Author: សឿន សំណាង

  • កប៉ាល់​ដឹក​កុងតឺន័រ​ប្រវែង​ជាង​ ៣០០ ​ម៉ែត្រ ​ដែល​ជាប់​គាំង​ក្នុង​ល្បាប់​អស់​រយៈ​ពេល​មួយ​ខែ​ ត្រូវ​បាន​ជួយ​សង្គ្រោះ

    កប៉ាល់​ដឹក​កុងតឺន័រ​ប្រវែង​ជាង​ ៣០០ ​ម៉ែត្រ ​ដែល​ជាប់​គាំង​ក្នុង​ល្បាប់​អស់​រយៈ​ពេល​មួយ​ខែ​ ត្រូវ​បាន​ជួយ​សង្គ្រោះ

    កប៉ាល់​ដែលមាន​បណ្ដោយ​​រហូត​ដល់​ជាង ៣០០ ម៉ែត្រ ត្រូវ​ជាប់​ក្នុង​ភក់ល្បាប់​អស់​រយៈពេល​ពេញ​មួយខែ​នៅ​ឈូង​សមុទ្រ Chesapeake នៃ​ឆ្នេរ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក បាន​អណ្ដែត​ឡើងវិញ បន្ទាប់ពី​ការប្រឹងប្រែង​ជួយសង្គ្រោះ​របស់​កងកម្លាំង​ការពារ​ឆ្នេរ។

    Ever Forward ដែលជា​កប៉ាល់ ១ គ្រឿង របស់​ក្រុមហ៊ុន Evergreen មាន​ទីស្នាក់ការ​នៅ តៃវ៉ាន់ កាលពី​យប់​ថ្ងៃទី ១៣ មីនា បាន​ជាប់គាំង​ដោយសារ​ល្បាប់​ជម្រៅ ៦ ម៉ែត្រ នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ ក្រោយពី​រេ​ខុសផ្លូវ។

    រយៈពេល​ច្រើន​សប្ដាហ៍​កន្លងមកនេះ កម្លាំង​ល្បាត​ឆ្នេរ​របស់ អាម៉េរិក បាន​ប្រឹងប្រែង​រំដោះ​កប៉ាល់ Ever Forward ដោយ​ប្រើប្រាស់​កប៉ាល់​អូស និង​កប៉ាល់​ស្ដារ​ល្បាប់។ ឆ្លៀតពេល​ដែលមាន​ជំនោរ​ទឹកសមុទ្រ​កើនឡើង​ខ្ពស់បំផុត​ក្នុង​ខែ Ever Forward បាន​អណ្ដែត​ឡើងវិញ​កាលពី​ថ្ងៃទី ១៧ មេសា ក្រោយពី​កុងតឺន័រ​ចំនួន ៥០០ ក្នុងចំណោម ៥,០០០ នៅលើ​កប៉ាល់​នេះ ត្រូវបាន​លើក​ចេញ​ដើម្បី​កាត់បន្ថយ​ទម្ងន់។

    Ever Given ដែលជាកប៉ាល់ដឹកកុងតឺន័រមួយផ្សេងទៀតរបស់ Evergreen ជាប់គាំងនៅលើព្រែកជីក Suez នៅ ប្រទេសអេហ្ស៊ីប កាលពីខែមីនា ២០២១

    ក្រុមមន្ត្រី​អាម៉េរិក មិនទាន់​បង្ហើប​​ឱ្យដឹង​អំពី​ការខាតបង់ ឬ​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​បញ្ហា​ជាប់គាំង​របស់ Ever Forward ក៏ដូចជា​មូលហេតុ​ដែលនាំឱ្យ​មានប​ញ្ហា​ជាប់គាំង​នេះ​នៅឡើយ។ កប៉ាល់​នេះ​ជាប់គាំង​នៅ​ខាងក្រៅ​គន្លង​នាវាចរណ៍ និង​មិនបាន​រាំងស្ទះ​ដល់ក​ប៉ាល់​ដទៃ។

    Ever Forward ដែលមាន​បណ្ដោយ ៣៣៥ ម៉ែត្រ អាច​ផ្ទុក​កុងតឺន័រ​បាន​ជិត ១២,០០០ គឺជា​កប៉ាល់​មួយគ្រឿង​ក្នុងចំណោម​កប៉ាល់​ជាច្រើន​ដែល​ធ្វើ​សកម្មភាព​នៅ​តំបន់​សមុទ្រ​មមាញឹក​នៃ​ឈូង​សមុទ្រ Chesapeake។

    ករណី​ជាប់គាំង​នេះ ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ហេតុការណ៍​ដូចគ្នានេះ​របស់ Ever Given ដែលជា​កប៉ាល់​ដឹក​កុងតឺន័រ​មួយ​ផ្សេងទៀត​របស់ Evergreen ជាប់គាំង​នៅលើ​ព្រែកជីក Suez នៅ​ ប្រទេស​អេហ្ស៊ីប កាលពី​ខែមីនា ២០២១ និង​បានធ្វើឱ្យ​​កក​ស្ទះ​​កប៉ាល់​នានា​ក្នុង​រយៈពេល ១ សប្ដាហ៍៕

  • មី​យ៉ាន​ម៉ា បើក​ព្រលានយន្តហោះ​អន្តរជាតិ Yangon ឡើងវិញ

    មី​យ៉ាន​ម៉ា បើក​ព្រលានយន្តហោះ​អន្តរជាតិ Yangon ឡើងវិញ

    កាលពី​ថ្ងៃទី ១៧ មេសា ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ Yangon ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​រាល់​ការហោះហើរ​ពាណិជ្ជកម្ម​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ កូ​វីដ-១៩។

    មន្ត្រី​ម្នា​ក់នៅ​ព្រលានយន្តហោះ​ខាងលើ​បានឱ្យដឹងថា ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍សិង្ហបុរី​ Singapore Airlines បាន​ចុះចត​នៅពេល​ព្រឹក​ក្នុង​ថ្ងៃទី ១៧ មេសា ក្លាយជា​ជើងហោះហើរ​ដំបូង​ដែល​បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Yangon រាប់​ចាប់តាំងពី​បើក​ដំណើរការ​ឡើងវិញ នេះ​បើតាម​ការចុះផ្សាយ​របស់ ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua។

    យោងតាម​ការកំណត់​ស្ដីពី​វិធានការ​ទប់ស្កាត់ កូ​វីដ-១៩ អ្នកដំណើរ​ដែល​មកកាន់ មីយ៉ានម៉ា ត្រូវមាន​លិខិត​បញ្ជាក់ថា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ រួចហើយ អម​ជាមួយនឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត PCR អវិជ្ជមាន។ អ្នកដំណើរ​បរទេស​ក៏ត្រូវ​មាន​ប័ណ្ណ​បញ្ជាក់​អំពី​ធានារ៉ាប់រង​សុខភាព​កូ​វីដ-១៩ ដែល​ទិញ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​មី​យ៉ាន​ម៉ា។ ទន្ទឹមនឹងនេះ អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដែល​កំណត់ដោយ​រដ្ឋាភិបាល ដើម្បី​រង់ចាំ​ទទួលលទ្ធផល​តេស្ត PCR ពី​ក្រសួងសុខាភិបាល​មី​យ៉ាន​ម៉ា ក្នុង​រយៈពេល​ប្រហែល ២៤ ម៉ោង។

    ប្រទេស​ភូមា កាលពី​ថ្ងៃទី ១៦ មេសា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ចំនួន ១៨ នាក់ ធ្វើឱ្យ​ចំនួន​សរុប​នៃ​​ករណី​វិជ្ជមាន​នឹង​វីរុស​នេះ​ឡើងដល់​ជាង ៦១២,០០០ នាក់ ខណៈដែល​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​គឺមាន​ជាង ១៩,០០០ នាក់។ គិត​មកដល់​ថ្ងៃទី ៩ មេសា ប្រជាជន​ជាង ២២.២៣ លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​ ៥៥ លាន​នាក់ របស់​ ប្រទេស​នេះ​ បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ៕

  • ត្រូវ​ក្ស័យធន​​ដោយ​​សារ​​បំណុល​​ជាង​​ ៥០​ ​ពាន់​​លាន​​ដុល្លារ​ ​​ស្រីលង្កា កំពុង​​សង្ឃឹម ​និង​​រង់​ចាំ​​ជំនួយ​​ពី ​ប្រទេស​​ចិន

    ត្រូវ​ក្ស័យធន​​ដោយ​​សារ​​បំណុល​​ជាង​​ ៥០​ ​ពាន់​​លាន​​ដុល្លារ​ ​​ស្រីលង្កា កំពុង​​សង្ឃឹម ​និង​​រង់​ចាំ​​ជំនួយ​​ពី ​ប្រទេស​​ចិន

    អ្នកការទូត​ជាន់ខ្ពស់​របស់ ប្រទេស​ស្រីលង្កា នៅ ទីក្រុង​ប៉េកាំង ជឿថា ប្រទេស​ចិន នឹង​អនុម័ត​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តម្លៃ ២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ស្ថានការណ៍​ដែល​ប្រទេស​កោះ​មួយ​នេះ​ប្រកាស​ក្ស័យធន​នា​ថ្ងៃទី ១២ មេសា ២០២២។

    ខាងលើ​គឺជា​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១២ មេសា ដោយ Bloomberg ដកស្រង់​សម្ដី​របស់លោក Palitha Kohona ឯកអគ្គរដ្ឋទូត​ស្រីលង្កា ប្រចាំ ប្រទេស​ចិន។

    យោងតាម​លោក Kohona ប្រទេស​ចិន «បាន​សន្យា​ស្ដីពី​ហិរញ្ញវត្ថុ​ចំពោះ ស្រីលង្កា កាលពី​សប្ដាហ៍​កន្លង» ទន្ទឹមនឹង​ការរៀបចំ​ខ្ទង់​ប្រាក់កម្ចី​ថ្មី។ ស្រីលង្កា កំពុង​ស្នើ​ប្រាក់កម្ចី​ពី ចិន ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទូទាត់​បំណុល​ដែល​ដល់​កាលកំណត់​ត្រូវ​សង​នៅ​ខែកក្កដា ឆ្នាំនេះ។

    លោក Kohona គ្រាន់តែ​និយាយថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់ ទីក្រុង​ប៉េកាំង នឹង​មកដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​លក្ខខណ្ឌ​ដែល​ប្រទេស​នេះ​ត្រូវបំពេញ។

    ស្រីលង្កា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមកនេះ នៅពេល​ទំនិញ​ឡើងថ្លៃ​ខ្ពស់ និង​ឆាប់រហ័ស​ជាងគេ​នៅ អាស៊ី (ប្រហែល ១៩%) កាលពី​ខែ​កន្លង។ តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់ បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ និង​ស្ថាន​ភាពខ្វះ​ស្បៀងអាហារ រួម​នឹង​បញ្ហា​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ជាដើម បាន​នាំឱ្យមាន​បាតុកម្ម​កើតឡើង​ពាសពេញ​ប្រទេស។

    ប្រទេស​ស្រីលង្កា

    ថ្មីៗនេះ លោក Kohona ឱ្យដឹងថា ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បានស្នើ​ឱ្យ ប្រធានាធិបតី​ចិន ផ្ដល់ប្រាក់​កម្ចី​ដល់​ប្រទេស​នេះ។ ក្រុមមន្ត្រី​នៅ កូឡុំបូ ក៏បាន​តឿន​ឱ្យ ទីក្រុង​ប៉េកាំង ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ «កាន់តែ​ឆាប់ កាន់តែ​ល្អ»។

    កាលពី​ថ្ងៃទី ១២ មេសា ២០២២ ស្រីលង្កា បានប្រកាសថា ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទូទាត់​បំណុល​បរទេស​ដែលមាន​តម្លៃ ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា បាន​អំពាវនាវ​ដល់​ម្ចាស់បំណុល រួមទាំង​បណ្ដា​រដ្ឋាភិបាល​បរទេស ពន្យារពេល​នៃ​ការទូទាត់​ការប្រាក់ ឬ​ជ្រើសរើស​វិធី​ទទួលយក​ខ្ទង់​ប្រាក់កម្ចី​ដើម ដោយ​រូបិយវត្ថុ​ក្នុងស្រុក​របស់​ប្រទេស​នេះ។

    ក្រសួង​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា ឱ្យដឹងថា «រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​បន្ទាន់…ដើម្បី​ទប់ស្កាត់​ឱនភាព​បន្ថែមទៀត​នៃ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា។ ការប្រកាស​ក្ស័យធន ក៏​ដើម្បី​ធានាឱ្យមាន​ការ​ព្រឹ​ត្ត​ដោយ​យុត្តិធម៌​ចំពោះ​ម្ចាស់បំណុល រហូតដល់ ស្រីលង្កា ទទួលបាន​ជំនួយ​ពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)»៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១២ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១២ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១២ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៨ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • សូម​ប្រយ័ត្ន!​ តួលេខ​​អ្នក​​ឆ្លង​​មេរោគ ​Salmonella ​ទាក់​ទង​​នឹង​​នំ​​សូកូឡា ​Kinder ​កំពុង​កើន​ឡើង​​នៅ​ អឺរ៉ុប

    សូម​ប្រយ័ត្ន!​ តួលេខ​​អ្នក​​ឆ្លង​​មេរោគ ​Salmonella ​ទាក់​ទង​​នឹង​​នំ​​សូកូឡា ​Kinder ​កំពុង​កើន​ឡើង​​នៅ​ អឺរ៉ុប

    ទ្វីបអឺរ៉ុប រកឃើញ​ករណី​ឆ្លង​មេរោគ salmonella ចំនួន ១៥០ នាក់ ដែល​ត្រូវបាន​គេ​ជឿថា ទាក់ទិន​នឹង​បណ្ដា​ផលិតផល​នំ​សូកូឡា Kinder ផលិត​ដោយ​រោងចក្រ Ferrero នៅ ប្រទេស​បែលហ្ស៊ិក។

    ក្នុង​ប្រកាស​រួមមួយ​កាលពី​ថ្ង​ទី ១២ មេសា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប និង​អាជ្ញាធរ​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប ឱ្យដឹងថា ករណី​ឆ្លង​មេរោគ salmonella ភាគច្រើន​គឺជា​ក្មេង​អាយុ​ក្រោម ១០ ឆ្នាំ ក្នុងនោះ​មាន​ករណី​ជាច្រើន​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    គិត​មកដល់​ថ្ងៃទី ៨ មេសា ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​ករណី​ឆ្លង salmonella ចំនួន ១១៩ នាក់ និង ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ៣១ នាក់ នៅក្នុង ៩ ប្រទេស នៃ​តំបន់​អឺរ៉ុប រួមមាន បែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់, អៀឡង់, លុច​សំបួ, ហូ​ឡង់, ន័​រ​វែ​ស, អេ​ស្ប៉ា​ញ, ស៊ុយអែត និង អង់គ្លេស។

    ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា បាន​រកឃើញ​មេរោគ salmonella ក្នុង​ផលិតផល​នំ​សូកូឡា Kinder ដែល​ផលិត​ដោយ​រោងចក្រ Ferrero នៅ​ទីរួមស្រុក Arlon នៃ ប្រទេស​បែលហ្ស៊ិក និង​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស បន្ត​តាមដាន ព្រោះថា ករណី​ឆ្លង​មេរោគ​នេះ​អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត។

    កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​ផលិត​នំ​ស្ករ​គ្រាប់ Ferrero របស់ អ៊ីតាលី បាន​បង្ខំចិត្ត​បិទទ្វារ​នៅ ប្រទេស​បែលហ្ស៊ិក និង​ប្រមូល​មកវិញ​នូវ​ផលិតផល​ដែល​បានដាក់​លក់​នៅ សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប។

    ក្រុមហ៊ុន Ferrero បាន​ទទួលស្គាល់ថា មាន​កំហុសឆ្គង​ក្នុងការ​ផលិត និង​បាន​ផ្ញើ​ការសុំ​អភ័យទោស​ដល់​អតិថិជន ទាក់ទង​នឹង​បញ្ហា​ឆ្លង​មេរោគ salmonella នៅលើ​ផលិតផល​នំ​សូកូឡា Kinder។

    មេរោគ salmonella អាច​បង្កឱ្យមាន​អាការ​រាករូស ក្ដៅខ្លួន និង​ឈឺក្រពះ​នៅលើ​មនុស្ស។ នេះ​គឺជា​ប្រភេទ​មេរោគ​ដែល​ឆ្លង​ច្រើន​ជា​គេ​មួយ​នៅលើ​ចំណីអាហារ៕

  • អគ្គិភ័យ​កំពុង​ឆាប់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់បឹងសាឡាង រាជធានី​ភ្នំ​ពេញ

    អគ្គិភ័យ​កំពុង​ឆាប់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់បឹងសាឡាង រាជធានី​ភ្នំ​ពេញ

    ក្នុង​ពេល​នេះ​ មាន​ករណី​អគ្គីភ័យ​មួយ​កំពុង​ឆាប​ឆេះផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅផ្លូវ ២៤៧ សង្កាត់បឹងសាឡាង ទួលគោក រាជធានី​ភ្នំ​ពេញ​។

    យោង​តាម​ព័ត៌មាន​លើបណ្ដាញ​សង្គម បន្ទាប់​ពីទទួល​បាន​ការ​រាយការណ៍​ថា​​មាន​ករណី​អគ្គិភ័យ​ សមត្ថកិច្ច​ក៏​បាន​ប្រញាប់​ទៅ​កាន់​​កន្លែង​កើត​ហេតុ​។

    រូប​ភាព​ពី​បណ្ដាញសង្គម​បង្ហាញ​ថា ផ្លូវ​ចូល​ទៅ​កាន់​កន្លែង​កើត​ហេតុ​មាន​ទំហំ​តូច​ ប៉ុន្តែ ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​បាញ់​ទឹក​ពន្លត់​បាន​។ សមត្ថកិច្ច​កំពុង​ញាប់​ដៃ​ ញាប់​ជើង គ្រប់គ្រង​អគ្គិភ័យ​នេះ​។

     

  • អាម៉េរិក ជិត​ផ្ដល់ជំនួយ​បន្ថែម ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    អាម៉េរិក ជិត​ផ្ដល់ជំនួយ​បន្ថែម ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    មន្ត្រី ២ រូប របស់ សហរដ្ឋ​អាម៉េរិក និយាយថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កំពុង​ត្រៀម​បន្ថែម​ជំនួយ​ជា​សព្វាវុធ​តម្លៃ ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

    អាជ្ញាធរ​របស់​ប្រធានាធិបតី បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​តម្លៃ ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ក្នុង​រង្វង់​ពី ២៤ ទៅ ៤៨ ម៉ោង​ខាងមុខ នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី​អាម៉េរិក ២ រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

    ពួកគេ​ឱ្យដឹងថា យោងតាម​ផែនការ​បឋម កញ្ចប់​ជំនួយ​ថ្មី​នឹង​រួមមាន ឧទ្ធម្ភាគចក្រ Mi-១៧, រថពាសដែក Humvee, យន្តហោះ​គ្មាន​មនុស្ស​បើក​ការពារ​ឆ្នេរសមុទ្រ រួម​នឹង​ឈុត​ការពារ​អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ឬ​នុយ​ក្លេ​អែរ។

    ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់ សភា​អាម៉េរិក និយាយថា កញ្ចប់​ជំនួយ​ថ្មី​អាច​នឹង​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​លើដី​ធុន​ធ្ងន់​ផងដែរ។

    ក្រុមមន្ត្រី​នៅ សេត​វិមាន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ដំណឹង​ដែល​បានលើកឡើង​ខាងលើ​នៅឡើយ។

    កាលពី​សប្ដាហ៍​កន្លង សេត​វិមាន បានឱ្យដឹងថា បានផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​តម្លៃ​ជាង ១.៧ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន រួចហើយ ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន។ សព្វាវុធ​ដែល អ៊ុយ​ក្រែ​ន បានទទួល​ពី សហរដ្ឋ​អាម៉េរិក រួមមាន រ៉ុក្កែត​ការពារ​ដែនអាកាស Stinger និង រ៉ុក្កែត​ប្រឆាំង​រថក្រោះ Javelin រួម​នឹង​យុទ្ធភណ្ឌ​ជាច្រើន​ផ្សេងទៀត។

  • អ៊ុយ​ក្រែ​ន រឹបអូស​កប៉ាល់ ១០ គ្រឿង​របស់ រុស្ស៊ី នៅ​កំពង់ផែ Odessa

    អ៊ុយ​ក្រែ​ន រឹបអូស​កប៉ាល់ ១០ គ្រឿង​របស់ រុស្ស៊ី នៅ​កំពង់ផែ Odessa

    អង្គភាព​ស៊ើបអង្កេត​អ៊ុយ​ក្រែ​ន (SBI) កាលពី​ថ្ងៃទី ១២ មេសា ប្រកាសថា បាន​រឹបអូស​កប៉ាល់​ចំនួន ១០ គ្រឿង របស់ រុស្ស៊ី ដែល​កំពុង​ជួសជុល​នៅ​កំពង់ផែ Odessa។

    «ក្រុម​អ្នកស៊ើប​អង្កេត​របស់ SBI ដែល​ត្រូវបាន​ការពារ​ដោយ​កងកម្លាំង​ល្បាត​ឆ្នេរ និង​អង្គភាព ១៧ របស់​កម្លាំង​ការពារ​ព្រំដែន បាន​បង្ខាំង​កប៉ាល់​ដឹកទំនិញ ៨ គ្រឿង និង​កប៉ាល់​ដឹក​ប្រេង ២ គ្រឿង​របស់ រុស្ស៊ី ដែល​កំពុង​ទទួល​ការជួសជុល​នៅ​កំពង់ផែ Odessa ដោយ​មិនឱ្យ​ចាក​ចេញពី អ៊ុយ​ក្រែ​ន។ កប៉ាល់​ទាំងនេះ​ជាប់ទាក់ទង​នឹង​សកម្មភាព​ដឹកជញ្ជូន​របស់ រុស្ស៊ី នៅលើ​សមុទ្រ​ខ្មៅ និង​ទន្លេ Danube» SBI លើកឡើង​ដូច្នេះ។

    យោងតាម​អង្គភាព SBI ប្រទេស​អ៊ុយ​ក្រែ​ន នឹង «បន្ត​ប្រឹងប្រែង​ដើម្បី​ស្វែងរក និង​រឹបអូស​ធ្វើជា​សម្បត្តិ​ជាតិ» ចំពោះ​ទ្រព្យ​ទាំងឡាយ​របស់ រុស្ស៊ី។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី និង​ នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក ដេនីស ស្មីហាល (ស្ដាំ)

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ១០ មីនា បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាតឱ្យ​អាជ្ញាធរ​ប្រទេស​នេះ រឹបអូស​ទ្រព្យ​ទាំងឡាយ​ដែលជា​របស់ រុស្ស៊ី និង​ក្រុមមន្ត្រី អ្នកមាន​របស់ រុស្ស៊ី។ នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក ដេ​នី​ស ស្មី​ហាល (Denis Shmyhal) កាលពី​ថ្ងៃទី ៨ មេសា បានប្រកាសថា ទ្រព្យ​គ្រប់​ប្រភេទ​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នឹងត្រូវ​បាន​រឹបអូស​យកមក​ធ្វើជា​របស់​រដ្ឋ។

  • អ៊ុយ​ក្រែ​ន ប្រកាសថា បាន​ចាប់ខ្លួន​អ្នកមានដែល​​ស្និទ្ធ​នឹង រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាសថា បាន​ចាប់ខ្លួន​អ្នកមានដែល​​ស្និទ្ធ​នឹង រុស្ស៊ី

    អង្គភាព​សន្តិសុខ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១២ មេសា ឱ្យដឹងថា បាន​ចាប់ខ្លួន Viktor Medvedchuk ដែលជា​អ្នកមាន​ម្នាក់​ស្និទ្ធ​នឹង រុស្ស៊ី នៅក្នុង​យុទ្ធនាការ​ពិសេស​ដែល​ពួកគេ​អធិប្បាយ​ថា​ជា «មហា​ល្បឿន»។

    មុន​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា Medvedchuk ត្រូវ​បានដាក់​ខ្នោះដៃ​ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ភាព​ហត់នឿយ។

    «យុទ្ធនាការ​ពិសេស​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​អង្គភាព​សន្តិសុខ​អ៊ុយ​ក្រែ​ន។ ធ្វើ​បានល្អ!» លោក ហ្សេ​ឡែ​ន​ស្គី បង្ហោះ​សារ​នៅលើ Telegram ដូច្នេះ។ បន្ទាប់មក លោក​ក៏បាន​ស្នើឱ្យ​មានការ​ដោះដូ​រ Medvedchuk ជាមួយនឹង​ចំណាប់ខ្មាំង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន រុស្ស៊ី ចាប់ខ្លួន។

    លោក Medvedchuk គឺជា​អ្នកជំនួញ និង​ជា​មេដឹកនាំ​បក្សប្រឆាំង ដើម្បី​ជីវិត របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​ជឿថា បាន​ក្លាយជា​អ្នកមាន​ក៏ដោយ​សារ​ប្រភព​រ៉ែ​ប្រេង​របស់ រុស្ស៊ី នៅ​តំបន់ គ្រី​មៀ​ជាមួយនឹង​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង វិមាន​ក្រឹម​ឡាំង។ ទស្សនាវដ្ដី Forbes គណនា​ឃើញថា លោក Medvedchuk មានទ្រព្យ​ប្រហែល ៦២០ លាន​ដុល្លារ​អាម៉េរិក។

    បក្ស​របស់ Medvedchuk មានការ​គាំទ្រ​ចំពោះ ទីក្រុង​មូ​ស្គូ មុនពេល​លោក​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ​កាលពី​ខែឧសភា ២០២១។ លោក​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ មុនពេល​រត់គេចខ្លួន​កាលពី​ខែកុម្ភៈ ២០២២ ក្រោយពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

  • (វីដេអូ)-គ្រឿងចក្រ​លើគោក​ដែលមាន​ទំហំ​ធំ​​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក

    (វីដេអូ)-គ្រឿងចក្រ​លើគោក​ដែលមាន​ទំហំ​ធំ​​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក

    (អាល្លឺម៉ង់)-គ្រឿងចក្រ​កាយ​យក​រ៉ែ Bagger ២៩៣ ទម្ងន់​រហូតដល់ ១៤,០០០ តោន ប៉ុន្តែ អាច​បន្សល់ «ដានជើង» មិន​ជ្រៅ​ជាង​ស្នាមជើង​របស់​មនុស្ស​នៅលើ​ដី​ឡើយ។

    គ្រឿងចក្រ​ដ៏​ធំ​មហិមា​មួយគ្រឿង​បង្ហាញខ្លួន​នៅ​ភាគ​ខាងលិច​នៃ ប្រទេស​អាល្លឺម៉ង់ មាន​កម្ពស់​ប្រហែល​វិមាន​នាឡិកា Big Ben នៅ​ទីក្រុង​ឡុង​ដ៍។ គ្រឿងចក្រ​នេះ អាច​កាយ និង​កិន​ដី​រាប់សែន​តោន/ថ្ងៃ។

    វា​មិនមែន​ជាការ​ស្រមៃ ឬ​វិទ្យាសាស្ត្រ​បែប​ប្រឌិត ប៉ុន្តែ វា​គឺជា Bagger ២៩៣ ដែលជា​ម៉ាស៊ីន អេស្កាវ៉ាទ័រ (bucket-wheel excavator/BWE) ខ្នាត​យក្ស​មួយ​ប្រភេទ​ដែល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    bagger-293 ខ្ពស់​ជាង​រូប​សំណាក​ព្រះនាង​សេរីភាព​ (Statue of Liberty) ទៅ​ទៀត​។

    Bagger ២៩៣ គឺជា​គ្រឿងចក្រ​កាយ​ដី BWE។ វា​គឺជា​គ្រឿងចក្រ​លើគោក​មួយ​ដែល​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។ ដូច​ទៅនឹង​ទីក្រុងតូចៗជាច្រើន​ដែល​បំពាក់​ធ្មេញរណារ​មូល ហើយ Bagger ២៩៣ គឺជា​ទីក្រុង​ធំ​បំផុត​មួយ​នៅក្នុង​ចំណោម​នោះ។ នេះ​បើតាម Steve Remilli អ្នកគ្រប់គ្រង​គម្រោងរ​បស់ វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ផលិត McMaster។

    Doug Morrison ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សម្រាប់​ឧត្តមភាព​ក្នុងការ​ច្នៃប្រឌិត​ថ្មី​នៃ​ការជីក​យក​រ៉ែ (Center for excellence in mining innovation) បានឱ្យដឹងថា Bagger ២៩៣ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​កំណត់ត្រា​ពិភពលោក Guinness ថា​ជា​គ្រឿងចក្រ​លើគោក​ដែល​ធំ​បំផុត​នៅលើ​ផែនដី។

    ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​របស់ អាល្លឺម៉ង់ Takraft គ្រឿងចក្រ​នេះ​មាន​ទម្ងន់​ជាង ១៤,០០០ តោន ប៉ុន្តែ បន្សល់​ដាន​មិន​ជ្រៅ​ជាង​ស្នាមជើង​របស់​មនុស្ស នៅលើ​ដី​ដែល​វា​បាន​ឆ្លងកាត់ ហើយ​វា​គឺជា​កំពូល​គ្រឿងចក្រ​ដែល​ទាញយក​រ៉ែ​ធ្យូង​ខ្ចី ជាការ​ងារ​ដែល​មិន​ដូច​គ្រឿងចក្រ​ដទៃ។

    បណ្ឌិត​ផ្នែក​បច្ចេកទេស​ជីវសាស្ត្រ​នៃ​សាកលវិទ្យាល័យ McMaster លោក Thomas Adams ឱ្យដឹងថា Bagger ២៩៣ គឺជា​សត្វ​ចម្លែក អាច​ទាញយក និង​ផ្លាស់​ទី​រ៉ែ​ជាង ២០០,០០០ តោន ជា​រៀងរាល់ថ្ងៃ ដែល​ប្រហែល​នឹង ២,៥០០ គីឡូក្រាម/វិនាទី។ BWE គឺជា​គ្រឿងចក្រ​សំខាន់បំផុត ដើម្បី​រក្សា​ដំណើរការ​របស់​បណ្ដា​រោងចក្រ​ប្រើ​ធ្យូងថ្ម។ មិនមាន​វា បណ្ដា​ប្រទេស​អាច​ធ្លាក់​ទៅក្នុង​សភាព​ងងឹត។

    ធ្យូង​ខ្ចី លី​កនី​ត (lignite coal) ក៏ត្រូវ​បាន​គេ​ហៅថា ធ្យូង​ប្រផេះ ដែលជា​ប្រភេទ​ធ្យូងថ្ម​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រោងចក្រ​ឧ​ស្សហកម្ម​នានា។ ធ្យូង​ប្រភេទ​នេះ​តែង​ស្ថិតនៅ​ជ្រៅ​ក្រោម​ដី និង​ថ្ម ដូច្នេះ​មានតែ​គ្រឿងចក្រ​ដូច Bagger ២៩៣ ប៉ុណ្ណោះ ទើប​អាច​ទាញយក​វា​បាន៕