Author: សឿន សំណាង

  • យន្តហោះ​ដឹកជញ្ជូន​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​​បាក់​​ជា​ច្រើន​កំណាត់​ ពេល​កំពុង​ហោះ​ហើរ

    យន្តហោះ​ដឹកជញ្ជូន​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​​បាក់​​ជា​ច្រើន​កំណាត់​ ពេល​កំពុង​ហោះ​ហើរ

    យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់​បាក់បែក​ខ្ទេច​ដោយសា​រ​ជាប់​ខ្សែភ្លើង​នៅពេល​កំពុង​ហោះ​សាកល្បង បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត។

    «យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ អ៊ុយ​ក្រែ​ន ធ្លាក់​ក្បែរ​តំបន់ Mikhailovka នៃ​ខេត្ត Zaporizhzhia ភាគ​អាគ្នេយ៍​ប្រទេស​នេះ ក្នុងពេល​កំពុង​ហោះហើរ​សាកល្បង​បច្ចេកទេស» មន្ត្រីខេត្ត Zaporizhzhia បានឱ្យដឹង​ដូច្នេះ​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

    ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា យន្តហោះ​នេះ​បាន​ប៉ះ​ទៅនឹង​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​នៅពេល​ហោះ​ទាប ធ្វើឱ្យ​ម៉ាស៊ីន​ត្រូវ​ឆាបឆេះ ហើយ​យន្តហោះ​ក៏​ធ្លាក់​មក​ដី។ រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ An-២៦B-១០០ បែកបាក់​ជាច្រើន​កំណាត់។ គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់ និង ២ នាក់​នៅលើ​យន្តហោះ​ត្រូវ​រងរបួស។

    ខេត្ត Zaporizhzhia

    ស្ថាប័ន​អាកាសចរណ៍​របស់ អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ខណៈដែល​ក្រុមមន្ត្រី​នៅ​ខេត្ត Zaporizhzhia ឱ្យដឹងថា ហេតុការណ៍​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    Antonov An-២៦ គឺជា​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​មធ្យម ១ គ្រឿង ក្នុងចំណោម​ជាង ១,៤០០ គ្រឿង​ដែល​ត្រូវបាន​ផលិត​ដោយ សូ​វៀត ក្នុងអំឡុង​ពី​ឆ្នាំ ១៩៦៩ ដល់ ១៩៨។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ប្រើ​កង្ហារ​ចំនួន ២ គ្រឿង អាច​ហោះ​ក្នុង​ល្បឿន ៤៤០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ ១,១០០ គីឡូម៉ែត្រ នៅពេល​ផ្ទុកទំនិញ​ពេញ។ យន្តហោះ​នេះ​អាច​ដឹក​ទម្ងន់​បាន​ប្រហែល ៥.៥ តោន ឬ អ្នកដំណើរ ៤០ នាក់។

    ករណីនេះ​គឺជា​ការខាតបង់​មួយទៀត​សម្រាប់ អ៊ុយ​ក្រែ​ន គ្រា​ដែល​កំពុង​រង​ការបំផ្លាញ​ដោយ​សង្គ្រាម​ជាមួយនឹង រុស្ស៊ី។ មុនពេល រុស្ស៊ី បើក​យុទ្ធនាការ​យោធា ប្រទេស​អ៊ុយ​ក្រែ​ន មាន​យន្តហោះ An-២៦ ប្រហែល ២០ គ្រឿង។

  • បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មនុស្ស​រាប់សិប​នាក់

    បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មនុស្ស​រាប់សិប​នាក់

    ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​កើតឡើង​នៅឯ​វិហារ​សាសនា​អ៊ីស្លាម ក្នុង​ខេត្ត Kunduz ភាគ​ខាងជើង​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ៣៣ នាក់ ក្នុងនោះ​មាន​ទាំងក្មេងៗផងដែរ។

    «យើង​ថ្កោលទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ និង​សម្ដែង​នូវ​ការអាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្រុមគ្រួសារ​នៃ​សព» អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​តា​លី​បង់ Zabihullah Mujahid បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ២២ មេសា ស្ដីពី​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម Mawlavi Sikandar ក្នុង​ខេត្ត Kunduz ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

    មកដល់ពេលនេះ ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ៣៣ នាក់ និង​របួស ៤៣ នាក់​នេះ មិនទាន់​ត្រូវបាន​ក្រុម​ណាមួយ​ចេញមក​ទទួលខុសត្រូវ​នៅឡើយ។

    ទាហាន​តាលីបង់ និង​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​កាលពី​ថ្ងៃទី ២២ មេសា នៅ ស្រុក Imam Sahib, ខេត្ត Kunduz

    នេះ​គឺជា​ករណី​វាយប្រហារ​ធំ​បំផុត​មួយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់​ចាប់តាំងពី​កងកម្លាំង​តា​លី​បង់ បាន​ចូលមក​ក្ដោប​ក្ដាប់​អំណោយ​កាលពី​ខែសីហា ២០២១

    មុន​នោះ ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន (IS-K) បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​និកាយ Shite នៅ Mazar-i-Sharif កាលពី​ថ្ងៃទី ២១ មេសា ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ១២ នាក់ និង​ជាង ៥៨ នាក់ រងរបួស។ IS-K ក៏បាន​ទទួលស្គាល់ថា នៅ​ពីក្រោយ​ករណី​វាយប្រហារ​ផ្សេងទៀត​ក្នុង​ថ្ងៃទី ២១ មេសា នៅ​ទីក្រុង Kunduz ដែល​បានសម្លាប់​មនុស្ស ៤ នាក់ និង ១៨ នាក់ រងរបួស៕

  • រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី លើកសរសើរ​ចំពោះ​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​កណ្ដាល​ថ្មី​របស់​ធនាគារ FTB

    រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី លើកសរសើរ​ចំពោះ​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​កណ្ដាល​ថ្មី​របស់​ធនាគារ FTB

    គម្រោង​សាងសង់​អគារ FTB TOWER ដែលជា​ទីស្នាក់ការ​កណ្ដា​ល​ថ្មី​របស់​ធនាគារ FTB ត្រូវបាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាត់ទុកថា ជាការ​រួមចំណែក​ជាមួយ​នឹង​ រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ សេដ្ឋកិច្ច​ទីផ្សារ ការប្រកួត ប្រជែង​នៅក្នុង​ទីផ្សារពលកម្ម​អន្តរជាតិ នៅ កម្ពុជា។

    ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​អគារ FTB TOWER ដែល​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​A មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២២ មេសា ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​សាទរ​ចំពោះ​ការរីកចម្រើន​របស់ ធនាគារ FTB និង​បាន​រម្លឹក​ឡើងវិញ​អំពី​អតីតកាល​របស់ FTB ដែល​កាលពីដើម​មាន​បុគ្គលិក​ត្រឹមតែ ៩០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន មាន​រហូតដល់ ៥០០ នាក់។

    គម្រោង​អគារ FTB Tower

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​បាន​អះអាងថា អគារ FTB Tower នេះ ក្រោយពេល​បញ្ចប់​ការសាងសង់ នឹង​ក្លាយជា​អគារ​ខ្ពស់​ថ្មី​មួយ​បន្ថែមទៀត​នៅ កម្ពុជា។

    គម្រោង​អគារ FTB Tower ដែល​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ គឺមាន​កម្ពស់ ២៨ ជាន់ ស្មើនឹង ១៥៧ ម៉ែត្រ និង​មាន​ទំហំ ៧៧,៥៩៣ ម៉ែត្រក្រឡា។ គម្រោង​អគារ​នេះ​នឹងត្រូវ​ចំណាយពេល​សាងសង់ ៣៦ ខែ ដោយ​ប្រើប្រាស់​ទុនវិនិយោគ ១១២ លាន​ដុល្លារ​អាម៉េរិក៕

  • បើសិន​ហ៊ាន​ជួយ​ដល់ ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​ចិន នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ! នេះ​បើតាម​ការ​គំរាម​របស់ អាម៉េរិក

    បើសិន​ហ៊ាន​ជួយ​ដល់ ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​ចិន នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ! នេះ​បើតាម​ការ​គំរាម​របស់ អាម៉េរិក

    អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Sherman បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម ព្រមទាំង​ត្រួតពិនិត្យ រឹតត្បិត​លើ​ការនាំចេញ​ទំនិញ​ចំពោះ ប្រទេស​ចិន បើសិន​ប្រទេស​នេះ​ជួយ​ដល់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    «ពួកគេ (​ប្រទេស​ចិន) បានឃើញ​វិធានការ​ដាក់ទណ្ឌកម្ម ត្រួតពិនិត្យ​ការនាំចេញ​ដែល​យើង​បានធ្វើ​ឡើង​ចំពោះ រុស្ស៊ី។ ដូច្នេះ ពួកគេ​ដឹងថា យើង​អាចធ្វើ​អ្វី​បាន បើសិន ចិន ជួយផ្ដល់​សម្ភារៈ​នានា​ដ​ល់ រុស្ស៊ី» អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Wendy Sherman ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី ២១ មេសា។

    លោកស្រី Sherman ចោទប្រកាន់ រដ្ឋាភិបាល​ចិន ថា បាន «បំប៉ោង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់ រុស្ស៊ី» ហើយ​ថា លោកស្រី​សង្ឃឹមថា ទីក្រុង​ប៉េកាំង នឹង​ដកយក​បទពិសោធន៍​ពី «មេរៀន​ដ៏​ត្រឹមត្រូវ» ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏មាន​បញ្ហា​ដែល​ពួកគេ​មិនអាច​បំបែកបំបាក សហរដ្ឋ​អាម៉េរិក និង​បណ្ដា​សម្ព័ន្ធមិត្ត។

    អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក រូបនេះ បន្ថែមថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ព្យាយាម​ជៀសវាង​ការ​បណ្ដោយ​ឱ្យមាន​ភាព​តានតឹង​កើនឡើង​រវាង​មហាអំណាច រហូតដល់​ថ្នាក់​មិនអាច​គ្រប់គ្រង​បាន។

    អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman

    ប្រកាស​របស់លោក​ស្រី Sherman គឺជា​ការព្រមាន​ថ្មី​បំផុត​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ទាក់ទិន​នឹង​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​លើ រដ្ឋាភិបាល​ចិន បើសិន​ហ៊ាន​ជួយ​ដល់ រុស្ស៊ី។ មុន​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់ (CIA) Nicholas Burns ក៏​ធ្លាប់​ព្រមាន​ថា ចិន នឹង​ប្រឈមមុខ​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ បើសិន​ជួយ រុស្ស៊ី។

    យោងតាម​ស្ថាប័នគយ​ចិន ប្រទេស​នេះ គឺជា​ទីផ្សារ​នាំចេញ​លំដាប់​កំពូល​របស់ រុស្ស៊ី បន្ទាប់ពី សហភាព​អឺរ៉ុប។ ទំនិញ​នាំចេញ​របស់ រុស្ស៊ី ទៅកាន់ ប្រទេស​ចិន មានតម្លៃ ៧៩.៣ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២១ ក្នុងនោះ ប្រេង ឧស្ម័ន មាន​រហូតដល់ ៥៦%៕

  • ប្រទេស​ជប៉ុន បន្ត​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​ជាតិ ដើម្បី​ឆ្លើយ​តប​នឹង​កង្វះ​ប្រេង​របស់​ពិភព​លោក

    ប្រទេស​ជប៉ុន បន្ត​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​ជាតិ ដើម្បី​ឆ្លើយ​តប​នឹង​កង្វះ​ប្រេង​របស់​ពិភព​លោក

    ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជប៉ុន នា​ថ្ងៃទី ២២ មេសា​នេះ បានប្រកាសថា ប្រទេស​នេះ​នឹងធ្វើ​ការលក់​ដេញថ្លៃ​ប្រេង ៤.៨ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ​នៅ​ថ្ងៃទី ១០ ឧសភា​ខាងមុខ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​អង្គការ​ថាមពល​អន្តរ​ជាតិ (IEA) ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ពិភពលោក។

    នៅ​ដើមខែ​នេះ នាយករដ្ឋមន្ត្រី Kishida Fumio ប្រកាសថា ជប៉ុន នឹង​បញ្ចេញ​ប្រេង ១៥ លាន​ធុង​ពី​ឃ្លាំង​ជាតិ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​នៅក្នុង​យុទ្ធនាការ​របស់ IEA។ ក្នុងចំណោម ១៥ លាន​ធុង​នោះ មាន ៦ លាន​ធុង​នឹង​បញ្ចេញ​ពី​ឃ្លាំង​ឯកជន និង ៩ លាន​ធុង​ពី​ឃ្លាំង​របស់​រដ្ឋ។

    គិត​មកដល់​ចុងខែ​មករា ២០២២ ឃ្លាំង​របស់ ជប៉ុន មាន​ប្រេង​ប្រហែល ៤៧០ លាន​ធុង ប្រហាក់ប្រហែល​នឹង ២៣៦ ថ្ងៃ នៃ​ការប្រើប្រាស់​ក្នុងប្រទេស។

    យោងតាម​ប្រកាស​​របស់ ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជប៉ុន​ ជំហាន​ដំបូង​នឹង​បញ្ចេញ​ប្រេង ១ លាន​ធុង​ពី​ឃ្លាំង​នៅ Kiire, ១.៨ លាន​ធុង​ពី​ឃ្លាំង Shirashima, ២ លាន​ធុង​ពី​ឃ្លាំង Kamigoto ដែល​ទាំងនេះ​សុទ្ធតែ​នៅ​ភាគខាងត្បូង​ប្រទេស។

    ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ជប៉ុន ក៏​បញ្ជាក់ថា នឹង​បញ្ចេញ​ប្រេង ៤.២ លាន​ធុង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​ជាតិ នាពេល​ដ៏​ខ្លី​ខាងមុខ ហើយ​ថា នឹងមិន​ទិញ​ប្រេង​ទៀត​ទេ​ក្នុង​រង្វង់ ៦ ខែ ដូចដែល​បាន​យល់ស្រប​ជាមួយនឹង​បណ្ដា​ប្រទេស​សមាជិក​របស់ IEA កន្លងមក។ ការសម្រេច​លើ​ការទិញ​ប្រេង​ចូល​ឃ្លាំង​យុទ្ធសាស្ត្រ​វិញ នឹង​ត្រូវបាន​ពិចារណា​លុះណាតែ​មាន​កត្តា​ជាច្រើន​ដូចជា ការយល់ឃើញ​ថ្មី​របស់ IEA, ការប្រែប្រួល​នៃ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន និង​កត្តា​តម្លៃ​ប្រេង​របស់​ពិភពលោក៕

  • អ្នកជំងឺ​នៅ អង់គ្លេស វិជ្ជមាន​នឹង​កូ​វីដ-១៩ រហូតដល់ ៥០៥ ថ្ងៃជា​បន្តបន្ទាប់

    អ្នកជំងឺ​នៅ អង់គ្លេស វិជ្ជមាន​នឹង​កូ​វីដ-១៩ រហូតដល់ ៥០៥ ថ្ងៃជា​បន្តបន្ទាប់

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា អ្នកជំងឺ​ម្នា​ក់នៅ ប្រទេស​អង់គ្លេស មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ខ្លាំង បាន​ឆ្លង​កូ​វីដ-១៩ ហើយ​វិជ្ជមាន​នឹង​វីរុស​នេះ​រហូតដល់​ជិត ១ ឆ្នាំកន្លះ។

    យោងតាម AP បច្ចុប្បន្ន​គេ​មិនទាន់​ដឹង​ច្បាស់​ថា នេះ​ពិតជា​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​ក្នុង​ពិភពលោក ឬ​​យ៉ាង​ណា​​នៅ​ឡើយ​ ព្រោះថា មិនមែន​គ្រប់គ្នា​សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់​នោះទេ ពិសេស​គឺ​ការធ្វើ​តេស្ត​ជាប្រចាំ​ដូច​ករណីនេះ។ ប៉ុន្តែ វេជ្ជបណ្ឌិត Luke Blagdon Snell អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​នៅ Guy’s and St. Thomas ដែលជា​អង្គការ​ជាតិ​ទទួល​សិទ្ធិ​ផ្ដល់​សេវាកម្ម​សុខាភិបាល ពី ក្រសួងសុខាភិបាល​អង់​គ្លេ​ស នៅក្នុង​រយៈពេល ៥០៥ ថ្ងៃ នេះ​ប្រាកដជា​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    ការរកឃើញ​ខាងលើនេះ​បាន​កើតឡើង​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​វិភាគ​ទៅលើ​ការប្រែប្រួល និង​សមត្ថភាព​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​កូ​វីដ-១៩ ដែល​ស្ថិតក្នុង​រាងកាយ​អ្នកជំងឺ​ក្នុង​រយៈពេល​យូរ ដោយ​ការធ្វើ​តេស្ត PCR ជាប្រចាំ។ លទ្ធផល​បាន​បង្ហាញថា មាន​អ្នកជំងឺ​កូ​វីដ-១៩ ២ នាក់ ដែល​វិជ្ជមាន​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ។ មុន​នោះ អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញថា ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​គឺ​ត្រឹម ៣៣៥ ថ្ងៃ​ប៉ុណ្ណោះ។

    ក្រុម​អ្នកស្រាវជ្រាវ​របស់លោក Snell មាន​គម្រោង​ប្រកាស​អំពី​ករណី​អ្នកជំងឺ​មួយចំនួន​ដែល​វិជ្ជមាន​នឹង​កូ​វីដ-១៩ យូរ​ជាងគេ នៅក្នុង​កិច្ចប្រជុំ​អំពី​ជំងឺឆ្លង​នៅ ព័រ​ទុយ​ហ្គា​ល់ នា​ចុង​សប្ដាហ៍​នេះ។

  • វៀតណាម អភិវឌ្ឍ​កាំជ្រួច​ហ្វូង​ចល័ត សម្រាប់​បាញ់​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ

    វៀតណាម អភិវឌ្ឍ​កាំជ្រួច​ហ្វូង​ចល័ត សម្រាប់​បាញ់​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ

    ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ពន្លត់​អគ្គិភ័យ​មាន​ទម្ងន់ ៤០០ គីឡូក្រាម ដែលមាន​កាណុង​ចំនួន ២០ នេះ គឺជា​ឧបករណ៍​បច្ចេកទេសរ​បស់​រោងចក្រ Z១១៣ ផលិតឡើង​ក្នុង​បំណង​បម្រើ​ដល់​បេសកកម្ម​ពន្លត់​អគ្គិភ័យ​ដែល​មនុស្ស​ពិបាក​ចូលដល់។

    ប្រព័ន្ធ​នេះ​អាច​បាញ់​បាន ១២០ គ្រាប់ ក្នុង​រយៈពេល ១ នាទី និង​បាញ់​បាន​ចម្ងាយ ២៥០ ម៉ែត្រ ប្រកបដោយ​ប្រសិទ្ធភាព។

    អនុសេនីយ៍ឯក Nguyen Duong Manh មកពី​រោងចក្រ Z១១៣ របស់ អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ការពារជាតិ នៃ ក្រសួងការពារជាតិ​វៀតណាម ឱ្យដឹងថា ឧបករណ៍​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ចូលរួម​ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ដូចជា ភ្លើង​ឆេះ​ព្រៃ ករណី​អគ្គិភ័យ​មាន​សារធាតុពុល និង​អគ្គិភ័យ​ដែល​មនុស្ស​មិនអាច​ចូលទៅ​ក្បែរ​ជាដើម។ លោក​បន្ថែមថា ចំណុចខ្លាំង​របស់​ឧបករណ៍​នេះ គឺមាន​ភាពសាមញ្ញ អាចដាក់​លើ​រថយន្ត និង​អាច​ផ្លាស់​ទី​បាន​យ៉ាង​ឆាប់រហ័ស។

    ឧបករណ៍​នេះ​មាន​បំពាក់​កាមេរ៉ា អង្គ​ញាណ​វាស់​វេ​ងរ​យៈ​ចម្ងាយ​របស់​គោលដៅ រួច​បញ្ជូន​ទិន្នន័យ​មកកាន់​កុំព្យូទ័រ ដើម្បី​អាច​សម្រេច​ថា គួរ​បាញ់​មួយ​គ្រាប់​ម្ដង ឬ​បាញ់​ជា​ហ្វូង នេះ​បើតាម អនុសេនីយ៍ឯក Nguyen Van Sau មកពី​រោងចក្រ Z១១៣។

    នៅក្នុង​គ្រាប់​កាំជ្រួច​ពន្លត់​អគ្គិភ័យ​នេះ​មាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង ៣ គីឡូក្រាម។ នៅពេល​បាញ់ ក្បាល​គ្រាប់​ដែលមាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង​នឹង​ត្រូវបាន​រុញច្រាន​ទៅមុខ​ដោយ​កម្លាំង​ចំហេះ​ក្នុង​របស់​គ្រាប់​កាំជ្រួច ហើយ​ពេល​ហោះ​ទៅដល់​គោលដៅ ក្បាល​គ្រាប់​នឹង​ផ្ទុះឡើង បាច់សាច​ម្សៅ​ដូច​ទៅនឹង​ការផ្ទុះ​គ្រាប់បែកដៃ ប៉ុន្តែ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

    ប្រព័ន្ធ​កាំជ្រួច​ពន្លត់​អគ្គិភ័យ​ចល័ត​នេះ​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល ១ ឆ្នាំ ហើយ​បច្ចុប្បន្ន​ស្ថិតក្នុង​ដំណាក់​កាល​​អភិ​វ​ឌ្ឍ​ពេញ​លេញជា​ស្ថា​ព័រ។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជាង ២០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២១ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជាង ២០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២១ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២១ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ២៦ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • អាម៉េរិក ពិចារណា​អំពី​ការកាត់បន្ថយ​ពន្ធចំពោះ​ទំនិញ​នាំចូល​ពី ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

    អាម៉េរិក ពិចារណា​អំពី​ការកាត់បន្ថយ​ពន្ធចំពោះ​ទំនិញ​នាំចូល​ពី ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

    ទីប្រឹក្សា​របស់ សេត​វិមាន បានឱ្យដឹងថា រដ្ឋាភិបាល​អាម៉េរិក កំពុង​ពិចារណា​លើ​បញ្ហា​បន្ធូរបន្ថយ​ពន្ធចំពោះ​ទំនិញ​ទាំង​ឡាយ​ណា​​ដែល​មិន​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ និង​ជា​ទំនិញ​​នាំចូល​ពី ប្រទេស​ចិន។

    Daleep Singh ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​អាម៉េរិក ទទួលបន្ទុក​វិស័យសេដ្ឋកិច្ច​អន្តរជាតិ កាលពី​ថ្ងៃទី ២១ មេសា បានឱ្យដឹងថា វិធានការ​យកពន្ធ​លើ​ការ​នាំចូល​ទំនិញ​មួយចំនួន​​មិនមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ដែល​នាំចូល​ពី ប្រទេស​ចិន «បង្កើតជា​ឈ្នាន់​សម្រាប់​ការចរចា» ប៉ុន្តែ មិន​បម្រើ​ដល់​គោលដៅ​យុទ្ធសាស្ត្រ​របស់ អាម៉េរិក។ ការបន្ធូរបន្ថយ​ពន្ធ​នាំចូល​ចំពោះ​ក្រុម​ទំនិញ​ខាងលើ​នេះ​គឺជា​វិធានការ​មួយ​ដើម្បីឱ្យ​រដ្ឋាភិបាល​អា​ចទ​ប់​ទល់នឹង​បញ្ហា​អតិផរណា។

    លោក Daleep Singh ឱ្យដឹងថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន នឹង​រក្សា​នូវ​ការយកពន្ធ​លើ​ការ​នាំចូល​ទំនិញ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​ចង្វាក់​ផ្គត់ផ្គង់​សំខាន់បំផុត បច្ចេកវិទ្យា​ស្នូលនានា និង​សន្តិសុខ​ជាតិ។ ពន្ធ​លើ​ទំនិញប្រើប្រាស់​ធម្មតា​ដូចជា កង់ និង​សម្លៀកបំពាក់​ជាដើម អាច​ត្រូវបាន​បន្ធូរបន្ថយ។

    លោក Daleep Singh សង្កាត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​បន្ធូរ​បន្ថយពន្ធ​នាំចូល ត្រូវតែ​ធ្វើ​ឡើងជា​លក្ខណៈ​ទ្វេភាគី ក្នុងនោះ ប្រទេស​ចិន ត្រូវតែ​លុបចោល​បទបញ្ជា​ដែល​តម្រូវឱ្យ​យកពន្ធ​ចំពោះ​ទំនិញ​មួយចំនួន​មិនមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ដែល​ទិញ​ពី សហរដ្ឋ​អាម៉េរិក។

  • អតីត​ប្រធានាធិបតី​ របស់ ហុង​ឌូ​រ៉ា​ស ត្រូវបាន​នាំខ្លួន​ទៅកាត់​ទោស​នៅ​ សហរដ្ឋ​អាម៉េរិក

    អតីត​ប្រធានាធិបតី​ របស់ ហុង​ឌូ​រ៉ា​ស ត្រូវបាន​នាំខ្លួន​ទៅកាត់​ទោស​នៅ​ សហរដ្ឋ​អាម៉េរិក

    អតីត​ប្រធានាធិបតី​របស់ ប្រទេស​ហុង​ឌូ​រ៉ា​ស ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​កាត់ទោស​ក្រោម​បទ​ចោទថា បាន​ជួញដូរ​គ្រឿងញៀន​កូកាអ៊ីន រាប់រយ​តោន និង​ស៊ីសំណូក​រាប់លាន​ដុល្លារ។

    Juan Orlando Hernandez អាយុ ៥៣ ឆ្នាំ ត្រូវបាន​នាំខ្លួន​ពី​មូលដ្ឋាន​ទ័ពអាកាស​នៅ Tegucigalpa ឡើង​ឧទ្ធម្ភាគចក្រ​របស់​អង្គភាព​ប្រឆាំង​គ្រឿងញៀន ហោះ​ទៅកាន់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មេសា។ លោក Juan នឹងត្រូវ​ឡើង​តុលាការ​នៅ​ទីក្រុង New York នា​ថ្ងៃទី ២២ មេសា។

    កាលពី​ថ្ងៃទី ២៨ មីនា ២០២២ តុលាការ​កំពូល​របស់ ហុង​ឌូ​រ៉ា​ស បានអនុម័ត​ឱ្យធ្វើ​បត្យាប័ន​អតីត​ប្រធានាធិបតី Juan Orlando Hernandez ទៅកាន់ សហរដ្ឋ​អាម៉េរិក។

    លោក Juan Orlando Hernandez ដែល​កាន់តំណែង​ប្រធានាធិបតី​របស់ ហុង​ឌូ​រ៉ា​ស ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០២២ ត្រូវបាន​ចោទប្រកាន់ថា បានការ​ពារ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ចំនួន ៥០០ តោន ដែល​ភាគច្រើន​មក​នាំ​ពី ប្រទេស​កូ​ឡុំ​ប៊ី និង វ៉េ​ណេ​ស៊ុយ​អេ​ឡា ទៅកាន់ សហរដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់ ហុង​ឌូ​រ៉ា​ស ចាប់តាំងពី​ឆ្នាំ ២០០៤។

    លោក Juan Orlando Hernandez ត្រូវបាន​ចោទប្រកាន់​ទោស​ចំនួន ៣ ដែល​ទាក់ទង​នឹង​គ្រឿងញៀន និង​អាវុធ នេះ​បើតាម​ឯកសារ​របស់​រដ្ឋអាជ្ញា​នៅ New York។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Merrick Garland ថ្លែងថា «Hernandez បាន​ប្រើប្រាស់​តួនាទី​ដើម្បី​ដឹកនាំ​ប្រទេស​ដូច​ទៅនឹង​ទឹកដី​ឈ្មួញកណ្ដាល​នៃ​អំពើ​ជួញដូរ​គ្រឿងញៀន»។

    លោក Juan Orlando Hernandez កាលពី​ឆ្នាំ​ ២០២១

    ក្រោយពី​ចប់​អាណត្តិ​កាលពី​ថ្ងៃទី ២៧ មករា ២០២២ មិន​ដល់ ៣ សប្ដាហ៍​ផង Hernandez ក៏​ត្រូវបាន​សមត្ថកិច្ច​របស់ ហុង​ឌូ​រ៉ា​ស ចាប់ខ្លួន ទៅតាម​សំណើ​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន។ អតីត​ប្រធានាធិបតី​រូបនេះ បាន​ចុះចាញ់​ក្រុមប៉ូលិស​កាលពី​ថ្ងៃទី ១៥ កុម្ភៈ និង​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​របស់​អង្គភាព​ប៉ូលិស​ពិសេស​នៅ រដ្ឋធានី​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា។

    ហុង​ឌូ​រ៉ា​ស គឺជា​ប្រទេសមួយ​នៅ​តំបន់ អាម៉េរិក​កណ្ដាល និង​មាន​ប្រជាជន ១០ លាន​នាក់។ ក៏ប៉ុន្តែ អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រទេស​នេះ មាន​រហូតដល់ ៦០%៕