Author: សឿន សំណាង

  • ស្នូលផែនដី​អាច​ចាប់ផ្ដើម​វិល​បញ្ច្រាសទិស​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខាងមុខ

    ស្នូលផែនដី​អាច​ចាប់ផ្ដើម​វិល​បញ្ច្រាសទិស​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខាងមុខ

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 23 មករា លើ​ទស្សនាវដ្ដី Nature Geoscience បាន​បង្ហើប​ឱ្យដឹងថា ការប្រែប្រួល​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូលផែនដី​អាច​កើតឡើង​ក្នុង​រង្វង់​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ។

    អំឡុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ 1990 អ្នកវិទ្យាសាស្ត្រ Xiaodong Song នៅ​បន្ទប់ពិសោធន៍ SinoProbe របស់​សាលា​ផែនដី និង​វិទ្យាសាស្ត្រ​ចក្រវាល​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សហការ​ជាមួយ Paul Richards នៅ​សាកលវិទ្យាល័យ Columbia បានផ្ដល់​ភស្ដុតាង​ដំបូង​ស្ដីពី​ការវិល​ដោយ​ឯករាជ្យ​របស់​ស្នូលផែនដី។

    ដើម​ឡើយ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​​​រកឃើញថា ស្នូល​ខាងក្នុង​វិល​ទៅតាម​ទិញ​ពី​លិចទៅ​កើត បើ​ទោះ​លឿន​ជាង​បណ្ដា​ស្រទាប់ផ្សេងៗរបស់​ផែនដី។ ទិស​នៃ​រង្វិល​​នេះ​ភាគច្រើន​ទទួលរង​ពី​ឥទ្ធិពល​ម៉ាញេទិក និង​អគ្គិសនី​នៅ​ក្នុង​ស្នូល​រាវ​ខាងក្រៅ​ដែល​ព័ទ្ធជុំវិញ​ស្នូល​រឹង​ខាងក្នុង​បង្អស់ ក៏ដូចជា​ឥទ្ធិពល​នៃ​ទំនាញ​ជាមួយនឹង​ស្រទាប់កណ្ដាល​។

    ក៏ប៉ុន្តែ ការរកឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ខាងលើ ​នៅមាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​ទាក់ទង​នឹង​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូល នៅពេល​ពិនិត្យ​ដល់​កត្តា​មួយចំនួន​មានដូចជា​ល្បឿន​នៃរ​ង្វិ​លជុំ​​ជាដើម។ បញ្ហា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ប្រឹងប្រែង​ប្រមូល​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់។

    ក្នុងការ​ស្រាវជ្រាវ​ថ្មី​បំផុត​ដែល​ទើបត្រូវ​បានប្រកាស ពួកគេ​បាន​វិភាគ​ទៅលើ​រលកសញ្ញា​ដែល​កើតឡើង​ពី​ការរញ្ជួយ​ដី​​តាម​​ធម្មជាតិ ដែល​ជះ​កាត់​តាម​ស្នូលផែនដី​ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1960។ ពួកគេ​រកឃើញថា ស្នូលផែនដី​វិល​លឿន​ជាង​ធៀប​នឹង​ស្រទាប់​កណ្ដាល និង​សម្បក​របស់​ផែនដី ទៅតាម​ទិស​ពី​លិចទៅ​កើត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ 1970 រហូតមកដល់​ប្រហែល​ឆ្នាំ 2009។ ក្រោយមក រ​ង្វិ​ល​នេះ​ហាក់​បាន​ឈប់​តាំងពី​ឆ្នាំ 2009 ដល់ 2011។ ចាប់ពី​ដំណាក់កាល​នេះ​មក រ​ង្វិ​លស្នូល​ផែនដី​​ហាក់​ប្ដូរ​ទិស​ជាសន្សឹមៗ។ ការប្រែប្រួល​ខាងលើនេះ​ទំនងជា​ស្ថិត​ក្នុងរង្វង់​ 7 ទសវត្សរ៍៕

  • ប្រាក់ចំណូល​របស់ «Avatar 2» កើន​លើសពី 2 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ប្រាក់ចំណូល​របស់ «Avatar 2» កើន​លើសពី 2 ពាន់​លាន​ដុល្លារ​អាម៉េរិក

    កំពូល​ភាពយន្ត «Avatar 2» រកចំណូលបាន​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក នាំឱ្យ​លោក James Cameron ក្លាយជា​អ្នកដឹកនាំ​រឿង​ដែលមាន​ភាពយន្ត 3 រឿង សុទ្ធតែ​រកចំណូលបាន​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម Variety រឿង Avatar: The Way of Water គឺជា​ភាពយន្ត​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​នៅឯ​បន្ទប់​លក់​សំបុត្រ​ក្រោយ​វិបត្តិ​កូ​វីដ-19 និង​ជាប់​ចំណាត់ថ្នាក់​លេខ 6 ស្ដីពី​ខ្សែភាពយន្ត​ដែល​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើនជាងគេ​នៅ​ទូទាំង​សកលលោក។ James Cameron កាន់កាប់​តំណែង​ចំនួន 3 នៅក្នុង Top 6 នេះ រួមមាន Titanic (រកបាន​ជិត 2.2 ពាន់​លាន​ដុល្លារ ជាប់​លេខ 3), Avatar វគ្គ​ដំបូង (រកបាន​ជាង 2.9 ពាន់​លាន​ដុល្លារ ជាប់​លេខ 1) និង Avatar 2។

    ប្រាក់ចំណូល​របស់ Avatar 2 នៅ​អាម៉េរិក​ខាងជើង​គឺ​ជិត 600 លាន​ដុល្លារ និង 230 លាន​ដុល្លារ​នៅ​ទីផ្សារ​ចិន ខណៈ​នៅ​ប្រទេស​បារាំង ភាពយន្ត​នេះ​រកបាន 130 លាន​ដុល្លារ។ ក្រៅពីនេះ ទីផ្សារ​ដែល Avatar 2 រកចំណូលបាន​ច្រើន​ដែរនោះ​រួមមាន អាល្លឺម៉ង់, កូរ៉េខាងត្បូង និង​អង់គ្លេស។ល។

    James Cameron កាន់កាប់​តំណែង​ចំនួន 3 នៅក្នុង Top 6 ស្ដីពី​ខ្សែភាពយន្ត​ដែល​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើនជាងគេ​នៅ​ទូទាំង​សកលលោក

    យោងតាម The Hollywood Reporter ការចំណាយ​លើ​ការផលិត​រឿង Avatar 2 គឺ​ប្រហែល 400 លាន​ដុល្លារ​អាម៉េរិក ហើយ​បូក​ជាមួយនឹង​ខ្ទង់ចំណាយ​សម្រាប់​ការឃោសនា​ទៀត កញ្ចប់​វិនិយោគ​សម្រាប់​ខ្សែភាពយន្ត​នេះ​គឺ​យ៉ាងតិច 600 លាន​ដុល្លារ​អាម៉េរិក។

    លោក James Cameron ចាប់ផ្ដើម​ផលិត​រឿង Avatar 2 តាំងពី​ឆ្នាំ 2010 ក្រោយពី Avatar វគ្គ​មួយ​បាន​ក្លាយជា​ភាពយន្ត​ដែលមាន​អ្នកទិញ​សំបុត្រ​ចូល​ទស្សនា​ច្រើនជាងគេ​នៅ​គ្រប់​សម័យកាល។ បច្ចុប្បន្ន លោក Cameron បានសម្រេច​ចិត្ត​ផលិត​វគ្គ 3 របស់​ខ្សែភាពយន្ត​នេះ៕

  • រុស្ស៊ី​ថា ពិភពលោក​ខិតជិត​ដល់​លទ្ធភាព​កើត «សង្គ្រាមលោក​លោក​ទី​បី»

    រុស្ស៊ី​ថា ពិភពលោក​ខិតជិត​ដល់​លទ្ធភាព​កើត «សង្គ្រាមលោក​លោក​ទី​បី»

    លោក Dmitry Medvedev ចោទ​សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ថា ហាក់​បញ្ឆេះ​សង្គ្រាមលោកលើកទីបី​ដោយ​ការត្រៀម​វាយប្រហារ​លើ​រុស្ស៊ី ធ្វើឱ្យ​ប្រទេស​នេះ​ត្រូវតែ​បញ្ចេញ​សកម្មភាព។

    «យើង​គួរតែ​ជួយ​ឱ្យ​គ្រប់គ្នា​លើ​សកលលោក​យល់ថា យុទ្ធនាការ​យោធា​ដែល​កំពុង​កើតឡើង​គឺជា​ប្រតិកម្ម​ដោយ​បង្ខំ និង​ជា​ជម្រើស​ចុងក្រោយ​នៅ​ចំពោះមុខ​ការត្រៀម​វាយប្រហារ​ពី​សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត។ ជាក់ច្បាស់​ណាស់ ពិភពលោក​បាន​ខិត​ទៅជិត​លទ្ធភាព​កើតមាន​សង្គ្រាមលោកលើកទី​បី ព្រោះតែ​បញ្ហា​ដែល​បាន​កើតឡើង​មុន​នោះ» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev ថ្លែង​កាលពី​ថ្ងៃទី 23 មករា​ដូច្នេះ។

    លោក Medvedev ក៏បាន​និយាយថា «វិបត្តិ​ធ្ងន់ធ្ងរ» នៅឯ​អង្គការសហប្រជាជាតិ និង​បណ្ដា​អង្គការ​អន្តរជាតិ​ដទៃ កំពុង​ត្រូវបាន​លោកខាងលិច​កែប្រែ​ឱ្យទៅជា​សមរភូមិ។

    សហរដ្ឋ​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​នៅឡើយ​ទាក់ទិន​នឹង​ការអះអាង​របស់ អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev។

    លោក Medvedev មុន​នោះ​ក៏​ធ្លាប់បាន​ព្រមាន​ថា ការប្រឹងប្រែង​សុំចូល​ជា​សមាជិក​នៃ​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​របស់​អ៊ុយ​ក្រែ​ន នឹង «ព​ន្លឿ​ន​ការចាប់ផ្ដើម​សង្គ្រាមលោកលើកទីបី»។

    លោក Medvedev ក៏​ធ្លាប់បាន​រម្លឹក​ជាច្រើនលើក​នូវ​ការប្រកាស​ដែលថា រុស្ស៊ី​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​នៅពេល​ចាំបាច់ «ដោយ​មិនត្រូវ​សុំច្បាប់ និង​ពិភាក្សា​ជាមួយ​អ្នកណា​ទាំងអស់»៕

  • របត់​ថ្មី​រវាង Lionel Messi និង​ក្លឹប​បារាំង PSG នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ

    របត់​ថ្មី​រវាង Lionel Messi និង​ក្លឹប​បារាំង PSG នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ

    យោងតាម​អ្នកយកព័ត៌មាន Gerard Romero កំពូល​តារាបាល់ទាត់ Lionel Messi មិនមាន​បំណង​ពន្យារ​សុពលភាព​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PSG នៅ​រដូវក្ដៅ​ឆ្នាំ​នេះឡើយ។

    ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Messi ត្រូវបាន​គេ​ជឿថា បាន​ផ្លាស់ប្ដូរ​គំនិត​បន្ទាប់ពី​បាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​របស់​គាត់​ ​ដណ្ដើមបាន​តំណែង​​ជើងឯក World Cup 2022។ ប៉ុន្តែ Romero បាន​បញ្ជាក់ថា ប្រការនេះ​ក៏​មិនមែន​មានន័យថា គាត់​នឹង​ត្រលប់​ទៅកាន់ Barca វិញ​នោះដែរ។

    ចំណែក​អ្នកយកព័ត៌មាន Fabrizio Romano វិញ បែរជា​យល់ថា Messi មាន​គម្រោង​បន្ត​ស្ថិតនៅ​បារី​ស ហើយ​ការព្រមព្រៀង​មិនទាន់ជា​​ផ្លូវការ​រវាង Messi និង PSG ត្រូវបាន​ជំរុញ​តាំងពី​ខែធ្នូ 2022។

  • ប្រទេស​ចិន​ដំណើរការ​រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរក្នុង​ក្រុង ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង

    ប្រទេស​ចិន​ដំណើរការ​រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរក្នុង​ក្រុង ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង

    រថភ្លើង​អ៊ីដ្រូសែន​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដឹក​អ្នកដំណើរ​ក្នុង​ទីក្រុង ត្រូវបាន​នាំចេញ​ពី​រោងចក្រ​ដំឡើង​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 18 មករា 2023។

    ក្រុមហ៊ុន​ផ្លូវដែក​ចិន (CRRC) និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu បាន​សហការគ្នា​អភិវឌ្ឍ​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​អ៊ីដ្រូសែន​ជា​ឥន្ធនៈ​ដំបូង​គេ​នៅ​ប្រទេស​ចិន។ រថភ្លើង​នេះ​អាចធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ 600 គីឡូម៉ែត្រ និង​មិន​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​ប្រើប្រាស់​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ប្រព័ន្ធ​ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ ( Super-capacitor – បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស)។

    រថភ្លើង​នេះ​មាន​មុខងារ​បើកបរ​ស្វ័យប្រវត្ត ទំនាក់ទំនង​ដោយ​ប្រព័ន្ធ 5G ចេញដំណើរ/ឈប់ និង​ត្រលប់​ទៅ​កន្លែង​ប្រមូលផ្ដុំ​គ្នា​ដោយ​ស្វ័យប្រវត្ត។

    រថភ្លើង​អ៊ីដ្រូសែន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង Fuxing ដែលជា​រថភ្លើង​មាន​ក្បាល​ដូច​គ្រាប់កាំភ្លើង​ដែល CRRC ដំណើរការ​តាំងពី​ឆ្នាំ 2017 និង​មាន​ល្បឿន 350 គីឡូម៉ែត្រ/ម៉ោង។

    អ៊ីដ្រូសែន​ត្រូវបាន​ចាត់ទុកថា​ជា​ថាមពល​ស្អាត ដោយសារតែ​បញ្ចេញ​តែ​ចំហាយ​ទឹក​ប៉ុណ្ណោះ​នៅពេល​រត់ ឬ​បញ្ឆេះ​ម៉ាស៊ីន។ អ៊ីដ្រូសែន​អាច​ត្រូវបាន​ផលិតឡើង​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ មាន​ជាអាទិ៍ ខ្ស​ល់ កម្ដៅ​ព្រះអាទិត្យ និង​វា​រី​អគ្គិសនី​ជាដើម។

    សម្រាប់​រថភ្លើង​ដែល​ដើរ​ដោយ​អ៊ីដ្រូសែន ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី​របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​បង្កើតបានជា​ថាមពល​ក្នុង​ថ្ម​ឥន្ធនៈ​អ៊ីដ្រូសែន។ ដំណើរការ​នៃ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមីនេះ​​មាន​ភាព​ស្ងាត់​ល្អ និង​ស្ថិរភាព។

    ក្រុម​អ្នកជំនាញ​គណនា​ឃើញថា រថភ្លើង​អ៊ីដ្រូសែន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង រត់ 500 គីឡូម៉ែត្រ/ថ្ងៃ​អាច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 10,000 គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ។ ជាង​នេះ រថភ្លើង​នេះ​ក៏​មិន​ត្រូវការ​ការវិនិយោគ​ច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការថែទាំ​នោះដែរ៕

  • Chevy Bolt EV ជា​រថយន្ត​អគ្គិសនី​ជាប់​ចំណាត់ថ្នាក់​ខ្ពស់បំផុតរ​បស់ Edmunds

    Chevy Bolt EV ជា​រថយន្ត​អគ្គិសនី​ជាប់​ចំណាត់ថ្នាក់​ខ្ពស់បំផុតរ​បស់ Edmunds

    នៅពេល​រថយន្ត​អគ្គិសនី​មានការ​ពេញនិយម​ជាង​មុន និង​មាន​ម៉ូ​ដែលថ្មីៗជា​បន្តបន្ទាប់ តម្រូវការ​ប្រើប្រាស់​ក៏​កើនឡើង​យ៉ាងខ្ពស់។

    រថយន្ត​អគ្គិសនី​លែង​នៅ​ជា​របស់​ដែលមាន​តម្លៃ​ខ្ពស់​ដូច​មុន​ទៀតហើយ។ ពេលនេះ បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​ពិតប្រាកដ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់។ ប្រការនេះ​មានន័យថា រថយន្ត​អគ្គិសនី​ត្រូវតែ​មានគុណ​ភាពល្អ អាច​ជិះ​បាន​ឆ្ងាយ និង​តម្លៃ​សមរម្យ។

    Edmunds គឺជា​ប្រភព​នៃ​ព័ត៌មាន​ស្ដីពី​រថយន្ត​ដោយ​យោងទៅលើ​ការស្រាវជ្រាវ ការវាយតម្លៃ​របស់​ក្រុម​អ្នកជំនាញ និង​ជា​ក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាម៉េរិក។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​បានដឹងថា ហេតុអ្វី​បានជា Chvy Bolt EV គឺជា​រថយន្ត​អគ្គិសនី​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​នៅ Edmunds សម្រាប់​ឆ្នាំ 2023។

  • រដ្ឋ California មាន​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស 7 នាក់

    រដ្ឋ California មាន​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស 7 នាក់

    (សហរដ្ឋ​អាម៉េរិក) – California បន្ត​កើតមាន​ហេតុការណ៍​បាញ់ប្រហារ​នៅ Half Moon Bay បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​រងរបួស។

    សារព័ត៌មាន​អាម៉េរិក​កាលពី​ថ្ងៃទី 23 មករា (24 នៅ​កម្ពុជា) បាន​ផ្សាយ​ថា ទីក្រុង Half Moon Bay ក្នុងស្រុក San Mateo របស់​រដ្ឋ California បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​កសិដ្ឋាន​ពីរ​ដែល​នៅក្បែរ​គ្នា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​របួស​ធ្ងន់ធ្ងរ។

    សមត្ថកិច្ច​មិនទាន់​ប្រកាស​ព័ត៌មាន​លំអិត ប៉ុន្តែ​បាន​បញ្ជាក់ថា កំពុង​ដោះស្រាយ​ករណី​បាញ់ប្រហារសម្លាប់​​មនុស្ស​ច្រើន​នាក់ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​រួចហើយ។ LA Times បាន​ផ្សាយ​ថា ជនសង្ស័យ​គឺជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​កើតហេតុ និង​មាន​អាយុ 67 ឆ្នាំ។

    NBC Bay Area ដកស្រង់​សម្ដី​មន្ត្រី​របស់​ទីក្រុង Half Moon Bay បានឱ្យដឹងថា ជនរងគ្រោះ​នានា​នៅ​ក្នុងករណី​បាញ់ប្រហារ​នេះ​គឺជា​កសិករ​ដើមកំណើត​ចិន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​មូលហេតុ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នៅឡើយ។

    អភិបាលរដ្ឋ California លោក Gavin Newsom ដែល​កំពុងស្ថិត​នៅឯ Monterey Park ដើម្បី​ចូលរួម​ដោះស្រាយ​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់​មុន​នោះ បាន​សម្ដែង​ការបារម្ភ​ចំពោះ​ហេតុការណ៍​នេះ។

    ករណី​បាញ់ប្រហារ​នៅ​ទីក្រុង Half Moon Bay បាន​កើតឡើង​ក្រោយពី​មាន​ករណី​បាញ់រះ​នៅ Monterey Park រដ្ឋ California ដូចគ្នា ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 11 នាក់​បាន​បាត់​បង់ជីវិត និង 9 នាក់​រងរបួស។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើ​នេះ​នៅឡើយ៕

  • Pioneering Spirit គឺ​ជា​កប៉ាល់​សាងសង់​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    Pioneering Spirit គឺ​ជា​កប៉ាល់​សាងសង់​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    កប៉ាល់​យក្ស Pioneering Spirit មាន​កម្ពស់​ស្មើនឹង​អគារ 30 ជាន់ និងធំ​ជាង​តួ Eiffel អាច​រុះរើ​ប្រព័ន្ធ​ខួងអណ្ដូង​ប្រេង​ទាំងមូល​នៅលើ​សមុទ្រ។

    Pioneering Spirit គឺជា​កប៉ាល់​សាងសង់​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ ប្រការ​មួយ​ក្នុងចំណោម​ប្រការ​ដ៏​គួរ​ចាប់អារម្មណ៍​បំផុត​របស់​វា នោះ​គឺ​សមត្ថភាព​ក្នុង​ការរុះរើ​ប្រព័ន្ធ​ខួងអណ្ដូង​ប្រេង​ទាំងមូល​នៅលើ​សមុទ្រ។

    កប៉ាល់​ខ្នាត​យក្ស​នេះ​ អាច​កាត់​ផ្ដាច់​​ជើង​ដែកថែប​របស់​ប្រព័ន្ធ​ខួរ​អណ្ដូងប្រេង​លើ​សមុទ្រ និង​លើក​ប្រព័ន្ធ​ខួរ​ទាំងមូល​ចេញពី​បាតសមុទ្រ ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ស្ទូច​កម្លាំង​ខ្លាំង និង​បច្ចេកវិទ្យា​កាត់​ទំនើប។

    ខាងលើនេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​បរិមាណ​នៃ​បំណែក​របស់​ប្រព័ន្ធ​ខួង​ដែល​ធ្លាក់​ទៅ​ក្រោម​ទឹកសមុទ្រ​នោះទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែលនាំឱ្យ​ខូច​បរិស្ថាន​ផងដែរ។ ក្រៅពី​សមត្ថភាព​ខាងលើ កប៉ាល់ Pioneering Spirit ក៏​ថែមទាំង​អាច​ដំឡើង​បណ្ដាញ​បំពង់​នានា​នៅ​បាតសមុទ្រ​ទៀតផង។

    Pioneering Spirit មាន​បណ្ដោយ 382 ម៉ែត្រ និង​ទទឹង 124 ម៉ែត្រ ក្នុងនោះ​ផ្នែក​ដែលមាន​ចន្លោះ​មាន​បណ្ដោយ 122 ម៉ែត្រ និង​ទទឹង 59 ម៉ែត្រ ធ្វើឱ្យវា​​ធំ​ជាង​ពីរដង​ធៀប​នឹង​កប៉ាល់​ដឹក​ប្រេង។

    កប៉ាល់​យក្ស Pioneering Spirit មាន​កម្ពស់​ស្មើនឹង​អគារ 30 ជាន់ និង​ធំ​ជាង​តួ Eiffel។ កប៉ាល់​នេះ​ប្រៀបបាន​ទៅនឹង​កូនភ្លោះ​​មួយ​គូ​ដែល​មាន​រាង​​កាយ​ជាប់​គ្នា និង​អាចធ្វើ​ដំណើរ​ដោយ​កម្លាំង​ម៉ាស៊ីន​ផ្ទាល់ខ្លួនក្នុង​ល្បឿន 26 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យ​វា​អាចធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​នៅលើ​សមុទ្រ​អន្តរជាតិ៕

     

  • EU អនុម័ត​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន

    EU អនុម័ត​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃទី 23 មករា ក្រុម​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប (EU) បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​តម្លៃ 500 លាន​អឺរ៉ូ សម្រាប់​អ៊ុយ​ក្រែ​ន។

    កញ្ចប់​ជំនួយ​យោធា​ទី 7 ដែលមាន​តម្លៃ 500 លាន​អឺ​រ៉ូ ស្មើនឹង 544 លាន​ដុល្លារ​អាម៉េរិក​របស់​សហ​ភាព​អឺរ៉ុប​នេះ​គឺជា​របៀបវារៈ​សំខាន់​មួយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    កញ្ចប់​ជំនួយ​ថ្មី​ខាងលើនេះ​ត្រូវបាន​អនុម័ត​រួមជាមួយ​ខ្ទង់​ប្រាក់​ជំនួយ​បន្ថែម 45 លាន​អឺរ៉ូ សម្រាប់​សកម្មភាព​ហ្វឹកហ្វឺន​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន។

    យោងតាម​របៀបវារៈ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ក៏​នឹង​ពិភាក្សាគ្នាអំ​ពី​កញ្ចប់​ទណ្ឌកម្ម​ទី 10 សំដៅលើ​រុស្ស៊ី ដែល​នឹងមាន​សុពលភាព​ចាប់ពី​ខែក្រោយ​ផងដែរ។

    ទាក់ទង​នឹង​ជំនួយ​យោធា​ខាងលើ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov កាលពី​ថ្ងៃទី 23 មករា បាន​រិះគន់​ដល់​ការ​ផ្ដល់ជំនួយ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​​ដែល​បស្ចិម​លោក​បាន និង​កំពុង​ផ្ដល់​ឱ្យ​​​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី៕

  • កំពូល​តារាបាល់ទាត់​ទាំង 5 ដែល​គួរ​ទស្សនា​បំផុត​ក្នុង​ពាក់កណ្តាល​ទី​ពីរ​នៃ​រដូវ​កាល 2022/23

    កំពូល​តារាបាល់ទាត់​ទាំង 5 ដែល​គួរ​ទស្សនា​បំផុត​ក្នុង​ពាក់កណ្តាល​ទី​ពីរ​នៃ​រដូវ​កាល 2022/23

    សូម​រាប់​ឡើងវិញ​នូវ​កំពូល​តារាបាល់ទាត់​ទាំង 5 របស់​ពិភពលោក ដែល​គួរ​ទស្សនា​បំផុត​ក្នុង​ពាក់កណ្តាល​ទី​ពីរ​នៃ​រដូវ​កាល 2022/23។

    Enzo Fernandez

    Enzo Fernandez កំពុង​ក្លាយជា​ឈ្មោះ​ដែល​គួរ​ចាប់អារម្មណ៍​ជាងគេ​នៅ​អឺរ៉ុប បន្ទាប់ពី​បានបង្ហាញ​ថ្វី​ជើង​នៅ World Cup 2022។ ខ្សែបម្រើ​វ័យ 21 ឆ្នាំ​រូបនេះ​គឺជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​តំណែង​ជើងឯក និង​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup 2022។

    ថ្វី​ជើង​របស់ Fernandes អាច​ត្រូវបាន​លក់​ក្នុងតម្លៃ 120 លាន​អឺរ៉ូ និង​កំពុង​ត្រូវបាន Chelsea «តាមដាន»។ ដោយ​ថ្វី​ជើង​ចេះតែ​ប្រសើរឡើង តម្លៃ​ខ្លួន​ខាងលើ​អាច​កើន​ឡើងដល់ 150 លាន​អឺរ៉ូប​នៅក្នុង​អនាគត។

    Jude Bellingham

    ខ្សែបម្រើ​របស់ Dortmund បើទោះជា​មាន​អាយុ​ទើបតែ 19 ឆ្នាំ ប៉ុន្តែ​បានក្លាយ​ជាស​សរ​ទ្រូង​​មួយ​ក្នុង​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ World Cup 2022 ថ្វីបើ​ពួកគេ​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ 4 គូ​ចុងក្រោយ។

    Bellingham កំពុង​ត្រូវបាន Liverpool, Real Madrid និង Man City ជាដើម «ស្រក់ទឹកមាត់»។ កីឡាករ​រូបនេះ​អាច​នឹង​ក្លាយជា​កំពូល​តារាបាល់ទាត់​បន្ទា​ប់​ដែល​ត្រូវបាន​បញ្ចេញ​ដោយ Dortmund បន្ទាប់ពី Erling Haaland កាលពី​រដូវក្ដៅ​ឆ្នាំ​កន្លង។

    Lionel Messi

    គេ​មិនអាច​មិន​រម្លឹក​ដល់​កំពូល​តារា​បាល់ទាត់​រវ័យ 35 ឆ្នាំ ជន​ជន​អា​ហ្ស​ង់​ទីន​រូប​នេះឡើយ។ Messi គឺជា​កីឡាករ​ឆ្នើម​ជាងគេ​បង្អស់​នៅ World Cup 2022 និង​ជា​បេក្ខភាព​លំដាប់​ទីមួយ​សម្រាប់​ពានរង្វាន់​គ្រាប់​បាល់​មាស​ឆ្នាំនេះ។

    ដោយ​រកបាន 13 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 14 គ្រាប់​ក្រោយ 21 ប្រកួត​រាប់​ចាប់ពី​ដើមរដូវ​កាល El Pulga (រហ័ស​នាម​របស់ Messi) កំពុងតែ​ស្ថិតនៅ​ចំណុចកំពូល​នៃ​អាជីព។ គោលដៅ​បន្ទាប់​របស់ Messi ប្រាកដជា​នឹង​ជួយ​ឱ្យ PSG ដណ្ដើមបាន​ជើងឯក​នៅ Champions League។

    Kylian Mbappe

    ក្នុង​ឆ្នាំ 2022 Mbappe រកបាន 56 គ្រាប់ ក្រោយ 56 ប្រកួត។ កីឡាករ​ជនជាតិ​បារាំង​រូបនេះ​ក៏​លេចធ្លោ​នៅ World Cup 2022 ដោយ​ទទួលបាន​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី។ បើទោះជា​មិនទាន់​ក្លាយជា​ជើងឯក ប៉ុន្តែ​ក្នុង​វ័យ 24 អនាគត​របស់ Mbappe ប្រាកដជា​ថ្កើងថ្កាន។

    Mbappe កំពុង​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ទាំង​នៅ Ligue 1 (13 គ្រាប់) និង​នៅ Champions League (7 គ្រាប់)។ ក្រោយពី​បារាំង​បាន​បរាជ័យ​នៅ World Cup Mbappe កាន់តែ​ប្ដេជ្ញាចិត្ត​ខ្ពស់ ហើយ​ប្រាកដ​ណាស់​ថា នឹងធ្វើ​បានល្អ​ជាង​មុន នៅក្នុង​ការជួយ​ឱ្យ PSG ដណ្ដើមបាន​ជើងឯក​នៅ​អឺរ៉ុប។

    Erling Haaland

    ក្នុង​រដូវ​កាល​ដំបូង​នៅ លី​គ​កំពូល​អង់គ្លេស (English Premier League) Haaland បានធ្វើឱ្យ​ក្រុម​នានា​ត្រូវ​ភ័យខ្លាច បន្ទាប់ពី​រកបាន 21 គ្រាប់/17 ប្រកួត។ ដោយសារ​បាន​លេង​ក្នុង​ប្រព័ន្ធ​របស់ Pep Guardiola ដែលមាន​កីឡាករ​ឆ្នើម​ច្រើន​រូប​ដូចជា De Bruyne, Bernardo Silva និង Grealish ជាច្រើន កំពូល​កីឡាករ​ជនជាតិ​ន័​រ​វែ​ស​នេះ​អាច​បញ្ចេញ​អំណាច​បន្ថែមទៀត​នៅក្នុង​ពាក់កណ្ដាល​ចុងក្រោយ​នៃ​រដូវ​កាល​បច្ចុប្បន្ន។

    បើ​ទោះ​មាន​សញ្ញា​ថមថយ​​បន្តិច​នៅក្នុង​ប៉ុន្មាន​ប្រកួត​បន្ទា​ប់​ពី World Cup 2022 ប៉ុន្តែ គេ​អាច​ជឿ​បាន​ថា Man City ទិញ Haaland គឺ​មិនមែន​មាន​គោល​ដៅ​ត្រឹមតែ លី​គ​កំពូល​អង់គ្លេស​ឡើយ។ គោលដៅ​ខ្ពស់បំផុត​របស់​ពួកគេ​គឺ Champions League ជាទី​ដែល​កីឡាករ​វ័យ 22 ឆ្នាំ Haaland រកបាន 5 គ្រាប់​រួចហើយ ក្រោយពី​ទាត់​បាន 4 ប្រកួត៕