ធនាគារ​អេស៊ីលីដា លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ជួយ​មនុស្ស​តាមរយៈ​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត

ការផ្តល់​ឈាម​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ដែល​កំពុង​ត្រូវការ​ឈាម​ជាបន្ទាន់​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុងប្រទេស។ ហេតុនេះ​ការចូលរួម​ពី​គ្រប់ភាគី​នានា​ក្នុងសង្គម មាន​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​ប្រជាជន​ទូទៅ ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ផ្នែក​ឈាម។

ដោយ​មើលឃើញ​ពី​តម្រូវការ​ជា​ចាំបាច់ និង​ជាការ​បន្តសកម្មភាព​ចូលរួមចំណែក​ជួយ​ដល់​សង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធានា​គារ​ពាណិជ្ជ​ធំជាងគេ​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​កម្មករនិយោជិត នៃ​ការិយាល័យ​កណ្តាល និង​សាខា​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី 25 ខែមករា ឆ្នាំ2019 ម្សិលមិញ​នេះ ដើម្បី​ផ្តល់ឱកាស​ឱ្យ​បុគ្គលិក​បាន​ចែករំលែក​ក្តី​ស្រឡាញ់ និង​ចូលរួមចំណែក​ជួយ​ជីវិត​ប្រជាជន​ជាច្រើន​ដែល​កំពុង​ត្រូវការ​ឈាម។

លោក លី ថៃ អនុប្រធាន​នាយក​ប្រ​ត្តិ​ប​ត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា នេះ​ជា​លើក​ទី5 ហើយ​ដែល​ធនាគារ រៀបចំ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​សហការី​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ។ សហការី​ដែល​ចូលរួម​នៅថ្ងៃនេះ​មាន​ចំនួន​ប្រមាណ​ជា 218នាក់ ដែល​ពួកគាត់​មានចិត្ត​សប្បុរស​ក្នុងកា​រ​ចូលរួមចំណែក​ជួយ​គាំទ្រ​ការងារ​សង្គម និង​ជាពិសេស​គឺ​ជួយ​សម្រាល​បន្ទុក​ដល់​អ្ន​ក​ដែល​កំពុង​ត្រូវការ​ជំនួយ​ឈាម​នៅ​ទូទាំងប្រទេស។

លោក លី ថៃ បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សហកា​រី​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ជា​អំណោយ​ដ៏​សំខាន់​សល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​បន្ត​ជួយ​ជីវិត​មនុស្ស»។

លោក​បាន​បន្ថែម​ផងដែរ​ថា យើង​នឹង​បន្តសកម្មភាព​ជា​វិជ្ជមាន​នេះ​បន្ថែមទៀត​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​អំពើរ​ល្អ​ដល់​សង្គម និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ​ល់​គ្រប់ភាគី​ទាំងអស់​ដែល​កំពុង​ត្រូវការ​ជំនួយ។ ការផ្តល់​ឱកាស​សម្រាប់​បន្តសកម្មភាព​ទៅដល់​ខេត្តឆ្ងាយៗ ឬ​សាខា​ដទៃ​ផ្សេងទៀត​នោះ​អាច​នឹង​ធ្វើទៅបាន​ប្រសិនបើ​ដៃគូ​សហការ ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អាចមាន​ពេលវេលា​គ្រប់គ្រាន់ និង​ទៅដល់​តំបន់​នោះបាន។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ បាន​មានប្រសាសន៍ថា ការផ្តល់​ឈាម​ជា​សកម្មភាព​ប្រកបដោយ​គុណ​តម្លៃ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ ហេតុនេះ​យើងម្នាក់ៗអាចធ្វើ​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ ឬ​អាច​ទៅដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​បរិច្ចាគ​ឈាម​ដោយ​សុវត្ថិភាព ហើយ​ថែមទាំង​អាចជួយ​ដល់​ជីវិត​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេងទៀត​ក្នុងសង្គម​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​មានប្រសាសន៍ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វិស័យ​ឯកជន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួលខុសត្រូវ​សង្គម​ដោយ​ការផ្តល់​ឈាម​មកកាន់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ជាពិសេស​គឺ​ធនា​ការ​អេស៊ីលីដា ដែល​តែងតែ​រួមចំណែក​យ៉ាងសកម្ម។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ​មាន​អ្នកជំងឺ​ជាច្រើន​ដែល​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ឯកទេស​ទាំង​រដ្ឋ និង​ឯកជន ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ដូចជា​ជំងឺថ្លើម ការ​បន្សាំ​សរីរាង្គ ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ និង​មហារីក​ជាដើម សុទ្ធតែ​កំពុង​ត្រូវការ​ឈាម​ជាប្រចាំ ហេតុនេះ​យើង​ត្រូវការ​ឈាម​ជាច្រើន​ជា​រៀងរាល់ឆ្នាំ។ នៅក្នុង​ឆ្នាំ 2018 នៃ​កម្ពុជា​ត្រូវការ​ឈាម​រហូតដល់ 8ម៉ឺន​ប្លោក ហើយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2017 មានការ​កើនឡើង 10%។ ចំនួន​នៃ​កំណើន 10% នឹង​កើន​ឡើងជា​បន្តទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ហើយ​បើ​ប៉ាន់ស្មាន​ទៅ​យើង​ត្រូវការ​ឈាម​ប្រមាណ​ជាង 9ម៉ឺន​ប្លោក​នៅក្នុង​ឆ្នាំ 2019 នេះ ស្របពេល​ដែល​យើង​កំពុង​បង្កើន​សមត្ថភាពសំខាន់ៗរបស់​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​របស់​ប្រជាជន​ឱ្យបាន​កាន់តែច្រើន៕

Advertisement