Author: សឿន សំណាង

  • សភា​អ៊ីរ៉ាក់ អនុម័ត​ច្បាប់ «ហាម​ធ្វើ​ប្រក្រតីភាព» ឡើងវិញ ​ជាមួយ ប្រទេស​អ៊ីស្រាអែល

    សភា​អ៊ីរ៉ាក់ អនុម័ត​ច្បាប់ «ហាម​ធ្វើ​ប្រក្រតីភាព» ឡើងវិញ ​ជាមួយ ប្រទេស​អ៊ីស្រាអែល

    កាលពី​ថ្ងៃទី ២៦ ឧសភា សភា​របស់ ប្រទេស​អ៊ីរ៉ាក់ បានអនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាម​អាជ្ញាធរ​ប្រទេស​នេះ ធ្វើ​ប្រក្រតីភាព​ឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយនឹង ប្រទេស​អ៊ីស្រាអែល។ ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ប្រទេសមួយ​ចំនួន​ក្នុង ពិភព​អារ៉ាប់ បានធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល ដោយមាន អាម៉េរិក ជា​អ្នក​ផ្សះផ្សា។

    ចាប់តាំងពី អ៊ីស្រាអែល ប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨ មកដល់​បច្ចុប្បន្ន ប្រទេស​អ៊ីរ៉ាក់ មិន​ធ្លាប់បាន​ទទួលស្គាល់ រដ្ឋ​ជ្វី​ហ្វ ម្ដងណា​ឡើយ ហើយ​ពលរដ្ឋ និង​ក្រុមហ៊ុន​របស់ អ៊ីរ៉ាក់ ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យទៅ​កាន់ ប្រទេស​អ៊ីស្រាអែល និង​សហ​ការណ៍​ជាមួយ​ប្រទេស​នេះ។ ប៉ុន្តែ ច្បាប់​ថ្មី​ដែល​ទើប​ត្រូវបាន សភា​អ៊ីរ៉ាក់ អនុម័ត​នេះ រឹតតែ​មាន​ភាព​តឹងរឹង​បន្ថែមទៀត ដោយ​អនុញ្ញាត​ឱ្យមាន​ការដាក់​ទោសទណ្ឌ​លើ​កិច្ចប្រឹងប្រែង​ទាំងឡាយ​ដែល​ចង់​ធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​រវាង ប្រទេស​អ៊ីរ៉ាក់ និង ប្រទេស​អ៊ីស្រាអែល។

    ច្បាប់​ខាងលើនេះ​ត្រូវបាន​ស្នើ​ដោយ Moqtada al-Sadr ដែលជា​អាចារ្យ​អ៊ីស្លាម និកាយ Shi’ite ក្នុងពេលដែល​សម្ព័ន្ធមិត្ត​របស់​អាចារ្យ​រូបនេះ កំពុងកាន់​កាប់​សំឡេង​ភាគច្រើន​នៅ​សភា ដែល​បាន​បោះឆ្នោត​កាលពី​ខែតុលា ២០២១។ សម្ព័ន្ធមិត្ត​នេះ​មាន​និន្នាការ​ប្រឆាំងនឹង​ទំនាក់ទំនង​ជាមួយ អាម៉េរិក និង អ៊ីស្រាអែល។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​អារ៉ាប់ មួយចំនួន ក្នុងនោះ​រួម​មាន​ទាំង អារ៉ាប់​រួម (United Arab Emirates) និង បា​រ៉ែ​ន ផងដែរ​ កំពុង​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល។ ចំណែក អា​រ៉ា​ប៊ី​សា​អូឌីត វិញ បានលើកឡើង​នូវ​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ការធ្វើ​ប្រក្រតីភាព​ជាមួយ អ៊ីស្រាអែល ដោយ​ស្នើឱ្យ​ដោះស្រាយ​សំណើ​បង្កើត​រដ្ឋ​របស់​ជនជាតិ ប៉ា​លេ​ស្ទី​ន នៅលើ​ដែនដី​ដែល​ត្រូវបាន អ៊ីស្រាអែល កាន់កាប់​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ ជ​ម្ឈិ​ម​បូព៌ា កាលពី​ឆ្នាំ ១៩៦៧។

  • ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) នៅ កាណាដា និង សហរដ្ឋ​អាម៉េរិក បន្ត​កើនឡើង

    ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) នៅ កាណាដា និង សហរដ្ឋ​អាម៉េរិក បន្ត​កើនឡើង

    ស្ថាប័ន​សុខាភិបាល​សាធារណៈ​របស់ ប្រទេស​កាណាដា (PHAC) កាលពី​ម្សិលមិញ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែមទៀត។

    ក្នុង​សេចក្ដីប្រកាស PHAC ឱ្យដឹងថា ក្រៅពី​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ១៦ នាក់​ដែល​បាន​រកឃើញ​មុន​នោះ​នៅ Quebec បច្ចុប្បន្ន កាណាដា មាន​ករណី​ឆ្លង​សរុប ២៦ ហាក់​ហើយ ក្នុងនោះ​រួមមាន ២៥ ករណី​នៅ Quebec និង ១ ករណី​នៅ Ontario។ ការប្រកាស​ខាងលើ​ក៏បាន​អះអាងថា អាច​នឹងមាន​ច្រើន​ករណី​ទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គ្រា​ដែល​មន្ទីរពិសោធន៍​រប​ស់ PHAC បន្ត​ទទួលបាន​សំណាក​ថ្មី​ពី​មូលដ្ឋាន​នានា។

    ក្នុង​ថ្ងៃ​ដដែល មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​ប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ៩ ករណី​នៅក្នុង ៧ រដ្ឋ រួមមាន California, Florida, Massachusetts, New York, Utah, Virginia និង វ៉ា​ស៊ី​ង​តោន។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នឹងមាន​ករណី​ឆ្លង​ថ្មី​ជាច្រើន​ទៀត នេះ​បើតាម​ការវាយតម្លៃ​រប​ស់​ក្រុមមន្ត្រី​សុខាភិបាល​អាម៉េរិក ខណៈដែល CDC អាម៉េរិក ស្នើឱ្យ​ក្រុម​វេជ្ជបណ្ឌិត និង​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​រោគសញ្ញា​នៃ​ជំងឺ​នេះ។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

  • តួ​ក​គី ចាប់បាន «មេបញ្ជាការ» ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (Islamic State)

    តួ​ក​គី ចាប់បាន «មេបញ្ជាការ» ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (Islamic State)

    ក្រុមមន្ត្រី​នៃ ប្រទេស​តួ​ក​គី បានឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ចាប់ខ្លួន​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (IS) នៅក្នុង​ការ​ឆ្មក់​ចូលចាប់​ខ្លួន​នៅឯ ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul)។

    ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់ តួ​ក​គី សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ២៦ ឧសភា បាន​បង្ហើប​ឱ្យដឹងថា កម្លាំង​ចារកម្ម និង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​បុរស​ម្នា​ក់នៅ អ៊ី​ស្តង់​ប៊ុល ដែល​ពួកគេ​ជឿថា ជា​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ក្រោយពី​មេ​ភេរ​វករ Abu Ibrahim al-Qurashi ត្រូវបាន អាម៉េរិក កម្ចាត់​កាលពី​ខែកុម្ភៈ។

    គេហទំព័រ OdaTV របស់ តួ​ក​គី បានឱ្យដឹងថា បុរស​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺ Abu al-Hassan al-Qurayshi ប៉ុន្តែ មិនបាន​ឱ្យដឹង​អំពី​ព័ត៌មាន​លម្អិត។ ព័ត៌មាន​នានា​កន្លងមក​ក៏បាន​បញ្ជាក់ថា មេបញ្ជាការ​ថ្មី​នៃ​ក្រុម​ភេរ​វករ IS មាន​ឈ្មោះថា Abu al-Hassan al-Qurayshi ប៉ុន្តែ មាន​ព័ត៌មាន​តិចតួច​នៅឡើយ​ទាក់ទង​នឹង​បុរស​រូបនេះ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ត្រូវបាន​គេ​ជឿថា បានទទួល​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ឆ្មក់​ចូលចាប់​ខ្លួន​មេ​ភេរ​វករ​ខាងលើ​កាលពី​ថ្ងៃទី ២៦ ឧសភា ហើយ​គ្រោង​នឹង​ប្រកាស​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    ក្រុមមន្ត្រី​តួ​ក​គី ឱ្យដឹងថា ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​តាមដាន​ជម្រក​របស់​បុរស​នេះ​អស់​រយៈពេល​យ៉ាងយូរ។ យោងតាម OdaTV ប៉ូលិស​តួ​ក​គី មិនបាន​ផ្ទុះអាវុធ​ឡើយ​នៅ​ក្នុងការ​វាយឆ្មក់​នេះ។

    តួ​ក​គី បាន​ប្រយុទ្ធ​ជាមួយ អង្គការ​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​នេះ និង​នៅ ប្រទេស​ស៊ីរី ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ព័ត៌មាន​ស្ដីពី​ការចាប់ខ្លួន​មេ​ភេរវ​ករ​ថ្មី​នេះ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ប្រកាសថា ជិត​បើក​យុទ្ធនាការ​យោធា​ថ្មី​នៅ ស៊ី​រី ដើម្បី​ប្រឆាំងនឹង​ក្រុម​ជនជាតិ Kurd ដែលមាន សហរដ្ឋ​អាម៉េរិក នៅ​ពីក្រោយ ប៉ុន្តែ ត្រូវបាន តួ​ក​គី ចាត់ទុកជា​ក្រុម​ភេរ​វករ។

    អតីត​មេបញ្ជាការ​របស់ ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម Abu Ibrahim al-Qurashi ត្រូវបាន​កងកម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក វាយឆ្មក់​ចូលក្នុង​ផ្ទះ​នៅ Idlib ភាគ​ពាយព្យ​នៃ ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី ៣ កុម្ភៈ។ យោងតាម មន្ត្រី​សេត​វិមាន និង​ក្រុមមន្ត្រី​ការពារជាតិ​អាម៉េរិក al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដើម្បី​បញ្ចៀស​ការចាប់ខ្លួន។

  • មន្ត្រី​សេត​វិមាន ព្យាករ​ថា ការដែល រុស្ស៊ី ក្ស័យធន នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ អាម៉េរិក

    មន្ត្រី​សេត​វិមាន ព្យាករ​ថា ការដែល រុស្ស៊ី ក្ស័យធន នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ អាម៉េរិក

    មន្ត្រី​សេត​វិមាន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក អះអាងថា សេណារីយោ រុស្ស៊ី ក្ស័យធន នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​ឡើយ។

    «យើង​ព្យាករ​ថា ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាម៉េរិក ក៏ដូចជា​ពិភពលោក​នៅក្នុង​សេណារីយោ​នេះ មិន​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ព្រោះថា រុស្ស៊ី បច្ចុប្បន្ន​ត្រូវ​បានដាក់​ឱ្យនៅ​ឯកោ​ផ្នែក​ហិរញ្ញវត្ថុ​ស្រាប់​ហើយ» លេខា​សារព័ត៌មាន​របស់ សេត​វិមាន Karine Jean-Pierre ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៦ ឧសភា។

    លោកស្រី​ឱ្យដឹងថា ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក នៅតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានការណ៍ និង​រក្សា​ការពិភាក្សា​ជាមួយ​សហគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ។

    រដ្ឋាភិបាល​អាម៉េរិក កាលពី​ថ្ងៃទី ២៥ ឧសភា ប្រកាសថា មិន​បន្ត​សុពលភាព​នៃ​បទបញ្ជា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ រុស្ស៊ី ដែល​បាន​អនុញ្ញាតឱ្យ​ប្រទេស​នេះ​ទូទាត់​សងបំណុល​ដល់​ម្ចាស់បំណុល​នៅ សហរដ្ឋ​អាម៉េរិក ដែល​បាន​ទិញ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​រុស្ស៊ី។ ការសម្រេចចិត្ត​ផ្អាក​ការដាក់ទណ្ឌកម្ម​មុន​នោះ បាន​អស់​សុពលភាព​កាលពី​ថ្ងៃទី ២៥ ឧសភា ធ្វើឱ្យ រុស្ស៊ី មិនអាច​បន្ត​ការទូទាត់​បំណុល និង​ការប្រាក់​ដែល​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង ដោយសារ អាម៉េរិក រាំងខ្ទប់​ការទូទាត់​អន្តរជាតិ​ចំពោះ រុស្ស៊ី។

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បាន និង​កំពុង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​សំដៅលើ រុស្ស៊ី ចាប់ពី​ខែកុម្ភៈ បន្ទាប់ពី ប្រធានាធិបតី ពូ​ទីន បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។ ទណ្ឌកម្មសំខាន់ៗដែល រុស្ស៊ី កំពុង​ទទួលរង មានដូចជា ការសម្រេច​លុប រុស្ស៊ី ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT, ការ​រាំងខ្ទប់​ធនាគារជាតិ​រុស្ស៊ី មិន​ឱ្យចូល​ប្រើប្រាស់​ទុនបម្រុង​ផ្នែក​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​បរទេស និង​ហាម​មិនឱ្យ​ធ្វើការ​ជាមួយ​បណ្ដា​ធនាគារ​នៅ សហរដ្ឋ​អាម៉េរិក រួម​នឹង​ប្រទេស​មួយចំនួន​ផ្សេងទៀត។

  • ក្រុមហ៊ុន​ឱសថ​របស់ ស្វ៊ី​ស អភិវឌ្ឍ​ឧបករណ៍ PCR សម្រាប់​តេស្តរ​កវី​រុស​អុត​ស្វា (monkeypox)

    ក្រុមហ៊ុន​ឱសថ​របស់ ស្វ៊ី​ស អភិវឌ្ឍ​ឧបករណ៍ PCR សម្រាប់​តេស្តរ​កវី​រុស​អុត​ស្វា (monkeypox)

    ក្រុមហ៊ុន​ផលិត​ឱសថ Roche របស់ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៥ ឧសភា បានប្រកាសថា អភិវឌ្ឍ​ឧបករណ៍​តេស្ត​ប្រភេទ PCR ដែល​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា។

    យោងតាម​ក្រុមហ៊ុន Roche ម៉ាស៊ីន​ធ្វើតេស្ត PCR កំណែ​ដំបូង​អាច​រកឃើញ​វីរុស​ដែល​ស្ថិតក្នុង​អម្បូរ Orthopoxvirus, ចំណែក​កំណែ​ទី​ពីរ​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា ខណៈដែល​កំណែ​ទី​បី​អាច​រកឃើញ​វីរុស​ទាំងពីរ​ប្រភេទ​នេះ។

    អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ការធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន PCR គួរ​ត្រូវ​បានផ្ដល់​អាទិភាព​មុនគេ​ដោយសារតែ​វា​មាន​ភាព​សុក្រឹត​ខ្ពស់។

    នៅ​ទូទាំង​សកលលោក ករណី​ឆ្លង​ជំងឺ​អុត​ស្វា បាន​កើន​ឡើងដល់ ២១៩ នាក់ នេះ​គឺជា​ការប្រកាស​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប (ECDC) ធ្វើឡើង​កាលពី​ម្សិលមិញ។

    ដោយ​មើលឃើញ​ហានិភ័យ ប្រទេស​អេ​ស្ប៉ា​ញ បាន​រៀប​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា Imvanex និង​ថ្នាំ​ប្រឆាំង​វីរុស Tecovirimat តាមរយៈ​យន្តការ​របស់ សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ វ៉ាក់សាំង Imvanex ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Bavarian Nordic របស់ ដា​ណឺ​ម៉ាក និង​ត្រូវបាន​ស្ថាប័ន​ឱសថ​អឺរ៉ុប ទទួលស្គាល់​រួចហើយ។

    នៅ សហរដ្ឋ​អាម៉េរិក វ៉ាក់សាំង Imvanex ក៏​ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) ផ្ដល់​ការ​ការអនុញ្ញាតឱ្យ​លក់​ក្នុង​ទីផ្សារ​ជាមួយនឹង​ឈ្មោះ Jynneos សម្រាប់​ប្រឆាំងនឹង​ជំងឺ​អុតធំ និង​ជំងឺ​អុត​ស្វា។

  • ពិភពលោក​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) ជាង ២០០ នាក់ហើយ!

    ពិភពលោក​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) ជាង ២០០ នាក់ហើយ!

    នៅ​ទូទាំង​សកលលោក ករណី​ឆ្លង​ជំងឺ​អុត​ស្វា បាន​កើន​ឡើងដល់ ២១៩ នាក់ នេះ​គឺជា​ការប្រកាស​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប (ECDC) ធ្វើឡើង​កាលពី​ម្សិលមិញ។

    យោងតាម ECDC បច្ចុប្បន្ន​មាន​ប្រទេស​ជាង ១០ ដែល​ស្ទើរតែ​ទាំងអស់​គឺ​នៅ អឺរ៉ុប បាន​រាយការណ៍​ថា ប្រទេស​ពួកគេ​មាន​ករណី​វិជ្ជមាន​នឹង​វីរុស​អុត​ស្វា។ នេះ​គឺជា​លើកដំបូង​ដែល​ការផ្ទុះ​ឆ្លង​ជំងឺ​មួយ​នេះ​បាន​កើតឡើង​នៅ អឺរ៉ុប ដែល​ដើម​ឡើយ​​មិនមាន​ទំនាក់ទំនង​អ្វី​សោះ​ជាមួយនឹង​ការផ្ទុះ​ឆ្លង​ជំងឺ​នេះនៅ​ អាហ្វ្រិក​ ​កាលពី​លើក​មុន។

    ស្ទើរតែ​ទាំង​អស់នៃ​ករណី​ឆ្លង​ជំងឺ​នេះ​គឺជា​បុរស និង​បាន​សារភាពថា ធ្លាប់​រួមភេទ​ជាមួយនឹង​មនុស្ស​ភេទ​ដូចគ្នា។ បច្ចុប្បន្ន អង់គ្លេស គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើនជាងគេ (៧១ នាក់), លំដាប់​ទី​ពីរ​គឺ អេ​ស្ប៉ា​ញ (៥១ នាក់) និង ព័រ​ទុយ​ហ្គា​ល់ (៣៧ នាក់)។ ក្រៅពី អឺរ៉ុប ប្រទេស​កាណាដា ក៏មាន ១៥ នាក់ និង សហរដ្ឋ​អាម៉េរិក មាន ៩ នាក់។

    ក្នុង​ប្រកាស​កាលពី​ថ្ងៃទី ២៣ ឧសភា ប្រធាន​ក្រុមបច្ចេកទេស​នៃ​ស្ថាប័ន​គ្រប់គ្រង​ជំងឺឆ្លង​របស់ អង្គការ​សុខភាព​ពិភពលោក លោកស្រី Maria Van Kerkhove បាន​អះអាងថា ពិភពលោក​អាច​គ្រប់​គ្រង់​ការឆ្លង​រាលដាល​របស់​ជំងឺ​អុត​ស្វា​បាន។

  • អ្នកវិទ្យា​សាស្ត្រ​អភិវឌ្ឍ​កញ្ចក់​ធ្វើ​ពី​​ត្បូង​ពេជ្រ អាច​គ្រប់​គ្រង​ឡាស៊ែរ​កម្លាំង​ ១០ គីឡូវ៉ាត់

    អ្នកវិទ្យា​សាស្ត្រ​អភិវឌ្ឍ​កញ្ចក់​ធ្វើ​ពី​​ត្បូង​ពេជ្រ អាច​គ្រប់​គ្រង​ឡាស៊ែរ​កម្លាំង​ ១០ គីឡូវ៉ាត់

    (សហរដ្ឋ​អាម៉េរិក)-ប្រភេទ​កញ្ចក់​ពេជ្រ​ថ្មី​មាន​សភាព​រឹងមាំ​កម្រិត​ខ្ពស់ ត្រូវបាន​កែច្នៃ​ពី​ត្បូង​ពេជ្រ អាច​ប្រើប្រាស់​ក្នុង​ការផលិត​គ្រឿង​អេឡិចត្រូនិក និង​ការបញ្ជូន​ព័ត៌មាន​ក្នុង​ទី​អវកាស​ឆ្ងាយ។

    ក្រុម​ស្រាវជ្រាវ​របស់​សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS) ច្នៃ​កញ្ចក់ «មហា​រឹងមាំ» មាន​សមត្ថភាព​ទាញយក និង​បញ្ជា​កម្លាំង​របស់​រលក​ឡាស៊ែរ​ប្រភេទ CW (Continuous-Wave) ដែលមាន​ថាមពល​កម្រិត​ខ្ពស់។ ការស្រាវជ្រាវ​នេះ​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communication កាលពី​ថ្ងៃទី ១១ ឧសភា។

    ឡាស៊ែរ​ដែលមាន​កម្លាំង​ខ្លាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរ​ការផលិត​រថយន្ត រថភ្លើង និង​យន្តហោះ​ភាគច្រើន។ ក៏ប៉ុន្តែ ការច្នៃ​ឧបករណ៍​រឹងមាំ​ដើម្បី​បញ្ជា​កាំរស្មីឡាស៊ែរ​កម្លាំង​ខ្លាំង​ដែល​អាច​កាត់​ដែកថែប​បាន​គឺជា​រឿង​លំបាក​ជាទីបំផុត ព្រោះថា បើសិនជា​ឧបករណ៍​ដែល​ប្រើ​សម្រាប់​កំណត់​ទិស​របស់​ឡាស៊ែរ​ជួប​បញ្ហា​ក្នុងពេល​ធ្វើការ កាំរស្មីឡាស៊ែរ​នឹង​អាច​កម្ទេច​ប្រព័ន្ធ​ម៉ាស៊ីន​បាន។

    សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS)

    សាស្ត្រាចារ្យ Marko Loncar មកពី SEAS និង​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ​ឱ្យដឹងថា «បច្ចេកវិទ្យា​នេះ​ផ្ដល់​ក្ដីសង្ឃឹម​ក្នុងការ​កែសម្រួល ឬ​បង្កើត​ឧបករណ៍​ថ្មី​សម្រាប់​គ្រប់គ្រង​ឡាស៊ែរ​កម្លាំង​ខ្លាំង»។

    ក្រុម​ស្រាវជ្រាវ​អះអាងថា កញ្ចក់​ត្បូង​ពេជ្រ​របស់​ពួកគេ​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​កាំរស្មីឡាស៊ែរ​កម្លាំង ១០ គីឡូវ៉ាត់ ដោយ​មិនមាន​ការខូចខាត​ណា​ទាំងអស់។

    ក្រុម​អ្នកជំនាញ​សង្ឃឹមថា ក្នុងពេល​អនាគត កញ្ចក់​ប្រភេទ​ថ្មី​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​គ្រឿង​អេឡិចត្រូនិក ការពារជាតិ បញ្ជូន​ទិន្នន័យ​នៅ​ទី​អវកាសឆ្ងាយៗ និង​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត។

  • ប្រធានាធិបតី ពូ​ទីន ដំឡើង​ប្រាក់ខែ​ជូន​ជនជាតិ​រុស្ស៊ី

    ប្រធានាធិបតី ពូ​ទីន ដំឡើង​ប្រាក់ខែ​ជូន​ជនជាតិ​រុស្ស៊ី

    លោក ពូ​ទីន សម្រេចចិត្ត​ដំឡើង​ប្រាក់បៀវត្ស​យ៉ាងតិច ១០% ជូន​ពលរដ្ឋ​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ ព្រមទាំង​បាន​សារភាពថា​សេដ្ឋកិច្ច​ជួប​ការលំបាក​នៅក្នុង​ឆ្នាំនេះ។

    «យើង​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​រដ្ឋាភិបាល​ក្នុង​រយៈពេល​យូរ​មកហើយ ចុងក្រោយ​ដំណោះស្រាយ​មួយ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ច្រើន» ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​កាលពី​ថ្ងៃទី ២៥ ឧសភា ស្ដីពី​ការដំឡើង​ប្រាក់ខែ​ចូលនិវត្តន៍ និង​ប្រាក់បៀវត្ស​អប្បបរមា​នៅ​ប្រទេស​នេះ ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កើនឡើង​ខ្ពស់ និង​ទណ្ឌកម្ម​របស់លោក​ខាងលិច។

    «ចាប់ពី​ថ្ងៃទី ១ កក្កដា ប្រាក់បៀវត្ស​អប្បបរមា​នឹង​កើន ១០% ឡើងដល់ ១៥,២៧៩ រូ​ប្ល/ខែ (ប្រហែល ២៥៧ ដុល្លារ​អាម៉េរិក)» ប្រធានាធិបតី ពូ​ទីន ថ្លែង​ដូច្នេះ។

    លោក ពូ​ទីន បាន​ព្យាករ​ថា អតិផរណា​នៅ រុស្ស៊ី មិន​លើសពី ១៥% ឡើយ​នៅក្នុង​ឆ្នាំនេះ និង​បាន​សារភាពថា ឆ្នាំ ២០២២ គឺជា​ឆ្នាំ​លំបាក​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ក៏ប៉ុន្តែ បុរស​ខ្លាំង​រូបនេះ​បញ្ជាក់ថា បញ្ហា​នេះ​មិន​ជាប់​ទាក់ទិន​នឹង​យុទ្ធនាការ​យោធា​ពិសេស​របស់ខ្លួន​នៅ អ៊ុយ​ក្រែ​ន ឡើយ។

  • រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុង បានមកដល់​ហើយ!

    រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុង បានមកដល់​ហើយ!

    កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងតែម្តង ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើនបានបញ្ចេញលើការផ្សព្វផ្សាយនោះថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា?

    សម្រាប់ចម្លើយនោះគឺដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford ការតាំងបង្ហាញរថយន្ត Ford តាមបណ្តាខេត្ត និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

    • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
    • ការតាំងបង្ហាញរថយន្ត Ford តាមបណ្តាខេត្ត លេខទូរស័ព្ទទំនាក់ទំនង៖ 095 666 356 | 031 9 666 356

     

  • តម្លៃ​ប្រេង​ក្នុង​ពិភពលោក បន្ត​ឡើងថ្លៃនៅ​​ក្នុងការ​ជួញដូរ​នៅ​ថ្ងៃទី ២៥ ខែ​ឧសភា

    តម្លៃ​ប្រេង​ក្នុង​ពិភពលោក បន្ត​ឡើងថ្លៃនៅ​​ក្នុងការ​ជួញដូរ​នៅ​ថ្ងៃទី ២៥ ខែ​ឧសភា

    ប្រេង​បាន​ឡើងថ្លៃ​នៅក្នុង​ថ្ងៃទី ២៥ ឧសភា ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតត្បិត និង​បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​អាម៉េរិក បង្កើន​សកម្មភាព​កែច្នៃ​ប្រេង។

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៥ ឧសភា តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកក្កដា បាន​កើន ៤៧ សេន​អាម៉េរិក ឡើងដល់ ១១៤.០៣ ដុល្លារ/ធុង ខណៈដែល​តម្លៃ​ប្រេង​ឆៅ WTI ប្រគល់​ខែកក្កដា កើន ៥៦ សេន​អាម៉េរិក ឡើងដល់ ១១០.៣៣ ដុល្លារ​ក្នុង ១ ធុង។

    ទិន្នន័យ​ពី​រដ្ឋាភិបាល​បង្ហាញថា បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ ១ លាន​ធុង​ក្នុង​សប្ដាហ៍​កន្លង, បរិមាណ​សាំង​ក្នុង​ឃ្លាំង​ក៏​ថយចុះ ខណៈដែល​បណ្ដា​ផលិតផល​ចម្រាញ់​ពី​ប្រេង​កើន ១.៧ លាន​ធុង។

    បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​បាន​បង្កើនល្បឿន​នៃ​ការកែច្នៃ​ប្រេង លើកកម្ពស់​ផលិតភាព​ឡើងដល់ ៩៣.២% ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែធ្នូ ឆ្នាំ ២០១៩។ ជាង​នេះ ការដែល​ប្រភព​ផ្គត់ផ្គង់​ប្រេង​នៅ​ជុំវិញ​ពិភពលោក​កំពុង​បន្ត​ត្រូវបាន​រឹតបន្តឹង ក៏បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​គេច​ពី​ការទិញ​ប្រេង​របស់ រុស្ស៊ី។ ទាំងនេះ​បាន និង​កំពុង​រួមចំណែក​ធ្វើឱ្យ​តម្លៃ​ប្រេង​ពិភពលោក​បន្ត​កើនឡើង។