Author: សឿន សំណាង

  • ចុងក្រោយ តម្លៃ​របស់​រថយន្ត​អគ្គិសនី Tesla មួយ​ទឹក ក៏​ «ព្រម​ធ្លាក់​​ចុះ»

    ចុងក្រោយ តម្លៃ​របស់​រថយន្ត​អគ្គិសនី Tesla មួយ​ទឹក ក៏​ «ព្រម​ធ្លាក់​​ចុះ»

    ប្រការនេះ​គឺជា​រឿង​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​រថយន្ត Tesla ប៉ុន្តែ វា​នឹង​បង្កឱ្យមាន​សម្ពាធ​ដល់​តម្រូវការ​ប្រើប្រាស់រ​ថ​យន្ត​ថ្មី​របស់​ក្រុមហ៊ុន​នេះ។

    ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង នៅពេល Tesla ដំឡើងថ្លៃ​រថយន្ត​ថ្មី រថយន្ត​មួយ​ទឹក​ក៏​ឡើងថ្លៃ​តាម។ ដើមឆ្នាំ 2022 ​រថយន្ត Model Y មួយ​ទឹក​ត្រូវបាន​លក់​ក្នុងតម្លៃ​ខ្ពស់ជាង ធៀប​នឹង Model Y ថ្មី។

    ក៏ប៉ុន្តែ ក្នុង​ខែ​នេះ ដោយសារតែ Tesla កំពុងតែ​បញ្ចុះតម្លៃ​រថយន្ត​ថ្មី​របស់ខ្លួន ចុងក្រោយ យើង​ក៏​ចាប់ផ្ដើម​ឃើញថា រថយន្ត​អគ្គិសនី Tesla មួយ​ទឹក​ត្រូវ​​ធ្លាក់​ថ្លៃទៅ​តាម​នោះ​ដែរ​។

    «រថយន្ត​អគ្គិសនី Tesla មួយ​ទឹក ជា​មធ្យម​មានតម្លៃ 55,754 ដុល្លារ​នៅក្នុង​ខែវិច្ឆិកា ថយចុះ 17% ធៀប​នឹង​កម្រិត​ខ្ពស់បំផុត 67,297 ដុល្លារ​ក្នុង​ខែកក្កដា» នេះ​បើ​យោងតាម Reuters។

    និន្នាការ​នៃ​ការធ្លាក់​ថ្លៃ​នេះ​នឹង​ជួយ​ឱ្យ​រថយន្ត Tesla មួយ​ទឹក ងាយស្រួល​លក់​ជាង​មុន ប៉ុន្តែ​វា​ក៏​នឹង​ប៉ះពាល់​អវិជ្ជមាន​ដល់​សកម្មភាព​ជំនួញ​ក្នុង​វិស័យ​រថយន្ត​មួយ​ទឹក​ដែល​កំពុង​រីកចម្រើនរ​បស់ Tesla ក៏ដូច​ជា​ការ​លក់​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន​នេះ​ផងដែរ​៕

  • វៀតណាម មាន​អតិរេក​ពាណិជ្ជកម្ម​ជាង 11 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ 2022

    វៀតណាម មាន​អតិរេក​ពាណិជ្ជកម្ម​ជាង 11 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ 2022

    ការប៉ាន់ប្រមាណ​របស់ ការិយាល័យ​ស្ថិតិ​វៀតណាម បានឱ្យដឹងថា ឆ្នាំ 2022 តុល្យភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​ប្រទេស​នេះ មាន​អតិរេក​ពាណិជ្ជកម្ម 11.2 ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង 3.32 ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង។

    យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ ការនាំចេញ​ទំនិញ​ក្នុង​ខែធ្នូ 2022 សម្រេចបាន 29.66 ពាន់​លាន​ដុល្លារ កើន 2.2% ធៀប​នឹង​ខែវិច្ឆិកា និង​ថយចុះ 14% ធៀប​នឹង​ខែធ្នូ​ឆ្នាំ 2021។ តាម​ការប៉ាន់ប្រមាណ ក្នុង​ត្រីមាស​ទី​បួន ឆ្នាំ 2022 ការនាំចេញ​សម្រេចបាន 89.5 ពាន់​លាន​ដុល្លារ ថយចុះ 7.1% ធៀប​នឹង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​បី​ឆ្នាំ 2022 និង​ថយចុះ 6.1% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង។

    តុល្យភាព​ពា​ណិ​ជ្ជ​កម្ម​នៃ​ការនាំចេញ-នាំចូល​ទំនិញ​របស់ វៀតណាម ក្នុង​ខែធ្នូ 2022 មាន​អតិរេក​ពាណិជ្ជកម្ម 0.5% គ្រា​ដែល​ពេញ​មួយឆ្នាំ 2022 មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ​ 11.2 ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង 3.32 ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង។

    គិត​ជារួម ក្នុង​ឆ្នាំ 2022 ការនាំចេញ​ទំនិញ​ត្រូវបាន​ប៉ាន់ប្រមាណ​ឃើញថា សម្រេចបាន 371.85 ពាន់​លាន​ដុល្លារ កើន 10.6% ធៀប​នឹង​ឆ្នាំ 2021។ ចំណែក​ការនាំ​ចូល​វិញ សម្រេចបាន 360.65 ពាន់​លាន​ដុល្លារ កើន 8.4% ធៀប​នឹង​ឆ្នាំ​កន្លង។

    បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក នៅតែ​ជាទី​ផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​បង្អស់​របស់ វៀតណាម ដោយ​សម្រេចបាន​ប្រមាណ 109.1 ពាន់​លាន​ដុល្លារ។ ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចូល​ទំនិញ​ធំ​បំផុត​របស់ វៀតណាម ដោយ​សម្រេចបាន 119.3 ពាន់​លាន​ដុល្លារ៕

  • កីឡាករបារាំង Mbappe ៖ «ពួកយើង​កំពុង​រង់ចាំ Messi ត្រលប់​មកវិញ»

    កីឡាករបារាំង Mbappe ៖ «ពួកយើង​កំពុង​រង់ចាំ Messi ត្រលប់​មកវិញ»

    (បារាំង)- យោងតាម Kylian Mbappe ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 មិនបាន​ធ្វើឱ្យ​ល្អក់កករ​ទំនាក់ទំនង​ល្អ​រវាង​គាត់ និង Lionel Messi ឡើយ។

    បន្ទាប់ពី ក្រុម​ជម្រើសជាតិ​បារាំង បាន​ចាញ់ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup នៅ កាតា កីឡាករ​បារាំង Mbappe ត្រូវ​រង​ការ​ចំអក​ជាច្រើន​ពី អា​ហ្ស​ង់​ទីន ពិសេស​គឺ សមាជិក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទិន។

    កាលពី​ថ្ងៃទី 28 ធ្នូ នៅពេល​ត្រូវបានសួរ​​អំពី​ការ​ចំអក​ទាំងឡាយ​ពី​សំណាក់​កីឡាករ​របស់ អា​ហ្ស​ង់​ទីន Mbappe ឆ្លើយថា «…នោះ​មិនមែនជា​បញ្ហា​របស់ខ្ញុំ។ …ប្រការ​សំខាន់​ពេលនេះ​គឺ​ចូលរួម​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​សម្រាប់​ក្លឹប។ ពួកយើង​កំពុង​រង់ចាំ Messi ត្រលប់​មកវិញ ដើម្បី​អាច​ចាប់ផ្ដើម​យកជ័យ​ជម្នះ និង​រក​គ្រាប់​បាល់​ឡើងវិញ»។

    Mbappe ក៏បាន​ឱ្យដឹងថា បាន​និយាយ​គ្នា​ជាមួយ Messi ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន រួចហើយ ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ Mbappe បាន​ជូនពរ​មិត្ត​រួម​ក្រុម​នៅ​ក្លឹប PSG ព្រោះថា ការដណ្ដើម​ពានរង្វាន់​ជើងឯក World Cup គឺជា​ភារកិច្ច​សំខាន់បំផុត។

    ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ កាតា កាលពី​ថ្ងៃទី 18 ធ្នូ Mbappe រកបាន 3 គ្រាប់ ចំណែក Messi រកបាន 2 គ្រាប់ ខណៈដែល បារាំង ស្មើនឹង អា​ហ្ស​ង់​ទីន 3-3 ក្រោយ​ទាត់​បាន 120 នាទី។ ក្នុង​វគ្គ​ប្រកួត​ស៊ុត​ប៉េ​ណាំង​ទី ក្រុម​ទាំងពីរ​សុទ្ធតែ​បានសម្រេច​ភារកិច្ច ប៉ុន្តែ​សរុបមក អា​ហ្ស​ង់​ទីន ឈ្នះ 4-2។

    Mbappe ស៊ុត​បញ្ចូល​ទី​ដោយ​ជោគជ័យ​នៅ​នាទី​ទី 90+6 ជួយ​ឱ្យ PSG ឈ្នះ Strassbourg 2-1 នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Ligue 1

    Mbappe ត្រលប់មក​ហាត់​នៅ PSG បន្ទាប់ពី​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 បញ្ចប់​ទៅ​បាន​ 3 ថ្ងៃ។ កាលពី​យប់​ថ្ងៃទី 28 ធ្នូ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ដោយ​ជោគជ័យ​នៅ​នាទី​ទី 90+6 ជួយ​ឱ្យ PSG ឈ្នះ Strassbourg 2-1 នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Ligue 1 (Ligue 1 Uber Eats) របស់​ បារាំង។

    Messi មិនទាន់​ត្រលប់​ទៅកាន់​ក្លឹប PSG។ មេដឹកនាំ​ក្លឹប​នេះ​អនុញ្ញាតឱ្យ Messi ​ទៅកាន់ អា​ហ្ស​ង់​ទីន រហូតដល់​ថ្ងៃទី 01 មករា 2023 ដើម្បី​អបអរ​ជ័យជម្នះ៕

  • សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ​ឱ្យ​កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ​ឱ្យ​កោះ​តៃវ៉ាន់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក យល់ព្រម​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ Volcano ឱ្យ តៃវ៉ាន់ ក្នុងតម្លៃ​ប្រមាណ​ជា 180 លាន​ដុល្លារ​អាម៉េរិក។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 28 ធ្នូ បានឱ្យដឹងថា ក្រុមហ៊ុន​ការពារជាតិ Northrup Grumman និង Oshkosh គឺជា​អ្នកផ្គត់ផ្គង់​សំខាន់​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​ពង្រាយ​គ្រាប់មីន​ប្រឆាំង​រថក្រោះ Volcano របស់ សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់។

    Volcano គឺជា​ប្រព័ន្ធ​ពង្រាយ​មីន​ស្វ័យប្រវត្ត​ដែល​អភិវឌ្ឍ​ដោយ កងទ័ព​អាម៉េរិក អំឡុង​ទសវត្សរ៍​ឆ្នាំ 1980។ ប្រព័ន្ធ​នេះ​​ដាក់​នៅលើ​រថយន្ត​ដឹកទំនិញ ឬ​ឧទ្ធម្ភាគចក្រ អាច​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ 960 គ្រាប់ ឬ​ប្រឆាំងនឹង​ទ័ពថ្មើរជើង​នៅលើ​តំបន់​ប្រវែង 1,100 ម៉ែត្រ និង​ទទឹង 120 ម៉ែត្រ ដោយ​ប្រើពេល​ខ្លី។ គ្រាប់មីន​ទាំងនេះ​មាន​ប្រព័ន្ធ​ស្វ័យ​កម្ទេច ទៅតាម​ពេលវេលា​ដែល​បាន​កំណត់។

    កងទ័ព​តៃវ៉ាន់ បានឱ្យដឹងថា ការទិញ​ដូរ​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​រង្វង់​មួយខែ ហើយ​ប្រព័ន្ធ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់ តៃវ៉ាន់។

    ឥរិយាបថ​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង ចិនដីគោក និង​ចិន​ដី​កោះ មានការ​កើនឡើង​ខ្ពស់​នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពេលដែល ទីក្រុង​ប៉េកាំង បង្កើន​ការដាក់​សម្ពាធ​ផ្នែក​យោធា​លើ ទីក្រុង​តៃប៉ិ។

    ប្រព័ន្ធពង្រាយគ្រាប់មីនប្រឆាំងរថក្រោះ Volcano

    កាលពី​ដើមខែ​នេះ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ក៏បាន​អនុម័ត​ការលក់​គ្រឿងបន្លាស់​តម្លៃ 428 លាន​ដុល្លារ ដើម្បី​ជួយ​ឱ្យ កងទ័ព​តៃវ៉ាន់ ថែទាំ​យន្តហោះ​យោធា មានដូចជា​យន្តហោះ F-16, យន្តហោះ​ក្នុងស្រុក F-CK-1 និង​ប្រភេទ​យន្តហោះ​ផលិត​ក្នុងស្រុក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ អាម៉េរិក ជាដើម។

    អាម៉េរិក មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ កោះ​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​របស់​កោះ​នេះ។ ចំណែក ចិនដីគោក វិញ នៅតែ​ចាត់ទុកថា កោះ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើម​មកកាន់​កាប់ បើសិនជា​ចាំបាច់៕

  • ការនាំចេញ​របស់ ថៃ សម្រេចបាន​លើសពី​គោលដៅ​ឆ្នាំ 2022 ប៉ុន្តែ​​ឱនភាព​ពាណិជ្ជកម្ម​​កើន​ឡើង​ខ្ពស់

    ការនាំចេញ​របស់ ថៃ សម្រេចបាន​លើសពី​គោលដៅ​ឆ្នាំ 2022 ប៉ុន្តែ​​ឱនភាព​ពាណិជ្ជកម្ម​​កើន​ឡើង​ខ្ពស់

    កាលពី​ថ្ងៃទី 28 ធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ Jurin Laksanawisit បានឱ្យដឹងថា ការនាំចេញ​ទំនិញ​របស់​ប្រទេស​នេះ អាច​បន្ត​ថយចុះ​ក្នុង​ខែធ្នូ ដោយសារ​ឧន​ភាព​សេដ្ឋកិច្ច​សកល ប៉ុន្តែ​ជឿជាក់ថា ការនាំចេញ​ពេញ​មួយឆ្នាំ 2022 នឹងមាន​កំណើន​ប្រហែល 7%។

    យោងតាម​ទិន្នន័យ​របស់ ក្រសួងពាណិជ្ជកម្ម ការនាំចេញ​របស់ ប្រទេស​ថៃ ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 បាន​កើន 7.6% ដោយ​សម្រេចបាន 9.16 ទ្រី​លាន​បាត (ប្រហែល 265.34 ពាន់​លាន​ដុល្លារ​អាម៉េរិក) លើសពី​គោលដៅ 9 ទ្រី​​លាន​បាត​សម្រាប់​ឆ្នាំនេះ។ ចំណែក​ពាណិជ្ជកម្ម​ឆ្លងដែន​ក្នុងដំណាក់កាល​ដូចគ្នា​ សម្រេចបាន 944 ពាន់​លាន​បាត ថយចុះ 0.51% ធៀប​នឹង​ឆ្នាំ​កន្លង។

    ក៏ប៉ុន្តែ ការនាំចេញ​របស់ ថៃ ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 បាន​ធ្លាក់ចុះ 6% ធៀប​នឹង 11 ខែ​ដើមឆ្នាំ 2021 ដោយ​ថយមក​នៅត្រឹម 22.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ការនាំ​ចូល​កើន 5.6% ដោយ​សម្រេចបាន 23.65 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​របស់​ខែធ្នូ​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​ថយចុះ​ធៀប​នឹង​ឆ្នាំ​កន្លង។ ក្រៅពីនេះ ប្រទេស​ថៃ ក៏មាន​ឱនភាព​ពាណិជ្ជកម្ម​រហូត​ដល់ 15.08 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង 11 ខែ​កន្លង។

    បណ្ដា​ទីផ្សារ​នាំចេញ​ដែលមាន​កំណើន​ខ្ពស់​ជាងគេ​ក្នុង​ខែវិច្ឆិកា 2022 របស់ ថៃ រួមមាន អ៊ីរ៉ាក់ (215.6%), បា​រ៉ែ​ន (153.1%), អា​រ៉ា​ប៊ី​សា​អូឌីត (40.1%), អង់គ្លេស (22.2%) និង ឡាវ (21.3%)៕

  • ករណី​ឆេះ​កាស៊ីណូ​នៅ ប៉ោយប៉ែត ៖ ប្រហែល 50 នាក់​កំពុងជាប់គាំង ខណៈ​រាប់សិប​នាក់​ត្រូវបាន​សង្គ្រោះ

    ករណី​ឆេះ​កាស៊ីណូ​នៅ ប៉ោយប៉ែត ៖ ប្រហែល 50 នាក់​កំពុងជាប់គាំង ខណៈ​រាប់សិប​នាក់​ត្រូវបាន​សង្គ្រោះ

    ករណី​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​កាស៊ីណូ និង​សណ្ឋាគារ Grand Diamond City ដែលមាន​ទីតាំងនៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី 28 ធ្នូ 2022។

    យ៉ាងហោចណាស់​មាន​មនុស្ស 10 បាន​ស្លាប់ ដែល​ភាគច្រើន​ជា​ជនជាតិ​ថៃ និង​ប្រហែល 30 នាក់​រងរបួស នៅក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នៅកាស៊ី​ណូ​ខាងលើ។

    មូលហេតុ​នៃ​ករណី​អគ្គិភ័យ​ត្រូវបាន​គេ​ជឿថា កើតឡើង​ដោយសារ​ការផ្ទុះ​ធុង​ហ្កា​ស​នៅ​ខាងក្នុង​កាស៊ីណូ។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​ច្រើន​ម៉ោង បណ្ដាលឱ្យ​មួយផ្នែក​របស់​អគារ​ត្រូវ​ស្រុត។

    កម្លាំង​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​អណ្ដាត​ភ្លើង​​បាន​ស្ទើរ​ទាំង​ស្រុង​ហើយ។ គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ មនុស្ស​ចំនួន 50 នាក់​ត្រូវបាន​ជួយសង្គ្រោះ ប៉ុន្តែ​នៅមាន​ប្រហែល 50 នាក់​ទៀត​កំពុង​ជាប់គាំង​ខាងក្នុង​សណ្ឋាគារ។ កាស៊ីណូ​នេះ​មាន​បុគ្គលិក​ប្រហែល 400 នាក់​កំពុងធ្វើការ៕

  • បាតុភូត​ភ្លៀង​ទឹកកក​ដ៏​កម្រ​នៅក្នុង​ប្រទេស​សមុទ្រ​ខ្សាច់ដ៏​សែន​ក្ដៅ

    បាតុភូត​ភ្លៀង​ទឹកកក​ដ៏​កម្រ​នៅក្នុង​ប្រទេស​សមុទ្រ​ខ្សាច់ដ៏​សែន​ក្ដៅ

    កូ​វ៉ែត ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្ដៅ​ជាងគេ​លើ​ពិភពលោក កាលពី​ថ្ងៃទី 28 ធ្នូ បានទទួល​ភ្លៀង​ទឹកកក​ដ៏​កម្រ នាំឱ្យ​ប្រជាជន​សប្បាយរីករាយ​ជាខ្លាំង។

    រូបថត និង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា នៅ​ពាសពេញ​ដងផ្លូវ​នៅក្នុង​ខណ្ឌ Umm-al-Haiman ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កូ​វ៉ែត ប្រហែល 50 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង ត្រូវ​គ្រប​ដណ្ដប់​ដោយ​គ្រាប់​ភ្លៀង​ទឹកកក​សក្បុស នៅពេល​ព្យុះ​រដូវរងា​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​ថ្ងៃ​ពុធ។

    ទិដ្ឋភាព​ដ៏​កម្រ​នេះ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់​សប្បាយរីករាយ​ជាខ្លាំង។ ទាំង​ក្មេង ទាំងចាស់ នាំគ្នា​ចេញទៅ​កាន់​ដងផ្លូវ​ដើម្បី​លេង និង​ថតរូប​ជាមួយនឹង​គ្រាប់​ទឹកកក បន្ទាប់ពី​ភ្លៀង​រាំង។

    កូ​វ៉ែត គឺជា​ប្រទេស​ដែលមាន​សីតុណ្ហភាព​ខ្ពស់​ខ្លាំង ក្នុងនោះ រដូវក្ដៅ​ឡើង​ដល់ 55 អង្សា​សេ ប៉ុន្តែ ជូន​កាល​ធ្លាក់ចុះ​ដល់ 2 អង្សា​សេ​នៅក្នុង​រដូវរងា​ដ៏​ខ្លី។ អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា កូ​វ៉ែត អនាគត​នឹង​ក្លាយជា​ទីឋាន​ដែល «មិនអាច​រស់នៅ​បាន» ដោយសារ​បម្រែបម្រួល​អាកាសធាតុ។

    ស្ថាប័ន​បរិស្ថាន​សាធារណៈ​របស់ កូ​វ៉ែត បាន​ព្រមាន​ថា តំបន់​ជាច្រើន​របស់​ប្រទេស​នេះ​អាច​ឡើង​កម្ដៅ​ជាង 4.5 អង្សា​សេ​បន្ថែម​ទៀត ចាប់ពី​ឆ្នាំ 2071 ដល់​ឆ្នាំ 2100 ធៀប​នឹង​សីតុណ្ហភាព​មធ្យម​ក្នុង​ប្រវត្តិសាស្ត្រ។

    កូ​វ៉ែត កំពុង​ឆ្លងកាត់​រដូវ​ខ្យល់​ត្រជាក់​ដែលនាំឱ្យ​កើតមាន​បាតុភូត​ភ្លៀង​ទឹកកក។ បរិមាណ​ទឹកភ្លៀង​រាប់​ចាប់ពី​ថ្ងៃទី 27 ធ្នូ បាន​ឡើងដល់ 63 ម​ម នេះ​បើតាម ស្ថាប័ន​ឧតុនិយម​កូ​វ៉ែត៕

    https://www.youtube.com/watch?v=_yDyJTxf-mQ

  • ស្ពាន​ឆ្លងផ្លូវ​មាន​រង្វង់​មូល​លើ​អាកាស​ដំបូង​គេ​នៅ​កម្ពុជា ចាប់ផ្ដើម​ការសាងសង់

    ស្ពាន​ឆ្លងផ្លូវ​មាន​រង្វង់​មូល​លើ​អាកាស​ដំបូង​គេ​នៅ​កម្ពុជា ចាប់ផ្ដើម​ការសាងសង់

    (ភ្នំពេញ)- នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គ្រឿងចក្រ​ជាច្រើន​ទៀត​សម្រាប់​ការសាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស នៅក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ នឹងត្រូវ​បាន​នាំមក​កាន់​ការដ្ឋាន នេះ​បើតាម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹង​កាល​ពី​ម្សិលមិញ។

    មកដល់​បច្ចុប្បន្ន ស្ពាន​អាកាស​ព្រះមុនីវង្ស ដែល​ជា​ស្ពាន 2 ជាន់​ បានចាប់ផ្តើម​ដំណើរការ​ក្នុង​ការដ្ឋាន​សាងសង់​ដោយមាន​គ្រឿងចក្រ និង​អ្នកជំនាញ​បច្ចេកទេស​កំពុងធ្វើការ បន្ទាប់ពី​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី 31 ខែសីហា 2022។

    យោងតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ភ្នំពេញ ស្ពាន​ដែល​សាងសង់​ដោយ ក្រុមហ៊ុន​វិនិយោគ​អាណិកជន​កម្ពុជា OCIC នេះ នឹង​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍​ក្នុង​រាជធានី​ភ្នំពេញ បាន​មួយផ្នែកធំ។

    ស្ពាន​អាកាស​ព្រះមុនីវង្ស ដែលមាន​ចំណុចប្រសព្វ​ត្រង់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ​នេះ ត្រូវ​ចំណាយ​ថវិកា 36,776,500 ដុល្លារ​អាម៉េរិក និង​ចំណាយពេល​សាងសង់​ចំនួន 36 ខែ នេះ​បើតាម ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ថ្លែង​ក្នុងឱកាស​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ខែសីហា។

    បច្ចុប្បន្ន នៅក្នុង រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន 6 ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់, ស្ពាន​អាកាស 7 មករា (ពេទ្យ​លោកសង្ឃ), ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដីស្ទឹង​មានជ័យ, ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី 5 មករា (តិច​ណូ), ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ (ផ្សារ​ដី​ហុយ), ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។  ចំណែក ស្ពាន​អាកាស​ឫស្សីកែវ កំពុងដំណើរការ​សាងសង់​នៅឡើយ៕

  • (AFF Cup 2022)- ក្នុង​ប្រកួត​នៅ​​រសៀល​នេះ គ្រូបង្វឹក​ឥណ្ឌូណេស៊ី ប្ដេជ្ញា​ផ្ដួល​ក្រុម​ជម្រើសជាតិ​ថៃ ឱ្យបាន

    (AFF Cup 2022)- ក្នុង​ប្រកួត​នៅ​​រសៀល​នេះ គ្រូបង្វឹក​ឥណ្ឌូណេស៊ី ប្ដេជ្ញា​ផ្ដួល​ក្រុម​ជម្រើសជាតិ​ថៃ ឱ្យបាន

    (ឥណ្ឌូណេស៊ី)- យោងតាម​គ្រូបង្វឹក Shin Tae-yong ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី កំពុងមាន​វឌ្ឍនភាព​ល្អ ហើយ​អ្នកគាំទ្រ​អាច​ជឿជាក់​បាន​ថា​នឹងមាន​លទ្ធផល​ប្រសើរ​ ​នៅ​រសៀល​ថ្ងៃទី 29 ធ្នូ​នេះ នៅពេល ឥណ្ឌូណេស៊ី ត្រូវ​ប៉ះ ថៃ នៅ AFF Cup 2022។

    Shin Tae-yong ធ្លាប់ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដណ្ដើមបាន​ជោគជ័យ​មួយចំនួន​នៅ World Cup 2018 ដូច្នេះ លោក​ក៏​ត្រូវបាន​គេ​រំពឹង​ខ្ពស់​នៅពេល​ដឹកនាំ​ក្រុម​ឥណ្ឌូណេស៊ី។ ប៉ុន្តែ ក្រោម «បញ្ជាការ» របស់លោក Tae-yong ក្រុម​ឥណ្ឌូណេស៊ី មិនទាន់​បង្កើតបាន​ភា​ព​អស្ចារ្យ​នៅឡើយ ពិសេស​នៅក្នុង​ការប្រកួត​ច្រើនលើក​ជាមួយនឹង ថៃ។

    ឥណ្ឌូណេស៊ី និង ថៃ ធ្លាប់​រកបាន 2 គ្រាប់​ស្មើគ្នា​នៅ​ជុំ​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​នៅ World Cup 2022, ឥណ្ឌូណេស៊ី ចាញ់ ថៃ 0-4 នៅពេល​ធ្វើជា​ម្ចាស់ផ្ទះ និង 2-2 នៅពេល​ធ្វើជា​ភ្ញៀវ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2020។ នៅពេល​ដឹកនាំ​ក្រុម U23 របស់ ឥណ្ឌូណេស៊ី កូនសិស្ស និង​គ្រូបង្វឹក Tae-yong ក៏​បន្ត​ចាញ់ U23 របស់ ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ SEA Games 2021 ផងដែរ។

    ក៏ប៉ុន្តែ នៅមុន​ការ​ប៉ះគ្នា​នៅ​ជុំ​ទី​បួន​ក្នុង​ពូ​ល A របស់ AFF Cup 2022 ដែល​នឹង​ធ្វើឡើង​នៅ​រសៀល​នេះ គ្រូបង្វឹកជន​ជាតិ​កូរ៉េខាងត្បូង Shin Tae-yong សន្យាថា នឹង​ផ្ដួល​ក្រុម​ជម្រើសជាតិ​ថៃ៕

  • (AFF Cup 2022)- គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ មិន​ញញើត​នឹង​អ្នកគាំទ្រ​របស់ ឥណ្ឌូណេស៊ី

    (AFF Cup 2022)- គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ មិន​ញញើត​នឹង​អ្នកគាំទ្រ​របស់ ឥណ្ឌូណេស៊ី

    (ឥណ្ឌូណេស៊ី)- គ្រូបង្វឹក Mano Polking ចូលចិត្ត​ភាពខ្លាំង​ក្លា​នៅ​កីឡដ្ឋាន Gelora Bung Karno និង​មានជំនឿថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ នឹង​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នៅ​ជុំ​ទី​បួន​ក្នុង​ពូ​ល A របស់ AFF Cup 2022 ដែល​នឹង​ធ្វើ​ឡើង​នៅម៉ោង 16 និង 30 នាទី​​ថ្ងៃទី 29 ធ្នូ​​​នេះ​។​​

    Gelora Bung Karno ដែល​អាចដាក់​មនុស្ស​បាន 80,000 នាក់ ត្រូវបាន​ចាត់ទុកថា​ជា​កីឡដ្ឋាន​ធំជាងគេ​មួយ​លើ​ពិភពលោក។ ប៉ុន្តែ ក្រោយ​ហេតុការណ៍​ស្លាប់​មនុស្ស​រាប់រយ​នាក់​កាលពី​ខែតុលា​នៅ​ទីលាន Kanjuruhan កីឡដ្ឋាន Bung Karno ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ទទួល​ទស្សនិកជន​ត្រឹមតែ 25,000 នាក់​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​ជាមួយ កម្ពុជា និង 40,000 នាក់​នៅពេល​ប៉ះ​នឹង ក្រុម​ថៃ នាពេលខាងមុខ។ យ៉ាងនេះ​ក៏ដោយ ចំនួន​នេះ​ក៏​នៅតែ​ជា​ចំណុច​ពឹងផ្អែក​ធំ​សម្រាប់ការ​​លើកទឹកចិត្ត​របស់ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី។

    នៅពេល​ត្រូវបាន​សួរ​អំពី​សម្ពាធ​ផ្លូវចិត្ត​ពី​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ គ្រូបង្វឹក​របស់ ថៃ Mano Polking ក៏បាន​បង្ហាញ​ភាពមិន​យកចិត្តទុកដាក់។ «ពួកយើង​ចាត់ទុកថា នោះ​គឺជា​ការលើកទឹកចិត្ត​ក្នុងការ​ប្រកួត» លោក Mano ឆ្លើយតប​ដូច្នេះ និង​បន្តថា «យើង​មាន​កីឡាករ​ដែលមាន​បទពិសោធន៍​ច្រើន​ដូចជា Teerasil Dangda, Theerathon Bunmathan ឬ Sarach Yooyen។ ពួកគេ​ធ្លាប់​ឆ្លងកាត់​ស្ថានការណ៍​ប្រកួត​បែបនេះ​ជាច្រើនលើក ហើយ​ពួកគេ​ដឹងថា​ត្រូវ​ជួយ​ដល់​មិត្ត​រួម​ក្រុម​បែបណា​នៅក្នុង​ស្ថានការណ៍​លំបាក»។

    ក្រោយពី​ឆ្លងកាត់​បាន 2 ប្រកួត និង​ដណ្ដើមបាន 6 ពិន្ទុ​ដូចគ្នា​នៅ AFF Cup 2022 ក្រុម​ជម្រើសជាតិ​ថៃ បច្ចុប្បន្ន​មាន គ្រាប់​បាល់​ចំណេញ +9 ច្រើនជាង 1 គ្រាប់​ធៀប​នឹង +8 របស់ ឥណ្ឌូណេស៊ី។ ក្រុម​ណា​ដែល​បានឈ្នះ​នៅថ្ងៃនេះ (29 ធ្នូ) នឹង​នាំមុខគេ​នៅ​ពូ​ល A ជាក់​ជាមិន​ខាន។

    នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2020 ក្រុម​ថៃ បានឈ្នះ​លើ ឥណ្ឌូណេស៊ី 4-0 ពេល​ធ្វើជា​ភ្ញៀវ និង​ស្មើគ្នា 2-2 ពេល​ធ្វើជា​ម្ចាស់ផ្ទះ មុនពេល​ឡើង​ទទួល​ពានរង្វាន់​ជើងឯក។ ថ្វីបើ​ដូច្នោះ​ក៏ដោយ តែ​គ្រូបង្វឹក Polking នៅតែ​វាយតម្លៃ​ខ្ពស់​ទៅលើ​សម​ភាគី Shin Tae-yong ​គ្រូបង្វឹក​របស់ ក្រុម​ឥណ្ឌូណេស៊ី ដែល​ធ្លាប់បាន​ជួយ​ឱ្យ កូរ៉េខាងត្បូង យកឈ្នះ​លើ អាល្លឺម៉ង់ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ World Cup 2018។

    កីឡដ្ឋាន Gelora Bung Karno

    នៅ AFF Cup 2022 គ្រូបង្វឹក Polking យល់ថា ក្រុម​ជម្រើសជាតិ​ជើង​ខ្លាំង​ចំនួន 3 ដែល​អាច​ប្រកួតប្រជែង​ជាមួយ ថៃ សម្រាប់​តំណែង​ជើងឯក រួមមាន ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង វៀតណាម៕