កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៨ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។


កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៨ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។


នៅក្នុងការជួញដូរលើកដំបូងក្រោយការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) នៅលើផ្សារហ៊ុន Nasdaq តម្លៃភាគហ៊ុន Addentax Group បានកើន ១៣,០០០%។
យោងតាម Bloomberg បន្ទាប់ពី AMTD Digital និង Magic Empire Global ក្រុមហ៊ុនមួយផ្សេងទៀតរបស់ ចិន គឺ Addentax Group ក៏កំពុងតែធ្វើឱ្យអ្នកវិនិយោគឈឺក្បាល នៅពេលឡើងថ្លៃ ១៣,០៣១% ក្រោយការជួញដូរដំបូងនៅលើផ្សារហ៊ុន Nasdaq កាលពីថ្ងៃទី ៣១ សីហា។ ភាគហ៊ុន Addentax ត្រូវផ្អាកការជួញដូរបណ្ដោះអាសន្នចំនួន ២០ លើក ដោយសារតែតម្លៃមិនមានស្ថិរភាព។
ការឡើងថ្លៃខាងលើ បានជួយឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Addentax កើនដល់ ២០ ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនរបស់ប្រធាន និងជា CEO របស់ Addentax គឺ Hong Zhida និងនាយកប្រតិបត្តិ Hong Zhiwang ក៏កើនសរុប ១.៣ ពាន់លានដុល្លារ។ បច្ចុប្បន្ន Hong Zhida កាន់កាប់ភាគហ៊ុន ៤.៨% និង Hong Zhiwang កាន់កាប់ ១.៦% នៅក្នុងក្រុមហ៊ុន Addentax។
Addentax មានទីស្នាក់ការនៅ Nevada រកស៊ីក្នុងវិស័យផលិតសម្លៀកបំពាក់ និងសេវាកម្មដឹកជញ្ជូន។ ក្រុមហ៊ុននេះមានប្រាក់ចំណូលមិនច្រើនប៉ុន្មាន ធៀបនឹងក្រុមហ៊ុនដទៃនៅលើផ្សារហ៊ុន Nasdaq។ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់កាលពីខែមីនា ២០២២ ប្រាក់ចំណូលរបស់ Addentax បានថយចុះ ៤៩% មកនៅត្រឹម ១២.៧ លានដុល្លារអាម៉េរិក ប៉ុន្តែ នៅតែមានចំណេញ។

Addentax គឺជាក្រុមហ៊ុនទី ៨ មកពី ហុងកុង ឬចិនដីគោក ដែលតម្លៃភាគហ៊ុនមានការប្រែប្រួលខ្លាំង បន្ទាប់ពី IPO នៅ សហរដ្ឋអាម៉េរិក។ មុននោះ AMTD Digital និង Magic Empire ដែលមានទីស្នាក់ការកណ្ដាលនៅ ហុងកុង ក៏ធ្លាប់បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅដើមត្រីមាសនេះ នៅពេលភាគហ៊ុនឡើងថ្លៃខ្ពស់រាប់ពាន់ភាគរយយ៉ាងអាថ៌កំបាំង បើទោះជាមានគោលការណ៍ជាមូលដ្ឋាន។ មានពេលខ្លះ តម្លៃមូលធនទីផ្សាររបស់ AMTD Digital កើនលើសពី Godlman Sachs ទៅទៀត។
យោងតាម Hebe Chen អ្នកវិភាគរបស់ IG Markets កត្តាដែលនាំឱ្យភាគហ៊ុនរបស់ Addentax ឡើងថ្លៃខ្ពស់ ទំនងជាមិនខុសពី AMTD Digital និង Magic Empire។ ចំណុចដូចគ្នារបស់ក្រុមហ៊ុនទាំងនេះគឺ ពួកគេរកស៊ីក្នុងវិស័យឧស្សាហកម្មបែបបុរាណ និងមិនមានសកម្មភាពហិរញ្ញវត្ថុលំដាប់ «ឆ្នើម»។
ដូច្នេះ អ្នកវិភាគ Hebe Chen បានព្យាករថា Addentax អាចនឹងដើរតាមគន្លងរបស់ AMTD Digital និង Magic Empire។ បច្ចុប្បន្ន ភាគហ៊ុនរបស់ Addentax កំពុងត្រូវបានជួញដូរក្នុងរង្វង់ ៣០ ដុល្លារ/ហ៊ុន ថយចុះ ៩៥% ធៀបនឹងតម្លៃខ្ពស់បំផុតរបស់វា ហើយតម្លៃមូលធនទីផ្សារក៏បានថយចុះមកនៅត្រឹម ៨០០ លានដុល្លារអាម៉េរិក៕

វិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបង្អស់ក្នុងពិភពលោក បានអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដំបូងរបស់ខ្លួន និងត្រូវបានដាក់លក់ក្នុងទីផ្សារនាពេលឆាប់ៗខាងមុខ។ SII និង រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់អំពីព័ត៌មាននេះកាលពីថ្ងៃទី ០១ កញ្ញា។
មហារីកមាត់ស្បូនគឺជាជំងឺមហារីកដែលកើតមានច្រើនជាងគេលំដាប់ទី ៤ នៅលើស្ត្រី ក្នុងនោះ ក្នុងឆ្នាំ ២០២០ មានស្ត្រីចំនួន ៦០៤,០០០ នាក់ បានកើតជំងឺនេះ និង ៣៤២,០០០ នាក់បានបាត់បង់ជីវិត។ ប្រមាណ ៩០% នៃករណីកើតជំងឺនេះ កើតឡើងនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
វីរុស ២ ប្រភេទគឺ HPV 16 និង HPV 18 គឺជាដើមហេតុដែលនាំឱ្យកើតជំងឺមហារីកមាត់ស្បូន យ៉ាងតិច ៧០% ក្នុងចំណោមករណីសរុប។ ការិយាល័យបច្ចេកវិទ្យាជីវសាស្ត្រឥណ្ឌា បានឱ្យដឹងថា វ៉ាក់សាំងថ្មីរបស់ប្រទេសនេះនឹងមានប្រសិទ្ធភាពចំពោះវីរុសប្រភេទ HPV 16 និង ១៨ ក៏ដូចជាប្រភេទ ៦ និង ១១។

បច្ចុប្បន្ន ក្រុមហ៊ុន Merck និង GSK គឺជាអ្នកផលិតវ៉ាក់សាំងបង្ការវីរុស HPV សំខាន់ជាងគេនៅក្នុងពិភពលោក។
នាយកប្រតិបត្តិរបស់ SII លោក Adar Poonawalla ឱ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារនាប៉ុន្មានខែខាងមុខ ប៉ុន្តែ ដំបូងត្រូវលក់នៅក្នុងប្រទេស មុននឹងដាក់លក់នៅបរទេស។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះនឹងមានតម្លៃចាប់ពី ២.៥១ ដល់ ៥.០៣ ដុល្លារអាម៉េរិក/ដូស។ ក្រុមហ៊ុន SII កំណត់គោលដៅផលិតវ៉ាក់សាំងនេះឱ្យបាន ២០០ លានដូសក្នុងអំឡុង ២ ឆ្នាំខាងមុខ។
វ៉ាក់សាំងខាងលើនឹងត្រូវបានប្រើប្រាស់តាមរយៈការចាក់ ក្នុងនោះ ក្រុមមនុស្សដែលមានអាយុពី ៩ ដល់ ១៤ ឆ្នាំ តម្រូវឱ្យចាក់ ២ ដូស និងក្រុមដែលមានអាយុពី ១៥ ដល់ ២៦ ឆ្នាំ តម្រូវឱ្យចាក់ ៣ ដូស៕

កាលពីថ្ងៃទី ៣១ សីហា មនុស្សរាប់ពាន់នាក់បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យគប់ផ្លែប៉េងប៉ោះ Tomatina ដ៏ចម្លែកនៅឯទីរួមស្រុក Bunol របស់ ប្រទេសអេស្ប៉ាញ ក្រោយពីបានផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩។
យោងតាម AFP រថយន្តដឹកទំនិញមួយក្រុងដែលដឹកផ្លែប៉េងប៉ោះទុំចំនួន ១៣០ តោន បានបរចូលកាន់ទីប្រជុំជននានាក្នុងទីរួមស្រុកមួយនៅភាគខាងកើតនៃ ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍គប់ផ្លែប៉េងប៉ោះ។
ប៉ុន្មាននាទីក្រោយពីសំឡេងផ្ទុះរបស់កាំជ្រួចអបអរ គេឃើញថា នៅលើដងផ្លូវនានា នៅក្នុងទីប្រជុំជននានា ពោរពេញដោយពណ៌ក្រហម។ អ្នកខ្លះពាក់វ៉ែនតាដើម្បីការពារភ្នែក គប់ប៉េងប៉ោះតម្រង់អ្នកដទៃ ខណៈដែលអ្នកខ្លះរើសយកផ្លែប៉េងប៉ោះនៅលើដី គប់ទៅលើមនុស្សម្នានៅក្បែរនោះ។
ព្រឹត្តិការណ៍ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង «សង្គ្រាមអាហារធំជាងគេក្នុងពិភពលោក» មួយនេះ បានក្លាយជាទីទាក់ទាញទេសចរក្នុង និងក្រៅប្រទេស ពិសេសគឺពលរដ្ឋមកពី អូស្ត្រាលី អង់គ្លេស ជប៉ុន និង សហរដ្ឋអាម៉េរិក ជាដើម។
ក៏ប៉ុន្តែ ឆ្នាំនេះ មានមនុស្សប្រមាណតែ ១៥,០០០ នាក់ប៉ុណ្ណោះដែលបានមកចូលរួមព្រឹត្តិការណ៍នេះ នៅក្នុងចំណោមសំបុត្រ ២០,០០០ សន្លឹកដែលត្រូវបានលក់ចេញ ដោយសារតែប្រទេសជាច្រើននៅ អាស៊ី មិនទាន់ដកវិធានការទប់ស្កាត់កូវីដ-១៩ ទាំងស្រុង៕


មន្ទីរពេទ្យមួយនៅ ប្រទេសចិន ថ្មីៗនេះបានរកឃើញស្ត្រី ២ រូបដែលមានឈាមប្រភេទកម្របំផុតនៅលើផែនដី ដែលគេហៅថា Rhnull ឬ ឈាមមាស។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Global Times មន្ទីរពេទ្យប្រជាជន Taizhou នៅក្នុងខេត្ត Jiangsu ភាគខាងកើតនៃ ប្រទេសចិន បានរកឃើញឈាមប្រភេទ Rhnull នៅក្នុងរាងកាយស្ត្រីម្នាក់ដែលមានជំងឺខ្វះឈាមធ្ងន់ធ្ងរនៅពេលពិនិត្យឈាម និងប្រព័ន្ធភាពស៊ាំ។ ក្រោយមក បងស្រីរបស់អ្នកជំងឺនេះក៏ត្រូវបានរកឃើញថាមានឈាមប្រភេទដូចគ្នានេះដែរ។
ឈាមប្រភេទ Rhnull គឺជាក្រុមឈាមដែលកម្រមានបំផុតក្នុងពិភពលោក។ គិតមកដល់បច្ចុប្បន្ន ពិភពលោកមានឈាមប្រភេទនេះនៅលើមនុស្សមិនដល់ ៥០ នាក់។ កាលពីឆ្នាំ ១៩៦១ ស្ត្រីជនជាតិអូស្ត្រាលី ម្នាក់ គឺជាមនុស្សដំបូងដែលត្រូវបានរកឃើញថា មានឈាមប្រភេទ Rhnull។ ចាប់តាំងពីពេលនោះមក មនុស្សជិត ៥០ នាក់ មានឈាមប្រភេទនេះ ក្នុងនោះមាន ជនជាតិចិន ៤ នាក់ផងដែរ។

ឈាមប្រភេទ Rhnull ត្រូវបានគេហៅថា «ឈាមមាស» ព្រោះវាជាប្រភេទឈាមដែលជួយសង្គ្រោះមនុស្សមានប្រសិទ្ធភាពជាងគេបង្អស់ ពោលគឺមានតម្លៃជាងក្រុមឈាមប្រភេទ Rh (ឬហៅថា ឈាម Panda) ទៅទៀត។
អ្នកដែលមានឈាមប្រភេទ Rhnull មិនមានអង់ទីហ្សែន Rh នៅលើកោសិកាឈាមក្រហម ដូច្នេះ ពួកគេអាចផ្ដល់ឈាមឱ្យអ្នកណាក៏បាន ដោយមិនមានប្រតិកម្មអ្វីទាំងអស់ បើទោះអ្នកទទួលឈាមមានឈាមប្រភេទណាក៏ដោយ។
ទោះជាយ៉ាងនេះក្ដី អ្នកដែលមានឈាមប្រភេទ Rhnull អាចទទួលរកផលវិបាកមួយចំនួន ក្នុងនោះ ពួកគេពិបាកក្នុងការទទួលយកឈាមពីអ្នកដទៃ ឬការវះកាត់ប្ដូរអវយវៈខាងក្នុងរាងកាយជាដើម៕

ចាប់ពីម៉ោង ១៥ ថ្ងៃទី ០១ កញ្ញា ផ្លូវល្បឿនលឿន Van Don – Mong Cai ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីការសាងសង់រយៈពេល ២ ឆ្នាំ ជួយឱ្យពេលវេលាធ្វើដំណើរពី Mong Cai ជាប់ ព្រំដែនចិន ទៅកាន់ រដ្ឋធានីហាណូយ ចុះមកនៅត្រឹម ៣ ម៉ោង។
ផ្លូវល្បឿនលឿន Van Don – Mong Cai នេះតម្រូវឱ្យអ្នកប្រើប្រាស់យានយន្តបើកបរក្នុងល្បឿនចាប់ពី ៦០ ទៅ ១២ គីឡូម៉ែត្រ/ម៉ោង ទៅតាមកំណាត់ផ្លូវនីមួយៗដែលអាជ្ញាធរបានកំណត់។
ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមធ្វើចរាចរណ៍ ក្រុមមន្ត្រីក្នុងខេត្ត Quang Ninh បានស្នើឱ្យក្រុមហ៊ុនវិនិយោគ មិនយកថ្លៃរហូតដល់ដំណាច់ខែកញ្ញានេះ។
ផ្លូវល្បឿនលឿន Van Don – Mong Cai បច្ចុប្បន្នត្រូវបានស្ថាបនារួចរាល់ក្នុងប្រវែងជាង ៧៩ គីឡូម៉ែត្រ។ ផ្លូវនេះមានទទឹង ២៥.២៥ ម៉ែត្រ, មាន ៤ គន្លងសម្រាប់រថយន្ត និងអាចឱ្យបើកបរក្នុងល្បឿនឡើងដល់ ១២០ គូឡូម៉ែត្រ/ម៉ោង។
អាជ្ញាធរវៀតណាម រំពឹងថា ផ្លូវល្បឿនលឿន Van Don – Mong Cai នេះ នឹងក្លាយជាចំណែកមួយក្នុងការគាំទ្រដល់វិស័យដឹកជញ្ជូន ទេសចរណ៍ និងការដោះដូរពាណិជ្ជកម្ម រវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹង ប្រទេសចិន និងបណ្ដាប្រទេសនៅភាគឦសាននៃ ទ្វីបអាស៊ី៕

ក្រោយពីលេចឮព័ត៌មានថា ក្រុមហ៊ុន Berkshire លក់ភាគហ៊ុន BYD ជាង ១.៣ លានហ៊ុន ទ្រព្យសម្បត្តិរបស់ CEO លោក Wang Chuanfu ក៏ថយចុះអស់ ១.៩ ពាន់លានដុល្លារអាម៉េរិក។
ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warrant Buffett ទើបតែបានលក់ភាគហ៊ុន BYD ជាលើកដំបូង រាប់ចាប់តាំងពីបានវិនិយោគទៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិនសីរបស់ ចិន មួយនេះកាលពីឆ្នាំ ២០០៨។
ព័ត៌មានខាងលើនេះ បានធ្វើឱ្យភាគហ៊ុន BYD ថយចុះជិត ១២% នៅក្នុងការជួញដូរកាលពីថ្ងៃទី ៣១ សីហា។ចំណែកទ្រព្យសម្បត្តិរបស់សហស្ថាបនិក និងជា CEO របស់ BYD លោក Wang Chuanfu ក៏បានបាត់បង់អស់ ១.៩ ពាន់លានដុល្លារ នេះបើតាមការគណនារបស់ Forbes។

ទោះជាយ៉ាងណាក៏ដោយ លោក Wang យល់ថា «BYD គឺជាគូប្រជែងដ៏សំខាន់ដែលអាចប្រកួតប្រជែងនឹង Tesla (របស់មហាសេដ្ឋី Elon Musk)។ Berkshire Hathaway អាចគ្រាន់តែលក់មួយផ្នែកតូចប៉ុណ្ណោះនៅក្នុងដំណាក់កាលនេះ»។

លោក Wang គឺជាសហស្ថាបនិករបស់ BYD ក្នុងនាមជាអ្នកផលិតថ្មផ្ទុកអគ្គិសនីកាលពីឆ្នាំ ១៩៩៥ និងវិនិយោគទៅក្នុងវិស័យរថយន្តនៅឆ្នាំ ២០០៣។ បច្ចុប្បន្ន លោក Wang កាន់កាប់ភាគហ៊ុន ១៧.៦% នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដែលភាគហ៊ុននេះគឺជាទ្រព្យមួយភាគធំនៅក្នុងទ្រព្យសរុប ២២.២ ពាន់លានដុល្លាររបស់លោក៕

រដ្ឋាភិបាលឡាវ បានអនុញ្ញាតឱ្យបើកច្រកព្រំដែនទាំងអស់ឡើងវិញ បន្ទាប់ពីបានបើកច្រកព្រំដែនអន្តរជាតិកាលពីថ្ងៃទី ០៩ ឧសភា ដើម្បីជួយជំរុញការដោះដូរទំនិញ និងទាក់ទាញភ្ញៀវបរទេស លើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ក្រោយវិបត្តិកូវីដ-១៩។
ក្រោយការបិទទ្វារប្រទេសអស់រយៈពេល ៣ ឆ្នាំ ដើម្បីទប់ស្កាត់កូវីដ-១៩ ចុងក្រោយ រដ្ឋាភិបាលឡាវ ក៏បានសម្រេចឱ្យបើកច្រកព្រំដែនទាំងអស់របស់ខ្លួន ដើម្បីចាប់ផ្ដើមស្ដារសេដ្ឋកិច្ច។
ប្រកាសកាលពីពេលថ្មីៗនេះរបស់ ក្រសួងការបរទេសឡាវ បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសឡាវ យល់ព្រមឱ្យបើកច្រកព្រំដែនទាំងអស់របស់ប្រទេសនេះ។ ប៉ុន្តែ អាជ្ញាធរត្រូវតែធានាឱ្យបានប្រាកដថា នឹងពុំមានការនាំចូលទំនិញខុសច្បាប់ និងទំនិញដែលមិនចាំបាច់។

កាលពីថ្ងៃទី ០៩ ឧសភា រដ្ឋាភិបាលឡាវ បានអនុញ្ញាតឱ្យបើកច្រកព្រំដែនអន្តរជាតិដើម្បីជួយជំរុញកំណើននៃការនាំចេញនាំចូល និងទាក់ទាញភ្ញៀវបរទេស បំណងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ក្រោយវិបត្តិកូវីដ-១។
ការបើកច្រកព្រំដែនទាំងអស់ឡើងវិញនេះ បានជួយឱ្យ ឡាវ ទាក់ទាញភ្ញៀវបរទេសមកទស្សនាបានយ៉ាងច្រើននាពេលកន្លង។ ក្នុងខែឧសភា ចំនួនទេសចរដែលបានទៅកាន់ប្រទេសឡាវ មានចំនួនជិត ៣៦ ពាន់នាក់ ខណៈក្នុងខែមិថុនា តួលេខនេះកើនដល់ជិត ១៧២ ពាន់នាក់ នាំមកនូវប្រាក់ចំណូលច្រើនបង្គួរដែលអាចអនុញ្ញាតឱ្យ ឡាវ ទិញទំនិញពីបរទេសបានច្រើនជាងមុន៕

ព្រឹកថ្ងៃទី ០១ កញ្ញានេះ ដើម្បីជាការអបអរខួប ៧៧ ឆ្នាំនៃទិវាឯករាជ្យ ពិធីបង្ហូតទង់ជាតិ ត្រូវបានប្រារព្ធឡើងលើទីលាន Ba Dinh នៅ រដ្ឋធានីហាណូយ។
ពិធីដង្ហែ និងបង្ហូតទង់ជាតិខាងលើ ត្រូវបានធ្វើឡើងដោយក្រុមទាហានមកពីអង្គភាព ២៧៥ ដែលជាក្រុមការពារចេតិយរបស់សពលោក ហូជីមិញ។
គំនិតនៃការប្រារព្ធពិធីដង្ហែ និងបង្ហូតទង់ជាតិបែបនេះ ត្រូវបាន រដ្ឋាភិបាលវៀតណាម អនុម័តកាលពីឆ្នាំ ២០០១ ក្នុងឱកាសទិវាគម្រប់ ១១១ ឆ្នាំនៃថ្ងៃកំណើតរបស់លោក ហូជីមិញ។ នេះគឺជាលើកទី ២១ ហើយ ដែលពិធីនេះត្រូវបានប្រារព្ធឡើង។


កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៩ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៤ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។
