Author: សឿន សំណាង

  • កម្ពុជា​ រកឃើញកូវីដ-១៩ «​អូ​មី​ក្រុង​បំប្លែង​ថ្មី ដែលមាន​លទ្ធភាព​ឆ្លង​លឿន»

    កម្ពុជា​ រកឃើញកូវីដ-១៩ «​អូ​មី​ក្រុង​បំប្លែង​ថ្មី ដែលមាន​លទ្ធភាព​ឆ្លង​លឿន»

    កម្ពុជា បាន​រកឃើញ​វត្តមាន កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) បំប្លែង​ថ្មី BA4 និង BA5 ដែលមាន​លទ្ធភាព​ឆ្លង​លឿន និង​អាច​បង្ក​អាការរោគ​ធ្ងន់ធ្ងរ នេះ​បើតាម ក្រសួងសុខាភិបាល​កម្ពុ​ជា។

    កម្ពុជា បាន​រកឃើញ​វត្តមាន អូ​មី​ក្រុង​បំប្លែង​ថ្មី BA4 និង BA5 នេះ បន្ទាប់ពី​កូ​វីដ-១៩ បានចាប់ផ្ដើម​ឆ្លង​រាលដាល​ជាថ្មី រាប់​ចាប់ពី​ថ្ងៃទី ២៨ មិថុនា។

    អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា BA4 និង BA5 មានលទ្ធភាព​ឆ្លង​លឿន។ ការឆ្លង​អូ​មី​ក្រុង​ប្រភេទ BA4 និង BA5 នេះ ធ្វើឱ្យ​អ្នកជំងឺ ឈានទៅ​ភាព​ធ្ងន់ធ្ងរ ប្រសិន​មិនបាន​ចាក់​វ៉ាក់សាំង និង​មិន​អនុវត្តតាម​និតិ​វិធី​ព្យាបាល​ត្រឹមត្រូវ។

    រោគសញ្ញា​ដែល​បង្កឡើង​ដោយ BA4 និង BA5 មិន​ខុសប្លែកគ្នា​ពី ប្រភេទ​កូ​វីដ-១៩ ជំនាន់មុនៗនោះទេ ពោលគឺ មានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក និង​ហៀរ​សំបោរ​ជាដើម។

  • សហរដ្ឋ​អាម៉េរិក៖ បាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​គ្រួសារ សម្លាប់​មនុស្ស​ជាច្រើន​នាក់

    សហរដ្ឋ​អាម៉េរិក៖ បាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​គ្រួសារ សម្លាប់​មនុស្ស​ជាច្រើន​នាក់

    សារព័ត៌មាន​ក្នុងស្រុក​ដង​ស្រង់​ប្រភពព័ត៌មាន​ពី ប៉ូលិស​អាម៉េរិក បានឱ្យដឹងថា មនុស្ស ៣ នាក់​បាន​ស្លាប់ និង ២ នាក់​រងរបួស​កាលពី​ព្រឹក​ថ្ងៃទី ១០ កក្កដា ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​គ្រួសារ​មួយ​នៅ​តំបន់ Antelope Valley ក្នុង​រដ្ឋ California។

    ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ខាងលើ​រួមមាន បុរស ៤ នាក់ និង​ស្ត្រី​ម្នាក់ ក្នុងនោះ​មាន​បុរស ៣ នាក់​បាន​ស្លាប់​នៅនឹងកន្លែង។ អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​ស្ថានការណ៍ ក៏ដូចជា​មូលហេតុ​នៃ​ករណី​បាញ់ប្រហារ​នេះ​នៅឡើយ។

    នេះ​គឺជា​ករណី​បាញ់ប្រហារ​ថ្មី​បំផុត​នៅ សហរដ្ឋ​អាម៉េរិក។ មុន​នោះ កាលពី​ថ្ងៃទី ២៤ ឧសភា នៅ សហរដ្ឋ​អាម៉េរិក បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​សាលាបឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas បណ្ដាលឱ្យ​ក្មេង​ចំនួន ១៩ នាក់ និង​មនុស្សពេញវ័យ ២ នាក់​បាត់​បង់ជីវិត។

    កាលពី​ថ្ងៃទី ៤ កក្កដា នៅក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អាម៉េរិក ក៏​កើតមាន​ហេតុការណ៍​បាញ់ប្រហារ​ជាច្រើន បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ២២០ នាក់​ស្លាប់ និង​ជិត ៥៧០ នាក់​រងរបួស។

    ទិន្នន័យ​របស់ Gun Violence Archive ដែលជា​អង្គការ​តាមដាន​អំពើហិង្សា​ដែលមាន​ប្រើប្រាស់​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា ក្នុង​រដូវ​បុណ្យ​ឯករាជ្យ​អាម៉េរិក​ខាងលើ រដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ សហរដ្ឋ​អាម៉េរិក មាន​ហេតុការណ៍​បាញ់ប្រហារ​ជាង ៥០០ ករណី ក្នុងនោះ​មាន​យ៉ាងហោច ១១ ករណី ជា​អំពើ​បាញ់ប្រហារ​លើ​ហ្វូងមនុស្ស៕

  • បណ្ដា​ប្រទេស​​សេដ្ឋ​កិច្ច​​ទើប​តែ​​លេច​ធ្លោ​ ​​ប្រឈម​​នឹង​​រលក​​នៃ​​ហានិភ័យ​​ក្ស័យ​ធន​​ថ្មី

    បណ្ដា​ប្រទេស​​សេដ្ឋ​កិច្ច​​ទើប​តែ​​លេច​ធ្លោ​ ​​ប្រឈម​​នឹង​​រលក​​នៃ​​ហានិភ័យ​​ក្ស័យ​ធន​​ថ្មី

    ចំពោះ​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ហានិភ័យ​ក្ស័យធន និង​វិបត្តិ​បំណុល​លែង​នៅ​ជា​សេណារីយោ​ក្លែងក្លាយ​ទៀតហើយ។

    យោងតាម​បណ្ដាញសារព័ត៌មាន Bloomberg បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ទើបតែ​លេចធ្លោ ដូចជា អែល​សាល់​វ៉ា​ឌ័​រ, ហ្កា​ណា, អេ​ហ្ស៊ី​ប, ទុយ​នី​ស៊ី និង ប៉ា​គិ​ស្ថាន ជាដើម មាន​ហានិភ័យ​ប្រឈម​បញ្ហា​ក្ស័យធន​ជា​ប្រវត្តិសាស្ត្រ នៅពេល​រង​សម្ពាធ​ពី​ទម្ងន់​នៃ​ខ្ទង់​ប្រាក់​បំណុល​ជាង ២៥។

    «ចំពោះ​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ហានិភ័យ​ក្ស័យធន និង​វិបត្តិ​បំណុល​លែង​នៅ​ជា​សេណារីយោ​ក្លែងក្លាយ​ទៀតហើយ។ យើង​បាន​មកដល់​ដំណាក់​កាលនោះ​ហើយ» សេដ្ឋវិទូ Carmen Reinhart មកពី​ធនាគារពិភពលោក (WB) អះអាង​ដូច្នេះ។

    ក្នុង​រយៈពេល ៦ ខែ​កន្លង ចំនួន​ទីផ្សារ​ទើប​លេចធ្លោ​ដែលមាន​បំណុល​រដ្ឋាភិបាល (មូល​ប​ត្រ​បំណុល​របស់​រដ្ឋ) ត្រូវបាន​ជួញដូរ​ក្នុង​កម្រិត​លំបាក​ខ្លាំង បាន​កើនឡើង​ទ្វេដង។

    មូលហេតុ​មួយ​ផ្សេងទៀត​ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ត្រូវបាន​គេ​ជឿថា មាន​ប្រភពពី «បាតុភូត domino»។ បាតុភូត​នេះ​តែង​កើតឡើង​នៅពេល​អ្នកវិនិយោគ​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ព្រួយបារម្ភ ចាប់ផ្ដើម​ដក​ប្រាក់​ពី​បណ្ដា​ប្រទេស​ដែលមាន​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រហាក់ប្រហែល​នឹង​បណ្ដា​ប្រទេស​ដែល​បាន​ក្ស័យធន​មុន​នោះ។

    ប្រជាពលរដ្ឋ​ស្រីលង្កា កំពុង​ជួប​វិបត្តិ​ខ្វះថាមពល

    កាលពី​ខែមិថុនា ក្រុម​អ្នកវិនិយោគ​ត្រូវបាន​គេ​ដឹងថា បាន​ដក​មូល​ប​ត្រ​បំណុល និង​ភាគហ៊ុន​តម្លៃ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ទីផ្សារ​ទើប​លេចធ្លោ ដែល​នេះ​គឺជា​ខែ​ទី​បួន​ហើយ​ដែល​រលក​នៃ​ការដក​ប្រាក់​ត្រូវបាន​ធ្វើឡើង។

    ទន្ទឹមនឹង​ខាងលើ ករណី​ក្ស័យធន​ក៏​អាច​កើតឡើង​បន្ទាប់ពី​កើតមាន​អស្ថិរភាព​នយោបាយ​ក្នុងប្រទេស។ កាលពីដើម​ឆ្នាំនេះ ស្រីលង្កា គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្អាក​ការសង​បំណុល​ដល់​ម្ចាស់​មូល​ប​ត្រ​បំណុល​បរទេស ដោយសារតែ​វិបត្តិ​ស្បៀង និង​ថាមពល ធ្វើឱ្យ​កើតមាន​បាតុកម្ម បង្ក​អស្ថិរភាព​ផ្នែក​នយោបាយ។

    អ្នកជំនាញ Barclays បកស្រាយ​ថា «ប្រជាជន​កំពុង​ទទួលរង​ឥទ្ធិពល​ដោយសារ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ និង​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​ថាមពល។ នេះ​អាចជា​មូល​ហេតុដែល​នាំឱ្យមាន​អស្ថិរភាព​នយោបាយ»។

    ថ្មីៗនេះ កាលពី​ថ្ងៃទី ៩ កក្កដា រដ្ឋធានី​កូឡុំបូ របស់ ស្រីលង្កា បាន «ញាប់​ញ័រ» ដោយសារតែ​បាតុកម្ម​ធំ។ ក្រុមបាតុករ​នាំគ្នា​សម្ដែង​មតិ​អំពី​ការលំបាក​ដែល​ពួកគេ​បាន និង​កំពុង​ជួប។ ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី Ranil Wickremesinghe ក៏បាន​ប្រកាសថា នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ១៣ កក្កដា ដើម្បី​ធានា​ចំពោះ​ដំណើរ​ការប្រគល់អំណាច​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី។

    បាតុកម្មនៅ​ ប្រទេស​ស្រីលង្កា នាពេលថ្មី​ៗនេះ

    ស្រីលង្កា បាន​ឆ្លងកាត់​វិបត្តិ​ខ្វះ​ស្បៀង និង​ថាមពល​អស់​ជាច្រើន​ខែ​មកហើយ។ បញ្ហា​ដាច់​ភ្លើង​បានអូសបន្លាយ ចំណែក​អតិផរណា​ក៏​ហក់​ឡើង​ខ្ពស់ បន្ទាប់ពី​អស់​រូបិយប័ណ្ណ​បរទេស មិនអាច​នាំចូល​ទំនិញសំខាន់ៗពី ធ្វើឱ្យ​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​នេះ បាន​កើតឡើង​ពិតប្រាកដ។ តម្លៃ​របស់​ទំនិញសំខាន់ៗបំផុត​នៅ ស្រីលង្កា បាន​កើនឡើង​ខ្ពស់ជាង​មុន ៣ ដង ក្នុងអំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ៕

  • បក្ស​របស់លោក ស៊ីន​ហ្សូ អា​បេ (Shinzo Abe) ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន

    បក្ស​របស់លោក ស៊ីន​ហ្សូ អា​បេ (Shinzo Abe) ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន

    គណបក្ស​របស់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ទទួលបាន​កៅអី​ភាគច្រើន​នៅ សភា​ជាន់ខ្ពស់​ជប៉ុន នៅពេល​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ត្រូវបាន​គេ​ធ្វើឃាត។

    គណបក្ស​ប្រជា​ធិ​បិ​ប​តេ​យ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច និង​សម្ព័ន្ធមិត្ត Komeito ដណ្ដើមបាន​កៅអី​ចំនួន ៧៥ ក្នុងចំណោម ១២៥ កៅអី​ដែល​ត្រូវបាន​បោះឆ្នោត​នៅ សភា​ជាន់ខ្ពស់​ជប៉ុន និង​កាន់កាប់​សំឡេង​ភាគច្រើន​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ១០ កក្កដា។

    LDP និង Komeito គឺជា​ក្រុម​ដែល​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​ទៅតាម​លទ្ធិ​សន្តិភាព ពួកគេ​អាច​លើកកម្ពស់​តួនាទី​របស់ កងទ័ព​ជប៉ុន នៅលើ​ពិភពលោក ហើយ​នេះ​គឺជា​គោលដៅ​ដែល​លោក អា​បេ ធ្លាប់បាន​តាម​ចាប់​នាពេល​កន្លង។

    ការបោះឆ្នោត​សភា​ជាន់ខ្ពស់​របស់ ជប៉ុន ត្រូវបាន​ធ្វើឡើង ២ ថ្ងៃ​បន្ទាប់ពី​លោក អា​បេ ត្រូវបាន​ខ្មាន់កាំភ្លើង​ធ្វើឃាត នៅពេល​លោក​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​ខេត្ត Nara។ ករណី​ឃាត​កម្មនេះ ត្រូវបាន​គេ​អះអាងថា មាន​ឥទ្ធិពល​លើ​ការបោះឆ្នោត បើទោះជា​នៅមុន​ការបោះឆ្នោត LDP និង Komeito ត្រូវបាន​ព្យាករ​ថា នឹង​រកបាន​សំឡេង​ភាគច្រើន​នៅ​សភា​ជាន់ខ្ពស់។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​បាញ់​ប្រហារ​​ដោយ​ប្រើប្រាស់កាំភ្លើង​កែច្នៃ​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​នេះ​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​។

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​នេះ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara៕

     

  • អ៊ុយ​ក្រែ​ន ប្រកាស​ឱ្យ​ទាហាន​ខ្ទង់លាន​នាក់ វាយ​ដណ្ដើមយក​ភាគខាងត្បូង​មកវិញ

    អ៊ុយ​ក្រែ​ន ប្រកាស​ឱ្យ​ទាហាន​ខ្ទង់លាន​នាក់ វាយ​ដណ្ដើមយក​ភាគខាងត្បូង​មកវិញ

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានចេញ​បញ្ជា​ឱ្យ​កងទ័ព​ប្រទេស​នេះ ប្រមូល​កម្លាំង ១ លាន​នាក់ ដើម្បី​វាយ​ដណ្ដើមយក​តំបន់​ភាគខាងត្បូង​ប្រទេស​ដែល​បច្ចុប្បន្ន​ត្រូវបាន​កាន់កាប់​ដោយ រុស្ស៊ី។

    អនុវត្ត​បទបញ្ជា​រប​ស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កងទ័ព​ប្រទេស​នេះ​បាន​ប្រមូល​កម្លាំង​ដើម្បី​ដណ្ដើមយក​តំបន់​ទាំងឡាយ​នៅ​ភាគខាងត្បូង នេះ​បើតាម រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន Alexey Reznikov ដែល​បាន​ប្រាប់​សារព័ត៌មាន Times របស់ អង់គ្លេស កាលពី​ថ្ងៃទី ១០ កក្កដា។

    «យើង​មាន​ទាហាន​ប្រហែល ៧០០,០០០ នាក់ ក្នុង​ជួរ​កងទ័ព ហើយ​បើ​បូករួម​ទាំង​ឆ្មាំ​ការពារជាតិ ប៉ូលិស កម្លាំង​ការពារ​ព្រំដែន យើង​នឹងមាន​ប្រហែល ១ លាន​នាក់» លោក Reznikov ឱ្យដឹង​ដូច្នេះ ។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ៊ុយ​ក្រែ​ន អាច​ប្រមូល​កម្លាំង​ដ៏​ធំ​សម្បើម​បែបនេះ​បានដែរ ឬ​យ៉ាងណា​នៅឡើយ ដោយសារតែ​កងទ័ព​ប្រទេស​នេះ​បាន​រង​ការខូចខាត​យ៉ាងដំណំ​រួចទៅហើយ។

    កងទ័ព​រុស្ស៊ី បច្ចុប្បន្នកំពុង​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​នៅ Donetsk បន្ទាប់ពី​បានប្រកាសថា គ្រប់គ្រង Lugansk បាន​ទាំងស្រុង ដើម្បី​ឆ្ពោះទៅរក​គោលដៅ «រំដោះ» តំបន់ Donbass។

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)

    សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)

    នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

    សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។

    ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕

  • ប្រធានាធិបតី​អាម៉េរិក ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

    ប្រធានាធិបតី​អាម៉េរិក ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

    ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក​​ លោក​ ចូ បៃដិន បាន​ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង​នៅ សេតវិមាន​ បណ្ដា​អគារ​រដ្ឋ តំបន់​សាធារណៈ និង​មូលដ្ឋាន​កងទ័ព​ រហូត​ដល់​ដំណាច់​ថ្ងៃ​ទី ១០ កក្កដា ដើម្បី​រំលឹក​ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ដែលទើប​តែ​បាន​ទទួល​មរណភាព​​ក្នុងករណី​ឃាត​កម្ម​​កាលពី​ម្សិលមិញ​ (៨ កក្កដា)។

    នៅ​ក្នុង​ប្រកាស​កាលពី​ម្សិលមិញ លោក បៃដិន សង្កត់ធ្ងន់ថា លោក Abe គឺជា​មិត្ត​ស្មោះ​ស្ម័គ្រ​របស់​ សហរដ្ឋ​អាម៉េរិក និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​​ប្រធានាធិបតី​ទាំង​ឡាយ​របស់​បក្ស​ទាំង​ពីរ​ ដើម្បី​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូចជា​ជំរុញ​ចក្ខុវិស័យ​ស្ដីពី​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែលប្រកប​ដោយ​​​សេរីភាព​ និង​បើក​ទូលាយ​។

    ប្រធានាធិបតី​ បៃដិន ក៏​បាន​ផ្ញើការ​ចូល​រួម​រំលែក​ទុក្ខ​ដល់គ្រួសារ​លោក Abe។ លោក បៃដិន យល់​ថា ការ​វាយប្រហារ​បែប​នេះ​មិន​​ត្រូវ​បាន​ទទួលយក​ជា​ដាច់​ខាត​ ហើយ​អំពើហិង្សា​ទាក់ទង​នឹង​គ្រឿង​ផ្ទុះ​តែង​តែ​បន្សល់​ទុក​ស្លាកស្នាម​យ៉ាង​ជ្រៅ​នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​។

    លោក​ បៃ​ដិន ក៏​បាន​ឱ្យ​ដឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ ស្ថានទូត​ជប៉ុន នៅ វ៉ាស៊ីងតោន ដើម្បី​ចុះហត្ថលេខា​លើ​បញ្ជី​ចូល​រួម​រំលែក​ទុក្ខ​ បន្ទាប់​ពី​ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe បាន​ទទួល​មរណភាព​ដោយ​សារ​អំពើ​ឃាតកម្ម។ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បញ្ជាក់​ថា «ជប៉ុន គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​» របស់ សហរដ្ឋ​អាម៉េរិក៕

  • សហរដ្ឋអាម៉េរិក ​ជញ្ជូន​​គ្រឿង​អាវុធ​តម្លៃ​​ ៤០០​ លាន​​ដុល្លារ ​ទៅ​​ឱ្យ​ ​អ៊ុយក្រែន

    សហរដ្ឋអាម៉េរិក ​ជញ្ជូន​​គ្រឿង​អាវុធ​តម្លៃ​​ ៤០០​ លាន​​ដុល្លារ ​ទៅ​​ឱ្យ​ ​អ៊ុយក្រែន

    មន្ត្រីការ​ពារជាតិ​មួយ​រូប​របស់ សហរដ្ឋ​អាម៉េរិក​ កាលពី​ថ្ងៃទី ៨ កក្កដា​ បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាម៉េរិក នឹង​ដឹក​ជញ្ជូន​សម្ភារ​យោធា​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ​ ទៅ​ឱ្យ​ អ៊ុយក្រែន​។

    យោង​តាម​មន្ត្រី​ខាងលើ​ យោធូបករណ៍​ដែល​ អាម៉េរិក បញ្ជូន​ទៅ​ឱ្យ​ អ៊ុយក្រែន​ លើក​នេះ​​ រួម​មាន ប្រព័ន្ធ​មីស៊ីល​ទំនើប​ចំនួន ៤ ឈុត ដើម្បី​ជួយ​ឱ្យ​​ ទីក្រុង​កៀវ​ ការ​ពារ​ខ្លួន​នៅ​តំបន់​ Donbass ភាគ​ខាង​កើត​ប្រទេស​នេះ​។

    មុន​នោះ សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ប្រតិកម្ម​រហ័ស​ចំនួន ៨ ឈុត​ទៅ​ឱ្យ​ អ៊ុយក្រែន​ ហើយ​បច្ចុប្បន្ន ប្រព័ន្ធ​អាវុធ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​។ ជំនួយ​យោធា​ថ្មី​បំផុត​របស់​ សហរដ្ឋ​អាម៉េរិក នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល រុស្ស៊ី ទើប​តែ​បាន​ប្រកាស​ថា បាន​គ្រប់​គ្រង​ខេត្ត Luhansk ទាំង​ស្រុង​ នៅ​ក្នុង​តំបន់ Donbass បើទោះ​ក្រុម​មន្ត្រី​របស់ អ៊ុយក្រែន យល់​ថា កង​ទ័ព​ប្រទេស​នេះ​នៅ​តែ​គ្រប់​គ្រង​មួយ​ភាគ​របស់​ខេត្ត​ Luhansk​ ចំណែក​ការ​ប្រយុទ្ធ​គ្នា​ក៏​កំពុង​កើត​ឡើង​នៅ​ទីនេះ​។

    នេះ​គឺជាកញ្ចប់​ជំនួយ​ជា​អាវុធ​ និង​ឧបករណ៍​យោធា​ទី ១៥ ដែល សហរដ្ឋ​អាម៉េរិក ផ្ដល់​ឱ្យ អ៊ុយក្រែន រាប់ចាប់​ពី​ខែ​សីហាឆ្នាំ​កន្លង​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋអាម៉េរិក បាន​ផ្ដល់​ជំនួយ​ដល់​ អ៊ុយក្រែន សរុប​ជា​ទឹក​ប្រាក់​ ៧.៣ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធាពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ៕

  • អតីត​មេបញ្ជាការ​កងទ័ព​ណាតូ ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​ស្ពានគ្រីមៀរបស់​ រុស្ស៊ី ដែល​វែង​ជាង​គេ​នៅ អឺរ៉ុប

    អតីត​មេបញ្ជាការ​កងទ័ព​ណាតូ ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​ស្ពានគ្រីមៀរបស់​ រុស្ស៊ី ដែល​វែង​ជាង​គេ​នៅ អឺរ៉ុប

    ឧត្តមសេនីយ៍ Philip Breedlove ដែល​ធ្លាប់​ជា​អគ្គមេបញ្ជាការ​កងទ័ព​ណាតូ ប្រចាំ អឺរ៉ុប ពី​ឆ្នាំ​ ២០១៣ ដល់ ២០១៦ បាន​ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​​ស្ពានគ្រីមៀ (Crimea) ឬ​ហៅ​ថា ស្ពាន Kerch និង​បាន​ហៅ​វា​ថា​ជា​ «គោល​ដៅ​ស្រប​ច្បាប់»។

    «ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​នៅ​ពេល​ រុស្ស៊ី បារម្ភ​អំពីស្ពាន Kerch។ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ» អតីត​មេបញ្ជាការ​របស់​ណាតូ ឱ្យ​ដឹង​ដូច្នេះ​ និង​បាន​អះអា​ងថា «បច្ចុប្បន្ន លោក​ខាងលិច​បាន​ផ្ដល់មីស៊ីល Harpoon ​ឱ្យ អ៊ុយក្រែន​ (អាច​បាញ់​បាន​ចម្ងាយ​ជាង​ ៣០០ គីឡូម៉ែត្រ) ដូច្នេះ​ ខ្ញុំ​គិត​ថា រុស្ស៊ី មាន​មូលហេតុ​ដើម្បី​បារម្ភ​អំពី​ការ​ដែល​ អ៊ុយក្រែន​ វាយ​កម្ទេច​ស្ពាន​នេះ»។

    លោក Philip យល់​ថា «ខ្ញុំ​បាន​ឮមនុស្ស​ជា​ច្រើន​ដាក់​សំនួរ​ថា តើ​ អ៊ុយក្រែន មាន​សិទ្ធិ​ធ្វើសកម្មភាព​បង្ក​ហេតុ​ដូច្នេះ​ ឬអត់ ហើយ​តើ​លោក​ខាងលិច​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​ ឬ​ទេ​ ប៉ុន្តែ ខ្ញុំ​មិន​យល់​សោះ​អំពី​ការ​អះអាង​នោះ​។ រុស្ស៊ី បាន​វាយប្រហារ​មិន​ត្រឹម​តែ​ពី​ក្នុង​ទឹក​ដី​របស់ អ៊ុយក្រែន នោះទេ តែ​ថែមទាំង​វាយ​ប្រហារ​ពី​ ទឹកដី​រុស្ស៊ី បេឡារូស គ្រីមៀ និង​ សមុទ្រ​ខ្មៅ ទៀត​ផង»។

    ក្រុមមន្ត្រី​នៅ គ្រីមៀ និង រុស្ស៊ី បាន​ព្រមាន​ជា​ច្រើនលើក​ចំពោះ​​សកម្មភាព​បង្ក​ហេតុ​ដែល​សំដៅ​លើ​ស្ពាន​នៅ គ្រីមៀ ដោយ​យល់​ថា ការ​កម្ទេច​ស្ពាន​នេះ​ មិនខុស​អ្វី​ទៅ​នឹង​អំពើ​ភេរវកម្ម។ វិមាន​ក្រឹមឡាំង បាន​អះអាង​ថា រាល់​វិធានការ​ចាំបាច់​នឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ការ​ពារ​ស្ពាន​។

    ស្ពាន Kerch ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែ​ឧសភា ២០១៨ ហើយ​បាន​ក្លាយជា​សំណង់​ដែលសំខាន់​ចំពោះ​ការ​តភ្ជាប់​ ឧបទ្វីប​គ្រីមៀ ជាមួយ​នឹង​ទឹក​ដី​របស់ រុស្ស៊ី៕​

  • ជនសង្ស័យ​សារភាព​ប្រាប់​អំពី​មូលហេតុ​នៃការ​ធ្វើ​ឃាត​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe

    ជនសង្ស័យ​សារភាព​ប្រាប់​អំពី​មូលហេតុ​នៃការ​ធ្វើ​ឃាត​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe

    ជនសង្ស័យ Yamagami បាន​សារភាព​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើឃាត​លើលោក​ Abe ក៏ព្រោះ​តែ​យល់​ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​មួយ​ដែល​ជន​នេះ​ស្អប់ នេះ​បើ​តាម​អ្នក​នាំពាក្យ​ប៉ូលិស​ខេត្ត Nara។

    យោង​តាម​ប៉ូលិស ជនសង្ស័យ Yamagami Tetsuya អាយុ ៤១ ឆ្នាំ និង​ជា​អតីត​សមាជិក​កងកម្លាំង​ការ​ពារ​សមុទ្រ​ជប៉ុន បាន​និយាយ​ថា ការ​កំណត់​គោល​ដៅលើ​លោក Abe «មិន​មែន​ជា​រឿង​នយោបាយ​ឡើយ»។ សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ដើម្បី​បញ្ជាក់​ថា លោក​ Abe មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ដែល​ជនសង្ស័យ​បាន​សារភាព​ដែរ​ ឬ​អត់ ប៉ុន្តែ មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ឈ្មោះ​របស់​អង្គការ​នេះ​ទេ។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe វ័យ ៦៧ ឆ្នាំ​ ត្រូវ​បាន​ជនសង្ស័យ​បាញ់​ពី​ក្រោយ​នៅ​ពេល​លោក​កំពុង​ថ្លែង​ឃោសនា​រកសំឡេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ Nara នៃ​ខេត្ត Nara។ នៅ​ពេល​បាញ់​ប្រហារ​ ជនសង្ស័យ​ Yamagami ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក Abe។

    លោក Abe ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ស្ថានភាព​បាត់បង់ស្មារតី។ វេជ្ជបណ្ឌិត​ ២០ នាក់ បាន​ចូល​រួម​ជួយ​សង្គ្រោះ​លោក Abe ប៉ុន្តែ​មិន​អាច​ឃាត់​ឈាម​បាន​។ អតីតនាយក​រដ្ឋមន្ត្រី​ជប៉ុន ត្រូវ​បាន​ប្រកាស​ថា បាន​ទទួល​មរណភាព​ដោយ​សារ​បាត់​បង់​ឈាម​ច្រើន​ពេក​។