Author: សឿន សំណាង

  • ពី​ឡុ​ត​រុស្ស៊ី​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    ពី​ឡុ​ត​រុស្ស៊ី​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    យន្តហោះ​ចម្បាំង​ក្នុង​ត្រកូល Su-27 របស់​រុស្ស៊ី ហោះ​ទៅ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9 របស់​អាម៉េរិក និង​ហោះ​ទៅ​ហួស​ព្រោះតែ​ល្បឿន​ខុសគ្នា នៅក្នុង​វីដេអូ​ដែល​ទើបតែ​បង្ហោះ​នាពេលថ្មីៗនេះ ក្រោយ​ពី​មាន​ហេតុ​ការណ៍​ធ្លាក់​យន្តហោះ​ UAV របស់​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​។

    គណនី Fighter Bomber របស់​អ្នកបើកបរ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ម្នាក់ កាលពី​ថ្ងៃទី 15 មីនា បាន​បង្ហោះ​វីដេអូ​លើ Telegram បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​រុស្ស៊ី កំពុង​ហោះ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) MQ-9 របស់​អាម៉េរិក។ ពេលវេលា និង​ទីកន្លែង​ថត​វីដេអូ​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង ហើយក៏​មិន​ច្បាស់​ថា នេះ​គឺជា MQ-9 ដែល​បាន​ធ្លាក់​លើ​សមុទ្រ​ខ្មៅ​ ​ឬ​យ៉ាងណា​នៅឡើយ។

    វីដេអូ​មាន​រយៈពេល​បួន​វិនាទី​បង្ហាញថា យន្តហោះ​ចម្បាំង​នេះ​ស្ថិតក្នុង​ត្រកូល Su-27 តែ​មិន​ច្បាស់​អំពី​កំណែ  ហោះ​ទៅ​ក្បែរ UAV អាម៉េរិក​ពីក្រោយ និង​ពី​ខាងស្ដាំ។ គម្លាត​នេះ​អាច​ឱ្យគេ​​មើលឃើញ​ច្បាស់​ផ្លា​កលេខ «294» របស់ UAV។ UAV នេះ​គឺជា​​ម៉ូ​ដែល MQ-9 ប្រើប្រាស់​ស្លាប​កង្ហារ​ចំនួន​បួន និង​ត្រូវបាន​ដំឡើង​ធុង​ប្រេង​បន្ថែម​ដើម្បី​បង្កើន​ចម្ងាយ​នៃ​ការហោះហើរ ព្រម​ទាំង​​មាន​អង់​តែ​ន​ថ្មី​នៅត្រង់​ពោះ​របស់​វា។

    ក្នុង​វីដេអូ យន្តហោះ​ទាំងពីរ​សុទ្ធតែ​ហោះ​ប្រកបដោយ​ស្ថិរភាព មិនមាន​ការហោះ​ឆ្វែល ឬ​គំរាម​ដល់​សុវត្ថិភាព​គ្នា។ Su-27 របស់​រុស្ស៊ី ហោះ​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង UAV របស់​អាម៉េរិក។

    UAV MQ-9 Reaper

    «នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​មានការ​ប៉ះ​ទ​ង្គិ​ត​គ្នា ក្នុងនោះ យន្តហោះ​រុស្ស៊ី​ទំនងជា​បាន​ប៉ះ UAV ដោយ​អ​ចេតនា ពេលដែល UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ល្បឿន ឬ​ទិស​ដៅ​​ហោះហើរ» អ្នកជំនាញ Thomas Newdick របស់​ទំព័រ​យោធា War Zone យល់​ដូច្នេះ។

    បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

    មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

    ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

    វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

  • ទីក្រុង​របស់​ឥណ្ឌូណេស៊ី តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​តាំងពីព្រឹក​ព្រលឹម

    ទីក្រុង​របស់​ឥណ្ឌូណេស៊ី តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​តាំងពីព្រឹក​ព្រលឹម

    ទីក្រុង Kupang ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី កំពុង​សាកល្បង​កម្មវិធីសិក្សា​មួយ​ដែល​តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​នៅវេលា​ម៉ោង 5 និង 30 នាទី​ព្រឹក ដើម្បី «លើកកម្ពស់​វិន័យ» បង្កឱ្យមាន​មតិ​ចម្រូង​ចម្រាស​ក្នុងសង្គម។

    ទិដ្ឋភាព​សិស្សសាលា​ស្ងាប​ពេល​កំពុងធ្វើដំណើរ​ទៅកាន់​សាលារៀន​នៅពេល​ព្រឹក​ព្រលឹម បានក្លាយ​ជា​រឿង​សាមញ្ញ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នៅ Kupang ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Nusa Tenggara ភាព​ខាងកើត របស់​ប្រទេស​ឥណ្ឌូណេស៊ី។ នោះ​គឺជា​សិស្ស​ចុង​កម្រិត​របស់​សាលា​វិទ្យាល័យ​ចំនួន​ដប់​ដែល​កំពុង​អនុវត្ត​កម្មវិធី​សាកល្បង​ចូល​សាលារៀន​នៅ​ម៉ោង 05 និង 30 នាទី​ព្រឹក។

    កម្មវិធី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែ​មុន​ដោយ​លោក Viktor Laiskodat អភិបាលក្រុង Kupang នេះ គឺធ្វើឡើង​ក្នុង​លើ​កម្ពស់​វិន័យ​សម្រាប់​សិស្ស។ ក៏ប៉ុន្តែ កម្មវិធី​ទទួលបាន​ការរិះគន់​ច្រើន​ពី​សាធារណជន។ អាណាព្យាបាល​របស់​សិស្ស​និយាយថា កូនៗរបស់​ពួកគាត់​អស់កម្លាំង​ខ្លាំង​ពេល​ត្រលប់មក​ផ្ទះ។ សាលារៀន​ផ្សេងទៀត​នៅ​ឥណ្ឌូណេស៊ី ជាធម្មតា​តម្រូវឱ្យ​សិស្ស​ចាប់ផ្ដើម​រៀន​ពី​ម៉ោង 07 ឬ​ម៉ោង 08 ព្រឹក។

    អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍ ពិនិត្យឡើងវិញ​ចំពោះ​កម្មវិធី​ខាងលើ។ ចំណែក​ក្រុមមន្ត្រី​ក្នុង​តំបន់​ក៏បាន​ស្នើឱ្យ​លុបចោល​កម្មវិធី​ដែល​ពួកគេ​ហៅថា «គោលនយោបាយ​គ្មាន​ហេតុផល» ចំពោះ​សិស្ស​មួយ​នេះ​ផងដែរ៕

  • តំណាងរាស្ត្រ​ជប៉ុន​មួយរូប​ដែល «មិនចូល​ធ្វើ​ការ​​សោះ» ត្រូវ​សភា​ដកហូត​អភ័យឯកសិទ្ធិ

    តំណាងរាស្ត្រ​ជប៉ុន​មួយរូប​ដែល «មិនចូល​ធ្វើ​ការ​​សោះ» ត្រូវ​សភា​ដកហូត​អភ័យឯកសិទ្ធិ

    សមាជិកសភា​ជាន់ខ្ពស់​ជប៉ុន Higashitani មាន​ប្រភពពី YouTuber ល្បីឈ្មោះ ត្រូវបាន​ដកហូត​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ ព្រោះតែ​មិន​បានមក​កន្លែងធ្វើការ​ទាល់តែសោះ​ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​កន្លង។

    ក្រុមប្រឹក្សាវិន័យ​របស់​សភា​ជប៉ុន កាលពី​ថ្ងៃទី 14 មីនា 2023 បានសម្រេច​ដកហូត​អភ័យឯកសិទ្ធិ​នៅ​សភា​ជាន់ខ្ពស់​របស់លោក Yoshikazu Higashitani ដែល​ត្រូវបាន​គេ​ស្គាល់​ថា GaaSyy អាយុ 51 ឆ្នាំ ដោយសារ​មិនដែល​មក​ចូលរួម​កិច្ចប្រជុំ​ណាមួយ​សោះ ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ខែកក្កដា 2022។

    ការសម្រេចចិត្ត​របស់​សភា​ជប៉ុន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បានស្នើ​ឱ្យ​លោក GaaSyy មកកាន់​រាជធានី​តូ​ក្យូ​ដើម្បី​សូម​អភ័យទោស​ដោយផ្ទាល់​ចំពោះ​អវត្តមាន​ជា​បន្តបន្ទាប់​របស់ខ្លួន និង​បន្ថែមថា នេះ​គឺជា​ឱកាស​ចុងក្រោយ​របស់លោក។ ក៏ប៉ុន្តែ GaaSyy មិនបាន​បង្ហាញខ្លួន ហើយ​នៅតែ​ធ្វើ​សកម្មភាព​លើ​ឆា​នែ​ល YouTube ប្រកាស​ពី​គម្រោង​ជួយ​ដល់​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​ក​គី។

    តំណែង​របស់ GaaSyy នឹងត្រូវ​បានដាក់​ជំនួស​ដោយ​បេក្ខភាព​មួយរូប​មកពី​បក្ស Seijika Joshi 48 របស់លោក។ ជំនួសមុខ​ឱ្យ GaaSyy តំណាងរាស្ត្រ Satoshi Hamada របស់​បក្ស Seijika Joshi 48 បាន​ជំទាស់​នឹង​ការសម្រេច​របស់​សភា ដោយ​ថ្លែងថា វា​ផ្ទុយទៅនឹង​បំណង​របស់​អ្នក​ដែល​បាន​បោះឆ្នោត​ជូន GaaSyy។

    មុនពេល​បាន​ក្លាយជា​តំណាងរាស្ត្រ លោក GaaSyy មានឈ្មោះ​ល្បី​នៅលើ​បណ្ដាញ​សង្គម YouTube ដោយសារតែ​ធ្វើ​វីដេអូ​និយាយ​ពី​បុគ្គល​ល្បីឈ្មោះ​ជាប្រចាំ។

    លោក Yoshikazu Higashitani ដែលត្រូវបានគេស្គាល់ថា GaaSyy

    លោក GaaSyy ត្រូវបាន​គេ​ជឿថា កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។ លោក GaaSyy ប្រាប់ថា មិនអាច​វិល​ត្រលប់​មកកាន់​ជប៉ុន ព្រោះ​បារម្ភ​ពី​ការចាប់ខ្លួន។ នៅ​ជប៉ុន ប៉ូលិស​កំពុង​ស៊ើ​ង​អង្កេត​លើ​រូបលោក GaaSyy ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម និង​បរិហាកេរ្តិ៍​បុគ្គល​ល្បីឈ្មោះ នៅក្នុង​បណ្ដា​វីដេអូ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

    ការដកហូត​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គឺជា​ការពិន័យ​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សមាជិកសភា​នៅ​ជប៉ុន។ រាប់​ចាប់ពី​ឆ្នាំ 1950 សភា​ជប៉ុន​បានសម្រេច​ចិត្ត​ដក​អភ័យឯកសិទ្ធិ​តែ​ពីរ​ករណី​ប៉ុណ្ណោះ ហើយ​លោក Yoshikazu Higashitani គឺជា​តំណាងរាស្ត្រ​ដំបូង​ដែល​ត្រូវបាន​បណ្ដេញ​ពីស​ភា ព្រោះតែ​អវត្តមាន​ជា​បន្តបន្ទាប់៕

  • កែវយឹត​អវកាស James Webb ​​ថត​បាន​វត្ថុ​អវកាស​ខ្នាត​យក្ស​ដែល​ជិត​ផ្ទុះ​ជា​ស៊ូ​ពើ​ណូ​វ៉ា

    កែវយឹត​អវកាស James Webb ​​ថត​បាន​វត្ថុ​អវកាស​ខ្នាត​យក្ស​ដែល​ជិត​ផ្ទុះ​ជា​ស៊ូ​ពើ​ណូ​វ៉ា

    កែវយឹត​អវកាស James Webb របស់​ណា​សា បាន​បញ្ជូន​មកកាន់​ផែនដី​នូវ​រូបថត​លំអិត​មិន​ធ្លាប់​បានឃើញ​ពី​មុន​​របស់​ផ្កាយ​ធំ​មួយ​ដួង​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត។

    ផ្កាយ​មួយ​ដួង​នេះ​ត្រូវបាន​គេ​ហៅថា WR 124 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 15,000 ឆ្នាំ​ពន្លឺ (ឆ្នាំ​ពន្លឺ​គឺជា​ការ​ធ្វើ​ដំណើរ​​ក្នុង​មួយ​ឆ្នាំរបស់​ពន្លឺ​ ហើយ​មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង​ 9.46 ទ្រីលាន​គីឡូម៉ែត្រ) នៅក្នុង​កញ្ចុំ​ផ្កាយ Sagittarius។ ផ្កាយ​នេះ​ធ្ងន់​ជាង 30 ដង​ធៀប​នឹង​ព្រះអាទិត្យ ហើយ​បាន​បញ្ចេញ​ឧស្ម័ន ធូលី​ប្រហាក់ប្រហែល 10 ដង ធៀប​នឹង​ព្រះអាទិត្យ គិត​ត្រឹម​ពេលត្រូវ​បាន​​សង្កេត។

    ក្នុង​រូបភាព​ដែល​​ថត​​បាន​ដោយ​កា​ម៉េ​រិ​ក​នានា​របស់​កែវយឹត​អវកាស James Webb និង​ត្រូវបាន​ណា​សា​ប្រកាស​បង្ហាញ​កាលពី​ថ្ងៃទី 14 មីនា ផ្កាយ WR 124 លេចឡើង​យ៉ាងច្បាស់​នៅ​ចំ​កណ្ដាល​ពពក​ធូលី ឬ​នេ​ប៊ូ​ឡា (Nebula) ដែលមាន​អង្កត់ផ្ចិត​ឡើងដល់ 10 ឆ្នាំ​ពន្លឺ។

    ផ្កាយ WR 124 លេចឡើងយ៉ាងច្បាស់នៅចំកណ្ដាលពពកធូលី ឬនេប៊ូឡា (Nebula)

    ពពក​ធូលី​ដ៏​ធំ​សម្បើម​នេះ​គឺជា​វត្ថុ​ធាតុ​ដែល​ខ្ទាត​ចេញពី​ផ្កាយចាស់ៗនៅក្នុង​ការបញ្ចេញ​ឧស្ម័ន​ដ៏​ច្របូកច្របល់។ នេះ​គឺជា​សញ្ញា​បង្ហាញថា ផ្កាយ​​កំពុងស្ថិត​ក្នុងដំណាក់កាល​បាត់បង់​ម៉ាស មុនពេល​ក្លាយទៅជា​ស៊ូ​ពើ​ណូ​វ៉ា (supernova) ជា​ពេលដែល​ប្រតិកម្ម​សរុប​របស់​នុយ​ក្លេ​អែរ​ក្នុង​ស្នូល​​ផ្កាយ​ឈប់​ដំណើរការ ហើយ​​សម្ពាធ​របស់​ទម្ងន់​ធ្វើឱ្យ​វា​ដួលរលំ និង​ផ្ទុះ។

    https://www.youtube.com/watch?v=qWIbotZoTM8

    ផ្កាយ WR 124 រួមចំណែក​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ដឹង​បន្ថែម​អំពី​ប្រវត្តិ​ដំបូង​នៃ​ការកកើត​ចក្រវាល៕

  • ដើម្បី​ត្រៀម​ទៅ​ប្រកួត​នៅ World Cup ក្រុម U-20 ឥណ្ឌូណេស៊ី​ «​ផ្ដល់​សញ្ជាតិ​» ដល់​កីឡាករ​​អឺរ៉ុប​ច្រើន​នាក់

    ដើម្បី​ត្រៀម​ទៅ​ប្រកួត​នៅ World Cup ក្រុម U-20 ឥណ្ឌូណេស៊ី​ «​ផ្ដល់​សញ្ជាតិ​» ដល់​កីឡាករ​​អឺរ៉ុប​ច្រើន​នាក់

    ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​អាយុ​ក្រោម​ម្ភៃ​ឆ្នាំរបស់​ប្រទេស​ឥណ្ឌូណេស៊ី (U-20 ឥណ្ឌូណេស៊ី) កំពុងតែ​ត្រៀម​សម្រាប់​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បាល់ទាត់​អឺរ៉ុប​ចំនួន​បី​រូប ក្នុង​បំណង​ពង្រឹងកម្លាំង​សម្រាប់​ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់​ទាត់ U-20 World Cup 2023។

    U-20 ឥណ្ឌូណេស៊ី មិនបាន​​ឡើងទៅ​កាន់​វ​គ្គ ¼ នៅឯ​ពានរង្វាន់ U-20 អាស៊ី បន្ទាប់ពី​ត្រូវ​ចាញ់ U-20 អ៊ីរ៉ាក់, ឈ្នះ U-20 ស៊ី​រី និង​ស្មើ U-20 អ៊ូ​ស​បេ​គី​ស្ថានកាល​ពី​ពេល​ថ្មី​ៗ​នេះ។

    ថ្វីបើ​មិន​ស្ថិតក្នុង​ចំណោម​បួន​ក្រុម​ដែល​ខ្លាំង​បំផុតប្រចាំ​តំបន់​អាស៊ី​ តែ U-20 ឥណ្ឌូណេស៊ី នៅតែ​មាន​សិទ្ធ​​រួម​ដំណើរ​ជាមួយ​ក្រុម​កូរ៉េខាងត្បូង, ជប៉ុន អ៊ីរ៉ាក់ និង​អ៊ូ​ស​បេ​គី​ស្ថាន ឡើងទៅ​ប្រកួត​នៅ​ដណ្ដើម​ពាន់​រង្វាន់​ U-20 World Cup 2023 ព្រោះតែ U-20 ឥណ្ឌូណេស៊ី​គឺជា​ក្រុម​ម្ចាស់ផ្ទះ។

    ថ្មីៗនេះ កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong របស់​ U-20 ឥណ្ឌូណេស៊ី​ បានទទួល​ភារកិច្ច​ក្នុង​ការ​​ឆ្លង​ឱ្យ​ផុត​វគ្គ​សន្សំ​ពិន្ទុ​នៅ U-20 World Cup 2023 ដែល​នឹង​ធ្វើឡើង​នាពេលខាងមុខ។ ដើម្បី​សម្រេចបាន​ភារកិច្ច​នេះ ឥណ្ឌូណេស៊ី​កំពុង​ប្រឹងប្រែង​រៀង​ចំ​​​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បី​រូប​ដែល​កំពុង​លេង​នៅ​អឺរ៉ុប រួមមាន Justin Hubner, Ivar Jenner និង Raphael Struick។

    ខាងលើនេះ​សុទ្ធតែជា​កីឡាករ​ដែលមាន​ជំនាញ​ប្រកបដោយ​សក្ដានុពល និង​កំពុង​លេង​ឱ្យ​ក្លឹប​នានា​នៅ​អង់គ្លេស និង​ហូ​ឡង់។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី លោក Erick Thohir ថ្លែងថា «អំពី​ការផ្ដល់​សញ្ជាតិ គ្រប់យ៉ាង​កំពុង​ដំណើរ​ការ​ទៅតាម​ផែនការ​ដែល​បានកំណត់»៕

  • អ្នកនិពន្ធ​របស់​ភាព​យន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) ទទួលមរណភាព

    អ្នកនិពន្ធ​របស់​ភាព​យន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) ទទួលមរណភាព

    (ប្រទេស​ចិន) – Dai Yinglu ដែលជា​អ្នកនិពន្ធ​មួយរូប​របស់​ខ្សែភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) 1982 បានទទួល​មរណភាព​កាលពី​ថ្ងៃទី 14 មីនា 2023 ក្នុង​វ័យ 82 ឆ្នាំ។

    យោងតាម The Paper លោក Dai Yinglu បាន​លាចាក​លោក​នៅឯ​ទីក្រុង​ប៉េកាំង ដោយសារ​វ័យ​ចំណាស់ កម្លាំង​ខ្សោយ។ អ្នក​សម្ដែង Liu Xiao Ling Tong (​តួអង្គ​ស៊ុន​អ៊ូ​ខុង) បាន​និយាយថា អ្នកនិពន្ធ Dai Yinglu គឺជា​មិត្ត និង​ជា​គ្រូ​របស់លោក។ លោក Liu Xiao Ling Tong មានការ​សោកស្ដាយ​ណាស់​នៅពេល​អ្នកនិពន្ធ​ទាំងបី​រូប​របស់​ភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» សុទ្ធតែ​បាន​លាចាក​លោកអស់​ទៅ​ហើយ។

    Dai Yinglu កើត​នៅ​ខេត្ត Heilongjiang ប្រទេស​ចិន។ លោក​បានបញ្ចប់​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ចិន​នៅ​មហាវិទ្យាល័យ Heilongjiang ហើយ​ក្រោយមក​ក៏​ធ្វើការ​នៅ​វិទ្យាស្ថាន​ល្ខោន​ចិន។ គាត់​ធ្លាប់បាន​សរសេរ​សាច់រឿង​​​សម្រាប់​ល្ខោន និង​​ភាពយន្ត​ជាច្រើន។

    ខ្សែភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) ត្រូវបាន​ផលិត​ដោយ​ទូរទស្សន៍​ជាតិចិន និង​មជ្ឈមណ្ឌល​ផលិតកម្ម​ភាពយន្ត​ទូរទស្សន៍​ចិន គឺ​ជា​ស្នាដៃ​ដ៏​លេច​ធ្លោ​មួយ​របស់​លោក Dai Yinglu។ ភាពយន្ត​នេះ​ដឹកនាំ​សម្ដែង​ដោយ Yang Jie សហការ​និពន្ធ​ដោយ Dai Yinglu, Yang Jie និង Zou Yiqing។ វា​ត្រូវបាន​ចាក់​បញ្ចាំង​ចាប់ពី​ឆ្នាំ 1982។

    លោក Liu Xiao Ling Tong ដែលធ្លាប់សម្ដែងជាតួអង្គស៊ុនអ៊ូខុង (ឆ្វេង) និងលោក Dai Yinglu
    អ្នកនិពន្ធ Dai Yinglu (ពាក់អាវធំ), Zou Yiqing (អាវក្រហម)។ ខាងក្រោម ពីឆ្វេងមកស្ដាំ៖ Dai Yinglu, Yang Jie, Zou Yiqing
    អ្នកសម្ដែង Liu Xiao Ling Tong (តួអង្គស៊ុនអ៊ូខុង)
    Zou Yiqing
  • រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​ចិន កំពុង​ទាក់ទាញ​ការប្រើប្រាស់​ច្រើន​​នៅ​ឥណ្ឌូណេស៊ី

    រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​ចិន កំពុង​ទាក់ទាញ​ការប្រើប្រាស់​ច្រើន​​នៅ​ឥណ្ឌូណេស៊ី

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​ចិន កំពុងតែ​បញ្ជ្រាប​ខ្លួន​ទៅគ្រប់​កន្លុកកន្លៀត​ក្នុង​ទីផ្សារ​អន្តរជាតិ​នាពេលថ្មីៗនេះ ក្នុងនោះ​ក៏មាន Wuling ផងដែរ។

    មាន​តម្លៃ​ប្រហែល​តែ 5,500 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន Wuling ទាក់ទាញ​អតិថិជន​បាន​យ៉ាងច្រើន​នៅ​ទីផ្សារ​ប្រទេស​ចិន ដោយ​ប្រើ​ពេល​​យ៉ាង​ខ្លី។ រថយន្ត​អគ្គិសនី​របស់ Wuling ថែមទាំង​លក់ដាច់​ជាង Tesla ទៅទៀត​នៅក្នុង​ទីផ្សារ​ក្នុងស្រុក។ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ច្រើន​នៅប្រទេស​ចិន Wuling ក៏​ចាប់ផ្ដើម​វាយលុក​ទីផ្សារ​អន្តរជាតិ។

    ទីផ្សារ​អន្តរជាតិមួយ​ក្នុង​ចំណោម​ទីផ្សារ​​ដែល Wuling វាយលុក​ខ្លាំងជាងគេ​គឺ​​ឥណ្ឌូណេស៊ី ជា​ទី​ដែលមាន​អ្នកប្រើប្រាស់​ម៉ូតូ​ច្រើនជាងគេ​មួយ​នៅ​អាស៊ីអាគ្នេយ៍។ ក្រោយ​ពេល​ត្រូវ​បាន​ប្រកាស​ដាក់​លក់ មានមតិ​ខ្លះ​យល់ថា រថយន្ត​អគ្គិសនី​របស់ Wuling នឹង «ឆាប់​ស្លាប់» នៅលើ​ទីផ្សារ​មួយ​នេះ។

    ឥណ្ឌូណេស៊ី មាន​អ្នកប្រើប្រាស់​ម៉ូតូ​ច្រើនជាងគេ​មួយ​នៅ​អាស៊ីអាគ្នេយ៍

    ក៏ប៉ុន្តែ ការពិត​ពុំមែន​ដូច្នោះ​ឡើយ។ ម៉ូ​ដែល​រថយន្ត​អគ្គិសនី Wuling Air ដែល​ត្រូវបាន និង​កំពុង​លក់​ក្នុងតម្លៃ​ត្រឹមតែ 16,000 ដុល្លារ​អាម៉េរិក ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង​គូប្រជែង​ដទៃ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់នៅ​ឥណ្ឌូណេស៊ី។

    Wuling Air ត្រូវបាន​ចាត់ទុកជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​តូច សាមញ្ញ និង​ស្រួល​ប្រើ ឆ្ពោះទៅកាន់​អនាគត និង​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុងធំៗរបស់​ឥណ្ឌូណេស៊ី។

    Wuling Air

    យោងតាម​សមាគម​ឧស្សាហកម្ម​រថយន្ត​ឥណ្ឌូណេស៊ី ក្រោយ​ការបង្ហាញ​វត្ត​មានបាន 6 ខែ (តាំងពី​ខែសីហា 2022) ចំនួន​រថយន្ត​អគ្គិសនី Wuling Air ដែល​បាន​លក់​ចេញ បាន​កើន​ឡើង​ដល់​ប្រមាណ 8,000 គ្រឿង និង​បាន​គ្រប់គ្រង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី។

    ថ្វីបើ​តួលេខ​ខាងលើ​មិន​ច្រើន​បើ​ធៀប​នឹង​ចំនួន​រថយន្ត​របស់ Wuling ដែល​បាន​លក់​ចេញ​នៅ​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ចិន ប៉ុន្តែ​ជាក់ស្ដែង 8,000 គ្រឿង​នេះ​គឺ​ស្មើនឹង 78% នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី។

    Wuling Air មាន​រូបរាង​តូច មាន​កម្ពស់ 1.6 ម៉ែត្រ និង​អាចដាក់​មនុស្ស​បាន​បួន​នាក់។ វា​ជា​រថយន្ត​អគ្គិសនី​ដែលមាន​តម្លៃ​ទាប​ជាងគេ​នៅ​ឥណ្ឌូណេស៊ី​នាបច្ចុប្បន្ន។

    រថយន្តអគ្គិសនី Nissan Leaf

    នៅ​ឥណ្ឌូណេស៊ី រថយន្ត​អគ្គិសនី Nissan Leaf ឬ Hyundai Ioniq 5 បច្ចុប្បន្ន​មានតម្លៃប្រហែល 48,000 ដុល្លារ​អាម៉េរិក។ ចំណែក Wuling កំណែ​ស្ដង់ដា​មានតម្លៃ 16,000 ដុល្លារ និង​កំណែ​ខ្ពស់​មានតម្លៃ 20,000 ដុល្លារនៅ​ក្នុង​ទីផ្សារ​មួយ​នេះ​៕

  • ណា​សា (NASA) ​អភិវឌ្ឍ​យានអវកាស​ថ្មី​​ដើម្បី​អូស​ទម្លាក់​​ស្ថានីយ​អវកាស​អន្តរ​ជាតិ

    ណា​សា (NASA) ​អភិវឌ្ឍ​យានអវកាស​ថ្មី​​ដើម្បី​អូស​ទម្លាក់​​ស្ថានីយ​អវកាស​អន្តរ​ជាតិ

    (សហរដ្ឋ​អាម៉េរិក) – ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កំពុង​រៀប​ផែនការ​អភិវឌ្ឍ​យានអវកាស​មួយ​ដែល​អាច​អូស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ចេញពី​គន្លង​គោចរ ដើម្បីឱ្យ ISS រំលាយ​ខ្លួនឯង​ពេល​ហោះ​ធ្លាក់​ឆ្លងកាត់​បរិយាកាស​ផែនដី។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 13 មីនា ណា​សា​ឱ្យដឹងថា នឹង​ចំណាយ​ប្រាក់ 180 លាន​ដុល្លារ​ដើម្បី​ផលិត​យានអវកាស​មួយ​សម្រាប់​ជួយ​ឱ្យ ISS ចាកចេញ​ផុតពី​គន្លង​គោចរ​ដោយ​សុវត្ថិភាព និង​ទម្លាក់ខ្លួន​ទៅលើ​សមុទ្រ ក្រោយពី​បានបញ្ចប់​ដំណើរការ​នៅ​ឆ្នាំ 2030។ យានអវកាស​ថ្មី​របស់​ណា​សា ក៏​នឹង​គាំទ្រ​ដល់​សកម្មភាព​ចាក​ចេញពី​គន្លង​តារាវិថី​របស់​បណ្ដា​ដៃគូ​សហការ​របស់ ISS ដែល​រួមមាន ស្ថាប័ន​អវកាស​របស់​សហរដ្ឋ​អាម៉េរិក រុស្ស៊ី អឺរ៉ុប កាណាដា និង​ជប៉ុន។

    គម្រោង​នៅ​ចំពោះ​មុខ​​​គឺ​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​យានអវកាស​ដឹកទំនិញ​ស្វ័យប្រវត្ត Progress របស់​រុស្ស៊ី ដើម្បីឱ្យ ISS បន្ទាបខ្លួន​ជាបណ្ដើរ។ រុស្ស៊ី​ក៏បាន​ប្រកាស​ដកខ្លួន​ពី ISS បន្ទាប់ពី​ឆ្នាំ 2024 ដើម្បី​សាងសង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន។ ព័ត៌មាន​នេះ​ទំនងជា​បាន​ជំរុញ​ឱ្យ​ណា​សា​អភិវឌ្ឍ​យានអវកាស​ថ្មី។

    ណា​សា​ក៏បាន​ឱ្យដឹងថា ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​សម្រាប់​កម្មវិធី Artemis គឺ 8.1 ពាន់​លាន​ដុល្លារ។ កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ឱ្យ​ណា​សា​អនុវត្ត​បេសកកម្ម Artemis 2 និង Artemis 3 នៅ​ឆ្នាំ 2024 និង 2025។ នេះ​បើ​យោងតាម​ទំព័រ Space។

    បេសកកម្ម Artemis 2 នឹង​នាំ​អ្នក​អវកាស​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈដែល Artemis 3 នឹង​ចុះចត​ក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​នៅក្នុង​បេសកកម្ម​មាន​មនុស្ស​ដំបូង រាប់​ចាប់តាំងពី​សម័យ Apollo 17 កាលពី​ឆ្នាំ 1972។ ចំណែក បេសកកម្ម Artemis 4 ដែល​គ្រោង​នឹង​ដំឡើង​ស្ថានីយ​អវកាស Gateway របស់​ណា​សា​នៅលើ​គន្លង​គោចរ​ព្រះ​ចន្ទ នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2028 បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ត្រូវ​តាម​ផែនការ៕

  • Erling Haaland បំបែកកំណត់ត្រារបស់ Mbappe ហើយ​ឈ្នះដាច់លើ Messi, Ronaldo ក្រោយពី Man City ផ្ដួល Leipzig 7-0

    Erling Haaland បំបែកកំណត់ត្រារបស់ Mbappe ហើយ​ឈ្នះដាច់លើ Messi, Ronaldo ក្រោយពី Man City ផ្ដួល Leipzig 7-0

    (អង់គ្លេស) – ក្រោយ​ជ័យជម្នះ​លើ Leipzig ក្នុង​លទ្ធផល 7-0 កាលពី​ម្សិលមិញ Erling Haaland បាន​បំបែក​កំណត់ត្រា​របស់ Kylian Mbappe ក្លាយជា​កីឡាករ​វ័យ​ក្មេង​បំផុត​រកបាន 30 គ្រាប់​នៅ Champions League។

    Haaland ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​នៅក្នុង​ការប្រកួត​ឈ្នះ Leipzig 7-0 ក្នុង​ជើង​ទី​ពីរ​នៃ​វគ្គ 1/8។ អំឡុងពេល​បង្កើតបាន hat-trick (រកបាន​បី​គ្រាប់​ក្នុង​មួយ​ប្រកួត) Haaland បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ (អាយុ 22 ឆ្នាំ និង 236 ថ្ងៃ) ដែល​រកបាន 30 គ្រាប់​នៅឯ​ពានរង្វាន់ Champions League។ កំណត់ត្រា​ចាស់​គឺ​វ័យ 22 ឆ្នាំ និង 352 ថ្ងៃ របស់ Kylian Mbappe។

    Haaland និង Mbappe សុទ្ធតែ​បាន​ឆ្លង​ផុត​ឆ្ងាយ​ពី Lionel Messi និង Cristiano Ronaldo។ Messi រកបាន 30 គ្រាប់​នៅ Champions League ក្នុង​វ័យ 23 ឆ្នាំ និង​បី​ខែ ខណៈដែល Ronaldo រកបាន 30 គ្រាប់​ក្នុង​វ័យ 26 ឆ្នាំ និង 7 ខែ។

    បើ​គិត​អំពី​ចំនួន​ប្រកួត (25 ប្រកួត) Haaland ក៏​ក្លាយជា​កីឡាករ​ដែល​រកបាន 30 គ្រាប់​ឆាប់​ជាងគេ​បង្អស់​នៅ Champions League។ ដោយមាន​ឯតទគ្គ​កម្មនេះ Haaland ក៏​យកឈ្នះ​លើ​កំណត់ត្រា​ចាស់​របស់ Ruud Van Nistelrooy អតីត​ខ្សែប្រយុទ្ធ​របស់ Man Utd និង Real ផងដែរ។

    ទន្ទឹមនឹងនេះ Haaland ក៏​តាម​ទាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​មួយ​ប្រកួត​នៅ Champions League។ Messi ធ្លាប់​កាន់កាប់​កំណត់ត្រា​នេះ នៅពេល​រកបាន​ប្រាំ​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​​វគ្គ 1/8 នៅ​ឆ្នាំ​ 2011-2012 ជា​រដូវ​កាលដែល Barca បានឈ្នះ Leverkusen 7-1។ ក្នុង​ខែតុលា 2014 Luiz Adriano ក៏បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ Champions League ពេលដែល ក្រុម​ Shakhtar Donetsk បាន​ឈ្នះ Bate Borisov 7-0 នៅ​វគ្គ​សន្សំ​ពិន្ទុ។

    Erling Haaland

    ក៏ប៉ុន្តែ បើ​ធៀប​ទៅនឹង​សិស្ស​ច្បង​ពីររូប ការ​ស៊ុត​បញ្ចូល​ទី​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​របស់ Haaland នៅតែ​គួរឱ្យ​ជក់ចិត្ត​ជាង​គេ​។ ខ្សែប្រយុទ្ធ​របស់ Man City ត្រូវការ​ពេល​តែ 57 នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេចបាន​លទ្ធផល​នេះ ខណៈដែល Messi និង Adriano ត្រូវការ 84 នាទី និង 82 នាទី។

    Haaland ក៏​បំបែក​កំណត់ត្រា​ស្ដីពី​ការរកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​សម្រាប់​ក្លឹប Man City។ ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស កំពុង​កាន់កាប់ 39 គ្រាប់​ក្នុង​រដូវ​កាល 2022-2023 ច្រើនជាង​មួយគ្រា​ប់​ធៀប​នឹង​កំណត់ត្រា​ចាស់​របស់ Tommy Johnson ក្នុង​រដូវ​កាល 1928-1929។

    ពេល​បាន​ជួយ​ឱ្យ Man City រកបាន​បី​គ្រាប់​នៅ​ចុងការ​ប្រកួត​តង់​ទីមួយ ចំនួន​ hat-trick របស់ Haaland ក៏បាន​កើនឡើង​ដល់​ប្រាំ​លើក​សម្រាប់​ក្លឹប​នៅ​គ្រាប់​ការប្រកួត​ក្នុង​រដូវ​កាល​នេះ ច្រើនជាង​បី hat-tricks បើ​ធៀប​នឹង​កីឡាករ​ដទៃ​នៅឯ​ពានរង្វាន់​ជើងឯកកំពូលៗចំនួន​ប្រាំ​នៅ​អឺរ៉ុប។ ខ្សែប្រយុទ្ធ​របស់​ន័​រ​វែ​ស​នេះ​ថែមទាំង​ក្លាយជា​កីឡាករ​ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​អង់គ្លេស​ដំបូង​គេ​ដែល​រកបាន​ប្រាំ hat-tricks ក្នុង​មួយ​រដូវ​កាល រាប់​ចាប់តាំងពី Harry Kane សម្រេចបាន​កាលពី​រដូវ​កាល 2016-2017។

    Haaland ធ្លាប់​រកបាន 29 គ្រាប់​ក្នុង 27 ប្រកួត​សម្រាប់ Salzburg និង 86 គ្រាប់​ក្នុង 89 ប្រកួត​សម្រាប់ Dortmund។ កាលពី​ឆ្នាំ 2022 គាត់​បានមក​ទាត់​ឱ្យ Man City ក្នុងតម្លៃ​ខ្លួន 66 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន Haaland នាំមុខគេ​ក្នុងការ​ដណ្ដើមយក​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី Champions League 2022-2023 ដោយ​រកបាន​ដប់​គ្រាប់។ Haaland ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាង Mohamed Salah ចំនួន​ពីរ​គ្រាប់ និង​ច្រើនជាង Mbappe បី​គ្រាប់។ Mbappe អស់​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​បន្ថែម ព្រោះ PSG ត្រូវបាន​ជម្រុះ។ ចំណែក Salah ក៏​ទំនងជា​នឹងត្រូវ​មាន​វាសនា​ដូច Mbappe ដោយសារ Liverpool ចាញ់ Real 2-5 នៅ​ជើង​ទីមួយ​នៃ​វគ្គ 1/8។

    https://www.youtube.com/watch?v=HVuWbCAe0mU

    Manchester City បាន​ឡើងដល់​វគ្គ 8 ក្រុម​ចុងក្រោយ (1/4) បន្ទាប់ពី​បានឈ្នះ Leipzig 8-1​ នៅ​វគ្គ​ 1/8​។ ដោយសារតែ​នៅសល់​ប្រហែល​ប្រាំ​ប្រកួត​ទៀត​នៅ Champions League នា​រដូវ​កាល​នេះ Haaland ប្រាកដជា​រកបាន​គ្រាប់​បាល់​បន្ថែម និង​បន្ត​បំបែក​កំណត់ត្រា​នានា​ក្នុង​វិស័យ​បាល់ទាត់៕

  • បឹង​ទឹក​ក្រោម​ដី​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក​របស់​ណា​មី​ប៊ី

    បឹង​ទឹក​ក្រោម​ដី​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក​របស់​ណា​មី​ប៊ី

    បឹង​ក្នុង​ល្អាង​ដង្ហើម​នាគ​មាន​ទំហំ​ប្រហែល​ពីរ​ហិកតា ជម្រៅ​ជាង 200 ម៉ែត្រ ព្រមទាំង​មាន​ទឹកថ្លា​ឆ្វង់ និង​មាន​សត្វ និង​ត្រី​រស់នៅ។ នេះ​បើតាម​ទំព័រ IFL Science។

    នៅ​ជ្រៅ​ក្នុងប្រទេស​ណា​មី​ប៊ី មាន​ល្អាង​ពេញ​ដោយ​ទឹក​មួយ​ដែល​ត្រូវបាន​គេ​ហៅថា ល្អាង​ដង្ហើម​នាគ (Dragon’s Breath)។ ល្អា​នេះ​មាន​លាក់​បឹង​ក្រោម​ដី​មិន​ស្ថិតក្រោម​ទឹកកក​ធំជាងគេ​លើ​ពិភពលោក។ អស់​ជាច្រើន​ទសវត្សរ៍ ពិភពលោក​មិនដឹង​អំពី​ទំហំ​ពិតប្រាកដ​របស់​តំបន់​មានទឹក​មួយ​នេះ ព្រោះតែ​អ្នកវិទ្យាសាស្ត្រ​មិនអាច​មុជទឹក​ចុះ​ជ្រៅ​បាន​តាមចិត្ត។ ប៉ុន្តែ បច្ចេកវិទ្យា​បច្ចុប្បន្ន បាន និង​កំពុងតែ​បង្ហើប​ឱ្យដឹង​អាថ៌កំបាំង​របស់​ល្អាង​នេះ​បន្តិចម្ដង។

    ការស្រាវជ្រាវ​ដោយ​ប្រើប្រាស់​រ៉ូ​បូត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បង្ហាញថា ល្អាង​ដង្ហើម​នាគ​មាន​ជម្រៅ​ជាង 200 ម៉ែត្រ។ អ្នកវិទ្យាសាស្ត្រ​ពិបាក​ក្នុងការ​រកឃើញ​ទំហំ​ពិតប្រាកដ​របស់​បឹង​ក្រោម​ដី​នេះ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​ជឿថា វា​មាន​ទំហំ​ប្រហែល​ពីរ​ហិកតា ធំ​ជាង Lost Sea ដែលជា​បឹង​ក្រោម​ដី​មិន​ស្ថិតក្រោម​ទឹកកក​ធំជាងគេ​នៅ​សហរដ្ឋ​អាម៉េរិក និង​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក ដោយមាន​ទំហំ​ប្រមាណ 1.8 ហិកតា។

    ណា​មី​ប៊ី​គឺជា​ប្រទេស​ស្ថិត​នៅជាប់​នឹង​មាត់សមុទ្រ​ភាគខាងត្បូង​របស់​ទ្វីបអាហ្វ្រិក។ ប្រទេស​នេះ​មាន​ល្អាង​យ៉ាងតិច 124 កន្លែង។ ឈ្មោះ «ដង្ហើម​នាគ» របស់​ល្អាង​នេះ​មាន​ប្រភពពី​ជំនោរ​ខ្យល់​ក្ដៅ និង​មាន​សំណើម​នៅត្រង់​ច្រកចេញចូល។ ទឹក​ក្នុង​បឹង​របស់​ល្អាង​នេះ​មាន​សភាព​ថ្លា​ឆ្វង់ និង​មានជីវិត​រស់នៅ ក្នុងនោះ មាន​ខ្លះ​មាន​ទម្រង់​ស្រដៀង​ជន្លេន កំពឹស ហើយក៏​មាន​ត្រី​អណ្ដែង​លឿង​ផងដែរ។

    យោងតាម​ការស្រាវជ្រាវ​បែប​ទំនើប​បច្ចុប្បន្ន ល្អាង​នេះ​មាន​រូបរាង​ស្រដៀង​ទៅនឹង​ស្បែក​ជើងមាន​ច្រមុះ​ស្រួច៕