Author: សឿន សំណាង

  • មហា​សេដ្ឋី ជេ​ហ្វ បេ​ហ្សូស (Jeff Bezos) ប្រាប់​អំពី​មូលហេតុ​ដែល​លោក​វិនិយោគ​ទៅ​​លើ​អវកាស

    មហា​សេដ្ឋី ជេ​ហ្វ បេ​ហ្សូស (Jeff Bezos) ប្រាប់​អំពី​មូលហេតុ​ដែល​លោក​វិនិយោគ​ទៅ​​លើ​អវកាស

    លោក ជេហ្វ បេហ្សូស​ បាន​បោះ​បង់​តំណែង​នាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន Amazon និង​ប្រើប្រាស់​ពេល​វេលា​ទាំង​អស់​សម្រាប់​វិស័យ​អវកាស ដើម្បី «ការ​ពារ​ផែនដី»។

    សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​មនុស្ស​ធម៌​មួយ​នៅ Vatican កាល​ពីចុង​សប្ដាហ៍​កន្លង លោក បេហ្សូស​ ស្ថាបនិក​របស់ Amazon បាន​ឱ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​បាន​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​ផ្ដោត​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អវកាស ខណៈ​ដែល​នៅ​លើ​ផែនដី​នៅ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះ​ស្រាយ​។ «យើង​ចូល​ទៅ​គ្រប់​គ្រង​អវកាស​ មិន​មែន​ដើម្បី​បោះ​បង់​ផ្ទះ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ការ​ពារ​វា» លោក បេហ្សូស​ ឆ្លើយ​តប​ដូច្នេះ​។

    មហា​សេដ្ឋី​អាម៉េរិក​ រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​បាន​ស្រលាញ់​ចូល​ចិត្ត​អវកាស​តាំង​តែ​ពី​នៅ​តូច​ ដោយ​ចាប់​ផ្ដើម​ពីការ​ទស្សនា​ខ្សែ​ភាព​យន្ត​បែប​វិទ្យា​សាស្ត្រ Star Trek។ លោក​ចូល​ចិត្ត​បង្កើត​គំរូ​យាន​អវកាស​តាំង​ពី​ពេល​នៅ​វ័យ​ជំទង់​ ហើយ​ប្រែ​ក្លាយ​ «ផ្ទះ​ដាក់​ឡាន​របស់​ខ្លួន​ ឱ្យ​ទៅ​ជា​បន្ទប់​ពិសោធន៍​»។ លោក បេហ្សូស​ ថ្លែង​ថា «ទាំង​នោះបាន​ជំរុញ​ឱ្យ​ខ្ញុំ​ឆាប់​សម្រេច​ចិត្ត​កសាង​ផ្លូវ​មួយ​ទៅ​កាន់​វិស័យ​អវកាស»​។

    យោង​តាម​មហា​សេដ្ឋី​ខាងលើ ផែនដី​គឺជា «សួន​មួយ​ដែល​ត្រូវ​ការ​ការ​ថែទាំ» ដូច្នេះ​ ការ​វិនិយោគ​ទៅ​ក្នុង​វិស័យ​អវកាស​នឹង​ជួយ​​ការ​ពារ​ពិភព​បៃតង​បាន​ល្អជាង​មុន​។ គោលដៅ​រយៈ​ពេល​ខ្លី​របស់​ក្រុម​ហ៊ុន Blue Origin គឺ​ការ​ហោះ​ហើរ​ទៅ​កាន់​​គន្លង​គោចរ​របស់​តារាវិថី​ជាមួយ​នឹង​តម្លៃ​ទាប​ ញឹក​ញាប់ និង​ងាយស្រួល​ធ្វើ​។ «គោលដៅ​រយៈ​ពេល​វែង​​របស់ Blue Origin គឺ​ការ​រើ​វិស័យ​ឧស្សាហកម្ម​ទាំង​ឡាយ​ដែល​បំពុល​បរិស្ថាន​ ចេញ​ពី​ផែនដី​» លោក បេហ្សូស​ ថ្លែង​នៅ Vatican ដូច្នេះ​។ «វិថី​នេះ​នៅ​វែង​ឆ្ងាយ នឹង​មានការ​លំបាក​ក្នុងការ​សម្រេច​បាន​នៅ​ក្នុង​ជីវិត​ដែល​នៅសល់​របស់​ខ្ញុំ»។

    មហា​សេដ្ឋី​អាម៉េរិក លោក ជេហ្វ បេហ្សូស

    មហា​សេដ្ឋី បេហ្សូស បាន​បង្កើត​​ Blue Origin កាលពី​ឆ្នាំ ២០០០ នៅ Kent នៃ​ រដ្ឋធានី​វ៉ាស៊ីងតោន។ ក្រុម​ហ៊ុន​នេះ​ធ្វើ​សកម្មភាព​ស្ងាត់​ៗ​អស់​ជាច្រើន​ឆ្នាំ​ មុន​ពេល​​​ល្បី​ឈ្មោះ​​ចាប់​ពី​ឆ្នាំ​ ២០១០ នៅ​ពេល​ដណ្ដើម​បាន​កិច្ច​ព្រម​ព្រៀង​​ក្នុង​ការ​អភិវឌ្ឍ​​​សម្រាប់​​កម្មវិធី​ Commercial Crew Program របស់ ណាសា។ កាល​ពី​ខែ​កក្កដាឆ្នាំ​កន្លង Blue Origin មាន​​ការ​ហោះ​ហើរ​ដោយ​មាន​មនុស្ស​បើក​បរ​ដំបូង​ ឡើង​ទៅកាន់​ជាយ​អវកាស​ ដោយ​ប្រើ​ប្រាស់យាន​ប្រើ​ឡើង​វិញ New Shepard។ បេហ្សូស គឺជា​មនុស្ស​ម្នាក់​​នៅ​ក្នុង​ក្រុម​អវកាស​ចរ​​របស់ Blue Origin ក្នុងជើង​ហោះ​ហើរ​ដំបូង​នោះ​។

    ក្រុម​អ្នក​អវកាស​ដំបូង​របស់ Blue Origin ក្នុង​នោះ​មាន​ទាំង​លោក បេហ្សូស ផងដែរ

    នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ Vatican លោក បេហ្សូស ក៏​បាន​វាយ​តម្លៃ​ថា មនុស្ស​អាច​ទាញ​យក​ថាមពល​មិន​ចេះ​រីង​ស្ងួត​​​របស់​អគ្គិសនី​ដែល​បំប្លែង​ពី​កម្ដៅ​ព្រះអាទិត្យ​ ក៏ដូចជា​ការ​និយាយ​ដល់​​ខ្ទង់​វិនិយោគ​នានា​​របស់​លោក​សម្រាប់​​​ពិភពបៃតង​។ មហា​សេដ្ឋី​អាម៉េរិក​ រូប​នេះ ក៏​បាន​អះអាង​ជា​ថ្មី​អំពី​ការ​សន្យា​បញ្ចេញ​ប្រាក់​ ១០ ពាន់​លាន​ដុល្លារ​របស់​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ តាម​រយៈ​មូលនិធិ​ផែនដី​ ដែល​ត្រូវ​បាន​លោក​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០២០​ ផងដែរ​៕

  • នាវា​ទេសចរណ៍​អគ្គិសនី​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ក្នុង​តំបន់​ត្រជាក់​របស់​ប្រទេស​ចិន

    នាវា​ទេសចរណ៍​អគ្គិសនី​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ក្នុង​តំបន់​ត្រជាក់​របស់​ប្រទេស​ចិន

    នាវា​ទេសចរណ៍​​ឆ្លាត​វៃ​មួយ​គ្រឿង​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​ដៃទន្លេ​ Songhua នៅ​ភាគ​ឦសាន​ប្រទេស​ចិន​។

    នាវា​ទេសចរណ៍​អគ្គិសនី​ដែល​​មាន​ឈ្មោះ​ថា Ling Hang Zhi Xing នេះ មាន​បណ្ដោយ​ប្រហែល ២៧ ម៉ែត្រ និង​ទទឹង​ ៦ ម៉ែត្រ។ Ling Hang Zhi Xing ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ថ្មប្រភេទលីចូមដែកផូស្វាត​(lithium iron phosphate) ចំនួន​ ៤ ក្រុម​ ដែល​មាន​កម្លាំង​ ៦០០ kWh អនុញ្ញាត​ឱ្យ​វា​ដំណើរ​ការ​ ៨ ម៉ោងបន្ត​បន្ទាប់​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​។ ទម្ងន់​សរុប​របស់​នាវា​នេះ​គឺ ១៣៨ តោន និង​អាច​ដឹក​មនុស្ស​បាន​ ៥៣ នាក់ នេះ​បើ​តាម China Science Daily ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៨ តុលា​។

    Ling Hang Zhi Xing ត្រូវ​បាន​​អភិវឌ្ឍ​ឡើង​សម្រាប់​ដំណើរ​ទេសចរណ៍​នៅ​លើ​ទន្លេ​ ជាមួយ​នឹង​ល្បឿន​ ១២ គីឡូម៉ែត្រ​/ម៉ោង​។ ក៏​ប៉ុន្តែ ការ​សាកល្បង​​ដំណើរ​ការ​នៅ​លើ​តំបន់​ទឹក​ជ្រៅ និង​មិន​មាន​រលក​ធំបាន​បង្ហាញ​ថា វា​អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង ១៨ គីឡូម៉ែត្រ​/ម៉ោង​។ នាវា​នេះ​ប្រើ​ប្រាស់ម៉ូទ័រ​អគ្គិសនី​ចំនួន ២ គ្រឿង​ កម្លាំង​ ៦០ kW និង​ស្លាប​ចក្រ​ប្រសិទ្ធភាព​ខ្ពស់។

    តំបន់​ត្រជាក់​ដែល​មាន​សីតុណ្ហ​ភាព​ -៣០ អង្សាសេ ឬ​ទាប​ជាង​នៅ​ក្នុង​រដូវ​រងា​ តែង​បង្ក​ផល​អាក្រក់​ដល់​ប្រសិទ្ធភាព​របស់​ថ្ម​ផ្ទុក​អគ្គិសនី​ និង​ឧបករណ៍​បញ្ចូល​ថាមពល​របស់​នាវា​។ Ling Hang Zhi Xing ​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​នៅ​ភាគ​ឦសាន​របស់ ប្រទេស​ចិន​ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​​៕

     

  • រុស្ស៊ី​ ប្រកាស​ប្រើ​​ច្បាប់​អាជ្ញាសឹក​នៅ​លើ​ទឹក​ដី​ ៤ ខេត្ត​ថ្មី​​ តែ អ៊ុយក្រែន​ ថា នឹង​នៅ​តែ​បន្ត​ការ​រំដោះ

    រុស្ស៊ី​ ប្រកាស​ប្រើ​​ច្បាប់​អាជ្ញាសឹក​នៅ​លើ​ទឹក​ដី​ ៤ ខេត្ត​ថ្មី​​ តែ អ៊ុយក្រែន​ ថា នឹង​នៅ​តែ​បន្ត​ការ​រំដោះ

    ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ បាន​ឯកភាព​គ្នា​ អនុម័ត​បទ​បញ្ជា​របស់​ ប្រធានាធិបតី​ ពូទីន ស្ដី​ពី​ការ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​នៅ ៤ ខេត្ត​ ​ដែល​ទើប​តែ​រឹប​អូស​បាន​ពី អ៊ុយក្រែន​។

    កាលពី​ថ្ងៃទី ១៩ តុលា ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ បានអនុម័ត​បទ​បញ្ជា​របស់​ ប្រធានាធិបតី​ ពូទីន ស្ដី​ពី​ការ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​នៅលើ​ទឹក​ ៤ ខេត្ត​ ​រួម​មាន Donetsk, Lugansk, Kherson និង Zaporizhzhia ដែល​ប្រទេស​នេះ​ទើបតែ​បាន​​រឹប​អូស​ពី អ៊ុយក្រែន។ បទបញ្ជា​នេះ​នឹង​​​មាន​សុពលភាព​ចាប់​ពី​ម៉ោង ០០ និង​ ០០ នាទី​ ថ្ងៃទី ២០ តុលា​ ២០២២​។

    មេដឹក​នាំ​រុស្ស៊ី ក៏​បាន​ចុះ​ហត្ថលេខា​លើ​​បទ​បញ្ជា​ស្ដីពី​ការ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​តាម​កម្រិត​ផ្សេង​ៗ​គ្នា​សម្រាប់​បណ្ដា​តំបន់របស់​​ប្រទេស​នេះ​ ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយក្រែន​។

    មុន​នោះ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ប្រធានាធិបតី​ ពូទីន បាន​ប្រកាស​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ស្ដី​ពី​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​លើ​ទឹក​ដី​ ៤ ខេត្ត​ថ្មី​ដែល​ រុស្ស៊ី ទើប​តែ​បាន​ច្របាច់​បញ្ចូល​។

    ទីប្រឹក្សា​ Mykhailo Podolyak របស់ ប្រធានាធិបតី​អ៊ុយក្រែន បាន​រិះ​គន់​ចំពោះ​បទ​បញ្ជា​ខាងលើ​ ដោយ​ចោទ​ថា នេះ​គឺជា «សកម្មភាព​ខុស​ច្បាប់​ក្នុង​បំណង​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ ប្រជាជន​​អ៊ុយក្រែន​»។ «ប្រការ​នេះ​មិន​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​ណា​មួយ​សម្រាប់​ អ៊ុយក្រែន​ ៖ យើង​នឹងនៅ​​តែ​បន្ត​រំដោះ​តំបន់​នានា​របស់​យើង​» លោក Podolyak បង្ហោះ​សារ​នៅ​លើ​ Twitter ដូច្នេះ​៕

  • ផ្លូវដែក​ឡាវ-ចិន កាន់​តែ​មាន​តួនាទី​សំខាន់​ក្នុងការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​ឡាវ

    ផ្លូវដែក​ឡាវ-ចិន កាន់​តែ​មាន​តួនាទី​សំខាន់​ក្នុងការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​ឡាវ

    ក្រោយ​ដំណើរការ​បាន​ជាង ១០ ខែ ផ្លូវ​ដែក​ឡាវ-ចិន បាន​បង្ហាញ​​តួនាទីកាន់​តែ​​សំខាន់​នៅ​ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​ប្រទេស​ឡាវ។

    ​ទិន្នន័យ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន China Railway ប្រកាស​កាល​ពី​ថ្ងៃទី ០៤ តុលា បង្ហាញ​ថា ក្រោយ​ដំណើរ​ការ​បាន ១០ ខែ​ ផ្លូវដែក​ឡាវ​-ចិន បាន​ដឹក​ជញ្ជូន​ភ្ញៀវ​​​សរុប​ ៧.៣៩ លាន​ជើង​ និង​ដឹក​ទំនិញ​បាន​ ៨.៥១​ លាន​តោន​ ក្នុង​នោះ​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ឡាវ​-ចិន មាន ១.៥៤ លាន​តោន​។

    ក្រោយ​ពី​ផ្លូវ​ដែក​នេះ​បាន​ដំណើរ​ការ​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​មក​កាន់​ Luang Prabang បាន​កើន​ឡើង​ខ្ពស់​ ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​ក្នុង​តំបន់​ ពិសេស​គឺ​ក្រុម​អាជីវករ​លក់​រាយ ភោជនីយដ្ឋាន និង​សេវា​ដឹក​ជញ្ជូន​ក្បែរ​ស្ថានីយ​រថភ្លើង​។ល។

  • កូដកម្ម​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​អំពើហិង្សា​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង

    កូដកម្ម​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​អំពើហិង្សា​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង

    ហ្វូង​កូដករ​ដែល​បាន​ហែក្បួន​នៅ​ ទីក្រុងប៉ារីស​ ប្រទេស​បារាំង បាន​ប្រែ​ទៅ​ជា​ខឹង​ខ្លាំង​ និង​ប៉ះទង្គិច​​គ្នា​នឹង​ក្រុម​ប៉ូលិស​ នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ នៅ​ពេល​ពួក​គេ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​មាន​កូដកម្ម​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។

    ក្រសួង​មហា​ផ្ទៃ​បារាំង បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណជាង ១ សែន​នាក់​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ដង​ផ្លូវ​ដើម្បី​ធ្វើបាតុកម្ម​កាល​ពី​ម្សិលមិញ ក្នុង​នោះ​មាន​ ១៣,០០០ នាក់ ហែក្បួន​នៅ​ បារីស​។

    បាតុករ​មួយចំនួន​ បាន​ដុត​ផៅបញ្ចេញ​ពន្លឺ​នៅ​ពេល​ហែក្បួន​តាម​ដងផ្លូវ​នៅ ប៉ារីស​។ ក្រុម​បាតុករ​ស្នើ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ ដើម្បី​ទប់ទល់​នឹង​ទំនិញ​ឡើង​ថ្លៃ​។

    ក្រុម​មន្ត្រី​បារាំង បាន​ឱ្យ​ដឹង​ថា បាតុករ​មួយចំនួន​ដែល​ខឹង​ខ្លាំង បាន​ប្រើប្រាស់​អំពើ​ប្រឆាំង​នឹង​សមត្ថកិច្ច​ និង​ដាក់​ពង្រាយ​ធុងសំរាម និង​របស់​របរ​ផ្សេង​ទៀត​នៅលើ​ដង​ផ្លូវ​ដើម្បី​រារាំង​សកម្មភាព​បង្ក្រាប​របស់​ក្រុម​ប៉ូលិស​ ក្នុង​នោះមាន​អ្នក​ខ្លះ​ថែម​ទាំង​គប់​ដប​ទៅ​លើកម្លាំង​សន្តិសុខ​ផងដែរ​។

    ក្រសួង​មហាផ្ទៃ​បារាំង​ បង្ហើប​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន ១១ នាក់​ត្រូវ​បាន​ចាប់​ខ្លួននៅ ប៉ារីស និង ៤ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​ៗ​ដែល​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ ប៉ូលិស​ ៩ នាក់​បាន​រងរបួស​ក្នុង​ពេល​ទប់ទល់​នឹង​ហ្វូង​បាតុករ​។

    ចលនា​កូដកម្ម​នៅ ​ប្រទេស​បារាំង ត្រូវ​បាន​គេ​យល់​ថា​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) រាប់​ចាប់​តាំង​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ខែ​ឧសភា​ ក្នុង​គ្រាដែល​ អឺរ៉ុប កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក ព្រោះតែវិបត្តិ​ថាមពល​។

    ការ​ស្ទង់​មតិ​មួយនៅ​លើ​ទូរទស្សន៍​​បារាំង BFM TV ​បាន​បង្ហាញ​ថា មាន​សាធារណមតិ​ប្រហែល​តែ​ ៣៩% ប៉ុណ្ណោះ​ដែល​គាំទ្រ​កូដកម្មទូទាំង​ប្រទេស​នា​ថ្ងៃទី ១៨ តុលា ក្នុង​ពេលដែល​ ៤៩% បាន​ជំទាស់​។

    អតិផរណា​នៅ បារាំង បាន​ឡើង​លើស​ពី ៦% ធ្វើ​ឱ្យ​ទំនិញ​សំខាន់​ៗ​ដូច​ជា​សាច់ និង​មី​បំពង់​ជា​ដើម​ឡើងថ្លៃ​ខ្ពស់​។ សភា​បារាំង បាន​អនុម័ត​កញ្ចប់​ថវិកា​ដើម្បី​កាត់បន្ថយ​កំណើន​អតិផរណា​នៅ​ក្នុង​រដូវ​ក្ដៅ ប៉ុន្តែ​មិន​អាច​ប៉ះប៉ូវ​បាន​ទាំង​ស្រុង​នូវ​ការ​ចំណាយ​ទៅ​លើ​ថាមពល​ដែល​បាន​កើន​ឡើង​ខ្ពស់​ដោយ​សារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយក្រែន​៕

    https://www.youtube.com/watch?v=R5inXjccj_I

  • «សង្គ្រាម​គេច​ពី​ការ​រំលោភ ដោយ​ការ​រំលោភ​​» របស់​ជន្លេន​សំប៉ែតនៅ​បាត​សមុទ្រ​ (វីដេអូ)

    «សង្គ្រាម​គេច​ពី​ការ​រំលោភ ដោយ​ការ​រំលោភ​​» របស់​ជន្លេន​សំប៉ែតនៅ​បាត​សមុទ្រ​ (វីដេអូ)

    នៅក្នុង​សង្គ្រាម​បន្ត​ពូជ ជន្លេន​​សំប៉ែត ឬ​ហៅ​ថា ដង្កូវ​សំប៉ែត ​ដែល​មាន​សរីរាង្គ​​ភេទ​ជា​ញីផង ជា​ឈ្មោល​​ផង នឹង​ព្យាយាម​ចៀស​វាង​ការ​ពពោះ​​ដ៏លំបាក​ដោយ​ការ​ «ប្រញាប់» រក​វិធី​ «រំលោភ» ឱ្យ​​បាន​មុន​​គូ​ប្រជែង​​។

    ជន្លេន​សំប៉ែត គឺ​ដូច​ទៅ​នឹង​ក្រុម​សត្វ​ដែល​មាន​រាង​កាយ​ទន់ Nudibranch ហើយ​ពួក​វា​មាន​ប្រដាប់​បន្ត​ពូជ​ជា​ឈ្មោល​ផង ជា​ញីផង​ និង​មិន​មាន​ភ្នែក​សម្រាប់​មើល​ ប៉ុន្តែ​អាច​ផ្លាស់​ទី​បាន​ល្អ​ដោយ​ប្រើ​ប្រាស់​អង្គ​ញាណ​ដែល​មាន​តួនាទី​ជា​​ច្រមុះ។ ពួក​វា​មាន​លក្ខណៈ​ដូច​គ្នា​ត្រង់​ចំណុច​ទាំង​នោះ​។

    សត្វ​នេះ​គឺជា​ជន្លេន​សំប៉ែត​កម្រាល​ព្រំ​ពែរ្ស (Persian carpet flatworm – Pseudobiceros bedfordi) ព្រោះ​តែ​វា​មាន​រូប​រាង​ដូច​គំនូរ​​យ៉ាង​ស្រស់​ស្អាត​។ វា​គឺជា​អ្នក​ប្រមាញ់​ចំណី​ដ៏​ស្រេក​ឃ្លាន​។

    នៅ​ពេល​បន្តពូជ ជន្លេន​នេះ​ក៏​មាន​ភាព​កោង​កាច​។ វា​អាច​ស្រូប​ក្លិន​ដឹង​ថា​មាន​ជន្លេន​​សំប៉ែត​មួយផ្សេង​ទៀត​នៅ​ក្បែរ​ ជា​ដៃគូ​ស្នេហា​ដ៏​មាន​សក្ដានុពល​។ ដំបូង​ ពួក​វា​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ភាគី​ម្ខាង​ទៀត​ ហើយ​ប្រការ​នេះ​គឺ​មាន​មូលហេតុ​សម​រម្យ​​របស់​វា​។

    ទាំង​ពីរ​សុទ្ធតែ​ប្រឹង​ប្រែង​ដើម្បី​ចៀស​វាង​ការ​លំបាក​នា​ពេល​ខាងមុខ​ នោះ​គឺ​ការ​ថែ​រក្សា​ពង​បន្ទាប់​ពី​បាន​បន្ត​ពូជ។ ល្អបំផុត​គឺ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ «មាន​ផ្ទៃ​ពោះ»។

    ពួកវា​ដំឡើង​ខ្លួន​ឱ្យ​ត្រង់ បង្ហាញ​​ប្រដាប់​បន្ត​ពូជ​មួយ​គូរបស់វា​។ ពួក​វា​ចាប់​ផ្ដើម​ប្រយុទ្ធ​ដើម្បី​ចៀង​វាង​ការ​ពពោះ​។ ពួកវា​ព្យាយាម​ប្រើ​ប្រាស់​ប្រដាប់​ភេទរបស់​ពួក​វា​ ​ចាក់​ដើម្បី​​​បង្ក​កំណើត​​ឱ្យ​គូ​ប្រជែង​ ដោយ​មិន​បណ្ដោយ​ឱ្យ​ខ្លួន​ត្រូវ​រង​ការ​ «រំលោភ» បាន​មុន​។

    ការ​ចាក់​មួយ​ «ស្នៀត» ទៅ​លើ​កន្លែង​ណាមួយ​​លើ​រាងកាយរបស់​គូប្រជែង ក៏​សុទ្ធ​តែ​អាច​បង្ក​កំណើត​បាន​។ ការ​ចាក់​ដែល​ជោគជ័យ​មួយ​គឺ​ស្មើ​នឹង​ការ​ចាក់​បញ្ចូល​មេជីវិត​ទៅ​ក្នុង​រាង​កាយ​គូប្រជែង​។ បន្ទាប់​ពី​ចាក់​បាន​សម្រេច​ ការ​ប្រយុទ្ធ​ក៏​​​បាន​បញ្ចប់​។

    ជន្លេន​សំប៉ែត​ដែល​ចាញ់​ការ​ប្រយុទ្ធ​នឹង​មាន​ស្នាម​របួស​លើ​ដង​ខ្លួន​ ហើយ​ក៏​​ត្រូវ​បំពេញ​ភារកិច្ច​ជា​អ្នក​បង្កើត​ពង​ ដើម្បី​បន្តពូជ​។ អ្នក​ចាញ់​ការ​ប្រយុទ្ធ​នេះ​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​តែ​មួយ​គត់​​ នោះ​គឺ​កូន​របស់​វា​នឹង​មាន​ហ្សែន​របស់​ «អ្នក​ប្រយុទ្ធ​ដ៏អស្ចារ្យ» ដែល​បាន​យក​ឈ្នះ​លើ​វា​៕

  • កងទ័ព​អាម៉េរិក «មិន​អាច​ទប់ទល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ពីរ​ក្នុង​ពេល​តែ​មួយ»

    កងទ័ព​អាម៉េរិក «មិន​អាច​ទប់ទល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ពីរ​ក្នុង​ពេល​តែ​មួយ»

    វិទ្យាស្ថាន​ស្រាវជ្រាវមួយ​របស់ សហរដ្ឋ​​អាម៉េរិក ថ្មី​ៗ​នេះ​បាន​អះអាង​ថា កម្លាំង​ទ័ព​របស់​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​លំដាប់​ «ខ្សោយ» ដោយ​​មាន​ហានិភ័យ​មិន​អាច​ទប់ទល់​នឹង​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ពីរ​ក្នុង​ពេល​តែ​មួយ​។

    មូលនិធិបេតិកភណ្ឌ​ ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៧៣ នៅ វ៉ាស៊ីងតោន នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា សន្ទស្សន៍​កម្លាំង​ទ័ព​អាម៉េរិក ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី ១៨ តុលា បាន​អះអាង​ថា កងទ័ព​ប្រទេស​នេះ​ «ខ្សោយ​ជាង​ បើ​ធៀប​នឹង​ដែល​កម្លាំង​ត្រូវ​ការ​ចាំបាច់​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ»។

    យោង​តាម​ការ​វាយ​តម្លៃ​របស់ មូលនិធិបេតិកភណ្ឌ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​ដែល​ត្រូវ​បាន​កាត់​បន្ថយ​ថវិកា និងការ​​កំណត់​អាទិភាព​មិន​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ កម្លាំង​ទ័ព​បច្ចុប្បន្ន​របស់ សហរដ្ឋ​អាម៉េរិក មាន​ហានិភ័យ​ «មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​»។

    «កងទ័ព​អាម៉េរិក ប្រាកដ​ជា​​មិន​មាន​សម្ភារ​គ្រប់​គ្រាន់​ដើម្បីទប់​ទល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ធំៗ​ពីរ​ដែល​កើត​ឡើង​ដំណាល​គ្នា​» របាយការណ៍​មាន​ឃ្លា​សរសេរ​ដូច្នេះ​។ «ជា​រួម អំណាច​កងទ័ព​អាម៉េរិក​ បច្ចុប្បន្ន​អាច​ត្រូវ​បាន​វាយ​តម្លៃ​ថា​ខ្សោយ»។

    របាយការណ៍​របស់​មូលនិធិបេតិកភណ្ឌ បាន​ចាត់​ចំណាត់​​​​ថ្នាក់​កងទ័ព​ម៉ារីន និង​កងកម្លាំង​នុយក្លេអែរ​របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​លំដាប់​ «ខ្លាំង» ជា​លំដាប់​ខ្ពស់​ជាង​គេ​​​ទីពីរ​ក្នុង​ចំណោម​ ៥ ថ្នាក់​។ កងទ័ព​ជើង​គោក​អាម៉េរិក ត្រូវ​បាន​វាយ​តម្លៃ​ថា​ មាន​កម្លាំង​ «មធ្យម» ខណៈ​ដែល​ទ័ព​ជើង​ទឹក​ និង​កងកម្លាំង​អវកាស​ ស្ថិត​ក្នុង​លំដាប់​ «ខ្សោយ»។ ចំណែក​​​ទ័ព​អាកាស​វិញ ​ត្រូវ​បាន​ចាត់​ទុក​ថា «ខ្សោយ​ណាស់» ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​។ ពុំ​មាន​អង្គភាព​ទ័ព​ណា​មួយ​របស់ សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​វាយ​តម្លៃ​ថា «ខ្លាំង​ណាស់» នោះ​ទេ​នៅក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​នេះ​៕

  • បណ្ដាញ​​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ Mastercard នឹង​ចូល​រួម​រកស៊ី​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​​​ឌីជីថល​គ្រីបតូ

    បណ្ដាញ​​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ Mastercard នឹង​ចូល​រួម​រកស៊ី​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​​​ឌីជីថល​គ្រីបតូ

    Mastercard នឹង​ភ្ជាប់​ថ្នាល​ប្រតិបត្តិការ​ប្រាក់​ឌីជីថល​​គ្រីបតូ ជាមួយ​នឹង​បណ្ដា​ធនាគារ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាក់​ប្រភេទ​នេះ​ឆាប់​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​ជា​ផ្លូវ​ការ​។

    បណ្ដាញ​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់ ​(Payment Processing Networks) បែប​អេឡិច​ត្រូនិច​ ​លំដាប់​​ពិភពលោក​ Mastercard ​មាន​ផែនការ​ជួយ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ដល់​សេវា​កម្ម​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​។ ស្ថាប័ន​នេះ​នឹង​ដំណើរ​ការ​ដូច​ទៅ​នឹង​ «ស្ពាន​តភ្ជាប់» រវាង Paxos (ថ្នាល​ប្រតិបត្តិ​ការ​​ដែល​ត្រូវ​បាន​ PayPal ប្រើ​ប្រាស់​ដើម្បី​ផ្ដល់​សេវា​ដូច​គ្នា​នេះ) ជាមួយ​នឹង​បណ្ដា​ធនាគារ​។ Mastercard និង Paxos នឹង​ធ្វើ​ការ​ដោយ​ការ​គោរព​ទៅ​តាម​ការ​កំណត់ និង​ការ​ធានា​សុវត្ថិភាព​ទិន្នន័យ​ ​ជា​មូលហេតុ​សំខាន់​ ២ ដែល​​បណ្ដា​ធនាគារ​លើក​យក​មក​អះអាង​​ដើម្បី​ចៀស​វាង​ប្រភេទ​ទ្រព្យ​ថ្មី​នេះ​។

    ប្រាក់​ឌីជីថល​ដូច​ជា Bitcoin ជា​ដើម មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ទាក់​ទិន​នឹង​ការ​ប្រែប្រួល​ខ្ពស់ ហើយ​វា​បាន​បាត់​បង់​តម្លៃ​ជាង​ពាក់​កណ្ដាល​ក្នុង​ឆ្នាំ​នេះ​។ វិស័យឧស្សាហកម្ម​នេះ​​ត្រូវ​រង​ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​រាប់​ពាន់​លាន​ករណី​រាប់ចាប់​ពី​ដើម​ឆ្នាំ​ អម​ជាមួយ​នឹង​ករណី​ក្ស័យ​ធន​ល្បី​ល្បាញ​ជា​ច្រើន​។

    ក៏ប៉ុន្តែ Jorn Lambert ប្រធាន​ផ្នែក​ឌីជីថល​របស់ Mastercard ឱ្យ​ដឹង​ថា ការ​ស្ទង់​មតិ​របស់​ក្រុម​ហ៊ុន​នៅ​តែ​បង្ហាញ​ថា មាន​តម្រូវ​ការ​ច្រើន​ចំពោះ​ទ្រព្យ​ប្រភេទ​នេះ​។ យ៉ាង​នេះ​ក្ដី មនុស្សប្រហែល ៦០% ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សួរ​ យល់​ថា ចង់​ស្វែង​យល់​ ឬ​សុំ​យោបល់​មុន​ពេល​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​តាម​រយៈ​បណ្ដា​ធនាគារ​ដែល​មាន​នា​បច្ចុប្បន្ន​របស់​ពួក​គេ​។

    Mastercard ឱ្យ​ដឹង​ថា តួនាទី​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ ការ​រក្សា​ឱ្យ​បណ្ដា​ធនាគារ​ធ្វើ​ទៅ​តាម​បទប្បញ្ញត្តិ​ ដោយ​ការ​គោរព​តាម​គោល​ការណ៍​​ប្រាក់​ឌីជីថល ​ការ​បញ្ជាក់​អំពី​ការ​ប្រតិបត្តិ ការ​ផ្ដល់​សេវាកម្ម​ប្រឆាំង​អំពើ​លាង​លុយ និង​គ្រប់​គ្រង​អត្តសញ្ញាណ។ សេវាកម្ម​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣​ ហើយ​ក្រោយ​មក​នឹង​ពង្រីក​ទៅ​កាន់​តំបន់​នានា​។ Mastercard មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​​ថា មាន​ធនាគារ​ណា​ខ្លះ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​គម្រោង​នេះ​នៅឡើយ​។

    Mastercard និង Visa សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាដៃគូ​ក្នុង​វិស័យ​ប្រាក់​ឌីជីថល​​គ្រូបតូ។ Mastercard បាន​សហការ​ជាមួយ Coinbase ក្នុង​ការ​ជួញដូរ​ NFT និង​ថ្នាល Bakkt ដើម្បី​អនុញ្ញាត​ឱ្យ​បណ្ដា​ធនាគារ​ និង​អ្នកជំនួញ​ក្នុង​បណ្ដាញ​របស់​ពួក​គេ​ ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ប្រាក់​ឌីជីថល​។ កាលពីសប្ដាហ៍​កន្លង Visa បាន​សហការ​ជាមួយ FTX ដើម្បី​ផ្ដល់​ប័ណ្ណ​ឥណទាន​ប្រាក់​ឌីជីថល​នៅ​ក្នុង​ប្រទេស​ចំនួន ៤០ និង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ ៧០ ដៃគូ។ American Express ក៏​កំពុង​ចូលរួម​វិស័យ​នេះ​ ដោយ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​ដើម្បី​ទិញ​ Stablecoin។

    ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល! ប្រាក់​ឌីជីថល​គ្រីបតូ​ ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបាត់​រនាំង​ពី​បណ្ដា​ធនាគារ និង​ស្ថាប័ន​​អន្តរការី មាន​ដូច​ជា Mastercard និង Visa ជា​ដើម​។ បច្ចេកវិទ្យា​ស្នូល​របស់​ប្រាក់​ឌីជីថលគ្រីបតូ​ គឺ blockchain ​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ចាំបាច់​មាន​​ស្ថាប័ន​អន្តរការី​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៩ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០១ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៨ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៦ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៧៦ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨៦០ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់៕

  • បណ្ដាញ​អាកាសយានដ្ឋាន​គិត​ត្រឹម​ឆ្នាំ​ ២០៥០ របស់ ប្រទេស​វៀតណាម

    បណ្ដាញ​អាកាសយានដ្ឋាន​គិត​ត្រឹម​ឆ្នាំ​ ២០៥០ របស់ ប្រទេស​វៀតណាម

    វៀតណាម បច្ចុប្បន្ន​មាន​ព្រលាន​យន្តហោះ​ចំនួន ២២ ដែល​បម្រើ​អតិថិជន​ ១០០ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​មាន​ព្រលាន​យន្តហោះ​ធំ​ៗ​ កំពុង​ធ្វើ​សកម្មភាព​រហូតដល់ ១៥០% នៃ​សមត្ថ​ភាព​របស់​ហេដ្ឋារចនា​សម្ព័ន្ធ​ គ្រាដែល​បណ្ដា​ព្រលាន​យន្តហោះ​នៅ​ភាគ​កណ្ដាលធ្វើ​សកម្មភាព​ពេញ​ទំហឹង​ ខណៈ​ព្រលាន​យន្តហោះ​នៅ​ភាគ​និរតី​ហាក់​ខ្វះអ្នក​ដំណើរ​។

    ការ​ព្យាករ​បង្ហាញ​ថា រយៈ​ពេល ១០ ទៀត​ អ្នក​ដំណើរ​នឹង​កើន​ដល់​ជិត ៣០០ លាន​នាក់​​/​ឆ្នាំ​ ដែល​នេះ​នាំ​ឱ្យ​ ក្រសួង​ដឹក​ជញ្ជូន​វៀតណាម ស្នើ​ស្ថាបនា​ព្រលាន​យន្ត​ហោះ​ថ្មី​ចំនួន​ ៦ ទៀត​ គិត​ត្រឹម​ឆ្នាំ​ ២០៣០ និង​ ៣ ទៀត​ រាប់​ពី​ឆ្នាំ​ ២០៣០ ដល់ ២០៥០​។ ចំណែក​តំបន់​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​បន្ថែម​អាកាសយានដ្ឋាន​ថ្មី​ចំនួន ៥ ទៀត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម។

    ជា​សរុប វៀតណាម នឹង​មាន​អាកាសយានដ្ឋាន​ចំនួន ៣៦ គិត​ត្រឹម​ឆ្នាំ​ ២០៥០ ក្នុង​នោះ​មាន ២២ ព្រលាន​កំពុង​ដំណើរ​ការ​សេវាកម្ម​, ៦ ព្រលាន​ជិត​បើក​ការដ្ឋាន​ស្ថាបនា និង ៨ ព្រលាន​គឺជា​សំណើ​ថ្មី​៕