Author: សឿន សំណាង

  • ស្រឡាង​អគ្គិសនី​ដឹក​អ្នកដំណើរដោយ​​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក

    ស្រឡាង​អគ្គិសនី​ដឹក​អ្នកដំណើរដោយ​​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក

    (ស៊ុយអែត) – ស្តុក​ខុល​បានក្លាយ​ជាទី​ក្រុង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​ដឹក​អ្នកដំណើរ​បែប​ពាណិជ្ជកម្ម​ស្វ័យប្រវត្ត​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី។

    ម៉ូ​ដែល​ស្រឡាង​មាន​ដងខ្លួន​ពីរ​ដែល​អាចដាក់​មនុស្ស​បាន 25 នាក់​នេះ​នឹងធ្វើ​សកម្មភាព​រវាង​បណ្ដា​កោះ Kungsholmen និង Soder Mellarstrand នៅ​រដ្ឋធានី​ស្តុក​ខុល ​ក្នុង​រយៈពេល 15 ម៉ោងជាប់ៗគ្នា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ខែមិថុនា 2023។ នេះ​បើតាម​គេហទំព័រ Zeam។

    ស្រឡាង​ទំនើប​នេះ​ស្ថិតក្នុង​គម្រោង​បង្កើតឱ្យមាន​មធ្យោបាយ​ធ្វើដំណើរ​ដែលមាន​ស្ថិរភាព​ក្នុង​ទីក្រុង និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​ជាង​មុន​។ គម្រោង​ដែល​បានចាប់ផ្ដើម​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ន័​រ​វែ​ស (NTNU) នៅ Trondheim នេះ បាន​នាំឱ្យមាន​វត្តមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Zeabuz។ Zeabuz ផ្គត់ផ្គង់​ប្រព័ន្ធ​ស្វ័យប្រវត្ត​សម្រាប់​ស្រឡាង​ដឹក​អ្នកដំណើរ។

    ដំណើរការ​របស់​ស្រឡាង​ប្រវែង 12 ម៉ែត្រនេះ ​នឹង​ត្រូវបាន​តាមដាន​ពី​បន្ទប់​គ្រប់​គ្រង​នៅលើ​ដីគោក។ ស្រឡាង​នេះ​មាន​ដំបូល និង​ច្រក​ឡើង​ចុះ​នៅខាងមុខ និង​ខាងក្រោយ។ មធ្យោបាយ​ធ្វើដំណើរ​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Brodrene Aa ដែលមាន​វត្តមាន​តាំងពី​ឆ្នាំ 1947។

    គម្រោង​ស្រឡាង​អគ្គិសនី​ស្វ័យប្រវត្ត​របស់​ស៊ុយអែត នឹង​ជួយ​ជំរុញ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក និង​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល៕

  • ​ក្រុមបាល់ទាត់​បុរស​​ទីពីរ​ដែល​បាន​មកដល់​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32

    ​ក្រុមបាល់ទាត់​បុរស​​ទីពីរ​ដែល​បាន​មកដល់​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32

    ល្ងាច​ថ្ងៃទី 25 មេសា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឥណ្ឌូណេស៊ី បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    U-22 ឥណ្ឌូណេស៊ី គឺជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទី​ពីរ​ដែល​បាន​មកដល់​ទឹកដី​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍។ ក្រុមបាល់ទាត់​បុរស​ដែល​បាន​មកដល់​កម្ពុ​ជាមុន​គេ​គឺ U-22 ហ្វ៊ី​លី​ពី​ន។

    U-22 ឥណ្ឌូណេស៊ី ក៏​ជា​ក្រុម​​ដំបូង​គេ​ដែល​បាន​បំពេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ។ U-22 ឥណ្ឌូណេស៊ី មានឈ្មោះ​កីឡាករ​ជាច្រើន​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Shin Tae-yong មានដូចជា អ្នកចាំទី Ernando Ari, ខ្សែការពារ​កណ្ដាល Rizky Ridho, ខ្សែការពារ​ស្លាប​ទាំងពីរ​គឺ Pratama Arhan និង Alfeandra Dewangga, ខ្សែបម្រើ Marselino Ferdinan, Witan Sulaeman។ល។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Indra Sjafri ក៏​បន្ថែម​កីឡាករ​ថ្មី​ជាច្រើន​នាក់​ដែលមាន​អាយុ​ពី 19 ដល់ 21 ឆ្នាំ។

    ចំណែក​កីឡាករ​ដែល​អវត្តមាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់ U-22 ឥណ្ឌូណេស៊ី ប្រហែលជា Ronaldo Kwateh ដែលជា​តារាបាល់ទាត់​មួយរូប​របស់​ប្រទេស​នេះ។ អវត្តមាន​របស់ Ronaldo Kwateh ​ទំនង​​បណ្ដាល​មក​ពី​ការ​រង​របួស​ពេល​ប្រកួត​។ ក៏ប៉ុន្តែ ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី បាន​អះអាងថា «ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ​នៅពេល​អវត្តមាន Ronaldo»។

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ពូ​ល A ជាមួយនឹង​កម្ពុជា ហ្វ៊ី​លី​ពី​ន មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត។ U-22 ឥណ្ឌូណេស៊ី នឹងត្រូវ​ប្រកួត​ជាមួយ U-22 ហ្វ៊ី​លី​ពី​ន វេលា​ម៉ោង 16 គត់ ថ្ងៃទី 29 មេសា។ ក្នុង​ថ្ងៃ​នោះ​ដែរក៏​នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ជាមួយ​នឹង​ទីម័រខាង​កើត នៅ​វេលា​ម៉ោង 19 គត់​៕

  • បេសកកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ៖ ណាសា​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ និង​ដំឡើង​រ៉ុក្កែត​សម្រាប់​​អ្នក​អវកាស​

    បេសកកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ៖ ណាសា​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ និង​ដំឡើង​រ៉ុក្កែត​សម្រាប់​​អ្នក​អវកាស​

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​អវកាស​ដែល​ចូលរួម​ក្នុង​បេសកកម្ម Artemis កំពុង​ត្រៀម​សម្រាប់​ការហោះហើរ​ឆ្ងាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅក្នុង​យានអវកាស Orion នា​ឆ្នាំ 2024 ក្នុងនោះ រ៉ុក្កែត​របស់​ពួកគេ​ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំឡើង។

    នៅក្នុង​វីដេអូ​ដែល​ចែករំលែក​ដោយ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Marshall របស់​ណា​សា កំណាត់​ស្នូល​របស់​រ៉ុក្កែត​នៃ​ប្រព័ន្ធ​បាញ់​បង្ហោះ​ SLS ដែល​ប្រើ​ក្នុង​បេសកកម្ម Artemis 2 កំពុង​ត្រូវបាន​ផលិត​នៅឯ​រោងចក្រ​ដំឡើង Michoud របស់​ណា​សា ស្ថិត​ក្នុង​​តំបន់ New Orleans។ កំណាត់​ទាំង​ប្រាំ​របស់​រ៉ុក្កែត​ប្រវែង 65 ម៉ែត្រ ត្រូវបាន​ត​ភ្ជាប់​គ្នា ហើយ​កំណាត់​ដែល​ដាក់​គ្រឿង​ម៉ាស៊ីន​ទំនងជា​ផ្នែក​ចុងក្រោយបង្អស់។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។

    បន្ទាប់ពី​បាន​ផលិត​រួចរាល់ កំណាត់​ស្នូល SLS នឹង​ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​ទៅកាន់ Florida ។ នៅ​ទីនោះ យាន​សម្រាប់​បាញ់​បង្ហោះ​នឹងត្រូវ​បាន​ដំ​ឡើងជា​រូបរាង​ពេញលេញ។

    បើសិន​គ្រប់យ៉ាង​កើតឡើង​ដូច​​​ផែនការ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នឹង​បាញ់​បង្ហោះ​បេសកកម្ម Artemis II នៅក្នុង​ខែវិច្ឆិកា ឆ្នាំ 2024។ បេសកកម្ម​នេះ​នឹង​ដឹក​អវកាស​ចរ​បួនរូប​នៅក្នុង​ជើងហោះហើរ​សាកល្បង​ដែល​ត្រូវ​គោចរ​ជុំវិញ​គន្លង​តារា​វិថី​របស់​ឋាន​ព្រះ​ចន្ទ មុនពេល​ត្រលប់​មកកាន់​ផែនដី​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ប្រព័ន្ធ​នានា​របស់​រ៉ុក្កែត និង​យានអវកាស។ ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ជើងហោះហើរ​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បេសកកម្ម Artemis III។

    អ្នក​អវកាស​ដែល​នឹង​ត្រូវ​ហោះ​ហើរ​​ក្នុង​បេសកម្ម​ Artemis II រួម​មាន បីនាក់​មក​ពី​ណាសា គឺ មេបញ្ជាការ Reid Wiseman, អ្នកបើកបរ Victor Glover និង​អ្នក​ជំនាញ​ខាង​បេសកកម្ម Christina Koch រួម​នឹង​អ្នក​អវកាស Jeremy Hansen មក​ពី​ទីភ្នាក់​ងារ​អវកាស​កាណាដា​៕

  • កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​យូ​ដូ​អ៊ុយ​ក្រែ​ន​​ច្រើន​នាក់​សម្រាប់ការ​​ប្រកួត​នៅ​ស៊ី​ហ្គេម

    កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​យូ​ដូ​អ៊ុយ​ក្រែ​ន​​ច្រើន​នាក់​សម្រាប់ការ​​ប្រកួត​នៅ​ស៊ី​ហ្គេម

    ក្រុម​អត្ត​ព​លិ​ក​យូ​ដូ​កម្ពុជា​គ្រោង​នឹង​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន​ចំនួន​បីនាក់ ក្នុងនោះ​មាន​យ៉ាងតិចពីរ​នាក់​​​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ប្រកួត​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32។

    «កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​ដូច​ទៅនឹង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដើម្បី​លើកកម្ពស់​សមិទ្ធផល​នៃ​ការប្រកួត​អន្តរជាតិ» ប្រធាន​ផ្នែក​កីឡា​នៃ​សហព័ន្ធ​កីឡា​យូ​ដូ​ហ្វ៊ី​លី​ពី​ន (PJF) Emir Reyes បាន​ប្រាប់​សារព័ត៌មាន Malaya ដូច្នេះ។

    Emir Reyes ​បន្ថែមថា «ពួកគេ​កំពុងផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​យូ​ដូអ៊ុយ​ក្រែ​ន​បី​រូប ហើយ​យ៉ាងតិច​ពីររូប​ក្នុងចំណោម​នោះ​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32»។

    យោងតាម​សារព័ត៌មាន​ខាងលើ Reyes បានដឹង​អំពី​រឿងនេះ​ពេលកំពុង​​​ធ្វើ​ការ​​ជាមួយ​អគ្គលេខាធិការ​នៃ PJF លោក Dave Carter (​អ្នកទទួលបន្ទុក​វិញ្ញាសា​យូ​ដូ​ស៊ី​ហ្គេម​លើក​ទី 32) ក្នុង​ការ​​បណ្ដុះបណ្ដាល​ក្រុម​​អាជ្ញាកណ្ដាល និង​មន្ត្រី​បច្ចេកទេសរបស់​​វិញ្ញាសា​នេះ​នៅ​រាជធានី​ភ្នំពេញ។

    Emir Reyes ឱ្យដឹងថា ម្នាក់​នឹង​ប្រកួត​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ 66 គីឡូក្រាម ជាមួយនឹង Shugen Nakano របស់​ហ្វ៊ី​លី​ពី​ន។ PJF កំពុង​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​អត្ត​ព​លិ​ក​ពីររូប​ខាងលើ​ដើម្បី​ឱ្យដឹង ពួកគេ​បំពាន​ច្បាប់​យូ​ដូ​អន្តរជាតិ ឬ​អត់។

    ភាគី​ខាង​កម្ពុជា មកដល់ពេលនេះ​ហាក់​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ព័ត៌មាន​ខាងលើ។

    អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​ខ្លាំង​ក្នុង​វិញ្ញាសា​ក្បាច់គុន​យូ​ដូ ឬ​ចំបាប់។ យូ​ដូ​អ៊ុយ​ក្រែ​ន​ធ្លាប់​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​មួយគ្រឿង មេដាយ​សំរឹទ្ធ​បី​គ្រឿងក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក។ ចំណែក​កម្ពុជា​វិញ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុម​យូ​ដូ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​មួយគ្រឿង​ក្នុង​ប្រភេទ​ទម្ងន់ 62 គីឡូក្រាម​ផ្នែក​​នារី។

    វិញ្ញាសា​យូ​ដូ​នៅ​ស៊ី​ហ្គេម​លើក​នេះ​នឹង​ប្រកួត​ចាប់ពី​ថ្ងៃទី 13 ឧសភា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

  • ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា ប្រមូល​ទុន​បាន​បី​លាន​ដុល្លារ​ដើម្បី​បង្កើន​ការផលិត​

    ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា ប្រមូល​ទុន​បាន​បី​លាន​ដុល្លារ​ដើម្បី​បង្កើន​ការផលិត​

    Selex Motors ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ម៉ូតូ​អគ្គិសនី កំពុង​ប្រមូល​ទុន​តម្លៃ​បី​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ក៏មាន​ការចូលរួម​វិនិយោគ​ពី ADB Ventures, Schneider Electric Energy Access Asia, Touchstone Partners និង Sopoong Ventures ផងដែរ។

    ខ្ទង់​វិនិយោគ​ថ្មី​ខាងលើនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រីក​ទំហំ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​គាំទ្រ​ដល់​ការលក់​ម៉ូតូ​អគ្គិសនី​ និង​បង្កើត​ប្រព័ន្ធ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​នៅតាម​បណ្ដា​ទីក្រុងធំៗនៅ​ប្រទេស​វៀតណាម ក៏ដូចជា​ការពង្រីក​តំបន់​ពាណិជ្ជកម្ម​របស់ Selex ។ នេះ​បើតាម CEO របស់​ក្រុមហ៊ុន Selex Motors ។

    ម៉ូតូ​អគ្គិសនី​របស់​ក្រុមហ៊ុន Selex Motors ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលដៅ​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់​ដូចជា​ការប្រគល់​ទំនិញ​ជាដើម។ ម៉ូតូ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ផ្ដល់​ការគាំទ្រ​ដល់​ដំណោះស្រាយ​នៅក្នុង​ការប្ដូរ​ថ្ម​ផ្ទុក​ថាមពល​ដែល​អាចធ្វើ​ដំណើរ​បានរ​ហូត​ដល់ 150 គីឡូម៉ែត្រ ដោយ​ប្រើពេល​ដក និង​ដាក់​ថ្ម​មិន​ដល់​ពីរ​នាទី។

    ខ្ទង់​ប្រាក់​វិនិយោគ​ខាងលើនេះ​ត្រូវបានប្រមូល​នៅពេល​វិស័យ​យានយន្ត​អគ្គិសនី​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក ដោយ​ទីផ្សារ​នៅ​តំបន់​នេះ​ត្រូវបាន​គណនា​ឃើញថា​នឹង​មាន​តម្លៃ​​ឡើងដល់​ជាង 777 ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅត្រឹម​ឆ្នាំ 2027។

    ក្រុមហ៊ុន Selex Motors ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 នៅ​ប្រទេស​វៀតណាម ដោយ​ជនជាតិ​វៀតណាម​បី​រូប​គឺ បណ្ឌិត ង្វៀន ហឺ​វ​ហ្វឿ​ក​ង្វៀន, បណ្ឌិត ង្វៀន ត្រុ​ង​ហៃ និង​អ្នកជំនាញ​ផ្នែក IoT ង្វៀន ឌិ​ញ​ក្វាង។

  • ក្រុមហ៊ុន​ពីរ​នៅ​កម្ពុជា គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ និង​​​ផលិត​សម្ភា​រៈវេច​ខ្ចប់​តម្លៃ​ជាង​ដប់​លាន​ដុល្លារ

    ក្រុមហ៊ុន​ពីរ​នៅ​កម្ពុជា គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ និង​​​ផលិត​សម្ភា​រៈវេច​ខ្ចប់​តម្លៃ​ជាង​ដប់​លាន​ដុល្លារ

    ក្រុមហ៊ុន FITLY APPAREL និង​ក្រុមហ៊ុន WH PACKAGING ទទួលបាន​ការយល់ព្រម​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ចំនួន​ពីរ​ដែលមាន​ទុន​សរុប​ចំនួន​ជាង​ដប់​លាន​ដុល្លារ​អាម៉េរិក។ នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

    ទីមួយ៖ ក្រុមហ៊ុន FITLY APPAREL CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​បី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,891 កន្លែង។

    ទី​ពីរ៖ ក្រុមហ៊ុន WH PACKAGING មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 6 ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,076 កន្លែង។

    ជា​សរុប ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​មាន​ទុន​សរុប​ចំនួន 10.4 លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​បាន​ជិត​ពីរពាន់​កន្លែង៕

  • កីឡាការិនី​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    កីឡាការិនី​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    ខ្សែការពារ Hali Long បាន​អះអាងថា ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​នឹង​ប្រឹងប្រែង​ឡើង​ឱ្យដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដើម្បី​នាំយក​មេដាយមាស​ជូន​ប្រទេសជាតិ។

    យោងតាម​ទំព័រ One Sports របស់​ហ្វ៊ី​លី​ពី​ន កីឡាការិនី​ខ្សែការពារ​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​របស់​ប្រទេស​នេះ ថ្មីៗនេះ​បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ស្ដីពី​គោលដៅ​របស់ Filipinas (រហ័ស​នាម​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​​ហ្វ៊ី​លី​ពី​ន) នៅ​ស៊ី​ហ្គេម​លើក​ទី 32 នៅក្នុង​កម្មវិធី​កីឡា «The Game»។

    Hali Long ឱ្យដឹងថា បន្ទាប់ពី​មេដាយ​សំរឹទ្ធ​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន កំពុង​ឆ្ពោះទៅរក​មេដាយ​ដទៃទៀត​នៅឯ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    «សម្រាប់​ខ្ញុំ គោលដៅ​របស់​ក្រុម​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ត្រូវតែ​ជា​មេដាយមាស ឬ​សំរឹទ្ធ។ យើង​មិន​ចង់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ក្រោយមក​ត្រូវ​បរាជ័យ។ ក្រុម​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ចង់​មាន​វត្ត​មាននៅ​ក្នុងការ​ប្រកួត​ចុងក្រោយ និង​ដណ្ដើមបាន​ជ័យជម្នះ» Hali Long ឱ្យដឹង​ដូច្នេះ។

    Hali Long

    ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់។ Hali Long រួម​នឹង​មិត្ត​រួម​ក្រុម​ដណ្ដើមបាន​សំបុត្រ​ទៅ​ចូលរួម​ប្រកួត​នៅ World Cup 2023 ។ ទន្ទឹមនឹងនេះ Filipinas ក៏បាន​យកឈ្នះ​លើ​ក្រុម​វៀតណាម និង​ថៃ ក្លាយជា​ជើងឯក​នៅ AFF Cup 2022 ។

    ជាង​នេះ ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​ក៏បាន​បង្ហាញ​កម្លាំង​ដ៏​ល្អ​របស់ខ្លួន​នៅ​វគ្គ​ជម្រុះ​ទីមួយ​នៅ Olympic Paris 2024 ដោយបាន​ផ្ដួល​ប៉ា​គី​ស្ថាន (4-0), តា​ហ្ស៊ី​គី​ស្ថាន (8-0) និង​ហុងកុង (4-0) ហើយក៏​បាន​ឡើងដល់​វគ្គ​ជម្រុះ​ទី​ពីរ។

    ទោះជា​យ៉ាងណាក៏ដោយ Hali Long នៅតែ​ប្ដេជ្ញា​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​សម្រាប់​គោលដៅ​នៅ​ស៊ី​ហ្គេម​កម្ពុជា។ នាង​យល់ថា ក្រុម​នារី​ហ្វ៊ី​លី​ពី​ន​នឹងមិន «ដេកលក់» នៅលើ​ជោគជ័យ​ដែល​ដណ្ដើមបាន​នាពេល​កន្លង​នោះឡើយ។

    កីឡាការិនីនៃក្រុមបាល់ទាត់ជម្រើសជាតិហ្វ៊ីលីពីន

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ស្ថិតក្នុង​ពូ​ល A ដែលមាន​ក្រុម​វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា។ ដោយមាន​សមិទ្ធផល និង​កម្លាំង​ខ្លាំងក្លា​នាពេល​កន្លង ក៏​ដូចជា​បច្ចុប្បន្ន​ Hali Long និង​ក្រុម​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ត្រូវបាន​វាយតម្លៃ​​ថា​ជា​បេក្ខភាព​ដ៏​លេចធ្លោ​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​នេះ៕

  • យន្តហោះ​កូនកាត់​បា​ឡុង​ហោះ​​ទំនើប​ និង​​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    យន្តហោះ​កូនកាត់​បា​ឡុង​ហោះ​​ទំនើប​ និង​​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    (អង់គ្លេស) – យន្តហោះ Airlander 10 ឬ HAV 304 របស់​ក្រុមហ៊ុន Hybrid Air Vehicles មាន​បណ្ដោយ 92 ម៉ែត្រ អាច​ហោះ​ឡើងដល់​កម្ពស់ 5,000 ម៉ែត្រ និង​ល្បឿន 145 គីឡូម៉ែត្រ/ម៉ោង។

    George Land ដែលជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Hybrid Air Vehicles បានឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ​យន្តហោះ​កូនកាត់​នឹង​កំណត់​ឡើងវិញ​នូវ​វិធី​ដែល​ពិភពលោក​ស្រមៃ​អំពី​អាកាសចរណ៍។ «យើង​នឹង​ពិនិត្យមើល​មធ្យោបាយ​ហោះហើរ​កូនកាត់​ខ្នាត​យក្ស​ប្ដូរផ្លាស់​ការយល់ឃើញ​អំពី​សកម្មភាព​ហោះហើរ» នេះ​បើតាម George Land។

    ម៉ូ​ដែល​យន្តហោះ​កូនកាត់​បា​ឡុង​របស់​ក្រុមហ៊ុន Hybrid Air Vehicles (HAV) នៅ​ប្រទេស​អង់គ្លេស ដែលមាន​ឈ្មោះថា Airlander 10 ឬ HAV 304 ហោះហើរ​ជា​លើកដំបូង​កាលពី​ឆ្នាំ 2012។ យន្តហោះ​នេះ​រួមមាន បា​ឡុង​អេ​ល្យូ​ម ដែលមាន​ស្លាប និង​កន្ទុយ រួម​នឹង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំនួន​បួន​គ្រឿង​។

    យន្តហោះ​កូនកាត់​ដូច Airlander នេះ ប្រើប្រាស់​ទាំង​កម្លាំង​លើក​របស់​ឧស្ម័ន បច្ចេក​ទេស និង​បច្ចេកវិទ្យា​ទំនើប ធ្វើឱ្យ​វា​ស្រាល​ជាង​បរិយាកាសជាង​មុន​។ ប្រការនេះ​ជួយ​កាត់បន្ថយ​ការលំបាក​នៅក្នុង​ការដឹក​ជញ្ជូន​ដែល​តែង​កើតមាន​នៅលើ​បា​ឡុង​ហោះ​បែប​ប្រពៃណី​បច្ចុប្បន្ន។

    ដងខ្លួន​របស់ Airlander ធ្វើ​ពី​ក្រណាត់​ច្រើន​ស្រទាប់​ដែល​ភ្ជាប់​ជាមួយគ្នា​ដើម្បី​បង្កើន​ភាព​ធន់ និង​រក្សា​ឧស្ម័ន​អេ​ល្យូ​ម​បាន​ល្អ។ ដោយមាន​បំពាក់​មុខងារ​ប្ដូរផ្លាស់​ទំហំ​នៃ​កាប៊ីន​ផ្ទុក​ឧស្ម័ន​អេ​ល្យូ​ម ពី​ឡុ​ត​អាច​បើកបរ​យន្តហោះ​កូនកាត់​នេះ​បាន​យ៉ាង​ស្រួល។

    ក្នុងករណី​ខួច Airlander អាច​ហោះ​ទៅដល់​កន្លែង​ជួសជុល និង​បំពេញ​អេ​ល្យូ​ម​តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​សម្ពាធ​ស្វ័យប្រវត្ត។ ឧស្ម័ន​អេ​ល្យូ​ម​ដែល​លេចចេញ​តាម​រន្ធ​នៅលើ​ស្រទាប់​ក្រណាត់ កើតឡើង​យ៉ាង​យឺត ដោយសារ​ភាពខុសគ្នារ​វាង​សម្ពាធ​មាន​កម្រិត​ទាប។

    ចំណុច​ពិសេស​របស់​យន្តហោះ​កូនកាត់ Airlander 10 ដែល​អាច​ដឹក​អ្នកដំណើរ​បាន 100 នាក់ ឬ​ទំនិញ​ដប់​តោន​នេះ គឺ​មិនសូវ​បំពុលបរិស្ថាន អាច​ប្រើ​បានយូរ ពហុមុខ​ងារ មាន​ភាពបត់បែន​ខ្ពស់ និង​សន្សំសំច័យ។ល។

    យន្តហោះ Airlander 10 ឬ HAV 304 របស់​ក្រុមហ៊ុន Hybrid Air Vehicles

    ម៉ាស៊ីន​ម៉ា​ស៊ូ​ត V8 កម្លាំង 325 សេះ (242 kW) ចំនួន​បួន​គ្រឿង​របស់ Thielert Centurion ផ្ដល់​ថាមពល​ដល់​កង្ហារ​បួន​គូ​នៅលើ​យន្តហោះ​កូនកាត់​នេះ៕

  • ​ក្រោយ​ពី​​បាន​បង្ហាញ​ថ្វី​ជើង​នៅ​អឺរ៉ុប តារា​បាល់​ទាត់​ថៃ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​មុន​ស៊ីហ្គេម​​កម្ពុជា​មក​ដល់

    ​ក្រោយ​ពី​​បាន​បង្ហាញ​ថ្វី​ជើង​នៅ​អឺរ៉ុប តារា​បាល់​ទាត់​ថៃ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​មុន​ស៊ីហ្គេម​​កម្ពុជា​មក​ដល់

    ​ក្នុង​ថ្ងៃ​ដំបូងនៃ​ការ​​ជួប​ជុំ​​របស់​ខ្លួន​នៅ​ក្នុង​​ក្រុម​បាល់​ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម​ 22 ឆ្នាំ (U-22) របស់ប្រទេស​ថៃ ដែល​​ត្រៀម​ខ្លួន​សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​ ខ្សែ​ប្រយុទ្ធ​ Achitpol Keereerom បាន​និយាយ​ដោយ​ភាព​ជឿ​ជាក់។

    កាល​ពី​ល្ងាច​ថ្ងៃទី 24 មេសា U-22 ថៃ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ហ្វឹក​ហាត់​ទីបួន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​លើក​ទី​ 32។ ​ក្នុង​​ថ្ងៃ​ហ្វឹក​ហាត់​នៅ​តំបន់​ទេសចរណ៍​កីឡា Phatthana ខេត្ត Chonburi គ្រូបង្វឹក​ Issara Sritaro បន្ត​ទទួល​ស្វាគមន៍​វត្តមាន​របស់​កីឡាករ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន Achitpol Keereerom ដែល​ជា​តារា​បាល់​ទាត់​មួយ​រូប​កំពុង​ប្រកួត​ឱ្យ​ក្លឹប​នៅ​អឺរ៉ុប​។

    Achitpol Keereerom បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​​របស់​ក្លឹប Augsburg ដែល​ប្រកួត​នៅ​ឯ​ពាន​រង្វាន់​លំដាប់​ទីបួន​របស់​ប្រទេស​អាល្លឺម៉ង់​។ នៅ​មុន​ថ្ងៃ​ត្រលប់​មក​ជួប​ជុំ​ក្រុម​ U-22 ថៃ ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ 2001 រូប​នេះ​ បាន​បង្ហាញ​ថ្វី​ជើង​ដ៏​ល្អ​របស់​ខ្លួន​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ Augsburg ឈ្នះ Hankofen-Hailing 2-1 នៅ​ក្នុង​វគ្គ​ទី 33 នៃ​ការ​ប្រកួត​ដណ្ដើម​​ពាន​រង្វាន់​លំដាប់​ទី​​បួន​នៅ​អាល្លឺម៉ង់​។

    នៅ​ក្នុង​ការ​ហ្វឹក​ហាត់​ថ្ងៃដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ជួប​ជុំក្រុម​ U-22 ថៃ ខ្សែ​ប្រយុទ្ធ​ Achitpon Keereerom បាន​ថ្លែង​ដោយ​ក្ដី​​រីក​រាយ​ថា «ការ​ទាត់​បញ្ចូល​ទី​ឱ្យ​ Augsburg នៅ​មុន​ស៊ីហ្គេម​មក​ដល់​ គឺ​ពិត​ជា​បាន​នាំ​មក​ថាមពល​ និង​ភាព​ជឿ​ជាក់​ដល់​ខ្ញុំ​យ៉ាង​ច្រើន​។ ខ្ញុំ​ចង់​បន្ត​រក្សា​កម្លាំង​នេះ​នៅ​ក្នុង​ពាន​រង្វាន់​នា​ពេលខាងមុខ​»។

    «ខ្ញុំ​មិន​មាន​ការ​បារម្ភ​ទាល់​តែ​សោះ​នៅមុន​ស៊ីហ្គេម​លើក​ទី 32​។ ពួក​យើង​មក​ទីនេះ​ក្នុង​បំណងដណ្ដើម​ជ័យ​ជម្នះ​។ U-22 ថៃ ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន ហើយ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពីលទ្ធភាព​…។

    ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ U-22 ថៃ ដែល​ត្រៀម​សម្រាប់​ស៊ីហ្គេម​នៅ​កម្ពុជា Achitpol Keereerom គឺជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​ថៃពីរ​រូប​ (ក្នុង​នោះ​មាន Chayapipat Suphanphat ទាត់​ឱ្យ​ក្លឹប Estoril របស់​ព័រទុយហ្កាល់)​ ​ដែល​កំពុង​ប្រកួត​នៅ​អឺរ៉ុប​។ Achitpol Keereerom កំពុង​លេច​ធ្លោ​នៅ​ពាន​រង្វាន់​លំដាប់​ទីបួន​នៃ​ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​បាន​រួម​ចំណែក​រក​បាន​ពីរ​គ្រាប់​ និង​បង្ក​ឱកាស​បាន​មួយ​គ្រាប់​ឱ្យ​ Augsburg ​ក្រោយ​ការ​ប្រកួត​ 566 នាទី​នៅ​ក្នុង​ 16 ប្រកួត​​នា​ពេល​កន្លង​៕

  • សង្គ្រាម​នៅ​ស៊ូដង់៖ ភាគី​​ក្នុង​ជម្លោះ​យល់ព្រម​ឈប់​បាញ់ 72 ម៉ោង

    សង្គ្រាម​នៅ​ស៊ូដង់៖ ភាគី​​ក្នុង​ជម្លោះ​យល់ព្រម​ឈប់​បាញ់ 72 ម៉ោង

    ភាគី​ជម្លោះ​ទាំងពីរ​នៅ​ប្រទេស​ស៊ូដង់ បាន​យល់ព្រម​ឈប់​បាញ់​រយៈពេល 72 ម៉ោង ដោយ​មូលហេតុ​មនុស្សធម៌ គ្រា​ដែល​ប្រទេស​នានា​នាំគ្នា​ជម្លៀស​ពលរដ្ឋ។

    កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ (SAF) ប្រកាស​អនុវត្ត​បទ​បញ្ជា​ឈប់​បាញ់ 72 ម៉ោង ដែល​ចាប់ផ្ដើម​ពី​ម៉ោង 00 ថ្ងៃទី 25 មេសា ដោយ​បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល​ក្នុង​កិច្ចការ​នេះ។ កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ប្រទេស​ស៊ូដង់ ក៏បាន​បញ្ជាក់ថា បាន​យល់ព្រម​ផ្អាក​ការប្រយុទ្ធ​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​មនុស្សធម៌។

    រដ្ឋមន្ត្រីការបរទេស​ទេស​អាម៉េរិក Antoni Blinken ឱ្យដឹងថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​សម្រេចបាន​ក្រោយ​មាន​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ ដោយសារតែ​ភាគី​ក្នុង​ជម្លោះ​មិនបាន​គោរព​តាម​បទបញ្ជា​ឈប់​បាញ់​មុន​នោះ។

    នៅមុន​បទបញ្ជា​ឈប់​បាញ់​​ថ្មី​មាន​សុពលភាព ភាគី​ជម្លោះ​នៅតែ​វាយប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា នៅ Omdurman ដែលជា​ទីក្រុង​មួយ​នៅក្បែរ​រដ្ឋធានី​ខា​ទុំ។

    បណ្ដា​ប្រទេស​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ប្រទេស​ស៊ូដង់

    ស៊ូដង់​ស្ថិតនៅក្នុង​តំបន់​ភាគ​ឦសាន​ទ្វីបអាហ្វ្រិក ជាប់​នឹង​ប្រទេស​អេ​ហ្ស៊ី​ប មាន​ប្រជាជន​ជិត 48 លាន​នាក់។ សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង RSF តាំងពី​ថ្ងៃទី 15 មេសា 2023 បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង​ព្រោះតែ​ផែនការ​ច្របាច់​បញ្ចូល RSF ទៅក្នុង​ជួរ​កងទ័ព​ស៊ូដង់។ មន្ទីរពេទ្យ និង​សេវាសំខាន់ៗរបស់​ប្រទេស​នេះ​បាន​ផ្អាក​សកម្មភាព​ព្រោះតែ​សង្គ្រាម។

    «មនុស្ស​យ៉ាងតិច 430 នាក់​បាន​ស្លាប់ និង​ជាង 3,700 នាក់​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​រវាង​ភាគី​ជម្លោះ ធ្វើឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​ប្រទេស​នេះ​កាន់តែ​អាក្រក់ឡើង» នេះ​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជន​ស៊ូដង់​ប្រហែល​ពីរម៉ឺន​នាក់​បាន​រត់​ចេញពី​តំបន់​សង្គ្រាម និង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេសជិតខាង ឆាដ៕