Author: សឿន សំណាង

  • បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពេញ​មេឃ​​ តម្លៃ​ ១,៣០០,០០០ រៀល​/​យប់ «គ្មាន​ជញ្ជាំង គ្មាន​ដំបូល» តែមាន​ភ្ញៀវ​ជា​ហូរហែ

    បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពេញ​មេឃ​​ តម្លៃ​ ១,៣០០,០០០ រៀល​/​យប់ «គ្មាន​ជញ្ជាំង គ្មាន​ដំបូល» តែមាន​ភ្ញៀវ​ជា​ហូរហែ

    មនុស្ស​រាប់ពាន់នាក់​សុខ​ចិត្ត​ចំណាយ​ប្រាក់​រាប់រយ​អឺ​រូ សម្រាប់​ការ​ដេក​មិន​ពេញភ្នែក​ពេញ​មួយ​យប់​នៅក្នុង​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» Null Stern Hotel ដែល​មិនមាន​ជញ្ជាំង មិនមាន​ដំបូល នៅឯ ប្រទេស​ស្វ៊ី​ស។

    បន្ទប់​សណ្ឋាគារ​នេះ​មិនមាន​ជញ្ជាំង ឬ​ដំបូល​ឡើយ ប៉ុន្តែ វា​នៅតែ​អាច​ទាក់ទាញ​ភ្ញៀវ​រាប់ពាន់នាក់​មក​សម្រាក​កាយ​ឆ្លង​រាត្រី​នៅ​ឆ្ងាយ​ពី​ទីក្រុង។

    សិល្បករ Frank Riklin ឱ្យដឹងថា «ចំពោះ​បន្ទប់​សណ្ឋាគារ​ប្រភេទ​នេះ ការ​គេង​លក់​មិនមែនជា​គោលដៅ​ចម្បង​ឡើយ។ ប្រការ​សំខាន់​គឺ​វា​កំពុងតែ​បង្ហាញ​អំពី​ស្ថានភាព​ពិភពលោក​នាបច្ចុប្បន្ន។ បន្ទប់​នេះ​គឺជា​សារ​មួយ​ស្ដីពី​តម្រូវការ​សម្រាប់​ការផ្លាស់ប្ដូរ​បន្ទាន់​នៅក្នុង​សង្គម។

    សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» នេះ គឺជា​ស្នាដៃ​បែប​សិល្បៈ​ថ្មី​បំផុត​របស់​បងប្អូន​ពីរ​នាក់​នៃ​ត្រកូល Riklin។ Null Stern Hotel ស្ថិត​នៅក្បែរ​ស្ថានីយ​ប្រេងសាំង​មួយ​នៅ​ទីរួមស្រុក Saillon នៃ​រដ្ឋ Valais របស់ ប្រទេស​ស្វ៊ី​ស។

    គំនិត​ស្ដីពី​បន្ទប់​សណ្ឋាគារ​ខាងលើ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធ្វើឱ្យ​ភ្ញៀវ​ទាំងឡាយ​ពិចារណា​អំពី​ពិភពលោក​នៅ​ជុំវិញ ក៏ដូចជា​ដាស់​អារម្មណ៍​របស់​ពួកគេ ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្អ​ស់។

    ក្រៅពី​បន្ទប់​ខាងលើ នៅមាន​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» ចំនួន ៣ ផ្សេងទៀត កំពុង​ត្រូវបាន​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​តំបន់​ជនបទ​របស់ ប្រទេស​ស្វ៊ី​ស។ នៅ​សណ្ឋាគារ​នេះ ក៏មាន​បម្រើ​អាហារ និង​ភេសជ្ជៈ​នៅនឹងកន្លែង​ផងដែរ។

    សម្រាប់​តម្លៃ​វិញ បន្ទប់​សណ្ឋាគារ​ដែល​មិនអាច​ដេក​ពេញភ្នែក​នេះ មួយ​យប់​គឺ ៣២២ អឺរ៉ូ (ស្មើ​នឹង​ ៣៣៦ ដុល្លារ​អាម៉េរិក ឬ ១,៣០០,០០០ រៀល)៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០១ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០១ ខែ​កក្កដា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៣០ ខែ​មិថុនា ២០២២ កម្ពុជា ​​មាន​​​ករណី​​​វិជ្ជមាន​ថ្មី​ចំនួន ០៣ នាក់​, ជា​សះស្បើយថ្មី​​មិន​មាន, ​​​​​ស្លាប់ថ្មី​​មិន​មាន​។

  • ក្រសួង​ពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់​អំឡុង​ពេល​​ពីថ្ងៃទី ០១-១០ ខែកក្កដា

    ក្រសួង​ពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់​អំឡុង​ពេល​​ពីថ្ងៃទី ០១-១០ ខែកក្កដា

    នាព្រឹក​ថ្ងៃទី ០១ កក្កដា​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងសាំង​នានានៅ​ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១-១០ ខែកក្កដា ឆ្នាំ​ ២០២២​។

    យោងតាម​ការ​ប្រកាស​ថ្មី​របស់ ក្រសួង​ពាណិជ្ជកម្ម ប្រេងសាំងធម្មតា​នឹង​ត្រូវលក់ក្នុង​តម្លៃ ៥,៨០០ រៀល/លីត្រ ពោល​គឺ​នៅ​រក្សាតម្លៃដូច​មុន។ ចំណែក​ប្រេងម៉ាស៊ូត ក្រសួង​តម្រូវ​ឱ្យ​​លក់​ក្នុង​តម្លៃ ៦,២០០ រៀល/លីត្រ ពោល​គឺ​ចុះថ្លៃ ១០០ រៀល ធៀប​នឹង​ការ​កំណត់​តម្លៃ​មុន​នេះ។

  • រកឃើញ​រណ្ដៅ​ខុសធម្មតា​លើ​ឋាន​ព្រះ​ចន្ទ កើតឡើង​ដោយសារ​គ្រាប់​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

    រកឃើញ​រណ្ដៅ​ខុសធម្មតា​លើ​ឋាន​ព្រះ​ចន្ទ កើតឡើង​ដោយសារ​គ្រាប់​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

    រ៉ុក្កែត​មួយគ្រា​ប់​ដែល​អ្នកវិទ្យាសាស្ត្រ​មិនដឹង​ប្រភព​ច្បាប់ បាន​ហោះ​មក​បុកដី​ព្រះ​ចន្ទ បន្សល់ទុក​រណ្ដៅ​ភ្លោះ​ខុសធម្មតា។

    យានអវកាស​ហោះ​លើ​គន្លង​គោចរ​ឋាន​ព្រះ​ចន្ទ Lunar Reconnaissance Orbiter របស់ ណា​សា ថ្មីៗនេះ​បាន​ប្រទះឃើញ​រ៉ុក្កែត​មិន​ស្គាល់​អត្តសញ្ញាណ​មួយ បាន​បុក​លើ​ឋាន​ព្រះ​ចន្ទ និង​បន្សល់ទុក​រណ្ដៅ​ភ្លោះ​ដ៏​ចម្លែក​មួយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក រកឃើញថា ដងខ្លួន​របស់​រ៉ុក្កែត បាន​ហោះ​សំដៅ​មក​ឋាន​ព្រះ​ចន្ទ​កាលពី​ចុងឆ្នាំ​កន្លង ហើយ​ចុងក្រោយ​ក៏បាន​ប៉ះទង្គិច​លើដី​នៅលើ​ឋាន​នេះ​កាលពី​ថ្ងៃទី ៤ មីនា បង្កើតបានជា​រណ្ដៅ​ភ្លោះ​ខុស​ប្រក្រតី។

    យោងតាម​ការប្រកាស​កា​លពី​ថ្ងៃទី ២៩ មិថុនា របស់ ណា​សា រណ្ដៅ​ភ្លោះ​នេះ​បង្ហាញថា ដងខ្លួន​របស់​រ៉ុក្កែត «មាន​ទំហំ​ធំ​នៅត្រង់​ក្បាល​ទាំងសងខាង»។ វា​រួមមាន រណ្ដៅ​មួយ​នៅ​ទិសខាងកើត​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៨ ម៉ែត្រ ស្ថិតនៅត្រង់​កំពូល​នៃ​រណ្ដៅ​មួយទៀត​នៅ​ទិស​ខាងលិច​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៦ ម៉ែត្រ។

    រណ្ដៅ​នេះ​មាន​សភាព​ខុសធម្មតា ព្រោះថា កន្លងមក​ពុំមាន​ករណី​ប៉ះទង្គិច​ណាមួយ​របស់​ដងខ្លួន​រ៉ុក្កែត​ទៅលើ​ដី​ព្រះ​ចន្ទ​ដែល​បង្កើតបានជា​រណ្ដៅ​ភ្លោះ​ដូច្នេះ​ឡើយ។ រណ្ដៅ​ចំនួន ៤ របស់ Apollo SIV-B ធំ​ជាង​ធៀប​នឹង​ករណី​ប៉ះទង្គិចថ្មីៗនេះ។

    ក្នុង​ប្រកាស​ខាងលើ ណា​សា មិនបាន​និយាយ​អំពី​ប្រភេទ​រ៉ុក្កែត​ដែល​ពួកគេ​បាន​រកឃើញ​ទេ ប៉ុន្តែ កាលពី​ខែកុម្ភៈ​កន្លង​ទៅ អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាម៉េរិក Bill Gray ធ្លាប់បាន​អះអាងថា នោះ​គឺជា​កំណាត់​របស់​រ៉ុក្កែត​ដែល​បាន​ចូលរួម​បេសកកម្ម​ព្រះ​ចន្ទ Chang’e 5-T1 របស់ ប្រទេស​ចិន ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៤៕

  • ខឹង រុស្ស៊ី ចំអក​ឱ្យខ្លាំង​ពេក បារាំង សម្រេច​​ផ្ដល់ជំនួយ​ជា​កាំភ្លើង​ធំ​ចល័ត​ច្រើន​គ្រឿង​ទៀត ទៅឱ្យ អ៊ុយ​ក្រែ​ន

    ខឹង រុស្ស៊ី ចំអក​ឱ្យខ្លាំង​ពេក បារាំង សម្រេច​​ផ្ដល់ជំនួយ​ជា​កាំភ្លើង​ធំ​ចល័ត​ច្រើន​គ្រឿង​ទៀត ទៅឱ្យ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​ថ្លែងថា បារាំង នឹង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង​និង​រថពាសដែក​ជាច្រើន​គ្រឿង​ទៀត​ទៅឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    «នៅ ណា​តូ យើង​បាន​ឯកភាពគ្នា​ដូច​ទៅនឹង​អ្វីដែល​បាន​ធ្វើឡើង​នៅក្នុង ក្រុមប្រឹក្សា​អឺរ៉ុប (EC) និង G៧ នោះ​គឺ​ការជំរុញ​ការផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​យោធា ទៅឱ្យ អ៊ុយ​ក្រែ​ន» ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ម្សិលមិញ (៣០ មិថុនា) ដូច្នេះ។ «បារាំង នឹង​ប្រញាប់​ផ្គត់ផ្គង់​អាវុធ​ដែល អ៊ុយ​ក្រែ​ន ត្រូវការ​ដើម្បី​ការពារ​ខ្លួន ក្នុងនោះ​មាន​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង និង​រថពាសដែក​ជាច្រើន​គ្រឿង​បន្ថែមទៀត»។

    បារាំង បានប្រគល់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ១២ គ្រឿង​ទៅឱ្យ អ៊ុយ​ក្រែ​ន រួចហើយ។ កាំភ្លើង​ធំ​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ពី ៤.៥ ដល់ ៤២ គីឡូម៉ែត្រ និង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ពាក់កណ្ដាល​ស្វ័យប្រវត្ត​នេះ ត្រូវបាន បារាំង​បាន​អភិវឌ្ឍ​ចាប់តាំងពី​ឆ្នាំ ១៩៩០ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​ចាប់តាំងពី​ឆ្នាំ ២០០៨។

    កងកម្លាំង​រុស្ស៊ី បាន​កម្ទេច CAESAR យ៉ាងតិច ១ គ្រឿង នៅពេល​វាយប្រហារ​លើ​អង្គភាព​កាំភ្លើង​ធំ​របស់ អ៊ុយ​ក្រែ​ន នៅលើ​កោះ Kubansky។ ក្រុម​អ្នកនយោបាយ​រុស្ស៊ី ឱ្យដឹងថា រុស្ស៊ី វាយ​យកបាន​កាំភ្លើង​ធំ CAESAR ដែល បារាំង បញ្ជូន​មកឱ្យ អ៊ុយ​ក្រែ​ន ចំនួន ២ គ្រឿង និង​បាន​រិះគន់ថា ទាហាន​អ៊ុយ​ក្រែ​ន «ដកថយ​លឿន​ដល់​ថ្នាក់​មិនមាន​ពេល​កម្ទេច​ពួកវា (កាំភ្លើង​ធំ)»។

    តំណាង​រោងចក្រ Uralvagonzavod (UVZ) របស់ រុស្ស៊ី បាន​ចំអក​ថា រុស្ស៊ី អរគុណ​ដល់ ប្រធានាធិបតី ម៉ា​ក្រុង «ដែល​បាន​ផ្ញើ​កាំភ្លើង​ធំ​ចល័ត» មកឱ្យ​ពួកគេ និង​យល់ថា CAESAR «គ្មានអ្វី​ពិសេស​ដូច MSTA-S របស់ រុស្ស៊ី» ប៉ុន្តែ​ថា «វា​នៅតែមាន​ប្រយោជន៍» និង​ស្នើឱ្យ បារាំង «បញ្ជូនមក​បន្ថែមទៀត»៕

  • ប្រធានាធិបតី បៃ​ដិ​ន ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី បៃ​ដិ​ន ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក នឹង​ប្រកាស​លម្អិត​អំពី​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ ៨០០ លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ក្នុងនោះ រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផងដែរ នេះ​បើតាម ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ដែល​បាន​ថ្លែង​នៅក្នុង​សន្និបាត​កំពូល​របស់ ណា​តូ នៅ រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ។

    យោងតាម នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal ទីក្រុង​កៀវ បានទទួល​ជំនួយ​ជា​ហិរញ្ញវត្ថុ និង​យោធា ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី ចាប់ផ្ដើម​ចូល​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ខែកុម្ភៈ ២០២២។

    ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​របស់ ប្រធានាធិបតី បៃ​ដិ​ន ត្រូវ​បានលើកឡើង​បន្ទាប់ពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan បញ្ជាក់ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​បង្ហើយ​កិច្ចព្រមព្រៀង ក្នុងនោះ​ក៏មាន​ការផ្គត់ផ្គង់ «បណ្ដា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ទំនើប​បំផុត ទៅឱ្យ អ៊ុយ​ក្រែ​ន រួមទាំង​សព្វាវុធ​ចាំបាច់​ដទៃទៀត ដូចជា គ្រាប់កាំភ្លើង​ធំ និង​ប្រព័ន្ធ​រ៉ា​ដា​ជាដើម»។

    នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នៅ ម៉ា​ឌ្រី​ដ ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា រុស្ស៊ី គឺជា​មូលហេតុ​ចម្បង​ដែល​បាន​នាំឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

    លោក បៃ​ដិ​ន ថ្លែងថា រដ្ឋាភិបាល​អាម៉េរិក នឹង​ជំរុញ​ផែនការ​ផ្ដល់ជំនួយ​ផ្នែក​ពន្ធដារ និង​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដែល​ប្រជាជន​អាម៉េរិក កំពុង​ជួបប្រទះ៕

  • ហុងកុង​រំលឹក​ខួប​គម្រប់ ២៥ ឆ្នាំ ដែល​បាន​ត្រលប់​ទៅ ប្រទេស​ចិន វិញ

    ហុងកុង​រំលឹក​ខួប​គម្រប់ ២៥ ឆ្នាំ ដែល​បាន​ត្រលប់​ទៅ ប្រទេស​ចិន វិញ

    ហុងកុង​កំពុង​ប្រារព្ធ​ពិធី​ជាច្រើន​ដើម្បី​អបអរ​ខួប​គម្រប់ ២៥ ឆ្នាំ ដែល ចក្រភព​អង់គ្លេស បានប្រគល់​ទីក្រុង​នេះ​មកឱ្យ ប្រទេស​ចិន វិញ។ តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។

    ព្រឹត្តិការណ៍​ខួប ២៥ ឆ្នាំ ដែល ហុងកុង បាន​ត្រលប់មក ប្រទេស​ចិន វិញ​នេះ ត្រូវបាន​ចាប់ផ្ដើម​នា​ព្រឹក​ថ្ងៃទី ១ កក្កដា ដោយមាន​ពិធី​លើក​ទង់ជាតិ​នៅ មជ្ឈមណ្ឌល​សន្និបាត Wan Chai ក្រោម​វត្តមាន​របស់ ប្រធាន​ប្រតិបត្តិ​តំបន់​ពិសេស​ហុងកុង លោកស្រី Carrie Lam និង​មេដឹកនាំ​ថ្មី John Lee ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នៅក្នុង​ថ្ងៃនេះ។

    ទង់ជាតិ​របស់ ប្រទេស​ចិន ត្រូវបាន​បង្ហូត​ឡើង ក្នុងពេលដែល​ឧទ្ធម្ភាគចក្រ​ភ្ជាប់​មាន​បដា​ពាក្យស្លោក ហោះ​ឆ្លងកាត់​មជ្ឈមណ្ឌល​សន្និបាត។

    ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង មិន​ចូលរួម​ក្នុង​ពិធី​លើក​ទង់ជាតិ​នេះ។ ក្រុមមន្ត្រី​ហុងកុង មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ដំណើរ ក៏ដូចជា​វត្តមាន​រប​ស់លោក ស៊ី ព្រោះតែ​ដើម្បី​ការពារ​សន្តិសុខ។

    តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោក​ចាក​ចេញពី ចិនដីគោក រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០១៩។ ដំណើរ​ទស្សនកិច្ច​ចុងក្រោយបង្អស់​របស់លោក ស៊ី ជីន​ពីង ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៧ គ្រា​ដែល​លោក​ចូលរួម​ព្រឹត្តិការណ៍​ខួប​គម្រប់ ២០ ឆ្នាំ ដែល ហុងកុង ត្រូវបាន​ប្រគល់​មកឱ្យ ប្រទេស​ចិន និង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក​ស្រី Carrie Lam។

    ប្រភពព័ត៌មាន​ពី អាជ្ញាធរ​ក្រុង​ហុងកុង បានឱ្យដឹងថា សមត្ថកិច្ច​បាន និង​កំពុង​រឹប​បន្តឹង​សន្តិសុខ​ជាពិសេស ដើម្បី​ធានា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ។

  • ហេតុការណ៍​រអិល​បាក់​ដី​នៅ កប់​មនុស្ស​ជាង ៦០ នាក់ នៅ ប្រទេស​ឥណ្ឌា

    ហេតុការណ៍​រអិល​បាក់​ដី​នៅ កប់​មនុស្ស​ជាង ៦០ នាក់ នៅ ប្រទេស​ឥណ្ឌា

    យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៧ នាក់ ត្រូវបាន​គេ​បញ្ជាក់ថា បាន​បាត់​បង់ជីវិត និង ៥៥ នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន បន្ទាប់ពី​មាន​ហេតុការណ៍​រអិល​បាក់​ដី​យ៉ាងធ្ងន់ធ្ងរ​មួយ​នៅក្នុង​រដ្ឋ Manipur ភាគ​ឦសាន​ប្រទេស​ឥណ្ឌា។

    ក្រុមមន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា ករណី​រអិល​បាក់​ដី​នេះ​កើតឡើង​នៅក្នុង​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង​មួយ​កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី ៣០ មិថុនា។ បើទោះជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កងកម្លាំង​ជួយសង្គ្រោះ​ក៏បាន​ជួយសង្គ្រោះ និង​នាំយក​មនុស្ស​ចំនួន ១៩ នាក់​ដែល​នៅមាន​ជីវិត ចេញពី​គំនរ​បំណាក់​ដី។

    តំណាង​ប៉ូលិស​ស្រុក Noney ក្នុង​រដ្ឋ Manipur បានឱ្យដឹងថា មនុស្ស​ចំនួន ៨១ នាក់ ធ្វើការ​នៅ​កន្លែងកើតហេតុ​នៅពេល​មាន​ហេតុការណ៍​រអិល​បាក់​ដី។ ក្ដីសង្ឃឹម​ក្នុងឱកាស​ស្វែងរក​ជនរងគ្រោះ​ទាំង ៥៥ នាក់​ដែល​កំពុង​បាត់​ខ្លួន គឺ​នៅមាន​តិចតួច​ណាស់។

    កងទ័ព​ឥណ្ឌា បានប្រកាសថា ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​ដល់​ការស្វែងរក និង​សង្គ្រោះ។

    ក្នុង​ខែមិថុនា​នេះ រដ្ឋ​ជាច្រើន​នៅ​ភាគ​ឦសាន​របស់ ប្រទេស​ឥណ្ឌា និង​ប្រទេសជិតខាង បង់​ក្លា​ដែ​ស បាន​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង ១៥០ នាក់។ ក្រៅពីនេះ​ក៏មាន​មនុស្ស​រាប់លាន​នាក់​ត្រូវ​ភៀសខ្លួន​ពី​តំបន់​ទឹក​លិច ទៅរក​ទី​សុវត្ថិភាព នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ផ្ទះសំបែង​ជាច្រើន​ខ្នង​នៅក្នុង​តំបន់​ខាងលើ ត្រូវ​លិច​ក្នុង​ទឹកជំនន់៕

  • រុស្ស៊ី ដកទ័ព​ចេញពី​កោះ​នៅ​ជួរមុខ​របស់ អ៊ុយ​ក្រែ​ន ក្នុង​សមុទ្រ​ខ្មៅ

    រុស្ស៊ី ដកទ័ព​ចេញពី​កោះ​នៅ​ជួរមុខ​របស់ អ៊ុយ​ក្រែ​ន ក្នុង​សមុទ្រ​ខ្មៅ

    កងកម្លាំង​រុស្ស៊ី ប្រកាសថា «បានសម្រេច​ភារកិច្ច» និង​ដកទ័ព​ចេញពី​កោះ Zmiinyi នៅ​លម្ហ​សមុទ្រ​ខ្មៅ ជា​កាយវិការ​សុច្ឆន្ទៈ ដើម្បីឱ្យ អ៊ុយ​ក្រែ​ន នាំចេញ​កសិផល។

    «ជា​កាយវិការ​សុច្ឆន្ទៈ​មួយ កងកម្លាំងប្រដាប់អាវុធ​របស់ រុស្ស៊ី នា​ថ្ងៃទី ៣០ មិថុនា បានសម្រេច​ភារកិច្ច​នៅលើ​កោះ Zmiinyi និង​ដក​អង្គភាព​ចេញពី​ទីនេះ» ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។ «ប្រការនេះ​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​ឃើញថា រុស្ស៊ី មិន​រារាំង​ការប្រឹងប្រែង​របស់ អង្គការសហប្រជាជាតិ​ក្នុង​កម្ម​ភាព​មនុស្សធម៌ សម្រាប់​ការនាំចេញ​កសិផល​ពី​ទឹកដី​របស់ អ៊ុយ​ក្រែ​ន»។

    ក៏ប៉ុន្តែ ភាគី​ខាង​ទីក្រុង​កៀវ វិញ បាន​អះអាងថា មូលហេតុ​ដែល កងទ័ព​រុស្ស៊ី ដកថយ​ពី​កោះ​ខាងលើ គឺ​ដោយសារ​ត្រូវ​រង​ការវាយប្រហារ​ពី​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន។

    កោះ Zmiinyi ឬ​ហៅថា កោះ​ពស់ មាន​ទំហំ​ផ្ទៃដី​ប្រហែល ១៧ ហិកតា ស្ថិតនៅលើ​សមុទ្រ​ខ្មៅ (Black Sea) និង​មាន​ចម្ងាយ​ពី​កំពង់ផែ Odessa របស់ អ៊ុយ​ក្រែ​ន ប្រហែល ៣៥ គីឡូម៉ែត្រ។ មុនពេល​មាន​សង្គ្រាម កងកម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ប្រហែល ១០០ នាក់ ឈរជើង​ការពារ​នៅទីនេះ។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម រុស្ស៊ី បាន​ចូល​កាន់កាប់ និង​បាន​ចាប់ខ្លួន​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅលើ​កោះ​នេះ។

    ផែនទី​នៃ​កោះពស់ ឬ​កោះ Zmiinyi របស់ អ៊ុយក្រែន

    ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា «កងកម្លាំងប្រដាប់អាវុធ​របស់ រុស្ស៊ី នឹង​បន្ត​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន»។

    បើទោះជា​ហាក់​មិនមាន​ធនធានធម្មជាតិ ក៏ដូចជា​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍ ប៉ុន្តែ​កោះ Zmiinyi ដើរតួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​បណ្ដា​កប៉ាល់​ដឹកទំនិញ​នៅលើ​សមុទ្រ​ខ្មៅ ក្នុងនោះ​មាន​ទាំង​ផ្លូវទឹក​ចេញចូល​កំពង់ផែ Odessa ផងដែរ។ ដូច្នេះហើយ កោះ Zmiinyi គឺជា​គោលដៅ​ដែល​ភាគី​ខាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ប្ដេជ្ញា​ដណ្ដើមយក​មកកាន់​កាប់៕

  • ទ្រព្យ​ចំនួន ៣០ ពាន់​លាន​ដុល្លារ របស់ ក្រុម​អ្នកមាន​រុស្ស៊ី ត្រូវបាន​បង្កក​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ទ្រព្យ​ចំនួន ៣០ ពាន់​លាន​ដុល្លារ របស់ ក្រុម​អ្នកមាន​រុស្ស៊ី ត្រូវបាន​បង្កក​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក បានឱ្យដឹងថា ក្រុម​បេសកជន​អន្តររដ្ឋាភិបាល REPO បាន​បង្កក​ទ្រព្យសម្បត្តិ​ចំនួន ៣០ ពាន់​លាន​ដុល្លារ​របស់ ក្រុម​អ្នកមាន​រុស្ស៊ី នៅក្នុង​រយៈពេល ១០០ ថ្ងៃ​ដំបូង​នៃ​ការបំពេញ​ការងារ។

    «យើង​នឹង​បន្ត​បង្កើន​តម្លៃ​ដែល រុស្ស៊ី ត្រូវ​បង់​សម្រាប់​យុទ្ធនាការ​យោធា​របស់​ពួកគេ» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៩ មិថុនា ២០២២ ស្ដីពី​សកម្មភាព​របស់ REPO ដែល​រួមមាន សហរដ្ឋ​អាម៉េរិក, សហភាព​អឺរ៉ុប, អង់គ្លេស, អូស្ត្រាលី, កាណាដា, អាល្លឺម៉ង, បារាំង, អ៊ីតាលី និង ជប៉ុន។

    REPO ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មិនា ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​បទបញ្ជា​ដាក់ទណ្ឌកម្ម​សំដៅលើ​ក្រុមអ្នកមានអំណាច និង​មហាសេដ្ឋី​របស់ រុស្ស៊ី។

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ឱ្យដឹងថា ក្នុងការ​អនុវត្ត​បទ​បញ្ជា​ក្នុង​រយៈ ១០០ ថ្ងៃ​ដំបូង REPO បាន​បង្កក​ទ្រព្យ​ចំនួន ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ ក្រុម​អ្នកមាន​រុស្ស៊ី ដោយ​ការ​រឹបអូស​យក​នាវា​ទេសចរណ៍ និង​អចលនទ្រព្យ​របស់​ពួកគេ​ជាដើម។ ប្រាក់​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​នៅក្នុង​បណ្ដា​មូលនិធិ​ធនាគារកណ្ដាល​រុស្ស៊ី ក៏ត្រូវ​បាន​បង្កក។

    «សមាជិក​នានា​របស់ REPO នឹង​បន្ត​តាមដាន​ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី ដែល​ត្រូវ​ជាប់​ក្នុង​ទណ្ឌកម្ម» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក សង្កត់ធ្ងន់​ដូច្នេះ។

    ការ​បង្កក ឬ​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់ ក្រុមអ្នកមានអំណាច និង​មូលនិធិ​ធនាគារ​នានា​របស់ រុស្ស៊ី ត្រូវបាន​ធ្វើឡើង​ទៅតាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ឈ្លានពាន​របស់ កងទ័ព​ប្រទេស​នេះ ទៅលើ អ៊ុយ​ក្រែ​ន។

    ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា សកម្មភាព​ខាងលើនេះ​អាច​បំពាន​លើ​គោលការណ៍​ច្បាប់ និង​នាំឱ្យមាន​ករណី​ប្ដឹងតវ៉ា​ស្មុគស្មាញ។ រដ្ឋាភិបាល​ទីក្រុង​កៀវ កាលពី​ដើមខែ​នេះ​បាន​គណនា​ឃើញថា អ៊ុយ​ក្រែ​ន បាន​ខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ​អស់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារតែ​សង្គ្រាម៕