Author: សឿន សំណាង

  • កូនក្រមុំ និងកូនកំលោះ​ពាក់អាវ Messi និង Mbappe ក្នុង​ពិធី​រៀបការ

    កូនក្រមុំ និងកូនកំលោះ​ពាក់អាវ Messi និង Mbappe ក្នុង​ពិធី​រៀបការ

    (ឥណ្ឌា)- កូនកំលោះ កូនក្រមុំ​មួយគូ​ដែល​ស្រលាញ់​បាល់ទាត់ នាំគ្នា​ពាក់អាវ Messi និង Mbappe នៅក្នុង​ពិធី​រៀប​មង្គលការ មុន​ពេល​ទៅ​​ទស្សនា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង អា​ហ្ស​ង់​ទីន និង បារាំង នៅ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ។

    Sachin R និង R Athira ជា​មនុស្ស​ចុះសម្រុង​នឹង​គ្នា​គ្រប់​បញ្ហា​ក្នុង​ជីវភាព ប៉ុន្តែ Sachin គាំទ្រ​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន Lionel Messi ចំណែក Athira វិញ គឺជា​អ្នកគាំទ្រ​ក្រុម​របស់ បារាំង ដែលមាន​ខ្សែប្រយុទ្ធ Kylian Mbappé Lottin។

    នៅ​ថ្ងៃ​រៀបការ Sachin ពាក់អាវ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន​ឈ្មោះ Messi ពេលដែល Athira ពាក់អាវ​ក្រុម​ជម្រើសជាតិ​បារាំង​ដែលមាន​ឈ្មោះ Mbappe។ ពួក​គេ​ពាក់​អាវ​កីឡា​ពី​ក្រៅ​ឈុត​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌា។

    ក្រោយ​ពិធី​រៀបការ និង​ជប់លៀង គូស្នេហ៍​ថ្មី​នេះ​ក៏​ប្រញាប់​ធ្វើដំណើរ​ទៅផ្ទះ​របស់ Sachin នៅ​ទីក្រុង​រដ្ឋបាល​របស់រ​ដ្ឋ Kerala ចម្ងាយ​ជាង 200 គីឡូម៉ែត្រ ដើម្បី​ទស្សនាការ​ប្រកួត​រវាង បារាំង និង អា​ហ្ស​ង់​ទីន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

    Lionel Messi និង​ Kylian Mbappé Lottin

    ជនជាតិ​ឥណ្ឌា ចូលចិត្ត​កីឡា cricket ប៉ុន្តែ​នៅ​ភាគខាងត្បូង​រដ្ឋ Kerala បាល់ទាត់​ទើប​ជា​កីឡា​ដែលមាន​ការពេញនិយម​ជាងគេ។ អ្នកគាំទ្រ Messi នៅក្នុង​រដ្ឋ​នេះ​ក៏​មាន​ច្រើន​ផងដែរ។

    នៅ​ពាសពេញ​រដ្ឋ​ខាងលើ ទង់​បាល់ទាត់ និង​អេក្រង់​ទូរទស្សន៍ធំៗ ត្រូវបាន​ដំឡើង​ដើម្បីឱ្យ​គ្រប់គ្នា​អាច​តាមដាន ជប់លៀង នៅពេល Messi និង​ក្រុម​ជម្រើសជាតិ ចូល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូល​ផ្ដុំគ្នា​នៅតាម​ទីតាំង​នានា​ដើម្បី​តាមដាន​ការប្រកួត ហើយ​ក្រោយមក​ក៏​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ដើម្បី​អបអរសាទរ៕

  • Lionel Messi គេង​ជាមួយ​ពានមាស World Cup 2022

    Lionel Messi គេង​ជាមួយ​ពានមាស World Cup 2022

    (អា​ហ្ស​ង់​ទីន)- ក្រោយពី​ត្រលប់​ទៅ អា​ហ្ស​ង់​ទីន ខ្សែប្រយុទ្ធ Lionel Messi បាន​បង្ហោះ​រូបថត​គាត់​គេង​ជាមួយ​ពាន់មាស World Cup 2022 ដែល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ទើបតែ​ដណ្ដើមបាន​នៅ កាតា។

    ម៉ោង​ប្រហែល 8 ព្រឹក ថ្ងៃទី 20 ធ្នូ (ម៉ោង​នៅ អា​ហ្ស​ង់​ទីន) Messi បាន​បង្ហោះ​រូបថត​​​ចំនួន 3 សន្លឹក​នៅលើ​ទំព័រ​បណ្ដាញ​សង្គមដែល​​បង្ហាញ​ថា គាត់​កំពុង​គេង​ជាមួយ​ពានមាស​ World Cup 2022។ «ថ្ងៃ​ថ្មី​ល្អប្រសើរ» គាត់​សរសេរ​ដូច្នេះ។

    ប្រហែល 4 ម៉ោង​ក្រោយមក សារ​របស់ Messi នៅ​លើ​បណ្ដាញ​សង្គម​ ទទួលបាន​ការ​ចុច​ចូលចិត្ត​ជិត 30 លាន​លើក។

    Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ទៅដល់​ព្រលានយន្តហោះ Ezeiza ម៉ោង​ប្រហែល 2 និង 23 នាទី​ទាបភ្លឺ​ថ្ងៃ​ដដែល។ ប្រធាន​ក្រុម​របស់ អា​ហ្ស​ង់​ទីន គឺជា​អ្នក​កាន់​ពាន​ជា​ញឹកញាប់។ ពួកគេ​ទៅកាន់​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន តាមរយៈ​រថយន្តក្រុង​គ្មា​ន​ដំបូល ក្រោម​ការអបអរសាទ​រ​ពី​មនុស្ស​រាប់សែន​នាក់។

    នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន គ្រូបង្វឹក Lionel Scaloni និង​កូន​សិស្ស​របស់​គាត់​ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ការបាញ់​កាំជ្រួច។ Messi និង​ក្រុម​ជម្រើសជាតិ​សម្រាក​នៅទីនេះ មុនពេល​ចូលរួម​ហែ​ក្បួន​អបអរសាទរ

  • ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន ត្រូវ​បង្ខំ​ចិត្ត​ឡើង​​ឧទ្ធម្ភាគចក្រ​ហែ​ក្បួន​​អបអរ​សាទរ​ជ័យ​ជម្នះ​នៅ​ World Cup

    ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន ត្រូវ​បង្ខំ​ចិត្ត​ឡើង​​ឧទ្ធម្ភាគចក្រ​ហែ​ក្បួន​​អបអរ​សាទរ​ជ័យ​ជម្នះ​នៅ​ World Cup

    Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវ​បោះបង់​ការហែក្បួន​ដោយ​រថយន្តក្រុង​គ្មាន​ដំបូល និង​ឡើង​ឧទ្ធម្ភាគចក្រ​ហោះ​ពី​លើ​​រដ្ឋធានី ដោយសារ​មនុស្ស​រាប់លាន​នាក់​ចេញ​ដើរ​តាម​ដងផ្លូវ​ចូល​រួម​​អបអរសាទរ​​ជើង​ឯក​ World Cup 2022។

    ការហែក្បួន​ដោយ​រថយន្តក្រុង​គ្មាន​ដំបូល​នៅលើ​ផ្លូវ​ក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ធ្វើឡើង​ក្នុង​ថ្ងៃទី 20 ធ្នូ ដើម្បីឱ្យ​ប្រជាជន​អាច​ចូលរួម​សប្បាយ​នឹង​តំណែង​ជើងឯក World Cup 2022 ដែលក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដណ្ដើមបាន។ យោងតាម​ការ​គណនា មនុស្ស​ប្រហែល 4 លាន​នាក់​បាន​ចូលរួម​ហែ​ក្បួន​នេះ ធ្វើឱ្យ​ដងផ្លូវ​ត្រូវ​ណែនណាន់តាន់តាប់។

    រថយន្តក្រុង​ត្រូវ​បរយឺតៗនៅ​កណ្ដាល​ហ្វូងមនុស្ស​រាប់លាន​នាក់ នៅពេល​ឆ្ពោះទៅកាន់ Obelisk ព្រោះតែ​ដងផ្លូវ​​ចង្អៀត​ខ្លាំង។ មនុស្ស​មួយចំនួន​ថែម​ទាំង​ព្យាយាម​លោត​ឡើង​រថយន្តក្រុង​របស់​ក្រុមបាល់ទាត់។

    ក្បួន​ហែ​ដែល​អូស​បន្លាយពេល 8 ទៅតាម​ផែនការ ត្រូវបាន​កាត់បន្ថយ​ពេលវេលា ដោយសារ​ការបារម្ភ​អំពី​សន្តិសុខ ហើយ​ក្រុម​កីឡាករ​ត្រូវ​ចាក​ចេញពី​រថយន្តក្រុង ដើម្បី​ឡើង​ឧទ្ធម្ភាគចក្រ។ ឧទ្ធម្ភាគចក្រ​នេះ ក្រោយមក​ក៏​ហោះ​ក្រឡឹង​វិមាន Obelisk ពី​លើ​ហ្វូង​មនុស្ស​។

    ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ត្រលប់​ទៅដល់​ព្រលានយន្តហោះ Ezeiza នៅ រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ វេលា​ម៉ោង​ប្រហែល 3 ថ្ងៃទី 20 ធ្នូ ពេល​​មនុស្ស​រាប់ពាន់នាក់​បាន​រង់ចាំ​អបអរសាទរ។

    នៅវេលា​ថ្ងៃត្រង់ មនុស្ស​រាប់លាន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កណ្ដាល​រដ្ឋធានី។ មនុស្សម្នា​លើក​រូបថត​របស់ Messi និង​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona ទន្ទឹមនឹង​ការលេង​តន្ត្រី ស្រែក​ហ៊ោ និង​សកម្មភាពផ្សេង។

    ដងផ្លូវ​ក៏​ចាប់ផ្ដើម​ទូលាយ​បន្តិច ក្រោយពី​ក្រុមបាល់ទាត់​ឡើង​ឧទ្ធម្ភាគចក្រ។ មនុស្ស​មួយចំនួន​សោកស្ដាយ ព្រោះតែ​មិនបាន​ជួប​ក្រុម​ជម្រើសជាតិ​នេះ។

    ដើម្បី​ចូលរួម​អបអរសាទរ​ជ័យជម្នះ​នៅ World Cup 2022 រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី 20 ធ្នូ បានអនុញ្ញាត​ឱ្យ​ប្រជាជន​ឈប់សម្រាក​ពី​ការងារ​មួយថ្ងៃ លើកលែងតែ​វិស័យ​ចាំបាច់​មួយចំនួន៕

     

  • ក្មេងស្រី​អាយុ​ 5 ឆ្នាំ​ ​ធ្លាក់ចូល​កូន​រណ្ដៅ​ជម្រៅ 10 ម៉ែត្រ នៅវៀតណាម

    ក្មេងស្រី​អាយុ​ 5 ឆ្នាំ​ ​ធ្លាក់ចូល​កូន​រណ្ដៅ​ជម្រៅ 10 ម៉ែត្រ នៅវៀតណាម

    ក្នុងពេល​លេង​សប្បាយ​នៅក្នុង​ការដ្ឋាន​សំណង់ ក្មេងស្រី​អាយុ 5 ឆ្នាំ​ម្នា​ក់បាន​ធ្លាក់ចូល​ទៅក្នុង​​រណ្ដៅ​​តូច​មួយ និង​ជាប់​ក្នុង​រយៈពេល​រាប់សិប​នាទីមុន​ពេល​អាច​ទាញ​ឡើង​បាន​។

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​ក្មេងស្រី​រងគ្រោះ​ដែលមាន​ផ្ទះ​នៅក្បែរ​ការដ្ឋាន​សំណង់ កំពុង​រត់​លេង​ជាមួយ​មិត្តភក្ដិ​ក្នុង​តំបន់​ក្បែរ​គម្រោង​​បុរី​​មួយកន្លែង​នៅ​​ភាគខាងត្បូង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 19 ធ្នូ។ ពេល​កំពុង​រត់លេង ក្មេងស្រី​ម្នាក់​នេះ​ក៏​រ​អិ​ល​ជើង​ធ្លាក់ចូល​ទៅក្នុង​រណ្ដៅ​ជ្រៅ​ដែល​ធ្វើ​ដើម្បី​ចាក់​សសរ​បេតុង។

    ពេលឮ​សំឡេង​ស្រែក​ឱ្យជួយ សន្តិសុខ និង​កម្មករ​ក៏​រត់​មកមើល ប៉ុន្តែ​មិនបាន​ជួយ​បាន ដោយសារតែ​រណ្ដៅ​មាន​អង្កត់ផ្ចិត​ត្រឹមតែ 30 សម។ ក្មេងស្រី​នេះ​ស្រែកយំ​ជា​មិន​ឈប់​​ដោយ​ភាពភ័យខ្លាច និង​រន្ធត់។

    ក្រុម​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក្នុង​តំបន់​ចំនួន 14 នាក់ រួម​នឹង​ឧបករណ៍​ជួយសង្គ្រោះ មិនយូរប៉ុន្មាន​ក៏បាន​មកដល់​កន្លែងកើតហេតុ។ មាត់​រណ្ដៅ​តូច​ពេក បុគ្គលិក​សង្គ្រោះ​មិនអាច​ចុះទៅ​ជួយ​បាន។ ការពង្រីក​រណ្ដៅ​ក៏ត្រូវ​ចំណាយពេល​ច្រើន ហើយ​ដី​ក៏​អាច​ធ្លាក់​កប់​ជនរងគ្រោះ ដូច្នេះ​ត្រូវ​រក​វិធី​ផ្សេង។

    បុគ្គលិក​សង្គ្រោះបាន​ប្រើ​វិធី​ចិត្តសាស្ត្រ​ដើម្បីរ​ម្ងា​ប់​​អារម្មណ៍​ភ័យ​ខ្លាច រួច​ទម្លាក់​ខ្សែ និង​ឧបករណ៍​សង្គ្រោះ​ចូលក្នុង​រណ្ដៅ និង​ណែនាំ​ក្មេងស្រី​នេះ​តាម​លំដាប់លំដោយ​ដើម្បី​ទាញ​ឡើង។ ប្រហែល 20 នាទី​ក្រោយមក ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​ទាញ​ឡើង​មកលើ​ដោយ​សុវត្ថិភាព និង​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យ។ បច្ចុប្បន្ន សុខភាព​របស់​ក្មេងស្រី​នេះ​បានល្អ​ប្រសើរ​វិញ​ហើយ។

    យោងតាម​សារព័ត៌មាន VNexpress កាលពី​ឆ្នាំ 2015 ហេតុការណ៍​ប្រហាក់ប្រហែល​នេះ​ក៏បាន​កើតឡើង​នៅ​វៀតណាម។ ក្នុងពេល​រត់​លេង ក្មេងស្រី​អាយុ 7 ឆ្នាំ​ម្នា​ក់បាន​ធ្លាក់ចូល​អណ្ដូង​ជម្រៅ 13 ម៉ែត្រ។ ក្រោយ​ការ​ប្រឹង​ប្រែង​អស់​​រយៈពេល 10 ម៉ោង ​ក្នុង​​ការជីក​អណ្ដូង​​មួយទៀត​នៅក្បែរ​នោះ អាជ្ញាធរ​ក៏​សង្គ្រោះបាន​ជោគជ័យ៕

  • ស្ត្រី​ម្នាក់​ដែល Messi ឱប​​ដោយ​សុភមង្គល​ដំបូង​គេ​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ជា​អ្នកណា?

    ស្ត្រី​ម្នាក់​ដែល Messi ឱប​​ដោយ​សុភមង្គល​ដំបូង​គេ​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ជា​អ្នកណា?

    (កាតា)- ទិដ្ឋភាព Lionel Messi ឱប​ស្ត្រី​ម្នាក់​នៅលើ​ទីលាន​ប្រកួត បន្ទាប់ពី​បញ្ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 កំពុងតែ​ធ្វើឱ្យមាន​ភាព​​រំជើបរំជួល​ដល់​​ពិភពលោក។

    វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បង្ហាញថា កាលពី​ថ្ងៃទី 18 ធ្នូ នៅពេល​ចប់​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី ដែល អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក៏បាន​អបអរ​ជ័យជម្នះ​នៅលើ​ទីលាន​ប្រកួត។ ពេល​នោះស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​រត់​មក​ទាញ​ដៃ​កំពូល​កីឡាករ​នេះ។ Messi ក៏​ងាកក្រោយ និង​ស្រវាឱប​ភ្លាម​ក្នុង​ភាពសប្បាយ​រីករាយ។ ចំណែក​ស្ត្រី​ម្នាក់នេះ​ក៏​យំ​នៅពេល​បានឮ Messi ខ្សឹបប្រាប់​រឿង​អ្វីមួយ។

    ស្ត្រី​វ័យ 42 ឆ្នាំនេះ​មានឈ្មោះ​ថា Antonia Farias ជា​មេ​ចុងភៅ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​ត្រូវបាន Messi និង​មិត្ត​រួម​ក្រុម​របស់គាត់​ហៅថា «បងស្រី»។

    នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល Antonia Farias ចូលរួម​អបអរសាទរ​ជ័យជម្នះ​របស់​ក្រុម​អា​ហ្ស​ង់​ទីន ក្រោយ​ដណ្ដើមបាន​ជោគជ័យ។ ឆ្នាំ 2021 មេ​ចុងភៅ​រូបនេះ​ក៏បាន​ធ្វើដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America នៅ ប្រេ​ស៊ី​ល និង​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ 1-0។ ពាក់កណ្ដាល​ឆ្នាំនេះ គាត់​ក៏មាន​វត្តមាន​នៅពេល​ក្រុម​អា​ហ្ស​ង់​ទីន ផ្ដួល អ៊ីតាលី នៅ Conmebol-UEFA Champions Cup 2022 ផងដែរ។

    Antonia Farias ចូលរួម​ជាមួយបម្រើ​​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីន ចាប់ពី​ឆ្នាំ 2010។ ក្នុង​រាល់​ការប្រកួត Antonia Farias មាន​តួនាទី​ស្រាវជ្រាវ​ ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខភាព​ដើម្បី​ត្រៀម​មុខ​អាហារ​ដែល​សមស្រប សុវត្ថិភាព និង​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​កីឡាករ។

    ដោយសារតែ​កិច្ចការ​ម៉ត់ចត់ និង​មនោសញ្ចេតនា​របស់ Antonia Farias ទើប​ធ្វើឱ្យ​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុងនោះ​មាន Messi ជាដើម ចាត់ទុក​ស្ត្រី​មេ​ចុងភៅ​រូបនេះ​ដូច​ទៅ​នឹង​សាច់ញាតិ៕

  • ជន​គ្មាន​ផ្ទះសំបែង​ម្នាក់​យំ​ខ្សឹកខ្សួល​នៅពេល​ទទួលបាន​អាវ Messi

    ជន​គ្មាន​ផ្ទះសំបែង​ម្នាក់​យំ​ខ្សឹកខ្សួល​នៅពេល​ទទួលបាន​អាវ Messi

    បរុស​គ្មាន​ផ្ទះសំបែង​ម្នា​ក់នៅ រដ្ឋធានី​របស់ អា​ហ្ស​ង់​ទីន យំ​ខ្សឹកខ្សួល នៅពេល​កំលោះ​មួយក្រុម​ជូន​អាវ Messi ដើម្បី​ចូលរួម​អបអរ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។

    វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 19 ធ្នូ បង្ហាញថា កំលោះ​ម្នាក់​ពាក់អាវ​លេខ 10 របស់​ខ្សែប្រយុទ្ធ Lionel Messi ឱប​បុរស​គ្មាន​ផ្ទះសំបែង​ម្នាក់​នៅលើ​ដងផ្លូវ​ក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ។ ក្រោយមក មាន​កំលោះ​ម្នាក់ទៀត​​ចូល​មក​​ក្បែរ ដោះអាវ​កីឡា​លេខ 10 ដែល​កំពុង​ពាក់ ជូនទៅ​បុរស​នោះ និង​ឱប​ដោយ​ក្ដី​អាណិតអាសូរ។

    បុរស​គ្មាន​ផ្ទះសំបែង​នោះ​ឱនក្បាល​សម្ដែង​ការ​អរគុណ ហើយក៏​កាន់​ថើប​អាវ យំ និង​ចាប់ផ្ដើម​ពាក់អាវ​ថ្មី​នោះ។ គាត់​លុតជង្គង់​លើផ្លូវ​បណ្ដើរ យំ​បណ្ដើរ និង​សំពះ ធ្វើ​កាយវិការ​ជា​ឈើឆ្កាង បង្ហាញ​ការ​បួងសួង​ជូនពរ។ កំលោះ​ម្នាក់​ផ្សេងទៀត​ក៏បាន​​ចូល​មក​​ឱប​​បុរស​នោះ ខណៈដែល​មនុស្ស​នៅ​ជុំវិញ​ស្រែក​ហ៊ោ​អបអរសាទរ។

    វីដេអូ​នេះ​បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​រំភើប រំជួលចិត្ត។ អ្នកខ្លះ​ថា ប្រហែលជា​យូរ​មកហើយ​ដែល​គាត់​មាន​អារម្មណ៍​ថា មិនអាច​ចូលរួម​បរិយាកាស​សប្បាយរីករាយ​ក្នុងសង្គម​នឹង​គេ។

    «ជួយ​ឱ្យ​គាត់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​ផង មិន​ដូច្នេះ​ទេ គាត់​នឹង​ក្លាយជា​មនុស្ស​នៅក្រៅ​ព្រឹត្តិការណ៍​នៅលើ​ទឹកដី​របស់ខ្លួន» អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​ដូច្នេះ។

    https://www.youtube.com/watch?v=2DLfy7Y28VM

    អា​ហ្ស​ង់​ទីន ដណ្ដើមបាន​តំណែង​ជើងឯក World Cup 2022 ក្នុង​គ្រា​ប្រទេស​នេះ​ប្រឈម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក។ អង្គការ​មនុស្សធម៌ Habitat for Humanity គណនា​ឃើញថា ប្រជាជន​អា​ហ្ស​ង់​ទីន ជាង 40% កំពុង​រស់នៅក្នុង​ភាពក្រីក្រ។ រូបភាព​អ្នក​គ្មាន​ផ្ទះសំបែង ឬ​អ្នកដើរ​លក់ទំនិញ​តាម​ដងផ្លូវ​គឺជា​រូបភាព​ដែល​គេ​មើលឃើញ​រាល់ថ្ងៃ​នៅក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែរ និង​បណ្ដា​ទីក្រុង​ដទៃ​ទៀត​​របស់ អា​ហ្ស​ង់​ទីន៕

  • ក្រុមហ៊ុន​មួយ​គ្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​នៅ​ខេត្តកណ្ដាល

    ក្រុមហ៊ុន​មួយ​គ្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​នៅ​ខេត្តកណ្ដាល

    សំណើសុំ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​របស់​ក្រុមហ៊ុន DAY SEN PACKAGE ទទួលបាន​ការអនុម័ត​រួចហើយ នេះ​បើតាម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី 20 ធ្នូ 2022។

    គម្រោង​វិនិយោគ​ដែល​ទើប​ទទួលបាន​ការអនុម័ត​ពី គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នេះ មាន​ទីតាំងនៅ ផ្លូវជាតិ​លេខ 51 ភូមិ​ស្រែ​អំព្រុំ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

    យោងតាម ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ក្រុមហ៊ុន DAY SEN PACKAGE គ្រោង​បណ្ដាក់ទុន ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ជិត 800 កន្លែង។

  • ពិភពលោក​សម្រេចបាន ​«កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ»

    ពិភពលោក​សម្រេចបាន ​«កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ»

    បណ្ដា​ប្រទេស​បាន​យល់ព្រម​ចុះហត្ថលេខា​លើ «កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ» ដើម្បី​ប្រែ​ត្រលប់ការបំផ្លិច​បំផ្លាញ​ចំពោះ​បរិស្ថាន និង​ប្រព័ន្ធ​ជីវសាស្ត្រ​ទូទាំង​សកលលោក​ដែល​បាន​កើត​ឡើង​រាប់​ទសវត្ស​រ៍​កន្លង។

    ក្រៅ​ការចរចា​ប្រកបដោយ​ភាព​តានតឹង 4 ឆ្នាំ ប្រទេស​ជាង 190 បាន​ជួប​ភិ​ភា​ក្សា​គ្នា​នៅក្នុង​សន្និសីទ​កំពូល​ស្ដីពី​ជីវចម្រុះ COP15 របស់ អង្គការសហប្រជាជាតិ ​ដែល​ចិន​ធ្វើជា​អ្នកសម្របសម្រួល និង​ត្រូវបាន​ធ្វើឡើង​នៅ ប្រទេស​កាណាដា ដើម្បី​សង្គ្រោះ​តំបន់​ដីគោក មហាសមុទ្រ និង​ជីវិត​នៅលើ​ផែនដី​ពី​ការបំពុល​បរិស្ថាន ឱនភាព និង​វិបត្តិ​អាកាសធាតុ។

    ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ព្រឹក​ថ្ងៃទី 19 ធ្នូ 2022 រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី​ចិន Huang Runqiu ប្រធាន COP15 ប្រកាសថា «សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ធម្មជាតិ» ត្រូវបាន​អនុម័ត បើ​ទោះ​មានការ​ជំទាស់​ពី សាធារណរដ្ឋ​កុង​ហ្កោ ជា​ប្រទេស​ដែល​ស្នើឱ្យ​មានការ​ផ្ដល់ជំនួយ​បន្ថែមទៀត​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

    មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) Ursul von der Leyen ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គឺជា «គ្រឹះ​សម្រាប់​សកម្មភាព​សកល​ស្ដីពី​ជីវចម្រុះ ជាការ​បំពេញបន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ទីក្រុងបារី​ស ស្ដីពី​អាកាសធាតុ»។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ក៏បាន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ខណៈដែល​អ្នកនាំពាក្យរ​បស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក Ned Price លើកសរសើរ​ថា នេះ​គឹជា​កិច្ចព្រមព្រៀង​ប្រកបដោយ «ភាព​សកល និង​មហិច្ឆតា»។

    «សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ធម្មជាតិ» នេះ​សន្យាថា ការពារ​ផ្ទៃដី​បៃតង​ចំនួន 30% នៅ​ឆ្នាំ 2030 ដោយ​ផ្ដល់ប្រាក់​ជំនួយ​ប្រចាំឆ្នាំ​ចំនួន 30 ពាន់​លាន​ដុល្លារ​សម្រាប់​ពិភពលោក​ដែល​កំពុង​អភិវឌ្ឍ និង​ទប់ស្កាត់​ការ​ផុត​ពូជ​របស់​ប្រភេទ​សត្វ រុក្ខជាតិ​ដែល​រង​ការគំរាមកំហែង​ដោយសារ​មនុស្ស។ កិច្ចព្រមព្រៀង​នេះ​ក៏​សន្យាថា ការពារ​សិទ្ធិ​របស់​ប្រជាជន​មូលដ្ឋាន​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​តំបន់​ដី​របស់​ពួកគេ។

    គោលដៅ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដទៃទៀត​ក្នុង​កិច្ចព្រមព្រៀង​នេះ រួមមាន ការ​សំច័យ​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​ការកាត់បន្ថយ​ជំនួយ​ផ្នែក​កសិកម្ម​ដែល​បង្ក​ផល​អាក្រក់​ដល់​បរិស្ថាន ការកាត់បន្ថយ​ហានិភ័យ​ពី​ថ្នាំ​ការពារ​ដំណាំ និង​ការដោះស្រាយ​បញ្ហា​សត្វ​ចង្រៃ។

    អ្នកគ្រប់គ្រង​របស់ អង្គការ​យុទ្ធនាការ​សម្រាប់​ធម្មជាតិ Brian O’Donnell បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «ការសន្យា​ការពារ​មហាសមុទ្រ និង​ដីគោក​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

    ក្រុម​អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​ប្រៀបប្រដូច​កិច្ចព្រមព្រៀង​នេះ​ទៅ​នឹង​ផែនការ​សម្រាប់​​រប​ត់​ថ្មី​ដើម្បី​កាត់បន្ថយ​ការកើនឡើង​កម្ដៅ​នៅ​ទូទាំង​សកលលោក​ក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​កិច្ចព្រមព្រៀងទីក្រុង​​បារី​ស​ស្ដីពី​អាកាសធាតុ​ឆ្នាំ 2015 បើ​ទោះ​អ្នកជំនាញ​ខ្លះ​ព្រមាន​ថា វា​មិនទាន់​គ្រប់គ្រាន់៕

    រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី​ចិន Huang Runqiu ប្រធាន COP15
  • ឱសថ​ថ្មី​ដែល​ត្រូវគេ​រំពឹងថា អាច​ព្យាបាល​ទាំង​ជំងឺ​កូ​វីដ ទាំង​ជំងឺមហារីក

    ឱសថ​ថ្មី​ដែល​ត្រូវគេ​រំពឹងថា អាច​ព្យាបាល​ទាំង​ជំងឺ​កូ​វីដ ទាំង​ជំងឺមហារីក

    (សហរដ្ឋ​អាម៉េរិក)- ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ California ខាងត្បូង ទើបតែ​បានប្រកាស​អំពី​ឱសថ​ថ្មី​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ទាំង​ជំងឺ​កូ​វីដ-19 ទាំង​ជំងឺមហារីក​ច្រើន​ប្រភេទ។

    យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Nature Communications សាស្ត្រាចារ្យ Amy Lee នៅ​សាលា​វេជ្ជសាស្ត្រ Keck រួម​នឹង​មិត្ត​រួមការ​ងារ បាន​រកឃើញ GRP78 ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​តួនាទី​សំខាន់​ក្នុង​ការឆ្លង​រាលដាល​នៃ​វីរុស nCoV និង​វីរុស​មួយចំនួនទៀត។ ការទប់ស្កាត់​ដំណើរ​ការផលិត GRP78 ដោយ​ប្រើប្រាស់​ថ្នាំ HA15 នឹងអាច​​ទប់ទល់​ការកើនឡើង​នៃ​បរិមាណ​វីរុស។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​ឧបករណ៍ mRNA ដើម្បី​ទប់ស្កាត់​ការផលិត​ប្រូតេអ៊ីន GRP78 នៅក្នុង​កោសិកា​សួត​របស់​មនុស្ស។ នៅពេល​កោសិកា​ឆ្លង nCoV ពួកវា​នឹង​បង្កើត​ប្រូតេអ៊ីន​បំប្លែង​ខ្លួន ហើយ​បរិមាណ​វីរុស​នឹងត្រូវ​មាន​កម្រិត​ទាប​ជាង និង​ពិបាក​ឆ្លង​ទៅកាន់​កោសិកា​ដទៃ​ជាង​មុន។

    ក្នុង​ការសិក្សា​ស្រាវជ្រាវ​ដោយឡែក​មួយទៀត សាស្ត្រាចារ្យ Lee ក៏បាន​បង្ហាញ​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំ HA15 នៅក្នុង​ការព្យាបាល​ជំងឺមហារីក​ផងដែរ។ ការរកឃើញ​ដែល​ត្រូវបាន​ប្រកាស​កាលពីពេលថ្មីៗកន្លងទៅ​នៅលើ​ទស្សនាវដ្ដី Neoplasia បង្ហាញថា ការកំណត់​គោលដៅ​ទៅលើ​បណ្ដា​ប្រូតេអ៊ីន​ជាក់លាក់ នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក។

    ការ​ប្រើប្រាស់​ថ្នាំ HA15 ជាមួយនឹង​ថ្នាំ YUM70 អាច​ទប់ស្កាត់​ការផលិត​ KRAS ដែលជា​ប្រូតេអ៊ីន​បំប្លែង​ខ្លួន អាច​បន្សាប​​ថ្នាំ​ ឬ​ហៅ​ថា ស៊ាំនឹង​ថ្នាំ។ ថ្នាំ HA15 និង YUM70 ជួយ​បង្កើន​សមត្ថភាព​រស់រាន​របស់​បណ្ដា​កោសិកា​លំពែង សួត និង​ពោះវៀនធំ ដែល​ឆ្លង​ជំងឺមហារីក។

    មុន​នោះ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ក៏បាន​បង្ហាញថា វ៉ាក់សាំង​កូ​វីដ-19 មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺមហារីក។ មូលហេតុ​គឺការ​ព្យាបាល​ដែល​​សំដៅលើ​បណ្ដា​ប្រូ​តេ​អ៊ី​ន និង​កោសិកា។ ការស្រាវជ្រាវ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 ធ្នូ របស់​ក្រុមហ៊ុន Moderna បង្ហាញថា វ៉ាក់សាំង​ព្យាបាល​ជំងឺមហារីក​ដែល​យោងទៅលើ​បច្ចេកវិទ្យា mRNA មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ដុំ​សាច់​សាហាវ​នៅលើ​ស្បែក៕

  • ករណីឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 នៅ​កម្ពុជា បាន​ថយ​ចុះច្រើន​ ក្នុង​អំឡុង 24 ម៉ោង​កន្លង

    ករណីឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 នៅ​កម្ពុជា បាន​ថយ​ចុះច្រើន​ ក្នុង​អំឡុង 24 ម៉ោង​កន្លង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 19 នាក់ និង​ជាសះស្បើយ 23 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 19 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 20 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,438 នាក់, អ្នកជាសះស្បើយ 135,247 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។