Author: សឿន សំណាង

  • ការ​សិក្សា​ស្រាវជ្រាវបង្ហាញ​ថា «2/3 នៃ​ប្រជាជន​របស់ អូស្ត្រាលី បាន​ឆ្លង​ជំងឺ​កូ​វីដ-19»

    ការ​សិក្សា​ស្រាវជ្រាវបង្ហាញ​ថា «2/3 នៃ​ប្រជាជន​របស់ អូស្ត្រាលី បាន​ឆ្លង​ជំងឺ​កូ​វីដ-19»

    ក្រោយ​ការស្រាវជ្រាវ និង​ការវាយតម្លៃ​ច្រើនលើក​អំពី​សមត្ថភាព​បង្ការ​ជំងឺឆ្លង​របស់​កុមារ និង​មនុស្សពេញវ័យ​នៅ អូស្ត្រាលី ក្រុម​អ្នកស្រាវជ្រាវ​យល់ថា ប្រជាជន​ប្រមាណ 2/3 របស់ អូស្ត្រាលី បាន​ឆ្លង​ជំងឺ​កូ​វីដ-19 ក្នុងនោះ​មាន​កុមារ​ផងដែរ។

    នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ 2 លើក អំពី​សមត្ថភាព​បង្ការ​ការឆ្លង​ជំងឺ​របស់​កុមារ និង​មនុស្សពេញវ័យ​នៅ អូស្ត្រាលី។

    ការស្រាវជ្រាវ​បង្ហាញថា កុមារ​ប្រហែល 79% ដែល​មិនទាន់​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ និង​មាន​អាយុ​ចាប់ពី 1 ដល់ 4 ឆ្នាំ បាន​ឆ្លង​វីរុស​កូ​វីដ-19 ខណៈ​កុមារ 67% ដែលមាន​អាយុ​ពី 5 ដល់ 11 ឆ្នាំ និង​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង សុទ្ធតែ​ធ្លាប់បាន​ឆ្លង​ជំងឺ​នេះ។ ក្នុងចំណោម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី 12 ដល់ 19 ឆ្នាំ អត្រា​នៃ​ការ​ធ្លាប់​ឆ្លង​កូ​វីដ​គឺ​ប្រហែល 70%។

    អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង Archana Koirala មកពី មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តាមដាន​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង (NCIRS) បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា យ៉ាងហោចណាស់​ក៏មាន​កុមារ​ប្រមាណ 2/3 នៅ អូស្ត្រាលី ធ្លាប់បាន​ឆ្លង​កូ​វីដ-19។

    លោក Archana Koirala សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​នេះ​បន្ត​ផ្ដល់ព័ត៌មាន​សំខាន់​ក្នុងការ​បង្កើន​ការយល់ដឹង​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល​របស់​វីរុស SARS-CoV-2 (វីរុស​បង្ក​ជំងឺ​កូ​វីដ-19) ឥទ្ធិពល​នៃ​ការចាក់​វ៉ាក់សាំង និង​ការឆ្លង ធៀប​នឹង​កម្រិត​នៃ​ភាពស៊ាំ​ក្នុង​សហគមន៍៕

  • កូរ៉េខាងត្បូង បញ្ចេញ​​​យន្តហោះ​​​ទៅ​ទប់​ទប់ ខណៈ​​យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ជិត 200 គ្រឿង​នៅក្បែរ​ព្រំដែន

    កូរ៉េខាងត្បូង បញ្ចេញ​​​យន្តហោះ​​​ទៅ​ទប់​ទប់ ខណៈ​​យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ជិត 200 គ្រឿង​នៅក្បែរ​ព្រំដែន

    ក្រោយពី​រកឃើញ​យន្តហោះ​ចម្បាំង​ជាង 180 គ្រឿង​របស់ កូរ៉េខាងជើង អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង ក៏បាន​បញ្ចេញ​ក្រុម​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​ទប់ទល់។

    យោងតាម​សារព័ត៌មាន Yonhap និង Reuters អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង ប្រកាស​នា​ថ្ងៃទី 04 វិច្ឆិកា​នេះ​ថា ប្រទេស​នេះ​បាន​បញ្ចេញ​ក្រុម​យន្តហោះ​ចម្បាំង​ទៅទល់​ទប់ បន្ទាប់ពី​បាន​ឃើញ​យន្តហោះ​ចម្បាំង​ជាង 180 គ្រឿង​របស់ កូរ៉េខាងជើង ស្ថិត​នៅក្បែរ​ព្រំដែន។

    ក្នុង​ថ្ងៃ​ដដែល គណៈកម្មការ​ការពារ​ជាតិ​របស់ សភា​កូរ៉េខាងត្បូង ក៏បាន​អនុម័ត​សេចក្ដីសម្រេច​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្កហេតុ​ដោយ​ការបាញ់​ប្លោង​មី​ស៊ី​ល​របស់ កូរ៉េខាងជើង ព្រមទាំង​បានស្នើ​ឱ្យ ទីក្រុង​ព្យុងយ៉ាង មិន​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី 7 ផងដែរ​។

    សេចក្ដី​ថ្កោលទោស​របស់ សភា​កូរ៉េខាងត្បូង លើកឡើងថា «បើសិន កូរ៉េខាងជើង នៅតែ​បន្ត​បង្កហេតុ ពួកគេ​ប្រាកដជា​ត្រូវ​អន្តរជាតិ​ដាក់​ឱ្យនៅ​ឯកោ បំផ្លាញ​ខ្លួនឯង នាំឱ្យ​របប​របស់ គីម ជុង​អុន ពិបាក​បន្ត​រស់រានមានជីវិត»។

    សេចក្ដីសម្រេច​ខាងលើ​ក៏បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង នឹងត្រូវ​ខាតបង់​ខ្ពស់​សម្រាប់​រាល់​ស្ថានការណ៍​ដែល​កើតមាន​បន្ទាប់​នោះ៕

  • អា​រ៉ា​ប៊ី​សា​អូឌីត បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន

    អា​រ៉ា​ប៊ី​សា​អូឌីត បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​ឈ្មោះថា Ceer នឹង​សហការ​ជាមួយ Foxconn ដែលជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​របស់ កោះ​តៃវ៉ាន់ ដើម្បី​អភិវឌ្ឍ​រចនាសម្ព័ន្ធ​អគ្គិសនី​សម្រាប់​រថយន្ត។

    កាលពី​ថ្ងៃទី 03 វិច្ឆិកា អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​បង្ហាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ពួកគេ នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែលជា​អ្នក​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​របស់ អា​រ៉ា​ប៊ី​សា​អូឌីត (SPA) ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដំបូង​របស់​ប្រទេស​នេះ​នឹង​រួមចំណែក​ក្នុងការ​ឆ្ពោះទៅរក​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន និង​ជំរុញ​ស្ថិរភាព​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ Ceer នឹង​សហការ​ជាមួយ Foxconn ជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​របស់ កោះ​តៃវ៉ាន់ ដើម្បី​អភិវឌ្ឍ​រចនាសម្ព័ន្ធ​អគ្គិសនី​របស់​រថយន្ត។

    ក្រុមហ៊ុន Ceer ឱ្យដឹងថា នឹង​ផលិត​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ដើម្បី​ឆ្លើយ​ត​តាម​តម្រូវការ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស ក្នុង​តំបន់​មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង ក្នុងនោះ​មាន​រថយន្ត​ប្រភេទ​សេ​ដាន់ និង​រថយន្ត​កីឡា​ពហុ​មុខងារ​ផងដែរ។

    តាម​ផែនការ ក្រុមហ៊ុន​នឹង​បង្កើតបាន​ការងារ​ផ្ទាល់ និង​ប្រយោល​ប្រហែល 30,000 កន្លែង ហើយ​គ្រោង​នឹង​ដាក់លក់​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2025។

    កាលពី​ខែវិច្ឆិកា 2021 នៅក្នុង​កិច្ចប្រជុំ COP26 ស្ដីពី​អាកាសធាតុ លើក​ទី 26 នៅ អង់គ្លេស អា​រ៉ា​ប៊ី​សា​អូឌីត បាន​សន្យាថា នឹង​សម្រេច​ឱ្យបាន​គោលដៅ​បំ​ភាយ​ឧស្ម័ន​កម្រិត​សូន្យ​នៅ​ឆ្នាំ 2060៕

  • G7 និង អូស្ត្រាលី ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី

    G7 និង អូស្ត្រាលី ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី

    ការកំណត់​តម្លៃ​ពិតាន​នេះ​គឺធ្វើឡើង​ដើម្បី​ធានាថា ទណ្ឌកម្ម​ដើម្បី​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន មិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

    ក្រុម​ប្រទេស​ដែលមាន​វិស័យ​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) និង ប្រទេស​អូស្ត្រាលី បាន​ឯកភាពគ្នា​លើ​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ជំនួស​ឱ្យ​ការ​បណ្ដោយ​តាម​ទីផ្សារ។

    ក្រុមមន្ត្រី​អាម៉េរិក និង​បណ្ដា​ប្រទេស​សមាជិក G7 បាន​ពិភាក្សាគ្នា​យ៉ាងសកម្ម​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ​អំពី​ផែនការ​កំណត់​តម្លៃ​ពិតាន​លើ​ប្រេង​ឆៅ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ដែល​គ្រោង​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 05 ធ្នូ​ខាងមុខ ដើម្បី​ធានាថា ទណ្ឌកម្ម​នានា​របស់ សហភាព​អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹងមិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

    តម្លៃ​ពិតាន​ដំបូង​មិនទាន់​ត្រូវ​បានកំណត់​ជាក់លាក់ ប៉ុន្តែ​នឹងត្រូវ​បានលើកឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ដៃគូ​សហការ​ក្នុង​សម្ព័ន្ធភាព​ខាងលើ​បាន​ឯកភាពគ្នា​ថា នឹង​វាយតម្លៃ​អំពី​តម្លៃ​ពិតាន​នេះ​ទៅតាម​ដំណាក់កាល និង​កែសម្រួល​បើសិនជា​ចាំបាច់។

    ប្រទេស​រុស្ស៊ី អាច​ទទួលបាន​ផលចំណេញ​ទៅតាម​តម្លៃ​ប្រេង Brent បើសិន​មិនមាន​ការកំណត់​តម្លៃ​ពិតាន ដោយសារ​តម្លៃ​ប្រេង​របស់​ប្រទេស​នេះ​អាច​កើនឡើង​នៅពេល​តម្លៃ​ប្រេង Brent ឡើងថ្លៃ​ទៅតាម​ការកាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​របស់ ទីក្រុង​មូ​ស្គូ ព្រោះថា រុស្ស៊ី គឺជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​មួយ​ក្នុង​ពិភពលោក។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ក្រុមមន្ត្រី​ដទៃទៀត​របស់ G7 បាន​ឯកភាព​អនុវត្ត​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃទី 05 ធ្នូ 2022 និង​បណ្ដា​ផលិតផល​កែច្នៃ​ពី​ប្រេង​ឆៅ​ចាប់ពី​ថ្ងៃទី 05 កុម្ភៈ 2023។

    ចំណែក​ភាគី​ប្រទេស​រុស្ស៊ី វិញ បាន​និយាយថា ខ្លួន​នឹងមិន​ផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន​នេះ​ជាដាច់ខាត៕

  • ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​វៀតណាម សម្រេចបាន 1.5 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022

    ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​វៀតណាម សម្រេចបាន 1.5 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022

    ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម សម្រេចបាន​ជាង 4 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 ដែល​នេះ​បាន​ជួយ​ឱ្យ ប្រទេស​វៀតណាម ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់ កម្ពុជា នៅក្នុង តំបន់​អាស៊ាន។

    ការនាំចេញ​ទំនិញ​របស់ កម្ពុជា ទៅកាន់ វៀតណាម សម្រេចបាន 1.5 ពាន់​លាន​ដុល្លារ កើន 3% ធៀប​នឹង​ឆ្នាំ 2021 និង​ការ​នាំចូល​ទំនិញ​ពី វៀតណាម សម្រេចបាន 3 ពាន់​លាន​ដុល្លារ កើន 35%។ ដូច្នេះ នៅក្នុង​រយៈពេល 3 ត្រីមាស​ដើមឆ្នាំ 2022 នេះ ការដោះដូរ​ទំនិញ​សរុប​រវាង កម្ពុជា និង វៀតណាម សម្រេចបាន​ជាង 4 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 22% ធៀប​នឹង​ឆ្នាំ 2021។

    នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​លំដាប់​ទី 2 របស់ កម្ពុជា សម្រាប់ 9 ខែ​ដើម​ឆ្នាំនេះ។ ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 ការនាំចេញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ សម្រេចបាន​ជាង 6 រយ​លាន​ដុល្លារ​អាម៉េរិក កើន 38% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2021 ខណៈដែល​ការនាំចេញ​របស់ ប្រទេស​ថៃ មកកាន់ កម្ពុជា សម្រេចបាន​ជិត 3 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 25%។ ជារួម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ប្រទេស​ថៃ និង កម្ពុជា សម្រេចបាន​ជាង 3 ពាន់​លាន​ដុល្លារ កើន 27% ធៀប​នឹង 9 ខែ​ដើមឆ្នាំ 2021។

    ដោយឡែក ការដោះដូរ​ពាណិជ្ជកម្ម​រវាង កម្ពុជា ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2022 នេះ សម្រេចបាន​ជាង 12 ពាន់​លាន​ដុល្លារ​អាមេរិក កើន 10% ធៀប​នឹង 9 ខែ​ដើម​ឆ្នាំមុន។ ចំណែក​ការដោះដូរ​ពាណិជ្ជកម្មរ​វាង កម្ពុជា ជាមួយនឹង​ពិភពលោក​ទាំងមូល សម្រេចបាន​ជាង 41 ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង 18% បើ​ធៀប​នឹង 9 ខែ​ដើមឆ្នាំ 2021៕

  • កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 0 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 0 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 0 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 03 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 03 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,995 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,933 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • កូរ៉េខាងត្បូង ប្រកាស​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ Taegeuk ដើម្បី​ទប់ទល់​នឹង កូរ៉េខាងជើង

    កូរ៉េខាងត្បូង ប្រកាស​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ Taegeuk ដើម្បី​ទប់ទល់​នឹង កូរ៉េខាងជើង

    នា​ថ្ងៃទី 04 វិច្ឆិកា​នេះ កងទ័ព​កូរ៉េខាងត្បូង បានប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រចាំឆ្នាំ​ដែលមាន​ឈ្មោះថា Taegeuk នៅ​សប្ដាហ៍​ក្រោយ ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​សំណាក់ កូរ៉េខាងជើង។

    យោងតាម អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង សមយុទ្ធ​ថ្នាក់​បញ្ជាការដ្ឋាន​នេះ​នឹង​អូស​បន្លាយពេល 4 ថ្ងៃ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 07 វិច្ឆិកា។ សមយុទ្ធ​នេះ​នឹងធ្វើ​ការហ្វឹកហាត់​សមត្ថភាព​ប្រយុទ្ធ​នៅ​ចំពោះមុខ​ការគំរាមកំហែង​នានា ក្នុងនោះ​ក៏មាន​កម្មវិធី​មី​ស៊ី​ល​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងជើង និង​សកម្មភាព​បង្កហេតុ​នានា​ក្នុងពេលថ្មីៗនេះ​របស់ ទីក្រុង​ព្យុងយ៉ាង។

    បណ្ដា​សមយុទ្ធ​ការពារ​បែបនេះ មិន​រួមបញ្ចូល​ជាមួយនឹង​ការហ្វឹកហាត់​នៅលើ​ទីតាំង​ជាក់ស្ដែង​នោះទេ ប៉ុន្តែ​នឹង​ផ្ដោតទៅលើ​ការបង្កើន​សមត្ថភាព​ដោះស្រាយ​វិបត្តិ និង​សមត្ថភាព​សម្រប​ខ្លួន​ទៅក្នុង​សម័យ​សង្គ្រាម។

    សមយុទ្ធ​លើ​កុំព្យូទ័រ​នេះ​នឹងមាន​ការចូលរួម​រប​ស់ប​ណ្ដា​ទីបញ្ជាការ​ប្រយុទ្ធ​របស់​ទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស​របស់ កូរ៉េខាងត្បូង៕

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង បាញ់កាំភ្លើង​ធំ 80 គ្រាប់​ទៅកាន់​តំបន់​ការពារ​យោធា

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង បាញ់កាំភ្លើង​ធំ 80 គ្រាប់​ទៅកាន់​តំបន់​ការពារ​យោធា

    កងទ័ព​កូរ៉េខាងត្បូង នា​ថ្ងៃទី 04 វិច្ឆិកា​នេះ​បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់កាំភ្លើង​ធំ​ប្រហែល 80 គ្រាប់ ទៅលើ​តំបន់​ការពារ​យោធា​នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​នេះ។

    យោងតាម Yonhap កងទ័ព​កូរ៉េខាងត្បូង នា​ថ្ងៃទី 04 វិច្ឆិកា​នេះ​បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់កាំភ្លើង​ធំ​ប្រហែល 80 គ្រាប់​ទាំងយប់​ទៅលើ​តំបន់​ការពារ​យោធា​នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​នេះ ដែល​នេះ​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ 2018 ជាមួយនឹង កូរ៉េខាងត្បូង ស្ដីពី​ការកាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា។

    សកម្មភាព​ខាងលើ​បាន​កើតមានឡើង​ក្នុងពេលដែល កូរ៉េខាងជើង បន្ត​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នាពេល​កន្លង។

    ដោយឡែក​នៅក្នុង​ថ្ងៃទី 2-2 វិច្ឆិកា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ជិត 30 គ្រាប់​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត និង​ភាគ​ខាងលិច​ប្រទេស​នេះ។

    ក្នុងចំណោម​មី​ស៊ី​ល​ដែល កូរ៉េខាងជើង បាន​បាញ់ មាន 1 គ្រាប់​បាន​ធ្លាក់​ក្បែរ​ដែនសមុទ្រ​របស់ កូរ៉េខាងត្បូង និង 1 គ្រាប់​ទៀត​ដែល កូរ៉េខាងត្បូង ជឿថា​ជា​មី​ស៊ី​ល​អន្តរទ្វីប Hwasong-17៕

  • អេ​ស្ប៉ា​ញ ៖ បាតុករ​រាប់ពាន់នាក់​​ទាម​ទារ​ឱ្យ​និយោជក​ដំឡើង​ប្រាក់ខែ

    អេ​ស្ប៉ា​ញ ៖ បាតុករ​រាប់ពាន់នាក់​​ទាម​ទារ​ឱ្យ​និយោជក​ដំឡើង​ប្រាក់ខែ

    បញ្ហា​អតិផរណា​នៅ ប្រទេស​អេ​ស្ប៉ា​ញ បាន​ថយ​ចុះមក​នៅត្រឹម 7.3% ក្នុង​ខែតុលា​ឆ្នាំនេះ បើ​ធៀប​នឹង​ជាង 10% ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ ចំណែក​ប្រាក់ខែ​វិញ បាន​ឡើង​តែ 1% ប៉ុណ្ណោះ ដែល​នេះ​ធ្វើឱ្យ​ជីវភាព​របស់​ពលករ​ត្រូវ​ធ្លាក់​ទៅក្នុង​ស្ថានភាព​លំបាក។

    ពលរដ្ឋ​អេ​ស្ប៉ា​ញ រាប់ពាន់នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅលើ​ទីលាន Plaza Mayor នៅ រាជធានី​ម៉ា​ឌ្រី​ដ ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ។ នេះ​គឺជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ​ប្រទេស​នេះ រាប់​ចាប់ពី​វិបត្តិ​នៃ​ការចំណាយ​ក្នុងការ​រស់នៅ។

    ក្រុមបាតុករ​នាំគ្នា​លើក​បដា​ដែល​សរសេរ​ពាក្យស្លោក និង​ស្រែក​ហ៊ោ​ជយឃោស​ន៍​ទាមទារ​ឱ្យ​និយោជក​ដំឡើង​ប្រាក់ខែ ក្នុង​គ្រា​ដែល​ទំនិញ​ឡើងថ្លៃ​ខ្ពស់។

    ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ SER លោក Unai Sordo អគ្គលេខាធិការ​នៃ​សហជីព​ធំ​បំផុត​នៅ អេ​ស្ប៉ា​ញ CCOO បាន​សង្កត់ធ្ងន់ថា បំណង​ខាងលើ​របស់​ពលករ​គឺជា​រឿង​សមស្រប។

    ក្រុម​សហជីព​នៅ អេ​ស្ប៉ា​ញ ចង់ឱ្យមាន​ការដំឡើង​ប្រាក់ខែ​ប្រហែល​ពី 4 ទៅ 4.5% នៅក្នុង​ឆ្នាំនេះ និង ពី 2.5 ទៅ 3% នៅក្នុង 2 ឆ្នាំ​បន្តបន្ទាប់​ខាងមុខ។

    អតិផរណា​នៅ អេ​ស្ប៉ា​ញ បាន​ថយចុះ​មក​នៅ 7.3% ក្នុង​ខែតុលា​ឆ្នាំនេះ ធៀប​នឹង​ជាង 10% ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ។ ក៏ប៉ុន្តែ អត្រា​នេះ​នៅតែ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​អំឡុងពេល​ដទៃ។

    អតិផរណា​កើនឡើង​ខ្ពស់ រួម​នឹង​បញ្ហា​ឱនភាព​សេដ្ឋកិច្ច ភាគច្រើន​គឺជា​លទ្ធផល​នៃ​ផលប៉ះពាល់​របស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ស្ថានភាព​រអាក់រអួល​នៃ​ប្រភព​ផ្គត់ផ្គង់​ឥន្ធនៈ និង​ឧស្ម័ន​ដែល​នាំ​ចូលទៅ អឺរ៉ុប៕

  • ការបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​សកល ធ្វើឱ្យ​ប្រេង​ឆៅ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ

    ការបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​សកល ធ្វើឱ្យ​ប្រេង​ឆៅ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី 03 វិច្ឆិកា តម្លៃ​ប្រេង​ឆៅ Brent ថយចុះ 1.49 ដុល្លារ​អាម៉េរិក ខណៈដែល​ប្រេង​ឆៅ WTI ធ្លាក់​ថ្លៃ 1.83 ដុល្លារ​អាម៉េរិក។

    តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់ចុះ​ក្នុងការ​ជួញដូរ​កាលពី​ថ្ងៃទី 03 វិច្ឆិកា (04 វិច្ឆិកា​នៅ កម្ពុជា) ក្នុង​គ្រា​ដែល​អត្រា​ការប្រាក់​នៅ សហរដ្ឋ​អាម៉េរិក កើនឡើង បាន​រុញច្រាន​ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ​ខ្ពស់ ធ្វើឱ្យមាន​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​ប៉ះពាល់​ដល់​តម្រូវ​ការប្រើ​ប្រាស់​ថាមពល។

    ក៏ប៉ុន្តែ​ល្បឿន និង​អត្រា​នៃ​ការធ្លាក់​ថ្លៃ​របស់​ប្រេង ត្រូវបាន​ទប់ទល់​ដោយ​ការបារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់​ដែល​ត្រូវបាន​រឹតបន្តឹង។

    បញ្ចប់​ការជួញដូរ​នៅក្នុង​ទី 03 វិច្ឆិកា តម្លៃ​ប្រេង​ឆៅ Brent ថយចុះ 1.49 ដុល្លារ​អាម៉េរិក (1.5%) មក​នៅត្រឹម 94.67 ដុល្លារ/ធុង។ ចំណែក​ប្រេង​ឆៅ WTI ក៏បាន​ធ្លាក់​ថ្លៃ 1.83 ដុល្លារ (2%) ចុះមក​នៅត្រឹម 88.17 ដុល្លារ/ធុង។

    តម្លៃ​ប្រេង​ឆៅ 2 ប្រភេទ​នេះ សុទ្ធតែ​បាន​កើន​ជាង 1% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី 02 វិច្ឆិកា ដោយសារតែ​ព័ត៌មាន​បង្ហាញថា បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ បើ​ទោះ រតនាគារជាតិ​អាម៉េរិក ដំឡើង​អត្រា​ការប្រាក់ ហើយ​ថា​នឹង​ពិចារណា​អំពី​ការផ្អាក​ដំឡើង​ការប្រាក់​នាពេលឆាប់ៗនេះ។ ប្រការនេះ​បាន​រុញច្រាន​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក ឡើង​ខ្ពស់​ក្នុង​ថ្ងៃទី 03 វិច្ឆិកា។

    ប្រាក់​ដុល្លារ​ឡើងថ្លៃ ធ្វើឱ្យ​តម្រូវការ​ប្រេង​ថយចុះ បណ្ដាលឱ្យ​វា​ប្រែ​ថ្លៃ​សម្រាប់​អតិថិជន​ដែល​ទូទាត់​ដោយ​ការប្រើប្រាស់​រូបិយប័ណ្ណ​ដទៃ​ក្រៅពី​ប្រាក់​ដុល្លារ​អាម៉េរិក៕