Author: សឿន សំណាង

  • កូរ៉េខាងជើង ប្រកាសថា បាន​ត្រៀម​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ

    កូរ៉េខាងជើង ប្រកាសថា បាន​ត្រៀម​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ

    មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន បានឱ្យដឹងថា ទីក្រុង​ព្យុងយ៉ាង បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រមូល និង​ពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ ដើម្បី​ប្រឈមមុខ​នឹង​ការផ្ទុះ​សង្គ្រាម​ជាមួយ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង។

    «ជាថ្មី​ម្ដងទៀត ខ្ញុំ​អះអាងថា កូរ៉េខាងជើង តែងតែ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​កំញើញ​ដោយ​អាវុធ​នុយ​ក្លេ​អែរ ចំពោះ​ការប្រឈមមុខ​ជាមួយ សហរដ្ឋ​អាម៉េរិក» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថ្ងៃនេះ ដកស្រង់​សម្ដី​របស់លោក គីម ជុង​អុន ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប ៦៩ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ។

    លោក គីម ជុង​អុន ក៏បាន​ព្រមាន​ដល់ អាជ្ញាធរ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដោយបាន​ឱ្យដឹងថា រាល់​ការប្រឹងប្រែង​ក្នុងការ​វាយប្រហារ​លើ កូរ៉េខាងជើង នឹង​ត្រូវបាន​ឆ្លើយតប​ដោយ «ការ​ប្រល័យ»។ លោក​បន្តថា «អាជ្ញាធរ និង កងទ័ព​កូរ៉េខាងត្បូង ពិតជា​ខុស​ធ្ងន់ បើសិន​ពួកគេ​ជឿថា អាច​បិទ​ដំណើរការ ឬ​កម្ទេច​មួយផ្នែក​នៃ​កងទ័ព​របស់ កូរ៉េខាងជើង ដោយ​វិធានការ​យោធា»។

    ការព្រមាន​របស់លោក គីម ជុង​អុន ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល ក្រុមមន្ត្រី​អាម៉េរិក និង កូរ៉េខាងត្បូង ច្រើន​ខែ​មកនេះ យល់ថា កូរ៉េខាងជើង បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី ៧ នៅ​វាល​តេស្ត​នុយ​ក្លេ​អែរ​ក្រោម​ដី Punggye-ri។ នេះ​នឹង​ក្លាយជា​ការសាកល្បង​នុយ​ក្លេ​អែរ​ដំបូង​របស់ ទីក្រុង​ព្យុងយ៉ាង រាប់​ចាប់តាំងពី​ខែកញ្ញា ២០១៧។

    «ពិបាក​ក្នុង​ការរកឃើញ​តួលេខ​ច្បាស់លាស់ ប៉ុន្តែ យើង​យល់ថា កូរ៉េខាងជើង ចម្រាញ់​សារធាតុ ប្លា​តូ​នី​ញ៉ូ​ម និង​អ៊ុយ​រ៉ា​ញ៉ូ​ម (plutonium and uranium) បាន​ប្រហែល ១០% បន្ថែមទៀត» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Lee Jong-sup ថ្លែង​នៅក្នុង​សភា​កាលពី​ថ្ងៃទី ២៦ កក្កដា បន្ទាប់ពី​ត្រូវបាន​សួរថា កូរ៉េខាងជើង ផលិត​អាវុធ​នុយ​ក្លេ​អែរ បាន​ប៉ុន្មាន​ហើយ រាប់​ចាប់​ពីក្រោយ​សន្និសីទ​កំពូល​កូរ៉េខាងត្បូង-កូរ៉េខាងជើង កាលពី​ខែមេសា ២០១៨។

    លោក Lee ជឿថា កូរ៉េខាងជើង អាច​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ គ្រប់ពេល អាស្រ័យ​លើ​មេដឹកនាំ គីម ជុង​អុន។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង អធិប្បាយ​ថា កម្មវិធី​នុយ​ក្លេ​អែរ របស់ កូរ៉េខាងជើង គឺជា «ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ»៕

  • កូរ៉េខាងត្បូង នឹង​បាញ់​បង្ហោះ​យានអវកាស​ដំបូង ឡើងទៅ​ឋាន​ព្រះ​ចន្ទ

    កូរ៉េខាងត្បូង នឹង​បាញ់​បង្ហោះ​យានអវកាស​ដំបូង ឡើងទៅ​ឋាន​ព្រះ​ចន្ទ

    កូរ៉េខាងត្បូង ជិត​បាន​ក្លាយជា​ប្រទេស​ទី ៧ ក្នុង​ពិភពលោក​ដែល​បាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ដំបូង​របស់ខ្លួន ដែល​គ្រោង​នឹង​គោចរ​ជុំវិញ​ភព​រណប​នេះ​យ៉ាងតិច ១ ឆ្នាំ។

    Korea Pathfinder Lunar Orbiter (KPLO) ដែលជា​យានអវកាស​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ដំបូង​របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ដោយ​ប្រើប្រាស់​រ៉ុក្កែត Falcon 9 របស់ SpaceX ពី​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral នៅ Florida សហរដ្ឋ​អាម៉េរិក ក្នុង​ថ្ងៃទី ២ សីហា​ខាងមុខ។

    កាលពី​ខែឧសភា​ឆ្នាំនេះ KPLO ត្រូវបាន​ដាក់ឈ្មោះថា Danuri ដែលជា​ពាក្យ​រួមផ្សំ​ពី​ពាក្យ «ព្រះ​ចន្ទ» និង «រីករាយ» ក្នុង​ភាសា​កូរ៉េ។ បេសកកម្ម​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ជំហាន​ដំបូង​ក្នុង​កម្មវិធី​អវកាស​ឆ្ងាយ​របស់ កូរ៉េខាងត្បូង ដែល​រួមមាន ការនាំ​រ៉ូ​បូត​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០៣០ និង​បេសកកម្ម​នាំយក​សំណាក​ដី​ព្រះ​ចន្ទ​មកកាន់​ផែនដី។

    Danuri មាន​ទម្ងន់​ប្រហែល ៤១៨ គីឡូក្រាម, ទទឹង ១.៨២ ម៉ែត្រ, បណ្ដោយ ២.១៤ ម៉ែត្រ និង​កម្ពស់ ២.២៩ ម៉ែត្រ។ វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ចរណ៍​កូរ៉េខាងត្បូង (KARI) បានឱ្យដឹងថា Danuri ស្រាល​ជាង​យានអវកាស​របស់​ប្រទេស​ដទៃ។

    Danuri នឹង​ត្រូវបាន​បំពាក់​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន ៦ ក្នុងនោះ ៥ ឧបករណ៍​ត្រូវបាន​អភិវឌ្ឍ​ដោយ​ស្ថាប័ន​ក្នុងស្រុក ខណៈដែល​ឧ​បរ​កណ៍ ១ ទៀត​គឺជា​ការផ្គត់ផ្គង់​របស់ ណា​សា។ ឧបករណ៍​ទាំងនេះ​រួមមាន ម៉ាស៊ីន​ថត​ភូមិសាស្ត្រ​ឋាន​ព្រះ​ចន្ទ (LUTI), កាមេរ៉ា PolCam, ឧបករណ៍​វាស់​ដែនម៉ាញេទិច KMAG, ឧបករណ៍​វាស់​កាំរស្មី​ហ្គា​ម៉ា KGRS, ឧបករណ៍ DTNPL និង កាមេរ៉ា​កម្លាំង​ខ្លាំង ShadowCam របស់ ណា​សា។

    តាម​គម្រោង Danuri នឹង​ហោះ​ទៅដល់​ឋាន​ព្រះ​ចន្ទ​ប្រហែល​ពាក់កណ្ដាល​ខែធ្នូ។ យានអវកាស​នេះ​នឹង​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​យ៉ាងតិច​មួយឆ្នាំ។ ភារកិច្ច​របស់ Danuri គឺ​ការ​វាស់​ដែន​ម៉ាញេទិក​នៃ​ឋាន​ព្រះ​ចន្ទ និង​វាយតម្លៃ​លើ​ប្រភពធនធាន​ដូចជា ទឹកជា​ដើម និង​គូរផែនទី​ដើម្បី​ជួយ​ដល់​ការជ្រើសរើស​ទីតាំង​ចុះចត​នៅពេល​អនាគត៕

  • ក្រពើ​ខ្នាត​យក្ស​ស៊ីសាច់​អ្នកនេសាទ ត្រូវ​ប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន

    ក្រពើ​ខ្នាត​យក្ស​ស៊ីសាច់​អ្នកនេសាទ ត្រូវ​ប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន

    (ឥណ្ឌូណេស៊ី)-សាកសព​របស់​អ្នកនេសាទ​ម្នាក់​ឈ្មោះ Samsul Bahri ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​របស់​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៨ មែត្រ នៅក្នុង​ខេត្ត Kalimantan ខាងជើង កាលពី​ថ្ងៃទី ២២ កក្កដា។

    សត្វ​ក្រពើ​ខ្នាត​ធំ​នេះ​ត្រូវ​ក្រុមប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន ក្រោយពី​វា​បាន​ស៊ីសាច់​អ្នកនេសាទ​ម្នាក់​អាយុ ៤៥ ឆ្នាំ នៅ ឥណ្ឌូណេស៊ី។ Samsul Bahri ត្រូវបាន​ក្រពើ​លប​ខាំ និង​ស៊ី​ជា​អាហារ​កាលពី​ថ្ងៃទី ១៩ កក្កដា ពេល​កំពុង​រក​បង្គា​នៅលើ​ទន្លេ Semaja ក្នុងស្រុក Nunukan នៃ​ខេត្ត Kalimantan ខាងជើង នេះ​បើតាម Daily Star។

    សមត្ថកិច្ច​ក្នុង​តំបន់ បាន​តាមរក​សត្វ​ក្រពើ​ខាងលើ​អស់ ៣ ថ្ងៃ​មកហើយ បន្ទាប់ពី​ជនរងគ្រោះ​បាន​បាត់​ខ្លួន។ ក្រុមប៉ូលិស​បាន​រកឃើញ និង​ចាប់បាន​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៤.៩ ម៉ែត្រ និង​មួយ​ក្បាល​ទៀត​ប្រវែង ៤ ម៉ែត្រ។ ប៉ុន្តែ ក្រោយ​ការពិនិត្យ សមត្ថកិច្ច​មិនបាន​ឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​ពោះ​ក្រពើ​ទាំង​នេះឡើយ។

    ថ្ងៃទី ២២ កក្កដា ក្រុម​បុគ្គលិក​ស្វែងរក​ក៏បាន​ដាក់​អន្ទាក់ និង​ចាប់បាន​ក្រពើ​មួយ​ក្បាល​ប្រវែង​ជិត ៨ ម៉ែត្រ ហើយ​ក៏បាន​បាញ់ថ្នាំ​សណ្ដំ។ ពួកគេ​រកឃើញ​ដៃជើង និង​ឆ្អឹង​មនុស្ស​នៅក្នុង​ពោះ​ក្រពើ​នេះ ដូច្នេះ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា សាកសព​នេះ​គឺជា​របស់ Samsul។

    ទន្លេ Semaja ក៏ដូចជា​ប្រជុំ​កោះ ឥណ្ឌូណេស៊ី ទាំងមូល គឺជា​ជម្រក​របស់​សត្វ​ក្រពើ​ចំនួន ១៤ ប្រភេទ។ ក្រពើ​នៅក្នុង​តំបន់​ច្រក​ទន្លេ ភាគច្រើន​ជា​ប្រភេទធំៗ និង​កាច​សាហាវ។ Dede Hariana ប្រធាន​អង្គភាព​សង្គ្រោះ Tarakan ឱ្យដឹងថា ករណី​មនុស្ស​ត្រូវ​ក្រពើ​វាយប្រហារ​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់ ភាគច្រើន​គឺ​នៅក្នុង​បណ្ដា​ភូមិ​ជាប់​មាត់ទន្លេ។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន៕

  • New York ស្នើឱ្យ WHO ប្ដូរ​ឈ្មោះ​ជំងឺ​អុត​ស្វា (Monkeypox)

    New York ស្នើឱ្យ WHO ប្ដូរ​ឈ្មោះ​ជំងឺ​អុត​ស្វា (Monkeypox)

    New York ដែលជា​ទីក្រុង​មាន​ករ​ណី​ឆ្លង​ជំងឺ​អុត​ស្វា​ច្រើនជាងគេ​នៅ សហរដ្ឋ​អាម៉េរិក បានស្នើ​ឱ្យ អង្គការ​សុខភាព​ពិភពលោក (WHO) ប្ដូរ​ឈ្មោះ​ជំងឺ​នេះ ព្រោះតែ​បារម្ភ​ថា ឈ្មោះ​អុត​ស្វា​នេះ​អាចធ្វើឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ខ្មាសអៀន ប៉ះពាល់​ដល់​ផ្លូវចិត្ត។

    «យើងខ្ញុំ​កាន់តែ​បារម្ភ​អំពី​បាតុភូត​ដែលមាន​លក្ខណ​អវិជ្ជមាន និង​ការរើសអើង​ដែល​ឈ្មោះ​វីរុស​អុត​ស្វា​អាច​ប៉ះពាល់​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ» Ashwin Vasan សមាជិក​គណៈកម្មការ​សុខាភិបាល​ទីក្រុង New York សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់ ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី ២៦ កក្កដា។

    Vasan បាន​រម្លឹក​ដល់​ការដែល WHO កាលពី​ខែ​កន្លង​ក៏បាន​ស្នើឱ្យ​ប្ដូរ​ឈ្មោះ​វីរុស​អុត​ស្វា​នេះ។ លោក​ឱ្យដឹងថា «ពាក្យ​ដូចជា អុត​ស្វា មាន​ប្រភពពី​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​អំពី​ការរើសអើង​ពូជសាសន៍​ដ៏​សោកសៅ​ចំពោះ​សហគមន៍​ជនជាតិ​ស្បែក​ខ្មៅ»។

    លោក Vasan ក៏បាន​បញ្ជាក់ថា ជំងឺ​នេះ តាមពិត​មិនមាន​ប្រភពពី​សត្វ​ស្វា​ឡើយ ប៉ុន្តែ ត្រូវបាន​ដាក់ឈ្មោះ​នេះ​ដោយសារតែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​អត្តសញ្ញាណ​របស់​វីរុស តាមរយៈ​ការពិសោធ​លើ​សត្វ​ស្វា​នៅក្នុង​បន្ទប់ពិសោធន៍។

    Vasan ក៏បាន​និយាយ​អំពី​ផលប៉ះពាល់​អវិជ្ជមាន​ទាក់ទិន​នឹង​ព័ត៌មាន​មិន​ពិត​នៅក្នុង​ដំណាក់កាល​វីរុស HIV ទើបតែ​បង្ហាញ​វត្តមាន​ដំបូង ក៏ដូចជា​គ្រោះ​នៃ​ការរើសអើង​ពូជសាសន៍​ដែល​សហគមន៍​ជនជាតិ​អាស៊ី​ត្រូវ​ប្រឈមមុខ បន្ទាប់ពី អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​ហៅ nCoV (កូ​វីដ-១៩) ថា «វីរុស​ចិន»។

  • កម្ពុជា គឺជា​ប្រទេស «សោកសៅ​បំផុត» នៅ​អាស៊ីអាគ្នេយ៍! ការ​ស្ទង់​មតិ​របស់​ Gallup ​បង្ហាញ​​ដូច្នេះ

    កម្ពុជា គឺជា​ប្រទេស «សោកសៅ​បំផុត» នៅ​អាស៊ីអាគ្នេយ៍! ការ​ស្ទង់​មតិ​របស់​ Gallup ​បង្ហាញ​​ដូច្នេះ

    លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ Gallup បាន​បង្ហាញថា កម្ពុជា ឈរ​លំដាប់​លើ​គេ​បង្អស់​នៅ អាស៊ីអាគ្នេយ៍ ស្ដីពី​អារម្មណ៍ «សោកសៅ» ខណៈដែល ហ្វ៊ី​លី​ពី​ន គឺជា​ប្រទេស​ដែល «តានតឹង​បំផុត» ក្នុង​តំបន់​នេះ។

    Gallup ដែលជា​ក្រុមហ៊ុន​ប្រឹក្សា និង​វិភាគ​ទិន្នន័យ​លំដាប់​កំពូល​លើ​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ វ៉ា​ស៊ី​ង​តោន សហរដ្ឋ​អាម៉េរិក ថ្មីៗនេះ​បានប្រកាស​លទ្ធផល​នៃ​ការស្ទង់មតិ​ស្ដីពី​ស្ថានភាព​អារម្មណ៍​ពី​វិជ្ជមាន​រហូតដល់​អវិជ្ជមាន របស់​ប្រជាជន​នៅក្នុង​ប្រទេស​ជាង ១០០ ក្នុងនោះ​មាន​ទាំង​បណ្ដា​ប្រទេស​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ។

    លទ្ធផល​នៃ​ការស្ទង់មតិ​បង្ហាញថា កម្ពុជា គឺជា​ប្រទេស «សោកសៅ» បំផុត នៅ អាស៊ីអាគ្នេយ៍ ដោយ ៤២% ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​សួរ ឆ្លើយថា ពួកគេ​ទើបតែ​បាន​ឆ្លងកាត់​ភាព​សោកសៅ។ រីឯ ហ្វ៊ី​លី​ពី​ន វិញ ឈរ​លំដាប់​ទី​ពីរ ដោយមាន​អត្រា ៣៥% បាន​ឆ្លើយថា «សោកសៅ» ខណៈដែល វៀតណាម ឈរ​លំដាប់​ទី​បី ដោយមាន ២៧%។

    ចំណែក អារម្មណ៍ «ភាព​តានតឹង» វិញ ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​ទីមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​ថៃ កម្ពុជា និង វៀតណាម ឈរ​ពីក្រោយ​តាម​លំដាប់​បន្តបន្ទាប់​គ្នា។

    ការស្ទង់មតិ​របស់ Gallup ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ ចាប់ពី​ឆ្នាំ ២០២១ ដល់​ដើមឆ្នាំ ២០២២ ដោយ​ការដាក់​សំណួរ​នានា​ដែលមាន​ចម្លើយ​ចំនួន ៣ ឱ្យ​ជ្រើសរើស​គឺ «យល់ស្រប», «មិន​យល់ស្រប» និង «មិនដឹង ឬ​បដិសេធ​ការឆ្លើយ» ចំពោះ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី ១៥ ឆ្នាំ​ឡើងទៅ។

    នៅក្នុង​ប្រធានបទ អារម្មណ៍ «ក្រោធ​ខឹង» ប្រទេស​ឡាវ ឈរលើ​កំពូល​តារាង​នៅ អាស៊ីអាគ្នេយ៍ ខណៈដែល ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​លេខ ២ និង កម្ពុជា ឈរ​លេខ ៣ ក្នុង​គ្រា​ដែល ថៃ, មី​យ៉ាន​ម៉ា និង ឥណ្ឌូណេស៊ី ឈរ​ពីក្រោយ​បន្តបន្ទាប់​គ្នា។

    ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​រកឃើញថា មានការ «ក្រោធ​ខឹង» និង «សោកសៅ» តិចជាងគេ​បង្អស់​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

    កម្ពុជា បើទោះជា​ត្រូវបាន​គេ​រកឃើញថា «សោកសៅ» បំផុត​នៅ អាស៊ីអាគ្នេយ៍ ប៉ុន្តែ បែរជា​ឈរ​លំដាប់​កំពូល​តារាង​ចំណាត់ថ្នាក់​នៅ តំបន់​នេះ និង​ជាប់​លេខ ៥ លើ​លោក ក្នុង​ប្រធានបទ​ស្ដីពី «បទពិសោធន៍​រីករាយ (Experienced Enjoyment)» ដោយមាន​ចម្លើយ​ស្រប ៨៥% និង​មិន​ស្រប ១៤%។ ក្នុង​ប្រធានបទ​នេះដែរ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង​ហ្វ៊ី​លី​ពី​ន ឈរ​លំដាប់​បន្តបន្ទាប់ សម្រាប់ តំបន់​អាស៊ីអាគ្នេយ៍។

    ចំណែក​អារម្មណ៍​ស្ដីពី «ស្នាមញញឹម ឬ​សំណើច (Smile or Laugh)» Gallup បាន​រកឃើញថា ឥណ្ឌូណេស៊ី ឈរ​លំដាប់​ទី​ពី​រលើ​លោក និង​ទីមួយ​នៅ អាស៊ីអាគ្នេយ៍ ដោយមាន​អ្នកឆ្លើយ​ស្រប ៩០% និង​មិន​ស្រប ១០% ខណៈដែល កម្ពុជា ស្ថិតនៅ​ឈរ​លំដាប់​ទី​បួន​លើ​ពិភពលោក និង​ទី​ពីរ​នៅ អាស៊ីអាគ្នេយ៍ ដោយមាន​ចម្លើយ​ស្រប ៨៩% និង​មិន​ស្រប ១០%។ ចំណែក ឡាវ ឈរ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក ស្ដីពី «ស្នាមញញឹម ឬ​សំណើច»៕

  • ប្រេ​ស៊ី​ល នឹងមាន​រោងចក្រ​ផលិត​អ៊ីដ្រូសែន​បៃតង (green hydrogen) ធំ​បំផុត​ក្នុង​ពិភពលោក

    ប្រេ​ស៊ី​ល នឹងមាន​រោងចក្រ​ផលិត​អ៊ីដ្រូសែន​បៃតង (green hydrogen) ធំ​បំផុត​ក្នុង​ពិភពលោក

    រោងចក្រ​របស់​ក្រុម​ហ៊ុន​ Unigel ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២៣ នឹង​ផលិត​អ៊ីដ្រូសែន​បៃតង​ប្រមាណ ១០,០០០ តោន និង អា​ម៉ូ​ញាក់​បៃតង ប្រមាណ ៦០,០០០ តោន នៅក្នុង​ដំណាក់កាល​ដំបូង។

    ក្រសួងបរិស្ថាន​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី ២៦ កក្កដា បានប្រកាសថា សាជីវកម្ម​ពហុ​ជាតិ Unigel ទើបតែ​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ផលិត​អ៊ីដ្រូសែន​បៃតង (green hydrogen) មួយ ដោយមាន​ទុនវិនិយោគ​ដំបូង ១២០ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ទីក្រុង Camacari នៃ​រដ្ឋ Bahia ភាគ​ឦសាន​ប្រទេស​នេះ។

    រោងចក្រ​របស់ Unigel គ្រោង​នឹង​ដំណើរការ​ចាប់ពី​ចុងឆ្នាំ ២០២៣ ហើយនឹង​ផលិត​អ៊ីដ្រូសែន​បៃតង ប្រមាណ ១០,០០០ តោន និង អា​ម៉ូ​ញាក់​បៃតង (green ammonia) ប្រមាណ ៦០,០០០ តោន នៅក្នុង​ដំណាក់កាល​ដំបូង។

    Unigel គ្រោង​នឹង​បង្កើន​ការផលិត​ឱ្យបាន​ច្រើនជាង​តួលេខ​ខាងលើ ៤ ដង នៅ​ដើមឆ្នាំ ២០២៥ ដែល​នេះ​នឹង​ជួយ​ឱ្យ​រោងចក្រ​នៅ Camacari ក្លាយជា​មូលដ្ឋាន​ដែល​ផលិត​អ៊ីដ្រូសែន​បៃតង ធំជាងគេ​ក្នុង​ពិភពលោក។

    រោងចក្រ​ថ្មី​នេះ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​សាជីវកម្ម Thyssenkrupp Nucera របស់ អាល្លឺម៉ង់ ក្នុងនោះ​នឹង​ដំឡើង​ម៉ាស៊ីន​បំបែក​ធាតុទឹក ឬ​ហៅថា ម៉ាស៊ីន​អេ​ឡិច​ត្រូ​លីត្រ​ទឹក (Water Electrolysis Machine) ចំនួន ៣ គ្រៀង ដែលមាន​កម្លាំង ៦០ MW ដើម្បី​បំបែក​អ៊ីដ្រូសែន​ចេញពី​ភាគល្អិត​របស់​ទឹក។

    ប្រធាន​ក្រុមហ៊ុន Unigel លោក Roberto Noronha អះអាងថា គម្រោង​រោងចក្រ Catamari នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​នេះ​នាំមុខគេ​ក្នុង​វិស័យ​បន្សាប​កាបូន​នៅ ប្រេ​ស៊ី​ល។

    លោក Noronha ឱ្យដឹងថា ប្រេ​ស៊ី​ល មាន​សក្ដានុពល​ខ្លាំងក្លា​ក្នុង​ការផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​ថាមពលព្រះអាទិត្យ ដូច្នេះ Unigel ជឿថា ប្រទេស​នេះ​នឹងមាន​ឱកាស​នាំមុខ​ពិភពលោក​ក្នុង​វិស័យ​អ៊ីដ្រូសែន​បៃតង ដែលជា​ដំណោះស្រាយ​ក្នុងការ​រក្សា​ថាមពល​ស្អាត​តាមរយៈ​ការ​បំប្លែង​ថាមពល​កកើត​ឡើងវិញ ឱ្យទៅជា​ឥន្ធនៈ​មិនមាន​កាបូន។

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​ប្រេង​ទៅក្នុង​ទីផ្សារ ២០ លាន​ធុង​បន្ថែមទៀត ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​ប្រេង​ទៅក្នុង​ទីផ្សារ ២០ លាន​ធុង​បន្ថែមទៀត ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    អាជ្ញាធរ​អាម៉េរិក បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​នឹង​លក់​ប្រេង ២០ លាន​ធុង​ថែមទៀត ពី​ឃ្លាំង​ប្រេង​រ៉ែ​យុទ្ធសាស្ត្រ (SPR) ដើម្បី​ជួយ​បញ្ចុះតម្លៃ​ប្រេងសាំង​ក្នុង​ទីផ្សារ​នាបច្ចុប្បន្ន។

    កាលពី​ថ្ងៃទី ២៦ កក្កដា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នឹង​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ចំនួន ២០ លាន​ធុង​ទៀត ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ដែល​កំពុងតែ​ឡើងថ្លៃ​ខ្ពស់។

    មុន​នោះ កាលពី​ចុងខែ​មីនា ប្រធានាធិបតី បៃ​ដិ​ន បានចេញ​បញ្ជា​ឱ្យ​បញ្ចេញ​ប្រេង​ចំនួន ១ លាន​ធុង/ថ្ងៃ ពី​SPR ក្នុង​រយៈពេល ៦ ខែ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង ក្នុង​គ្រា​ដែល​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កំពុង​បង្កឱ្យមាន​ការ​រឹតត្បិត​ប្រភព​ផ្គត់ផ្គង់​ប្រេង​រ៉ែ​នៅលើ​ទីផ្សារ​អន្តរជាតិ។

    មន្ត្រីជាន់ខ្ពស់​របស់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) Pierre-Olivier ក្នុង​ថ្ងៃ​ដដែល​បាន​ថ្លែងថា «បរិស្ថាន​បច្ចុប្បន្ន បង្ហាញថា លទ្ធភាព​ដែល​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក អាច​ចៀសវាង​ពី​វិបត្តិ​បាន គឺ​ពិតជា​ស្ដួចស្ដើង»។ លោក Olivier ក៏បាន​ព្រមាន​ថា សូម្បីតែ​បញ្ហា​ភ្ញាក់ផ្អើល​តូច​មួយ» ក៏​អាច​រុញច្រាន​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ធ្លាក់​ទៅក្នុង​ឱនភាព៕

  • តំណាងរាស្ត្រ​អាម៉េរិក លើកឡើង​ដំណាក់កាល​សំខាន់បំផុត​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    តំណាងរាស្ត្រ​អាម៉េរិក លើកឡើង​ដំណាក់កាល​សំខាន់បំផុត​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    តំណាងរាស្ត្រ​នៅ សភា​ជាន់​ទាប​អាម៉េរិក លោក Smith បាន​ថ្លែងថា ពី ៣ ទៅ ៦ សប្ដាហ៍​ខាងមុខ​គឺជា​ពេលវេលា​សំខាន់បំផុត​ចំពោះ អ៊ុយ​ក្រែ​ន មុនពេល​រដូវ​ត្រជាក់​ចូលមក​ដល់ និង​ត្រូវ​ជួយ​ដល់ ទីក្រុង​កៀវ កាន់តែច្រើន កាន់តែ​ល្អ។

    «នៅពេលនេះ ចូរ​ជួយ​ពួកគេ​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​ពី ៣ ទៅ ៦ សប្ដាហ៍​ខាងមុខ​ពិតជា​សំខាន់​ខ្លាំងណាស់» តំណាងរាស្ត្រ​សភា​ជាន់​ទាប​អាម៉េរិក Adam Smith ប្រធាន​គណៈកម្មការ​យោធា​របស់ សភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ២៥ កក្កដា បាន​ថ្លែង​អំពី​អ្វីដែល​លោក​បានដឹង​តាមរយៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក្រោយ​ទស្សនកិច្ច រដ្ឋធានី​កៀវ នាពេល​កន្លង។

    «បច្ចុប្បន្ន​គឺជា​រដូវក្ដៅ ប៉ុន្តែ បណ្ដា​ខែ​ក្នុង​រដូវរងា​កំពុងតែ​ចូលមក​យ៉ាង​លឿន។ សីតុណ្ហភាព​ចុះ​ត្រជាក់​ជាង និង​លក្ខខណ្ឌ​មិន​អំណោយផល​ល្អ​នឹង​ប្រែក្លាយ​ការប្រយុទ្ធ​ទៅជា​សង្គ្រាម​ដែល​ត្រូវ​ចំណាយ​ច្រើន ផ្ដល់​ផលប្រយោជន៍​សំខាន់​ដល់ រុស្ស៊ី។ ចូរ​ផ្ដល់​អាទិភាព​ជួយ​ពួកគេ​ឱ្យបាន​ច្រើនជាង​នេះ មុនពេល​កងកម្លាំង​រុស្ស៊ី មានប្រៀប​ជាង» តំណាងរាស្ត្រ​អាម៉េរិក បញ្ជាក់​ដូច្នេះ។

    ការផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​នៅ សហរដ្ឋ​អាម៉េរិក។ រដ្ឋាភិបាល​លោក បៃ​ដិ​ន បានផ្ដល់​ជំនួយ ៨.២ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន រួចហើយ រាប់​ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ។

    លោក Adam Smith ប្រធាន​គណៈកម្មការ​យោធា​របស់ សភា​ជាន់​ទាប​អាម៉េរិក

    ក៏ប៉ុន្តែ រដ្ឋាភិបាល​អាម៉េរិក មិន​ចង់​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅឱ្យ អ៊ុយ​ក្រែ​ន ដោយសារតែ​ការបារម្ភ​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង ដែល​អាច​នាំទៅរក​សង្គ្រាម​លោក​លើក​ទី​បី។

  • កម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 សម្រាប់អ្នកសារព័ត៌មាន

    កម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 សម្រាប់អ្នកសារព័ត៌មាន

    [ភ្នំពេញ – ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យដែលនេះជាឱកាសដ៏ល្អសម្រាប់មិត្តអ្នកសារព័ត៌មានក្នុងការទទួលជ្រាប​ និងស្វែងយល់ពីរថយន្តបន្ថែមមុនពេលប្រកាសចេញលក់ជាផ្លូវការ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា លោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី លោក Peerakorn Sophonsiri ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Ford Motor Company ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

    ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មាន ជាពិសេសទៀតនោះគឺ ក្រុមហ៊ុន អ អិម អេ ខេមបូឌាមានកិត្តិយសបានអញ្ជើញលោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី មកធ្វើបទបង្ហាញពីរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជូនដល់បងប្អូនមិត្តអ្នកសារព័ត៌មាន និងបានធ្វើការបង្ហាញលម្អិតពីផ្នែកនីមួយៗនៃរថយន្តនេះផងដែរ។”

    លោកស្រី Pritika Maharaj បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរកម្សាន្តបែបផ្សងព្រេងរបស់លោកអ្នកជាមួយនឹងភាពធន់ រឹងមាំ ផាសុកភាពជូនដល់អ្នកដំណើរ និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុក ដើម្បីផ្តល់ជូននូវការបើកបរដ៏រីករាយ និងមានទំនុកចិត្ត។”

    មិនត្រឹមតែប៉ុណ្ណោះលោកស្រី  Pritika Maharaj ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ និងលម្អិតបន្ថែមពីចំណុចពិសេសរបស់ Ford Everest ស៊េរីថ្មីដូចជា៖

    • ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន
    • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ
    • កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ 4 អ៊ីញ (12.4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
    • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
    • ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
    • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
    • បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ

    គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

    • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
    • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
  • ប្រធាន​ផ្នែក​ប្រតិបត្តិ​ថ្មី (COO) របស់ Facebook គឺជា​អ្នកណា?

    ប្រធាន​ផ្នែក​ប្រតិបត្តិ​ថ្មី (COO) របស់ Facebook គឺជា​អ្នកណា?

    ក្រោយពី​អ្នកស្រី Sheryl Sandberg ដែលជា​ដៃស្ដាំ​របស់ CEO Facebook លោក Mark Zuckerberg បាន​សុំ​លាឈប់​ពី​តំណែង លោក Javier Olivan នឹង​ឡើងមក​ជំនួស។

    Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ប្រកាសថា Javier Olivan នឹង​ចូលមក​ជំនួស​អ្នកស្រី Sheryl Sandberg ដោយ​កាន់កាប់​តំណែង​ប្រធាន​ផ្នែក​ប្រតិបត្តិការ (COO) របស់ Facebook។ លោក Olivan ដើរតួនាទី​សំខាន់ ប៉ុន្តែ​មិនសូវ «មាត់ក» ដោយបាន​ជួយ​ឱ្យ​បណ្ដាញ​សង្គម​នេះ​រីកចម្រើន​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង។

    កាលពី​ថ្ងៃទី ២ កក្កដា អ្នកស្រី Sandberg បាន​បង្ហើប​ឱ្យដឹងថា នឹង​លាលែង​ពី​តំណែង COO របស់ Facebook នៅ​ចុង​ឆ្នាំនេះ ដើម្បី «បង្កើត​ទំព័រ​ថ្មី» ក្នុង​ជីវិត និង​ផ្ដោតទៅលើ​សកម្មភាព​មនុស្ស​ធម៌។ អ្នកស្រី​បានសម្រេច​ចិត្ត​បែបនេះ​នៅក្នុង​គ្រា​ដែល Meta កំពុងធ្វើដំណើរ​យ៉ាង​ត្រដាបត្រដួស​ដោយសារ​កំ​ណើ​ន​យឺន និង​ការចំណាយ​ខ្ពស់។ ក្រុមហ៊ុន​នេះ​កំពុងតែ​ពង្រីក​ខ្លួន​ពី​បណ្ដាញ​សង្គម ទៅ​ផ្ដោតលើ​ពិភព​និម្មិត (Virtual world)។

    លោក Olivan កើត និង​ធំ​ឡើង​នៅ អេ​ស្ប៉ា​ញ មាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម និង​បច្ចេកទេស​អគ្គិសនី ដែល​បានមកពី​សាកលវិទ្យាល័យ Navarra, សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម របស់ សាកលវិទ្យាល័យ Stanford។

    មុនពេល​ចូលធ្វើ​ជា ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ (Director of International Growth) ឱ្យ​ក្រុមហ៊ុន Facebook កាលពី​ឆ្នាំ ២០០៧ លោក Olivan ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត NTT (ជប៉ុន) និង Siemens។ ពេលនោះ Facebook ទើប​តែមាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ ប្រហែល ៤០ លាន​នាក់​ប៉ុណ្ណោះ។ មកដល់ពេលនេះ «ម៉ាស៊ីន​រកប្រាក់» នេះ ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ជិត ៣.៦ ពាន់​លាន​នាក់​នៅលើ Facebook, Instagram, WhatsApp ។ល។

    លោក Javier Olivan

    ក្នុងនាម​ជា ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ Olivan បាន​ជំរុញ​ផែនការ​ពង្រីក​ឥទ្ធិពល​របស់ Facebook នៅក្នុង​បណ្ដា​ប្រទេស​ដូចជា ឥណ្ឌា, ជប៉ុន, រុស្ស៊ី, ឥណ្ឌូណេស៊ី និង ប្រេ​ស៊ី​ល​ជាដើម។

    ជាមួយនឹង​តំណែង ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ ភារកិច្ច​សំខាន់​របស់លោក Olivan គឺ​គ្រប់គ្រង​ឧបករណ៍ និង​មុខងារ​ទាំងឡាយ​នៅលើ Facebook, Instagram, WhatsApp, Messenger។ ចំណែក​តំណែង​ថ្មី (COO) លោក Olivan នឹង​បន្ត​ដឹកនាំ​សកម្មភាព​អភិវឌ្ឍ​អាជីវកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ បើតាម CEO Zuckerberg ការងារ​ដែល​លោក Olivan ត្រូវ​រ៉ាប់រង​បន្ថែមទៀត នោះ​គឺ ផលិតផល​ផ្សព្វផ្សាយ និង​ពាណិជ្ជកម្ម៕