សិស្សកម្ពុជាទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី

កុមារកម្ពុជាទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើម ក្នុងជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថានប្រចាំឆ្នាំ២០១៩ (Youth Environmental Summit) ក្នុងចំណោម៦ប្រទេស ដោយលើកយកប្រធានបទ “ការកែច្នៃសម្រាម និងសម្ភារៈប្រើប្រាស់រួច” ។ កុមារកម្ពុជា ដែលទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើមនោះ មកពីលារៀនវ៉េស្ទឡាញន៍ស្ថិនក្នុងកម្រិតអាយុ៩ ដល់១២ ឆ្នាំ (Junior Participant) ហើយដំណឹងនេះជួយលើកស្ទួយកិតិនាម និងមោទភាព ជាតិសម្រាប់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។

លោក គង់ សំនៀង ប្រធាននាយករដ្ឋបាល និងប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានមានប្រសាសន៍ថាៈ នេះមោទនភាពរបស់សាលារៀនវ៉េស្ទឡាញន៍ ក៏ដូចជាប្រទេសកម្ពុជា ដែលទទួលបានមេដាយមាស និងពានរង្វាន់ឆ្នើមស្តីពីបរិស្ថាន ហើយនេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការបញ្ចេញសមត្ថិភាពរបស់ប្អូនៗសិស្សានុសិស្សនៅលើឆាកអន្តរជាតិ។

លោកបានបន្ថែមទៀតថា នេះជាលើកទី៥ហើយ ដែលសាលារៀនវ៉េស្ទឡាញន៍ បានបញ្ជូនសិស្សានុសិស្សចំនួន២៤នាក់ ទៅប្រទេសសិង្ហបុរី ហើយនឹងបន្តបញ្ជូនជាបន្តបន្ទាប់ទៀតដោយសារសាលាមានអនុស្សរណៈយោគយល់គ្នាជាមួយ Youth Ambassador Singapore ។ សិស្សដែលត្រូវបានជ្រើសរើសទៅ ត្រូវតែប្តេជ្ញានិងខិតខំធ្វើការងារជាក្រុមនិងចូលរួមធ្វើសកម្មភាពផ្សេងៗនិងជាសិស្សឆ្នើមនិងជាសិស្សដែលប្រើប្រាស់ភាសាអង់គ្លេសបាន។ ក្រៅពីចំណេះដឹងបានពីប្រធានបទបរិស្ថានសិស្សានុសិស្សបានទទួលចំនេះដឹងពីការធ្វើការជាក្រុម ការចេះអភិវឌ្ឍខ្លួនពេលគ្មានអាណាព្យាបាលគ្រប់គ្រង ការគ្រប់គ្រងពេលវេលា ភាពមានម្ចាស់ការលើខ្លួនឯងជាពិសេសការចេះថែរក្សាអនាម័យផ្ទាល់ខ្លួននិងបរិស្ថានដែលជាកត្តាចម្បងស្របពេលដែលប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍។

ជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅប្រទេសសិង្ហបុរី ក្នុងគោលបំណងផ្តល់ឳកាសដល់កុមារ និងយុវជនបង្ហាញគំនិតច្នៃបង្កើតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ការសិក្សា ការយល់ដឹងពិបរិស្ថានធម្មជាតិ ការថែរក្សាបរិស្ថាន ការគ្រប់គ្រងសម្រាម ការបំពុលទឹក ការចេះកែច្នៃសំរាមនិងសម្ភារៈដែលប្រើប្រាស់រួច ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានលើពិភពលោក។

យុវតី ប៊ុនណា បូណារ័ត្ន សិស្សសាលារៀនវ៉េស្ទឡាញន៍បាននិយាយថា៖«ខ្ញុំសប្បាយចិត្តដែលបានចូលរួមកម្មវិធីនេះ។ វាជាបទពិសោធន៍ដ៏ធំមួយនៃជីវិតយើង។ យើងបានរៀនសូត្រជាច្រើននៅទីនោះ។ សិង្ហបុរីជាប្រទេសដែលមានបរិស្ថានស្អាត។ ដូច្នេះអ្វីដែលទទួលបានពីការរៀនសូត្រនៅសិង្ហបុរីយើងនឹងយកមកអនុវត្តនៅកម្ពុជា»។ ណារ័ត្ន បានបញ្ជាក់ថា«ខ្ញុំចង់ឱ្យកម្ពុជា ស្អាតដូចនៅសិង្ហបុរី»។
បូណារ័ត្ន បានឱ្យដឹងថាៈនៅទីនោះគាត់ទទួលបានបទពិសោធន៍ក្នុងការធ្វើការជាក្រុមការទទួលខុសត្រូវលើខ្លួនឯង និងបានសិក្សាអំពីបិរស្ថានដូចជា ការបំពុលទឹក ការថែរក្សាបរិស្ថាន ការគ្រប់គ្រងសម្រាម ការកែច្នៃសំរាមនិងសម្ភារៈដែលប្រើប្រាស់រួច។

ជំនួបទស្សនកិច្ចសិក្សាយុវជនបរិស្ថាននេះ មានយុវជនចូលរួមប្រមាណ៣៦៥នាក់ ដែលមកពីប្រទេសសិង្ហបុរី ចិន កម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា។ ចំណែកប្រទេសកម្ពុជាវិញ មានសាលារៀនចំនួន៥ ដែលបានចូលរួមកម្មវិធីជំនួបយុវជនបរិស្ថាននេះ។

សូមបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ចាប់ផ្តើមដំណើរក្នុងឆ្នាំ២០០៨ ហើយរហូតដល់ពេលបន្ចុប្បន្ននេះមានសិស្សចំនួនប្រមាណ ១២ ០០០ (មូយម៉ឺនពីរពាន់នាក់) និងមាន១០សាខា ក្នុងរាជធានីភ្នំពេញ។  សាលារៀននឹងអនុវត្តកម្មវិធីសិក្សាគោល កម្មវិធីសិក្សាអម និងកម្មវិធីសិក្សាបន្ថែម ឱ្យកាន់តែប្រសើរឡើងលើគ្រប់ចំណុច ជាពិសេសចំណេះដឹង និងជំនាញសម្រាប់សតវត្សទី ២១ (21st Century Skills) ជាពិសេសជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម គំនិតច្នៃប្រឌិត និងការគិតវិភាគបែបស៊ីជម្រៅ(4 Cs: Communication, Collaboration, Creativity and Critical Thinking) ភាសាចិន ចំណេះដឹងផ្នែក  ហិរញ្ញវត្ថុ ទម្លាប់ល្អទាំង ៧ សម្រាប់យុវជន និងសហគ្រិនភាព ដែលជាបំណិនជីវិតចាំបាច់សម្រាប់ភាពជោគជ័យក្នុងការងារអាជីវកម្ម និង ការរស់នៅនាពេលអនាគត ។ ទន្ទឹមនឹងនេះដែរ ចំណេះដឹង និងជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងសិល្បៈ (STEM & Arts) ជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធដល់សិស្សានុសិស្ស តាមរយៈការបោះជំរំ នៅតាមបណ្តាប្រទេសនានានៃសហគមន៍អាស៊ាន និងប្រទេសដទៃទៀត ព្រមទាំងការស្វែងរកសាលារៀនជាដៃគូក្នុងស្រុក និងនៅបរទេស ដើម្បីផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គ្រប់សាខា ។

Advertisement