Author: សឿន សំណាង

  • វីរុស​អុត​ស្វា (Monkeypox) ចាប់ផ្ដើម​សម្លាប់​អ្នកជំងឺ​នៅ ឥណ្ឌា

    វីរុស​អុត​ស្វា (Monkeypox) ចាប់ផ្ដើម​សម្លាប់​អ្នកជំងឺ​នៅ ឥណ្ឌា

    អ្នកជំងឺ​អុត​ស្វា​ម្នាក់​អាយុ ២២ ឆ្នាំ នៅ​ក្រុង Thrissur បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ បន្ទាប់ពី​ត្រលប់​មកពី អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    មេដឹកនាំ​សុខាភិបាល​របស់​រដ្ឋ Kerala ភាគខាងត្បូង​នៃ ប្រទេស​ឥណ្ឌា លោកស្រី Veena George បានប្រកាសថា អ្នកជំងឺ​ខាងលើ​បាន​ស្លាប់​កាលពី​ថ្ងៃទី ៣០ កក្កដា នៅក្នុង​ទីក្រុង Thrissur នៃ​រដ្ឋ Kerala ដោយ​មុន​នោះ​វិជ្ជមាន​នឹង​វីរុស​អុត​ស្វា ពេល​នៅឯ​បរទេស។

    នេះ​គឺជា​ករណី​ដំបូង​ដែល​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​នៅ ឥណ្ឌា និង​ជា​ករណី​ស្លាប់​ទី ៤ នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក។ អ្នកជំងឺ​ខាងលើ​ដែលមាន​ស្រុកកំណើត​នៅក្នុង​ខណ្ឌ Punniyoor នៃ​ទីក្រុង Thrissur បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្រោយពី​ត្រលប់​មកពី អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    លោកស្រី Veena George បានឱ្យដឹងថា អ្នកជំងឺ​នេះ​បានទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​វីរុស​អុត​ស្វា​តាំងពី​ពេល​នៅឯ​បរទេស ប៉ុន្តែ សាច់ញាតិ​របស់​អ្នកជំងឺ​នេះ​ទើបតែ​បានប្រគល់​លទ្ធផល​តេស្ត​នេះ​ឱ្យ​មន្ត្រី​សុខាភិបាល កាលពី​ថ្ងៃទី ៣០ ខែ​កក្កដា។

    គិត​មកដល់ពេលនេះ ឥណ្ឌា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ចំនួន ៤ នាក់​មកហើយ ក្នុងនោះ​មាន ៣ នាក់​នៅ Kerala និង​ករណីខ្លះ​នៅ ញូវដែលី។

    អ្នកជំងឺ​អុត​ស្វា​មាន​អាការរោគ​ពី​ស្រាល​ទៅ​មធ្យម ក្នុងនោះ​មានដូចជា អាការ​ក្ដៅខ្លួន វិលមុខ ចេញ​កន្ទួល ពង​ខ្ទុះ​លើ​ស្បែក និង​អាចជា​សះស្បើយ​ក្រោយ​រយៈពេល​ច្រើន​សប្ដាហ៍។

    WHO បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន​ទាំង​បុគ្គលិក​សុខាភិបាល និង​ក្រុម​បុរស​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ច្រើន​នាក់៕

  • តម្លៃ​មាស​នៅក្នុង​សប្ដាហ៍​នេះ​អាច​បន្ត​កើនឡើង

    តម្លៃ​មាស​នៅក្នុង​សប្ដាហ៍​នេះ​អាច​បន្ត​កើនឡើង

    ដោយមាន​ក្ដី​សង្ឃឹមថា Fed នឹង​បន្ធូរបន្ថយ​គោលនយោបាយ​ហិរញ្ញវត្ថុ អ្នកវិភាគ​ជាច្រើន​នាក់​នៅ Wall Street និង Main Street ព្យាករ​ថា មាស​នឹង​រក្សា​និន្នាការ​ឡើងថ្លៃ។

    យោងតាម​ការស្ទង់មតិ​ប្រចាំ​សប្ដាហ៍​របស់ Kitco News ថ្មីៗនេះ អ្នកវិភាគ​ភាគច្រើន​នៅ Wall Street និង​អ្នកវិនិយោគ​នៅ Main Street បាន​ព្យាករ​ថា តម្លៃ​មាស​នឹង​ឡើង​ខ្ពស់​នៅក្នុង​សប្ដាហ៍​នេះ។ អារម្មណ៍​វិជ្ជមាន​បានកើត​ឡើង​នៅពេល​តម្លៃ​មាស​កើន ២% កាលពី​ដំណាច់​សប្ដាហ៍​កន្លង និង​កំពុង​មានប្រៀប​ជាង​ប្រភព​ឧបសគ្គសំខាន់។ តម្លៃ​មាស​សម្រាប់​ខែធ្នូ ប្រគល់​ជា​លើកចុងក្រោយ ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១,៧៨៣.៣០ ដុល្លារ​អាម៉េរិក/អោន ខណៈដែល​មាស​ប្រគល់​ភ្លាម មានតម្លៃ ១,៧៦៦.៥ ដុល្លារ/អោន (១ អោន ស្មើនឹង ៨.២៩៤២៦ ជី)។

    ក្នុងចំណោម​អ្នកវិភាគ ១៦ រូប​នៅ Wall Street ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ មាន ១១ រូប​យល់ថា មាស​នឹង​ឡើងថ្លៃ​ក្នុងពេល​ខាងមុខនេះ។ ក៏ប៉ុន្តែ នៅតែមាន​អ្នកវិភាគ ៣ រូប​ទៀត ដែល​យល់ថា មាស​នឹង​ធ្លាក់​ថ្លៃ គ្រា​ដែល​អ្នក​វិ​ភគ ២ រូប​ផ្សេងទៀត យល់ថា មិន​ឡើង មិន​ចុះ។

    អត្រា​ដែល​ស្ទើរតែ​ដូចគ្នានេះ​ក៏បាន​បង្ហាញ​នៅក្នុង​ការស្ទង់មតិ​តាម​អន​ឡាញ​ជាមួយនឹង​អ្នកវិនិយោគ​ជាង ១,៥០០ នាក់​នៅ Main Street ផងដែរ។ ៦២% យល់ថា តម្លៃ​មាស​នឹង​កើនឡើង, ២២% ព្យាករ​ថា នឹង​ធ្លាក់​ថ្លៃ ស្រប​ពេលដែល ១៦% ផ្សេង​ទៀតថា នៅ​ដដែល។

    Daniel Pavilonis អ្នកវិភាគ​របស់ RJO Futures បាន​អះអាងថា ការឡើង​ថ្លៃ​របស់​មាស កើតឡើង​នៅពេល​អារម្មណ៍​អស់សង្ឃឹម​របស់​អ្នកវិនិយោគ​បាន​ធូរស្បើយ។ បើសិនជា ធនាគារកណ្ដាល​អាម៉េរិក (Fed) មាន​គោលនយោបាយ​បន្ធូរបន្ថយ​ជាង​មុន​ក្នុង​ប៉ុន្មាន​ខែ​ចុងឆ្នាំ​នេះ តម្លៃ​មាស​នឹង​បន្ត​កើនឡើង៕

  • ករណី​ឃាតកម្ម​លើ​លោក អា​បេ (Abe) ៖ ជនសង្ស័យ​បង្ហើប​អំពី​គោលបំណង​លើ Twitter តាំងពី​ឆ្នាំ ២០១៩

    ករណី​ឃាតកម្ម​លើ​លោក អា​បេ (Abe) ៖ ជនសង្ស័យ​បង្ហើប​អំពី​គោលបំណង​លើ Twitter តាំងពី​ឆ្នាំ ២០១៩

    ជនសង្ស័យ Tetsuya Yamagami ធ្លាប់បាន​បង្ហោះ​សារ​​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter និយាយ​អំពី​គោលបំណង​ធ្វើឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ក្នុងពេល​លោក​កំពុងកាន់​អំណាច។

    Twitter កាលពី​ថ្ងៃទី ១៩ កក្កដា បាន​បង្កក​គណនី​រប​ស់ Yamagami ដែល​បង្កើតឡើង​តាំងពី​ខែតុលា ២០១៩ និង​ត្រូវបាន​ដាក់ឈ្មោះថា «silent hill 333»។ ប៉ុន្តែ Twitter បានឱ្យដឹងថា Yamagami បាន​បង្កើត​គណនី​មួយ​ផ្សេងទៀត នៅមុន​អំឡុង​ខែតុលា ២០១៩។ គណនី​នេះ​ត្រូវបាន​បិទ ដោយសារតែ​បាន​រំលោភ​លើ​គោលការណ៍ «ហាមឃាត់​ខ្លឹមសារ​ដែលមាន​លក្ខណៈ​គំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​គោលដៅ​ជាក់លាក់​មួយ ក្នុង​បំណង​សម្លាប់​មនុស្ស»។

    Twitter បានឱ្យដឹងថា បណ្ដាញ​សង្គម​នេះ​​​មិនអាច​បញ្ចេញ​ខ្លឹមសារ​របស់​អត្ថបទ​ដែល​អ្នកប្រើប្រាស់​បាន​បង្ហោះ ក៏​ប៉ុន្តែ បើ​យោងតាម​ប្រភពព័ត៌មាន​មួយចំនួន ខ្លឹមសារ​នោះ​បង្ហាញថា Yamagami មានបំណង​ធ្វើឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហី​ន​ហ្សូ អា​បេ យ៉ាងហោច​ក៏​តាំងពី ៣ ឆ្នាំ មុន ជា​​ពេលដែល​លោក​កំពុង​កាន់អំណាច។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ ( Shinzo Abe ) ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​បាញ់​ប្រហារ​​ដោយ​ប្រើប្រាស់កាំភ្លើង​កែច្នៃ​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​នេះ​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​។

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​ ២០២២ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara៕

  • សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ភរិយា បាត់បង់​ជីវិត នៅពេល រុស្ស៊ី បាញ់​ប្លោង​តាមផ្លូវ​អាកាស

    សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ភរិយា បាត់បង់​ជីវិត នៅពេល រុស្ស៊ី បាញ់​ប្លោង​តាមផ្លូវ​អាកាស

    ការបាញ់​គ្រាប់ផ្លោង​វាយប្រហារ​របស់ រុស្ស៊ី ទៅលើ​ទីក្រុង Mykolaiv ត្រូវបាន​គេ​ជឿថា បាន​បណ្ដាលឱ្យ​ស្វាមី-ភរិយា​មួយគូ​ដែលជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​ធញ្ញជាតិ​ធំជាងគេ​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត។

    សំឡេង​ប្រកាសអាសន្ន​ថា​មាន​ការបាញ់​ប្លោង​ដំបូង​បាន​បន្លឺឡើង​នៅ​ទីក្រុង​កំពង់ផែ Mykolaiv ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ម៉ោង ១ និង ១ នាទី ព្រឹក​ថ្ងៃទី ៣១ កក្កដា និង​អូសបន្លាយ​រយៈពេល ៤ ម៉ោង​ពេញ នេះ​បើតាម​ន្ត្រី​មូលដ្ឋាន។

    មកដល់​វេលា​ទៀបភ្លឺ សណ្ឋាគារ​មួយកន្លែង តំបន់​កីឡដ្ឋាន​មួយកន្លែង សាលារៀន​ពីរ​កន្លែង មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​មួយកន្លែង និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់​ប្លោង​របស់ រុស្ស៊ី។ កំពូល​អ្នកមាន​ម្នាក់​របស់ អ៊ុយ​ក្រែ​ន គឺ​លោក Oleksiy Vadatursky និង​ភរិយា​របស់គាត់ ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត នៅក្នុង​អ្វីដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ហៅថា ជា «ការវាយប្រហារ​ដ៏​ខ្លាំងក្លា​បំផុត​មួយ» រាប់​ចាប់ពី​ពេល​សង្គ្រាម​បាន​ផ្ទុះឡើង។

    Nibulon ដែលជា​ក្រុមហ៊ុន​របស់លោក Vadatursky បាន​បញ្ជាក់ថា មហាសេដ្ឋី​រូបនេះ និង​ភរិយា​របស់គាត់ បាន​បាត់​បង់ជីវិត​នៅក្នុង​គេហដ្ឋាន​របស់​ពួកគាត់។

    លោក Vadatursky មានទ្រព្យ ៤៥០ លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​កាលពី​ឆ្នាំ ២០២០ របស់ Forbes។ ក្រុមហ៊ុន Nibulon របស់​សេដ្ឋី​រូបនេះ​គឺជា​អ្នក​ផលិត និង​នាំចេញ​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ពោត​ជាដើម និង​មាន​ក្រុម​កប៉ាល់​ដឹកជញ្ជូន ព្រមទាំង​មាន​រោងចក្រ​ផលិត​កប៉ាល់​ផងដែរ។

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អធិប្បាយ​អំពី​ការស្លាប់​របស់លោក Vadatursky ថា ជាការ «បាត់បង់​ដ៏​ធំ​ចំពោះ ប្រទេសជាតិ​អ៊ុយ​ក្រែ​ន ទាំងមូល»។

    ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការស្លាប់​របស់ សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ការចោទប្រកាន់​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ខាងលើនេះ​នៅឡើយ៕

  • ពិធីសម្ភោធភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួតបឹងស្នោ​-យូរ៉ូផាក

    ពិធីសម្ភោធភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួតបឹងស្នោ​-យូរ៉ូផាក

    ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាក្រុមហ៊ុនមានភាពនាំមុខគេនៅក្នុងវិស័យម្ហូបអាហារនៅប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ”។

    ភោជនីយដ្ឋាន Hiko Teppanyaki ថ្មី សាខា ប៉េងហួតបឹងស្នោ យូរ៉ូផាក មានទីតាំងនៅ យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត បឹងស្នោ។ សាខាថ្មីនេះ មកកាន់តែជិតអតិថិជនដែលរស់នៅក្នុងគម្រោង បុរី ប៉េង ហួត បឹងស្នោ និងតំបន់ជុំវិញ។ ទីតាំងមានទំហំកាន់តែធំ រចនាបថប្លែក មានបន្ទប់ឯកជនធំៗ និង ឡោញ ដែលអាចទទួលអតិថិជនបានច្រើននាក់ទៀតផងដែរ។

    ភោជនីយដ្ឋាន Hiko Teppanyaki ជាភោជនីយដ្ឋានបែបជប៉ុន ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ និងទទួលបានបទពិសោធន៍បរិភោគអាហារដែលចម្អិនដោយផ្ទាល់ពីចុងភៅ Teppanyaki ដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់។ នៅភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាចជ្រើសរើសមុខម្ហូបពិសេសៗជាង៩០មុខ ដូចជា សាច់គោអូស្រ្តាលី អាមេរិក ជប៉ុន សាច់ចៀម បង្កងតាកែវ បង្កងកាណាដា ក្តាមថ្ម ក្តាមអាឡាស្កា និងបន្លែស្រស់ៗ។

    “ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យម្ហូបអាហារ ហ្វាន់ ហ៊្វូដ បានជ្រើសរើសយកយុទ្ធសាស្រ្តផ្តោតលើគុណភាពអាហារ និងសេវាកម្ម ដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អ ក្នុងស្រុក​ និងក្រៅស្រុក” តាមប្រសាសន៍របស់លោក ងន ដេវីដសំបូរ នាយកក្រុមហ៊ុន​ហ្វាន់ហ៊្វូដ។

    សព្វថ្ងៃនេះក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក មានយីហោភោជនីយដ្ឋានចំនួន ៤​ ដូចជា ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត (Fun Crab Seafood), ភោជនីយដ្ឋានម្ហូបខ្មែរ ម្រះព្រៅ​ (Mras Prov), The Cut Steakhouse និង Hiko Teppanyaki។

    បច្ចុប្បន្ន ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក មានសាខាភោជនីយដ្ឋានចំនួន ៧ កន្លែងនៅ រាជធានីភ្នំពេញ ដោយរាប់បញ្ចូលទាំងភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួយបឹងស្នោយូរ៉ូផាក នេះ។

    លោក ងន ដេវីដសំបូរ បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានគម្រោងបើក ភោជនីយដ្ឋាន ៧កន្លែងបន្ថែមទៀតនៅកម្ពុជា ដែលរួមទាំងបង្កើតយីហោ និងរចនាបថថ្មីៗ។​ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជា ម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុនដែលចម្អិនដោយចុងភៅផ្ទាល់​ ហៅថា “Teppanyaki at Home”។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានបទពិសោធន៍ ផ្តល់សេវា Catering Service សម្រាប់កម្មវិធីតូចធំ ដែលមានភ្ញៀវរហូតដល់ ជាង៦០០០ នាក់។

    ទំនាក់ទំនង

    ទីតាំង ១៖ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើបChip Mong Noro Mall លេខទូរសព្ទ៖ 023 88 57 67 / 096 767 57 67។

    ទីតាំង ២៖ ស្ថិតនៅជាន់ផ្ទាល់ដី Design Village ផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី លេខទូរសព្ទ៖ 066 60 68 68 / 023 23 83 84។

    ទីតាំង ៣៖ ស្ថិតនៅ ប៉េង ហួត បឹងស្នោ យូរ៉ូផាក ផ្ទះលេខ ផ្លូវលេខ ភូមិ សង្កាត់ លេខទូរសព្ទ៖ 085 333 510 / 023 238 927។

  • បុគ្គលិក​ពន្លត់​អគ្គិភ័យ​បារាំង ដុត​ព្រៃ​ច្រើន​ករណី​ដើម្បីឱ្យ​សង្គម​ទទួលស្គាល់

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​បារាំង ដុត​ព្រៃ​ច្រើន​ករណី​ដើម្បីឱ្យ​សង្គម​ទទួលស្គាល់

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​នៅ​ភាគខាងត្បូង​នៃ ប្រទេស​បារាំង បាន​បង្កឱ្យមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ក្នុង​បំណង​ស្វែងរក​ភាព​រំជើបរំជួល និង «ត្រូវបាន​សង្គម​ទទួលស្គាល់»។

    បុរស​វ័យ​ជាង ៣០ ឆ្នាំ ដែល​មិនទាន់​ត្រូវបាន​ប្រកាស​អំពី​អត្តសញ្ញាណ និង​ជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​តំបន់ Herault ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៧ កក្កដា និង​កំពុង​រង់ចាំ​ពេល​ឡើង​តុលាការ។ រដ្ឋអាជ្ញា នៅ​ទីក្រុង Montpellier លោក Fabrice Belargent បានឱ្យដឹង​ដា បុរស​នេះ​បាន​សារភាពថា បាន​ប្រើប្រាស់​ដែកកេះ​ដុត​ព្រៃ​កាលពី​ថ្ងៃទី ២៦ ឧសភា, ២១ កក្កដា និងថ្មីៗនេះ​គឺ​នៅ​យប់​ថ្ងៃទី ២៦-២៧ កក្កដា។

    «នៅពេល​ត្រូវបាន​សួរ​អំពី​មូលហេតុ ជននេះ​សារភាពថា ធ្វើឡើង​ក្នុង​បំណង​ធ្វើឱ្យ​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ខ្លួនគេ​ពី​បរិស្ថាន​គ្រួសារ​ដ៏​ស្មុគស្មាញ និង​ដើម្បី​ភាព​រំជើបរំជួល​ដែល​ការអន្តរាគមន៍​នេះ​នាំ​មកឱ្យ​ខ្លួន» លោក Belargent ឱ្យដឹង​ដូច្នេះ។

    បុរស​ខាងលើនេះ ធ្វើការ​ពេញ​ម៉ោង​ក្នុងតួនាទី​ជា​មន្ត្រី​អនុរក្ស​ព្រៃឈើ ទទួលខុសត្រូវ​ចម្បង​ក្នុងការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ។

    មេធាវី​របស់​ជនសង្ស័យ​នេះ​បានឱ្យដឹងថា ពេល​ត្រូវបាន​សួរនាំ កូនក្ដី​របស់គាត់ «បានបង្ហាញ​អំពី​វិប្បដិសារី និង​មានការ​ខ្មាស់អៀន​ខ្លាំងណាស់។ គាត់​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​ព្រោះតែ​ត្រូវ​ចាប់ខ្លួន ហើយ​បាន​និយាយថា នោះ (អំពើ​ដុត​ព្រៃ) គឺជា​អាការរោគ​ញៀន»។

    សារព័ត៌មាន​នានា​របស់ បារាំង បាន​ហៅ​ករណីនេះ​ថា «បុគ្គលិក​ពន្លត់​អគ្គិភ័យ ឆ្កួត​នឹង​ការបង្ក​អគ្គិភ័យ»។ បើសិនជា​ត្រូវបាន​កាត់ទោស បុរស​នេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ១៥ ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង ១៥០,០០០ ដុល្លារ​អាម៉េរិក៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ៣០ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ៣០ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៤៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ ខែ​កក្កដា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៤៧ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៦ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង​គេ នៅ​ខាងក្រៅ​ទ្វីបអាហ្វ្រិក

    ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង​គេ នៅ​ខាងក្រៅ​ទ្វីបអាហ្វ្រិក

    បរុស​វ័យ ៤១ ឆ្នាំ នៅ ប្រទេស​ប្រេ​ស៊ី​ល បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​អុត​ស្វា ដែល​នេះ​បាន​ក្លាយជា​ករណី​ស្លាប់​ដំបូង​ដែល​ទាក់ទិន​នឹង​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក។

    អ្នកជំងឺ​ខាងលើ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ខ្លាំង បាន​ស្លាប់​នៅ Belo Horizonte ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Minas Gerais ភាគ​និរតី​នៃ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី ២៨ កក្កដា។

    ដើម្បី​កុំឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ក្នុង​សហគមន៍ ប្រការ​សំខាន់​គឺ​ត្រូវ​សង្កត់ធ្ងន់ថា ក្រៅពី​ជំងឺ​អុត​ស្វា បុរស​ដែល​បាន​ស្លាប់​ខាងលើ​ក៏មាន​ជំងឺ​ជាច្រើន​មុខ​ផ្សេងទៀត នេះ​បើតាម Fabio Baccheretti ប្រធាន​នាយកដ្ឋាន​សុខាភិបាល​របស់​រដ្ឋ Minas Gerais។ លោក Baccheretti បន្ថែមថា មុន​នោះ អ្នកជំងឺ​​នេះ​កំពុង​​ព្យាបាល​មហារីក។

    ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជិត ១,០០០ នាក់ ដែល​ភាគច្រើន​នៅក្នុង​រដ្ឋ Sao Paulo និង Rio de Janeiro។ ករណី​ឆ្លង​វីរុស​អុត​ស្វា​ដំបូង​នៅ ប្រេ​ស៊ី​ល ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី ១០ ឧសភា នៅលើ​បុរស​ម្នាក់​ដែល​ទើបតែ​វិល​ត្រលប់​ពី​ដំណើរ​ទេសចរណ៍​នៅ អឺរ៉ុប។

    កាលពី​ថ្ងៃទី ២៩ កក្កដា ប្រទេស​អេ​ស្ប៉ា​ញ ក៏បាន​ប្រកាស​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​អុត​ស្វា ដែល​នេះ​ក៏​ជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដំបូង​គេ​នៅ អឺរ៉ុប។

    អ្នកជំងឺ​អុត​ស្វា​មាន​អាការរោគ​ពី​ស្រាល​ទៅ​មធ្យម ក្នុងនោះ​មានដូចជា អាការ​ក្ដៅខ្លួន វិលមុខ ចេញ​កន្ទួល ពង​ខ្ទុះ​លើ​ស្បែក និង​អាចជា​សះស្បើយ​ក្រោយ​រយៈពេល​ច្រើន​សប្ដាហ៍។

    WHO បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន​ទាំង​បុគ្គលិក​សុខាភិបាល និង​ក្រុម​បុរស​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ច្រើន​នាក់៕

  • នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ អំពាវនាវ​ឱ្យ​បោះបង់​ក្រវាត់ក ដើម្បី​ចូល​រួម​សំច័យ​ថាមពល​អគ្គិសនី

    នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ អំពាវនាវ​ឱ្យ​បោះបង់​ក្រវាត់ក ដើម្បី​ចូល​រួម​សំច័យ​ថាមពល​អគ្គិសនី

    នាយករដ្ឋមន្ត្រី Sanchez បាន​បង្ហើប​ឱ្យដឹងថា លោក​ផ្អាក​ការប្រើប្រាស់​ក្រវាត់ក ដើម្បី​សំច័យ​ថាមពល​អគ្គិសនី និង​អំពាវនាវ​​ដល់​​ក្រុម​រដ្ឋមន្ត្រី បុគ្គលិក​ការិយាល័យ ​ឱ្យ​យកតម្រាប់​តាម។

    នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez កាលពី​ថ្ងៃទី ២៩ កក្កដា បានបង្ហាញ​វត្តមាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​គម្រោង​សន្សំសំច័យ​ថាមពល​របស់​រាជរដ្ឋាភិបាល។ លោក Sanchez ពាក់អាវ​ក្នុង​ពណ៌​ស មិន​បិទ​ឡេវ​កអាវ និង​ពាក់​​អាវធំ​ក្រៅ។

    «ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ថា ខ្ញុំ​មិន​ពាក់​ក្រវាត់ក។ ប្រការនេះ​មានន័យថា យើងទាំងអស់គ្នា​សុទ្ធតែ​អាច​សន្សំសំច័យ​ថាមពល» លោក Sanchez ថ្លែង​ដូច្នេះ។ «ខ្ញុំ​បាន​ស្នើឱ្យ​រដ្ឋមន្ត្រី មន្ត្រីរាជការ ហើយ​ខ្ញុំ​ចង់ឱ្យ​បុគ្គលិក​ការិយាល័យ​ឯកជន ចូលរួម​អនុវត្ត មិន​ពាក់​ក្រវាត់ក បើសិន​មិនចាំបាច់»។

    ការអំពាវនាវ​របស់ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អេ​ស្ប៉ា​ញ បាន​អំពាវនាវ​ឱ្យ​បើក​ម៉ាស៊ីនត្រជាក់​ត្រឹម ២៧ អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​គ្រប់គ្នា​តែងតែ​ប្រើប្រាស់។ ក្រសួងបរិស្ថាន​អេ​ស្ប៉ា​ញ បានឱ្យដឹងថា «បើសិន​ប្រើប្រាស់​រួមផ្សំ​ជា​មួយ​នឹង​កង្ហារ អ្នកនឹង​កាត់បន្ថយ​អគ្គិសនី​បាន​ពាក់កណ្ដាល»។

    នាយករដ្ឋមន្ត្រី Sanchez បញ្ជាក់ថា រាជធានី​ម៉ា​ឌ្រី​ដ នឹង​ប្រកាស​វិធានការ​បន្ទាន់​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​កែលម្អ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​សន្សំសំច័យ​ថាមពល ក្នុង​គ្រា​ដែល​ប្រទេស​នេះ និង សហភាព​អឺរ៉ុប ក៏ដូចជា​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ឡើងថ្លៃ និង​កង្វះ​ឧស្ម័ន និង​ឧ​ន្ធ​នៈ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ៕

  • សហគមន៍​​កសិកម្ម​មួយ​នៅក្នុង​ខេត្ត សៀមរាប ចូល​រួម​ចំណែក​​ក្នុង​​ការ​ជួយ​​បណ្តុះ​បណ្តាល​​ជំនាញ​​កសិ​កម្ម​ និង​​រក​​ទីផ្សារ​​ជូន​​កសិករ

    សហគមន៍​​កសិកម្ម​មួយ​នៅក្នុង​ខេត្ត សៀមរាប ចូល​រួម​ចំណែក​​ក្នុង​​ការ​ជួយ​​បណ្តុះ​បណ្តាល​​ជំនាញ​​កសិ​កម្ម​ និង​​រក​​ទីផ្សារ​​ជូន​​កសិករ

    ស្ថិតនៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប សហគម​ន៍​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន បាន​ពង្រីក​សមាជិករ​បស់​ខ្លួន​បាន​ចំនួន ១០៤ នាក់ នៅក្នុង​ឆ្នាំ ២០២២ ដើម្បី​ពង្រឹងសមត្ថភាព​ផលិតផល​កសិកម្ម ឱ្យ​កាន់​តែមាន​គុណភាព និង​មាន​ការជឿ​ង​ជាក់ ពី​សំណាក់​អតិថិជន។

    យោងតាម លោកស្រី រិ​ន រាន សហគមន៍​​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង ប្រមូលផ្តុំ​កម្លាំង​ផលិត និង​ពង្រឹងសមត្ថភាព​ផលិតកម្ម​កសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម​កែច្នៃ សេវាកម្ម ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម លើកកម្ពស់​ទិន្នផល បរិមាណ និង​គុណភាព ការពារ​តម្លៃ​ផលិតផល​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ផលិត​បាន ព្រមទាំង​លើកកម្ពស់​ផលប្រយោជន៍​ប្រជាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ជាពិសេស​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេសផ្នែក​កសិកម្ម និង​ជួយ​រក​ទីផ្សារ​ជូន​សមាជិក​នៅក្នុង​សហគម។

    នៅក្នុង​សហគមន៍​​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន មានការ​បែង​ជា​ក្រុម​តាម​ប្រភេទ​ផលិតផល ដូចជា អ្នក​ដាំ​បន្លែ អ្នក​ចិញ្ចឹមសត្វ និង​ក្រុម​អ្នកធ្វើ​វត្ថុ​អនុស្សាវរីយ៍ផ្សេង។

    សហគម​ន៍​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៨ ដោយ​ផ្តើមចេញពី​ក្រុម​ជួយ​ខ្លួនឯង ចំនួន ៧ ភូមិ​គោលដៅ ស្ថិតនៅក្នុង​ឃុំ​ត្រី​ញ័រ និង​ឃុំ​ល្វា នៃ​ស្រុក​ពួក។ បច្ចុប្បន្ន សហគមន៍​​នេះ​មាន​សមាជិក​ចំនួន ១០៤ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៨៩ នាក់ នេះ​បើតាម លោកស្រី រិ​ន រាន មកពី​ផ្នែក​ទីផ្សារ​នៃ​សមាគម​នេះ៕