Author: សឿន សំណាង

  • រុស្ស៊ី​ថា «ការប៉ះទង្គិច​នុយ​ក្លេ​អែរ​ជិត​មកដល់» ក្រោយ​ពី​​​អង់គ្លេស​គ្រោង​ជញ្ជូន​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន

    រុស្ស៊ី​ថា «ការប៉ះទង្គិច​នុយ​ក្លេ​អែរ​ជិត​មកដល់» ក្រោយ​ពី​​​អង់គ្លេស​គ្រោង​ជញ្ជូន​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​នៅ​ទីក្រុង​មូ​ស្គូ​បាន​ថ្កោលទោស​អង់គ្លេស ទាក់ទិន​នឹង​រឿង​ជញ្ជូន​គ្រាប់​ទម្លុះ​ដែក​មាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន និង​ព្រមាន​ថា នឹងធ្វើ​ការឆ្លើយតប​យ៉ាង​សមស្រប។

    រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អង់គ្លេស Annabel Goldie កាលពី​ថ្ងៃទី 21 មីនា បានឱ្យដឹងថា ក្នុងចំណោម​គ្រាប់កាំភ្លើង​សម្រាប់​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដែល​ប្រទេស​នេះ​គ្រោង​នឹង​ដឹក​ទៅឱ្យ​អ៊ុយ​ក្រែ​ន មាន​គ្រាប់​ទម្លុះ​ដែក​ដែលមាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ។ យោងតាម Goldie គ្រាប់​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុងការ​កម្ទេច​រថក្រោះ​ទំនើប និង​យាន​ពាស​ដែក។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា «បើសិន​រឿងនេះ​កើតឡើង រុស្ស៊ី​នឹង​ឆ្លើយតប​យ៉ាង​សមស្រប ដោយសារ​លោកខាងលិច ជារួម បានចាប់ផ្ដើម​ប្រើប្រាស់​អាវុធ​ដែលមាន​ផ្ទុក​សមាសធាតុ​នុយ​ក្លេ​អែរ»។

     

    ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu វិញ ក៏បាន​ព្រមាន​ថា ការសម្រេចចិត្ត​របស់​អង់គ្លេស ធ្វើឱ្យ​មូ​ស្គូ និង​បស្ចិម​លោក​ខិត​កាន់តែ​ជិត​ករណី «ប៉ះទង្គិច​នុយ​ក្លេ​អែរ។ ពិតណាស់ រុស្ស៊ី​ក៏មាន​របស់​សម្រាប់​តប​ត»។

    ក្រសួងការពារជាតិ​អង់គ្លេស បន្ទាប់មក​ក៏បាន​ចោទ​រុស្ស៊ី​ថា «មាន​ចេតនា​រក​វិធី​ធ្វើឱ្យ​ព័ត៌មាន​ប្រាសចាក​ការពិត»។ អ៊ុយ​រ៉ា​ញូ​ម​ខ្សោយ «មិន​ទាក់ទង​នឹង​អាវុធ និង​ថាមពល​នុយ​ក្លេ​អែរ» ហើយ​វា​គឺជា «សមាសធាតុ​ស្ដង់ដា​មួយ» ដែល​ត្រូវបាន​ប្រទេស​នានា​ប្រើប្រាស់ ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ។

    Challenge 2

    អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​គឺជា​ផលិតផល​សំណល់​ពី​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​ការផលិត​វត្ថុ​ធាតុ​ថាមពល និង​អាវុធ​នុយ​ក្លេ​អែរ។ វា​មាន​វិទ្យុសកម្ម​ទាប​ជាង​ធៀប​នឹង​លោហធាតុ​នេះ​នៅក្នុង​ធម្មជាតិ ប៉ុន្តែ​បង្ក​ការបារម្ភ​អំពី​ជាតិពុល។ អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​តែង​ត្រូវបាន​ផលិត​ជា​គ្រាប់កាំភ្លើង​ទម្លុះ​ដែក ដោយសារ​មាន​ដង់ស៊ីតេ​ខ្ពស់ជាង 70% ធៀប​នឹង​សំណ។

    កាលពី​ខែមករា អង់គ្លេស​ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​អាច «វាយ​រុញច្រាន​កងទ័ព​រុ​ស្ស៊»។ Challenger 2 ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​រថក្រោះ​របស់​សត្រូវ។ Challenger 2 ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​នៅ​បូ​ស្នី-អ៊ែរ​ហ្សេ​ហ្គោ​វីន, កូ​សូ​វ៉ូ និង​អ៊ីរ៉ាក់៕

  • AI បំប្លែង​សំណេរ​ទៅជា​វីដេអូ​ដោយ​ប្រើពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

    AI បំប្លែង​សំណេរ​ទៅជា​វីដេអូ​ដោយ​ប្រើពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

    Runway បានបង្ហាញ​ឧបករណ៍ AI មួយ​ដែលមាន​សមត្ថភាព​កែប្រែ​សំណេរ​អត្ថបទ​ឱ្យទៅជា​វីដេអូ​ ដោយ​ស៊ីពេល​យ៉ាងខ្លី​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ។

    កាលពី​ថ្ងៃទី 20 មីនា Runway ដែលជា​ក្រុមហ៊ុន AI (បញ្ញា​សិប្បនិម្មិត) មួយ​នៅ​សហរដ្ឋ​អាម៉េរិក បានបង្ហាញ​ឧបករណ៍ Gen-2 អនុញ្ញាតឱ្យ​បង្កើត​វីដេអូ​ពី​រូបថត​ធម្មតា ឬ​ពី​អត្ថបទ​ជា​សំណេរ។ ឧទាហរណ៍ នៅពេល​អ្នកបញ្ចូល​ឃ្លា «ឆ្មា​មួយ​ក្បាល​ដើរ​ក្រោម​ភ្លៀង» AI នឹង​បង្កើត​វីដេអូ​មួយ​មាន​រយៈពេល​បី​វិនាទី​ទាក់ទង​​នឹង​អត្ថន័យ​ក្នុង​​សំណេរ​នេះ។

    Runway ចាប់កំណើត​តាំងពី​ឆ្នាំ 2018 គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីឈ្មោះ​មួយ​ស្ដីពី​បញ្ញា​សិប្បនិម្មិត មិន​ចាញ់ OpenAI ប៉ុន្មាន​ឡើយ និង​មាន​បុគ្គលិក​ធ្វើការ​ជាង 40 នាក់។ ក្រុមហ៊ុន​នេះ​កំពុងផ្ដល់​សេវាកម្ម​វ៉ែ​ប​សៃ ដែល​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កែលំអ​វីដេអូ​រហ័ស ដូចជា​ការបន្ថែម​បាតុភូត និង​លុប​រូបភាព​ខាងក្រោយ​ជាដើម។

     

    កាលពី​ឆ្នាំ 2019 Runway បានបង្ហាញ​កម្មវិធី​កែ​វីដេអូ​ដែលមាន​ឈ្មោះថា Gen-1។ ឧបករណ៍​នេះ​ផ្ដោតទៅលើ​ការកែប្រែ​វីដេអូ ការបញ្ចូល​ទិដ្ឋភាព 3D ជាដើម​ដោយប្រើ​ប្រាស់ AI។ Gen-2 នៅតែ​យោងទៅលើ Gen-1 ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​វីដេអូ​ពី​អត្ថបទ​សំណេរ រូបថត ឬ​សំណេរ​បូក​រូបថត។ ក៏​ប៉ុន្តែ​ភាពច្បាស់​របស់​វីដេអូ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ AI ទាំងនេះ​មិនទាន់​ល្អ​នៅឡើយ ហើយ​វា​ក៏​មិនទាន់មាន​សំឡេង​ផងដែរ។

    អនាគត ឧបករណ៍​នេះ​នឹង​ត្រូវបាន​កែសម្រួល​ដើម្បី​ជួយ​ដល់​ស្ថាបត្យករ វិចិត្រករ និង​ផលិតករ​ភាពយន្ត​ប្រែក្លាយ​គំនិត​ឱ្យទៅជា​វីដេអូ​បាន​លឿន និង​ការចំណាយ​ទាប។

    ទោះជា​យ៉ាងណាក៏ដោយ មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​អំពី​ផលវិបាក​ដែល​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​នេះ ក្នុងនោះ​មានមតិ​ជាច្រើន​យល់ថា Gen-2 អាច​ត្រូវបាន​ក្រុមមនុស្ស​ទុច្ចរិត​ប្រើប្រាស់​ដូច​ទៅនឹង Deepfake ដោយ​ពួកគេ​អាចបង្កើត​វីដេអូ​ក្លែងក្លាយ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​បំណងឆ​បោក​។ល។

    បច្ចុប្បន្ន Gen-2 មានការ​កំណត់​សិទ្ធិ​ចូល​ប្រើប្រាស់ ដោយ​តម្រូវឱ្យ​ចុះឈ្មោះ និង​រង់ចាំ។ យោងតាម​ក្រុមហ៊ុន Runway សិទ្ធិ​ចូល​ប្រើប្រាស់​នឹងត្រូវ​បាន​ពង្រីក​​បន្ថែម​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ៕

  • Griezmann រងរបួស​ផ្លូវចិត្ត​នៅពេល Mbappe ក្លាយជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង

    Griezmann រងរបួស​ផ្លូវចិត្ត​នៅពេល Mbappe ក្លាយជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង

    ខ្សែប្រយុទ្ធ Antoine Griezmann ពិចារណា​អំពី​ការចាកចេញ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បន្ទាប់ពី​គ្រូបង្វឹក Didier Deschamps ប្រគល់​តួនាទី​ជា​ប្រធាន​ក្រុម​ទៅឱ្យ Kylian Mbappe។

    «Griezmann អន់ចិត្ត និង​ឈឺចិត្ត ពេល​គ្រូបង្វឹក Deschamps រំលង​ចោល​គាត់ និង​ប្រគល់​តួនាទី​ប្រធាន​ក្រុម​ឱ្យ Kylian Mbappe» ទំព័រ Le Figaro រាយការណ៍​ដូច្នេះ​កាលពី​ថ្ងៃទី 21 មីនា។ «Griezmann កំពុង​ពិចារណា​លើ​អនាគត​នៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង»។

    យោងតាម​ទំព័រ L’Équipe គ្រូបង្វឹក Deschamps ជ្រើស​យក​ខ្សែប្រយុទ្ធ Kylian Mbappe ឱ្យធ្វើជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង ជំនួស​អ្នកចាំទី Hugo Lloris ដែល​បាន​ចាក​ចេញក្រោយ World Cup 2022។ ការសម្រេចចិត្ត​ចុងក្រោយ​អាច​នឹងត្រូវ​បានប្រកាស​ក្នុង​ថ្ងៃទី 23 មីនា។ កាលពី​ថ្ងៃទី 20 មីនា Deschamps បញ្ជាក់ថា ការជ្រើសរើស​របស់លោក​គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ក្រុម​ទាំងមូល។

     

    បើទោះជា​មាន​ព័ត៌មាន​ពី Le Figaro ខ្សែប្រយុទ្ធ Griezmann នៅតែ​បង្ហាញ​ភាពសប្បាយ​រីករាយ​ពេល​​ឡើង​ទៅ​ប្រកួត​ឱ្យ​​​ក្រុម​ជម្រើសជាតិ។ កីឡាករ​របស់​ក្លឹប Atletico Madrid ទើបតែ​ឈានចូល​ដល់​វ័យ 32 កាលពី​ថ្ងៃទី 21 មីនា។

    ក្រុម​បារាំង​ចាប់ផ្ដើម​ចូល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ Euro 2024 ដោយ​ការ​ប៉ះ​នឹង​ក្រុម​ហូ​ឡង់​នៅ​ថ្ងៃទី 24 មីនា​ខាងមុខ។ បី​ថ្ងៃក្រោយ​ការប្រកួត​នោះ Griezmann និង​មិត្ត​រួម​ក្រុម​បារាំង​នឹងត្រូវ​ជួប​ក្រុម​អៀរ​ឡង់។ ពូ​ល B ដែលមាន​បារាំង ក៏​នៅមាន​ពីរ​ក្រុម​ទៀត​គឺ ក្រិ​ក និង​ហ្ស៊ី​ប្រា​ល់តា៕

  • ទឹកសមុទ្រ​កើនឡើង​ស្មើនឹង 365 លាន​អាង​ក្នុង​មួយឆ្នាំ

    ទឹកសមុទ្រ​កើនឡើង​ស្មើនឹង 365 លាន​អាង​ក្នុង​មួយឆ្នាំ

    ការវិភាគ​ទិន្នន័យ​ពី​ផ្កាយរណប​របស់​ណា​សា (NASA) បង្ហាញថា នីវ៉ូទឹក​សមុទ្រ​ទូទាំង​សកលលោក​កើន​ជា​មធ្យម 0.27 សង់ទីម៉ែត្រ​ចាប់ពី​ឆ្នាំ 2021 ដល់​ឆ្នាំ 2022។

    ទឹកសមុទ្រ​កើន​ជា​មធ្យម​នៅ​ទូទាំង​សកលលោក​ក្នុងដំណាក់កាល​ឆ្នាំ 2021-2022 ស្មើ​​នឹង​ការបន្ថែម​ទឹក​មួយ​លាន​អាង​ស្ដង់ដា​អូឡាំពិក ទៅក្នុង​សមុទ្រ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 20 មីនា។ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការកើនឡើង​របស់​នីវ៉ូទឹក​សមុទ្រ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្ដើម​តាមដាន​កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​ជា​លើកដំបូង​នៅ​ឆ្នាំ 1993 នៅក្នុង​បេសកកម្ម TOPEX/​Poseidon របស់​អាម៉េរិក-បារាំង។ ណា​សាបាន​ឱ្យដឹងថា ចាប់តាំងពី​ពេលនោះ​មក នីវ៉ូទឹក​សមុទ្រ​បាន​កើនឡើង 9.1 សង់ទីម៉ែត្រ។

     

    ល្បឿន​នៃ​ការកើនឡើង​របស់​ទឹកសមុទ្រ​ប្រចាំឆ្នាំ​ក៏​កើន​ពី 0.2 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 1993 ឡើងដល់ 0.44 សង់ទីម៉ែត្រ/ឆ្នាំ នៅ​ឆ្នាំ 2022។ តាម​ការ​គណនា​ពី​ផ្កាយរណប ល្បឿន​នេះ​ត្រូវគេ​រំពឹងថា​នឹង​ឡើងដល់ 0.66 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 2050។

    កាលពី 30 ឆ្នាំមុន ការ​វាស់កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​បានចាប់ផ្ដើម​ដោយ​កម្មវិធី TOPEX/​Poseidon និង​បន្ត​ដោយ​បួន​កម្មវិធី​ទៀត​របស់​ណា​សា ​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA), បារាំង (CNES) និងទីភ្នាក់​ងារ​ NOAA របស់​សហរដ្ឋ​អាម៉េរិក។ បេសកកម្ម​ថ្មី​បំផុត​នៅក្នុង​ក្រុម​នេះ​គឺ Sentinel-6/Jason-CS ដែល​រួមមាន​ផ្កាយរណប​ចំនួន​ពីរ​គ្រឿង​ នឹង​​បន្ត​ការ​វាស់​នីវ៉ូទឹក​សមុទ្រ​រហូតដល់​ឆ្នាំ 2030៕

  • Mercedes-Benz វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​ការផលិត​ឡាន​អគ្គិសនី

    Mercedes-Benz វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​ការផលិត​ឡាន​អគ្គិសនី

    ទស្សនាវដ្ដី Automobilwoche រាយការណ៍​ថា ក្រុមហ៊ុន Mersedes-Benz នឹង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្ដា​រោងចក្រ​របស់​ពួកគេ​នៅ​ប្រទេស​ចិន អាល្លឺម៉ង់ និង​ហុង​គ្រី​នាពេលខាងមុខ ក្នុង​បំណង​ត្រៀមខ្លួន​ដើម្បី​​ផ្លាស់ប្ដូរ​ទៅរក​រថយន្ត​អគ្គិសនី និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។

    សហភាព​អឺរ៉ុប​បានកំណត់​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ពាក់កណ្ដាល​សម្រាប់​រថយន្ត​ដឹក​ភ្ញៀវ​ត្រឹម​ចុង​ទសវត្សរ៍​នេះ និង​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ស្ដីពី​កាលបរិច្ឆេទ​ចុងក្រោយ​គឺ​នៅ​ឆ្នាំ 2035 ដើម្បី​បញ្ចប់​ការលក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈផូស៊ីល។

    ក្រុមហ៊ុន Mercedes បានឱ្យដឹងថា ពួកគេ​នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ចាប់ពី​ចុង​ទសវត្សរ៍​នេះ នៅពេល​លក្ខខណ្ឌ​ទីផ្សារ​អនុញ្ញាត។ ប្រធាន​ផ្នែក​ផលិត Joerg Burzer របស់ Mercedes បាន​និយាយថា «យើង​កំពុង​វិនិយោគ​ប្រាក់​ឡើងដល់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​រោងចក្រនីមួយៗក្នុងពេល​ខាងមុខ»។ លោក​បន្តថា ខ្ទង់​ប្រាក់​វិនិយោគ​នេះ​នឹង​ប្រើប្រាស់​នៅក្នុង​បណ្ដា​រោងចក្រ​នៅ​រដ្ឋធានី​របស់​ប្រទេស​ចិន ទីក្រុង Rastatt របស់​អាល្លឺម៉ង់ និង Kecskemet របស់​ហុង​គ្រី។

    Automobilwoche ក៏បាន​រាយការណ៍​ថា Mercedes ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ពង្រីក​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាម៉េរិក ជាទី​ដែល​ក្រុមហ៊ុន​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​គោលនយោបាយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទៅតាម​ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​បង្កើតឡើង​កាលពី​ឆ្នាំមុន៕

  • ក្រសួង​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍ ដាក់​បង្ហាញ​តម្លៃ​​សេវា​កម្ម​ជូន​អតិថិជន

    ក្រសួង​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍ ដាក់​បង្ហាញ​តម្លៃ​​សេវា​កម្ម​ជូន​អតិថិជន

    នាទី​រសៀល​ថ្ងៃទី 21 មីនា 2023 ក្រសួងទេសចរណ៍​បានប្រកាស​សារាចរ​ណែនាំមួយ​ដែល​តម្រូវ​​ឱ្យ​​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ រៀបចំ​ដាក់​បង្ហាញ​តម្លៃ​លើ​បញ្ជីរាយនាម​សេវាកម្ម​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរ​ក្នុងការ​សម្រេចចិត្ត។

    សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ មាន​ចំណុច​ត្រូវអនុវត្ត​មួយចំនួន ដូចខាងក្រោម៖

    1). គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ជា​បញ្ជីរាយនាម​សេវាកម្ម ដោយមាន​ភ្ជាប់​ជាមួយ​តម្លៃ (ដូច​មាន​បញ្ជាក់​ក្នុង​ប្រកា​សលេខ ០៥២ ប្រក.ចុះ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពី​កាតព្វកិច្ច​បង្កើត​ប្រើប្រាស់ និង​បិទ​ផ្សាយ​បញ្ជីរាយនាម​សេវាកម្ម​ទេសចរណ៍) ក្រោម​ទម្រង់​ដូចតទៅ៖

    – ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​នៅខាងមុខ ឬ​នៅ​ពីលើ និង​ភាសា​អង់គ្លេស នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម និង​ភាសាបរទេស​ទី​បី​នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវ​កម្ម។

    – ប្រភេទ​នៃ​សេវាកម្ម​ទេសចរណ៍នីមួយៗ គួរ​មាន​បង្ហាញ​ជា​រូបភាព ឬ​ការបរិយាយ​សេវាកម្ម។

    – ត្រូវមាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ​ទីតាំង​អាជីវកម្ម ឬ​កន្លែង​ងាយ​មើលឃើញ ។

    – ត្រូវមាន​បញ្ជាក់​ពី​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ និង​ព័ត៌មានផ្សេងៗបន្ថែមទៀត ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយ​ភ្ញៀវ។

    – ត្រូវមាន​បញ្ជាក់​តម្លៃ​ឱ្យបាន​ជាក់លាក់ និង​ការប្រើប្រាស់​តម្លៃ​តាម​ជម្រើស​បន្ថែមផ្សេងៗដែលមាន។

    – ត្រូវ​ផ្ដល់ជូន​ភ្ញៀវទេសចរ​មុនពេល​ពួកគេ​សម្រេចចិត្ត​ប្រើប្រាស់ ឬ​ទទួលយក​សេវាកម្ម​ទេសចរណ៍។

    2). ចំពោះ​សេវាកម្ម​ម្ហូបអាហារ តូប​លក់​ម្ហូបអាហារ តូប​លក់​អាហារ​ចល័ត ដែល​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​តូចតាច ឬ​ការគ្រប់គ្រង​លក្ខណៈ​គ្រួសារ ក៏ត្រូវ​អនុវត្តតាម​កា​រ​ណែនាំ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ឬ​យ៉ាងហោច​ត្រូវមាន​ដាក់តាំង​បង្ហាញ​ជា​រូបភាព ឬ​ទម្រង់​ងាយស្រួលផ្សេងៗ អំពី​ម្ហូបអាហារ ដែលមាន​ជូន​ភ្ញៀវ​ពិសា​ដោយមាន​បញ្ជាក់​តម្លៃ​ជាក់លាក់។

    3). ការដាក់​ឈ្មោះ​សេវាកម្ម និង​ឈ្មោះ​មុខម្ហូបនីមួយៗ ត្រូវគោរព​តាម​អត្តសញ្ញាណ​ជាតិ សាសនា វប្បធម៌ ប្រពៃណី និង​ទ​នៀម​ទម្លាប់​ខ្មែរ។

    4). ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ដែល​ពុំ​អនុវត្តតាម​ការណែនាំ គឺជា​កម្មវត្ថុ​នៃ​ការដកហូត​អាជ្ញា​បណ្ណ ទេសចរណ៍ ស្របតាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023

    យោង​តាម​ប្រកាស​​ស្ដី​ពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023 របស់​ក្រសួង​ពាណិជ្ជកម្ម សាំងធម្មតា​នឹង​ត្រូវ​លក់​ 4,200 រៀល​/លីត្រ (ចុះ ១០០ រៀល) និង​ប្រេង​​ម៉ាស៊ូតត្រូវ​លក់​ 4,050 រៀល​/លីត្រ ធ្លាក់​ថ្លៃ ២០០ រៀល ធៀប​នឹង​រយៈ​ពេល​កន្លង​។
  • អាចម៍ផ្កាយ​មួយ​ដុំ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាងគ្រាប់​បែក​ប្រល័យ​លោកនៅ Nagasaki 200 ដង ហោះ​ជិត​ដល់​ផែនដី

    អាចម៍ផ្កាយ​មួយ​ដុំ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាងគ្រាប់​បែក​ប្រល័យ​លោកនៅ Nagasaki 200 ដង ហោះ​ជិត​ដល់​ផែនដី

    យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី​របស់​ណា​សា អាចម៍ផ្កាយ 2023 DZ2 នឹង​មក​ក្បែរ​ផែនដី​ក្នុង​គ​ម្លា​ត 175,000 គីឡូម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល 3 ថ្ងៃទី 26 មីនា (ម៉ោង​នៅ​កម្ពុជា)។

    អាចម៍ផ្កាយ 2023 DZ2 នឹង​ហោះ​កាត់មុខ​ផែនដី​ក្នុង​គ​ម្លា​ត​មិន​ដល់ ½ នៃ​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ។ ក្នុង​គ​ន្លាត​នេះ គ្រប់គ្នា​អាច​សង្កេត​មើលឃើញ​ដោយ​ប្រើប្រាស់​កូន​តេ​ឡេ​ស្កុប ឬ​សា​ម៉ែ​ល​គុណភាព​ខ្ពស់។ បច្ចុប្បន្ន អាចម៍ផ្កាយ​នេះ​កំពុងស្ថិត​នៅក្នុង​​តំបន់​កញ្ចុំ​ផ្កាយ Cancer ប៉ុន្តែ​នៅ​ថ្ងៃទី 26 មីនា វា​នឹង​ហោះ​ដល់​តំបន់​កញ្ចុំ​ផ្កាយ Leo, Virgo និង Libra។

    ទិន្នន័យ​ពី​ណា​សា​បង្ហាញថា 2023 DZ2 មាន​អង្កត់ផ្ចិត​ប្រហែល​ពី 43 ទៅ 97 ម៉ែត្រ ខ្ពស់ជាង​បន្តិច​បើ​ធៀប​នឹង​រូបសំណាក​សេរីភាព Liberty។ ពេល​មក​ក្បែរ​ផែនដី អាចម៍ផ្កាយ​នេះ​នឹងមាន​ល្បឿន 28,000 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ប្រហែល 8 ដង ធៀប​នឹង​គ្រាប់កាំភ្លើង​វែង (rifle)។

    2023 DZ2 ចំណាយពេល​ប្រហែល​បី​ឆ្នាំ ទើប​ហោះ​បាន​មួយ​ជុំ​ព្រះអាទិត្យ។ អាចម៍ផ្កាយ​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 27 កុម្ភៈ​នេះ ស្ថិតក្នុង​ចំណោម​អាចម៍ផ្កាយ​ជាង 31,000 ដុំ​ដែល​ត្រូវបាន​រកឃើញ​ស្ថិតនៅ​ក្បែរ​ផែនដី។

    អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា បើសិនជា​កើតមាន​ហេតុការណ៍​ប៉ះទង្គិច​មកលើ​ផែនដី 2023 DZ2 នឹង​ផ្ទុះ​នៅលើ​អាកាស ហើយ​បំណែក​ជាច្រើន​របស់​វា​នឹង​ធ្លាក់​មកលើ​ផែនដី។ ការផ្ទុះ​របស់ 2023 DZ2 នឹង​បង្កើតបានជា​ថាមពល​ប្រហាក់ប្រហែល​នឹង​រំសេវ TNT 5 លាន​តោន ខ្លាំង​ជាង 200 ដង បើ​ធៀប​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ដែល​អាម៉េរិក​បាន​ទម្លាក់​ទៅលើ​ទីក្រុង Nagasaki របស់​ជប៉ុន​ កាលពី​ឆ្នាំ 1945៕

  • មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹង​ធ្វើឱ្យ​គ្រប់គ្នា​ស្រែក​ជា​ថ្មី​ថា «អស្ចារ្យ»

    មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹង​ធ្វើឱ្យ​គ្រប់គ្នា​ស្រែក​ជា​ថ្មី​ថា «អស្ចារ្យ»

    Lionel Messi អាចបំបែក​កំណត់​ត្រា​បច្ចុប្បន្ន​របស់​ខ្លួន​​​មួយទៀត បើសិន​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​រវាង​អា​ហ្ស​ង់​ទីន និង​ប៉ា​ណា​ម៉ា​នាពេលខាងមុខ​នៅក្នុង​ក្របខណ្ឌ FIFA Day។

    នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ក្របខណ្ឌ FIFA Day ដែល​ជិត​មកដល់ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ប៉ះ​ក្រុម​ប៉ា​ណា​ម៉ា ដែល​ខ្សោយ​ជាង​គ្រប់ផ្នែក ហើយ​នេះ​នឹង​ជា​ឧបសគ្គ​​ងាយស្រួល​បំផុត​ចំពោះ Albiceleste (ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន)។ Messi ក៏បាន​ត្រលប់​ទៅកាន់​អា​ហ្ស​ង់​ទីន​រួចហើយ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ។

    មួយរយៈ​ពេល​ខ្លី​ចុងក្រោយ​នេះ ស្ថានភាព​របស់ El Pulga នៅ​ក្លឹប PSG កំពុងតែ​ជួប​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​តាំង​ពី​​កិច្ចព្រមព្រៀង​រវាង M10 និង PSG រហូតដល់​រឿង​អ្នកគាំទ្រ​បង្ហាញ​ប្រតិកម្ម​មិនល្អ​ចំពោះ​កំពូល​តារាបាល់ទាត់​រូបនេះ។

    ក៏ប៉ុន្តែ នៅ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នាពេលខាងមុខ កំណត់ត្រា​ថ្មី​កំពុងតែ​រង់ចាំ Messi ហើយ​នេះ​គឺជា​ឱកាសល្អ​ដើម្បីឱ្យ M10 ស្ដារ​ស្ថានការណ៍​ឡើងវិញ។ ជាក់ស្ដែង Messi មាន​វ័យ 35 ឆ្នាំ រកបាន 701 គ្រាប់​ក្នុង​ក្របខណ្ឌ​ថ្នាក់​ក្លឹប និង 98 គ្រាប់​នៅ​ថ្នាក់​ជម្រើសជាតិ។ ដូច្នេះ នៅ​ខ្វះ​តែមួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹងមាន 800 គ្រាប់​ក្នុង​ដៃ។

    ប៉ា​ណា​ម៉ា បច្ចុប្បន្ន​ត្រូវបាន​គេ​វាយតម្លៃ​យ៉ាង​ទាប​ស្ដីពី​សមត្ថភាព​គ្រប់ផ្នែក បើ​ធៀប​នឹង​អា​ហ្ស​ង់​ទីន។ យ៉ាងនេះ​ហើយ​ទើប​គ្រប់គ្នា​អាច​ព្យាករ​បាន​ថា គ្រាប់​បាល់​ទី 800 របស់ Messi នឹង​មិនមាន​ឧបសគ្គ​អ្វីមក​រារាំង​បាន​ឡើយ។

    នៅពេល​គ្រាប់​បាល់​បាន​កើន​ដល់ 800 គ្រាប់ Lionel Messi ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ 10 នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅក្នុង​អាជីព។ បច្ចុប្បន្ន ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ កីឡាករ​ដែល​ឈរ​នៅ​លើ​​គេ​បង្អស់​គឺកំពូល​កីឡាករ​​របស់​ព័រទុយហ្កាល់ Cristiano Ronaldo ដោយ​រកបាន 828 គ្រាប់ និង​លេខ​ពីរ​គឺ 805 គ្រាប់​របស់​អតីត​កំពូល​កីឡាករ​របស់​ប្រទេស​អូទ្រីស Josef Bican ខណៈ​ដែល​លេខ​បី​បាន​ទៅលើ Lionel Messi ដោយ​រកបាន 799 គ្រាប់៕

  • មិត្តស្រី​របស់​មហាសេដ្ឋី Jeff Bezos ចំណាយ​ពីរលាន​ដុល្លារ​ដើម្បី​ផលិតភាព​យន្ត

    មិត្តស្រី​របស់​មហាសេដ្ឋី Jeff Bezos ចំណាយ​ពីរលាន​ដុល្លារ​ដើម្បី​ផលិតភាព​យន្ត

    ពិធី​ការិនី Lauren Sanchez ចំណាយ​ប្រាក់​ពីរលាន​ដុល្លារ​សម្រាប់​ការផលិត​ភាពយន្ត​ដំបូង​របស់ខ្លួន និង​អញ្ជើញ​កូនស្រី​របស់​មិត្ត​ប្រុស (មហាសេដ្ឋី Jeff Bezos) មក​ចូលរួម​សម្ដែង។

    យោងតាម Insider កាលពី​ថ្ងៃទី 20 មីនា Sanchez ទើបតែ​បានចាប់ផ្ដើម​ផលិតភាព​យន្ត​រឿង The Golden Door តាមរយៈ​ផលិតកម្ម Adventure & Fellowship របស់​អ្នកស្រី។ MC រូបនេះ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ប្រហែល​ពីរលាន​ដុល្លារ អញ្ជើញ Daniella Kertesz និង Megalyn Echikunwoke មក​សម្ដែង​ជា​តួអង្គ​សំខាន់។ កូនស្រី​របស់ Jeff Bezos ធ្វើជា​សិស្ស​ហាត់​ការ និង​សម្ដែង​ជា​តួអង្គ​មួយ​ក្នុង​ភាពយន្ត​នេះ។ គម្រោង​នេះ​ត្រូវ ​ថត​ប្រហែល 20 ថ្ងៃ​នៅ Topanga រដ្ឋ California។

    Lauren Sanchez កើត​ឆ្នាំ 1969 នៅ​សហរដ្ឋ​អាម៉េរិក។ អ្នកស្រី​គឺជា​តារា​សម្ដែង ពិធី​ការិនី និង​ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ត។ អ្នកស្រី​បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក និង​មានកូន​បីនាក់។ មុនពេល​បានរួម​រស់​ជាមួយ​លោក Bezos អ្នកស្រី Lauren ធ្លាប់ជា​ភរិយា​របស់ Patrick Whitesell ដែលជា​អ្នកមាន​មួយរូប​ក្នុង​វិស័យ​សិល្បៈ​កំសាន្ត។

     

    លោក Bezos និង​អ្នកស្រី Lauren បាន​ទា​ក់​ទង​គ្នា​ចាប់ពី​ឆ្នាំ 2018 និង​ត្រូវបាន​គេ​ជឿថា បាន​ភ្ជាប់ពាក្យ​កាលពី​ខែធ្នូ 2019។ អ្នកស្រី Lauren ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា «មនុស្ស​ទី​បី» ដែល​បាន​បណ្ដាលឱ្យ​លោក Bezos និង​អ្នកស្រី MacKenzie Scott ត្រូវ​លែងលះគ្នា។

    លោក Bezos និង​អ្នកស្រី Lauren
    លោក Bezos និង​គ្រួសារ​កាលពីមិន​ទាន់​បែកបាក់