Author: សឿន សំណាង

  • មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្កោលទោស​ចំពោះ​ទណ្ឌកម្ម​របស់ អាម៉េរិក លើ គុយបា

    មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្កោលទោស​ចំពោះ​ទណ្ឌកម្ម​របស់ អាម៉េរិក លើ គុយបា

    រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ 2019 រដ្ឋាភិបាល​អាម៉េរិក បាន​បង្កើន​ការហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម​លើ គុយបា ក្នុង​បំណង​ធ្វើឱ្យ ប្រជាជន​គុយបា រស់នៅក្នុង​ស្ថានភាព​កាន់តែ​លំបាក។

    កាលពី​ថ្ងៃទី 03 វិច្ឆិកា មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី 77 បានអនុម័ត​សេចក្ដីសម្រេច​លើក​ទី 30 ដែល​ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ គុយបា។ សេចក្ដីសម្រេច​នេះ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ 185/193 សំឡេង។

    ថ្លែង​នៅមុន​ការបោះឆ្នោត រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ 2019 រដ្ឋាភិបាល​អាម៉េរិក បាន​បង្កើន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់ គុយបា ក្នុង​បំណង​ធ្វើឱ្យ ប្រជាជន​គុយបា រស់នៅក្នុង​ស្ថានភាព​កាន់តែ​លំបាក។

    ក្នុង​រយៈពេល 14 ខែ​ដំបូង​របស់ រដ្ឋាភិបាល​លោក ចូ បៃ​ដិ​ន ទណ្ឌកម្មសេដ្ឋកិច្ច​រប​ស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ គុយបា ខាតបង់ 6.35 ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង 15 លាន​ដុល្លារ/ថ្ងៃ។

    រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Rodriguez ក៏​យល់ថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន កំពុងតែបន្ត​អនុវត្ត​គោលនយោបាយ «ដាក់​សម្ពាធ​ជា​អតិបរមា» ពី​សម័យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ គុយបា។

    លោក Bruno Rodriguez ឱ្យដឹងថា ក្នុង​ប៉ុន្មាន​ខែ​កន្លងមកនេះ ថ្វីបើ​មានការ​កែសម្រួល​ជា​វិជ្ជមាន​ខ្លះ ប៉ុន្តែ​នៅតែមាន​ការកំណត់​ចំនួន​ជើងហោះហើរ​ជាដើម របស់ សហរដ្ឋ​អាម៉េរិក ទៅកាន់ គុយបា។

    នេះ​គឺជា​លើក​ទី 30 ហើយ ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្ដីសម្រេច​ដែល​ស្នើ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ គុយបា ដើម្បី​អំពាវនាវ​ឱ្យ​ដក​ទណ្ឌកម្ម ហើយ​សុទ្ធតែ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលុប។

    ក៏ប៉ុន្តែ សេចក្ដីសម្រេច​របស់ មហាសន្និបាត​អង្គការសហប្រជាជាតិ​មានអំណាច​តែ​ក្នុង​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ពោលគឺ​មិនមាន​លក្ខណៈ​ចាប់បង្ខំ​ឡើយ៕

  • នាយករដ្ឋមន្ត្រី​វៀតណាម មក​​បំពេញ​​​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​នៅ កម្ពុជា នា​​​សប្ដាហ៍​ក្រោយ

    នាយករដ្ឋមន្ត្រី​វៀតណាម មក​​បំពេញ​​​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​នៅ កម្ពុជា នា​​​សប្ដាហ៍​ក្រោយ

    នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ កម្ពុជា និង​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃទី 08 ដល់ 13 វិច្ឆិកា 2022។

    តប​តាម​ការអញ្ជើញ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh នឹង​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា ចាប់ពី​ថ្ងៃទី 8-9 វិច្ឆិកា និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40, 41 រួម​នឹង​បណ្ដា​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី 10 ដល់ 13 វិច្ឆិកា 2022។

    នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​មកកាន់ កម្ពុជា ជា​លើកដំបូង​របស់ លោក Pham Minh Chinh ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ហើយក៏​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម មកកាន់ កម្ពុជា ក្នុង​ឆ្នាំ​មិត្តភាព​វៀតណាម-កម្ពុជា​ឆ្នាំ 2022 នេះ​ផងដែរ៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម សហការ​ជាមួយ​ក្រុមហ៊ុន​កែច្នៃ​ថ្ម​ផ្ទុក​ថាមពល​នៅ អាម៉េរិក​ខាងជើង

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម សហការ​ជាមួយ​ក្រុមហ៊ុន​កែច្នៃ​ថ្ម​ផ្ទុក​ថាមពល​នៅ អាម៉េរិក​ខាងជើង

    ក្រុមហ៊ុន Li-Cycle នឹង​ផ្គត់ផ្គង់​ដំណោះស្រាយ​ក្នុងការ​កែច្នៃ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ទ្រង់ទ្រាយ​សកល​សម្រាប់ ក្រុមហ៊ុន​ថា​ម VinES និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី VinFast របស់ វៀតណាម។

    ថ្ងៃទី 03 វិច្ឆិកា​នេះ VinES ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ថាមពល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម Vingroup និង​ក្រុមហ៊ុន Li-Cycle Holdings Corp., របស់ កាណាដា ដែលមាន​ជំនាញ​ក្នុង​វិស័យ​ស្ដារ​ធនធាន និង​កែច្នៃ​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ lithium-ion បានប្រកាស​អំពី​កិច្ច​សហប្រតិបត្តិ​សកល​ទាក់ទង​នឹង​ការកែច្នៃ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី។

    យោងតាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន Li-Cycle នឹង​ផ្គត់ផ្គង់​ដំណោះស្រាយ​ក្នុងការ​កែច្នៃ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ទ្រង់ទ្រាយ​សកល​សម្រាប់ VinES និង VinFast ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វៀតណាម Vingroup។

    Li-Cycle បច្ចុប្បន្ន​មាន​រោងចក្រ​កែច្នៃ​ចំនួន 4 នៅ អាម៉េរិក​ខាងជើង និង​អាច​ចាត់ចែង​កែច្នៃ​វត្ថុ​ធាតុ 30,000 តោន/ឆ្នាំ ស្មើនឹង​ថ្ម​ផ្ទុក​ថាមពល​ពី​រថយន្ត​អគ្គិសនី​ប្រមាណ 60,000 គ្រឿង។ ក្រៅពីនេះ Li-Cycle ក៏មាន​រោងចក្រ​ដែលមាន​ជំនាញ​ផ្សេង​ពីនេះ​ជាច្រើន​ទៀតផង​ដែរ។

    Li-Cycle និង Vingroup ចុះ​កិច្ច​ព្រម​ព្រៀង

    ចំណែក VinFast វិញ បានប្រកាស​អំពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ធំ​នៅ North Carolina របស់ សហរដ្ឋ​អាម៉េរិក ដោយ​ប្រើប្រាស់​ទុនវិនិយោគ 2 ពាន់​លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទីមួយ និង​អាច​ផលិត​បាន 150,000 គ្រឿង/ឆ្នាំ។ គម្រោង​របស់ VinFast ក៏​ទទួលបាន​កញ្ចប់​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​អាជ្ញាធរ​រដ្ឋ North Carolina ផងដែរ៕

  • មហាសេដ្ឋី​អាម៉េរិក​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) គ្រោង​នឹង​បញ្ឈប់​បុគ្គលិក​ជិត 4,000 នាក់​របស់ Twitter

    មហាសេដ្ឋី​អាម៉េរិក​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) គ្រោង​នឹង​បញ្ឈប់​បុគ្គលិក​ជិត 4,000 នាក់​របស់ Twitter

    លោក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​គេ​ជឿថា កំពុងតែ​ត្រៀម​បញ្ឈប់​ការងារ​របស់​បុគ្គលិក​ចំនួន​ពាក់កណ្ដាល​របស់​បណ្ដាញ​សង្គម Twitter នៅក្នុង​សប្ដាហ៍​នេះ។

    យោងតាម The Verge មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ បាន​ជួបពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​យោបល់​កាលពី​ព្រលប់​ថ្ងៃទី 02 វិច្ឆិកា ក្នុងនោះ​មាន​ទាំង​អតីត​នាយក​ប្រតិបត្តិ​របស់ PayPal លោក David Sacks ផងដែរ។ លោក Sacks ត្រូវបាន​គេ​ព្យាករ​ថា អាច​នឹង​ចូលកាន់​តំណែង​ជា​អ្នកគ្រប់គ្រង Twitter នាពេល​អនាគត។

    ប្រភពព័ត៌មាន​ខាងលើ​ឱ្យដឹងថា លោក ម៉ាស បានកំណត់​ផែនការ​បញ្ឈប់​បុគ្គលិក​ប្រហែល 3,800 នាក់​នាពេលខាងមុខ។ ចំណែក Bloomberg វិញ ផ្សាយ​ថា តួលេខ​នេះ​គឺ 3,700 នាក់។ បច្ចុប្បន្ន បណ្ដាញ​សង្គម Twitter មាន​បុគ្គលិក​ជាង 7,500 នាក់។

    យោងតាម Bloomberg សេចក្ដីជូន​ដំណឹង​​អំពី​ការបញ្ឈប់​បុគ្គលិក​ខាងលើ​​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃស្អែក (04 វិច្ឆិកា)។ បុគ្គលិក​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​នេះ​អាច​ទទួលបាន​សំណង​​​រយៈពេល 60 ថ្ងៃ។

    ផែនការ​ខាងលើនេះ​បាន​លេចឡើង​បន្ទាប់ពី​លោក ម៉ាស បាន​បញ្ឈប់​ការងារ​មេដឹកនាំសំខាន់ៗរបស់ Twitter មានដូចជា CEO Parag Agrawal និង​ក្រុមប្រឹក្សាភិបាល​ដែលមាន​មនុស្ស 9 នាក់ ក្រោយពី​គាត់​បាន​ចូល​គ្រប់គ្រង​បណ្ដាញ​សង្គម​នេះ៕

  • «ងូតទឹក​ភ្លាម​បន្ទាប់ពី​ទទួលទាន​អាហារ​រួច» តើ​គួរ ឬ​មិនគួរ? ហេតុអ្វី?

    «ងូតទឹក​ភ្លាម​បន្ទាប់ពី​ទទួលទាន​អាហារ​រួច» តើ​គួរ ឬ​មិនគួរ? ហេតុអ្វី?

    ការ​ងូតទឹក​គឺជា​សកម្មភាព​ចាំបាច់ ប៉ុន្តែ​បើសិន​ងូតទឹក​មិនត្រូវ​តាម​កាល វា​អាច​នាំឱ្យ​យើង​ឈឺ​ថ្កាត់ ឬ​អាច​បាត់​បង់ជីវិត​ក៏មាន។

    វេជ្ជបណ្ឌិត Swathi Reddy មកពី​មន្ទីរពេទ្យ Motherhood Hospitals ក្នុង​ទីក្រុង Bengaluru ប្រទេស​ឥណ្ឌា បានឱ្យដឹងថា ការ​ងូតទឹក​ភ្លាម​បន្ទាប់ពី​ទទួលទាន​អាហារ​រួច បង្ក​គ្រោះថ្នាក់​ដល់​ដំណើរការ​រំលាយ​អាហារ។ កំហុសឆ្គង​នេះ​អាចធ្វើឱ្យ​យើង​ពិបាក​ទ្រាំ​ខ្លួន និង​ចលនា​របស់​ក្រពះ​មាន​បញ្ហា​កន្ត្រាក់។

    បន្ទាប់ពី​ទទួលទាន​អាហារ ប្រព័ន្ធ​រំលាយ​អាហារ (មាន​ក្រពះ ពោះវៀន​ជាដើម) ចាប់ផ្ដើម​ធ្វើការ​ធ្ងន់។ បើសិន​យើង​ទៅ​ងូតទឹក​នៅពេលនេះ សរសៃឈាម​ទាំងឡាយ​នៅក្រោម​ស្បែក​នឹងត្រូវ​បានធ្វើឱ្យ​ឡើងក​ម្ដៅ និង​រីក​ធំ នាំឱ្យ​ចរន្តឈាម​រត់ឡើង​ស្រទាប់​លើ​របស់​ស្បែក​ច្រើនជាង​មុន ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ បង្កឱ្យមាន​អាការ​ទល់ពោះ និង​ពិបាក​រំលាយ​អាហារ។

    យើង​គួរតែ​ងូតទឹក​ក្រោយពី​ទទួលទាន​អាហារ​រួច​ប្រហែល​ពី 1 ទៅ 2 ម៉ោង ព្រោះថា​ពេលនេះ អាហារ​ក្នុង​ក្រពះ​ត្រូវបាន​ចាត់ចែង​រួចរាល់ រាងកាយ​បាន​ស្រូបយក​ជីវជាតិ និង​ថាមពល​ពី​អាហារ​បាន​គ្រប់គ្រាន់ ដែល​ជួយ​កាត់បន្ថយ​សម្ពាធ ឬ​ទម្ងន់​ការងារ​របស់​ប្រព័ន្ធ​រំលាយ​អាហារ ចរន្តឈាម និង​ប្រព័ន្ធ​សរសៃឈាម។

    ក្រៅពី​ការដែល​មិនគួរ «ងូតទឹក​ភ្លាម​បន្ទាប់ពី​ទទួលទាន​អាហារ​រួច» យើង​ក៏​គួរតែ​ចៀសវាង​ការ​ងូតទឹក​នៅក្នុងពេល​វេលា​មួយចំនួនទៀត រួមមាន​ដូចជា «មិនគួរ​ងូតទឹក​ពេល​កំពុង​ឃ្លាន», «មិនគួរ​ងូតទឹក​បន្ទា​ប់​ពី​ផឹកស្រា», «មិនគួរ​ងូតទឹក​បន្ទា​ប់​ពី​ហាត់ប្រាណ» និង «មិនគួរ​ងូតទឹក​បន្ទា​ប់​ពី​ការ​គក់​ច្របាច់ (ម៉ាស្សា) ឬ​កោសខ្យល់​ជាដើម៕

  • ណាសា​ បញ្ជូន​យាន​ទៅ​កាន់​អាចម៍​ផ្កាយ​មួយ​ដួង​ដែល​មាន​ដែក​តម្លៃ​ 10,000,000,000,000,000,000 ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​

    ណាសា​ បញ្ជូន​យាន​ទៅ​កាន់​អាចម៍​ផ្កាយ​មួយ​ដួង​ដែល​មាន​ដែក​តម្លៃ​ 10,000,000,000,000,000,000 ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​

    យាន​អវកាស​ណាសា គ្រោង​នឹង​ហោះ​ទៅកាន់​អាចម៍​ផ្កាយ​មួយ​ដួង​ដែល​មាន​ផ្ទុក​លោហធាតុ​មាន​តម្លៃ​យ៉ាង​សម្បើម ​រួម​មាន មាស នីកែល ដែកជា​ដើម​ មាន​តម្លៃ​ប្រហែល 10,000,000,000,000,000,000 ដុល្លារ​អាម៉េរិក នៅ​ខែ​តុលា 2023​។

    ក្រោយ​ការ​ពន្យារ​ពេល​ច្រើន​លើក ណាសា នឹង​បន្ត​អនុវត្ត​បេសក​កម្ម​ស្រាវជ្រាវ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​មួយ​ដួង​ស្ថិត​នៅ​ក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ (Asteroid belt) នេះ​បើ​តាម Futurism ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា។

    16 Psyche មាន​ទំហំ​ស្មើ​នឹង​ 1% នៃ​ទំហំ​សរុប​របស់​ខ្សែក្រវាត់​អាចម៍​ផ្កាយ​ និង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ស្នូល​របស់​ភព​បុរាណ​មួយ​។ ទំហំ​របស់ 16 Psyche មិន​​ជា​រឿង​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ បរិមាណ​លោហ​ធាតុ​ និង​ប្រភព​របស់​វា​ទើប​គួរ​ឱ្យ​យក​ចិត្ត​ទុកដាក់​។ វា​ត្រូវ​បាន​គេ​ជឿ​ថា មាន​ដែក នីកែល និង​មាស​យ៉ាង​ច្រើន​សន្ធឹក​ដែល​មាន​តម្លៃ​ប្រមាណ 10,000,000,000,000,000,000 (10 quintillions) ដុល្លារ​អាម៉េរិក ច្រើន​ជាង​តម្លៃ​សេដ្ឋកិច្ច​ទាំង​មូល​របស់​មនុស្ស​ជាតិ​នៅ​លើ​ផែនដី​។

    ណាសា បាន​បញ្ជាក់​ថា យាន​អវកាស​របស់​ខ្លួន​នឹង​ត្រូវ​បាន​បញ្ជូន​ឡើង​ដោយ​រ៉ុក្កែត Falcon Heavy របស់ SpacX យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 10 តុលា 2023​។

    Psyche 16 ត្រូវ​បាន​រកឃើញ​ដំបូង​កាល​ពី​ឆ្នាំ 1852។ ក្រុម​អ្នកវិទ្យា​សាស្ត្រ​យល់​ថា នេះ​គឺជា​ដាន​របស់​ពិភព​បុរាណ​មួយ​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​ការ​ប៉ះទង្គិច​នៅ​ពេល​ប្រព័ន្ធ​ព្រះអាទិត្យ​កំពុង​កកើត​។ អាចម៍​ផ្កាយ​នេះ​មាន​ទទឹង​ប្រហែល 225 គីឡូម៉ែត្រ​៕

  • ផ្ទុះ​នៅ​មូលដ្ឋានទ័ព​អាកាស​របស់ រុស្ស៊ី ​ឧទ្ធម្ភាគចក្រច្រើន​គ្រឿង​រង​ការ​ខូច​ខាត

    ផ្ទុះ​នៅ​មូលដ្ឋានទ័ព​អាកាស​របស់ រុស្ស៊ី ​ឧទ្ធម្ភាគចក្រច្រើន​គ្រឿង​រង​ការ​ខូច​ខាត

    មូលដ្ឋានទ័ព​​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាមួយ លី​ទុយ​អា​នី ត្រូវបាន​គេ​បំផ្ទុះ បណ្ដាលឱ្យ​ឧ​ទ្ធ​ម្ភា​គ​មួយចំនួន​រង​ការខូចខាត ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា ភាគី​ខាង​ណា​ជា​អ្នកទទួលខុសត្រូវ។

    សារព័ត៌មាន​រុស្ស៊ី កាលពី​ថ្ងៃទី 31 តុលា បាន​ផ្សាយ​ថា ឧទ្ធម្ភាគចក្រ​វាយប្រហារ Ka-52 ចំនួន 2 គ្រឿង នៅ​ព្រលានយន្តហោះ​យោធា​ក្នុង​ខេត្ត Pskov បាន​រង​ការខូចខាត​​ពេល​មាន​​ករណី​ផ្ទុះ​មួយចំនួន​កាលពី​ព្រលប់​ថ្ងៃ​​មុន​នោះ។ របាយការណ៍​បានឱ្យដឹងថា យ៉ាងហោចណាស់​មានការ​ផ្ទុះ​ចំនួន 3 ករណី​នៅ​ព្រលានយន្តហោះ​ដែល​កំពុងមាន​ការជួស​ជុល​ឧទ្ធម្ភាគចក្រ​យោធា។

    «ការផ្ទុះ​នេះ​ខ្លាំង​ដល់​ថ្នាក់​ធ្វើឱ្យ​បំណែក​របស់​យន្តហោះ​ត្រូវ​ខ្ទាត​ឆ្ងាយ 200 ម៉ែត្រ» ឆា​ណែ​ល Telegram Baza បានឱ្យដឹង​ដូច្នេះ។ ភាគី​ខាង រុស្ស៊ី មិនទាន់​លើកឡើង​អំពី​មូលហេតុ​នៃ​ការផ្ទុះ​នេះ​នៅឡើយ។

    សារព័ត៌មាន​អាម៉េរិក កាលពី​ថ្ងៃទី 02 វិច្ឆិកា បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញថា មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ តម្រៀប​វត្ថុ​មួយចំនួន​ដែល​ត្រូវបាន​គេ​ជឿថា​ជា​គ្រាប់​ផ្ទុះ ហើយ​ដាក់​ទៅលើ​ឧទ្ធម្ភាគចក្រ​យោធា 1 គ្រឿង​របស់ រុស្ស៊ី ដែល​ទំនងជា​ឧ​ទ្ធ​ម្ភា​គ Ka-52។

    CNN បាន​បញ្ជាក់ថា វីដេអូ​នេះ​ត្រូវបាន​ថត​នៅក្នុង​មូលដ្ឋានទ័ព Veretye នៅ Beredniki ក្នុង​ខេត្ត Pskov ដែលមាន​ចម្ងាយ​ប្រហែល 35 គីឡូម៉ែត្រ ពី ព្រំដែន​រុស្ស៊ី-លី​ទុយ​អា​នី និង ព្រំដែន​រុស្ស៊ី-អ៊ុយ​ក្រែ​ន ប្រហែល 10,000 គីឡូម៉ែត្រ។ រូបភាព​ពី​ផ្ដា​យ​រណប​បង្ហាញថា ឧទ្ធម្ភាគចក្រ​មួយចំនួន​ក្នុង​មូលដ្ឋានទ័ព​នេះ​បាន​ខូចខាត។

    អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី 02 វិច្ឆិកា ឱ្យដឹងថា «ករណី​ផ្ទុះ​ខ្លាំង​បានកើត​ឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Veretye របស់ រុស្ស៊ី។ លទ្ធផល​នៃ​ការផ្ទុះ​គឺ​ឧទ្ធម្ភាគចក្រ​វាយប្រហារ Ka-52 ចំនួន 2 គ្រឿង និង​ឧទ្ធម្ភាគចក្រ Mi-28N របស់ រុស្ស៊ី បាន​ខ្ទេច​ទាំងស្រុង ខណៈដែល 2 គ្រឿង​ទៀត​រង​ការខូចខាត​ធ្ងន់ធ្ងរ»។

    ក្រសួងការពារជាតិ របស់ ​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ហេតុការណ៍​ផ្ទុះ​ខាងលើ៕

  • កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 02 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 02 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 02 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 02 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 01 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 03 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,995 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,931 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • ក្រុម​ហ៊ុន Google អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​កែសម្រួល​មុខងារ​បកប្រែ

    ក្រុម​ហ៊ុន Google អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​កែសម្រួល​មុខងារ​បកប្រែ

    ក្រុមហ៊ុន Google នឹង​អភិវឌ្ឍ​កម្មវិធី AI ដែល​បំពាក់​ភាសា​ប្រមាណ 1,000 ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើនជាងគេ​ក្នុង​ពិភពលោក ក្នុង​គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​កំពុង​ប្រជែង​គ្នា​គ្រប់គ្រង​ទីផ្សារ​អ៊ី​ន​ធើ​ណិ​ត។

    Google កាលពី​ថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​រៀប​ផែនការ​អភិវឌ្ឍ​កម្មវិធី​បញ្ញា​សិប្បនិម្មិត ដោយ​បំពាក់​ភាសា​ចំនួន 1,000 ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅលើ​ពិភពលោក ក្នុង​បំណង​កែសម្រួល​មុខងារ​បកប្រែ ដោយសារ​ថា ទិន្នន័យ​គឺជា​កត្តា​សំខាន់​ដើម្បី​ឆ្ពោះទៅរក​ការរីកចម្រើន​នៃ​វិស័យ AI និង​ជួយ​ឱ្យ​ផលិតផល​របស់​ពួកគេ​ដំណើរការ​បានល្អ​ជាង​មុន និង​មាន​ប្រយោជន៍​កាន់តែច្រើន​សម្រាប់​មនុស្ស​ភាគច្រើន។

    លោក Johan Schalkwyk អ្នកស្រាវជ្រាវ​នៅ Google បានឱ្យដឹងថា បច្ចុប្បន្ន ពិភពលោក​មាន​ភាសា​ជាង 7,000 ឯណោះ ប៉ុន្តែ Google មកដល់ពេលនេះ​បានផ្ដល់​ការបកប្រែ​សម្រាប់​ភាសា​តែ​ជាង 130 ប៉ុណ្ណោះ។ ដូច្នេះ ក្រុមហ៊ុន​នេះ​កំពុង​ឆ្ពោះទៅរក​ការពង្រីក​មុខងារ​បក​ប្រែ និង​ចង់​ទាញយក​ទិន្នន័យ​នៅលើ​ភាសា​ថ្មី​ដែល​មិន​ត្រឹមតែ​យោងទៅលើ​អត្ថបទ​ដែលមាន​នៅលើ​អ៊ី​ន​ធើ​ណិ​ត​នោះទេ តែ​ក៏​នឹង​ទាញយក​ពី​វីដេអូ រូបភាព និង​សំឡេង​ផងដែរ។

    Google គ្រោង​នឹង​បំពាក់​សមិទ្ធផល​ដែល​កើតចេញពី​ការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត​ខាងលើ​ទៅក្នុង​បណ្ដា​ផលិត ផល​របស់ខ្លួន ក្នុងនោះ​ក៏​រួមមាន​ទាំង Youtube និង Google Translate ផងដែរ។

    Google មិនមែនជា​ក្រុមហ៊ុន​តែមួយ​ដែលមាន​មហិច្ឆតា​ដូចខាងលើ​ឡើយ។ កាលពីដើម​ឆ្នាំនេះ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ក៏បាន​ប្រកាស​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «No Language Left Behind» (មិនមាន​ភាសា​ណាមួយ​ត្រូវ​ទុកចោល)។ គម្រោង​របស់ Meta នេះ បានកំណត់​គោលដៅ​បង្កើត​ប្រព័ន្ធ​ដែល​អាច​បកប្រែ​រាប់រយ​ភាសា​នៅក្នុង​ពិភពលោក៕

  • ម៉ូតូ​អគ្គិសនី Kymco Like 125 EV ធ្វើដំណើរ​បាន​ជិត 200 គីឡូម៉ែត្រ​ក្រោយ​បញ្ចូល​ថាមពល​ពេញ

    ម៉ូតូ​អគ្គិសនី Kymco Like 125 EV ធ្វើដំណើរ​បាន​ជិត 200 គីឡូម៉ែត្រ​ក្រោយ​បញ្ចូល​ថាមពល​ពេញ

    ម៉ូតូ​អគ្គិសនី Kymco Like 125 EV របស់​ក្រុមហ៊ុន​តៃវ៉ាន់ ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ទំនើប អាច​ជិះ​បាន 199 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ។

    Kymco Like 125 EV ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​នៅ ទ្វីបអឺរ៉ុប ហើយថ្មីៗនេះ​មាន​ព័ត៌មាន​ថា វា​អាច​ត្រូវបាន​នាំចូល​ទីផ្សារ​នៅ ទ្វីបអាស៊ី និង អាម៉េរិក​ខាងជើង។ ប្រការនេះ​មិនមាន​អ្វី​ចម្លែក ដោយសារ​ថា Kymco ដែលជា​យីហោ​របស់ ចិនតៃវ៉ាន់ បាន​មាន​វត្ត​មាននៅ ទ្វីបអាស៊ី រួចហើយ។

    ម៉ូតូ​អគ្គិសនី Kymco Like 125 EV ត្រូវបាន​បំពាក់​ម៉ាស៊ីន​ដើរ​ដោយ​អគ្គិសនី​មួយគ្រឿង​ដែលមាន​កម្លាំង​ឡើងដល់ 3,200W ហើយ​ម៉ាស៊ីន​នេះ​ត្រូវបាន​ចាត់ទុកថា​ល្អ​ខ្លាំង​សម្រាប់​បរិស្ថាន និង​មាន​មុខងារ​ប្រហាក់ប្រហែល​នឹង​ម៉ាស៊ីន​ចំហេះ​ក្នុង។

    ម៉ូតូ​នេះ​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែលមាន​ឈ្មោះថា Lonex អាចឱ្យ​ជិះ​បាន 199 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​បាន 1 ម៉ោង។ យោងតាម​អាយុកាល​របស់​ថ្ម ម៉ូតូ​នេះ​នឹង​អាច​បញ្ចូល​ថាមពល​បាន​ប្រហែល 1,000 លើក ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​លក្ខណៈ​បច្ចេកទេស​ដ៏​អស្ចារ្យ។

    ឧបករណ៍​ទំនើប​នានា​នៅលើ​ម៉ូតូ Kymco Like 125 EV មានដូចជា​ប្រព័ន្ធ​ភ្លើង LED, នាឡិកា TFT ជាដើម អាច​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​មុខងារ​កំណត់​ទិស GPS ។ល។

    ម៉ូតូ​អគ្គិសនី Kymco Like 125 EV មាន​រូបរាង​ស្រដៀង​នឹង​ម៉ូតូ​ប្រភេទ scooter និង​ប្រើប្រាស់​លេខ​អូ​តូ ងាយស្រួល​បើកបរ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ត្រឹមតែ 99 គីឡូក្រាម​ប៉ុណ្ណោះ។ ចំណែក​តម្លៃ​វិញ Kymco Like 125 EV ត្រូវបាន​ដាក់លក់​ត្រឹម 1,195 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ អឺរ៉ុប ដែល​នេះ​អាច​និយាយបានថា «ថោក» ពិតមែន៕