Author: សឿន សំណាង

  • ហ្វាំ​ង​ឡង់ ប្រកាសថា បាន​ត្រៀម «ជើង​ព្រួល» ដើម្បី​វាយបក បើសិន​ត្រូវ រុស្ស៊ី វាយប្រហារ

    ហ្វាំ​ង​ឡង់ ប្រកាសថា បាន​ត្រៀម «ជើង​ព្រួល» ដើម្បី​វាយបក បើសិន​ត្រូវ រុស្ស៊ី វាយប្រហារ

    ឧ​ត្ត​ម​សេនីយ៍ Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវបាន រុស្ស៊ី វាយប្រហារ ហើយ​ថា «នឹង​វាយបក​យ៉ាងខ្លាំង​ក្លា»។

    «យើង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​យោធា​របស់​យើង ដែលមាន​ជំនាញ​ក្នុងការ​ទប់ទល់​នឹង​ប្រភេទ​សង្គ្រាម​ដូចដែល​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ អ៊ុយ​ក្រែ​ន ជាមួយនឹង​ការវាយប្រហារ​ជា​ហ្វូង​តាមផ្លូវ​អាកាស ការបង្កើន​ចំនួន​រថពាសដែក និង​ទ័ពអាកាស» ឧ​ត្ត​ម​សេនីយ៍ Timo Kivinen មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​របស់ ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី ២២ មិថុនា បាន​ថ្លែង​ដូច្នេះ។ លោក​បន្ថែមថា «អ៊ុយ​ក្រែ​ន គឺជា​តំបន់​ដែលមាន​ការលំបាក​សម្រាប់ រុស្ស៊ី ហើយ ហ្វាំ​ង​ឡង់ ក៏​ដូច្នេះ។

    លោក Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវ​រង​ការវាយប្រហារ​ពី រុស្ស៊ី ហើយ​ថា នឹង​វាយបក​យ៉ាង​ចាស់ដៃ បើសិន​ប្រការនេះ​កើតឡើង។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ថា ប្រទេស​ហ្វាំ​ង​ឡង់ មាន​កម្លាំង​ប្រយុទ្ធ ក៏ដូចជា​បាន​កសាង​ឃ្លាំង​អាវុធ​ច្រើន​គួរសម។

    ទាក់ទិន​នឹង​ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Kivinen ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ ប្រទេស​ហ្វាំ​ង​ឡង់ ខាងលើ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ប្រទេស​នេះ និង រុស្ស៊ី កំពុងមាន​ភាព​តានតឹង​ខ្លាំង ក្រោយពី ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណា​តូ កាលពី​ថ្ងៃទី ១៨ ឧសភា។

    ឧត្តមសេនីយ៍ Timo Kivinen
    ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត
  • គ្រោះរ​ញ្ជូ​យ​ដី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ តួលេខ​អ្នកស្លាប់​បាន​កើន​​ឡើងដល់ ១,០០០ នាក់

    គ្រោះរ​ញ្ជូ​យ​ដី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ តួលេខ​អ្នកស្លាប់​បាន​កើន​​ឡើងដល់ ១,០០០ នាក់

    ចំនួន​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​បន្ទាប់ពី​កើតមាន​ហេតុការណ៍​រញ្ជួយ​ដី​នៅ ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​កើន​ឡើងដល់ ១,០០០ នាក់ នេះ​បើតាម​ក្រុមមន្ត្រី​នៅ​ខេត្ត Paktika ជាទី​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

    «មនុស្ស ១,០០០ នាក់ បាន​ស្លាប់ និង ១,៥០០ នាក់ បាន​រងរបួស។ តួលេខ​ទាំងនេះ​នឹង​បន្ត​កើនឡើង។ អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់ រដ្ឋធានី​កា​ប៊ុល និង Gardez» លោក Mohammad Amin Hozaifa ប្រធាន​ផ្នែក​ព័ត៌មាន និង​វប្បធម៌​ខេត្ត Pakita បានឱ្យដឹង​ដូច្នេះ។

    យោងតាម​ព័ត៌មាន​ផ្លូវការ​ពី​ក្រុមមន្ត្រី​ទទួលបន្ទុក​ទប់ទល់​នឹង​គ្រោះធម្មជាតិ ចំនួន​ជនរងគ្រោះ​ដែល​បាន​រងរបួស​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​នេះ​គឺ ៦០០ នាក់។

    រញ្ជួយ​ដី​កម្លាំង ៦.១ រិច​ទ័​រ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ២២ មិថុនា (ម៉ោង​ក្នុងស្រុក) នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Khost ប្រហែល ៤៤ គីឡូម៉ែត្រ​ទៅ​ទិសនិរតី។ រញ្ជួយ​ដី​នេះ​មាន​ជម្រៅ ១០ គីឡូម៉ែត្រ​ក្រោម​ដី។

  • ប្រទេស​លី​ទុយ​អា​នី «ស្វាគមន៍» ចំពោះ​សកម្មភាព​ឆ្លើយតប​រប​ស់ រុស្ស៊ី ជុំវិញ​បញ្ហា​បិទ​ខ្ទប់ Kaliningrad

    ប្រទេស​លី​ទុយ​អា​នី «ស្វាគមន៍» ចំពោះ​សកម្មភាព​ឆ្លើយតប​រប​ស់ រុស្ស៊ី ជុំវិញ​បញ្ហា​បិទ​ខ្ទប់ Kaliningrad

    ប្រធានាធិបតី Gitanas Nauseda បានឱ្យដឹងថា លី​ទុយ​អា​នី (Lithuania ឬ Litva) ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ពង្រីក​ការបិទ​ខ្ទប់​ទីក្រុង Kaliningrad របស់ រុស្ស៊ី និង​ស្វាគមន៍​សកម្មភាព «មិន​ស្និទ្ធស្នាល» ពី ភាគី​ទីក្រុង​មូ​ស្គូ។

    «យើង​បាន​ប្រុងប្រៀប និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សកម្មភាព (តបត) មិន​ស្និទ្ធស្នាល​ពី​សំណាក់ អាជ្ញាធរ​រុស្ស៊ី ដូច​ជាការ​កាត់ផ្ដាច់​ប្រទេស​យើង​ពី​ប្រព័ន្ធ BRELL (បណ្ដាញ​អគ្គិសនី) ឬ រាល់​វិធានការ​ដទៃ» ប្រធានាធិបតី​របស់ ប្រទេស​លី​ទុយ​អា​នី លោក Nauseda ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ មិថុនា។

    ៣០ ឆ្នាំ បន្ទាប់ពី​បាន​បំបែក​ខ្លួន​ចេញពី សហភាពសូវៀត និង ១៧ ឆ្នាំ ក្រោយពី​បាន​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប (EU) ប្រទេស​លី​ទុយ​អា​នី, ឡេ​តូ​នី និង អេ​ស្តូ​នី នៅតែ​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ពី ប្រទេស​រុស្ស៊ី។

    ក៏ប៉ុន្តែ លី​ទុយ​អា​នី កាលពី​ឆ្នាំ​កន្លង បាន​កែលម្អ​បណ្ដាញ​អគ្គិសនី​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​របស់ ប្រទេស​ប៉ូឡូញ ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប ក្នុង​បំណង​ធានា​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងករណី​ត្រូវបាន រុស្ស៊ី ផ្ដាច់​ចរន្ត។

    ទីក្រុង Kaliningrad របស់ រុស្ស៊ី

    លី​ទុយ​អា​នី កាលពី​សប្ដាហ៍​កន្លង បានប្រកាសថា ចាប់ពី​ថ្ងៃទី ១៨ មិថុនា ប្រទេស​នេះ​នឹង​បិទ​ផ្លូវដែក​ដែល​ភ្ជាប់​ពី ទឹកដី​រុស្ស៊ី ទៅកាន់​ដែនដី Kaliningrad របស់ ទីក្រុង​មូ​ស្គូ។

    ការបញ្ចេញមតិ​របស់​លោក Nauseda ត្រូវ​បានលើកឡើង​បន្ទាប់ពី រុស្ស៊ី ស្នើ និង​ព្រមាន​ឱ្យ លី​ទុយ​អា​នី ដក​ការ​រឹតត្បិត​លើ​ការដឹកជញ្ជូន​ទំនិញ​ទៅតាម​ផ្លូវដែក​ខាងលើ បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី នឹង​ចាត់វិធានការ​ឆ្លើយតប ដែល «មាន​ផលប៉ះពាល់​អាក្រក់​ដល់​ប្រជាជន​លី​ទុយ​អា​នី»៕

  • សំណើ​ផ្អាក​យកពន្ធ​លើ​ប្រេងសាំង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក កំពុង​មានមតិ​ចម្រូង​ចម្រាស​គ្នា

    សំណើ​ផ្អាក​យកពន្ធ​លើ​ប្រេងសាំង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក កំពុង​មានមតិ​ចម្រូង​ចម្រាស​គ្នា

    រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន កំពុងតែ​ពិចារណា​អំពី​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​នៅ​ទូទាំងប្រទេស ដើម្បី​បញ្ចុះតម្លៃ​ឥន្ធនៈ ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ប្រការនេះ​នឹងមាន​ប្រសិទ្ធភាព​តិចតួច​ណាស់។

    ក្រោយពី​បាន​ប្រឹងប្រែង​បញ្ចេញ​ប្រេង ១ លាន​ធុង/ថ្ងៃ ពី​ឃ្លាំង​យុទ្ធសាស្ត្រ ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​តម្លៃ​ប្រេងសាំង ប្រធានាធិបតី បៃ​ដិ​ន កំពុង​ពិចារណា​លើ​វិធីសាស្ត្រ​ផ្សេង​មួយទៀត នោះ​គឺ ការផ្អាក​យកពន្ធ​លើ​ប្រេងសាំង​នៅ​ទូទាំងប្រទេស។

    យោងតាម​សមាគម​រថយន្ត​អាម៉េរិក (AAA) សាំង​មួយ gallon កំពុងមាន​តម្លៃ​ជា​មធ្យម ៤.៩៧ ដុល្លារ ទាប​ជាង​បន្តិច​ធៀប​នឹង​ដើមខែ​នេះ គ្រា​ដែល​តម្លៃ​សាំង​មធ្យម​នៅ​ទូទាំងប្រទេស បាន​ឡើង​លើសពី ៥ ដុល្លារ​ជា​លើកដំបូង។

    សហរដ្ឋ​អាម៉េរិក មិនបាន​កំណត់​តម្លៃ​ប្រេងសាំង​ជាទូទៅ​នោះទេ តែ​វា​អាស្រ័យ​លើ​រដ្ឋ​នី​ម័យៗ ដោយយោង​ទៅតាម​គោលនយោបាយ​ឧបត្ថម្ភ និង​អត្រាពន្ធ​ក្នុង​តំបន់​ទាំងនោះ។

    កាលពី​ខែកុម្ភៈ តំណាងរាស្ត្រ​របស់​បក្ស​ប្រជាធិបតេយ្យ Maggie Hassan និង Mark Kelly បានធ្វើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ស្នើឱ្យ​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ទូទាំងប្រទេស រហូតដល់​ដំណាច់​ឆ្នាំនេះ។

    គំនិត​នេះ​កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​រដ្ឋាភិបាល​លោក បៃ​ដិ​ន។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា នេះ​គឺជា «ដំណោះស្រាយ​ប្រាកដប្រជា​ដែល​កំពុង​ត្រូវបាន​ពិចារណា»។

    ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២០ មិថុនា ក៏បាន​ទទួលស្គាល់ថា លោក​កំពុង​ពិចារណា​លើ​វិធានការ​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​នេះដែរ។

    ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី ២០ មិថុនា ក៏បានទទួលស្គាល់ថា លោកកំពុងពិចារណាលើវិធានការផ្អាកការយកពន្ធលើប្រេងសាំងនេះដែរ។

    បើសិនជា​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ត្រូវបាន​រដ្ឋាភិបាល​អាម៉េរិក អនុវត្ត​មែន នោះ​វា​នឹង​ក្លាយជា​អ្នកដើរ​តាម​ក្រោយ​រដ្ឋ​មួយចំនួន ដូចជា Connecticut, Maryland និង Georgia ជាទី​ដែល​បាន និង​កំពុង​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ជា​បណ្ដោះអាសន្ន។

    រដ្ឋ​មួយចំនួន​ផ្សេងទៀត ដូចជា California ជាដើម ថែមទាំង​ពិចារណា​លើ​ការ​ផ្ដល់ជំនួយ​ផ្ទាល់​ដល់​ប្រជាជន​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ប៉ះប៉ូវ​ការចំណាយ​ទៅលើ​ប្រេងសាំង​ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់​នាបច្ចុប្បន្ន។

    ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍មួយចំនួន ក្នុងនោះ​មាន អង្គការ Penn Wharton Budget Model (PWBM) ជាដើម បានឱ្យដឹងថា ផលប្រយោជន៍​ដែល​ប្រជាជន​ទទួលបាន​ពី​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង គឺមាន​កម្រិត​ទាប។

    សាស្ត្រាចារ្យ Kent Smetters មកពី​សាលា Wharton នៃ​សាកលវិទ្យាល័យ Pennsylvania គណនា​ឃើញថា ពលរដ្ឋ​ម្នាក់​នឹង​សំច័យ​ប្រាក់​បាន​ប្រហែល​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ បើសិន​គោលនយោបាយ​ខាងលើ​ត្រូវបាន​អនុវត្ត​ចាប់ពី​ខែមីនា ដល់​ដំណាច់​ឆ្នាំនេះ។

    ចំណែក​ប្រភព​ចំណូល​របស់​រដ្ឋ ដែល​បានមកពី​ការយកពន្ធ​លើ​ប្រេងសាំង នឹងត្រូវ​ថយចុះ​ប្រហែល ២០ ពាន់​លាន​ដុល្លារ បើសិន​មិន​យកពន្ធ​លើ​ប្រេងសាំង​រហូតដល់​ចុងឆ្នាំ នេះ​បើតាម​របាយការណ៍​រប​ស់ PWBM៕

  • រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​បាន​កើន​ជិត​ដល់ ១,០០០ នាក់

    រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​បាន​កើន​ជិត​ដល់ ១,០០០ នាក់

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bakhtar របស់ អា​ហ្វ​ហ្គា​នី​ស្ថាន តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កាលពី​ព្រឹក​មិញ (២២ មិថុនា) នៅ​ភាគ​ខាងកើត​ប្រទេស​នេះ បាន​កើន​ដល់ ២៨០ នាក់ និង​យ៉ាងតិច ៥៩៥ នាក់ រងរបួស។

    ខេត្ត Paktika គឺជា​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក្នុងនោះ​មានផ្ទះ​រាប់សិប​ខ្នង​បាន​ដួលរលំ ព្រមទាំង​មាន​បញ្ហា​បាក់​ស្រុតដី​នៅក្នុង​ខេត្ត​នេះ​ផងដែរ។ ប្រធាន​ស្ថាប័ន​គ្រប់គ្រង​គ្រោះធម្មជាតិ​របស់​រដ្ឋាភិបាល​តា​លី​បង់ លោក Mohammad Nassim Haqqani ឱ្យដឹងថា ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត ភាគច្រើន​គឺជា​ប្រជាជន​នៅក្នុង​ខេត្ត Paktika។

    ស្ថាប័ន​តាមដាន​ផ្នែក​ភូគព្ភសាស្ត្រ​អាម៉េរិក (USGS) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​បានធ្វើឱ្យ​ញាប់​ញ័រ​ពេញ​តំបន់​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Khost ជិត​ព្រំដែន ប៉ា​គី​ស្ថាន ប្រមាណ ៤៤ គីឡូម៉ែត្រ​ទៅ​ទិសនិរតី។ ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ​ស្ថិតនៅក្រោម​ដី ជម្រៅ​ជាង ៥០ គីឡូម៉ែត្រ។

    មនុស្ស​ប្រហែល ១១៩ លាន​នាក់ ដែល​រស់នៅក្នុង ប្រទេស​ប៉ា​គី​ស្ថាន, អា​ហ្វ​ហ្គា​នី​ស្ថាន និង ឥណ្ឌា បានទទួល​អារម្មណ៍​ថា ធរណី​កំពុង​ញាប់​ញ័រ។

    បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ក៏ដូចជា​រងរបួស ឬ​ការខូចខាត​ទ្រព្យសម្បត្តិ​នៅ ប៉ា​គី​ស្ថាន និង ឥណ្ឌា ទាក់ទិន​នឹង​ហេតុការណ៍​រញ្ជួយ​ដី​នេះ​នៅឡើយ៕

  • ប្រទេស​ចិន ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​បច្ចេកវិទ្យា​ដែល​អាច​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី

    ប្រទេស​ចិន ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​បច្ចេកវិទ្យា​ដែល​អាច​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ផ្ទាំង​សូ​ឡា​ដែល​ដាក់​នៅលើ​គន្លង​គោចរ​ជុំវិញ​ផែនដី នឹងមាន​ប្រៀប​ជាង​ធៀប​នឹង​ប្រព័ន្ធ​ដែល​ដាក់​នៅលើ​ដី ដោយសារតែ​ប្រព័ន្ធ​នៅ​លើដី​មិនអាច​ដំណើរការបាន​នៅពេល​យប់ ពេល​មាន​ពពក​បាំង ឬ​ពេល​មាន​ភ្លៀង​ធ្លាក់។

    ទីភ្នាក់ងារសារព័ត៌មាន Bloomberg ចុះផ្សាយ​ថា ក្រុម​អ្នកស្រាវជ្រាវ​ចិន ទើបតែ​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​រូបមន្ត​បច្ចេកវិទ្យា​មួយ​ដែល​អនាគត​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី​ដោយ​មិនបាច់​មាន​ខ្សែ។

    គំរូ​នៃ​ស្ថានីយ​បញ្ជូន និង​ទទួល​ថាមពល​ដែល​ត្រូវបាន​ដាក់​នៅឯ​សាកលវិទ្យាល័យ Xidian ក្នុង​ខេត្ត Shaanxi នេះ បាន​ស្រូបយក​ថាមពលព្រះអាទិត្យ​នៅលើ​ទី​ខ្ពស់ ហើយ​បំប្លែង​វា​ទៅជា​រលក​កាំរស្មី។ ក្រោយមក វា​បញ្ជូន​រលក​កាំរស្មី​នេះ​ឆ្លងកាត់​តាម​បរិយាកាស មកកាន់​ស្ថានីយ​ទទួល ជាទី​ដែល​អាច​បំប្លែង​រលក​កាំរស្មី​ឱ្យ​ត្រលប់​ទៅជា​អគ្គិសនី​វិញ។

    ការធ្វើ​តេស្ត​បច្ចេកវិទ្យា​នេះ​សម្រេចបាន​គោលដៅ ៥៥ ម៉ែត្រ។ ក៏ប៉ុន្តែ ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ថ្ងៃ​ណាមួយ​បច្ចេកវិទ្យា​នេះ​អាច​ត្រូវបាន​ពង្រឹងសមត្ថភាព និង​ពង្រីក​ដែន​ប្រតិបត្តិការ​ដើម្បី​អាច​បញ្ជូន និង​ទទួល​ថាមពល​ពី​ផ្ទាំង​សូ​ឡា​នៅលើ​មេឃ។

    បច្ចុប្បន្ន ប្រទេស​ចិន មិនមែនជា​ប្រទេស​តែមួយគត់​ដែល​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើនេះ​ទេ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា California សហរដ្ឋ​អាម៉េរិក ក៏បាន​ដំណើរការ​កម្មវិធី​មួយ​ដែលមាន​បំណង​ទាញយក​ថាមពលព្រះអាទិត្យ​ពី​ទី​អវកាស បន្ទាប់ពី​ទទួលបាន​ទុនវិនិយោគ ១០០ លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០១៣។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ឥណ្ឌា, រុស្ស៊ី, អង់គ្លេស និង បារាំង ក៏​កំពុងតែ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ដ៏​មាន​សក្ដានុពល​នេះ​ផងដែរ។ យោងតាម​សាកលវិទ្យាល័យ Xidian បច្ចុប្បន្ន ជប៉ុន គឺជា​ប្រទេស​ដែល​កំពុង​នាំមុខគេ​នៅក្នុង​វិស័យនេះ៕

    វិធី​ដំណើរ​ការ​នៃ​ប្រព័ន្ធ​បញ្ជូន​ និង​ទទួល​ថាមពល​ព្រះអាទិត្យ​របស់​ ចិន​
    ប្រព័ន្ធ​បញ្ជូន​ និង​ទទួល​ថាមពល​ព្រះអាទិត្យ​របស់​ ចិន​
  • ភ្លើង​ឆេះ​ព្រៃ​​មួយ​ករណី​កំពុង​កើតឡើង​នៅ ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​ព្រួយបារម្ភ

    ភ្លើង​ឆេះ​ព្រៃ​​មួយ​ករណី​កំពុង​កើតឡើង​នៅ ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​ព្រួយបារម្ភ

    កាលពី​ថ្ងៃទី ២១ មិថុនា អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​ព្រៃ​នៃ​តំបន់​ភាគ​និរតី​របស់ ប្រទេស​តួ​ក​គី ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ហានិភ័យ​ដែល​អាច​ដូច​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ​កន្លង ដែល​បាន​បណ្ដាលឱ្យ​ព្រៃ និង​រុក្ខជាតិ​រាប់សិប​ហិកតា​ត្រូវ​បាត់បង់។

    ភ្លើង​ឆេះ​ព្រៃ​ថ្មី​នេះ​កើតឡើង​នៅក្បែរ​តំបន់​លម្ហែកាយ​នៅ​ឆ្នេរសមុទ្រ Aegean របស់​ស្រុក Marmaris ក្នុង​ខេត្ត Mugla។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Anadolu រាយការណ៍​ថា ភ្លើងព្រៃ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ដោយសារ​តែមាន​ខ្យល់​ខ្លាំង ហើយ​កំពុងតែបន្ត​ឆាបឆេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​ល្បឿន​យ៉ាង​លឿន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។

    អ្នកវិទ្យាសាស្ត្រ​របស់ សហភាព​អឺរ៉ុប បានឱ្យដឹងថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវក្ដៅ​កាលពី​ឆ្នាំ​កន្លង​នៅ តួ​ក​គី គឺមាន​កម្រិត​ខ្ពស់បំផុត។ ចំណែក​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​សង្កត់ធ្ងន់ថា បញ្ហា​អាកាសធាតុ​ប្រែប្រួល​ដែល​បង្កឡើង​ដោយ​មនុស្ស កំពុងតែ​ធ្វើឱ្យ​រលក​កម្ដៅ​កើតឡើង​ញឹកញាប់​ជាង​មុន និង​អាក្រក់​ជាង​មុន។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២២ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២២ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២១ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

  • ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សូមណែនាំពីកញ្ចប់ហោះហើរ​ពិសេស​ «Phnom Penh Power Pack»

    ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សូមណែនាំពីកញ្ចប់ហោះហើរ​ពិសេស​ «Phnom Penh Power Pack»

    (បាងកក)៖ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការ កញ្ចប់ហោះហើរពិសេស «Phnom Penh Power Pack» ដើម្បីផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។

    Phnom Penh Power Pack មានកញ្ចប់ហោះហើរពិសេសជាច្រើនទៀត កំពុងបើកការកក់ទុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ សម្រាប់ការហោះហើរចន្លោះពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ​ ​២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ធ្វើការកក់កញ្ចប់ពិសេសនេះតាមរយៈ https://gift.th.vietjetair.com

    Phnom Penh Power Pack គឺជាកញ្ចប់សំបុត្រហោះហើរ ដែលអ្នកធ្វើដំណើរអាចប្រើប្រាស់ជាសំបុត្រដែលបង់ប្រាក់រួចរាល់ សម្រាប់ការហោះហើរតាមក្រុមហ៊ុន ថៃ វៀតចេត ក្នងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ និងមានសុពលភាពរហូតដល់ឆ្នាំ ២០២៦។ កញ្ចប់ទាំងនោះមាន ៤ប្រភេទ រួមមាន កញ្ចប់សំបុត្រហោះហើរចំនួន ៦ តម្លៃ ៦,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ១២ តម្លៃ ១២,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ២៤ តម្លៃ ២៤,០០០បាត និងកញ្ចប់សំបុត្រហោះហើរចំនួន ៥០ តម្លៃ ៤៨,០០០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម)។

    បន្ទាប់ពីទិញកញ្ចប់ហោះហើរណាមួយក្នុង Phnom Penh Power Pack អ្នកដំណើរអាចប្តូរយកសំបុត្រហោះហើរដែលបង់ប្រាក់រួចរាល់ ក្នុងតម្លៃ ០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម) សម្រាប់ការហោះហើរទៅមក ឬការហោះហើរត្រង់ ក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។ កញ្ចប់សំបុត្រទាំងអស់អាចប្រើប្រាស់សម្រាប់ការធ្វើដំណើរ ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន និងរយៈពេល Blackout)។

    អ្នកដំណើរអាចកក់ជើងហោះហើរ ៣ម៉ោងមុនពេលចេញដំណើរ តាមរយៈគេហទំព័រ th.vietjetair.com ។ លើសពីនេះទៅទៀត សំបុត្រដែលមាននៅក្នុងកញ្ចប់ហោះហើរ អាចផ្ទេរទៅកាន់អ្នកដំណើរផ្សេងទៀតបាន ព្រោះឈ្មោះរបស់អ្នកដំណើរអាចផ្លាស់ប្តូរបានគ្រប់ពេលនៃការកក់ជើងហោះហើរ។ សេវាកម្មនេះ អាចប្រើប្រាស់បានចំពោះអ្នកដំណើរដែលពេញវ័យតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកុមារ)។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត កំពុងដំណើរការជើងហោះហើរប្រចាំថ្ងៃក្នុងទិសដៅទៅមក បាំងកក-ភ្នំពេញ ហើយក្រុមហ៊ុននឹងបង្កើនជើងហោះហើរប្រចាំថ្ងៃនេះចំនួនទ្វេដង នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ។

    ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បាននាំមុខគេលើការផ្ដល់សុវត្ថិភាពជូនអ្នកដំណើរ ដែលបានធ្វើដំណើរក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺ COVID-១៩ ។ ក្រុមហ៊ុនអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរឹងលើវិធានការសម្លាប់មេរោគក្នុងយន្តហោះ ដោយអនុវត្តទៅតាមការណែនាំពីក្រសួងសុខាភិបាលសាធារណៈថៃ និង CAAT ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានលើអ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។

    សូមជម្រាបថា ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើ សមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។

    ក្រុមហ៊ុន ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុន កំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។

    ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា «ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច» ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

    បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះ​រួម​មាន​ជើង​ហោះ​ហើរ​ពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៉ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៉ីប៉ាស៉ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់៕

    សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com

  • រដ្ឋាភិបាល​ក្រិ​ក ចំណាយ​បន្ថែម ៣៧៥ លាន​អឺរ៉ូ សម្រាប់​ជួយ​ជា​ថ្លៃ​សាំង​ដល់​ប្រជា​​ពលរដ្ឋ

    រដ្ឋាភិបាល​ក្រិ​ក ចំណាយ​បន្ថែម ៣៧៥ លាន​អឺរ៉ូ សម្រាប់​ជួយ​ជា​ថ្លៃ​សាំង​ដល់​ប្រជា​​ពលរដ្ឋ

    កាលពី​ថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis បានឱ្យដឹងថា រដ្ឋាភិបាល​ក្រិ​ក នឹង​បែងចែក​ខ្ទង់​ប្រាក់ ៣៧៥ លាន​អឺរ៉ូ (៣៩៤.៩ លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ប៉ះប៉ូវ​ថ្លៃ​សាំង និង​ប្រេងម៉ាស៊ូត ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ខែកក្កដា សីហា និង​កញ្ញា ដើម្បី​ជួយ​ដល់​អ្នកបើកបរ​ជាង ៣ លាន​នាក់។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងធ្វើ​ឱ្យ​ថវិកា​សរុប​ដែលជា​ជំនួយ​របស់​រដ្ឋ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ ឡើងដល់ ៥៨០ លាន​អឺរ៉ូ នេះ​បើតាម​នាយករដ្ឋមន្ត្រី​ក្រិ​ក លោក Mitsotakis។

    លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា កញ្ចប់​ជំនួយ​ថ្មី Fuel Pass 2 នេះ នឹង​បង្កើន​ជំនួយ​សម្រាប់​ថ្លៃ​សាំង​ពី ៤៥ ឡើងទៅ ៨០ អឺរ៉ូ ចំពោះ​រថយន្ត និង​ពី ៣៥ ឡើងទៅ ៦០ អឺរ៉ូ ចំពោះ​ម៉ូតូ។

    នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis

    ដូច្នេះ តម្លៃ​ប្រេងសាំង​ដែល​ត្រូវបាន​រដ្ឋាភិបាល​ផ្ដល់ជំនួយ​នឹង​ថយចុះ ៤៤សេន/លីត្រ។ រដ្ឋាភិបាល​ក្រិ​ក ក៏​សម្រេចចិត្ត​បញ្ចេញ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ការប្រើប្រាស់​ប្រេងម៉ាស៊ូត ដើម្បី​រក្សា​តម្លៃ​ឱ្យនៅ​ក្រោម ២ អឺរ៉ូ/លីត្រ ដោយ​ផ្ដល់ជំនួយ ១២ សេន/លីត្រ។

    រដ្ឋាភិបាល​ក្រិ​ក បាន​ណែនាំ​កម្មវិធី Fuel Pass កាលពី​ចុងខែ​មេសា អនុញ្ញាតឱ្យ​អ្នកបើកបរ​ដែល​គ្រួសារ​មាន​ចំណូល​ក្រោម ៣០,០០០ អឺរ៉ូ/ឆ្នាំ អាច​ទិញ​សាំង​ដែលមាន​ជំនួយ​ពី​រដ្ឋាភិបាល​ចំនួន ៦០ លីត្រ ជា​រៀងរាល់ខែ ជាមួយនឹង​ខ្ទង់​ប្រាក់​ជំនួយ ២២ សេន/លីត្រ។

    ក្រសួង​អភិវឌ្ឍ និង​វិនិយោគ​របស់ ក្រិ​ក បានឱ្យដឹងថា សាំង ១ លីត្រ មានតម្លៃ​ជា​មធ្យម ២.៤២ អឺរ៉ូ និង​ប្រេងម៉ាស៊ូត មានតម្លៃ ២.១១ អឺរ៉ូ កាលពី​ថ្ងៃទី ២០ មិថុនា។ គិត​មកដល់​បច្ចុប្បន្ន តម្លៃ​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេងម៉ាស៊ីន បាន​កើនឡើង ៣៦.៦% ធៀប​នឹង​ឆ្នាំ ២០២១៕