដើម្បី​បញ្ចប់​សណ្ដាប់ធ្នាប់​ពិភពលោក​ដែល​គ្រប់គ្រង​ដោយ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី ទីក្រុង​វ៉ា​ស៊ី​ង​តោន បង្ហើប​ឱ្យដឹង​អំពី​គោលដៅ​របស់ខ្លួន​ក្នុង​ការជួយ​ដល់ កងទ័ព​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង កងទ័ព​រុស្ស៊ី។

    «យុទ្ធនាការ​យោធា​ពិសេស​របស់​យើង ចាំបាច់​ត្រូវតែ​កើតឡើង​ដើម្បី​បញ្ចប់​ស្ថានការណ៍​ដែល ណា​តូ (NATO) ពង្រីក​ខ្លួន និង​បំណង​ដែល​មិន​មានការ​ខ្មាសអៀន​របស់ អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច ដែល​ចង់​ឆ្ពោះទៅកាន់​ការគ្រប់គ្រង​វេទិកា​អន្តរជាតិ» លោក Lavrov ប្រាប់​ទូរទស្សន៍ Rossiya 24 កាលពី​ថ្ងៃទី ១១ មេសា។

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី យល់ថា ស្ថានការណ៍​គ្រប់គ្រង​នេះ​ត្រូវបាន​កសាងឡើង​ដោយ​ការបំពានច្បាប់​អន្តរជាតិ និង​មាត្រា​ច្បាប់​មួយចំនួន​ផ្សេងទៀត។

    លោក Lavrov បញ្ជាក់ថា រុស្ស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មិន​យល់ស្រប​ចំពោះ​បំណង​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន ហើយ​ថា នឹងមិន​អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច ទាត់ចោល​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ស្របច្បាប់​របស់ រុស្ស៊ី ជាដាច់ខាត។

    ការលើកឡើង​របស់ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ខាងលើ ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan ឱ្យដឹងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ប្រឹងប្រែង​ឆ្លើយតប​នឹង​តម្រូវការ​សព្វាវុធ​ពី​សំណាក់ ទីក្រុង​កៀវ ដើម្បី​ជួយ​ដល់​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ទប់ទល់​នឹង កងទ័ព​របស់ រុស្ស៊ី និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​របស់ អាម៉េរិក ដែល​សំដៅលើ ទីក្រុង​មូ​ស្គូ។

     

  • កម្ពុជា ទទួល​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ពី សាធារណរដ្ឋ​ឥណ្ឌា

    កម្ពុជា ទទួល​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ពី សាធារណរដ្ឋ​ឥណ្ឌា

    សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ Covishield ពី​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ឥណ្ឌា ចំនួន ៣២៥,០០០ ដូ​ស។

    ក្នុងចំណោម ៣២៥,០០០ ដូ​ស ខាងលើនេះ មាន ២ សែន​ដូ​ស បានមក​ដល់ កម្ពុជា កាលពី​ល្ងាច​មិញ​រួចហើយ ចំណែក​ចំនួន​ដែល​នៅសល់​នឹង​មកដល់​ជា​បន្តបន្ទាប់​ក្នុង​ខែមេសា​នេះ។

    ការប្រគល់ និង​ទទួល​វ៉ាក់សាំង​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅ វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ១២ ខែមេសា ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ ទេ​វ្យា​នី ខូ​ប្រា​ហ្គា​ដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​កម្ពុជា។

     

  • ចិន បកស្រាយ​ពី​មូល​ហេតុដែល​បញ្ជូន​ក្រុម​យន្តហោះ​ដឹកទំនិញ​យោធា​ទៅកាន់​អឺរ៉ុប

    ចិន បកស្រាយ​ពី​មូល​ហេតុដែល​បញ្ជូន​ក្រុម​យន្តហោះ​ដឹកទំនិញ​យោធា​ទៅកាន់​អឺរ៉ុប

    មន្ត្រី​រដ្ឋាភិបាល​ របស់ ចិន និយាយថា «បណ្ដា​យន្តហោះ​កំពុង​ដឹកទំនិញ​ផ្នែក​យោធា​ធម្មតា» នៅពេល​និយាយ​ដល់​រឿង​ក្រុម​យន្តហោះ​បន្តកន្ទុយ​គ្នា ហោះ​ទៅកាន់ ប្រទេស​ស៊ែ​ប៊ី (Serbia)។

    «ប្រទេស​ចិន បាន​ប្រមូល​យន្តហោះ​ដឹកទំនិញ​ដើម្បី​ជញ្ជូន​សម្ភារៈ​យោធា​ធម្មតា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង ដើម្បី​អនុវត្ត​ផែនការ​សហការ​ទ្វេភាគី។ សកម្មភាព​នេះ​មិនមែន​សំដៅលើ​ភាគី​ទី ៣ និង​មិន​ជាប់ទាក់ទង​ទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន​ឡើយ» អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន Zhao Lijian បកស្រាយ​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ម្សិលមិញ​ដូច្នេះ។

    មន្ត្រី​ចិន មិនបាន​ទទួលស្គាល់ ហើយក៏​មិនបាន​បដិសេធ​នោះដែរ ចំពោះ​ព័ត៌មាន​ដែលថា ប្រទេស​នេះ​កំពុង​ប្រគល់​ប្រព័ន្ធ​ការពារ​ដែនអាកាស FK-៣ ឱ្យ ស៊ែ​ប៊ី។

    កាសែត Global Times របស់​ទីភ្នាក់ងារសារព័ត៌មាន People’s Daily ដែលជា​អង្គភាព​នាំពាក្យ​របស់​បក្សកុម្មុយនិស្ត​ចិន មុន​នោះបាន​ឱ្យដឹងថា បណ្ដា​យន្តហោះ Y-២០ កំពុង​ដឹកជញ្ជូន​ប្រព័ន្ធ FK-៣ ទៅកាន់ ស៊ែ​ប៊ី។

    FK-៣ គឺជាកំណែនាំចេញនៃប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ HQ-២២ ដែលផលិតដោយ ប្រទេសចិន

    FK-៣ គឺជា​កំណែ​នាំចេញ​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ HQ-២២ ដែល​ផលិត​ដោយ ប្រទេស​ចិន។ ប្រព័ន្ធនីមួយៗមាន​យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន ៣ គ្រឿង, រ៉ា​ដា ១ គ្រឿង, ទីបញ្ជាការ ១ រួម​នឹង​យាន​ជំនួយ​ផ្នែក​បច្ចេកទេស​ជាច្រើន​ទៀត។

    ក្រុម​អ្នកជំនាញ​ផ្នែក​យោធា​ចិន ឱ្យដឹងថា ប្រទេស​ស៊ែ​ប៊ី បាន​បញ្ជា​ទិញ​ប្រព័ន្ធ FK-៣ ចំនួន ៣ ឈុត ហើយ​ត្រូវការ​យន្តហោះ​ដឹកទំនិញ Y-២០ ចំនួន ១២ គ្រឿង ទើប​អាច​ដឹក​អស់​សព្វាវុធ​នេះ។

    ប្រធានាធិបតី Aleksandar Vucic របស់ ប្រទេស​ស៊ែ​ប៊ី កាលពី​សប្ដាហ៍​កន្លង​ប្រកាសថា នឹង​បង្ហាញ «មោទកភាព​ថ្មី​បំផុត» របស់​កងទ័ព​ប្រទេស​នេះ នៅ​ថ្ងៃទី ១២ ឬ ១៣ មេសា។ លោក​និយាយថា ប្រទេស​ចិន និង ស៊ែ​ប៊ី បាន​ឯកភាពគ្នា​ក្នុងការ​ទិញដូរ​ប្រព័ន្ធ​ការពារ​ដែនអាកាស FK-៣ តាំងពី​ឆ្នាំ ២០១៩ ប៉ុន្តែ មិនបាន​បញ្ជាក់ថា សព្វាវុធ​ទាំងនេះ​បានមក​ដល់ ស៊ែ​ប៊ី ហើយ ឬ​នៅ៕

  • មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង របស់ រុស្ស៊ី វាយប្រហារ​ទីបញ្ជាការ​របស់ អ៊ុយ​ក្រែ​ន

    មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង របស់ រុស្ស៊ី វាយប្រហារ​ទីបញ្ជាការ​របស់ អ៊ុយ​ក្រែ​ន

    កងទ័ព​រុស្ស៊ី បាន​វាយប្រហារ​ទៅលើ​ទីបញ្ជាការ​នៃ​អង្គភាព​យោធា​មួយ​ក្នុង​តំបន់​ភាគ​ខាងកើត Donbass ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង Kinzhal។

    «ប្រព័ន្ធ​មី​ស៊ី​ល Kinzhal បាន​កម្ទេច​ទីបញ្ជាការ​ក្រោម​ដី​ដែល​ត្រូវបាន​ការពារ​យ៉ាងរឹងមាំ នៃ​អង្គភាព​យោធា​មួយ​របស់ អ៊ុយ​ក្រែ​ន នៅក្បែរ​ភូមិ Chasov Yar ក្នុង​តំបន់ Donbass កាលពី​ល្ងាច​ថ្ងៃទី ១១ មេសា» អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ឱ្យដឹង​ដូច្នេះ។

    នេះ​គឺជា​លើក​ទី ៣ ហើយ ដែល កងទ័ព​រុស្ស៊ី ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង Kinzhal នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​នៅ អ៊ុយ​ក្រែ​ន។

    Igor Konashenkov ក៏បាន​ប្រាប់ថា មី​ស៊ី​ល​ដែល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ បាញ់​ពី​យន្តហោះ​របស់ រុស្ស៊ី ក៏បាន​បំផ្លាញ​ទម្រ​កាំជ្រួច​ផ្លោង Tochk-U មួយកន្លែង និង​ទម្រ​កាំជ្រួច​ហ្វូង​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​ដែល​លាក់​ក្រោម​ដី​ចំនួន ២ នៅ​តំបន់ Selidovo ភាគ​ខាងកើត Donetsk។ មូលដ្ឋាន​របស់​ក្រុម Right Sector ក្បែរ​តំបន់ Novogrodovka ខេត្ត Donetsk ក៏​ត្រូវបាន​វាយប្រហារ​ពី​អាកាស។

    ក្រសួងការពារជាតិរ​បស់ អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

     

  • តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភី​ហ្សា​ធំ​បំផុត​ក្នុង​ពិភពលោក កើនឡើង ៣២ ដង បាន​ដោយ​វិធី​ណា?

    តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភី​ហ្សា​ធំ​បំផុត​ក្នុង​ពិភពលោក កើនឡើង ៣២ ដង បាន​ដោយ​វិធី​ណា?

    ការ​រួមផ្សំ​ជាមួយនឹង​កត្តា​បច្ចេកវិទ្យា បាន​ជួយ​ឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​នំ​ភី​ហ្សា Domino កើន ៣២ ដង ក្នុងអំឡុង​ជិត ១០ ឆ្នាំ។

    អតីត​នាយក​ប្រតិបត្តិ របស់ Domino លោក Patrick Doyle ធ្លាប់បាន​និយាយ​ច្រើនដង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ថា «យើងខ្ញុំ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លក់​នំ​ភី​ហ្សា»។ ដូច្នេះ​តើ​ដំណើរ​ឆ្ពោះ​ទៅជា «ក្រុមហ៊ុន​បច្ចេកវិទ្យា​ដើរ​លក់​នំ​ភី​ហ្សា» របស់ Domino កើតឡើង​ដោយ​របៀប​ណា?

    ក្រោយ​មួយរយៈ​ពេល​នៃ​ការរីកចម្រើន​នៅក្នុង​អំឡុង​ចុង​សតវត្សរ៍​ទី ២០ ក្រុមហ៊ុន Domino ក៏បាន​ឈានចូល​ដល់​ដំណាក់កាល​ធម្មតា «ដូច​គេ ដូច​ឯង» នៅ​ដើម​សតវត្សរ៍​ទី ២។ វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ទាំងឡាយ​នៅ​ទូទាំង​សកលលោក ហើយ Domino ក៏​មិនបាន​រួចខ្លួន​ដែរ ដោយ​ជាប់បំណុល​រហូតដល់ ១.៧ ពាន់​លាន​ដុល្លារ។

    ដើម្បី​បន្ថយ​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ Domino បាន​កាត់បន្ថយ​ការចំណាយ​ទៅលើ​វត្ថុធាតុដើម ប៉ុន្តែ ប្រការនេះ​បានធ្វើឱ្យ​គុណភាព​នំ​ភី​ហ្សា​របស់​ពួកគេ​ត្រូវ​ធ្លាក់ចុះ ហើយ​អតិថិជន​ក៏​ចាប់ផ្ដើម​ចាកចេញ។ ក្នុងអំឡុង​ពី​ឆ្នាំ ២០០៦ ដល់ ២០០៨ ប្រាក់ចំណូល​ក្នុងស្រុក​របស់​ក្រុមហ៊ុន​នេះ​បាន​ថយចុះ ១០%។ ហាង​ដែល​ក្រុមហ៊ុន​នេះ​ផ្ដល់​សិទ្ធិ​ក៏​ថយចុះ​អស់ ១០០ ហាង ខណៈដែល​តម្លៃ​ភាគហ៊ុន​ក៏​ដាំ​ក្បាល​ចុះមក​នៅក្រោម ៣ ដុល្លារ/ហ៊ុន។

    នៅពេល​ជួប​ការលំបាក​ខ្លាំង ក្រុមហ៊ុន​នេះ​បាន​សម្រេចចិត្ត​ប្ដូរផ្លាស់​វិធីសាស្ត្រ​ធ្វើ​ជំនួញ។ ដំបូង ពួកគេ​បានធ្វើ​យុទ្ធនា​ការឃោសនា​ដើម្បី​ទទួលស្គាល់ថា គុណភាព​នំ​ភី​ហ្សា​របស់​ពួកគេ​ពិតជា​អន់ថយ។ ក្រោយមក ពួកគេ​បាន​សន្យា​ជាមួយ​អតិថិជន​ថា គុណភាព​នំ​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ។ ទាំងនេះ​គឺជា​យុទ្ធនា​ការឃោសនា​ដែល​ទទួលបាន​ជោគជ័យ​បំផុត។

    បន្ទាប់មកទៀត ពួកគេ​ចាប់ផ្ដើម​វិនិយោគ​កាន់តែច្រើន​ទៅលើ​កត្តា​បច្ចេកវិទ្យា។ នេះ​គឺជា «អាវុធ» សំខាន់​ដែល​បាន​ជួយ​ឱ្យ Domino យកឈ្នះ​លើ Pizza Hut កាលពី​ឆ្នាំ ២០១៧។

    ឆ្នាំ ២០០៨ Domino បាន​ផ្ដើម​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាច​តាមដាន​ដំណើរការ​នៃ​ការប្រគល់​នំ​ភី​ហ្សា​របស់​ពួកគេ។ ប្រការនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឱ្យ Domino ធ្វើ​ជំនួញ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ផ្នែក​ដឹកជញ្ជូន។

    អតីត CEO របស់ Domino លោក Ritch Allison និយាយថា «ចុងភៅ​នឹង​ដឹងបាន​ថា នៅពេលណា​ពួកគេ​គួរ​ត្រៀប​អាហារ​ដោយយោង​ទៅលើ​ទិន្នន័យ​ស្ដីពី​ដំណើរការ​នៃ​ការដឹកជញ្ជូន។ បន្ទាប់ពី​អ្នក​ដឹកជញ្ជូន​ត្រលប់​មកវិញ ចុងភៅ​អាច​ប្រកាស​ឱ្យដឹងថា ផ្លូវ​ណា​ដែល​ចំណេញ​បំផុត​សម្រាប់​ការធ្វើដំណើរ​ទៅ​ប្រគល់​ទំនិញ។

    ឆ្នាំ ២០១៤ ក្រុមហ៊ុន​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ជំនួយការ​និម្មិត AI Dom ជួយ​ឱ្យ​អតិថិជន​បញ្ជា​ទិញ​តាមរយៈ​សំឡេង​និយាយ។ យោងតាម​ទិន្នន័យ​ចាស់ ជំនួយការ AI Dom ថែមទាំង​អាច​ដឹងបាន​នូវ​ប្រភេទ​អាហារ​ដែល​អតិថិជន​ចូលចិត្ត ហើយ​ក្រោយមក​ក៏​អាច​បញ្ជា​ទិញ​ជំនួស​អតិថិជន។ មកដល់​ដំណាក់កាល​នេះ កេរ្ដិ៍ឈ្មោះ​របស់ Domino កាន់តែ​ល្អប្រសើរ​ជាង​មុន។

    ព្រោះតែ​ការប្ដូរ​ផ្លាស់​ខាងលើ ឆ្នាំ ២០១៥ ប្រាក់ចំណូល​ចំនួន​ពាក់កណ្ដាល​របស់ Domino គឺ​បានមកពី​ការលក់​តាម​អន​ឡាញ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់ ៣១% នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក។

    ឆ្នាំ ២០១៦ ​ក្រុម​ហ៊ុន​ Domino បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​ទំនិញ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំបូង​គេ​ក្នុង​ពិភពលោក។ បើ​ទោះ​មិន​ទទួលបាន​ជោគជ័យ​ប៉ុន្មាន ប៉ុន្តែ ក្រុមហ៊ុន​ក៏បាន​កែលម្អ​បន្ថែម ដោយ​ការប្រើប្រាស់​យាន​គ្មាន​មនុស្ស​បើកបរ និង​កង​អគ្គិសនី។

    ឆ្នាំ ២០១៩ Domino បាន​សហការ​ជាមួយ Ford ដើម្បី​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត។ ពួកគេ​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន Rad Power ក្នុងការ​ផលិត​កង់​អគ្គិសនី​ផងដែរ ដែល​ជួយ​ឱ្យ​អ្នក​ប្រគល់​ទំនិញ អាច​យកនំ ១៥ ឈុត​ក្នុងពេល​តែមួយ និង​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង ៣០ គីឡូម៉ែត្រ/ម៉ោង។

    ឆ្នាំ ២០១៩ ប្រាក់ចំណូល​បានមកពី​ការលក់​តាម​អន​ឡាញ បាន​កើន​ដល់​ជាង ៥០% ធៀប​នឹង​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភពលោក។

    ប្រាក់ចំណូល​ចេះតែ​កើនឡើង​បន្ទាប់ពី​មានការ​កែប្រែ។ ឆ្នាំ ២០១០ Domino រកបាន​តែ ១.៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ ឆ្នាំ ២០១៨ តួលេខ​នេះ​បាន​ឡើងដល់ ៣.៤ ពាន់​លាន​ដុល្លារ ពោលគឺ​កើន ១១% ជា​រៀងរាល់ឆ្នាំ គិត​ចាប់ពី ២០១០ ដល់​ឆ្នាំ ២០១៨។ ក្នុង​គ្រា​នោះដែរ តម្លៃ​ភាគហ៊ុន​របស់ Domino ក៏បាន​កើនឡើង​រហូតដល់ ៣,២០០% ស្មើនឹង ៣២ ដង​ឯណោះ ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ។

    នៅពេលដែល​អតិថិជន​កំពុងមាន​ទំនោរ​ទៅរក​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ប្រកបដោយ​ភាពងាយស្រួល​សម្រាប់​ពួកគេ ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ចេះ​ចាប់យក​ឱកាស​បែបនេះ​នឹងមាន​ប្រៀប​ជាង​មិនតិច​ឡើយ នៅ​ចំពោះមុខ​គូប្រជែង៕

  • ប្រទេស​ណា​ដែលមាន​មហាសេដ្ឋី​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២​?

    ប្រទេស​ណា​ដែលមាន​មហាសេដ្ឋី​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២​?

    យោងតាម​ស្ថិតិ​ស្ដីពី​មហាសេដ្ឋី​របស់ ទស្សនាវដ្ដី​អាម៉េរិក Forbes ឆ្នាំនេះ គិត​មកដល់​បច្ចុប្បន្ន​មាន​បុគ្គល​ចំនួន ២៣៦ នាក់ បាន​ក្លាយជា​មហាសេដ្ឋី ខណៈដែល​ចំនួន​មហាសេដ្ឋី​នៅ​ទូទាំង​សកលលោក បាន​ថយចុះ ៨៧ នាក់ ធៀប​នឹង​ឆ្នាំ ២០២១។

    បច្ចុប្បន្ន មាន​មហាសេដ្ឋី​ចំនួន ២,៦៦៨ នាក់ ស្ថិតក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Forbes។ តម្លៃ​ទ្រព្យ​សរុប​របស់​មហាសេដ្ឋី​ទាំងនេះ ត្រូវបាន​គណនា​ឃើញថា មាន​ចំនួន ១២.៧ ទ្រី​លាន (១២.៧ លាន​លាន) ដុល្លារ​អាម៉េរិក ទាប​ជាង ៤ សែន​លាន (៤00,០០០,000,000) ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង។

    យោងតាម​ទស្សនាវដ្ដី Forbes ដដែល គិត​ចាប់ពី​ដើមឆ្នាំ​មកដល់​ខែមេសា ២០២២ នៅ​ទូទាំង​ពិភពលោក​មាន​មហាសេដ្ឋី​ថ្មី​ចំនួន ២៣៦ នាក់ ដែល​នេះ​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង ៤៩៣ នាក់​កាលពី​ឆ្នាំ ២០២១។ មហាសេដ្ឋី​ថ្មី​ក្នុង​ឆ្នាំ ២០២២ មកពី​ប្រទេស​ចំនួន ៣៤ ក្នុង​សកលលោក។ ក្នុងនោះ ប្រទេស​ចិន ឈរ​លំដាប់​លេខ ១ ដោយមាន​មហាសេដ្ឋី​ថ្មី ៦២ នាក់ ក្នុងពេលដែល សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​លេខ ២ ដោយមាន​មហាសេដ្ឋី​ថ្មី ៥០ នាក់ ខណៈដែល ប្រទេស​ឥណ្ឌា ជាប់​លេខ ៣ ដោយមាន ២៩ នាក់)។

    ឆ្នាំ ២០២២ នេះ ក៏មាន​មហាសេដ្ឋី ១,០០០ នាក់ ដែលមាន​ទ្រព្យ​កើនឡើង​ច្រើនជាង​ឆ្នាំ​កន្លង ក្នុងនោះ សហរដ្ឋ​អាម៉េរិក នៅតែ​ឈរ​លំដាប់​លេខ ១ ដោយមាន​មហាសេដ្ឋី ៧៣៥ នាក់ ជាមួយនឹង​ទ្រព្យ​សរុប ៤.៧ ទ្រី​លាន (៤.៧ លាន​លាន) ដុល្លារ​អាម៉េរិក។ ប្រទេស​ចិន ឈរ​លំដាប់​លេខ ២ ដោយមាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​ធៀប​នឹង​ឆ្នាំ​កន្លង​ចំនួន ៦០៧ នាក់ និង​ទ្រព្យ​សរុប ២.៣ ទ្រី​លាន (២.៣ លាន​លាន) ដុល្លារ​អាម៉េរិក។