Author: អេបិល

  • បានទស្សនាហើយ រឿងខ្លី «រឹងមាំ» សម្ដែងបវរកញ្ញា​ រឿន​ ណាត ជារឿងពេញ

    បានទស្សនាហើយ រឿងខ្លី «រឹងមាំ» សម្ដែងបវរកញ្ញា​ រឿន​ ណាត ជារឿងពេញ

    មើលពីចំណងជើងភាពយន្តជីវិតខ្លីរបស់ផលិតកម្មសាស្ត្រា «រឹងមាំ» ដែលសម្ដែងដោយតារាស្រីរូបស្អាត​ កញ្ញា​ រឿន​ ណាត​ ជាការទទួលសម្តែងលើកដំបូងនេះ​ គឺបានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍​ និងគិតថាសាច់រឿងនេះល្អ​ សាកសមនិងឱ្យនាងសម្តែង​ ព្រោះមើលលទៅនាងគឺជានារីម្នាក់​ ដែលរឹងមាំ​ ។

    តាមរយៈការបង្ហាញសាររូបភាព Poster និងព័ត៌មានកន្លងមក​ ហ្វេនៗជាច្រើនទន្ទឹងចាំទស្សនាសាច់រឿងទាំងមូល និងមានការពោលសរសើរមុនថា​ រឿន ណាត មានបុគ្គលិកលក្ខណៈអង់អាច​ មិនខ្លាចអ្វីហើយហ៊ានតស៊ូទៅមុខ​ ដោយមិនរុញរានោះទេ។ ចង់ដឹងថារឿងនេះ​ មានសាច់រឿង​ មានអត្ថន័យដូចមិចខ្លះ​ តើតួស្រីក្នុងរឿងនេះ​ មានឧបសគ្គអ្វីខ្លះ​នោះ សូមទស្សនារឿងខ្លីនិយាយអំពីជីវិត « រឹងមាំ» ខាងក្រោមនេះ៖

  • ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ » មរណភាពហើយ

    ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ » មរណភាពហើយ

    ប្រិយមិត្តពិតជាស្គាល់មិនខាន បទ «បឹងហ្គាវ៉ាន់សូឡូ» ដែលជាបទទទួលបានការពេញនិយមជាច្រើន ហើយក៏មានតារាចម្រៀងជាច្រើបានយកបទនេះមកច្រៀងឡើងវិញដែរ។

    ដោយឡែក ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកទទួលបានដំណឹងក្តុក្តួលថា ម្ចាស់បទនេះ បានទទួលមរណភាពហើយ ដោយរាគាពាធ នៅវេលាម៉ោង6ល្ងាច តាំងពីថ្ងៃទី17ខែមករា ឆ្នាំ2019 ក្នុងជន្មាយុ 80ឆ្នាំ នៅឯសហរដ្ឋអាមេរិក។ ។ សូមជម្រាបថា លោកយាយ ឈុន វណ្ណា ជាតារាចម្រៀងជើងចាស់ដ៏ល្បីមួយរូបនៅអំឡុងទសវត្ស​​ទី 60 ​-70 ហើយអ្នកចំរៀងក្រុមសិល្បៈយោធាភិរម្យ ជាមួយលោកតា ជិន សាខន ដែលជាស្វាមី។ បើតាមប្រភបបានឱ្យដឹងថា សពរបស់លោកយាយទើបនឹងត្រូវបានបូជាកាលពីថ្ងៃសុក្រទី 25 ខែមករានេះ។ យ៉ាងណាក្តី ដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្ររបស់លោកយាយនៅស្រុកខ្មែរ មានការសោកស្តាយជាពន់ពេកចំពើការបាត់បង់រូបលោកយាយ៕

    https://youtu.be/YoxC6ifItCQ

  • លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ ចូលរួមរំលែកទុក្ខ លោក ខេមរៈ សេរីមន្ត ទំាងទឹកមុខក្រៀមក្រំ

    លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ ចូលរួមរំលែកទុក្ខ លោក ខេមរៈ សេរីមន្ត ទំាងទឹកមុខក្រៀមក្រំ

    គេមើលឃើញថា បន្ទាប់ពីសពប្អូនស្រី លោក ខេមរៈ សិរីមន្ដ បានមកដល់គេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនោះ គេឃើញថា ហ្វេនៗអ្នកគាំទ្រនិងសិល្បៈជាច្រើន ទៅដល់ទីនោះភ្លាម មានវត្តមានដូចជា លោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខណា កញ្ញា សុខ ពីសី អ្នកនាង ពេជ្រ សោភា ព្រមទាំងតារាប្រុសស្រីជាច្រើនទៀត ដែលម្នាក់សុទ្ធតែរន្ធត់ចិត្ត និងបង្ហាញពីការស្តាយស្រណោះ ខេមរៈ ស្រីពៅ គ្រប់គ្នា។

    នៅព្រឹកថ្ងៃទី 28 ខែមករា នេះ គេបានឃើញមានវត្តមានរបស់ លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ បានឆ្លៀតពេលមកចូលរួមពិធីបុណ្យសពរបស់ប្អូនលោក ខេមរៈ សេរីមន្ត ផងដែរ ដោយក្នុងទឹកមុខក្រៀមក្រំជាទីបំផុត និងអារម្មណ៍សោកសៅស្ទើតែស្រក់ទឹកភ្នែកតាមលោក ខេមរៈ សេរីមន្ត ទៅហើយ។

    ក្រឡែកមកមើលលោក ខេមរៈ សិរីមន្ដ វិញហាក់បីដូចជាទន់អស់ទាំងខ្លួនប្រាណ ដោយមានអ្នកចាំឈរទប់ពីក្រោយជាប់រហូត ព្រោះមើលទៅលោកក្តុកក្តួលអួលដើមក ខ្ទប់មុខយំមិនចេញ។ ពេលនេះក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត កំពុងធ្វើបុណ្យតាមប្រពៃណី ហើយបើតាមការបញ្ជាក់ពីលោក ខេមរៈ សិរីមន្ត លើវីដេអូ បានឱ្យដឹងថា សពរបស់ប្អូនស្រីលោក នឹងដង្ហែរទៅបូជានៅវត្តសំរោងអណ្តែត នៅរសៀលម៉ោង 1 ថ្ងៃទី 28 ខែមករា ឆ្នាំ2019 នេះ ៕

  • Djokovic ផ្តួល Nadal ដើម្បីឈ្នះពាន​ Australian Open ជាលើក​ទី​7

    Djokovic ផ្តួល Nadal ដើម្បីឈ្នះពាន​ Australian Open ជាលើក​ទី​7

    កីឡាករ​វាយកូន​បាល់ Novak Djokovic បាន​ឈ្នះពាន​ព្រឹត្តិការណ៍ Australian Open ជាលើក​ទី​7 និង​​កម្ម​វិធី Grand Slam ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​កាលពីថ្ងៃអាទិត្យ ខណៈ​ដែល​​​រូប​គេ​បានផ្តួល​កីឡាករ Rafael Nadal យ៉ាង​ងាយ​​ក្នុង​​ទីក្រុង Melbourne​។

    កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 6-3 6-2 និង​6-3 ដែល​ជា​ជ័យ​ជម្នះ​ដ៏ធំបំផុត​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​ដ៏ធំមួយ លើ​គូ​ប្រជែង​​ដ៏ខ្លាំង​​របស់​គេ​។

    កីឡាករ​អេ​ស្ប៉ាញ Nadal វ័យ​ 32​ឆ្នាំ ហាក់​ដូច​ជាមិន​អាច​ទប់​ទល់​នឹង​ភាពខ្លាំង​​របស់​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ​1 ក្នុងពិភព​លោក​រូបនេះ​បាន​ឡើយ និង​បាន​បង្កើត​ឱ្យ​មាន​កំហុស​ដល់​ទៅ​ 28​លើក​ឯណោះ។

    Djokovic វ័យ​ 31​ឆ្នាំ បាន​កត់ត្រា​ជ័យជម្នះ​​ដោយ​ប្រើ​ពេល​អស់​ 2​ម៉ោង និង​4​នាទី ដើម្បី​ឡើង​ឈរ​ពីលើ​ម្ចាស់​ជើងឯក​ 6​សម័យ​កាល Roy Emerson និង Roger Federer​។

    ក្រោយ​ពី​ឈ្នះ​ពាន Grand Slam ជាលើក​ទី​15 ​របស់​គេ Djokovic បាន​ឱ្យ​ដឹង​ថា៖ «វា​ជា​ការប្រកួតមួយ​ក្នុង​ចំណោម​ការ​ប្រកួត​​ដ៏​ល្អ​បំផុត​។ វា​ហាក់​មិន​​​ពិត​សោះ​ដែលយើង​នៅ​តែ​លេង​ក្នុង​កម្រិត​នេះ​ និង​នៅ​តែ​ប្រជែង​ពាន​ដ៏ធំបំផុត​ក្នុង​កីឡា​នេះ ហើយ​វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​»​។

    ស្រប​ពេល​ជាមួយ​គ្នានេះ កីឡា​ការិនី​វាយ​កូន​បាល់ Naomi Osaka របស់​ជប៉ុន បាន​បញ្ជាក់​ថា នាង​ពិត​​​ជា«ស្ថិត​ក្នុង​ភាព​​ភ្ញាក់​ផ្អើល» ក្រោយពី​​បាន​គ្រប់គ្រង​ការ​ភិត​ភ័យ​របស់​ខ្លួន​ដើម្បី​យកឈ្នះ​​លើ​កីឡា​ការិនី Petra Kvitova និង​ឈ្នះពាន Australian Open ក្នុង​ការប្រកួត​ 3​សិត​ដ៏រំ​ភើប​មួយ ខណៈ​ជ័យជម្នះនេះ​ក៏​បាន​ធ្វើ​ឱ្យ​នាង​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​1​ លើ​តារាង​ពិភព​លោក​ផងដែរ​។

    កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​4 ​ប្រចាំ​ព្រឹត្តិការណ៍ និង​ជាម្ចាស់​ជើង​ឯក US Open រូប​នេះ​បាន​កត់​ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 7-6 (7/2) 5-7 និង​6-2 ក្នុង​ការ​ប្រកួត​ 2​ម៉ោង និង​27​នាទីលើ​កីឡា​ការិនី​របស់​ឆែក ដើម្បី​ឈ្នះពាន​ក្នុង​កម្មវិធី Grand Slam 2​លើក​ជាប់​ៗ​​​គ្នា​៕

    ប្រភព​ពី៖​ Channel News Asia

  • រដ្ឋាភិបាលដក​ការិយាល័យស្រុកដែលមិនចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើន​ប្រសិទ្ធភាពការងារ

    រដ្ឋាភិបាលដក​ការិយាល័យស្រុកដែលមិនចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើន​ប្រសិទ្ធភាពការងារ

    នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តាស្រុក​-ក្រុងនានា មានការិយាល័យ​ចំណុះមន្ទីរជាច្រើន​ដែលកំពុងបើកដំណើរការ តែមិនសូវមានការងារប្រតិបត្តិការ​ ហើយ​មានការិយាល័យ​ដែលចាំបាច់ត្រឹមតែ 2-3ប៉ុណ្ណោះដែលដំណើរការជាប់ជាប្រចាំ។ ស្ថានភាពបែបនេះត្រូវបានរាជរដ្ឋាភិបាល​មើលឃើញថា​ អាចជាចំណុចមួយ​ក្នុងការខ្ជះខ្ជាយលើថវិកាជាតិ​។

    នៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នេះសម្តេចតេជោហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុងជំនួបជាមួយ​កម្មករ-កម្មការិនីនៅខេត្តកំពតថា នាពេលខាងមុខនេះ​នឹងមានការកែសម្រួល​រចនាសម្ព័ន្ធថ្នាក់ស្រុក-ក្រុង ដោយមិនឱ្យមានការិយាល័យរបស់មន្ទីរ​នៃក្រសួងនីមួយៗធ្លាក់ទៅដល់ក្រោមទៀតទេ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «​សម្លឹងមើលទៅ ទុកតែ 3ផ្នែកទេ អប់រំត្រូវតែមានហើយ សុខាភិបាលត្រូវតែមាន​ការិយាល័យ ​ព្រោះទាក់ទងនឹងសេវាព្យាបាលជូនប្រជាជន ហើយ​រៀបចំដែនដីក៏ត្រូវតែមានដែរ ព្រោះ​មានការងារពាក់ព័ន្ធនឹង​ការគ្រប់គ្រងដីធ្លី ក្រៅពីនោះការិយាល័យស្រដៀងៗគ្នាមានមុខងារប្រហែលៗគ្នាត្រូវដាក់មួយកញ្ចប់»។

    សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា ការរៀបចំ​បែបនេះ​អាចនឹងប្រើប្រាស់ទឹក-ភ្លើងតិចជាងមុន មនុស្សធ្វើការតិចជាងមុន មធ្យោបាយ​ក៏តិចជាងមុនដែរ ហេតុនេះគួរតែ​ធ្វើការកែទម្រង់ដាក់ជាចង្កោមតែម្តង។ ការកែទម្រង់នេះ​មានលទ្ធភាពក្នុងការ​ជួយឱ្យសេដ្ឋកិច្ចស្ទុះឡើង ហើយប្រសិទ្ធភាពក៏កាន់តែខ្ពស់ផងដែរ៕

  • លោក Queiroz ព្រមាន​ពីការ​ភ្លាត់​ស្នៀតពេល​ប៉ះ​ជប៉ុន នៅ​រាត្រី​នេះ

    លោក Queiroz ព្រមាន​ពីការ​ភ្លាត់​ស្នៀតពេល​ប៉ះ​ជប៉ុន នៅ​រាត្រី​នេះ

    លោក Carlos Queiroz គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​ព្រមាន​​ពីការ​ភ្លាត់​ស្នៀត ក្រោយពី​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែការ​ធ្លាក់​ចេញ​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង និង​អូ​ស្ត្រាលី បាន​ធ្វើ​ឱ្យ​ក្រុម​មាន​រហស្ស​នាម​ថា Team Melli មួយ​នេះ ជាក្រុមមាន​​ប្រៀប​ដាច់​ក្នុងការ​ឈ្នះពា​ន​។

    ប៉ុន្តែដំបូង​ឡើយ ពួកគេ​ត្រូវ​តែ​​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​ 4​សម័យកាល ជប៉ុន នៅ​រាត្រី​នេះឱ្យបានជាមុន​សិន នៅ​មុន​ពេលក្រុម​ម្ចាស់​ផ្ទះ​អេ​មី​រ៉ាត​​អា​រ៉ាប់​រួម ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​កា​តា ក្នុង​រយៈ​ពេល​ 24​ម៉ោង​បន្ទាប់​។

    ក្នុងពេល​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ឈ្នះពាន​កីឡា​បាល់​ទាត់​ដ៏ធំបំផុត​របស់​អាស៊ី​ជាលើក​ទី​1 បើ​គិត​ចាប់​តាំងពីឆ្នាំ​1976 ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​ឈាន​ទៅ​វគ្គ​បន្ត​នៃ​យុទ្ធ​នា​កា​រនេះ​យ៉ាង​ងាយ ខណៈ​ដែល​​គូ​ប្រជែង​ខ្លាំង​ៗ​របស់​ពួក​គេ​ជាច្រើន បាន​ជួប​​ការ​ខក​ចិត្ត​។  

    ក្រោយពី​​ក្រុម​ជម្រើស​ជាតិអ៊ី​រ៉ង់បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ចិនក្នុងលទ្ធផល 3-០ ក្នុង​វគ្គ​ 8​ក្រុម​ចុង​​ក្រោយដើម្បី​បង្ហាញពី​ភាពខ្លាំង​ឱ្យក្រុម​ជប៉ុនឃើញហើយនោះ លោក Queiroz បាន​បញ្ជាក់​ថា៖ «យើង​ដឹង​ថា ត្រី​ឆ្លាម​ធំ​ៗ​នឹងតម្រង់​មក​កាន់​យើង​។ អ្វី​ដែល​យើង​បានធ្វើ​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ចិន នឹង​មិន​គ្រប់គ្រាន់​ឡើយ​»​។

    ស្រប​ពេល​​ជាមួយ​គ្នា​នេះ លោក​គ្រូបង្វឹក Hajime Moriyasu បាន​បញ្ជាក់​កាលពីថ្ងៃ​អាទិត្យ​ថា ក្រុម​ជប៉ុន​របស់​លោក​នឹង​​ប្រើ​ប្រាស់​ផែន​ការ​បស់​ខ្លួន​ដូ​ច​​មុនដដែលក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅ​ពេល​ជួប​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់​​។

    ការ​ឈ្នះ​​ជាប់​ៗ​គ្នា​តាម​រយៈ​ការរក​បាន​គ្រាប់​បាល់​តែ​ 1​គ្រាប់​ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បើ​ទោះ​បី​ជប៉ុនមាន​ឱកាស​គ្រប់​គ្រង​បាល់​ត្រឹម​តែ​ 23​ភាគ​រយ បាន​បង្កើត​ឱ្យ​មាន​ការ​ចង​ចាំ​​ក្នុង​យុទ្ធនាការ Euro ឆ្នាំ​2004 ដែល​នៅ​ពេល​​នោះ​ក្រុម​ជម្រើស​ជាតិក្រិក បាន​ឈ្នះពាន​ដ៏មិន​នឹកស្មាន​ដល់​តាម​រយៈ​ការ​ដណ្តើម​បាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​​៕

    ប្រភព​ពី៖ France24

     

  • សិស្សកម្ពុជាទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី

    សិស្សកម្ពុជាទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី

    កុមារកម្ពុជាទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើម ក្នុងជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថានប្រចាំឆ្នាំ២០១៩ (Youth Environmental Summit) ក្នុងចំណោម៦ប្រទេស ដោយលើកយកប្រធានបទ “ការកែច្នៃសម្រាម និងសម្ភារៈប្រើប្រាស់រួច” ។ កុមារកម្ពុជា ដែលទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើមនោះ មកពីលារៀនវ៉េស្ទឡាញន៍ស្ថិនក្នុងកម្រិតអាយុ៩ ដល់១២ ឆ្នាំ (Junior Participant) ហើយដំណឹងនេះជួយលើកស្ទួយកិតិនាម និងមោទភាព ជាតិសម្រាប់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។

    លោក គង់ សំនៀង ប្រធាននាយករដ្ឋបាល និងប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានមានប្រសាសន៍ថាៈ នេះមោទនភាពរបស់សាលារៀនវ៉េស្ទឡាញន៍ ក៏ដូចជាប្រទេសកម្ពុជា ដែលទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើមស្តីពីបរិស្ថាន ហើយនេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការបញ្ចេញសមត្ថិភាពរបស់ប្អូនៗសិស្សានុសិស្សនៅលើឆាកអន្តរជាតិ។

    លោកបានបន្ថែមទៀតថា នេះជាលើកទី៥ហើយ ដែលសាលារៀនវ៉េស្ទឡាញន៍ បានបញ្ជូនសិស្សានុសិស្សចំនួន២៤នាក់ ទៅប្រទេសសិង្ហបុរី ហើយនឹងបន្តបញ្ជូនជាបន្តបន្ទាប់ទៀតដោយសារសាលាមានអនុស្សរណៈយោគយល់គ្នាជាមួយ Youth Ambassador Singapore ។ សិស្សដែលត្រូវបានជ្រើសរើសទៅ ត្រូវតែប្តេជ្ញានិងខិតខំធ្វើការងារជាក្រុមនិងចូលរួមធ្វើសកម្មភាពផ្សេងៗនិងជាសិស្សឆ្នើមនិងជាសិស្សដែលប្រើប្រាស់ភាសាអង់គ្លេសបាន។ ក្រៅពីចំណេះដឹងបានពីប្រធានបទបរិស្ថានសិស្សានុសិស្សបានទទួលចំនេះដឹងពីការធ្វើការជាក្រុម ការចេះអភិវឌ្ឍខ្លួនពេលគ្មានអាណាព្យាបាលគ្រប់គ្រង ការគ្រប់គ្រងពេលវេលា ភាពមានម្ចាស់ការលើខ្លួនឯងជាពិសេសការចេះថែរក្សាអនាម័យផ្ទាល់ខ្លួននិងបរិស្ថានដែលជាកត្តាចម្បងស្របពេលដែលប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍។

    ជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅប្រទេសសិង្ហបុរី ក្នុងគោលបំណងផ្តល់ឳកាសដល់កុមារ និងយុវជនបង្ហាញគំនិតច្នៃបង្កើតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ការសិក្សា ការយល់ដឹងពិបរិស្ថានធម្មជាតិ ការថែរក្សាបរិស្ថាន ការគ្រប់គ្រងសម្រាម ការបំពុលទឹក ការចេះកែច្នៃសំរាមនិងសម្ភារៈដែលប្រើប្រាស់រួច ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានលើពិភពលោក។

    យុវតី ប៊ុនណា បូណារ័ត្ន សិស្សសាលារៀនវ៉េស្ទឡាញន៍បាននិយាយថា៖«ខ្ញុំសប្បាយចិត្តដែលបានចូលរួមកម្មវិធីនេះ។ វាជាបទពិសោធន៍ដ៏ធំមួយនៃជីវិតយើង។ យើងបានរៀនសូត្រជាច្រើននៅទីនោះ។ សិង្ហបុរីជាប្រទេសដែលមានបរិស្ថានស្អាត។ ដូច្នេះអ្វីដែលទទួលបានពីការរៀនសូត្រនៅសិង្ហបុរីយើងនឹងយកមកអនុវត្តនៅកម្ពុជា»។ ណារ័ត្ន បានបញ្ជាក់ថា«ខ្ញុំចង់ឱ្យកម្ពុជា ស្អាតដូចនៅសិង្ហបុរី»។
    បូណារ័ត្ន បានឱ្យដឹងថាៈនៅទីនោះគាត់ទទួលបានបទពិសោធន៍ក្នុងការធ្វើការជាក្រុមការទទួលខុសត្រូវលើខ្លួនឯង និងបានសិក្សាអំពីបិរស្ថានដូចជា ការបំពុលទឹក ការថែរក្សាបរិស្ថាន ការគ្រប់គ្រងសម្រាម ការកែច្នៃសំរាមនិងសម្ភារៈដែលប្រើប្រាស់រួច។

    ជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថាននេះ មានយុវជនចូលរួមប្រមាណ៣៦៥នាក់ ដែលមកពីប្រទេសសិង្ហបុរី ចិន កម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា។ ចំណែកប្រទេសកម្ពុជាវិញ មានសាលារៀនចំនួន៥ ដែលបានចូលរួមកម្មវិធីជំនួបយុវជនបរិស្ថាននេះ។

    សូមបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ចាប់ផ្តើមដំណើរក្នុងឆ្នាំ២០០៨ ហើយរហូតដល់ពេលបន្ចុប្បន្ននេះមានសិស្សចំនួនប្រមាណ ១២ ០០០ (មូយម៉ឺនពីរពាន់នាក់) និងមាន១០សាខា ក្នុងរាជធានីភ្នំពេញ។  សាលារៀននឹងអនុវត្តកម្មវិធីសិក្សាគោល កម្មវិធីសិក្សាអម និងកម្មវិធីសិក្សាបន្ថែម ឱ្យកាន់តែប្រសើរឡើងលើគ្រប់ចំណុច ជាពិសេសចំណេះដឹង និងជំនាញសម្រាប់សតវត្សទី ២១ (21st Century Skills) ជាពិសេសជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម គំនិតច្នៃប្រឌិត និងការគិតវិភាគបែបស៊ីជម្រៅ(4 Cs: Communication, Collaboration, Creativity and Critical Thinking) ភាសាចិន ចំណេះដឹងផ្នែក  ហិរញ្ញវត្ថុ ទម្លាប់ល្អទាំង ៧ សម្រាប់យុវជន និងសហគ្រិនភាព ដែលជាបំណិនជីវិតចាំបាច់សម្រាប់ភាពជោគជ័យក្នុងការងារអាជីវកម្ម និង ការរស់នៅនាពេលអនាគត ។ ទន្ទឹមនឹងនេះដែរ ចំណេះដឹង និងជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងសិល្បៈ (STEM & Arts) ជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធដល់សិស្សានុសិស្ស តាមរយៈការបោះជំរំ នៅតាមបណ្តាប្រទេសនានានៃសហគមន៍អាស៊ាន និងប្រទេសដទៃទៀត ព្រមទាំងការស្វែងរកសាលារៀនជាដៃគូក្នុងស្រុក និងនៅបរទេស ដើម្បីផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គ្រប់សាខា ។

  • សពតារាចម្រៀងស្រីក្នុងដួងចិត្ត ខេមរៈ ស្រីពៅ ដឹកពីឥណ្ឌា មកដល់កម្ពុជាព្រឹកស្អែកនេះ

    សពតារាចម្រៀងស្រីក្នុងដួងចិត្ត ខេមរៈ ស្រីពៅ ដឹកពីឥណ្ឌា មកដល់កម្ពុជាព្រឹកស្អែកនេះ

    មហាជនជាច្រើនជាអ្នកគាំទ្រ កំពុងសោកសៅ និងអាល័យចំពោះមរណភាពរបស់កញ្ញាខេមរៈ ស្រីពៅ នឹកស្មានមិនដល់ និងគួរឱ្យរន្ធត់ចិត្តជាខ្លាំង ព្រោះកញ្ញាបានលាចាកទៅយ៉ាងស្ងាត់ៗ និងឃ្លាតពីសិល្បះមួយរយៈធំ ហើយស្រាប់តែបាត់បង់ជីវិតដោយសារជំងឺជំងឺសួត និងក្រលៀន និងផុតដង្ហើមនៅរសៀលម៉ោង1 ក្នុងថ្ងៃទី25 ខែមករា ឆ្នាំ2019 នេះ។

    ប៉ុន្មានម៉ោងមុននេះ លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសរបស់ ខេមរៈ ស្រីពៅ កំពុងតែវិលវុលនឹកអាណិតប្អូនស្រីរបស់លោកជាខ្លាំង ដោយលោកបានបន្ដបង្ហោះសារ និងរូបភាពជាច្រើនអំពីប្អូនស្រី។ ជាក់ស្តែងពេលទៅដល់ប្រទេសឥណ្ឌាដើម្បីនាំសពប្អូនស្រីមកប្រទេសកំណើតវិញ លោកបានយកនំ និងទឹកមួយដប ហើយបានបង្ហោះសារដ៏គួរឱ្យសង្វែកចិត្តថា«អូនផឹកទឹកអោយច្រើនចាំបងនាំអូនទៅផ្ទះយើងទៅជួបបងប្អូនយើងវិញ»។

    សូមជម្រាបដែរថា សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នឹងត្រូវដឹកតាមយន្តហោះ ចេញពីប្រទេសឥណ្ឌានៅម៉ោង12រំលងអាធ្រាត្រ ថ្ងៃទី26 ទី 27 (យប់នេះ) ខែមករានេះ ដោយត្រូវប្រើរយៈពេលហោះហើរ រហូតដល់ទៅ 10ម៉ោង ទើបមកដល់ប្រទេសកម្ពុជា នៅថ្ងៃស្អែកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

  • កក្រើកកម្ពុជាម្ដងទៀត !! ត្រៀមជួបជាមួយកំពូលតារាកំប្លែងថៃលោក កូទី យប់នេះ

    កក្រើកកម្ពុជាម្ដងទៀត !! ត្រៀមជួបជាមួយកំពូលតារាកំប្លែងថៃលោក កូទី យប់នេះ

    នៅរសៀលថ្ងៃទី26 ខែមករា ឆ្នាំ 2018នេះ កំពូលតារាកំប្លែងលោក កូទី បានមកដល់ប្រទេសកម្ពុជាជាថ្មី ដោយការបង្ហាញខ្លួនលើកនេះ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ភ្ញើកផ្អើល មានការចាប់អារម្មណ៍ជាងមុន ដោយសារតែបង្ហាញខ្លួនលើកនេះ ជាការសម្ដែងដ៏អស្ចារ្យ។ ខុសពីគ្រាមុនៗ កំពូលតារាកំប្លែងក្នុងរឿង «ខ្មោចត្រឡោកបែក » រូបនេះ មកកម្ពុជាលើកដើម្បីមកសម្ដែងខនសឺតទ្រង់ទ្រាយធំជាមួយតារាខ្មែរ នៅកោះពេជ្រ ។

    លោក កូទី បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលចុះមកដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលលោកឃើញវត្តមានអ្នកកាសែត និងអ្នកគាំទ្រខ្មែរ មកស្វាគមន៍ដល់ព្រលាន។ លោកថា នេះជាលើកទី3ហើយ ដែលលោកមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនកាលពីពីរលើកមុន លោកមិនបានសម្ដែងខនសឺតដូចដំណើរមកកាន់កម្ពុជាលើកនេះទេ ទើបលោកចាត់ទុកថា ឱកាសសម្ដែងលើកដំបូងនៅក្នុងប្រទេសកម្ពុជាលើកនេះ នឹងធ្វើឱ្យលោកទទួលបាននូវបទពិសោធន៍ខ្ពស់ពីសិល្បៈកម្ពុជា។ លោកថា ខ្លួននឹងមានការសម្ដែងពិសេសលើឆាកដំបូងនៅកោះពេជ្រនៅប្រទេសកម្ពុជា ខណៈដែលការសម្ដែងនៅយប់ថ្ងៃទី26 ខែមករា នេះ នឹងទទួលជោគជ័យ ជាពិសេសក្នុងពេលលោកយល់ថា វត្តមានសម្ដែងកំប្លែងរបស់លោកនៅក្នុងភាពយន្តកន្លង ក៏មានអ្នកគាំទ្រខ្មែរស្គាល់លោកភាគច្រើន។ លោកថា ខ្លួននឹងមានគម្រោងទទួលសម្ដែងនៅក្នុងប្រទេសកម្ពុជាជាលើកទី2 ប្រសិនការសម្ដែងលើកដំបូងរបស់លោកនាយប់នេះ នៅកោះពេជ្រទទួលបានការគាំទ្រខ្លាំងក្លា។

    លោកកូទី បានបញ្ជាក់ផងដែរថា លោកបានត្រៀមបទចម្រៀងពិរោះៗជាច្រើនបទសម្រាប់កម្សាន្ដអារម្មណ៍អ្នកគាំទ្រនារាត្រីនេះ ព្រមទាំងមានការកំប្លែងលេងជាមួយអ្នកគាំទ្រទៀតផង។ លោក កូទី គឺជាកំពូលតារាកំប្លែងល្បីល្បាញប្រចាំប្រទេសថៃ ដោយវត្តមានចេញសម្ដែងក្រៅប្រទេសរបស់លោកមិនមែនជាលើកទី1នោះទេ ខណៈដែលការសម្ដែងរបស់លោកនៅក្នុងស្រុក និងក្រៅប្រទេសកន្លងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ លោកក៏ជាតំណាងផលិតផលភេសជ្ជៈប្រទាលកន្ទុយក្រពើដ៍ល្បីល្បាញមួយប្រចាំប្រទេសថៃ ដែលផលិតផលនេះ ក៏បាននាំមកកាន់ទីផ្សារកម្ពុជាផងដែរ៕

  • ធនាគារ​អេស៊ីលីដា លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ជួយ​មនុស្ស​តាមរយៈ​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត

    ធនាគារ​អេស៊ីលីដា លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ជួយ​មនុស្ស​តាមរយៈ​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត

    ការផ្តល់​ឈាម​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ដែល​កំពុង​ត្រូវការ​ឈាម​ជាបន្ទាន់​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុងប្រទេស។ ហេតុនេះ​ការចូលរួម​ពី​គ្រប់ភាគី​នានា​ក្នុងសង្គម មាន​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​ប្រជាជន​ទូទៅ ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ផ្នែក​ឈាម។

    ដោយ​មើលឃើញ​ពី​តម្រូវការ​ជា​ចាំបាច់ និង​ជាការ​បន្តសកម្មភាព​ចូលរួមចំណែក​ជួយ​ដល់​សង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធានា​គារ​ពាណិជ្ជ​ធំជាងគេ​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​កម្មករនិយោជិត នៃ​ការិយាល័យ​កណ្តាល និង​សាខា​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី 25 ខែមករា ឆ្នាំ2019 ម្សិលមិញ​នេះ ដើម្បី​ផ្តល់ឱកាស​ឱ្យ​បុគ្គលិក​បាន​ចែករំលែក​ក្តី​ស្រឡាញ់ និង​ចូលរួមចំណែក​ជួយ​ជីវិត​ប្រជាជន​ជាច្រើន​ដែល​កំពុង​ត្រូវការ​ឈាម។

    លោក លី ថៃ អនុប្រធាន​នាយក​ប្រ​ត្តិ​ប​ត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា នេះ​ជា​លើក​ទី5 ហើយ​ដែល​ធនាគារ រៀបចំ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​សហការី​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ។ សហការី​ដែល​ចូលរួម​នៅថ្ងៃនេះ​មាន​ចំនួន​ប្រមាណ​ជា 218នាក់ ដែល​ពួកគាត់​មានចិត្ត​សប្បុរស​ក្នុងកា​រ​ចូលរួមចំណែក​ជួយ​គាំទ្រ​ការងារ​សង្គម និង​ជាពិសេស​គឺ​ជួយ​សម្រាល​បន្ទុក​ដល់​អ្ន​ក​ដែល​កំពុង​ត្រូវការ​ជំនួយ​ឈាម​នៅ​ទូទាំងប្រទេស។

    លោក លី ថៃ បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សហកា​រី​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ជា​អំណោយ​ដ៏​សំខាន់​សល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​បន្ត​ជួយ​ជីវិត​មនុស្ស»។

    លោក​បាន​បន្ថែម​ផងដែរ​ថា យើង​នឹង​បន្តសកម្មភាព​ជា​វិជ្ជមាន​នេះ​បន្ថែមទៀត​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​អំពើរ​ល្អ​ដល់​សង្គម និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ​ល់​គ្រប់ភាគី​ទាំងអស់​ដែល​កំពុង​ត្រូវការ​ជំនួយ។ ការផ្តល់​ឱកាស​សម្រាប់​បន្តសកម្មភាព​ទៅដល់​ខេត្តឆ្ងាយៗ ឬ​សាខា​ដទៃ​ផ្សេងទៀត​នោះ​អាច​នឹង​ធ្វើទៅបាន​ប្រសិនបើ​ដៃគូ​សហការ ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អាចមាន​ពេលវេលា​គ្រប់គ្រាន់ និង​ទៅដល់​តំបន់​នោះបាន។

    លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ បាន​មានប្រសាសន៍ថា ការផ្តល់​ឈាម​ជា​សកម្មភាព​ប្រកបដោយ​គុណ​តម្លៃ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ ហេតុនេះ​យើងម្នាក់ៗអាចធ្វើ​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ ឬ​អាច​ទៅដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​បរិច្ចាគ​ឈាម​ដោយ​សុវត្ថិភាព ហើយ​ថែមទាំង​អាចជួយ​ដល់​ជីវិត​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេងទៀត​ក្នុងសង្គម​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់។

    ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​មានប្រសាសន៍ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វិស័យ​ឯកជន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួលខុសត្រូវ​សង្គម​ដោយ​ការផ្តល់​ឈាម​មកកាន់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ជាពិសេស​គឺ​ធនា​ការ​អេស៊ីលីដា ដែល​តែងតែ​រួមចំណែក​យ៉ាងសកម្ម។

    លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ​មាន​អ្នកជំងឺ​ជាច្រើន​ដែល​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ឯកទេស​ទាំង​រដ្ឋ និង​ឯកជន ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ដូចជា​ជំងឺថ្លើម ការ​បន្សាំ​សរីរាង្គ ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ និង​មហារីក​ជាដើម សុទ្ធតែ​កំពុង​ត្រូវការ​ឈាម​ជាប្រចាំ ហេតុនេះ​យើង​ត្រូវការ​ឈាម​ជាច្រើន​ជា​រៀងរាល់ឆ្នាំ។ នៅក្នុង​ឆ្នាំ 2018 នៃ​កម្ពុជា​ត្រូវការ​ឈាម​រហូតដល់ 8ម៉ឺន​ប្លោក ហើយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2017 មានការ​កើនឡើង 10%។ ចំនួន​នៃ​កំណើន 10% នឹង​កើន​ឡើងជា​បន្តទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ហើយ​បើ​ប៉ាន់ស្មាន​ទៅ​យើង​ត្រូវការ​ឈាម​ប្រមាណ​ជាង 9ម៉ឺន​ប្លោក​នៅក្នុង​ឆ្នាំ 2019 នេះ ស្របពេល​ដែល​យើង​កំពុង​បង្កើន​សមត្ថភាពសំខាន់ៗរបស់​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​របស់​ប្រជាជន​ឱ្យបាន​កាន់តែច្រើន៕