Author: សឿន សំណាង

  • 4 ក្រុម​ហ៊ុន​គ្រោង​វិនិយោគ​ជាង 16 លាន​ដុល្លារ​បង្កើត​រោង​ចក្រ​ថ្មី​នៅ​កម្ពុជា

    4 ក្រុម​ហ៊ុន​គ្រោង​វិនិយោគ​ជាង 16 លាន​ដុល្លារ​បង្កើត​រោង​ចក្រ​ថ្មី​នៅ​កម្ពុជា

    គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន 4 កន្លែង​នៅ ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង 16 លាន​ដុល្លារ​អាម៉េរិក​នេះ នឹង​បង្កើត​ការងារ​ជាង 700 នាក់។

    គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន 4 រួមមាន ៖

    ក្រុមហ៊ុន QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​​ទុន​វិនិយោគ​​ប្រមាណ 6.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 300 នាក់។

    ក្រុមហ៊ុន CHUANGJU PLASTICS (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ប្រមាណ 6.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 300 នាក់។

    ក្រុមហ៊ុន TB PACKAGING (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ពី​ក្រដាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន 2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 80 នាក់។

    ក្រុមហ៊ុន VP PRINTING AND PACKAGING CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​បោះពុម្ព និង​ផលិត​ផលិតផល​វិច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​ល​យ៉ា​ល់ គ្រុប ភ្នំពេញ, រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 1.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 60 នាក់៕

  • រកឃើញ​ពិភព​ចំនួន​ពីរ​ក្នុង​តំបន់​អាច​រស់​នៅបាន និង​ស្ថិត​​នៅ​មិន​ឆ្ងាយ​ពី​ផែនដី

    រកឃើញ​ពិភព​ចំនួន​ពីរ​ក្នុង​តំបន់​អាច​រស់​នៅបាន និង​ស្ថិត​​នៅ​មិន​ឆ្ងាយ​ពី​ផែនដី

    ពិភព​ទាំងពីរ​ដែល​ទើបត្រូវ​បាន​រកឃើញ​នេះ មាន​ម៉ាស​ប៉ុននឹង​ផែនដី និង​វិល​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​ក្រហម GJ 1002 ដែល​មាន​ចម្ងាយ 16 ឆ្នាំ​ពន្លឺ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ពិភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ចំនួន 2 ដែល​អាច​រស់​នៅបាន កំពុង​វិលជុំ​វិញ​ផ្កាយ​មេ​របស់​ពួកវា​ដែលមាន​ឈ្មោះថា GJ 1002។ ពួកវា​មាន​ចម្ងាយ​ពី​ផែនដី​ត្រឹមតែ 16 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ និង​មាន​ម៉ាស​ប៉ុន​នឹង​ផែនដី ​ស្ថិតក្នុង​តំបន់​ដែល​អាចមាន​ជីវិត ពោលគឺ​មិន​ក្ដៅ​ពេក ហើយក៏​មិន​ត្រជាក់​ពេក ដែល​អនុញ្ញាត​ឱ្យមាន​វ​ត្ត​មានទឹក​រាវ។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Astronomy & Astrophysics និង Space កាលពី​ថ្ងៃទី 20 ធ្នូ 2022។

    ពិភព​ GJ 1002b ​ដែល​ស្ថិតនៅ​ខាងក្នុង​បង្អស់​​ ចំណាយពេល​​ប្រហែល​តែ 10 ថ្ងៃ​ប៉ុណ្ណោះ​គឺ​បញ្ចប់​ការ​គោចរ​​មួយ​ជុំ​ផ្កាយ​មេ ខណៈដែល​ពិភព​មួយទៀត​គឺ GJ 1002C ត្រូវការ​ពេល 21 ថ្ងៃ។

    យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Canarias (IAC) ផ្កាយ​ GJ 1002 មាន​ម៉ាស​ស្មើនឹង 1/8 នៃ​ម៉ាស​ព្រះអាទិត្យ។

    ការ​ប្រៀប​ធៀប​រវាង​បណ្ដា​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ និង​ភព​ក្នុង​ប្រព័ន្ធ​ផ្កាយ GJ 1002

    របកគំហើញ​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រវាង​ឧបករណ៍ ESPRESSO របស់​ស្ថានីយ​សង្កេត​អឺរ៉ុប​ខាងត្បូង (ESO) ស្ថិតនៅលើ​សមុទ្រ​ខ្សាច់ Atacama ក្នុង​ប្រទេស​ស៊ី​លី និង CARMENES ក្នុង​ឯ​ស្ថានីយ Calar Alto នៅ Andalucia ប្រទេស​អេ​ស្ប៉ា​ញ។ CARMENES តាមដាន GJ 1002 ចាប់ពី​ឆ្នាំ 2017 ដល់ 2019 ចំណែក ESPRESSO ប្រមូល​ទិន្នន័យ​ស្ដីពី​ផ្កាយ​ក្រហម​អំឡុង​ឆ្នាំ 2019 ដល់ 2021៕

  • ក្រុមហ៊ុន​ចិន អភិវឌ្ឍ​បណ្ដាញ​ផ្កាយរណបផ្គត់ផ្គង់​​អ៊ី​ន​ធើ​ណិ​តដូច Starlink

    ក្រុមហ៊ុន​ចិន អភិវឌ្ឍ​បណ្ដាញ​ផ្កាយរណបផ្គត់ផ្គង់​​អ៊ី​ន​ធើ​ណិ​តដូច Starlink

    ក្រុមហ៊ុន​ឯកជន GalaxySpace របស់ ប្រទេស​ចិន កំពុង​បង្កើនល្បឿន​ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ «បណ្ដុំ​ផ្កាយរណប» ដើម្បី​បង្កើត​បណ្ដាញ​បញ្ជូន​អ៊ី​ន​ធើ​ណិ​ត 5G ទូទាំង​សកលលោក។

    GalaxySpace បានឱ្យដឹងថា បណ្ដាញ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ដែល​ពួកគេ​រចនា​ឡើង អាច​ដាក់​ត្រួត​​លើ​គ្នា​រាប់សិប​គ្រឿង និង​បាញ់​បង្ហោះ​ដំណាលគ្នា​ក្នុង​រ៉ុក្កែត​តែមួយ ដែល​នេះ​អាចជួយ​កាត់បន្ថយ​ការចំណាយ​ទៅ​លើ​ការ​ប្រើប្រាស់​​រ៉ុក្កែត និង​ពេលវេលា​សម្រាប់​សាងសង់​បណ្ដាញ​ផ្កាយរណប។

    ក្រុមហ៊ុន GalaxySpace បានកំណត់​គោលដៅ​បាញ់​បង្ហោះ​បណ្ដាញ​ផ្កាយរណប​ទៅក្នុង​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី និង​បង្កើត​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត 5G នៅ​ទូទាំង​ពិភពលោក។ កាលពី​ថ្ងៃទី 05 មីនា 2022 ក្រុមហ៊ុន​នេះ​បាន​បាញ់​បង្ហោះ​ផ្កាយរណប 6 គ្រឿង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Xichang ជាទី​ដែល​បានបញ្ជាក់​អំពី​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត និង​សមត្ថភាព​នៃ​ការផ្ដល់​សេវាកម្ម​របស់ «បណ្ដុំ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត»។

    Chang Ming ប្រធាន​គម្រោង​ផ្កាយរណប​របស់ GalaxySpace បានឱ្យដឹងថា ការអភិវឌ្ឍ​ប្រព្រឹត្ត​ទៅ​បាន​រលូន។ ​ផ្កាយរណប​ដែល​អាច​ត្រូវ​បានដាក់​ត្រួត​​លើ​គ្នា​របស់​ក្រុមហ៊ុន​នេះ​នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ដើមឆ្នាំ​ក្រោយ៕

  • យន្តហោះ​យោធា​ចិន​ជាង 40 គ្រឿង ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់

    យន្តហោះ​យោធា​ចិន​ជាង 40 គ្រឿង ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់

    យន្តហោះ​ចម្បាំង និង​យន្តហោះ​ឈ្លបយកការណ៍ 43 គ្រឿង​របស់ ប្រទេស​ចិន ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​លើ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅក្នុង​ការចូល​ទៅជិត​កោះ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​នាពេល​កន្លង។

    ស្ថាប័ន​ស្វ័យការពារ​របស់ កោះ​តៃវ៉ាន់ ថ្ងៃនេះ​បានឱ្យដឹងថា យន្តហោះ​យោធា 71 គ្រឿង និង​នាវា​យោធា​ចិន 7 គ្រឿង បានបង្ហាញ​ខ្លួន​នៅក្នុង​តំបន់​នានា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ កាលពី​ព្រឹក​ថ្ងៃទី 26 ធ្នូ 2022។ ក្នុងចំណោម​នេះ មាន​យន្តហោះ​ចម្បាំង​ធុន​ធ្ងន់ J-11, J-16 និង Su-30 ចំនួន 36 គ្រឿង និង​យន្តហោះ​ចម្បាំង​ធុន​ស្រាល J-10 ចំនួន 6 គ្រឿង រួម​នឹង​យន្តហោះ​ឈ្លបយកការណ៍​គ្មាន​មនុស្ស​បើក (UAV) CH-4 ចំនួន 1 គ្រឿង បាន​ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​របស់​ច​ក្រ​សមុទ្រ​តៃវ៉ាន់ ជា​ខ្សែបន្ទាត់​ដែល​គេ​យល់ថា​ជា​ព្រំដែន​កំណត់​ច្រក​សមុទ្រ​តៃវ៉ាន់។

    យន្តហោះ 4 គ្រឿង​​ក៏​បង្ហាញ​វត្ត​មាននៅ​ភាគ​និរតី​នៃ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់ រួមមាន​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8, យន្តហោះ​ចម្បាំង​ផ្នែក​អេ​ឡេ​ត្រូ​និក, UAV WZ-7 និង​យន្តហោះ​ព្រមាន​រហ័ស KJ-500។

    នេះ​គឺជា​យុទ្ធនាការ​ឡោមព័ទ្ធ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ចិន នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ «យើង​បន្ត​តាមដាន​សភាពការណ៍ និង​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង នាវាចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​ដើម្បី​ប្រតិកម្ម​នឹង​សកម្មភាព​នេះ» ស្ថាប័ន​ស្វ័យការពារ​របស់ កោះ​តៃវ៉ាន់ បញ្ជាក់​ដូច្នេះ ខណៈដែល​ភាគី​ខាង ប្រទេស​ចិន មិនទាន់​បញ្ចេញ​យោបល់​អ្វី​នៅឡើយ។

    ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើមយក​មកកាន់​កាប់ បើសិនជា​ចាំបាច់។ សហរដ្ឋ​អាម៉េរិក ទទួលស្គាល់​គោលនយោបាយ «ចិន​តែមួយ» ប៉ុន្តែ គឺជា​អ្នកផ្គត់ផ្គង់​ផ្នែក​យោធា​សំខាន់បំផុត​របស់ កោះ​តៃវ៉ាន់ ដើម្បី​ជួយ​ឱ្យ កោះ​នេះ​អាច​ការពារ​ខ្លួន​ពី​សត្រូវ​៕

  • «បញ្ជី​ឈ្មោះក្រុម​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុតប្រចាំ​​ឆ្នាំ 2022» របស់ L’Équipe

    «បញ្ជី​ឈ្មោះក្រុម​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុតប្រចាំ​​ឆ្នាំ 2022» របស់ L’Équipe

    Lionel Messi និង Kylian Mbappe ជាដើម សុទ្ធតែ​មានឈ្មោះ ប៉ុន្តែ Cristiano Ronaldo វិញ មិនមាន​វត្តមាន​នៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ 2022 ដែល​ជ្រើសរើស​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កីឡា​បារាំង L’Équipe។

    ក្នុង​ក្រុម​ទម្រង់ 4-4-2 ដែល L’Équipe បានប្រកាស​កាលពី​ថ្ងៃទី 24 ធ្នូ 2022 Mbappe និង Karim Benzema ត្រូវបាន​ដាក់​ជា​គូ​នៅលើ​ខ្សែប្រយុទ្ធ។ Mbappe ទទួលបាន​ជោគជ័យ​ក្នុងឆ្នាំនេះ ទាំង​នៅក្នុង​ថ្នាក់​ក្លឹប ទាំង​ថ្នាក់​ក្រុម​ជម្រើសជាតិ ដោយ​រកបាន 55 គ្រាប់។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំនេះ បង្កើតបាន hat-trick (ស៊ុត​បញ្ចូល​ទី 3 គ្រាប់​ក្នុង 1 ប្រកួត) ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 ពេល​ប៉ះ​នឹង អា​ហ្ស​ង់​ទិន ហើយ​ដណ្ដើមបាន​ស្បែកជើង​មាស​សម្រាប់​តំណែង​ស្ដេច​កម្ទេច​សំណាញ់ ដោយ​រកបាន 8 គ្រាប់ និង​ដណ្ដើមបាន​ពាន Ligue 1 ជាមួយនឹង​ក្លឹប PSG។

    Benzema មិនបាន​ចូលរួម​ប្រកួត​នៅ World Cup 2022 ប៉ុន្តែ ជា​កីឡា​ខ្លាំង​នៅ​ថ្នាក់​ក្លឹប ដោយសារ​រកបាន​ពានរង្វាន់ធំៗចំនួន 3 ក្នុង 1 រដូវ​កាល (Treble) រួមមាន Super Cup អេ​ស្ប៉ា​ញ, La Liga, Champions League នាំឱ្យ​គាត់​ទទួលបាន​គ្រាប់​បាល់​មាស។ ជា​សរុប Benzema ស៊ុត​បញ្ចូល​ទី​បាន 31 គ្រាប់​ក្នុង 12 ខែ​កន្លង។

    កីឡាករ​បារាំង មួយរូប​ផ្សេងទៀត​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ L’Équipe គឺ Theo Hernandez។ ចំណែក Messi ត្រូវ​បានដាក់​ក្នុង​ខ្សែបម្រើ​ខាងស្ដាំ​ក្នុង​ក្រុម​របស់ L’Équipe។ Messi មិនសូវ​ជោគជ័យ​នៅ PSG ប៉ុន្តែ នៅ World Cup 2022 កីឡាករ​អា​ហ្ស​ង់​ទីន រូបនេះ ដណ្ដើមបាន​ពានរង្វាន់​ជាច្រើន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 7 គ្រាប់។

    L’Équipe ក៏បាន​លើកតម្កើង កីឡាករ 4 រូប​នៅ លី​គ​កំពូល​អង់គ្លេស (English Premier League) គឺ Kevin de Bruyne, Kyle Walker, Casemiro និង Virgil van Dijk។ អតីត​មិត្ត​រួម​ក្រុម​ពីរ​នាក់​របស់​កីឡាករ​ប្រេ​ស៊ី​ល គឺ ខ្សែបម្រើ Luka Modriic និង​អ្នកចាំទី Thibaut Courtois ក៏មាន​វត្តមាន​ផងដែរ។

    ទីតាំង​ចុងក្រោយ​ក្នុង​ក្រុម​របស់ L’Équipe គឺ​បាន​ទៅលើ Josko Gvardiol។ នៅ World Cup 2022 ខ្សែការពារ​វ័យ 20 ឆ្នាំនេះ ទប់ស្កាត់​បាល់​បាន 37 លើក និង​អូស​បាល់​ឡើង​ទៅលើ​បាន 202 លើក ហើយ​ដណ្ដើមបាន​បាល់ 48 លើក។

    បញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ឆ្នើមបំផុតឆ្នាំ 2022 របស់ L’Équipe

    Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​របស់ L’Équipe។ នៅ Man Utd កីឡាករ​នេះ​បាត់បង់​តំណែង​ជា​កីឡាករ​ជម្រើស​ដំបូង និង​រក​បានតែ 3 គ្រាប់។ នៅ World Cup 2022 Ronaldo ក៏​រក​បានតែ 1 គ្រាប់ និង​បាត់បង់​តំណែង​ជា​កីឡាករ​ជម្រើស​ដំបូង​នៅពេល ព័រទុយហ្កាល់ ឈ្មោះ ស្វ៊ី​ស 6-1 ក្នុង​វគ្គ 18 ក្រុម និង​ចាញ់ ម៉ា​រ៉ុ​ក 0-1 ក្នុង​វគ្គ 8 ក្រុម។

    L’Équipe គឺជា​ទីភ្នាក់ងារសារព័ត៌មាន​កីឡា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1946 និង​មានឈ្មោះ​ល្បីល្បាញ និង​ពេញនិយម​ជាងគេ​នៅ ប្រទេស​បារាំង៕

  • កម្ពុជា បើក​ការដ្ឋាន​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 41 ពី​ខេត្តកណ្ដាល​ដល់​ខេត្ត​កំពក

    កម្ពុជា បើក​ការដ្ឋាន​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 41 ពី​ខេត្តកណ្ដាល​ដល់​ខេត្ត​កំពក

    ផ្លូវជាតិ​លេខ 41 អតីត​ផ្លូវ​ព្រះបាទ​អង្គឌួង ពី​ថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់​ស្រុក​ជុំ​គិរី ខេត្តកំពត ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ស្ដារ និង​លើក​កម្រិត​គុណភាព​នៅ​ព្រឹក​ថ្ងៃទី 26 ធ្នូ 2022 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្នុង​ពិធី​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 41 នឹងត្រូវ​សាងសង់​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ 5 សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ 12 ម៉ែត្រ។ គម្រោង​នេះ នឹង​ពង្រីក​ស្ពាន​ចាស់​ចំនួន 1 កន្លែង ដាក់លូ បំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​ជាដើម។ល។

    ផ្លូវជាតិ​លេខ 41 នេះ ឆ្លងកាត់​ខេត្ត​ចំនួន 4 រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ក៏ដូចជា​ត​ភ្ជាប់​ទៅកាន់​កំពង់ផែ​ពហុ​បំណង​ខេត្តកំពត និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ដែល​កំពុង​សាងសង់ កំពង់ផែ​ទេសចរណ៍​ខេត្តកំពត និង​កំពង់ផែ​ទេសចរណ៍​ខេត្ត​កែប-កោះទន្សាយ ដែល​ទើប​សាងសង់​រួច។ តាមរយៈ​ខ្សែ​ផ្លូវជាតិ​លេខ 3 លេខ 4 លេខ 31 និង​លេខ 33 ផ្លូវជាតិ​លេខ 41 នេះ​ក៏​ត​ភ្ជាប់​ទៅ​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​នៅតាម​បណ្តា​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ។

    គម្រោង​ដែលមាន​ប្រវែង​សរុប​ជាង 95 គីឡូម៉ែត្រ គិត​ចាប់ពី​ថ្នល់ទទឹង (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 4) ខេត្តកណ្តាល ទៅដល់​ស្រុក​ជុំ​គិរី (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 3) ខេត្តកំពត នេះ នឹងត្រូវ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ឆ្នាំ 2026។ គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​សរុប​ជាង 67 លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា៕

  • ទិដ្ឋភាព​ព្យុះ​ព្រឹល​វាយប្រហារ​ទឹកដី​អាម៉េរិក ក្នុង​រដូវ​បុណ្យ​ណូអែល

    ទិដ្ឋភាព​ព្យុះ​ព្រឹល​វាយប្រហារ​ទឹកដី​អាម៉េរិក ក្នុង​រដូវ​បុណ្យ​ណូអែល

    ព្យុះ​ព្រឹល​ដ៏​ធំកើត​មាន​នៅ​​ក្នុង​រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ នាំឱ្យមាន​ព្រឹលធ្លាក់​​យ៉ាង​ក្រាស់​ បណ្ដាលឱ្យ​តំបន់​ខ្លះ​ត្រូវ​កក បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

    ព្យុះ​ព្រឹល​ចាប់ផ្ដើមកើត​មាន​​ពី​តំបន់​សម្ពាធ​ទាប​លើ Five Great Lakes បន្ត​ប្រែប្រួល​នៅ សហរដ្ឋ​អាម៉េរិក បង្ក​ការខូចខាត​ក្នុង​ទ្រង់ទ្រាយ​ធំ ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​ក្នុង​រដូវ​បុណ្យ​ណូអែល។ រដ្ឋ​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ និង​មាន​ភ្លៀង ទឹកជំនន់ ហើយ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង។

    ទ្រង់ទ្រាយ​របស់​ព្យុះ​ព្រឹល​នេះ ស្ទើរតែ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​វា​អូសបន្លាយ​ពី​តំបន់ Five Great Lakes ក្បែរ ប្រទេស​កាណាដា រហូតដល់ Rio Grande តាម​បណ្ដោយ​ព្រំដែន​ជាមួយនឹង ម៉ិ​ក​ស៊ិ​ក។

    ស្ថាប័ន​ជាតិ​ឧតុនិយម (NWS) គណនា​ឃើញថា ពលរដ្ឋ​អាម៉េរិក ប្រហែល 60% បានទទួល​សេចក្ដី​ព្រមាន ឬការណែនាំ​អំពី​គ្រោះថ្នាក់​ធម្មជាតិ​មួយ​នេះ។ ជើងហោះហើរ​ជាង 2,300 ត្រូវបាន​លុបចោល​ក្នុង​ថ្ងៃទី 24 ធ្នូ។

    អភិបាលក្រុង New York បានឱ្យដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ស្ទើរតែ​ទាំងអស់​ត្រូវ​ជាប់គាំង។ ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ត្រូវ​បិទទ្វារ​រហូតដល់​ថ្ងៃទី 26 ធ្នូ។

    បាតុភូតធម្មជាតិ​ដ៏​អាក្រក់​នេះ ក៏​ធ្វើឱ្យ​ផ្ទះ និង​ទីតាំង​អាជីវកម្ម​រាប់សែន​កន្លែង​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​ដាច់ភ្លើង។ មនុស្ស​រាប់លាន​នាក់​រស់នៅក្នុង​ស្ថានភាព​ព្រួយបារម្ភ​អំពី​ការ​ដាច់​ភ្លើង ខណៈដែល​សកម្មភាពរ​បស់​ប៉ូលិស និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ក៏ត្រូវ​ជាប់គាំង។

    យ៉ាងហោចណាស់​មាន​មនុស្ស 22 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ទាក់ទង​នឹង​ព្យុះ​ព្រឹល​នៅ សហរដ្ឋ​អាម៉េរិក។ តំបន់​មួយចំនួន​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នកដំណើរ​ដែល​ជាប់​នៅលើ​ដងផ្លូវ​ដោយសារ​ព្រឹល៕

  • តម្លៃ​ខ្លួន​របស់​​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កើនឡើង​ខ្ពស់ ក្រោយ World Cup 2022

    តម្លៃ​ខ្លួន​របស់​​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កើនឡើង​ខ្ពស់ ក្រោយ World Cup 2022

    តម្លៃខ្លួន​​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កើន 69 លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 នេះ​បើតាម​សារព័ត៌មាន​កីឡា​របស់ អាល្លឺម៉ង់ Transfermarkt ចុះផ្សាយ​កាលពី​ថ្ងៃទី 23 ធ្នូ។

    ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន មាន​កីឡាករ 7 រូប​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់​នៅក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ ពិសេស​គឺ Enzo Fernandez។ ដោយ​តម្លៃ​ខ្លួន​កើន​ពី 37 លាន ឡើងដល់ 58 លាន​ដុល្លារ​អាម៉េរិក Fernandez គឺជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់​ខ្លាំងជាងគេ​នៅ​ឆ្នាំ 2022។

    កាលពី​រដូវក្ដៅ 2021 Benfica ទិញ​កីឡាករ Fernandez វ័យ 21 ឆ្នាំ ពី River Plate ក្នុងតម្លៃ​មិន​ដល់ 13 លាន​ដុល្លារ​អាម៉េរិក។ Benfica ត្រូវបាន​គេ​ជឿថា នឹង​រកបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការដោះដូរ​កីឡាករ Fernandez នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​ខាងមុខ។ កិច្ចសន្យា​របស់ Fernandez ជាមួយនឹង Benfica នៅមាន​សុពលភាព​ដល់​ឆ្នាំ 2027។

    Fernandez ទទួល​បានការ​សាទរ​ខ្លាំង​នៅពេល​បណ្ដើរ​បាល់ និង​ស៊ុត​បាល់​ហោះ​កោង​ខ្ពស់​សំដៅ​ទី ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0 ក្នុងការ​ប្រកួត​ជុំ​ទី​ពីរ​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022។ ក្រោយ​រកបាន 1 គ្រាប់​នេះ Fernandez ក៏​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង ហើយ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup 2022។ Fernandez មានតម្លៃ​ខ្លួន​ស្មើនឹង​ខ្សែបម្រើ Cristian Romero របស់ Tottenham ហើយក៏​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី Lautaro Martinez។

    ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្រៅពី Fernandez ក៏​នៅមាន​កីឡាករ​ច្រើន​រូប​ទៀត​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់ រួមមាន​ដូចជា Julian Alvarez កើន​ពី 34 លាន ឡើងដល់ 53 លាន​ដុល្លារ​អាម៉េរិក និង Lionel Messi 53 លាន​ដុល្លារ។

    កីឡាករ Enzo Fernandez

    កីឡាករ​អា​ហ្ស​ង់​ទីន ដែល​ត្រូវ​បានកំណត់​តម្លៃ​ខ្លួន​ទាប​ជាងគេ​គឺ Nicolas Otamendi (3.1 លាន​ដុល្លារ), Franco Armani (3.4 លាន), Alejandro Gomez (4.2 លាន) និង German Pezzella (5.3 លាន)។ ចំណែក​កីឡាករ​លេចធ្លោ រួមមាន Emiliano Martinez (26.6 លាន), Alexis Mac Allister (34 លាន), Rodrigo De Paul (37 លាន), និង Nahuel Molina (19 លាន)។

    តម្លៃ​ខ្លួន​សរុប​របស់​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នាបច្ចុប្បន្ន​គឺ 757 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 69 លាន​ដុល្លារ​ ​ធៀប​នឹង 688 លាន​ដុល្លារ មុន World Cup 2022៕

  • Richarlison ទទួលបាន «ពានរង្វាន់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត» នៅ World Cup 2022

    Richarlison ទទួលបាន «ពានរង្វាន់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត» នៅ World Cup 2022

    (កាតា)- ការ​លោត​ផ្ដេកខ្លួន​ទាត់​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ដែល ប្រេ​ស៊ី​ល ឈ្នះ ស៊ែ​ប៊ី 2-0 ត្រូវបាន​ជ្រើសរើស​ជា​ឈុត​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត​នៅ World Cup 2022 ដែល​ទើបតែ​បានបញ្ចប់​នៅ កាតា កាលពី​ថ្ងៃទី 18 ធ្នូ 2022។

    កាលពី​ថ្ងៃទី 23 ធ្នូ FIFA បានប្រកាសថា Richarlison របស់ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល គឺជា​អ្នកទទួលបាន​«ពានរង្វាន់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត» នៅ World Cup 2022។ ឈុត​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល នៅក្នុង​ជុំ​ដំបូង​ក្នុង​ពូ​ល G ដែល ស៊ែ​ប៊ី បាន​ចាញ់ 2-0 កាលពី​ថ្ងៃទី 24 វិច្ឆិកា 2022 ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ច្រើនជាងគេបង្អស់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​លើ​គេហទំព័រ​របស់ FIFA។

    Richarlison ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើប្រាស់​បច្ចេកទេស​ល្អ​បំផុត​នៅពេល​ទទួល​គ្រាប់​បាល់​ពី​ស្លាប​ខាងឆ្វេង​របស់ Vinicius នៅ​នាទី​ទី 73។ បន្ទាប់ពី​ការទទួល​បាល់ ខ្សែប្រយុទ្ធ​របស់​ក្លឹប Tottenham នេះ ក៏បាន​លោត​ឡើង ផ្ដេកខ្លួន​ទាត់​បាល់​នៅ​កណ្ដាល​កីឡាករ 3 នាក់​របស់ ស៊ែ​ប៊ី។ Richarlison ក៏​ជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​ដំបូង​នៅ​នាទី​ទី 62 ផងដែរ។

    យោងតាម​សារព័ត៌មាន Sun ឈុត​ទាត់​បាល់​បញ្ចូល​ទី​ដ៏​ស្អាត​របស់ Richarlison ក៏​អាចនឹងទទួល​បាន​ពានរង្វាន់ Puskas សម្រាប់​ឆ្នាំ 2022។ FIFA នឹង​ប្រកាស​លទ្ធផល​នៅក្នុង​ពិធី​ប្រគល់​ពាន់រង្វាន់​នានា​នៅ​ដើមឆ្នាំ 2023។

    https://www.youtube.com/watch?v=ZdKMjICkpXI

    Richarlison ធ្លាប់​លេង 5 រដូវ​កាល​នៅ English Premier League, ស៊ុត​បញ្ចូល​ទី​បាន 53 គ្រាប់​នៅក្នុង 152 ប្រកួត​សម្រាប់ Watford និង Everton។ ចាប់ពី​ដើមរដូវ​កាល 2022-2023 ខ្សែប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូបនេះ ទើបតែ​រកបាន 2 គ្រាប់​ក្នុង 15 ប្រកួត សម្រាប់ Tottenham៕

  • រថយន្ត​អាច​រត់​បណ្ដើរ បញ្ចូល​ថាមពល​អគ្គិសនី​បណ្ដើរ លើផ្លូវ​ល្បឿន​លឿន​នៅ អាល្លឺម៉ង់

    រថយន្ត​អាច​រត់​បណ្ដើរ បញ្ចូល​ថាមពល​អគ្គិសនី​បណ្ដើរ លើផ្លូវ​ល្បឿន​លឿន​នៅ អាល្លឺម៉ង់

    នៅពេល​មនុស្ស​កំពុង​ឆ្ពោះទៅរក​អនាគត​ដែល​ទីផ្សារ​ត្រូវបាន​គ្រប់គ្រង​ដោយ​រថយន្ត​អគ្គិសនី ការប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ និង​បង្ហាញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​នៅលើ​ដងផ្លូវ ក៏​កំពុងតែ​កើនឡើង។

    ពេលនេះ បណ្ដាញ​ផ្លូវ​ល្បឿន​លឿន Autobahn ដ៏​ល្បីឈ្មោះ​នៅ ប្រទេស​អាល្លឺម៉ង់ នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​គ្មាន​ខ្សែ ដែល​ដំណាក់កាល​ដំបូង​នឹង​ផ្ដោតទៅលើ​រថយន្តក្រុង​សាធារណៈ ដែល​ដឹក​អ្នកដំណើរ​ទៅកាន់​ទីក្រុង Balingen។

    បច្ចេកវិទ្យា​នេះ​នឹង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Electreon របស់ អ៊ីស្រាអែល ដែល​កំពុង​សហការ​ជាមួយ EnBW របស់ អាល្លឺម៉ង់។ Electreon នឹងដាក់​ពង្រាយ​បណ្ដាញ​ផ្លូវ​អគ្គិសនី (ERS) ប្រវែង 1 គីឡូម៉ែត្រ អម​តាមផ្លូវ​មួយ​កំណាត់​របស់​ផ្លូវ​ល្បឿន​លឿន Autobahn ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​នៅពេល​រថយន្តក្រុង​កំពុងធ្វើដំណើរ។ ផ្លូវ Autobahn ក៏​នឹងមាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី 2 កន្លែង​ផងដែរ។

    គម្រោង​ខាងលើនេះ​ត្រូវ​បានកំណត់​បន្ទាប់ពី​គម្រោង​សាកល្បង​មួយ​របស់​ក្រុមហ៊ុន​ទាំងពីរ នៅ Karlsruhe របស់ អាល្លឺម៉ង់ ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន​អ៊ីស្រាអែល ក៏បាន​ដំណើរការ​គម្រោង​បញ្ចូល​ថាមពល​អគ្គិសនី​គ្មាន​ខ្សែ​នៅ អ៊ីតាលី និង ស៊ុយអែត ផងដែរ៕