Author: សឿន សំណាង

  • ក្រសួងពាណិជ្ជកម្ម​ ជូនដំណឹង​ស្ដីពី «តម្លៃលក់រាយប្រេង​ឥន្ធនៈ​ថ្មី ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 វិច្ឆិកា 2022

    ក្រសួងពាណិជ្ជកម្ម​ ជូនដំណឹង​ស្ដីពី «តម្លៃលក់រាយប្រេង​ឥន្ធនៈ​ថ្មី ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 វិច្ឆិកា 2022

    នាព្រឹក​ថ្ងៃទី 21 វិច្ឆិកា នេះ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី «តម្លៃលក់រាយប្រេង​ឥន្ធនៈ​ថ្មី ដែល​អនុវត្ត​ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 វិច្ឆិកា 2022។

    សេចក្ដី​ជូន​ដំណឹង​ថ្មី​នេះ​បង្ហាញ​ថា ចាប់​ពី​ថ្ងៃទី 21 វិច្ឆិកាដល់ 30 វិច្ឆិកា 2022 តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នឹង​ចុះ​មក​នៅ 4,350 រៀល/លីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា EA92 និង 5,000 រៀល​/លីត្រ​ សម្រាប់​ប្រេង​ម៉ាស៊ូត DO 50ppm។

    យោង​តាម​ការ​ប្រៀប​ធៀប​ជាមួយ​នឹង​តម្លៃ​ប្រេង​នា​ពេល​កន្លង ឃើញ​ថា តម្លៃប្រេង​សាំង​ដែល​អនុវត្ត​ចាប់ពីថ្ងៃទី 21 ដល់ 30 ខែវិច្ឆិកា 2022 មាន​ការ​ធ្លាក់​ចុះ​ ក្នុង​នោះ សាំង​ធ្លាក់​ថ្លៃ 50 រៀល ខណៈ​ដែល​ម៉ាស៊ូត​ធ្លាក់​ថ្លៃ​ 100 រៀល។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជូន​ដំណឹង​របស់ ក្រសួង​ពាណិជ្ជកម្ម​ ខាងក្រោម​ ៖

     

  • តេ​ឡេ​ស្កុប James Webb រកឃើញ​កាឡាក់ស៊ី​ចំនួន​ពីរ​ក្នុងចំណោម​កាឡាក់ស៊ី​ចំណាស់​បំផុត

    តេ​ឡេ​ស្កុប James Webb រកឃើញ​កាឡាក់ស៊ី​ចំនួន​ពីរ​ក្នុងចំណោម​កាឡាក់ស៊ី​ចំណាស់​បំផុត

    ដោយមាន​សមត្ថភាព «សង្កេតមើល​អតីតកាល» កំពូល​តេ​ឡេ​ស្កុប James Webb របស់ ណា​សា (NASA) កំពុងតែ​នាំមក​នូវ​ទស្ស​នី​យ​ភាពមិន​ធ្លាប់​បានឃើញ​ពីមុនមក ស្ដីពី​ចក្រវាល​ក្នុងដំណាក់កាលដំបូង។

    យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal Letters កាលពី​ថ្ង​ស​ទី 17 វិច្ឆិកា តេ​ឡេ​ស្កុប James Webb បាន​សង្កេតឃើញ​កាឡាក់ស៊ី​ពីរ ក្នុងចំណោម​កាឡាក់ស៊ី​វ័យចំណាស់ៗ និង​ឆ្ងាយ​បំផុត​ក្នុង​ចក្រវាល រួមមាន GlASS-z12 និង GLASS-z10។

    កាឡាក់ស៊ី GlASS-z12 បាន​បញ្ចេញ​ពន្លឺ​រយៈពេល 350 លាន​ឆ្នាំ ក្រោយ​ករណី​ផ្ទុះ Big Bang ខណៈដែល GlASS-z10 កើនឡើង​ប្រហែល 250 លាន​ឆ្នាំ ក្រោយ​ប​ន្ទុះ Big Bang។ មុន​នោះ កាលពី​ឆ្នាំ 2016 តេ​ឡេ​ស្កុប​អវកាស Hubble បាន​រកឃើញថា GN-z11 ដែល​កាលណោះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា កាឡាក់ស៊ី​ចំណាស់​បំផុត ដោយ​កកើតឡើង​ប្រហែល 400 លាន​ឆ្នាំ ក្រោយ​បន្ទុះ​ Big Bang។ ប​ន្ទុះ Big Bang បាន​កើតឡើង​កាលពី 13.8 ពាន់​លាន​ឆ្នាំមុន ប៉ុន្តែ បច្ចុប្បន្ន ទ្រឹស្ដី​នេះ​ហាក់​កំពុង​ត្រូវ​រង្គោះរង្គើ​ដោយសារ​​របកគំហើញថ្មីៗរបស់ James Webb។

    បើទោះជា​ការរកឃើញ​ខាងលើនេះ​គឺជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ ក្រុម​ស្រាវជ្រាវ​យល់ថា ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​វិភាគ និង​កំណត់​ឱ្យដឹង​ច្បាស់​អំពី​អាយុកាល​របស់ GlASS-z12 និង GLASS-z10៕

    កាឡាក់ស៊ីពីរដែលទើបត្រូវបានរកឃើញ ស្ថិតនៅខាងក្រៅនៃបណ្ដុំកាឡាក់ស៊ី Abell 2744
    កាឡាក់ស៊ី GlASS-z10 (1) និង GLASS-z12 (2)
  • ក្រុមហ៊ុន​ចិន សាកល្បង «​ឡាន​ហោះ​» ​ដែល​អាច​ដោះចេញ​ពីគ្នា​ដំបូង​គេ​លើ​ពិភពលោក (វីដេអូ)

    ក្រុមហ៊ុន​ចិន សាកល្បង «​ឡាន​ហោះ​» ​ដែល​អាច​ដោះចេញ​ពីគ្នា​ដំបូង​គេ​លើ​ពិភពលោក (វីដេអូ)

    គំរូ​ឡាន​ហោះ​មួយ​អាច​ប្ដូរ​ការ​ពី​ការធ្វើដំណើរ​នៅលើ​ដី ទៅជា​ការហោះហើរ​លើ​អាកាស​បាន​ដោយ​ងាយ ត្រូវបាន​បង្ហាញ​នៅ Chongqing ប្រទេស​ចិន កាលពី​សប្ដាហ៍​កន្លង។

    ឡាន​ហោះ​មាន​កៅអី​ចំនួន 2 នេះ​គឺជា​ប្រភេទ​ដំបូង​គេ​លើ​ពិភពលោក​ដែល​អាច​ដោះចេញ​ពីគ្នា​បាន និង​ត្រូវ​បានបង្ហាញ​នៅ​ទីក្រុង Chongqing ភាគ​និរតី​នៃ ប្រទេស​ចិន កាលពី​ថ្ងៃទី 18 វិច្ឆិកា 2022។

    ឡាន​ហោះ​នេះ​អាច​ដឹក​វត្ថុ​ទម្ងន់​ជាង 500 គីឡូក្រាម និង​ហោះ​ក្នុង​ល្បឿន 80 គីឡូម៉ែត្រ/ម៉ោង។ យានយន្ត​នេះ​ត្រូវបាន​សហការ​ក្នុងការ​អភិវឌ្ឍ​ដោយ មជ្ឈមណ្ឌល​ច្នៃប្រឌិត Chongqing នៃ វិទ្យាស្ថាន​បច្ចេកវិទ្យា​ប៉េកាំង រួម​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Cool Black (ប៉េកាំង) និង អាជ្ញាធរ​នៃ​ទីក្រុង Chongqing។

    ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កំណត់​ទិស ណែនាំ និង​ដំឡើង​ដ៏​សុក្រឹត អ្នកប្រើប្រាស់​អាច​ប្ដូរផ្លាស់​ផ្នែក​នានា​របស់​ឡាន​ហោះ​នេះ ពីរ​បប​បើកបរ​លើដី ទៅជា​ការហោះហើរ​លើ​អាកាស​បាន​យ៉ាង​ងាយស្រួល។ ឡាន​ហោះ​នេះ​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់​ជាមួយនឹង​កាប៊ីន​ឆ្លាត​វៃ។

    ថ្វីបើ​គម្រោង​ឡាន​ហោះ​នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ប៉ុន្តែ ភាគី​ក្រុមហ៊ុន​បាន​និយាយថា ការហោះហើរ ក៏ដូចជា​ការបើកបរ​នៅលើ​ដី​ដែល​បង្ហាញ​ជា​សាធារណៈ នឹងត្រូវ​ធ្វើឡើង​នាពេលឆាប់ៗខាងមុខ​នៅ​ទីក្រុង Chongqing៕

  • វិស័យ​មាន់​បំពង​របស់ កូរ៉េខាងត្បូង «ផ្ទុះឡើង» ដោយសារ World Cup

    វិស័យ​មាន់​បំពង​របស់ កូរ៉េខាងត្បូង «ផ្ទុះឡើង» ដោយសារ World Cup

    ភាគហ៊ុន​ដែល​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​មាន់​នៅលើ​ផ្សា​រមូល​ប​ត្រ​របស់ កូរ៉េខាងត្បូង ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ខ្លាំង​នៅពេល​ដំណាលគ្នា​នឹង​ព្រឹត្តិការណ៍ World Cup 2022 នៅ ប្រទេស​កាតា។

    ក្នុងការ​ជួញដូរ​នៅ​ចុង​សប្ដាហ៍​កន្លង ភាគហ៊ុន​របស់ Kyochon F&B ដែលជា​បណ្ដាញ​ភោជនីយដ្ឋាន​ធំជាងគេ​មួយ​នៅ កូរ៉េខាងត្បូង ត្រូវបាន​ជូ​ញ​ដូរ​ក្នុងតម្លៃ 12,600 វ៉ុ​ន/ហ៊ុន នៅលើ​ផ្សា​រមូល​ប​ត្រ Kospi ដែល​តួលេខ​នេះ​កើន 2% ធៀប​នឹង​ពេល​បិទទ្វារ ហើយក៏​ខ្ពស់ជាង​ជិត 27% បើ​ធៀប​នឹង 1 ខែ​មុន​នោះ។

    ភាគហ៊ុន​របស់ Maniker ដែលជា​អ្នក​ផលិត​មាន់​ក្នុងស្រុក និង​ក្រុមហ៊ុន Maniker F&G ដែល​ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​នៅលើ​ផ្សារ​ហ៊ុន Kosdaq ក៏​ឡើងថ្លៃ​ក្នុង​ខែវិច្ឆិកា​នេះ។

    ភាគហ៊ុន​របស់​វិស័យ​ឧស្សាហកម្ម​មាន់​ឡើងថ្លៃ​នៅមុន​រដូវ​កាល World Cup 2022 គឺ​មិនមាន​អ្វី​ចម្លែក ព្រោះថា អ្នកគាំទ្រ​វិស័យ​បាល់ទាត់​នៅ កូរ៉េខាងត្បូង ចូលចិត្ត​ញ៉ាំ «chimaek» ដែលជា​មាន់​បំពង​អម​នឹង​ស្រា​បៀរ​នៅពេល​ទស្សនា​ការប្រកួត​បាល់ទាត់៕

  • ប្រទេស​កាតា បង្កើតបាន «ឯតទគ្គ​កម្ម​ក្រៀមក្រំ» នៅ World Cup

    ប្រទេស​កាតា បង្កើតបាន «ឯតទគ្គ​កម្ម​ក្រៀមក្រំ» នៅ World Cup

    (ប្រទេស​កាតា)-បរាជ័យ​នៅ​ចំពោះមុខ អេក្វាទ័រ ធ្វើឱ្យ កាតា ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ដំបូង​គេ​ដែល​បាន​ចាញ់​​នៅក្នុង​ការប្រកួត​បើកឆាក World Cup។

    ក្នុងការ​ប្រកួត​បើកឆាក​កាលពី​ថ្ងៃទី 20 មករា កាតា បាន​ចាញ់ អេក្វាទ័រ 0-2។ កីឡាករ​ខ្សែប្រយុទ្ធ Enner Valencia រកបាន 2 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ ដោយ​ការទា​ត់បាល់​ពិន័យ​នៅ​នាទី​ទី 16 និង​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី 31។

    ដោយ​ទទួលបាន​លទ្ធផល​នេះ កាតា បាន​ក្លាយជា​ម្ចាស់ផ្ទះ​ដំបូង​គេ​ដែល​ចាញ់​នៅក្នុង​ការប្រកួត​បើកឆាក​នៅ រដូវ​កាល World Cup។ ក្នុង 21 រដូវ​កាល​មុន​នោះ ក្រុម​ម្ចាស់ផ្ទះ 22 ក្រុម សុទ្ធតែ​រកបាន​ពិន្ទុ ក្នុងនោះ​មាន 16 ក្រុម​បានឈ្នះ និង 6 ស្មើ។ World Cup 2002 គឺជា​រដូវ​កាល់​តែ​មួយ​គត់​ដែល​មាន​ 2 ប្រទេស​ធ្វើជា​ម្ចាស់​ផ្ទះ គឺ​ ជប៉ុន និង កូរ៉េខាងត្បូង​។

    ការប្រកួត​បើកឆាក​នៅ World Cup 2022 ក៏​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​កៅអី​រាប់ពាន់​ត្រូវបាន​ទុកឱ្យ​នៅ​ទំនេរ​នៅក្នុង​តង់​ទី​ពីរ។ យោងតាម​ទំព័រ Marca អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រហែល 15,000 នាក់ បាន​ចាក​ចេញពី​កន្លែង ក្រោយពី ក្រុម​កាតា ចាញ់​ក្រុម​របស់ អេក្វាទ័រ ខណៈដែល​ទំព័រ Ole វិញ យល់ថា អ្នកគាំទ្រ​ចាកចេញ​គឺ​ដើម្បី​ចៀសវាង​ការកកស្ទះ​ផ្លូវ។

    ទំព័រ Marca សរសេរថា ការចាកចេញ​របស់​ទ​ស្ស​និក​ជន​គឺ​ព្រោះតែ​ពួកគេ​ឃ្លាន។ អាហារ​ឆាប់​អស់ ចំណែក​ភេសជ្ជៈ​ក៏​មិនមាន​អ្វី​ក្រៅពី​ទឹក​សុទ្ធ និង​ភេសជ្ជៈ​ផ្អែម។ ប្រទេស​កាតា ហាម​ការលក់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នៅក្នុង​កីឡដ្ឋាន។

    ពិធីបើក​ការ​ប្រកួត​នៅ World Cup 2022 របស់ កាតា

    នៅ​កីឡដ្ឋាន Al Bayt អ្នកគាំទ្រ​មួយចំនួន​ត្រូវ​ពាក់អាវ​រងា ដោយសារតែ​គណៈកម្មកា​រ​កីឡដ្ឋាន​បើក​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដើម្បី​ជួយ​ឱ្យ​កីឡាករ​ទទួលបាន​ផាសុកភាព​ជាង​មុន​នៅក្នុង​​អាកាសធាតុ​ឡើង​កម្ដៅ​ដល់ 32 អង្សា​សេ​នៅ ប្រទេស​កាតា៕

  • ធនាគារពិភពលោក ៖ កម្ពុជា មា​នស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល «ល្អ​ជាង​មុន»

    ធនាគារពិភពលោក ៖ កម្ពុជា មា​នស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល «ល្អ​ជាង​មុន»

    «អបអរសាទរ​ដល់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​ស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើង​ពី​កម្រិត C កាលពី​ឆ្នាំ 2020 មក​កម្រិត B នៅ​ចុងឆ្នាំ 2022 នេះ» នេះ​បើតាម​ការឱ្យ​ដឹង​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា។

    យោងតាម​ក្រសួង​ខាងលើ ថ្មីៗនេះ ធនាគារពិភពលោក បានបង្ហាញ​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ 2022 សម្រាប់ធ្វើ​ការវាស់វែង​លើ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​រដ្ឋាភិបាល នៅតាម​ប្រទេសនីមួយ។

    ស​ន្ទ​ស្សន៍ GTMI គឺជា​ការ​បន្សំ​នៃ​អនុ​ស​ន្ទ​ស្សន៍ 4 ទៀត​គឺ 1-ស​ន្ទ​ស្សន៍​នៃ​ប្រព័ន្ធ​ស្នូល​របស់​រដ្ឋាភិបាល (Core Government Systems Index – CGSI), 2-ស​ន្ទ​ស្សន៍​ការផ្តល់​សេវាសាធារណៈ (Public Service Delivery Index – PSDI), 3-ស​ន្ទ​ស្សន៍​ការចូលរួម​របស់​ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និង 4-ស​ន្ទ​ស្សន៍​បច្ចេកវិទ្យា​រដ្ឋាភិបាល​ជំរុញ (GovTech Enablers Index – GTEI)។

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ដែល​ទទួលបាន​កម្រិត A មាន សិង្ហ​បុរី, ថៃ, ម៉ាឡេស៊ី, និង ឥណ្ឌូនេស៊ី, កម្រិត B មាន កម្ពុជា, វៀតណាម, ប្រ៊ុយណេ និង​ហ្វី​លី​ពិន ខណៈ​កម្រិត C មាន ឡាវ និង​កម្រិត D មាន មី​យ៉ាន់​ម៉ា៕

  • យន្តហោះ​បុក​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ បណ្ដាលឱ្យ​ឆាបឆេះ​សន្ធោ​សន្ធោ​នៅ ប៉េ​រូ (វីដេអូ)

    យន្តហោះ​បុក​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ បណ្ដាលឱ្យ​ឆាបឆេះ​សន្ធោ​សន្ធោ​នៅ ប៉េ​រូ (វីដេអូ)

    យន្តហោះ A320 របស់​ក្រុមហ៊ុន LATAM ដែល​កំពុង​ហោះ​ឡើង បាន​បុក​ជាមួយ​នឹង​​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​បរ​លើផ្លូវ បណ្ដាលឱ្យ​យន្តហោះ​ឆាបឆេះ និង​ធ្វើឱ្យ​មនុស្ស 2 នាក់​បាត់​បង់ជីវិត។

    ក្រុមហ៊ុន​អាកាសចរណ៍ LATAM Airlines បានឱ្យដឹងថា ហេតុការណ៍​បានកើត​ឡើង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Jorge Chavez របស់ ប្រទេស​ប៉េ​រូ កាលពី​ថ្ងៃទី 18 វិច្ឆិកា នៅពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​បើកបរ​លើផ្លូវរ​ត់រប​ស់​យន្តហោះ ​ចំពេល​យន្តហោះ Airbus A320neo របស់​ក្រុមហ៊ុន​នេះ​កំពុង​ហោះ​ឡើង។

    បន្ទាប់ពី​ការប៉ះទង្គិច​ធ្ងន់ យន្តហោះ​ក៏បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ធ្លាក់​ពី​ផ្លូវ​រត់ ហើយ​អ្នកដំណើរ និង​បុគ្គលិក​ហោះហើរ​ទាំងអស់​ត្រូវបាន​ឈ្លៀស​ចេញពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព។ ក៏ប៉ុន្តែ បុគ្គលិក 2 នាក់​នៅលើ​រថយន្ត​ពន្លត់​អគ្គិភ័យ បាត់​បាត់​បង់ជីវិត។

    អាជ្ញាធរ​ក្នុង​តំបន់​បានប្រកាសថា កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​ទៅតាម​ការយល់ឃើញថា នេះ​គឺជា​ករណី​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា។

    នេះ​គឺជា​ឧបទ្ទវហេតុ​ទី​ពីរ​នៅក្នុង​រយៈពេល​មិន​ដល់មួយ​ខែ របស់ LATAM Airlines។ កាលពី​ថ្ងៃទី 28 តុលា 2022 យន្តហោះ A320 មួយគ្រឿង​របស់​ក្រុមហ៊ុន​នេះ ត្រូវ​​ចុះចត​ជាបន្ទាន់​នៅ ប្រទេស​ប៉ា​រ៉ា​ហ្កា​យ បន្ទាប់ពី​ផ្នែក​ខាងមុខ​របស់វា​ ​ត្រូវបាន​កម្ទេច​នៅក្នុង​តំបន់​អាកាសធាតុ​អាក្រក់៕

  • សហគ្រាស​អាស៊ី នាំគ្នា​បង្ហាញខ្លួន​ «ច្រើន​មិន​ធ្លាប់​មានពី​មុន» ​នៅ​ក្នុង​​ព្រឹត្តិការណ៍ World Cup Qatar 2022

    សហគ្រាស​អាស៊ី នាំគ្នា​បង្ហាញខ្លួន​ «ច្រើន​មិន​ធ្លាប់​មានពី​មុន» ​នៅ​ក្នុង​​ព្រឹត្តិការណ៍ World Cup Qatar 2022

    បណ្ដា​ក្រុមហ៊ុន​អាស៊ី បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ឧបត្ថម្ភ​របស់លោក​ខាងលិច​នៅក្នុង​រដូវ​កាល​ប្រកួត​បាល់ទាត់​ពិភពលោក (World Cup) ដែល​ជិត​ធ្វើឡើង​នៅ ប្រទេស​កាតា។

    ទ្វីបអាស៊ី ពីមុនមក មិន​ធ្លាប់​បានបង្ហាញ​វត្តមាន​ច្រើន​ដូច​នៅ World Cup លើក​នេះ ទាំង​ក្នុង និង​ក្រៅ​ទីលាន​បាល់ទាត់។ ក្រុមបាល់ទាត់ 6 ក្រុម​របស់ អាស៊ី ក្នុងចំណោម 32 ក្រុម នឹង​ប្រកួត​នៅ World Cup 2022 ដែល​នេះ​គឺជា​តួលេខ​ច្រើនជាងពេលណាៗទាំងអស់។ ចំណែក​នៅក្រៅ​ទីលាន​ប្រកួត បណ្ដា​ក្រុមហ៊ុន​របស់ អាស៊ី មាន​រហូតដល់ 9 ស្ថាប័ន ក្នុងចំណោម​ដៃគូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​ទាំង 14 ស្ថាប័ន​របស់ FIFA នា​​រដូវ​កាល​នេះ។

    នេះ​គឺជា​ការប្រែប្រួល​ធំ​ធៀប​នឹង World Cup នៅ អាស៊ី ដែល ជប៉ុន និង កូរ៉េខាងត្បូង ធ្វើជា​ម្ចាស់ផ្ទះ កាលពី 20 ឆ្នាំមុន។ កាលណោះ​មានតែ​ម្ចាស់​ឧបត្ថម្ភ 6 ស្ថាប័ន​ប៉ុណ្ណោះ​ដែលជា​របស់ អាស៊ី ក្នុងចំណោម​ម្ចាស់​ឧបត្ថម្ភ 15 ស្ថាប័ន​របស់ FIFA។ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ក្រុមហ៊ុន​របស់ អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក។

    ការឧបត្ថម្ភ​គឺជា​បញ្ហាសំខាន់​សម្រាប់ FIFA។ បន្ទាប់ពី​ការលក់​អាជ្ញាប័ណ្ណ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ (2.6 ពាន់​លាន​ដុល្លារ) ការឧបត្ថម្ភ​គឺ​ប្រភព​ចំណូល​ធំ​បំផុត ដោយ​រួមចំណែក​រហូតដល់ 1.35 ពាន់​លាន​ដុល្លារ ប្រហែល 29% នៃ​ប្រាក់ចំណូល​សរុប​របស់ FIFA ក្នុង​ឆ្នាំ 2022។

    ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s

    ក្នុងចំណោម​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ឧបត្ថម្ភធំៗនៅ World Cup 2022 ក៏​មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s បើ​ទោះ​ប្រទេស​នេះ​មិនមាន​ក្រុមបាល់ទាត់​ទៅចូល​រួម​​ប្រកួត។ ដូចគ្នានេះដែរ ចិន ក៏​មិនមាន​ក្រុមបាល់ទាត់​ទៅ​ប្រកួត​នៅ World Cup ប៉ុន្តែ​មាន​ម្ចាស់​​ឧបត្ថម្ភ​រហូតដល់ 4 ស្ថាប័ន ខណៈដែល​ សិង្ហ​បុរី មាន 1 ស្ថាប័ន។

    កូរ៉េខាងត្បូង មាន​ក្រុមបាល់ទាត់​នៅ World Cup និង​មាន​ម្ចាស់​ឧបត្ថម្ភចំនួន 1 ស្ថាប័ន គឺ Hyundai-Kia។ ចំណែក ប្រទេស​ម្ចាស់ផ្ទះ កាតា មាន​ម្ចាស់​ឧបត្ថម្ភ​ចំនួន 2។​​

    បណ្ដា​ក្រុមបាល់ទាត់​របស់ អាស៊ី ដែល​ចូលរួម​ប្រកួត​នៅ World Cup លើក​នេះ នៅតែមាន​ចំនួន​តិច ក៏ប៉ុន្តែ ក្រុម​ម្ចាស់​ឧបត្ថម្ភ​ដែល​មក​ពី​ទ្វីប​នេះ ​ត្រូវបាន​គេ​សង្ឃឹមថា នឹងមាន​ឥទ្ធិពល​ភាគច្រើន​ទៅលើ​ទស្សនិកជន ទាំង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ៕

  • កប៉ាល់​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រាវ​ (LNG)​ ធំ​ជាង​គេ​លើ​ពិភព​លោក​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​កម្ម

    កប៉ាល់​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រាវ​ (LNG)​ ធំ​ជាង​គេ​លើ​ពិភព​លោក​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​កម្ម

    ប្រទេស​ចិន កាលពី​ថ្ងៃទី 15 វិច្ឆិកា បានដាក់​ដំណើរការ​កប៉ាល់​ដឹកជញ្ជូន​ឧស្ម័នធម្មជាតិ​​រាវ (LNG) ខ្នាត​យក្ស​មួយគ្រឿង​ដែល​អាច​ផ្គត់ផ្គង់​ LNG ​បាន 1,650 ម៉ែត្រគុប/ម៉ោង។

    កប៉ាល់​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវដំបូង​របស់ ប្រទេស​ចិន ឈ្មោះ Offshore Oil 301 ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង និង​បញ្ចេញ​ពី​រោងចក្រ​នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ដើម្បី​ចាប់ផ្ដើម​ផ្គត់ផ្គង់​ថាមពល​ឱ្យ​បណ្ដា​កប៉ាល់ដើរ​ដោយ​ LNG នេះ​បើតាម​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​លើ​លំហ​សមុទ្រ​ចិន (CNOOC)។

    កប៉ាល់​ផ្គត់ផ្គង់​ LNG គឺជា​ប្រភេទ​កប៉ាល់​ចល័ត​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការប្រើប្រាស់ LNG ជា​ថាមពល​​សម្រាប់​យាន​យន្ត​ក្នុង​​ការដឹកជញ្ជូន។

    ក្រុម​អ្នកជំនាញ​អះអាងថា ការរីកចម្រើន​ថ្មី​បំផុត​នេះ​របស់ ចិន នឹង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការកសាង​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG ដល់​បណ្ដា​កប៉ាល់​អន្តរ​ជាតិ ព្រមទាំង​ជំរុញ​ការផ្លាស់ប្ដូរ​ថាមពល និង​ការអភិវឌ្ឍ​ថាមពលបៃតង។

    កប៉ាល់ Offshore Oil 301 ដំបូង​ឡើយ​គឺជា​កប៉ាល់​ដឹក LNG ធម្មតា មាន​បណ្ដោយ 184.7 ម៉ែត្រ និង​ទទឹង 28.1 ម៉ែត្រ អាច​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ LNG បាន 30,000 ម៉ែត្រគុប។

    មុខងារ​ផ្គត់ផ្គង់​ LNG ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​តាមរយៈ​ការបន្ថែម​ឧបករណ៍​ជាច្រើន​ដូចជា ឧបករណ៍​ផ្ទុក​​ឧស្ម័ន ប្រព័ន្ធ​ផ្គត់ផ្គង់​ (បូម) ​ពី​កប៉ាល់​ទៅ​កប៉ាល់ និង​ឧបករណ៍​ធ្វើឱ្យ​រាវ​ឡើងវិញ ក៏​ដូច​ជា​​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធផ្សេងៗទៀត។

    ក្រោយពី​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង Offshore Oil 301 មាន​កម្លាំង​អាច​បូម​ឧស្ម័ន​បាន 1,650 ម៉ែត្រគុប/ម៉ោង នាំឱ្យ​វា​ក្លាយជា​កប៉ាល់​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​អាច​ផ្ដល់​សេវាកម្ម​ដល់​បណ្ដា​កប៉ាល់​ដឹក​កុងតឺន័រ កប៉ាល់​ដឹក​ប្រេង​ឆៅ និង​កប៉ាល់​ដឹកជញ្ជូន​យានយន្ត (Ro-Ro Ship) ខ្នាត​ធំ។

    យោងតាម Global Times ក្រុមហ៊ុន​ចិន CNOOC កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ស្ថាបនា​បណ្ដា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG អន្តរជាតិ​នៅ​តំបន់​វាលរាប​ទន្លេ Zhu Jiang និង​វាលរាប​ទន្លេ Yangtze។ ក្រោយពី​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន កប៉ាល់ Offshore Oil 301 នឹង​ផ្គត់ផ្គង់ LNG ដំបូង​ដល់​បណ្ដា​កប៉ាល់​អន្តរជាតិ​ក្នុងពេលឆាប់ៗខាងមុខ៕

  • មេដឹកនាំ​​កំពូល​របស់ កូរ៉េខាង​ជើង​ នាំ​​កូន​ស្រី​​ដើរ​​មើល​​ទី​តាំង​​បាញ់​​មី​ស៊ី​ល

    មេដឹកនាំ​​កំពូល​របស់ កូរ៉េខាង​ជើង​ នាំ​​កូន​ស្រី​​ដើរ​​មើល​​ទី​តាំង​​បាញ់​​មី​ស៊ី​ល

    មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន រួម​នឹង​កូនស្រី ចូលរួម​ពិធី​បាញ់​មី​ស៊ី​ល​ប្លោង Hwasong-17 នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA។

    នៅ​ថ្ងៃទី 19 វិច្ឆិកា​នេះ ទីភ្នាក់ងារសារព័ត៌មាន KCNA បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) Hwasong-17 កាលពី​ថ្ងៃទី 18 វិច្ឆិកា។ រូបថត​ដែល​ប្រកាស​ដោយ KCNA បង្ហាញថា លោក គីម ជុង​អុន រួម​នឹង​ភរិយា និង​កូនស្រី បង្ហាញខ្លួន​នៅក្នុង​ទីបញ្ជាការ​ក្បែរ​តំបន់​បាញ់​មី​ស៊ី​ល។

    រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញថា កូនស្រី​របស់លោក គីម ជុង​អុន ពាក់អាវ​ក្រៅ​ពណ៌​ស កាន់​ដៃ​ឪពុក​ដើរ​នៅលើ​ទីលាន​បាញ់​មី​ស៊ី​ល ហើយ​នៅ​ខាងក្រោយ​គឺជា​មី​ស៊ី​ល Hwasong-17 ដែល​ស្ថិតក្នុង​ស្ថានភាព​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការបាញ់។ កូរ៉េខាងជើង មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ​របស់​កូនស្រី​លោក គីម ជុង​អុន នេះ​នៅឡើយ។

    សារព័ត៌មាន Reuters អះអាងថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោក គីម ជុង​អុន នឹង​កូនស្រី ទៅកាន់​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ កូរ៉េខាងជើង។

    លោក គីម ជុងអុន (រូបឆ្វេងបង្អស់) និងកូនស្រី (រូបទីពីររាប់ពីឆ្វេង) រួមនឹងភរិយា (រូបទីបី) នៅកន្លែងបញ្ជាការក្នុងរូបថតដែល KCNA ប្រកាសនៅថ្ងៃទី 19 វិច្ឆិកា 2022

    ក្រុម​អ្នកជំនាញ​របស់លោក​ខាងលិច ជឿថា លោក គីម ជុង​អុន មានកូន 3 នាក់ រួមមាន​កូនស្រី 2 នាក់ និង​កូនប្រុស​ម្នាក់។

    អតីត​កីឡាករ​បាល់បោះ​អាម៉េរិក Dennis Rodman កាលពី​ឆ្នាំ 2013 បានឱ្យដឹងថា លោក គីម ជុង​អុន មានកូន​ស្រី​ម្នាក់​ឈ្មោះ Ju-ae ហើយ​គាត់​ក៏​ធ្លាប់បាន​បី​កុមារី​នេះ​ពេល​ទៅលេង កូរ៉េខាងជើង។ អ្នកជំនាញ Madden យល់ថា Ju-ae ដែលមាន​អាយុ​ប្រហែល 12 ទៅ 13 ឆ្នាំនេះ នឹង​ចូល​សាកលវិទ្យាល័យ ឬ​ចូល​បម្រើកងទ័ព​នៅ 4 ទៅ 5 ឆ្នាំ​ខាងមុខ៕