Author: សឿន សំណាង

  • Concept នាវា​ទេសចរណ៍​ខ្នាត​យក្ស​មាន​រូបរាង​ដូច​អណ្ដើក អាចដាក់​មនុស្ស​បាន 60,000 នាក់

    Concept នាវា​ទេសចរណ៍​ខ្នាត​យក្ស​មាន​រូបរាង​ដូច​អណ្ដើក អាចដាក់​មនុស្ស​បាន 60,000 នាក់

    ក្រុមហ៊ុន​មួយ​របស់ អ៊ីតាលី បាន​បង្ហើប​ឱ្យដឹង​អំពី​គំនិត​មួយ​ស្ដីពី​នាវា​ទេសចរណ៍​ប្រវែង 550 ម៉ែត្រ ដែលមាន​រូបរាង​ដូច​ទីក្រុង​អណ្ដើក និង​ត្រូវការ​ពេលវេលា 8 ឆ្នាំ​ដើម្បី​សាងសង់។

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​អ៊ីតាលី Lazzarini បានបង្ហាញ concept កំពូល​នាវា​ទេសចរណ៍​ខ្នាត​យក្ស Pangeos ដែលមាន​រូបរាង​ដូច​ទៅនឹង​ទីក្រុង​ចល័ត​អណ្ដែត​លើទឹក នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 11 វិច្ឆិកា។ នាវា​ទេសចរណ៍​នេះ​មាន​សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧទ្យាន កំពង់ផែ ព្រលានយន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ជាច្រើន​ផ្សេងទៀត​ដែល​អាច​បម្រើ​ដល់​ការរស់នៅ​របស់​អ្នកដំណើរ 60,000 នាក់ នៅលើ​ផ្ទៃសមុទ្រ។

    នាវា​ទេសចរណ៍ Pangeos ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម មហាទ្វីប​ដែល​ធ្លាប់មាន​កាលពី​រាប់លាន​ឆ្នាំមុន។ នាវា​ទេសចរណ៍​នេះ​មាន​បណ្ដោយ​ប្រវែង 550 ម៉ែត្រ និង​ទទឹង​ឡើងដល់ 610 ម៉ែត្រ ត្រង់​ជើង​ខាង​មុខ​​របស់​វា។ បើសិនជា​បានក្លាយ​ជាការ​ពិត នាវា​ទេសចរណ៍​នេះ​អាច​ក្លាយជា​ស្ថាបត្យកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក។

    Pangeos បំពាក់​ម៉ាស៊ីន HTS ចំនួន 9 គ្រឿង ក្នុងនោះ មួយគ្រឿងៗមាន​កម្លាំង 16,800 សេះ។ នាវា​នេះ​អាចធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន 9 គីឡូម៉ែត្រ/ម៉ោង។ ក្នុងពេល​ធ្វើដំណើរ កន្ទុយ​ធំ​រប​ស់វា​នឹង​ទទួល​ថាមពល​ពីរ​លក​សមុទ្រ ហើយ Pangeos អាចធ្វើ​ដំណើរ​ដោយ​មិន​បំ​ភាយ​ឧស្ម័ន។ ទន្ទឹមនឹងនេះ ដំបូល​របស់​វា​ក៏​បំពាក់​ផ្ទាំង​សូ​ឡា​ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ស្អា​តដល់​នាវា។

    ក្រុមហ៊ុន Lazzarini សង្ឃឹមថា Pangeos នឹងមិន​នៅ​ជា​គំនិត​ទៀត​ទេ​នៅក្នុង​ពេលអនាគត។ ដើម្បី​សាងសង់​នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា ពួកគេ​នឹងត្រូវ​ការប្រាក់ 8 ពាន់​លាន​ដុល្លារ និង​ពេល​វា​លា 8 ឆ្នាំ៕

  • ប្រទេស​ស្លូ​វេ​នី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    ប្រទេស​ស្លូ​វេ​នី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    មេធាវី Natasa Pirc Musar នឹង​ក្លាយជា​ប្រធានាធិបតី​ភេទ​ស្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ស្លូ​វេ​នី បន្ទាប់ពី​យកឈ្នះ​លើ​គូប្រជែង​ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស Logar នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការរាប់​សន្លឹកឆ្នោត។

    «ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ពិតប្រាកដ​មួយរូប​សម្រាប់​ប្រជាជន​គ្រប់រូប ធ្វើ​សកម្មភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សម​ស្របតាម​ធម្មនុញ្ញ» លោកស្រី Musar ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បានប្រកាស​ជ័យជំនះ​កាលពី​ថ្ងៃទី 13 វិច្ឆិកា។

    ទិន្នន័យ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​យោងទៅតាម​តួលេខ 99% នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​បង្ហាញថា លោកស្រី Pirc Musar វ័យ 54 ឆ្នាំ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ 53.86% នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​សម្រាប់​កៅអី​ប្រធានាធិបតី​ស្លូ​វេ​នី។ ចំណែក​គូប្រជែង​របស់លោក​ស្រី គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស Andze Logar ទទួលបាន​សន្លឹកឆ្នោត​ត្រឹម 46.14% ប៉ុណ្ណោះ។ អត្រា​នៃ​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​គឺ 49.9%។

    លោកស្រី Natasa Pirc Musar គឺជា​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ជា​មេធាវី​ដែលមាន​ឥទ្ធិពល​នៅ ស្លូ​វេ​នី។ លោកស្រី​ឃោសនា​រក​សំឡេងឆ្នោត​ដោយយោង​ទៅលើ​គោលនយោបាយ​ទាក់ទិន​នឹង​សិទ្ធិមនុស្ស នីតិរដ្ឋ និង​បណ្ដា​បញ្ហា​សុខុមាលភាព​សង្គម។ ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង លោក Logar រកបាន​សំឡេងឆ្នោត​គាំទ្រ 33.9% ចំណែក​លោកស្រី Musar រកបាន​តែ 26.9%៕

  • ប្រជាជន​អ៊ុយក្រែន នៅទីក្រុង​ Kherson យំក្នុង​ថ្ងៃ​រំដោះ​ ព្រោះ​តែ​រំភើប​ខ្លាំង​

    ប្រជាជន​អ៊ុយក្រែន នៅទីក្រុង​ Kherson យំក្នុង​ថ្ងៃ​រំដោះ​ ព្រោះ​តែ​រំភើប​ខ្លាំង​

    ក្រោយ​ពី រុស្ស៊ី បាន​ដក​ទ័ព​ ប្រជាជន​នៅទីក្រុង Kherson នាំគ្នា​កាន់​ទង់ជាតិ និង​ផ្កា​ចេញ​ទៅកាន់​​​ដង​ផ្លូវ​ អ្នក​ខ្លះ​ក៏​យំ​ព្រោះ​តែ​រំភើប​ខ្លាំង​​នៅ​ពេល​ទទួល​ស្វាគមន៍​កងកម្លាំង​របស់ អ៊ុយក្រែន​ ដែល​ចូល​មក​រំដោះ​ទីក្រុង​នេះ​។

    ​ថ្ងៃទី 11 វិច្ឆិកាត្រូវ​បាន​ប្រធានាធិបតី​ ហ្សេឡែនស្គី ហៅ​ថា «ថ្ងៃ​ប្រវត្តិសាស្ត្រ» នៅ​ពេល​ កង​ទ័ព​អ៊ុយក្រែន ចូល​ទៅ​គ្រប់គ្រង​ទីក្រុង Kherson ដោយ​មាន​ការ​ទទួល​ស្វាគមន៍​របស់​ប្រជាជន​នៅ​ទីន​នេះ​។ ប្រជាជន​ភាគ​ច្រើន​នៅ Kherson បាន​ភៀស​ខ្លួន​ទៅ​តាម​បទបញ្ជា​របស់ រុស្ស៊ី មុន​ពេល​ដង​ទ័ព​។ អ្នក​ដែល​ក្រាញ​ននៀល​នៅ​ក្នុង​ទីក្រុង​នេះ​ មាន​ការ​រំភើប​ជា​ខ្លាំង​ព្រោះ​តែ​ការ​រីក​រាយ​បន្ទាប់​ពី​ត្រូវ​រង់ចាំ​អស់​ជា​ច្រើន​ថ្ងៃ​។

    មនុស្ស​ម្នា​លើក​ទង់ជាតិ​អ៊ុយក្រែន​ នៅ​ជុំវិញ​ទីលាន​ Svoboda និង​លើក​ដៃ​ ឱប​ថើប​ទាហានរបស់ ​អ៊ុយក្រែន​ ដែល​ចូល​មក​រំដោះ​។

    ក្រុម​ប្រជាពលរដ្ឋខ្លះ​ក៏​នាំ​គ្នា​តម្រៀប​ទង់​ជាតិ​អ៊ុយក្រែន ​ក្បែរ​ដង​ផ្លូវ​ ខណៈ​រថយន្ត​នានា​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក៏​ចុច​ស៊ីផ្លេ​ជាប់​ៗ​គ្នា ដើម្បី​អបអរ​សាទរ​ចំពោះ​ដំណើរ​ចូល​មក​កាន់​ទីក្រុង​ Kherson របស់ កងកម្លាំង​អ៊ុយក្រែន​។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ប្រកាស​ថា ទាហាន​សរុប​ជាង 30,000 នាក់ និង​អង្គភាព​គ្រប់​គ្រង​​អាវុធ និង​​សម្ភារ​​ជាង 5,000 អង្គភាព​ផ្សេង​ទៀត​ត្រូវ​បាន​ដក​ទៅ​កាន់​ច្រាំង​ខាង​កើត​នៃ​ទន្លេ​ Dnieper បញ្ចប់​ការ​គ្រប់គ្រង​ 8 ខែ​នៅ Kherson៕

  • គា​ស់ដីផ្សង​រក​ត្បូង ប្រទះឃើញ​ពេជ្រ​មួយ​គ្រាប់​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍

    គា​ស់ដីផ្សង​រក​ត្បូង ប្រទះឃើញ​ពេជ្រ​មួយ​គ្រាប់​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍

    (សហរដ្ឋ​អាម៉េរិក)-គ្រាប់ពេជ្រ​ពណ៌​ប្រផេះ​ 1.90 កា​រ៉ា​តមួយ​គ្រាប់​ ត្រូវបាន​រកឃើញ​ដោយ​ប្ដី​ប្រពន្ធ​មួយ​គូ​ ​នៅក្នុង​ឧទ្យាន​ដែលមាន​ថ្មភ្នំ​ភ្លើង lamproite និង​​អាចមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​អាម៉េរិក។

    ប្ដី​ប្រពន្ធ Jessica និង Seth Erickson រស់នៅក្នុង​តំបន់ Chatfield នៃ​រដ្ឋ Minnesota បាន​ចូលទៅ​កំសាន្ត​នៅក្នុង​ឧទ្យាន Crater of Diamonds ក្នុង​រដ្ឋ Arkansas ក្នុងឱកាស​ខួប 10 ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍ នេះ​បើតាម Newsweek ចុះផ្សាយ​កាលពី​ថ្ងៃទី 11 វិច្ឆិកា។ ព្រឹក​ថ្ងៃទី 04 វិច្ឆិកា នៅពេល​ជីក​គាស់ និង​រែង​ដី​ក្នុង​ឧទ្យាន ពួកគេ​បាន​ប្រទះឃើញ​ត្បូង​មួយ​គ្រាប់​ដែលមាន​ពណ៌​ពិសេស។

    ក្រោយមក ពួកគេ​ក៏បាន​នាំយក​ត្បូង​នេះ​ទៅកាន់ មជ្ឈមណ្ឌល​ស្វែងរក​ពេជ្រ​របស់​ឧទ្យាន Crater of Diamonds ​ហើយ​ក៏​​​ត្រូវបាន​បញ្ជាក់ថា នេះ​គឺជា​ត្បូង​ពេជ្រ​ពណ៌​ប្រផេះ​ ទម្ងន់​ 1.90 កា​រ៉ា​ត។

    Crater of Diamonds ស្ថិតនៅ​ចម្ងាយ​ពី​ព្រំប្រទល់​របស់ Arkansas និង Oklahoma ប្រហែល 95 គីឡូម៉ែត្រ​ទៅ​ទិសខាងកើត។ នេះ​គឺជា​អណ្ដូងរ៉ែ​ពេជ្រ​សាធារណៈ​តែមួយគត់​នៅលើ​ពិភពលោក ដែល​មនុស្ស​គ្រប់គ្នា​អាច​ចូលទៅ​ស្វែងរក​ត្បូង​ពេជ្រ​តាមចិត្ត។

    បន្ទាប់ពី​ត្រូវបាន​កាត់​តម្រឹម ត្បូង​ពេជ្រ​ថ្លា​មួយ​គ្រាប់​ទម្ងន់ 1.90 កា​រ៉ា​ត អាចមាន​តម្លៃ​ជា​មធ្យម 25,000 ដុល្លារ​​អាម៉េរិក។ តម្លៃ​របស់​ត្បូង​ពេជ្រ​ក៏​នឹង​ប្រែប្រួល​ទៅតាម​ពណ៌​របស់​វា​ផងដែរ៕

  • ម៉ូតូ​អគ្គិសនី EM1 ​របស់​ក្រុម​ហ៊ុន​ Honda នៅក្នុង​ពិព័រណ៍ EICMA 2022

    ម៉ូតូ​អគ្គិសនី EM1 ​របស់​ក្រុម​ហ៊ុន​ Honda នៅក្នុង​ពិព័រណ៍ EICMA 2022

    Honda EM1 ដែលជា​ម៉ូ​ដែល​ម៉ូតូ​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន Honda សម្រាប់ អតិថិជន​អឺរ៉ុប នឹង​ចេញលក់​ក្នុង​ទីផ្សារ​នេះ​ចាប់ពី​រដូវក្ដៅ​ឆ្នាំ 2023។

    ក្រុមហ៊ុន Honda បានប្រកាស​គម្រោង​មួយ​ដែល​ប្រកបដោយ​មហិច្ឆតា នោះ​គឺ​ការបញ្ចេញ​ម៉ូតូ​អគ្គិសនី​យ៉ាងតិច 10 ម៉ូ​ដែល​នៅក្នុង​ឆ្នាំ 2025។ ពួកគេ​មិនមាន​ពេលវេលា​ច្រើន​ទៀត​ទេ ប៉ុន្តែ​ពិតណាស់ ក្រុមហ៊ុន​ធំ​មួយ​ដូច Honda នឹងមិន​ប្រកាស​ដូច្នេះ បើសិន​ពួកគេ​មិនមាន​ម៉ូ​ដែល​ខ្លះ​នៅក្នុង​ដៃ​ស្រាប់។

    កាលពី​ខែវិច្ឆិកា 2022 ក្រុមហ៊ុន Honda នៅ អឺរ៉ុប បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ដំបូង​សម្រាប់​អតិថិជន​នៅ ទ្វីបអឺរ៉ុប នោះ​គឺ Honda EM1 (EM នៅក្នុង​ឈ្មោះ​ម៉ូតូ​នេះ​គឺជា​អក្សរ​កាត់រ​បស់ពាក្យ «Electric Moped»)។

    ម៉ូ​ដែល​ម៉ូតូ​អគ្គិសនី Honda EM1 អាចធ្វើ​ដំណើរ​បាន 40 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​ម្ដង។

    បច្ចុប្បន្ន ក្រុមហ៊ុន Honda មិនទាន់​ប្រកាស​ព័ត៌មាន​ណាមួយ​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់​ម៉ូតូ​អគ្គិសនី EM1 នេះ​នៅឡើយ៕

  • អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​កងក​ម្លាំ​ង​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់

    អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​កងក​ម្លាំ​ង​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់

    កងទ័ព​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​ទាហាន​នៅក្នុង​កងកម្លាំង​ចម្រុះ​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់ បើសិន​ពួកគេ​ត្រូវបាន​បញ្ជា​ឱ្យ​វាយលុក​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    «ផ្ញើជូន​បណ្ដា​ទាហាន​បេឡា​រុស ៖ បើសិន​អ្នក​មិនមាន​ជម្រើស​ផ្សេង​ក្រៅតែពី​ការអនុវត្ត​តាម​បទបញ្ជា​ឱ្យ​ឆ្លងដែន​ដើម្បី​ចូលរួម​សង្គ្រាម​របស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយ​ក្រែ​ន ចូរ​បិទ​ម៉ាស៊ីន​យានយន្ត ដោះ​គ្រាប់ លើក​ទង់​ស ហើយ​​រង់ចាំ​ជួប​តំណាង​របស់​យើងខ្ញុំ» អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន សរសេរ​សារ​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី 11 វិច្ឆិកា​ដូច្នេះ។

    កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាសថា ទាហាន​បេឡា​រុស ដែល​ទម្លាក់អាវុធ​នឹងត្រូវ​បាន​ធានា​ទៅលើ​កន្លែង​ស្នាក់នៅ។ សម្ភារ និង​អាវុធ​របស់​ពួកគេ​នឹង​ត្រូវបាន​រក្សាទុក​សម​ស្រប ហើយ​ទាហាន​អាច​ត្រលប់​ទៅផ្ទះ និង​ទទួល​អាវុធ​ទៅវិញ​ក្រោយពី​សង្គ្រាម​បានបញ្ចប់។

    អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ឱ្យ ទាហាន​រុស្ស៊ី ក្នុង​កងកម្លាំង​ចម្រុះ​ជាមួយ បេឡា​រុស ដាក់អាវុធ​ចុះចាញ់​ផងដែរ។ «គ្រប់គ្នា​នឹងត្រូវ​បាន​ប្រព្រឹត្ត​ទៅតាម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​បាន​ត្រលប់​ទៅផ្ទះ​នៅពេល​សង្គ្រាម​បានបញ្ចប់ មិន​ដូច្នេះ​ទេ គ្រប់គ្នា​មានតែ​រង់ចាំ​ការស្លាប់​នៅលើ​សមរភូមិ​ប៉ុណ្ណោះ» សារ​របស់ អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន មាន​ឃ្លា​សរសេរ​ដូច្នេះ។

    បេឡា​រុស គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ រុស្ស៊ី និង​បាន​អនុញ្ញាតឱ្យ ទីក្រុង​មូ​ស្គូ ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ បេឡា​រុស ក៏​ត្រូវបាន​សង្ស័យថា អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់​ដែនអាកាស​ដើម្បី​បាញ់​ប្លោង​មី​ស៊ី​ល​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ផងដែរ៕

  • ប្រធានាធិបតី​អាម៉េរិក អញ្ជើញ​មកកាន់ កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN)

    ប្រធានាធិបតី​អាម៉េរិក អញ្ជើញ​មកកាន់ កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN)

    យន្តហោះ​ដឹក​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ​ចុះចត​នៅឯ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃនេះ នៅពេល​លោក​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយនឹង​ដៃគូ​សហការ។

    លោក បៃ​ដិ​ន មកកាន់ កម្ពុជា បន្ទាប់ពី​បាន​ចូលរួម​សន្ន​សីទ​កំពូល​ស្ដីពី​អាកាសធាតុ COP27 នៅ អេ​ហ្ស៊ី​ប។ នៅ ភ្នំពេញ លោក បៃ​ដិ​ន នឹង​ចូល​​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ ក៏ដូចជា ជួបពិភាក្សា​​ការ​ងារ​ជាមួយ​មេដឹកនាំ​របស់ កម្ពុជា ជប៉ុន និង កូរ៉េខាងត្បូង។

    «ប្រធានាធិបតី បៃ​ដិ​ន នឹង​សង្កត់ធ្ងន់​ទៅលើ​ជំនួយ​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​រចនាសម្ព័ន្ធ​តំបន់​ដែល​ដឹកនាំ​ដោយ អាស៊ាន និង​ពិភាក្សា​អំពី​បណ្ដា​ឱកាស​ដើម្បី​ធានា​នូវ តំបន់​ឥណ្ឌូ-ប៉ា​ស៊ីន​ហ្វិ​ក មួយ​ដែល​ប្រកបដោយ​សេរីភាព បើកចំហ ផ្សារភ្ជាប់ រុងរឿង សុវត្ថិភាព និង​បត់បែន​ជាង​មុន» ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់ សេត​វិមាន កាលពី​ថ្ងៃទី 10 វិច្ឆិកា។

    ក្រោយពី​ចាកចេញ​ពី កម្ពុជា លោក បៃ​ដិ​ន នឹងធ្វើ​ដំណើរ​ទៅកាន់ Bali ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ជាទី​ដែល​លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។

    កម្ពុជា កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 រួម​នឹង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជាមួយនឹង​ដៃគូ​សហការ ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក ផងដែរ។

    កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 រួម​នឹង​កិច្ចប្រជុំ​ពាក់ព័ន្ធ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ស្ថានការណ៍​សន្តិសុខ សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក កំពុងមាន​ភាពស្មុគស្មាញ ដែល​ត្រូវការ​ក្រុម​មេដឹកនាំ​របស់ អាស៊ាន និង​ពិភពលោក ចូលរួម​ពិភាក្សា រក​ដំណោះស្រាយ​ដើម្បី​អាច​ស្ដារ​សេដ្ឋកិច្ច និង​បណ្ដា​វិបត្តិ​បច្ចុប្បន្ន ឱ្យបាន​ឆាប់រហ័ស៕

  • ប្រធានាធិបតី​អាម៉េរិក ថា ជីវិត​​នៅ​លើ​​ពិភព​ផែនដី​​កំពុង​​រង​​ការ​គំរាម​កំហែង

    ប្រធានាធិបតី​អាម៉េរិក ថា ជីវិត​​នៅ​លើ​​ពិភព​ផែនដី​​កំពុង​​រង​​ការ​គំរាម​កំហែង

    លោក ចូ បៃ​ដិ​ន បាន​ព្រមាន​ថា វិបត្តិ​អាកាសធាតុ​កំពុងតែ​គំរាមកំហែង​ដល់ «ភាព​រស់រាន​របស់​ពិភព​ផែនដី» និង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន។

    «វិបត្តិ​អាកាសធាតុ​គឺជា​បញ្ហា​សន្តិសុខ​របស់​មនុស្សជាតិ សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​បរិស្ថាន សន្តិសុខ​ជាតិ និង​ជា​រឿង​ស្លាប់​រស់​របស់​ពិភព​ផែនដី» ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ថ្លែង​កាលពី​ថ្ងៃទី 11 វិច្ឆិកា នៅក្នុង​សន្និសីទ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ របស់ អង្គការសហប្រជាជាតិ ឆ្នាំ 2022 (COP29) នៅ​ទីក្រុង Sharm el-Sheikh នៃ ប្រទេស​អេ​ហ្ស៊ី​ប។

    ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា សហរដ្ឋ​អាម៉េរិក កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ​ដើម្បី​ទៅដល់​ឆ្នាំ 2030 សម្រេចបាន​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បាន​ពី 50 ទៅ 52%។

    លោក បៃ​ដិ​ន ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន ក្នុង​បំណង​គ្រប់គ្រង​ស្ថានភាព​ឡើង​កម្ដៅ​ទូទាំង​សកលលោក។ «នេះ​គឺជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​ទូទាំង​ពិភពលោក» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី​អាម៉េរិក បន្តថា «បណ្ដា​ប្រទេស​ដែលមាន​លទ្ធភាព គួរតែ​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បីឱ្យ​ពួកគេ​អាចដាក់​ចេញ​នូវ​ការសម្រេចចិត្ត​ទាក់ទង​នឹង​អាកាសធាតុ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ដំណើរការ​ផ្លាស់ប្ដូរ​ថាមពល​របស់​ពួកគេ និង​កសាង​ផ្លូវ​ទៅកាន់​ការរីកចម្រើន​ស​ម​ស្រប​ជាមួយនឹង​អាកាសធាតុ​របស់​យើង»។

    សន្និសីទ​អាកាសធាតុ COP27 ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 នៅ អេ​ហ្ស៊ី​ប។ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពី​ថ្ងៃទី 07 វិច្ឆិកា បាន​ព្រមាន​ថា បណ្ដា​ប្រទេស​មាន 2 ជម្រើស​គឺ សាមគ្គី​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ ឬ «ធ្វើអត្តឃាត​ជា​ក្រុម»៕

  • អ្នក​​​ត្រូវ​ឆ្នោត​​​រង្វាន់​ពិសេស​តម្លៃ​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក អាច​ទទួល​បានតែ​ជាង 600 លាន​ប៉ុណ្ណោះ

    អ្នក​​​ត្រូវ​ឆ្នោត​​​រង្វាន់​ពិសេស​តម្លៃ​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក អាច​ទទួល​បានតែ​ជាង 600 លាន​ប៉ុណ្ណោះ

    ម្ចាស់​រង្វាន់​ពិសេស​តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​ត្រូវ​ឆ្នោត​នៅ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​ប្រាក់​តែ​ជាង 620 លាន​ដុល្លារ​ប៉ុណ្ណោះ ក្រោយពី​បាន​បង់ពន្ធ​ទៅតាម​ការកំណត់។

    គេហទំព័រ​របស់ Powerball កាលពី​ថ្ងៃទី 08 វិច្ឆិកា 2022 បានប្រកាស​អំពី​សន្លឹក​ឆ្នោត​ដែល​ត្រូវ​រង្វាន់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ត្រូវបាន​លក់​ដោយ​ហាង​ទំនិញ Joe នៅ Altadena រដ្ឋ California បញ្ចប់​ការចេញ​ឆ្នោត 40 លើក​ដែល​មិនមាន​អ្នក​ត្រូវ។ ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ពិសេស​នេះ មិនទាន់​ទាក់ទង​មកកាន់ Powerball ដើម្បី​ទទួល​ប្រាក់រង្វាន់​នៅឡើយ។

    អ្នក​ត្រូវ​ឆ្នោត​ខាងលើ​អាច​ជ្រើសរើស​ការទទួលប្រាក់រ​ង្វាន់​សរុប​​ម្ដង 997.6 លាន​ដុល្លារ ឬ​ទទួល 2.04 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 29 ឆ្នាំ។ ក៏ប៉ុន្តែ ទាំងនេះ​មិនមែនជា​ទឹកប្រាក់​ពិតប្រាកដ​ដែល​ពួកគេ​ត្រូវ​ទទួល​បានឡើយ។

    ក្នុងករណី​ទទួល​ប្រាក់រង្វាន់​សរុប​ម្ដង (997.6 លាន​ដុល្លារ) អ្នក​ត្រូវ​ឆ្នោត​នឹងត្រូវ​បង់ពន្ធ​ 24% ដែល​ប្រហែល​នឹង 239.4 លាន​ដុល្លារ។ ដូច្នេះ ប្រាក់រង្វាន់​ពិត​ដែល​អ្នក​ត្រូវ​ឆ្នោត​ទទួលបាន​គឺ 758.2 លាន​ដុល្លារ នេះ​បើតាម Forbes។

    ក៏ប៉ុន្តែ ដោយ​ទទួលបាន​ប្រាក់រង្វាន់​ខាងលើ អ្នក​ត្រូវ​ឆ្នោត​​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រភេទ​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​ត្រូវ​បង់ពន្ធ​ឡើងដល់ 37% នៃ​ប្រាក់​រង្វាន់ 997.6 លាន​ដុល្លារ ឬ​ 13% ស្មើនឹង 129.7 លាន​ដុល្លារ​នៃ​ប្រាក់រង្វាន់ 758.2 លាន​ដុល្លារ ឱ្យបាន​មុន​ថ្ងៃទី 15 មេសា 2023។

    ម្ចាស់​រង្វាន់​ពិសេស​តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​ត្រូវ​ឆ្នោត​នៅ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​ប្រាក់​តែ​ជាង 620 លាន​ដុល្លារ​ប៉ុណ្ណោះ ក្រោយពី​បាន​បង់ពន្ធ​ទៅតាម​ការកំណត់​នានា​របស់​រដ្ឋ​។

    ទន្ទឹមនឹង​បណ្ដា​ពន្ធ​ខាងលើ អ្នក​ត្រូវ​ឆ្នោត​ក៏ត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​ទៅតាម​រដ្ឋ​ដែល​ពួកគេ​រស់នៅ​ផងដែរ​។ រដ្ឋ​ California យកពន្ធ​លើ​ប្រាក់ចំណូល 13.3% ប៉ុន្តែ សំណាងល្អ រដ្ឋ​នេះ​មិន​យកពន្ធ​លើ​ប្រាក់រង្វាន់​ឆ្នោត។ បើសិនជា​ត្រូវ​បង់ពន្ធ​នេះ​ទៀត អ្នក​ត្រូវ​ឆ្នោត​ខាងលើ​នឹង​អស់ប្រាក់ 132.7 លាន​ដុល្លារ​បន្ថែមទៀត៕

  • បណ្ដា​ប្រទេស​អាស៊ាន (ASEAN) គាំទ្រ​ការដាក់បញ្ចូល ទី​ម័​រ​ខាងកើត ជា​សមាជិក​ថ្មី

    បណ្ដា​ប្រទេស​អាស៊ាន (ASEAN) គាំទ្រ​ការដាក់បញ្ចូល ទី​ម័​រ​ខាងកើត ជា​សមាជិក​ថ្មី

    នៅក្នុង​សន្និសីទ​កំពូល​អាស៊ាន (ASEAN) លើក​ទី 40 មេដឹកនាំ​បណ្ដា​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន/ASEAN) បាន​គាំទ្រ​គោលការណ៍​ស្ដីពី​ការបញ្ចូល ប្រទេស​ទី​ម័​រ​ខាងកើត (Timor Leste) ជា​សមាជិក​ទី 11។

    ក្នុង សន្និសីទ​កំពូល​អាស៊ាន (ASEAN) លើក​ទី 40 ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ កម្ពុជា ថ្ងៃនេះ មេដឹកនាំ​បណ្ដា​ប្រទេស​អាស៊ាន បានអនុម័ត​លើ​សេចក្ដីប្រកាស​អំពី​ការសុំ​ចូល​ជា​សមាជិក​អាស៊ាន របស់ ទី​ម័​រ​ខាងកើត និង​គាំទ្រ​គោលការណ៍​បញ្ចូល​ប្រទេស​នេះ​ជា​សមាជិក​ទី 11 ព្រមទាំង​ប្រគល់​តួនាទី​ជា​អ្នកសង្កេតការណ៍​ដល់​ប្រទេស​នេះ។

    ក្រុម​មេដឹកនាំ​អាស៊ាន ក៏បាន​ប្រគល់​ការងារ​កសាង​ដំណើរការ​បញ្ចូល ទី​ម័​រ​ខាងកើត ជា​សមាជិក ទៅឱ្យ ក្រុមប្រឹក្សា​សម្របសម្រួល ដើម្បី​ដាក់សំណើ​ឡើងទៅ​កាន់ សន្និសីទ​កំពូល​អាស៊ាន​លើក​ទី 42 ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេច។

    សន្និសីទ​កំពូល​អាស៊ាន​លើក​ទី 40 នេះ ក៏បាន​សម្រេច​តែងតាំង​លោក កៅ គឹមហួន ជា អគ្គលេខាធិការ​អាស៊ាន សម្រាប់​អាណត្តិ 2023-2027 ផងដែរ។

    ទី​ម័​រ​ខាងកើត បានស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន តាំងតែ​ពី 10 ឆ្នាំមុន ប៉ុន្តែ ការទទួលយក​ប្រទេស​នេះ​ជា​សមាជិក គឺ​ត្រូវការ​ការយល់ព្រម​ពី​សមាជិក​ទាំងអស់​រប​ស់ អាស៊ាន៕