Author: សឿន សំណាង

  • ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា «ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់

    ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា «ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់

    ប្រធានាធិបតី ចូ បៃ​ដិ​ន ប្រកាសថា  ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់ ប៉ុន្តែ​ថា រដ្ឋាភិបាល​នៅតែមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ទប់ទល់​នឹង​ប្រភេទ​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជាង ១ លាន​នាក់​នៅ​ប្រទេស​នេះ។

    «ជំងឺ​រាតត្បាត​សកល​បានបញ្ចប់ ប៉ុន្តែ​យើង​នៅមាន​បញ្ហា​ជាមួយនឹង​កូ​វីដ-១។ យើង​នៅតែ​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ដោះស្រាយ ប៉ុន្តែ ជំងឺ​រាតត្បាត​សកល​នេះ​បានបញ្ចប់​ហើយ។ ដូច​អ្នក​បានឃើញ​ហើយ លែងមាន​អ្នកណា​ពាក់​ម៉ាស។ គ្រប់គ្នា​ទំនងជា​កំពុងស្ថិត​ក្នុងស្ថានភាព​ល្អប្រសើរ។ ខ្ញុំ​គិតថា គ្រប់យ៉ាង​បាន​ប្រែប្រួល» ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែង​នៅក្នុង​កម្មវិធី «៦០ នាទី» របស់ CBS កាលពី​ថ្ងៃទី ១៨ កញ្ញា។

    យោងតាម CNN ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅតែ​កំណត់ថា កូ​វីដ-១៩ គឺជា​ស្ថានភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ ខណៈដែល អង្គការ​សុខភាព​ពី​ភព​លោក (WHO) ក៏​អះអាង​ដូច្នេះ។ ការអធិប្បាយ​របស់លោក ចូ បៃ​ដិ​ន ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានការ​ថ្លែង​ប្រកបដោយ​ភាពជឿជាក់​ពី​ក្រុម​មេដឹកនាំ​ផ្នែក​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្ដាហ៍​កន្លង ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា «សប្ដាហ៍​កន្លង តួលេខ​ប្រចាំ​សប្ដាហ៍​ស្ដីពី​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់ពី​ខែមីនា ២០២០។ យើង​មិន​ធ្លាប់បាន​ស្ថិតក្នុង​ស្ថាន​ភាពល្អ​បែបនេះ ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បាន​ផ្ទុះឡើង»។

  • លោក ចូ បៃដិន អះអាង​ជា​ថ្មី ៖ អាម៉េរិក នឹង​ចូល​ធ្វើអន្តរាគមន៍​បើ​សិន​ កោះតៃវ៉ាន់ ត្រូវ​រង​ការ​វាយ​ប្រហារ​

    លោក ចូ បៃដិន អះអាង​ជា​ថ្មី ៖ អាម៉េរិក នឹង​ចូល​ធ្វើអន្តរាគមន៍​បើ​សិន​ កោះតៃវ៉ាន់ ត្រូវ​រង​ការ​វាយ​ប្រហារ​

    ប្រធានាធិបតី​អាម៉េរិក បាន​ថ្លែង​ថា កងកម្លាំង​របស់ សហរដ្ឋ​អាម៉េរិក នឹង​ការ​ពារ​ កោះតៃវ៉ាន់ បើសិន​កោះ​នេះ​ត្រូវ​គេ​វាយប្រហារ​ ខណៈ​ដែល​អះអាង​ថា គោលនយោបាយ​ «ចិន​តែ​មួយ» មិន​ប្ដូរ​ផ្លាស់​។

    «មាន​ការ​ចូល​ធ្វើ​អន្តរាគមន៍​ បើសិន​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​ កើត​ឡើង​» លោក​ បៃដិន បាន​ឆ្លើយ​នឹង​អ្នក​ដឹក​នាំ​កម្មវិធី Scott Pelley របស់​ទូរទស្សន៍ CBS នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​ម្សិល​មិញ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​សហរដ្ឋ​អាម៉េរិក «ការ​ពារកោះ (តៃវ៉ាន់)» ឬទេ។

    ប្រធានាធិបតី​អាម៉េរិក ក៏​បាន​បញ្ជាក់​ថា គោលនយោបាយ «ចិន​តែ​មួយ» របស់ វ៉ាស៊ីងតោន មិន​ប្ដូរ​ផ្លាស់​។ «យើង​ឯកភាព​ជាមួយ​នឹង​អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​​យូរ​មក​ហើយ​។ នោះ​គឺ​គោលនយោបាយ​ចិន​តែ​មួយ​។ យើង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ កោះ​តៃវ៉ាន់ ឯករាជ្យ​។ នោះ​គឺជា​សិទ្ធិ​របស់​ពួក​គេ​» លោក​ បៃដិន ថ្លែង​ដូច្នេះ​។

    នៅ​ពេល​ត្រូវ​បាន​ស្នើ​ឱ្យ​បកស្រាយ​អំពី​ការ​អះអាង​​របស់​លោក បៃដិន អ្នកនាំពាក្យ​របស់​ សេតវិមាន អធិប្បាយ​​ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ តៃវ៉ាន់ មិន​ផ្លាស់​ប្ដូរ​។

    ផែនទី​ចិន​ដីគោក និង​កោះតៃវ៉ាន់

    កន្លង​មក លោក បៃដិន ធ្លាប់​បាន​ថ្លែង​ច្រើន​លើក​ហើយ​ថា អាម៉េរិក និង​ចូល​ធ្វើ​អន្តរាគមន៍​ បើ​សិន​ កោះតៃវ៉ាន់ រង​ការ​វាយ​ប្រហារ​ ប៉ុន្តែ លោក​ក៏​នៅ​តែ​អះអាង​ថា អាម៉េរិក តែង​តែ​គោរព​គោលនយោបាយ​ «ចិន​តែ​មួយ»។

    ភាគី​​ខាង​ចិន​ដីគោក និង​ អាជ្ញាធរ​ចិន​កោះ​តៃវ៉ាន់ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​ ប្រធានាធិបតី​អាម៉េរិក​។

    រដ្ឋាភិបាល​ចិន​ដីគោក តែង​ចាត់​ទុក​ កោះតៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ដែល​មិន​អាច​កាត់​ផ្ដាច់​​ចេញ​បាន និង​រង់​ចាំ​តែ​ការបង្រួប​បង្រួម​ ហើយ​ថា​នឹង​ប្រើ​កម្លាំង​បាយ​បើ​សិន​ចាំបាច់​។ ចំណែក​ សហរដ្ឋ​អាម៉េរិក​ វិញ បាន​សន្យា​ថា «គោរព» គោលការណ៍​ «ចិន​តែ​មួយ» ប៉ុន្តែ​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​ កោះតៃវ៉ាន់ និង​ផ្គត់​ផ្គង់​អាវុធទំនើប​ៗ​របស់​កោះ​នេះ​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៤ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៩ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ប្រទេស​ចិន មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ប្រទេស​ចិន មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ប្រទេស​ចិន មាន​គម្រោង​នាំ​អតិថិជនដំបូងៗរបស់​ពួកគេ ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ដំណើរ​ទេសចរណ៍​ក្រោម​គន្លង​គោចរ​ផែនដី​នៅ​ឆ្នាំ ២០២៥។

    អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ Yang Yiqiang អតីត​អគ្គនាយក​របស់​គម្រោង​រ៉ុក្កែត Long March 11 កាលពី​ឆ្នាំ ២០១៨ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​អវកាស CAS Space ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​ព្យាករ​ថា សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​នឹង «ផ្ទុះ​ការពេញនិយម» នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    «ដោយមាន​ការកែ​លំអរូប​មន្ត​ពាណិជ្ជកម្ម ប្រទេស​ចិន គ្រោង​នឹង​ចាប់ផ្ដើម​ផ្ដល់​សេវា​ទេសចរ​ក្រោម​គន្លង​គោចរ​នៅ​ឆ្នាំ ២០២៥ ជាមួយនឹង​តម្លៃ​ប្រមាណ​ពី ២ ទៅ ៣ លាន​យុន (២៨៦,០០០ ដល់ ៤៣០,០០០ ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​សារព័ត៌មាន Global Times ស្រង់​សម្ដី​របស់លោក Yang ចុះផ្សាយ​កាលពី​ថ្ងៃទី ១៧ កញ្ញា។

    លោក Yang បានឱ្យដឹងថា ទេសចរណ៍​ក្រោម​គន្លង​គោចរ​របស់​ផែនដី​បាន​រីកចម្រើន​ជាង​មុន​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស ធៀប​នឹង​ប្រភេទ​ទេសចរណ៍​អវកាស​ដទៃ និង​សមស្រប​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់គ្នា។ ការហោះហើរ​នាពេល​អនាគត​របស់ ប្រទេស​ចិន អាច​នាំ​អតិថិជន ៧ នាក់/ជើង ឡើងទៅ​កាន់​ជាន់​ខាងលើ​នៃ​បន្ទាត់ Karman ក្នុង​រយៈកម្ពស់​ជាង ១០០ គីឡូម៉ែត្រ ជាទី​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ព្រំដែន​រវាង​បរិយាកាស​ផែនដី និង​បរិយាកាស​ខាងក្រៅ​ផែនដី។ ការហោះហើរ​នេះ​នឹងមាន​រយៈពេល​ប្រហែល ១០ នាទី ក្នុងនោះ អតិថិជន​នឹងមាន​ពេល​ច្រើន​នាទី​ដើម្បី​ទទួលយក​បទពិសោធន៍​ក្នុង​បរិស្ថាន​មិនមាន​ទម្ងន់។

    រូបភាពបង្ហាញអំពីជើងហោះហើរទៅកាន់ក្រោមគន្លងគោចរដោយរ៉ុក្កែត និងយានអវកាសរបស់ CAS Space

    នៅក្នុង​ប្រកាស​មួយ​កាលពី​ឆ្នាំ​កន្លង CAS Space បាន​និយាយថា ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ុក្កែត និង​យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ សម្រាប់​ដំណើរ​ទេសចរណ៍​អវកាស​នេះ។ នៅពេល​ហោះ​ឡើងដល់​បន្ទាត់ Karman រ៉ុក្កែត​នឹង​ផ្ដាច់ខ្លួន រួច​វិល​ត្រលប់​មកកាន់​បរិយាកាស ចុះចត​លើ​ផែនដី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត ខណៈដែល​យានអវកាស​បន្ត​ហោះហើរ និង​ចុះចត​ដោយ​ប្រព័ន្ធ​ឆត្រយោង។

    សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​របស់ ប្រទេស​ចិន នឹង​ផ្ទុះ​ការពេញនិយម​នៅ​ឆ្នាំ ២០២៧ នៅពេល​ប្រទេស​នេះ​ដាក់ពង្រាយ​រួចរាល់​នូវ​ប្រព័ន្ធ​ផ្កាយរណប​ដ៏​ធំ និង​នៅពេល​មាន​រ៉ុក្កែត​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។

    ចិន គឺជា​ប្រទេស​ដែល​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​ស​ម្រា​ប់ទេស​ចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​ក្រោយ​គេ ធៀប​នឹង​មហាអំណាច​មួយចំនួន ប៉ុន្តែ​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​បង្កើនល្បឿន ក្នុងនោះ​មាន ៣៧០ ក្រុមហ៊ុន​បាន​លោត​ចូលក្នុង​វិស័យ​អវកាស​ពាណិជ្ជកម្ម គិត​ត្រឹម​ឆ្នាំ​កន្លង។ នេះ​បើតាម​ព័ត៌មាន​ពី​ថ្នាល​ព័ត៌មាន​ពាណិជ្ជកម្ម Qichacha៕

  • អគ្គិភ័យកំពុងឆាបឆេះឃ្លាំង​មួយកន្លែង​ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១

    អគ្គិភ័យកំពុងឆាបឆេះឃ្លាំង​មួយកន្លែង​ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១

    ពេលនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំង​មួយកន្លែង​ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

    នាវេលា​ម៉ោង​ ៩ និង ០៥ ​នាទីព្រឹក​ ថ្ងៃទី ១៩​ ខែកញ្ញា​ ឆ្នាំ ២០២២ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំង​មួយកន្លែង​ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។ នេះ​បើ​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

    កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​។

  • ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ​មហា​ក្សត្រ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​គេ​ធ្វើ​ឃាត

    ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ​មហា​ក្សត្រ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​គេ​ធ្វើ​ឃាត

    ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ មហា​ក្សត្រី​ Zulu នៅ​ អាហ្វ្រិក​ខាងត្បូង ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី ១៧ កញ្ញា នៅ​ខាង​ក្រៅ​ព្រឹត្តិការណ៍​ប្រពៃណី​។

    លោក Dumisani Blasius Khumalo «ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​» បន្ទាប់​ពីបាន​ចូល​រួម​ពិធី​របាំ​មួយ​នៅ Nongoma។ នេះ​បើ​តាមប្រកាស​របស់​ Sihle Zikalala ដែល​ជា​សមាជិក​សភា​ក្នុង​តំបន់។

    មនុស្ស​ប្រហែល ១ ម៉ឺន​នាក់​ កាលពី​ថ្ងៃទី ១៩ កញ្ញា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីរួម​ស្រុក​ Nongoma ដែល​ជា​តំបន់​មួយ​របស់​ជនជាតិ Zulu នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត KwaZulu-Natal របស់ អាហ្វ្រិក​ខាងត្បូង​ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​របាំ​ប្រពៃណី​។

    នៅក្នុង​ពិធី​ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​មក​ហើយ​នេះ ក្រុម​នារី​របាំ​​នឹង​សម្ដែង​ក្បាច់​រាំ​នៅ​​ចំពោះ​ព្រះភក្ត្រ​​ស្ដេច​របស់​ជនជាតិ​ Zulu ដែល​ជា​ជនជាតិ​ភាគ​ច្រើន​ជាង​គេ​នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​មាន​ប្រជាជន​ប្រមាណ​ ១១ លាន​នាក់​ ស្មើ​នឹង​ជិត ១/៥ នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​។ នេះ​គឺជា​ពិធី​របាំ​ប្រពៃណី​ដំបូង​របស់​ស្ដេច Zulu MisuZulu Zulu ដែល​បាន​ឡើង​គ្រង​រាជ​កាលពី​ខែ​កន្លង​។

    ក្រុម​អ្នក​ប្រឆាំង​នឹង​មេដឹក​នាំ​ថ្មី​របស់​ជនជាតិ Zulu មុន​នោះ​បាន​គំរាម​ថា​នឹង​មាន​ការ​​បង្ហូរ​ឈាម​មួយ​កើត​ឡើង បើ​សិន​ពិធី​របាំ​ប្រពៃណី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។

    លោក Khumalo ប្រធាន​ទីប្រឹក្សា​​របស់​ស្ដេច MisuZulu Zulu គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​​នៅ​ក្នុង​សហគមន៍​ជន​ជាតិ Zulu។ នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជម្លោះ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​តុលាការ​បែប​បុរាណ​ ជំនួស​ឱ្យ​ស្ថាប័ន​យុត្តិធម៌​របស់​រដ្ឋ​។

    «គាត់​ (លោក Khumalo) មាន​ភក្ដី​ភាព​ខ្លាំង​ណាស់​ ចំពោះ​រាជវង្ស​ និង​ធ្លាប់​ធ្វើ​ការ​យ៉ាង​សកម្ម​​ជាមួយ​នឹង​បិតា​របស់​ស្ដេច MisuZulu» Khaya Ndwandwe អ្នក​ជំនាញ​ផ្នែក​វប្បធម៌​ Zulu ឱ្យ​ដឹង​ដូច្នេះ​។

    បន្ទាប់​​ពី​ស្ដេច Goodwill Zwelithini របស់ Zulu បាន​ចូល​ទិវង្គត​កាលពី​ឆ្នាំ​កន្លង ក្រោយ​ពី​ឡើង​គ្រង​រាជ​បាន​ ៥០ ឆ្នាំ​ វិវាទ​ទាក់​ទិន​នឹង​សិទ្ធិ​ស្នង​រាជ​ក៏​បាន​ផ្ទុះ​ឡើង​។ ស្ដេច​ MisuZulu ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រធានាធិបតី Cyril Ramaphosa។ ស្ដេច MisuZulu គឺជា​បុត្រ​របស់​មហេសី​ទីបី​របស់​ស្ដេច Goodwill Zwelithini។

    មហាសីទីមួយ​របស់​ស្ដេច Goodwill Zwelithini បាន​ជំទាស់​ទៅ​នឹង​ការ​ស្នង​រាជ​របស់​ស្ដេច MisuZulu នៅ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​។

    បុត្រា​ចម្បង​របស់​ស្ដេច​ដែល​បាន​សោយ​ទិវង្គត និង​ជា​បុត្រ​ «ក្រៅ​ច្បាប់» កាលពី​សប្ដាហ៍​កន្លង បាន​ដាក់​ពាក្យ​បណ្ដឹង​ និង​ប្រកាស​ថា គាត់​ទើប​ជា​អ្នក​ដែល​ត្រូវស្នង​រាជ​ស្រប​ច្បាប់​។ ចំណែក​ព្រះរៀម​ និង​អនុជ​របស់អតីត​មហា​ក្សត្រ Goodwill Zwelithini ក៏​បាន​ប្រកាស​ថា រាជបល្ល័ង្ក​គឺ​ជា​របស់​បេក្ខ​ភាព​ផ្សេង​មួយអង្គ​​ទៀត​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី ១៧ កញ្ញា ស្ដេច​ថ្មី​របស់ Zulu បាន​អំពាវនាវ​ឱ្យ​មាន​ «សន្តិភាព​ និង​ឯកភាព​នៅ​ក្នុង​ពូជ​អម្បូរ​»៕

  • ក្រុម​ហ៊ុន Shell នឹង​​ដំឡើង​​ឧបករណ៍​​បញ្ចូល​​ថាមពល​​យាន​យន្ត​អគ្គិសនី​​ ១០,០០០​​ កន្លែង​​​នៅ​​ពាស​​ពេញ​​​ទឹក​​ដី​​ឥណ្ឌា

    ក្រុម​ហ៊ុន Shell នឹង​​ដំឡើង​​ឧបករណ៍​​បញ្ចូល​​ថាមពល​​យាន​យន្ត​អគ្គិសនី​​ ១០,០០០​​ កន្លែង​​​នៅ​​ពាស​​ពេញ​​​ទឹក​​ដី​​ឥណ្ឌា

    ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell របស់អង់គ្លេសសាខា​នៅ​ ឥណ្ឌា កំពុង​ដំណើរ​ការ​ឧបករណ៍​ចាក់សាំង​ចំនួន ៣២៧ គ្រឿង​ ក្នុង​ចំណោម​ ៨៣,៨៨៨ គ្រឿង​នៅ​ប្រទេស​នេះ​។ ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​​អគ្គិសនី​ដំបូង​របស់​ខ្លួន​នៅ​ ប្រទេស​ឥណ្ឌា សម្រាប់​រថយន្ត​អគ្គិសនី​ និង​ម៉ូតូអគ្គិសនី​ក្នុង​ទីក្រុង Bengaluru កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។

    ក្នុង​ប្រកាស​របស់​ខ្លួន​ Shell បាន​ឱ្យ​ដឹង​ថា «ឥណ្ឌា​ គឺជា​ទីផ្សារ​ដំបូង​ដែល​ Shell បញ្ចេញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​ម៉ូតូអគ្គិសនី​។ ក្រុម​ហ៊ុន​មាន​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ជាង ១០,០០០ កន្លែង​នៅ​ពាស​ពេញ​ទឹក​ដី​ឥណ្ឌា​ គិត​ត្រឹម​ឆ្នាំ​ ២០៣០»។

    Shell សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​របស់ ​ឥណ្ឌា IOC និង Reliance-BP នៅ​ក្នុងការ​សាងសង់​ស្ថានីយ​​បញ្ចូល​ថាមពល​​សម្រាប់​យាន​យន្ត​អគ្គិសនី​ ដើម្បីបង្កើន​ចំនួន​អតិថិ​ជន​ប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​។ Shell អះអាង​ថា ១០០% នៃ​ថាមពល​ដែល​ប្រើប្រាស់​សម្រាប់​ស្ថានីយ​បញ្ចូល​អគ្គិសនី​​គឺជា​ថាមពល​ស្អាត​។

    ក្នុង​ដំណាក់​កាល​ដំបូងនៃ​គម្រោង​ខាងលើ Shell នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​អគ្គិសនី​នៅ​ Yeshwantpur, Marathalli, Old Madras Road, Brookefield និង Kanakpura។ ក្រៅ​ពី​នេះ​ Shell ក៏​គ្រោង​នឹង​ដំឡើង​ឧបករណ៍​​បញ្ចូល​អគ្គិសនី​នៅ​ក្នុង​ស្ថានីយ​ប្រេង​សាំង​របស់​ដៃគូ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ ​ឥណ្ឌា ​ផងដែរ​៕

  • ប្រទេស​ចិន គ្រប់​គ្រង​មួយ​ផ្នែក​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ ប្រទេស​រុស្ស៊ី

    ប្រទេស​ចិន គ្រប់​គ្រង​មួយ​ផ្នែក​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ ប្រទេស​រុស្ស៊ី

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែល​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

    យោង​តាម​សារព័ត៌មាន Sputnik របស់​​ រុស្ស៊ី កាលពី​ថ្ងៃទី ១៦ កញ្ញា ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia រត់កាត់​ប្រទេស​ចិន PipeChina ប្រកាស​ថា ទីក្រុង​ប៉េកាំង​ បាន​បើក​ដំណើរ​ការ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​កំណាត់​ដែល​នាំ​ចូល​ឧស្ម័ន​ពី​ រុស្ស៊ី​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ផ្គត់ផ្គង់​ឧស្ម័ន​របស់​​ រុស្ស៊ី​ សម្រាប់​ប្រទេស​ចិន​។

    ប្រកាស​ខាងលើ​បាន​បញ្ជាក់​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

    មាន​ព័ត៌មាន​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ខេត្ត Hebei ទៅ​​​ខេត្ត Shandong គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ ប្រទេស​ចិន​ ដែល​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia របស់ រុស្ស៊ី​។

    មុន​នោះ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandr Novak បាន​ឱ្យ​ដឹង​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia 2 របស់ រុស្ស៊ី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​ឧស្ម័ន​ឱ្យ​ ប្រទេស​ចិន​ ពិត​ជា​អាច​ជំនួស​ Nord Stream pipeline 2។

    យោង​តាម​លោក Alexandr Novak ប្រទេស​រុស្ស៊ី និង ចិន នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន ៥០ ពាន់​លានម៉ែត្រ​​គុប​/ឆ្នាំ​ នា​ពេល​ដ៏ខ្លី​ខាងមុខ​។ បរិមាណ​នេះ​ជិត​ស្មើ​នឹង​បរិមាណ​ឧស្ម័ន​ដែល​បង្ហូរ​តាម​បណ្ដាញ​ Nord Stream pipeline 1 (៥៥ ពាន់​លាន​ម៉ែត្រ​គុប) ដែល​បាន​ឈប់ដំណើរ​ការ​តាំង​ពី​ថ្ងៃទី ០២ កញ្ញា​។

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែលភ្ជាប់​ពី រុស្ស៊ី មក​ ចិន​ ​កំពុងត្រូវ​បាន​ប្រើប្រាស់​​នា​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាលពីចុង​ឆ្នាំ​ ២០១៩។ បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័នមាន​​កម្លាំង​បង្ហូរ​ប្រចាំ​ឆ្នាំ​ឡើង​ដល់ ៦១​ ពាន់​លាន​ម៉ែត្រគុប។

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​នេះថ្មី​របស់​ ចិន និង រុស្ស៊ី នេះ ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ប្រភព​ចំណូល​សំខាន់​របស់ រុស្ស៊ី នៅ​ពេល​ខាងមុខ​ ព្រោះ​ថា អឺរ៉ុប កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ការ​ពឹង​ផ្អែក​ជា​ប្រវត្តិសាស្ត្រ​ទៅ​លើ​ឧស្ម័ន​របស់​ ប្រទេស​រុស្ស៊ី​៕

  • មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក

    មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក

    មហាសេដ្ឋី Gautam Adani បាន​ «យកឈ្នះ» លើ​លោក Bernard Arnault (ជនជាតិ​បារាំង) ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក។

    យោង​តាម​ស្ថិតិរបស់ Forbes លោក Adani មាន​ទ្រព្យ​សុទ្ធ​ដែល​មាន​តម្លៃ​ ១៥៤.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើន​ជាង​លោក Arnault ដែល​មាន​ ១៥៣.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​ឥណ្ឌា​រូប​នេះ​រកស៊ី​ក្នុង​វិស័យ​ជា​ច្រើន​ តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ ស៊ីម៉ង់​ រហូត​ដល់​ព្រលាន​យន្តហោះ​។

    ចំណាត់​ថ្នាក់​លេខ​ ២ របស់​លោក Adani ក៏​ជួយ​ឱ្យ​លោក​ក្លាយ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ top 3 ស្ដីពី​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើលោក​។ ក្នុង​រយៈ​ពេល ២ ឆ្នាំ​មកនេះ ទ្រព្យ​របស់​លោក Adani បាន​កើន​ឡើង​ ១៣​ លើក​។

    ឆ្នាំ​ ១៩៨៨ លោក Adani បាន​បើក​ក្រុម​ហ៊ុន​ Adani Exports ដើម្បី​ដោះដូរ​ទំនិញ។ ក្រោយ​មក លោក​ក៏​បាន​បង្កើត​កំពង់ផែ​ Mundra សម្រាប់​បម្រើ​ដល់​ការ​នាំចេញ-នាំចុល​។ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ ក្រុម​ហ៊ុន​នេះ​បាន​ក្លាយជា​ក្រុម​ហ៊ុន​ធំជាង​គេ​នៅ​ក្នុង​ស្រុក​ដែល​រកស៊ី​ក្នុង​វិស័យ​ធ្យូង​ថ្ម និង​ជា​ស្ថាប័ន​ដែល​មាន​ប្រភព​ចំណូល​ពីបរទេស​ធំជាង​គេ​របស់ ឥណ្ឌា​។

    ស្ថិតិ​របស់ Forbes បង្ហាញ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ លោក Adani បាន​យក​ឈ្នះ​លើ​មហា​សេដ្ឋី Jeff Bezos ម្ចាស់​ក្រុមហ៊ុន Amazon និង​កាន់កាប់​តំណែង​លេខ​ ២។ ក្រោយ​មក មហា​សេដ្ឋី​បារាំង​ លោក Bernard Arnault ក៏​ដណ្ដើម​បាន​តំណែង​នេះ ប៉ុន្តែ លោក Adani យក​មក​វិញ​បាន​ដោយ​ប្រើ​ពេល​យ៉ាង​ខ្លី​។ បច្ចុប្បន្ន មហា​សេដ្ឋី​ឥណ្ឌា លោក Adani មាន​ទ្រព្យ​ច្រើន​ជាង​គេ​​​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ ដោយ​ឈរ​ពីក្រោយ​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក​ Elon Musk៕

  • ​ពិព័រណ៍​អាស៊ាន-ចិនលើកទី ១៩ មាន​ក្រុម​ហ៊ុន​​ចូលរួម​​រហូត​ដល់​ជាង ៣,៦០០ ស្ថាប័ន​

    ​ពិព័រណ៍​អាស៊ាន-ចិនលើកទី ១៩ មាន​ក្រុម​ហ៊ុន​​ចូលរួម​​រហូត​ដល់​ជាង ៣,៦០០ ស្ថាប័ន​

    ពិព័រណ៍​អាស៊ាន-ចិន (CAEXPO) និង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ពាណិជ្ជកម្ម​-វិនិយោគ​អាស៊ាន-ចិន (CABIS) លើក​ទី ១៩ ​ប្រារព្ធ​ឡើង​ពីថ្ងៃទី ១៦ ដល់ ១៩ កញ្ញា នៅ​​ទីក្រុង​ Nanning ក្នុង​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang នៃ​ខេត្ត Guangxi ប្រទេស​ចិន​។

    យោង​តាម​ព័ត៌មាន​ពី​គណៈកម្មការរៀប​ចំកម្មវិធី ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​ហ៊ុន​ជាង ​៣,៦០០ ស្ថាប័ន មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ ប្រទេស​ចិន​។​ ក្នុង​នោះ មាន​ ១,៦៥៣ ក្រុម​ហ៊ុន​ ចូល​រួម​ដោយ​ផ្ទាល់ និង​ជាង ២,០០០ ក្រុម​ហ៊ុន​ ចូល​រួម​ពី​ចម្ងាយ​​ តាម​រយៈការ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​អ៊ីនធើណិត​។

    តំណាង​របស់​ ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ចាប់​ផ្ដើម​​ដំបូង​សម្រាប់​ទំនាក់​ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយរវាង​​ ប្រទេស​ចិន និង​ អាស៊ាន និង​ជា​ឆ្នាំ​ដំបូង​ដែល​ចាប់​ផ្ដើម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) ដើម្បី​ត្រៀម​សម្រាប់​ការ​ស្ថាបនា​កំណែ​ ៣.០ នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​។

    ពិព័រណ៍​លើក​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «ចែករំលែក​ឱកាស​ថ្មី​ពី RCEP, ជំរុញ​កំណែ​ ៣.០ នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​», កែលំអ​ការ​សន្ទនា​ថ្នាក់​ខ្ពស់, លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នីមួយ​ៗ​​, ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​ ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

    ក្នុង​ពិព័រណ៍​នេះ​ដែរ ក៏​មាន​ការ​រៀប​ចំតាំង​បង្ហាញ​​ផលិត​ផល​ពិសេស​ និង​លេចធ្លោ​របស់​បណ្ដា​ប្រទេស​ក្នុង​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង RCEP។

    ក្រៅ​ពី​ទីតាំង​ពិព័រណ៍​ថ្មី​ដូចជា​ រថយន្ត​អគ្គិសនី ទេសចរណ៍​វប្បធម៌ និង​ពាណិជ្ជកម្ម​លើអ៊ីនធើណិត​ជា​ដើម​ ព្រឹត្តិការណ៍​ពិព័រណ៍​លើក​នេះ​ក៏​មាន​ការ​រៀប​ចំ​វេទិកា​លំដាប់​ខ្ពស់​ចំនួន ២១ កន្លែង​ ដែល​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សារព័ត៌មាន ការ​ប្រើប្រាស់​ថាមពល​អាតូមិកក្នុង​គោលដៅ​សន្តិភាព​។ល។