ឱសថ​ថ្មី​ដែល​ត្រូវគេ​រំពឹងថា អាច​ព្យាបាល​ទាំង​ជំងឺ​កូ​វីដ ទាំង​ជំងឺមហារីក

(សហរដ្ឋ​អាម៉េរិក)- ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ California ខាងត្បូង ទើបតែ​បានប្រកាស​អំពី​ឱសថ​ថ្មី​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ទាំង​ជំងឺ​កូ​វីដ-19 ទាំង​ជំងឺមហារីក​ច្រើន​ប្រភេទ។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Nature Communications សាស្ត្រាចារ្យ Amy Lee នៅ​សាលា​វេជ្ជសាស្ត្រ Keck រួម​នឹង​មិត្ត​រួមការ​ងារ បាន​រកឃើញ GRP78 ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​តួនាទី​សំខាន់​ក្នុង​ការឆ្លង​រាលដាល​នៃ​វីរុស nCoV និង​វីរុស​មួយចំនួនទៀត។ ការទប់ស្កាត់​ដំណើរ​ការផលិត GRP78 ដោយ​ប្រើប្រាស់​ថ្នាំ HA15 នឹងអាច​​ទប់ទល់​ការកើនឡើង​នៃ​បរិមាណ​វីរុស។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​ឧបករណ៍ mRNA ដើម្បី​ទប់ស្កាត់​ការផលិត​ប្រូតេអ៊ីន GRP78 នៅក្នុង​កោសិកា​សួត​របស់​មនុស្ស។ នៅពេល​កោសិកា​ឆ្លង nCoV ពួកវា​នឹង​បង្កើត​ប្រូតេអ៊ីន​បំប្លែង​ខ្លួន ហើយ​បរិមាណ​វីរុស​នឹងត្រូវ​មាន​កម្រិត​ទាប​ជាង និង​ពិបាក​ឆ្លង​ទៅកាន់​កោសិកា​ដទៃ​ជាង​មុន។

ក្នុង​ការសិក្សា​ស្រាវជ្រាវ​ដោយឡែក​មួយទៀត សាស្ត្រាចារ្យ Lee ក៏បាន​បង្ហាញ​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំ HA15 នៅក្នុង​ការព្យាបាល​ជំងឺមហារីក​ផងដែរ។ ការរកឃើញ​ដែល​ត្រូវបាន​ប្រកាស​កាលពីពេលថ្មីៗកន្លងទៅ​នៅលើ​ទស្សនាវដ្ដី Neoplasia បង្ហាញថា ការកំណត់​គោលដៅ​ទៅលើ​បណ្ដា​ប្រូតេអ៊ីន​ជាក់លាក់ នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក។

ការ​ប្រើប្រាស់​ថ្នាំ HA15 ជាមួយនឹង​ថ្នាំ YUM70 អាច​ទប់ស្កាត់​ការផលិត​ KRAS ដែលជា​ប្រូតេអ៊ីន​បំប្លែង​ខ្លួន អាច​បន្សាប​​ថ្នាំ​ ឬ​ហៅ​ថា ស៊ាំនឹង​ថ្នាំ។ ថ្នាំ HA15 និង YUM70 ជួយ​បង្កើន​សមត្ថភាព​រស់រាន​របស់​បណ្ដា​កោសិកា​លំពែង សួត និង​ពោះវៀនធំ ដែល​ឆ្លង​ជំងឺមហារីក។

មុន​នោះ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ក៏បាន​បង្ហាញថា វ៉ាក់សាំង​កូ​វីដ-19 មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺមហារីក។ មូលហេតុ​គឺការ​ព្យាបាល​ដែល​​សំដៅលើ​បណ្ដា​ប្រូ​តេ​អ៊ី​ន និង​កោសិកា។ ការស្រាវជ្រាវ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 ធ្នូ របស់​ក្រុមហ៊ុន Moderna បង្ហាញថា វ៉ាក់សាំង​ព្យាបាល​ជំងឺមហារីក​ដែល​យោងទៅលើ​បច្ចេកវិទ្យា mRNA មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ដុំ​សាច់​សាហាវ​នៅលើ​ស្បែក៕

Advertisement