Author: សឿន សំណាង

  • ប្រេងឥន្ធនៈ​​ពិ​ភព​លោក​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះតែ​ទិន្នន័យ​អវិជ្ជមាន​ ទាក់​ទិន​នឹង​​​សកម្ម​ភាព​​ផលិត​​ទំនិញ​

    ប្រេងឥន្ធនៈ​​ពិ​ភព​លោក​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះតែ​ទិន្នន័យ​អវិជ្ជមាន​ ទាក់​ទិន​នឹង​​​សកម្ម​ភាព​​ផលិត​​ទំនិញ​

    ក្នុងការ​ស្ទាបស្ទង់​មតិ​​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យមភាព​​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។

    ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ០១ សីហា តម្លៃ​ប្រេង​ពិភពលោក​បាន​ថយចុះ​ប្រហែល ៤% នៅពេលមាន​​ទិន្នន័យ​អវិជ្ជមាន​ស្ដីពី​សកម្មភាព​ផលិត​ទំនិញ​នានា​​នៅក្នុង​ប្រទេស​មួយចំនួន «សង្កត់» លើ​ការរំពឹង​ចំពោះ​តម្រូវការប្រេង​។

    ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​កំពុងតែ​បង្វែរ​ចំណាប់អារម្មណ៍​ទៅរក​កិច្ចប្រជុំ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សប្ដាហ៍​នេះ​របស់ អង្គការ​នៃ​បណ្ដា​ប្រទេស​ផលិត​ប្រេង​រ៉ែ (OPEC) និង​ក្រុម​សម្ព័ន្ធមិត្ត ដែល​ហៅថា OPEC+។

    ការជួញដូរ​កាលពី​ម្សិលមិញ​ត្រូវបាន​បញ្ចប់​ដោយ​តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ ធ្លាក់​ថ្លៃ ៣.៩៤ ដុល្លារ​អាម៉េរិក​ (៣.៨%) ចុះមក​នៅត្រឹម ១០០.០៣ ដុល្លារ/ធុង បន្ទាប់ពី​មានពេលខ្លះ​ធ្លាក់ចុះ​ដល់ ៩៩.០៩ ដុល្លារ/ធុង។

    ចំណែក​តម្លៃ​ប្រេង​អាម៉េរិក WTI បាន​ធ្លាក់​ថ្លៃ ៤.៧៣ ដុល្លារ (៤.៨%) ចុះមក​នៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង ក្រោយពី​បាន​ធ្លាក់ចុះ​ដល់ ៩២.៤២ ដុល្លារ/ធុង។

    តម្លៃ​ប្រេង Brent និង WTI សុទ្ធតែ​បានបញ្ចប់​ខែ​​កក្កដា​ជាមួយនឹង​ការធ្លាក់​ថ្លៃ​ប្រចាំខែ ២ ខែ​ជា​បន្តបន្ទាប់។ នេះ​គឺជា​លើកដំបូង​ដែល​ទំនិញ​នេះ​បាន​ធ្លាក់​ថ្លៃ ២ ខែ​បន្តបន្ទាប់ រាប់​ចាប់ពី​ឆ្នាំ ២០២០។

    ក្នុងការ​ស្ទាបស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យម​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។ ប្រេង WTI ក៏ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ថយចុះ​មក​នៅ​ត្រឹម​ ១០១.២៨ ដុល្លារ/ធុង។

    តាម​គម្រោង OPEC+ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី ០៣ សីហា ដើម្បី​សម្រេច​អំពីការ​កំណត់​​បរិមាណ​ប្រេង​ដែល​នឹង​​ត្រូវ​ផលិត​នៅក្នុង​ខែកញ្ញា៕

  • ឧទ្ធម្ភាគចក្រ​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា​របស់ ប៉ា​គី​ស្ថាន បាត់​ខ្លួន​ពេល​កំពុង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះទឹកជំនន់

    ឧទ្ធម្ភាគចក្រ​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា​របស់ ប៉ា​គី​ស្ថាន បាត់​ខ្លួន​ពេល​កំពុង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះទឹកជំនន់

    ឧទ្ធម្ភាគចក្រ​យោធា​របស់ ប៉ា​គី​ស្ថាន ដឹក​មនុស្ស​ច្រើន​នាក់ ក្នុងនោះ​មាន ឧ​ត្ត​ម​សេនីយ៍ ២ រូប បាន​បាត់​ទំនាក់ទំនង​ជាមួយ​ស្ថានីយ​គ្រប់គ្រង​អាកាសចរណ៍ នៅពេល​កំពុង​ស្ថិតក្នុង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់។

    កងទ័ព​ប៉ា​គី​ស្ថាន បានប្រកាសថា ឧទ្ធម្ភាគចក្រ​ដែលមាន​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា និង​មនុស្ស ៥ នាក់​ទៀត បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ០១ សីហា ពេល​កំពុង​បំពេញការងារ​ជួយសង្គ្រោះ​ជួយសង្គ្រោះ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​នេះ។

    ប្រកាស​ខាងលើ​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ខ្លួន​នេះ​មាន​ដឹក​មនុស្ស​ចំនួន ៦ នាក់។ បច្ចុប្បន្ន ការស្វែងរក​កំពុង​ត្រូវបាន​ធ្វើឡើង។

    មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​បាន​ឱ្យដឹងថា មេដឹកនាំ​កងកម្លាំង​ការពារ​ឆ្នេរសមុទ្រ​របស់ ប៉ា​គី​ស្ថាន ឧ​ត្ត​ម​សេនីយ៍​ត្រី Amjad Hanif Satti ក៏មាន​វត្តមាន​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះដែរ៕

  • អាម៉េរិក ប្រកាសថា​បាន​កម្ចាត់​មេដឹកនាំ​របស់​ក្រុម​ភេរ​វករ al-Qaeda

    អាម៉េរិក ប្រកាសថា​បាន​កម្ចាត់​មេដឹកនាំ​របស់​ក្រុម​ភេរ​វករ al-Qaeda

    សហរដ្ឋ​អាម៉េរិក ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុង​សប្ដាហ៍​កន្លង តាម​បទបញ្ជា​របស់លោក ចូ បៃ​ដិ​ន និង​បាន​អះអាងថា បាន​កម្ចាត់​មេដឹកនាំ al-Zawahiri នៃ អង្គការ​ភេរវកម្ម al-Qaeda។

    «តាម​បទបញ្ជា​របស់ខ្ញុំ កងកម្លាំង​សហរដ្ឋ​អាម៉េរិក បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដោយ​ជោគជ័យ​នៅ រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​កម្ចាត់​មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri» ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក បៃ​ដិ​ន បានឱ្យដឹង​កាលពី​ថ្ងៃទី ០១ សីហា។

    មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​អាម៉េរិក មុន​នោះបាន​និយាយថា យុទ្ធនាការ​វាយប្រហារ​ពី​អាកាស​នេះ ត្រូវបាន​ធ្វើឡើង​ដោយ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) និង​មិនបាន​បង្ក​ការស្លាប់ ឬ​របួស​ដល់​ជន​ស៊ីវិល។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋ​អាម៉េរិក ប្រើប្រាស់​វិធី​ណា​ដើម្បី​បញ្ជាក់​អំពី​ការស្លាប់​របស់ al-Zawahiri ខណៈដែល កងទ័ព​អាម៉េរិក អវត្តមាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន អស់​រយៈពេល ១ ឆ្នាំ​មកហើយ។

    នេះ​គឺជា​ការវាយប្រហារ​តាម​អាកាស​លើកទីមួយ​របស់ អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់​ចាប់តាំងពី​បាន​ដកទ័ព​ចេញពី​ប្រទេស​នេះ កាលពី​ខែសីហា ២០២១។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid បញ្ជាក់ថា មាន​ករណី​វាយប្រហារ​តាម​អាកាស​មួយ​បាន​កើតឡើង​នៅ រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​ហៅ​វា​ថា​ជា​សកម្មភាព​រំលោភ​គោលការណ៍​អន្តរជាតិ។

    Al-Zawahiri ត្រូវបាន​គេ​ជឿថា គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មេគំនិត​នៅក្នុង​ការវាយប្រហារ​លើ​នាវាចម្បាំង USS Cole នៅ​លម្ហ​សមុទ្រ យេ​ម៉ែន កាលពី​ថ្ងៃទី ១២ តុលា ២០០០ បណ្ដាលឱ្យ​នាវិក​អាម៉េរិក ១៧ នាក់​បាត់​បង់ជីវិត និង​ជាង ៣០ នាក់​រងរបួស ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ ស្ថានទូត​អាម៉េរិក ប្រចាំ កេ​ន​យ៉ា និង តង់​សានី កាលពី​ឆ្នាំ ១៩៩៨ សម្លាប់​មនុស្ស​អស់ ២២៤ នាក់ និង​ជាង ៥,០០០ នាក់​រងរបួស។

    Al-Zawahiri បាន​ក្លាយជា​មេដឹកនាំ al-Qaeda ក្រោយពី កម្លាំង​ពិសេស​នៃ កងទ័ពជើងទឹក​អាម៉េរិក បាន​កម្ចាត់ Osama bin Laden កាលពី​ឆ្នាំ ២០១១៕

    លោក ចូ បៃដិន
    មេដឹកនាំ al-Qaeda លោក al-Zawahiri
  • រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

    រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

    សារព័ត៌មាន​អង់គ្លេស បាន​ចុះផ្សាយ​ថា ព្រះអង្គម្ចាស់ Charles យល់ព្រម​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ ១.១៩ លាន​ដុល្លារ​អាម៉េរិក ពី​គ្រួសារ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden និង​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​មនុស្សធម៌​របស់​ទ្រង់។

    រាជទាយាទ Charles ព្រះជន្ម ៧៣ វស្សា បានទទួល​ជួប Bakr និង Shafiq bin Laden ដែលជា​បងប្អូន​ឪពុក​ជាមួយ ម្ដាយ​ទីទៃ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden នៅឯ​រាជវាំង Clarence House កាលពី​ឆ្នាំ ២០១៣ ២ ឆ្នាំ​បន្ទាប់ពី​មេ​ភេរ​វករ​នេះ​ត្រូវបាន​សម្លាប់។ ព្រះអង្គ​បាន​សព្វ​ព្រះ​ហរ​ទ័យ​ទទួលយក​ប្រាក់​បរិច្ចាគ ១ លាន​ផោន (១.១៩ លាន​ដុល្លារ​អាម៉េរិក) ដាក់បញ្ចូល​ទៅក្នុង​មូល​និ​ធី PWCF។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Times របស់ ចក្រភព​អង់គ្លេស ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

    Times បានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បាន «ចាត់ចែង​ខ្ទង់​ប្រាក់​បរិច្ចាគ​នេះ​ដោយផ្ទាល់​ព្រះហស្ត បើទោះជា​មានការ​ជំទាស់​ពី​ទីប្រឹក្សា​មួយចំនួន។ ទីប្រឹក្សា​មួយរូប​បាន​សូមឱ្យ​ព្រះអង្គ​សង​ប្រាក់​នោះ​ត្រលប់​ទៅវិញ ប៉ុន្តែ ទ្រង់​មិន​យល់ស្រប។ បុគ្គលិក​របស់​រាជទាយាទ​អង់គ្លេស មានការ​បារម្ភ​ថា ដំណឹង​នេះ​នឹង​នាំឱ្យមាន​ការមិន​ពេញចិត្ត បើសិនជា​បាន​បែកធ្លាយ។

    អតីតមេភេរវករ Osama bin Laden (ឆ្វេង) និង ព្រះអង្គម្ចាស់ Charles

    បន្ទាប់ពី​ព័ត៌មាន​ត្រូវបាន​ចុះផ្សាយ lan Cheshire ដែលជា​ប្រធាន PWCF បានឱ្យដឹងថា ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ​ត្រូវបាន​សមាជិក ៥ រូប​នៃ​ក្រុមប្រឹក្សាភិបាល របស់ PWCF ជំនាន់​នោះ យល់ព្រម​ទទួលយក។ រាជទាយាទ​អង់គ្លេស គឺជា​ស្ថាបនិក ប៉ុន្តែ ទ្រង់​មិន​ស្ថិតនៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ PWCF។

    រាជវាំង Clarence House ក្រោយមក​ក៏បាន​ប្រកាសថា ការសម្រេចចិត្ត​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ទាំងឡាយ​នៃ​ក្រុមប្រឹក្សាភិបាល។

    លោក Osama bin Laden គឺជា​ស្ថាបនិក​នៃ​ក្រុម​ភេរវ​ករ​អ៊ីស្លាម al-Qaeda ដែល​បាន​បើក​ការវាយប្រហារ​ភេរវកម្ម​ទៅលើ ទឹកដី​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១ បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​បាត់​បង់ជីវិត។ មេ​ភេរ​វករ​នេះ​ត្រូវបាន​កម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល​កាលពី​ខែឧសភា ២០១១ នៅក្នុង​បេសកកម្ម​ឆ្មក់​ចូល​កន្លែង​លាក់ខ្លួន នៅក្នុង​តំបន់ Abbottabad នៃ ប្រទេស​ប៉ា​គី​ស្ថាន៕

  • ក្រុមហ៊ុន​អាម៉េរិក អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ការទាក់ទង​ជាមួយ​សត្វ​គ្រប់​ប្រភេទ

    ក្រុមហ៊ុន​អាម៉េរិក អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ការទាក់ទង​ជាមួយ​សត្វ​គ្រប់​ប្រភេទ

    ក្រុមហ៊ុន​មួយ​នៅ California មានបំណង​ប្រើ​ប្រាប់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ធ្វើការ​ទាក់ទង​ជាមួយ​ពពួកសត្វ​នៅលើ​ពិភព​ផែនដី។

    Aza Raskin គឺជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​នៃ​គម្រោង​ពពួកសត្វ​លើ​ផែនដី (ESP) ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ មានបំណង​រក​វិធី​បកស្រាយ​នូវ​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​ជាមួយ​ពពួកសត្វ តាមរយៈ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​មួយ​ប្រភេទ​ដែល​ហៅថា ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ជួយ​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​សត្វ​ទាំងឡាយ​ដែល​នៅមាន​វត្តមាន​នៅលើ​ផែនដី និង​ការពារ​ពួកវា។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

    Elodie Briefer អ្នកជំនាញ​ស្ដីពី​សកម្មភាព​របស់​ស​ត្វ ធ្លាប់បាន​ចូលរួម​អភិវឌ្ឍ​កម្មវិធី​ដោះស្រាយ​សម្រាប់​ការវិភាគ​សំឡេង​ស្រែក​របស់​សត្វ​ជ្រូក ក្នុង​បំណង​កំណត់ឱ្យ​ដឹងថា ពួកវា​កំពុង​ឆ្លងកាត់​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន។ រីឯ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា DeepSqueak ធ្វើការ​វាយតម្លៃ​ទៅលើ​សត្វ​កណ្ដុរ ដើម្បី​ឱ្យដឹងថា ពួកវា​មាន​ភាព​តានតឹង ឬ​អត់ ដោយយោង​ទៅលើ​សំឡេង​ស្រែក​របស់​ពួកវា។ ចំណែក​គម្រោង CETI មាន​ផែនការ​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​សិក្សា ដើម្បី​រក​វិធី​ទាក់ទង​ជាមួយ​ត្រី​បា​ឡែ​ន Sperm whale។

    ក៏ប៉ុន្តែ វិធីសាស្ត្រ​របស់ ESP ខុសពី​វិធី​ទាំងឡាយ​ខាងលើ ព្រោះថា ស្ថាប័ន​នេះ​មិនមែន​ផ្ដោតទៅលើ​សត្វ​មួយ​ប្រភេទ​នោះទេ តែ​គ្រប់​ប្រភេទ​ទាំងអស់ តាំងពី​ជន្លេន រហូតដល់​ត្រី​បា​ឡែ​ន៕

  • ស្ពាន​យោលសម្រាប់​ឡាន​ដឹក​សម្ភារ​សំណង​ ​ឆ្លងកាត់​ពីលើ​ជ្រលង​ភ្នំ​ជម្រៅ ៣០០ ម៉ែត្រ (វីដេអូ)

    ស្ពាន​យោលសម្រាប់​ឡាន​ដឹក​សម្ភារ​សំណង​ ​ឆ្លងកាត់​ពីលើ​ជ្រលង​ភ្នំ​ជម្រៅ ៣០០ ម៉ែត្រ (វីដេអូ)

    (ប្រទេស​ចិន)-ស្ពាន​បណ្ដោះអាសន្ន​មួយ​ខ្សែ​ដែលមាន​សមត្ថភាព​ផ្ទុក ៤៥ តោន និង​ប្រវែង​ជាង ២៤៥ ម៉ែត្រ ត្រូវបាន​គេ​សង់​ឡើង​ដើម្បី​ដឹកជញ្ជូន​គ្រឿងសំណង់​ទៅឱ្យ​ការដ្ឋាន​មួយ​ដែល​កំពុង​អនុវត្ត​គម្រោង ជំនួស​ឱ្យ​ការធ្វើដំណើរ​តាមផ្លូវ​បត់បែន​ចម្ងាយ ៣០ គីឡូម៉ែត្រ។

    ទិដ្ឋភាព​រថយន្ត​បរ​ឆ្លងកាត់​តាម​ស្ពាន​យោល​បណ្ដោះអាសន្ន​នេះ ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​អ្នក​សំដែង​សៀក​កំពុង​ដើរ​នៅលើ​ខ្សែ។ ស្ពាន​យោល​ដែល​ធ្វើឡើង​ពី​ខ្សែពួរ​នេះ​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម នេះ​បើតាម Xinhua ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

    ស្ពាន​ដែលមាន​ទទឹង​ត្រឹមតែ ៤.៣ ម៉ែត្រ, បណ្ដោយ​ជាង ២៤៥ ម៉ែត្រ និង​អាច​ទ្រ​បាន​ទម្ងន់ ៤៥ តោន​នេះ ត្រូវបាន​​សាង​សង់​​ឆ្លង​កាត់​ពីលើ​ជ្រលង​ភ្នំ​មួយ​ដែលមាន​ជម្រៅ ៣០០ ម៉ែត្រ។

    ស្ពាន​នេះ​គឺជា​ផ្លូវ​បណ្ដោះអាសន្ន​សម្រាប់​ការដឹកជញ្ជូន​សម្ភារ​សំណង់​នានាទៅ​ឱ្យ​​គម្រោង​​ស្ពាន​មួយ​ផ្សេងទៀត​ដែល​កំពុង​ត្រូវបាន​ស្ថាបនា។

    ផ្លូវ​ចរាចរណ៍​ដែលមាន​ស្រាប់ មិន​សមស្រប​ជាមួយនឹង​ការងារ​ខាងលើ និង​ត្រូវការ​ពង្រីក​បន្ថែម​បើសិន​មិន​ចង់​បរ​តាមផ្លូវ​ដែលមាន​ចម្ងាយ ៣០ គីឡូម៉ែត្រ។ ដូច្នេះ ស្ពាន​យោល​នេះ​ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។

    ស្ពាន​បណ្ដោះអាសន្ន​ដែល​ស្ថិតនៅក្នុង​ខេត្ត Chongqing ភាគ​និរតី​នៃ ប្រទេស​ចិន នេះ ជួយ​កាត់បន្ថយ​ការចំណាយ​​ប្រាក់​កាស និង​ចៀសវាង​ផលប៉ះពាល់​មិនចាំបាច់​ដល់​បរិស្ថាន៕

  • ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល

    ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល

    កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានរូបរាងថ្មីសន្លាង និងយ៉ាងស្រស់ស្អាត។

    ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និងមានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។

    លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ការកែលម្អ Wing Bank App ចុងក្រោយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលល្អបំផុតកាន់តែច្រើ​នថែមទៀតទៅដល់អតិថិជន។ Wing Bank App ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងពេលណាទំាងអស់ ព្រមទាំងភ្ជាប់មកជាមួយមុខងារជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួល និងប្រសើរឡើង។ អ្នក​ដែល​មិនទាន់មាន Wing Bank App នឹងមិនទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលទាំងនេះនោះទេ។ យើងខ្ញុំ បានធ្វើការផ្លាស់ប្ដូរជាច្រើនតាមរយៈការជួយឲ្យអតិថិជនកាន់តែមានភាពងាយស្រួលលើការទូទាត់ចំណាយ ការសន្សំ វិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន។”

    ធនាគារ វីង មានប្រព័ន្ធអេកូទូទាត់ឌីជីថលធំជាងគេ ហេតុនេះហើយ Wing Bank App របស់ធនាគារ វីង ផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសដ៏សំបូរបែប ភាពបត់បែនខ្ពស់ និងភាពងាយស្រួលលើសគេ។

    អតិថិជនដែលប្រើប្រាស់ Wing Bank App ចុងក្រោយបំផុត នឹងទទួលបានពិសោធន៍ការប្រើប្រាស់ដែលគ្មានការរំខាន។ អតិថិជន អាចគ្រប់គ្រងគណនីយ៉ាងងាយស្រួល អាចទាញយកនិងចែករំលែកបង្កាន់ដៃប្រតិបត្តិការ ថែមទាំងរបាយការណ៍គណនីជាទម្រង់ PDF ឬ Excel ទៅតាមពេលវេលាដែលអាចកំណត់បាន គ្រប់គ្រងការកំណត់លើកាត ធ្វើការទូទាត់តាម QR កូដ ជាប្រាក់ដុល្លារ និងប្រាក់រៀលកាន់តែរហ័ស ហើយកាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចប្រើប្រាស់មុខងារទាំងនេះបានដោយចុចតែពីរឬបីដងលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ។

    Wing Bank App អនុញ្ញាតឲ្យអតិថិជនទូទាត់វិក្កយបត្រ ទិញគ្រឿងទេស សំបុត្រឡានក្រុង បង់ថ្លៃទឹកភ្លើង និងធ្វើប្រតិបត្តិការផ្សេងៗទៀតជាច្រើនទៀតបានយ៉ាងងាយស្រួល។ អតិថិជនក៏អាចស្នើសុំកម្ចីរហ័ស ​​បើកគណនី​បញ្ញើ​កាលកំណត់​ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក និងធ្វើការទូទាត់ជូនម្ចាស់អាជីវកម្មណាមួយក៏បានតាមរយៈ “KHQR”។

    កាន់តែពិសេស ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ អតិថិជនដែលបើកគណនីធនាគារ វីង ព្រមទាំងដាក់ប្រាក់ នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។

    កម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំតែ” មានការចាប់រង្វាន់សរុប​ ៦ ជុំ។ អតិថិជនអាចចូលរួមដោយគ្រាន់តែបើកគណនីធនាគារ វីង ហើយដាក់ប្រាក់សន្សំតែប៉ុណ្ណោះ។

    ដោយដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារអាមេរិក ឬ ២ លានរៀលនោះ អតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។

    អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារអាមេរិក ឬ ២០ លានរៀល មានឱកាសឈ្នះរថយន្ត Ford Wildtrak pickup រៀងរាល់ខែ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល នឹងមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

    ការចាប់រង្វាន់លើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា៕​

  • ជើងរថភ្លើងដំបូងរវាងខេត្ត Shanxi របស់ ចិន និង ឡាវ ចាប់ផ្ដើមដំណើរការហើយ

    ជើងរថភ្លើងដំបូងរវាងខេត្ត Shanxi របស់ ចិន និង ឡាវ ចាប់ផ្ដើមដំណើរការហើយ

    ខេត្ត Shanxi ប្រទេស​ចិន ទើបតែ​ចាប់​ផ្ដើម​​ដំណើរការ​ខ្សែ​​រថភ្លើង​ដឹកទំនិញ​អន្តរជាតិ​ដំបូងរបស់​ខ្លួន​ដែល​​រត់​នៅ​លើ​​​ផ្លូវដែក ចិន-ឡាវ។

    យោងតាម​ក្រុមហ៊ុន​ផ្លូវដែក Taiyuan Group របស់ ចិន រថភ្លើង​បានចេញ​ដំណើរ​ពី​ខេត្ត Shanxi និង​គ្រោង​ទៅដល់ រដ្ឋធានី​វៀងចន្ទន៍ របស់ ឡាវ ក្នុង​រយៈពេល ៧ ថ្ងៃ​ទៀត។ រថភ្លើង​នេះ​ដឹកទំនិញ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ជី និង​ថ្នាំលាប​ផងដែរ។

    ខ្សែ​រថភ្លើង​ដឹកទំនិញ​អន្តរជាតិ​ថ្មី​ដែល​ទើប​តែ​បាន​សម្ពោធ​បើក​ដំណើរការ​នៅក្នុង​ខេត្ត Shanxi ប្រទេស​ចិន នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​សម្រួល ​ពង្រីក​ការតភ្ជាប់​ក្នុង​វិស័យ​ដឹកជញ្ជូន​រវាង​តំបន់​នានា​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ASEAN ក៏ដូចជា​ដើរតួនាទី​ក្នុងការ​ជំរុញ​ការដោះដូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទាំងនេះ។

    ចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ ផ្លូវដែក​ឡា-ចិន នេះ មាន​ប្រវែង ១,០០០ គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​រដ្ឋបាល Kunming របស់​ខេត្ត Yunnan នៅ​ភាគ​និរតី​នៃ ប្រទេស​ចិន ជាមួយនឹង រដ្ឋធានី​វៀងចន្ទន៍ របស់ ឡាវ។

    ផ្លូវដែក​នេះ​ត្រូវបាន​គេ​វាយតម្លៃថា​ជា​គម្រោង​ដ៏​ធំ​មួយ ដែល​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការធ្វើដំណើរ និង​ទេសចរណ៍​នោះទេ តែ​ថែមទាំង​បង្ក​ភាពងាយស្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​ផងដែរ។

    មុន​នោះ កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ ក្រោយពី​ពិធី​សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវ​ការ ជើង​រថភ្លើង​ដឹកទំនិញ​ដំបូង​នៃ​ផ្លូវដែក​ល្បឿន​លឿន​លេខ ១ នៅ ឡាវ ក៏​បានចេញ​ដំណើរ។ ទំនិញ​ដែល​ត្រូវបាន​ដឹក​តាម​ជើង​រថភ្លើង​នេះ​គឺជា​ជីរ​បស់​ក្រុមហ៊ុន​ចិន-ឡាវ។

    ផ្លូវដែក​ល្បឿន​លឿន​ដំ​បូ​ង​គេ​បង្អស់​នៅ ប្រទេស​ឡាវ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​កាលពី​ឆ្នាំ ២០១៦ ដោយមាន​ទុន​វិនិយោគ​ប្រហែល ៥.៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ផ្លូវដែក​ឡាវ-ចិន នេះ មាន​ប្រវែង ៤១៤ គីឡូម៉ែត្រ នៅក្នុង ប្រទេស​ឡាវ និង ១,០៣៥ គីឡូម៉ែត្រ នៅក្នុង ប្រទេស​ចិន។

    គម្រោង​នេះ ភាគច្រើន​ត្រូវបាន​អនុវត្ត​ដោយ​សាជីវកម្ម​​ផ្លូវដែកជាតិ​​ចិន (CNRG) និង​ជា​ផ្លូវដែក​មួយ​គន្លង​ដែល​ស្ថាបនា​ទៅតាម​ស្ដង់ដា​របស់ ប្រទេស​ចិន៕

     

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០១ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០១ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៤០ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ៣១ ខែ​កក្កដា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៤០ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៥ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

     

  • រ៉ូ​បូត​រាង​មនុស្ស ចុះ​ទៅ​​ស្រាវជ្រាវ​សាកសព​កប៉ាល់​នៅ​បាតសមុទ្រ (វីដេអូ)

    រ៉ូ​បូត​រាង​មនុស្ស ចុះ​ទៅ​​ស្រាវជ្រាវ​សាកសព​កប៉ាល់​នៅ​បាតសមុទ្រ (វីដេអូ)

    (សហរដ្ឋ​អាម៉េរិក)-រ៉ូ​បូត OceanOneK របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics អាច​មុជទឹក​ក្នុង​ជម្រៅជិត​ ១ គីឡូម៉ែត្រ ដើម្បី​ប្រមូលយក​វត្ថុ​បុរាណ ស្រាវជ្រាវ​សាកសព​កប៉ាល់​ដែល​បាន​លិច និង​ជួសជុល​សំណង់​ក្រោម​សមុទ្រ។

    នេះ​គឺជា OceanOneK ដែលជា​រ៉ូ​បូត​រាង​មនុស្ស​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​នៅក្រោម​ទឹក។ ត្រូវបាន​រចនា​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics រ៉ូ​បូត​នេះ​អាច​មុជទឹក​ក្នុង​ជម្រៅ​ជិត ១ គីឡូម៉ែត្រ និង​ដំណើរការ​ក្នុង​បរិស្ថាន​ដូច​មនុស្ស។ កំណត់ត្រា​នៃ​ការ​មុជទឹក​មាន​បំពាក់​បំពង់​​អុកស៊ីសែន​នាបច្ចុប្បន្ន​របស់​មនុស្ស​គឺ​ត្រឹម ៣៣២.៣២ ម៉ែត្រ។

    ប្រព័ន្ធ​ឆ្លើយតប​ដែល​យោងទៅលើ​អង្គ​ញាណ​របស់ OceanOneK បង្កើតបានជា​អារម្មណ៍​ជាក់ស្ដែង​ដល់​ថ្នាក់​អ្នកបើកបរ​អាច​ទទួល​អារម្មណ៍​ដឹង​គ្រប់យ៉ាង​ដែល​រ៉ូ​បូត​នេះ​បាន​ប៉ះ។ ក្បាល​របស់​រ៉ូ​បូត​នេះ​ក៏មាន​បំពាក់​កាមេរ៉ា​ចំនួន ២ គ្រាប់ ដូច​ទៅនឹង​ភ្នែក​មនុស្ស ដើម្បី​បង្កើតបានជា​ទិដ្ឋភាព 3D យ៉ាង​រស់​រវើក​នៅ​លើ​អេក្រង់​។

    យោងតាម Ousamma Khatib ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics ​ប្រព័ន្ធ​អេក្រង់​ដែល​ត​ភ្ជាប់​មនុស្ស​ទៅនឹង​រ៉ូ​បូត ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​អារម្មណ៍​ថា​ដូច​កំពុង​ស្ថិតនៅក្រោម​ទឹក​ដោយ​មិន​សើម។

    នៅក្នុង​ការស្រាវជ្រាវថ្មីៗនេះ រ៉ូ​បូត​ខាងលើ​ប្រមូលយក​ក្រឡ​បុរាណ​ពី​កប៉ាល់​មួយគ្រឿង​ដែល​បាន​លិច​ក្នុងសម័យ​ចក្រភព​រ៉ូម។ ក្រៅពីនេះ OceanOneK ក៏​អាចជួយ​ជួសជុល​សំណង់​នានា​ដែល​នៅក្រៅ​ទឹកសមុទ្រ​ផងដែរ។

    ក្រោយពី​ការសាកល្បង​ដំណើរការ​នៅ Stanford រ៉ូ​បូត OceanOneK ក៏​ធ្លាប់បាន​ចូលរួម​បំពេញបេសកកម្ម​មួយចំនួន​ក្នុង​ឆ្នាំ ២០២២ រួចមក​ហើយ ដូចជា​នៅ La Ciotat, Cote d’Azure, Bastia, Corsica និង Cannes ជាដើម៕