Author: សឿន សំណាង

  • ទេសចរ​នាំគ្នា​សម្រុក​ទៅ​មើ​លប​ន្ទុះ​ភ្នំភ្លើង Mauna Loa នៅ​កោះ Hawaii

    ទេសចរ​នាំគ្នា​សម្រុក​ទៅ​មើ​លប​ន្ទុះ​ភ្នំភ្លើង Mauna Loa នៅ​កោះ Hawaii

    មនុស្ស​រាប់ពាន់នាក់​ស​ម្រុ​ក​ទៅ​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ដែល​ប្រហែលជា​អាច​បាន​ឃើញតែ​ម្ដងគត់​ក្នុង​មួយ​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ នៅពេល​ភ្នំភ្លើង​ធំជាងគេ​បង្អស់​លើ​ពិភពលោក Mauna Loa កំពុង​ផ្ទុះ​កំ​អែ បន្ទាប់ពី «ដេកលក់» ជិត 40 ឆ្នាំ។

    ក្រោយពី​ភ្នំភ្លើង Mauna Loa ចាប់ផ្ដើម​ផ្ទុះឡើង​ជាថ្មី​កាលពី​ថ្ងៃទី 27 វិច្ឆិកា 2022 ហើយ​អាជ្ញាធរ​របស់ Hawaii ប្រកាសថា មិនមាន​សញ្ញា​បង្ហាញថា កំ​អែ​ភ្នំ​ឡើង​នេះ​នឹង​គំរាមកំហែង​ដល់​ប្រជាជន​ដែល​នៅក្នុង​បណ្ដា​តំបន់​ក្បែរ​នោះ ភ្លាមនោះ​វា​ក៏បាន​ក្លាយជា​ទេសភាព​ដ៏​អស្ចារ្យ ទាក់ទាញ​ទេសចរ​រាប់ពាន់ រាប់​ម៉ឹ​ន​នាក់មក​ទស្សនា។

    ដំបូង​ឡើយ មនុស្សម្នា​ទាំងគ្រួសារៗ ដែល​នៅក្បែរ​តំបន់ភ្នំ​ភ្លើង Mauna Loa នាំគ្នា​មក​ទស្សនា។ ពួកគេ​នាំយក​ទាំង​សម្ភារ​ប្រើប្រាស់​មកជា​មួយ​ដើម្បី​អាច​គយគន់​ទិដ្ឋភាព​ធម្មជាតិ​នេះ​បាន​ងាយស្រួល។ បន្ទាប់មក គេ​ឃើញ​មាន​ទេសចរ​បរទេស​មក​ទ​ស្សា​នាច្រើនឡើងៗ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ Hawaii ប្រែជា​ងើបឡើង​យ៉ាង​ឆាប់រហ័ស។

    «ទេសចរណ៍​ពេលនេះ ផ្ទុះ​ឡើងវិញ​ហើយ» នាង Marian Somalinog បុគ្គលិក​របស់​សណ្ឋាគា​រ Castle Hilo និយាយ​ដូច្នេះ និង​បន្ថែមថា «ពួកយើង​អស់​កន្លែង​រហូតដល់​ផុត​រដូវ​ណូអែល»។

    ក្រៅពី Mauna Loa ក៏​នៅមាន​ភ្នំភ្លើង​តូច​មួយទៀត​កំពុង​ផ្ទុះ នោះ​គឺ​ភ្នំភ្លើង Kilauea។ ទេសចរ​ទៅកាន់ Hawaii អាច​ទស្សនា​ភ្នំភ្លើង​ទាំងពីរ​ក្នុងពេល​តែមួយ។

    Mauna Loa បាន​ផ្ទុះឡើង​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ទី 27 វិ​ច្ឆ​កា 2022។ ភ្នំភ្លើង​ដែល​ស្ថិតនៅលើ​កោះ Hawaii ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាម៉េរិក គឺជា​ភ្នំភ្លើង​សកម្ម​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ មុន​នោះ ភ្នំភ្លើង Mauna Loa បាន​ផ្ទុះ​ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ 1984៕

  • វៀតណាម ស្នើឱ្យ កោះ​តៃវ៉ាន់ លុបចោល​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ Spratly

    វៀតណាម ស្នើឱ្យ កោះ​តៃវ៉ាន់ លុបចោល​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ Spratly

    ក្រសួងការបរទេស​វៀ​ត​ណា​ម អះអាងថា កោះ​តៃវ៉ាន់ រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ទឹកដី​របស់ វៀតណាម នៅពេល​ធ្វើ​សមយុទ្ធ​យោធា​នៅលើ​កោះ Taiping នៃ​ប្រជុំ​កោះ Spratly។

    «ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់ តៃវ៉ាន់ នៅ​តំបន់​សមុទ្រ​ជុំវិញ​កោះ Ba Binh (Tiping) នៃ​ប្រជុំ​កោះ Truong Sa (Spratly) របស់ វៀតណាម គឺជា​សកម្មភាព​រំលោភ​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ទឹកដី​របស់ វៀតណាម ចំពោះ​ប្រជុំ​កោះ​នេះ និង​គំរាមកំហែង​សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ​ផ្លូវ​សមុទ្រ បង្ក​ភាព​តានតឹង ព្រមទាំង​បង្កើន​ភាពស្មុគស្មាញ​នៅ​សមុទ្រ​ខាងកើត (សមុទ្រ​ចិន​ខាងត្បូង)» អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang នា​ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ។

    ការអះអាង​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានការ​ស្នើឱ្យ​អធិប្បាយ​អំពី​ព័ត៌មាន​ដែលថា តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ជុំវិញ​កោះ Tiping ក្នុង​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃទី 29 វិច្ឆិកា 2022។

    លោកស្រី Le Thi Thu Hang បញ្ជាក់ថា «វៀតណាម ប្ដេជ្ញា​ប្រឆាំង និង​ស្នើឱ្យ តៃវ៉ាន់ លុបចោល​សកម្ម​ភាពខុស​ច្បាប់​ដូច​និយាយ​ខាងលើ និង​កុំ​ឱ្យមាន​សកម្មភាព​ដូច្នេះ​ទៀត»។

    កោះ Tiping គឺជា​កោះ​ធម្មជាតិ​ធំ​បំផុត​ក្នុង​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង។ តៃវ៉ាន់ ធ្លាប់​ដាក់ពង្រាយ​កង​ម៉ា​រី​ន​នៅលើ​កោះ​នេះ ប៉ុន្តែ​ក្រោយមក​ក៏បាន​ដាក់ជំនួស​ដោយ​ប៉ូលិស​ដែល​បំពាក់អាវុធ មានដូចជា កាំភ្លើងយន្ត កាំភ្លើងត្បាល់​រយៈ​ចម្ងាយ​ឆ្ងាយ​ជាដើម ចាប់ពី​ឆ្នាំ 2000។ តៃវ៉ាន់ និង វៀតណាម សុទ្ធតែ​អះអាង​អំពី​កម្មសិទ្ធិ​របស់​ពួកគេ​នៅ​ប្រជុំ​កោះ Spratly៕

  • ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 10 នាក់​​​ក្នុង 24 ម៉ោង​កន្លង

    ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 10 នាក់​​​ក្នុង 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 14 នាក់, ​អ្នក​​ជាសះស្បើយ 09 នាក់ និងមិន​មាន​អ្នក​ស្លាប់ នៅ​​​ក្នុង​ថ្ងៃទី 01 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 02 ខែធ្នូ 2022 កម្ពុជា​ មាន​អ្នកឆ្លងសរុប 138,120 នាក់, អ្នកជាសះស្បើយសរុប 135,001 នាក់ និងអ្នកស្លាប់​សរុប 3,056 នាក់​។

  • សម្រស់​របស់​ភរិយា​កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង​នៅ World Cup 2022

    សម្រស់​របស់​ភរិយា​កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង​នៅ World Cup 2022

    Soyeon ដែលជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង T-ara គឺជា​ភរិយា​របស់​កីឡាករ​ខ្សែបម្រើ Cho Yu Min នៃ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ទៅ​ប្រកួត​នៅ World Cup 2022។

    បច្ចុប្បន្ន Soyeon កំពុង​ស្ថិតនៅ ប្រទេស​កាតា ដើម្បី​គាំទ្រ លើកទឹកចិត្ត​ដល់​ស្វាមី។ នៅពេល Cho Yu Min ហាត់​ស៊ាំ ស្រី​ស្អាត​រូបនេះ បាន​នាំ​ម្ដាយបង្កើត និង​ម្ដាយក្មេក​ដើរ​ទស្សនា​ប្រទេស​កាតា។

    Soyeon និង Cho Yu Min បាន​ចុះឈ្មោះ​រៀបការ​នៅ​ដើមខែ​វិច្ឆិកា ហើយ​គ្រោង​នឹង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​នៅក្នុង​ខែវិច្ឆិកា ប៉ុន្តែ ត្រូវ​ប្ដូរ​ទៅ​ឆ្នាំក្រោយ ដោយសារតែ Cho Yu Min ត្រូវបាន​ជ្រើសរើស​ទៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ត្រូវ​ទៅ​ប្រកួត​នៅ World Cup 2022។

    តារាចម្រៀង Soyeon អាយុ 35 ឆ្នាំ បង Yu Min រហូតដល់ 9 ឆ្នាំ ប៉ុន្តែ ត្រូវបាន​អ្នកគាំទ្រ​សរសើរ​ថា សម​គ្នា។ ពួកគេ​បានចាប់ផ្ដើម​ស្រលាញ់គ្នា​តាំងពី​ឆ្នាំ 2019 និង​ទទួលបាន​ការគាំទ្រ​ពី​គ្រួសារ​ទាំងសងខាង។

    Soyeon កើត​ឆ្នាំ 1987 មាន​តួនាទី​ជា​សំឡេង​ចម្បង​គេ​របស់ T-ara កាលពី​ឆ្នាំ 2009 និង​ល្បីឈ្មោះ​ដោយសារ​បទ​ចម្រៀង​មួយចំនួន​ដូចជា «Bo Peep Bo Peep», «Roly Poly», «Day bay day» ជាដើម។ មុនពេល​មានឈ្មោះ​ល្បី​នៅ T-ara ស្រី​ស្អាត Soyeon គឺជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន SM Entertainment និង​ធ្លាប់ជា​ប្រធាន​ក្រុម SNSD ប៉ុន្តែ ក្រោយមក​នាង​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន។

    ក្រោយពី​បាន​ចាក​ចេញពី​ក្រុម T-ara ក្នុង​ឆ្នាំ 2017 នាង Soyeon ក៏បាន​បញ្ចេញ MV ជាច្រើន ក្នុងនោះ​មាន «They Are All The Same», «Interview»។ល។ ហើយ​នាង​ក៏បាន​ចូលរួម​ច្រៀង​បទ​ចម្រៀង​សម្រាប់​ភាពយន្ត «Death Bell 2», «Gisaeng Ryeong» និង «Coffee House» របស់​ទូរទស្សន៍ SBS ផងដែរ។

    ក្រៅពីនេះ Soyeon ក៏​ធ្លាប់បាន​សម្ដែង​ជា​តួអង្គ​ក្នុង​ភាពយន្ត​រឿង «Haeundae Lovers» របស់​ទូរទស្សន៍ KBS2 ឆ្នាំ 2012 និង «Sweet Temptation» ឆ្នាំ 2015៕

  • ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ​មួយ​នៅ កម្ពុជា ចម្រាញ់​មាស​បាន​ជាង 4 តោន គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា

    ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ​មួយ​នៅ កម្ពុជា ចម្រាញ់​មាស​បាន​ជាង 4 តោន គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា

    គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022 កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន នៅក្នុង​ការរុករក និង​ចម្រាញ់​រ៉ែ​មាស​របស់​បណ្ដា​ក្រុមហ៊ុន​ពាក់ព័ន្ធ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​នៃ ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ថ្ងៃទី 30 វិច្ឆិកា​កន្លងទៅ​នៅ​ទីស្ដីការក្រសួង។

    យោងតាម ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន 4 ដែល​កំពុង​ធ្វើ​អា​ជីក​ម្ម​រ៉ែ​មាស នៅ កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា បណ្ដា​ក្រុមហ៊ុន​ខាងលើ​បាន​ឈានទៅ​ធ្វើ​អាជីវកម្ម​ជាបណ្តើរៗ នៅតាម​តំបន់រៀងៗខ្លួន។

    ក្រសួង​បានឱ្យដឹងថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ Renaissance Minerals Investment រកបាន​មាស​ច្រើនជាងគេ ដោយ​ចម្រាញ់​បាន​មាស​ទឹក 9 ចំនួន 4,598 គីឡូក្រាម។

    សកម្មភាព​រុករក​រ៉ែ​មាស​នៅ កម្ពុជា បច្ចុប្បន្ន ផ្ដោតលើ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងជើង​ប្រទេស រួមមាន ខេត្តព្រះវិហារ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ៕

  • ឥណ្ឌូណេស៊ី បន្ថែម «រថយន្តក្រុង​ពណ៌​​ផ្កា​ឈូក» ដែល​ដឹក​តែ​អ្នកដំណើរ​ភេទ​ស្រី

    ឥណ្ឌូណេស៊ី បន្ថែម «រថយន្តក្រុង​ពណ៌​​ផ្កា​ឈូក» ដែល​ដឹក​តែ​អ្នកដំណើរ​ភេទ​ស្រី

    ក្រុមហ៊ុន​ដឹកជញ្ជូន TransJakarta របស់ ឥណ្ឌូណេស៊ី ទើបតែ​បានប្រកាស​បន្ថែម​រថយន្ត​ក្រុង​ពណ៌​ផ្កា​ឈូក​10 គ្រឿង​ទៀត សម្រាប់​ដឹក​តែ​អ្នកដំណើរ​ជា​ស្ត្រីភេទ។

    នេះ​គឺជា​វិធានការ​មួយ​របស់ TransJakarta ដើម្បី​ការពារ​អ្នកដំណើរ​ជា​ស្ត្រីភេទ​នៅ​ចំពោះមុខ​ការកើនឡើង​នៃ​អំពើ​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។

    បន្ទាប់ពី​ការបន្ថែម​ខាងលើនេះ ហ្សា​ការ​តា នឹងមាន​រថយន្តក្រុង​ពណ៌​ផ្កា​ឈូក​​ចំនួន 20 គ្រឿង ដែល​ធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង 5 ព្រឹក ដល់ 21 យប់ ហើយ​ថ្លៃ​ធ្វើដំណើរ​ធម្មតា​គឺ 3,500 រូពី​ឥណ្ឌូណេស៊ី (ជាង 900 រៀល)។

    មិន​ត្រឹម​ទទួល​ដឹក​តែ​អ្នកដំណើរ​ជា​ស្ត្រីភេទ​នោះទេ ប៉ុន្តែ រថយន្ត​ពណ៌​ផ្កា​ឈូក​​នេះ​ក៏មាន​អ្នកបើកបរ និង​បុគ្គលិក រៀបចំ​ដំណើរ​សុទ្ធតែជា​នារី​ផងដែរ។

    ចំនួន​ករណី​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅ ហ្សា​ការ​តា ក្នុងឆ្នាំនេះ កើនឡើង​ទ្វេដង ធៀប​នឹង​ឆ្នាំ​កន្លង។ យោងតាម TransJakarta ការដាក់ឱ្យ​ដំណើរការ​រថយន្តក្រុង​ពណ៌​ផ្កា​ឈូក​​នេះ​គឺជា​ការប្រឹងប្រែង​របស់​ក្រុមហ៊ុន ដើម្បី​ការពារ​សុវត្ថិភាព​របស់​ស្ត្រី នៅ​ចំពោះមុខ​អំពើ​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ៕

  • ក្រោយ​អ៊ីរ៉ង់​ចាញ់អាម៉េរិក និង​ត្រូវ​ខ្ទាត​ពី World Cup 2022 យុវជន​អ៊ីរ៉ង់​ម្នាក់​ត្រូវ​គេ​បាញ់សម្លាប់

    ក្រោយ​អ៊ីរ៉ង់​ចាញ់អាម៉េរិក និង​ត្រូវ​ខ្ទាត​ពី World Cup 2022 យុវជន​អ៊ីរ៉ង់​ម្នាក់​ត្រូវ​គេ​បាញ់សម្លាប់

    ទីក្រុង​តេ​ហេ​រ៉ង់ បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅ​ភាគ​ពាយព្យ​ប្រទេស​នេះ ក្រោយ​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ និង អាម៉េរិក នៅ World Cup 2022។

    «ក្រោយ​ការប្រកួត បុរស​ម្នាក់​ឈ្មោះ Mehran Samak បាន​ស្លាប់​យ៉ាង​គួរឱ្យ​សង្ស័យ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​នៅ​ទីក្រុង Bandar Anzali» Mehdi Fallahmiri រដ្ឋអាជ្ញា​តុលាការខេត្ត Gilan នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​អ៊ីរ៉ង់ កាលពី​ម្សិលមិញ បានឱ្យដឹង​ដូច្នេះ។

    មុន​នោះ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​បរទេស បានឱ្យដឹងថា Samak អាយុ 27 ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​បន្ទាប់ពី​ចុច​ស៊ី​ផ្លេ​យានជំនិះ​ដើម្បី​អបអរ​បរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​បាន​ចាញ់ អាម៉េរិក ក្នុង​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។ បរាជ័យ​នេះ​មានន័យថា អ៊ីរ៉ង់ ត្រូវបាន​ជម្រុះ​ពី World Cup នៅ កាតា ហើយ អាម៉េរិក បាន​ឡើងទៅ​វគ្គ 8 ក្រុម។

    ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​របស់ អ៊ីរ៉ង់ មិនទាន់​ឱ្យដឹងថា ជនរងគ្រោះ​នេះ​ត្រូវបាន​គេ​បាញ់សម្លាប់​ដោយសារតែ​ការអបអរ​បរាជ័យរ​បស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ ឬ​យ៉ាងណា​នៅឡើយ។

    មេដឹកនាំ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ ឧត្ដមសេនីយ៍ទោ Hossein Salami កាលពី​ថ្ងៃទី 01 ធ្នូ 2022 បាន​និយាយថា «សត្រូវ​របស់ អ៊ីរ៉ង់» បានធ្វើឱ្យ​យុវជន​មួយចំនួន​ពេញចិត្ត​នឹង​បរាជ័យ​របស់​ក្រុមបាល់ទាត់​អ៊ីរ៉ង់។

    «ថ្ងៃនេះ សត្រូវ​ទាំងអស់​កំពុងតែ​ព្យាយាម​សាបព្រោះ​ភាព​អស់សង្ឃឹម​ទៅក្នុង​បេះដូង​យុវវ័យ។ មនុស្ស​មួយចំនួន​ថែមទាំង​បានបង្ហាញ​ការពេញចិត្ត​ជាមួយនឹង​ការដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ត្រូវបាន​ជម្រុះ​ទៀតផង» លោក Hossein Salami ថ្លែង​ដូច្នេះ។

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ត្រូវ​ខ្ទាត​ពី World Cup 2022 ក្រោយ​ការ​ចាញ់​ អាម៉េរិក 0-1 នៅ​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ចែកពូល​

    ក្នុងពេល​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ អ៊ីរ៉ង់ កំពុង​ប្រកួត​នៅ World Cup 2022 បាតុកម្ម​នៅតែ​កើតមានឡើង​នៅឯ ប្រទេស​អ៊ីរ៉ង់ ព្រោះតែ​ការស្លាប់​របស់ Mahsa Amini ជា​នារី​ម្នា​ក់មាន​វ័យ 22 ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ត្រូវ​ក្រុមនគរបាល​សីលធម៌​ចាប់ខ្លួន។ ការប៉ះទង្គិច​គ្នា​បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 300 នាក់​បាត់​បង់ជីវិត ក្នុងនោះ​មាន​ទាំង​សន្តិសុខ និង​បាតុករ​ផងដែរ នេះ​បើតាម​មន្ត្រី​អ៊ីរ៉ង់។

    ជនជាតិ​អ៊ីរ៉ង់ មួយចំនួន បាន «បែរខ្នង» ដាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ ក្នុងពេល​បាតុកម្ម​កើតឡើង ព្រោះថា ពួកគេ​ចាត់ទុក​ក្រុមបាល់ទាត់​នេះ​តំណាងឱ្យ​រដ្ឋាភិបាល ជាជាង​ប្រជាជន។ វីដេអូ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា មនុស្ស​មួយចំនួន​បាន​អបអរសាទរ ក្រោយពី អ៊ីរ៉ង់ ចាញ់ អង់គ្លេស 2-6 នៅ​ជុំ​ដំបូង និង ចាញ់​អាម៉េរិក  0-1 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។

    អាម៉េរិក និង​ក្រុម​ប្រទេស​លោកខាងលិច បានដាក់​ទណ្ឌកម្ម​សំដៅលើ​ក្រុមមន្ត្រី​របស់ អ៊ីរ៉ង់ ព្រោះតែ​បាន​បង្ក្រាប​បាតុកម្ម។ អ៊ីរ៉ង់ ក៏បាន​ដាក់ទណ្ឌកម្ម​ត​បត និង​ចោទថា បស្ចិម​លោក​កំពុង​ជំរុញ​អំពើហិង្សា ជួយ​ដល់​បាតុករ​នៅ អ៊ីរ៉ង់ ដើម្បី​ច្នៃ​អាវុធ ឬ​គ្រាប់បែក​សាំង​សម្រាប់​កុបកម្ម៕

  • អាល្លឺម៉ង់ ត្រូវបាន​ជម្រុះ​ចេញពី World Cup 2022 ខណៈ ជប៉ុន និង អេ​ស្ប៉ា​ញ បាន​បន្តដំណើរ

    អាល្លឺម៉ង់ ត្រូវបាន​ជម្រុះ​ចេញពី World Cup 2022 ខណៈ ជប៉ុន និង អេ​ស្ប៉ា​ញ បាន​បន្តដំណើរ

    បើទោះជា​ឈ្នះ កូ​ស្តា​រី​កា 4-2 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​កាលពី​យប់​ថ្ងៃទី 01 ធ្នូ ប៉ុន្តែ អាល្លឺម៉ង់ បានត្រឹមតែ​ឈរ​លំដាប់​ទី 3 ក្នុង​ពូ​ល E ហើយ​ត្រូវ​ចាក​ចេញពី World Cup 2022។

    អាល្លឺម៉ង់ ឈរ​នៅ​ចំពោះមុខ​ឱកាស​ដើរ​បន្ត នៅពេល អេ​ស្ប៉ា​ញ នាំមុខ ជប៉ុន ដូច​ទៅនឹង អាល្លឺម៉ង់ នេះ​មុខ កូ​ស្តា​រី​កា។ ប៉ុន្តែ មកដល់​តង់​ទី 2 អេ​ស្ប៉ា​ញ និង អាល្លឺម៉ង់ ត្រូវ​ប៉ើង​សំណាញ់​ជា​បន្តបន្ទាប់ និង​ត្រូវគេ​នាំមុខ 2-1។ លទ្ធផល​នេះ​ធ្វើឱ្យ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ត្រូវ​ខ្ទាត​ចេញពី World Cup 2022។

    រហូតដល់​ចុង​តង់​ទី 2 ទើប អាល្លឺម៉ង់ អាច​កែប្រែ​ស្ថានការណ៍។ ប៉ុន្តែ ជ័យជម្នះ 4-2 គ្រាន់តែ​អាចជួយ​ឱ្យ អេ​ស្ប៉ា​ញ ដើរ​បន្ត ដោយ​មិនអាច​សង្គ្រោះ អាល្លឺម៉ង់ បាន នៅ World Cup 2022។ មាន​ពិន្ទុ 4 ស្មើគ្នា ប៉ុន្តែ អាល្លឺម៉ង់ ត្រូវ​ឈរ​ក្រោយ អេ​ស្ប៉ា​ញ ព្រោះតែ​ការ​គណនា​តាម​រូបមន្ត​លេខ +1 ធៀប​នឹង +6។ ជប៉ុន ឈរលើ​គេ​ដោយ​រកបាន 6 ពិន្ទុ ព្រោះ​បានឈ្នះ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ចំណែក កូ​ស្តា​រី​កា ឈរ​បាត​តារាង ដោយមាន 3 ពិន្ទុ។

    ទឹកមុខ​ក្រៀម​ក្រំ​របស់​ក្រុម​កីឡាករ​អាល្លឺម៉ង់ បន្ទាប់​ពី​ត្រូវ​ជម្រុះ​ពី World Cup 2022

    ដូច្នេះ អាល្លឺម៉ង់ មិនអាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 2 រដូវ​កាល World Cup បន្តបន្ទាប់​ចុងក្រោយ​នេះ។ នៅលើ​ទឹកដី​របស់ រុស្ស៊ី កាលពី 4 ឆ្នាំមុន អាល្លឺម៉ង់ ពេលនោះ​ក៏​ស្ថិតនៅ​បាត​តារាង បន្ទាប់ពី កូរ៉េខាងត្បូង ម៉ិ​ក​ស៊ី​ក និង ស៊ុយអែត។ មុន​នោះ អាល្លឺម៉ង់ សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 16 រដូវ​កាល​របស់ World Cup រាប់​ចាប់ពី​ឆ្នាំ 1954៕

  • ទិដ្ឋភាព​ព្រឹល ទឹកកក​ដ៏​ស្រស់ស្អាត កំពុង​គ្របដណ្ដប់​ពេញ​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន

    ទិដ្ឋភាព​ព្រឹល ទឹកកក​ដ៏​ស្រស់ស្អាត កំពុង​គ្របដណ្ដប់​ពេញ​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន

    សីតុណ្ហភាព​ថយចុះភ្លាមៗដោយសារតែ​រលក​ខ្យល់​ត្រជាក់​កាលពី​ចុង​សប្ដាហ៍​កន្លង ធ្វើឱ្យ​តំបន់​ជាច្រើន​នៅ Heilongjiang និង Xinjiang ក្លាយជា «ឋានសួគ៌» ដូច​ទៅនឹង​រឿងព្រេង​បុរាណ។

    ខ្យល់​ត្រជាក់​ខ្លាំង​បំផុត​ដែល​កើតឡើង​ចាប់ពី​ដើមរដូវ កំពុង​បង្ក​ផលប៉ះពាល់​ដល់​បណ្ដា​តំបន់​នៅ​ភាគ​ខាងជើង​របស់ ប្រទេស​ចិន នាំឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់ភ្លាមៗកាលពី​ចុង​សប្ដាហ៍​កន្លង បង្កើតឱ្យមាន​ព្រឹល និង​អ័ព្ទ​ធ្លាក់​គ្របដណ្ដប់​ពេញ​ផ្ទៃដី និង​រុក្ខជាតិ ធ្វើឱ្យ​ទិដ្ឋភាព​ប្រែជា​ស្រស់ស្អាត​ប្រៀបបាន​ទៅនឹង​ឋាន​ទេវលោក។

    ព្រឹល​ទឹកកក​មួយ​ប្រភេទដែល​ហៅ​ថា rime ​កកើតឡើង​ដោយសារ​ចំហាយ​ទឹក​ក្នុង​បរិយាកាស​កក​ទៅជា​ដុំ​ទឹកកក​ល្អិត និង​មាន​ពណ៌​ស​ដូច​អំបិល​នៅពេល​ប៉ះ​នឹង​ផ្ទៃ​ដែល​ត្រជាក់​ក្រោម 0 អង្សា​សេ។ នេះ​គឺជា​បាតុភូត​អាកាសធាតុ​អាក្រក់ បង្ក​ផលប៉ះពាល់​ដល់​រុក្ខជាតិ។

  • សិង្ហបុរី​ (Singapore) ជា​ប់​ចំណាត់​ថ្នាក់​​ជា​ទីក្រុង​ដែល​​ថ្លៃ​ជាង​គេ​បង្អស់​លើពិភពលោក

    សិង្ហបុរី​ (Singapore) ជា​ប់​ចំណាត់​ថ្នាក់​​ជា​ទីក្រុង​ដែល​​ថ្លៃ​ជាង​គេ​បង្អស់​លើពិភពលោក

    សិង្ហបុរី និង ញូវ​យ៉ក ឈរ​លំដាប់​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​ទីក្រុង​ដែល​ថ្លៃ​​ជាង​គេ​​លើពិភពលោក​សម្រាប់​ឆ្នាំ 2022​ នេះ​គឺជា​ការ​ប្រកាស​របស់ ​ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច។

    ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច (EIU) កាល​ពី​ថ្ងៃទី 30 វិច្ឆិកា បាន​ប្រកាស​ថា ការ​ចំណាយ​សម្រាប់​ជីវភាព​រស់​នៅ​ទូទាំង​សកល​លោកបង្ហាញ​ថា សិង្ហបុរី និង ញូវយ៉ក ជាប់​ចំណាត់​ថ្នាក់​លេខ​ 1 ដូច​គ្នា​នៅ​ក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ទីក្រុង​ថ្លៃ​ជាង​គេ​លើ​ពិភពលោក ​។

    តែលអាវីវ របស់ អ៊ីស្រាអែល ដែល​ជា​ទីក្រុង​មាន​ទំនិញ​ថ្លៃ​​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2021​ ឆ្នាំ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​ 3 បន្ទាប់​មក​ទៀត​​គឹ​ ហុងកុង របស់ ប្រទេស​ចិន និង ឡូសអេនជឺលេស របស់​ សហរដ្ឋ​អាម៉េរិក​។

    EIU ដែល​ជាស្ថាប័ន​មួយ​របស់​ក្រុមហ៊ុន​ Economist នៅ​ អង់គ្លេស បាន​ធ្វើ​របាយការណ៍​នេះ​កាល​ពី​ខែសីហា​ និង​កញ្ញាឆ្នាំ​នេះ ដោយ​យោង​ទៅលើ​តម្លៃ​មធ្យម​នៃ​ទំនិញ​ និង​សេវា​កម្ម​ជាង 200 មុខ នៅ​ក្នុងទីក្រុង​ចំនួន​ 172 នៅ​លើ​ពិភពលោក​។

    សិង្ហបុរី ធ្លាប់​កាន់​កាប់​តំណែង​លេខ​ 1 ក្នុង​បញ្ជី​ខាងលើ​របស់ EIU កាល​ពី​ឆ្នាំ 2014 និង 2019 មុន​ពេល​ត្រូវ​ បារីស និង តែលអាវីវ ដណ្ដើម​បាន​កាល​ពី​ឆ្នាំ 2020 និង 2021​។ ប៉ុន្តែ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ ញូវយ៉ក ​របស់ សហរដ្ឋ​អាម៉េរិក បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ 1​ ក្នុង​បញ្ជី​នេះ​៕