មហោស្រពខ្សែភាពយន្តខ្លីចតុមុខ រឺ CSFF ត្រូវបានបង្កើតឡើងក្នុងគោលបំនងអបអរសាទរនូវរាល់ខ្សែភាពយន្តខ្លីៗ ទាំងអស់ពីគ្រប់លំដាប់ថ្នាក់ជុំវិញពិភពលោក។ (more…)
Author: អេបិល

ក្រុមហ៊ុននាំចូលរថយន្ដ Worldwide Motors Company សម្ពោធសាខាថ្មីរបស់ខ្លួន ក្រោយដំណើរការជាង១០ឆ្នាំ នៅកម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន Worldwide Motors Company ដែលនាំចូលរថយន្ដស៊េរីទំនើបមកពីប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀត បន្ទាប់ពីបើកដំណើរការទទួលបានរយៈពេលជាង១០ឆ្នាំនៅក្នុងប្រទេសកម្ពុជានោះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនបន្ថែមទៀត។
ថ្លែងក្នុងឱកាសនោះ លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន Worldwide Motors Company ដែលបានផ្តួចផ្តើមគំនិតកៀងគររកអ្នកវិនិយោគទុន មកពីបណ្តាប្រទេសជាច្រើន ជាពិសេសមកពីប្រទេសចិន ដើម្បីធ្វើការលើកស្ទួយវិស័យឧស្សាហកម្មរថយន្ត ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះក្រុមហ៊ុន Worldwide Motors Company បានសម្រេចចិត្ត ធ្វើពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងធ្វើការដោះដូរឯកសារសំខាន់ៗរវាងក្រុមហ៊ុន Worldwide Motors Company និងតំណាងក្រុមហ៊ុនរថយន្តម៉ាកសញ្ញាល្បីៗ ដូចជា៖ GREAT WALL & HAVAL, HAWTAI, KENBO, BISU, TRAUM, HUANGHAI, KAWEI, YEMA, CHERY និង BAW ជាដើម។
អគ្គនាយករូបនេះបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Worldwide Motors Company បានធ្វើប្រតិបត្តិការអស់រយៈពេលជាង១០ឆ្នាំមក ហើយលើទីផ្សារក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលឆ្នាំប៉ុន្មានថ្មីៗនេះ ក្រុមហ៊ុនបានទទួលការគាំទ្រពីអតិថិជន ជាលក្ខណៈក្រុមហ៊ុន និងលក្ខណៈបុគ្គលមកពីគ្រប់មជ្ឈដ្ឋាន ដូច្នេះថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំពិធីសម្ពោធសាខាថ្មី និងចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការជាយុទ្ធសាស្រ្ត ជាមួយបណ្តាក្រុមហ៊ុនរថយន្តម៉ាកល្បីៗ មកពីប្រទេសចិន។
លើសពីនេះ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំគម្រោងល្អៗ និងកម្មវិធីប្រម៉ូសិនជាច្រើន សម្រាប់អតិថិជនក្នុងស្រុក នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយគោលដៅរបស់ក្រុមហ៊ុន គឺពង្រីកអាជីវកម្ម តាមរយៈការនាំចូលម៉ាករថយន្តល្បីៗ នាពេលអនាគត ដើម្បីពង្រីកវិស័យឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបើកសាខាជាច្រើននៅទូទាំងខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា៕





ពិធីតាំងពិព័រណ៍រូបគំនូរស្នាដៃកូនខ្មែរ នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា
កាលពីថ្ងៃទី06 ខែឧសភា ឆ្នាំ2019កន្លងទៅនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានរៀបចំកម្មវិធីតាំងពិព័រណ៍រូបគំនូរស្នាដៃកូនខ្មែរ របស់លោក ថាវ សាវណ្ណ (Thav Savann) ដែលមានបទពិសោធជាង30ឆ្នាំ និងទទួលបានការកោតសរសើរនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសបារាំង។
ទោះបីជានៅពេលនេះ លោកកំពុងរស់នៅឯប្រទេសបារាំងក៏ដោយ តែឈាមជាកូនខ្មែរ គឺនៅតែជាកូនខ្មែរ លោក ថាវ សាវណ្ណ បានតាំងចិត្តយ៉ាងមុតនាំក្នុងការដាក់បង្ហាញនូវស្នាដៃរបស់ខ្លួននៅប្រទេសកម្ពុជា នៅក្នុងបន្ទប់តាំងបង្ហាញរបស់សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នេះ គឺដើម្បីតាំងបង្ហាញស្នាដៃរបស់ខ្លួនទៅដល់ភ្ញៀវទេសចរទាំងអស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយជាពិសេស គឺដើម្បីឱ្យកូនខ្មែរគ្រប់រូបបានដឹងថា សិល្បៈគំនូររបស់ខ្មែរយើងគឺមិនចាញ់បរទេសនោះទេ ហើយថែមទាំងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ ទទួលបានការឱ្យតម្លៃយ៉ាងខ្ពស់ និងបានដាក់តាំងបង្ហាញពីស្នាដៃរបស់ខ្លួននៅគ្រប់ទិសទីនៃពិភពលោក។
គំនូររបស់លោក ថាវ សាវណ្ណ ភាគច្រើនគឺផ្តោតទៅលើរូបគំនូរបែបធម្មជាតិ ដូចជា ទឹក ដី ផ្កា ដើមឈើ ស្លឹកឈើ ភ្នំ ភព អាវកាស និងលំហជាដើម ដែលសុទ្ធសឹងតែបង្កប់ដោយអត្ថន័យ និងអាថ៌កំបាំងគួរឱ្យចង់ស្វែងយល់។ នៅក្នុងការតាំងពិព័រណ៍លើកនេះ លោកបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សណ្ឋាគារលំដាប់អន្តរជាតិ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយផ្តល់នូវទីកន្លែងសម្រាប់តាំងបង្ហាញស្នាដៃរបស់លោក ព្រមទាំងមានបុគ្គលិករបស់សណ្ឋគារចាំជួយសម្របសម្រួល និងពន្យល់ប្រាប់ដល់ភ្ញៀវដែលចាប់អារម្មណ៍លើរូបគំនូររបស់លោកថែមទៀតផង។
រយៈពេលនៃការតាំងបង្ហាញស្នាដៃរូបគំនូររបស់លោក ថាវ សាវណ្ណ នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នេះគឺមានរយៈពេលយ៉ាងតិច3ខែ។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា គឺតែងតែគាំទ្រ និងចូលរួមលើកស្ទួយវិស័យសិល្បៈ ជាពិសេសចំពោះស្នាដៃរបស់កូនខ្មែរយើងតែម្តង ដោយតែងតែផ្តល់នូវវិចិត្រសាលសម្រាប់ដាក់តាំងបង្ហាញស្នាដៃរបស់ពួកគេ៕


សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងប្រារព្ធការប្រគំតន្ត្រីសប្បុរសធម៌ ដែលសម្តែងដោយក្រុមចម្រៀង Musica Felice
ភ្នំពេញ៖ ថ្ងៃទី 23 ខែឧសភាឆ្នាំ 2019 តន្ត្រីបុរាណព្រមទាំងប្រពៃណីនឹងចាក់ផ្សាយនៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2019 ខណៈពេលដែលអ្នកចម្រៀងទាំងក្រុម និង ទោល នឹងសម្តែងជូននូវការប្រគុំតន្រ្តីសប្បុរសធម៌មួយនៅក្នុងសាលសន្និសីទនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ ក្រុមតន្ត្រីដែលមានឈ្មោះថា Musica Felice នឹងបង្ហាញកម្មវិធីតន្ត្រីបុរាណនិងសហសម័យចំពោះថវិកាដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវបានបរិច្ចាគទៅសាលាតន្ត្រី Khrousar និង Light of Mercy Home។
កុមារៗដែលពិការ នឹងត្រូវបានផ្តល់ជូនលំនៅដ្ឋាន ឬ មជ្ឈមណ្ឌលដែលពួកគេអាចទៅសាលារៀន និង រស់នៅជាមួយកុមារដទៃទៀតដែលមានបញ្ហាប្រឈមស្រដៀងគ្នា។ពួកគេក៏អាចមានលទ្ធភាពទទួលបាននូវការ
បណ្តុះបណ្តាលផ្នែកវប្បធម៌តន្ត្រីផងដែរ។
ការប្រគុំតន្ត្រីសប្បុរសធម៌នេះគឺជាគំនិតផ្តួចផ្តើមមួយពីសំណាក់តន្ត្រីករជនជាតិជប៉ុន គឺលោកស្រី Miwako Fujiwara ដែលមានចំណង់ចំណូលចិត្តស្រឡាញ់វិស័យចម្រៀងខ្លាំង។ អ្នកស្រីបានដឹកនាំក្រុមតន្ត្រី ’Musica Felice’ ដែលមានន័យថា ’ចម្រៀងសប្បាយរីករាយ’ ដែលមានតន្រ្តីករ ចំនួន 25 នាក់។ ក្រុមនេះបានបង្កើតឡើងអស់រយៈពេលបួនឆ្នាំ ហើយនេះគឺជាការប្រគំតន្ត្រី សប្បុរសធម៌លើកទី 5 នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បទភ្លេងល្បីៗ ដូចជា Canon ដែលនិពន្ធដោយលោក Pachelbel និងបទភ្លេងល្បីៗមួយចំនួនទៀត របស់ លោក Mozart ក៏មានវត្តមាននៅលើឆាកតន្រ្តីផងដែរ។ នៅពាក់កណ្តាលនៃវគ្គទី2 ទស្សនិកជននឹងទទួលសណ្តាប់ជាមួយបទភ្លេងពិរោះដែលគេបានប្រើប្រាស់ក្នុងរឿងល្បីៗ ក៏ដូចជាបទភ្លេងដែលនិពន្ធផ្ទាល់ដោយលោក សាយ តុលា នឹងសម្តែងរួមគ្នាជាមួយ ក្រុមកុមារ ដែលអញ្ជើញមកពី អង្គការ Light of Mercy Home។ ទស្សនិកជនទាំងអស់នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងបទភ្លេងចម្រុះនៃឧបករណ៍ភ្លេងប្រពៃណីខ្មែរព្រមទាំងការសម្តែងជាក្រុមៗ។
ទេពកោសល្យរបស់តន្រ្តីករនៅកម្ពុជាតែងតែធ្វើឲ្យខ្ញុំមានភាពស្ញប់ស្ញែងខ្លាំងបំផុត។ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេកក្នុងការសម្តែងជាថ្មីម្តងទៀតជាមួយក្រុមតន្រ្តីករ Musica Felice ក្នុងកម្មវីធី
ដ៏សំខាន់មួយនេះ។ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយកុមារមកពី Light of Mercy Home អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ពួកគេគឺជាក្មេងល្អខ្លាំងណាស់ “ប្រសាសន៍របស់ លោកស្រី Miwako Fujiwara”
ភាពជាដៃគូនេះគឺជាមោទនភាពមួយសម្រាប់សណ្ឋាគារ ដោយសារតែសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាតែងតែគាំទ្រសិល្បៈយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបរាប់ថាការប្រគុំតន្រ្តីនេះគឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកតន្ត្រីជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដ៏ដូចជាជម្រុញ ឲ្យប្រជាពលរដ្ឋចូលរួមចំណែកជួយដល់មូនិធិទ្រទ្រង់ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីមួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាលំបាក។
ការប្រគុំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី 2 ខែមិថុនាចាប់ពីម៉ោង 6 ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សំបុត្រមានតម្លៃ 10 ដុល្លារសម្រាប់មនុស្សធំ និង 5 ដុល្លារសម្រាប់កុមារអាយុក្រោម 12 ឆ្នាំហើយបច្ចុប្បន្នសំបុត្រ កំពុងដាក់លក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និង ហាងកាហ្វេ Socials
មហាវិថីព្រះនរោត្តម ។
លោកស្រី Miwako Fujiwara
លោកស្រី Miwako Fujiwara គឺជាអ្នកលេងព្យ៉ាណូដ៏ចំណានមួយរូប និង ជាអ្នកដឹកនាំក្រុមចម្រៀងផងដែរ។ លោកស្រីបានសិក្សាព្យាណូនិងចង្វាក់ភ្លេងនៅសាកលវិទ្យាល័យ Soai នៅប្រទេសជប៉ុន ហើយបានបន្តការសិក្សាអស់រយៈពេល 7 ឆ្នាំនៅ the Hague Royal Conservatorium នៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាមួយនឹងលោក Tom Koopman និង Tini Mathot ដោយទទួលបានសញ្ញាបត្រ Docent Musicus ថែមទៀតផង។ លោកស្រី Miwako ក៏ទទួលបានការថតតន្រ្តីដាក់ស៊ីឌីជាច្រើន ហើយលោកស្រីក៏បានសម្តែងនៅមហោស្រព North Sea Jazz Festival នៅហូឡង់ ដែលមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។ លោកស្រី Miwako បានធ្វើដំណើរទូទាំងទ្វីបអឺរ៉ុបនិងជប៉ុនអស់រយៈពេល 20 ឆ្នាំក្រោមការប្រគំតន្ត្រីទេសចរណ៍ និង លើសពីនេះលោកស្រីគឺជាគ្រូបង្រៀនព្យាណូអស់រយៈពេលជិត 25 ឆ្នាំមកហើយ ដែលបច្ចុប្បន្ន លោកស្រីបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល9ឆ្នាំ។
សូហ្វីតែល សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនិងភាពឆើតឆាយរបស់បារាំង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារដ៏ប្រណីតបែបបារាំងតែមួយគត់នៅទីក្រុងភ្នំពេញ។ សណ្ឋាគារដែលទទួលបានពានរង្វាន់ជាច្រើននេះមានបន្ទប់ចំនួន 201 បន្ទប់ស្ប៉ា ក្លឹបកីឡា សាល Grand Ballroom សម្ភារៈប្រជុំទំនើបៗ និងភោជនីយដ្ឋានចំនួន 4 ។ ការតុបតែងតាមរចនាបថបារាំងផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរនៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។
MEDIA CONTACTS:
Camille Merel
Marketing Manager
camille.merel@sofitel.com


មិនគួររំលង!!ខុសពីភាពយន្ដធម្មតា រឿង”ធាតុយាយខ្ញុំ” កំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំ
ភាពយន្ដដែលមិនគួរឱ្យរំលង ”ធាតុយាយខ្ញុំ” ដែលកំពុងត្រៀមដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សគ្រប់រោងភាពយន្ដនៅថ្ងៃទី 30 ខែឧសភា នេះពិតជាខកខានមិនឡើយ។ ភាពយន្ដនេះត្រូវបានសម្រិតសម្រាំងទាំងតួអង្គ ទីតាំងថត បច្ចេកទេសសំឡេង ដែលមានគុណខ្ពស់ និងមានចំនុចពិសេសបន្ថែមទៀតនៃសាច់រឿង ក៏ពិតជាធ្វើឱ្យទស្សនាហើយចំណេញបានច្រើន។ លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ បានអះអាងថា ភាពយន្ដល្អមួយនេះ មានចំនុចពិសេសៗសំខាន់ៗដល់ទៅ ៤ចំនុច ដែលក្រុមផលិតករចង់បង្ហាញដល់អ្នកទស្សនា។
ឮលោក ស៊ុម ភារិន បន្តថា ភាពយន្តមួយនេះ មានចំណុចសំខាន់4 គឺកំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំ ដែលក្នុងមួយរឿងនេះ យោងលើទេពកោសល្យសម្ដែងដ៍ល្អ របស់ អ្នកនាង ស្វែង សុជាតា នាយគ្រឿន និងតួអង្គផ្សេងទៀត បូករួមទាំងក្មេងៗផង លោកកាន់តែពេញទំហឹង ថាភាពយន្តរឿង”ធាតុយាយខ្ញុំ” នឹងក្លាយជាភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់មួយ ស្របគ្នាដែលផ្នែកបច្ចេកទេស និង ស្ដង់ដារផលិត ក៍ត្រូវបានសម្រាំងលើសពីរឿងមុនៗដាច់ឆ្ងាយ។
សូមជម្រាបថា តាមរយៈ Trailer ក្នុងរឿង”ធាតុយាយខ្ញុំ” ក៏បានបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែងអ្នកនាង ស្វែង សុជាតា គឺជាតួឯកស្រី ដោយអ្នកនាងត្រូវបានផលិតករ គឺលោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យភាពយន្ត ឱ្យសម្ដែងជាតួកូនស្រីមេម៉ាយវ័យជ្រេ ចង់បានតែទ្រព្យសម្បត្តិហើយនៅពេលដឹងថាម្ដាយចែកទ្រព្យឱ្យខ្លួនមិនស្មើប្អូនៗ ក៏ប្រើចរឹតពិលពុលទុកឱ្យម្ដាយស្លាប់ទាំងបិទភ្នែកមិនជិត ហើយព្រលឹងម្ដាយក៏ក្លាយជាវិញ្ញាណកាចសាហាវ លងបន្លាចពេញក្នុងផ្ទះ។ អ្នកនាងត្រូវបានគេអះអាងថា បានសម្ដែងជាកូនស្រីច្បងរមិលគុណ ហើយទីបំផុតដោយសារតែចិត្តលោភលន់ ដែលកើតពីភាពច្រណែន ទើបធ្វើឱ្យគ្រួសារទាំងមូលមានវិបដិសារី។
លោក ស៊ុម ភារិន បានបញ្ជាក់ផងដែរថា តារាជើងចាស់វ័យជ្រេមិនសុទ្ធតែមិនអាចឱ្យសម្ដែងជាតួឯកនោះទេ សំខាន់អោយតែសាច់រឿងនោះ តម្រូវឱ្យត្រូវនឹងវ័យរបស់តារាជើងចាស់នោះ? លោកថា អ្នកស្រីត្រូវបានជ្រើសឱ្យដើរតួឯក ដោយសារតែតួអង្គក្នុងរឿង”ធាតុយាយខ្ញុំ” សំដៅត្រូវស្ត្រីវ័យជ្រេ ហើយសមនឹងការជ្រើសឱ្យអ្នកនាងស្វែង សុជាតា ជាតួឯក។ ក្នុងនោះ តារាកំប្លែង នាយគ្រឿន ក៏ជាតួអង្គឯក ដែលរំលេចផ្ទៃរឿងឱ្យសើចសប្បាយផងដែរ ដែលមានន័យថា ក្រៅពីឈុតឆាកភ័យរន្ធព្រឺព្រួចឆ្អឹងខ្នង ឈុតកម្សត់ និងខ្លឹមសារអប់រំពាក់ព័ន្ធនឹងការរមិលគុណឳពុកម្ដាយ ឈុតឆាកកំប្លែង ជាល្បោយសំខាន់មួយ មិនអាចខ្វះបាន។ លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង”ធាតុយាយខ្ញុំ ” នឹងទទួលបានការគាំទ្រពេញទំហឹង នៅថ្ងៃដាក់បញ្ចាំងលក់សំបុត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី30 ចុងខែឧសភា ដ៏ខ្លីនេះ៕



តាមគម្រោង ក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់ត្រៀមទាត់ក្នុងវគ្គជម្រុះ World Cup តែ៣ថ្ងៃមុនការប្រកួតប៉ុណ្ណោះ
តាមដំណឹងរហិចរហៀងដែលឮចេញពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមកបានឱ្យដឹងថា ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប៉ះជាមួយក្រុមប៉ាគីស្ថាន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី3 ខែមិថុនា ឆ្នាំ2019 ខាងមុខនេះ ពោលគឺមានរយៈពេលត្រឹមតែ 3ថ្ងៃប៉ុណ្ណោះ មុនការប្រកួតជាផ្លូវការជើងទី1។
តាមការបញ្ជាក់នេះ វាហាក់ត្រូវនឹងស្ថានភាពបច្ចុប្បន្នដែលនៅសល់ពេលមិនដល់ 20ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតនឹងចូលមកដល់ តែមិនទាន់មានព័ត៏មានជុំវិញការកោះហៅកីឡាករនៅឡើយ ហើយសូម្បីគ្រូបង្វឹក ឬអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាឈុតនេះ ក៏មិនទាន់បានចូលរួមតាមដានការប្រកួតលីកកំពូលកម្ពុជាដើម្បីជ្រើសរើសកីឡាករនៅតាមកីឡដ្ឋាននានានៅឡើយដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមប៉ាគីស្ថានដែលត្រូវជួបនឹងកម្ពុជា ពួកគេកំពុងធ្វើការហ្វឹកហាត់យ៉ាងល្អ ដោយបានកោះហៅកីឡាករជាង 50រូប ទាំងកីឡាករក្នុងស្រុក និងក្រៅស្រុក ហើយបានជម្រុះជាបន្តបន្ទាប់ នៅសល់ 22រូបចុងក្រោយ និងមិនតែប៉ុណ្ណោះ ក្រុមមួយនេះបានចេញដំណើរទៅហ្វឹកហាត់ដំណាក់កាលចុងក្រោយនៅឯបរទេស រយៈពេល១ខែ មុននឹងត្រៀមខ្លួនបំបាក់ក្រុមគោព្រៃកម្ពុជា៕

ក្រុម Muang thong ស្នើសហព័ន្ធកីឡាបាល់ទាត់ថៃ ឱ្យជម្រុះកីឡាកររបស់ខ្លួនចេញឱ្យអស់ពីក្រុមជម្រើសជាតិ
កាលពីពេលថ្មីៗនេះ ក្រុម Muangthong United បានដាក់សំណើទៅកាន់សហព័ន្ធបាល់ទាត់ថៃ ដើម្បីស្នើសុំឱ្យជម្រុះកីឡាកររបស់ខ្លួនចំនួន 4រូបចេញពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិថៃឈុតត្រៀមចូលរួមប្រកួតពានរង្វាន់ King’s Cup ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលខាងមុខនេះ។
មូលហេតុនៃការស្នើសុំដ៏កម្រមានក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះ គឺដោយសារតែក្រុមមួយនេះបានធ្លាក់ទម្រង់លេងខ្លាំងស្ទើររកលេខដាក់គ្មាន ដោយកំពុងឈរនៅបាតតារាងដែលត្រៀមកាត់ចេញពីលីកកំពូលថៃនារដូវកាលក្រោយ និងបានធ្លាក់ពីពានលំដាប់ទី3 ថៃ ក្រោយពីចាញ់ក្រុមបាល់ទាត់ក្នុងលីក2 និង 7ប្រកួតចុងក្រោយ ពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ។
យ៉ាងណាមិញបញ្ជីឈ្មោះកីឡាករដែលបានកោះហៅ គឺត្រូវបានសហព័ន្ធបញ្ចេញមកហើយផងដែរ ដោយកីឡាកររបស់ក្លិប Muang thong ចំនួន 4នាក់ត្រូវបានកោះហៅឱ្យចូលរួមនោះមាន 1-ខ្សែការពារ Adisorn Promrak 2-ខ្សែបម្រើ Sarach Yooyen 3-ខ្សែប្រយុទ្ធ Teerasil Dangda និង4-Adisak Kraisorn ខ្សែប្រយុទ្ធដូចគ្នា ដែលសុទ្ធសឹងតែស្ថិតក្នុងបញ្ជីបឋម 35នាក់មុនជម្រុះចេញ៕


ខ្លាំងមែន! កីឡាការិនីអត្តពលកម្មកម្ពុជា ឈ្នះមេដាយសំរឺទ្ធ 1គ្រឿងពីព្រឹត្តិការណ៍ Thailand Open នៅប្រទេសថៃ
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ចំនួន 6នាក់ និងគ្រូបង្វឹក 2នាក់ទៅចូលរួមព្រឹត្តិការណ៍ «Thailand Open» នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួតបានប្រព្រឹត្តកាលពីថ្ងៃទី16 រហូតដល់ថ្ងៃទី22 ខែឧសភា។
កីឡាករ និងគ្រូបង្វឹកទាំង 8រូប រួមមានកីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ 100ម៉ែត្រ និង200ម៉ែត្រ កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើវិញ្ញាសារត់ចម្ងាយ 200 និង400ម៉ែត្រ និងកីឡាការិនី 2រូប គឺកីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។ សម្រាប់គ្រូបង្វឹក 2នាក់ដែលរួមដំណើររួមមាន លោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។
ជាលទ្ធផល កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បានទទួលបានមេដាយសំរឹទ្ធ 1គ្រឿងពីព្រឹត្តិការណ៍នេះលើវិញ្ញាសារត់ចម្ងាយ 3,000ម៉ែត្រ (3គីឡូម៉ែត្រ) ក្រោមអាយុ 18ឆ្នាំ (U-18)៕

ក្រុមបាល់ទះ វិសាខា ចេញដំណើរទៅតទល់នឹងក្រុមបាល់ទះរបស់លីកកំពូលថៃ
ក្លិបបាល់ទះវិសាខា បានចេញទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបអាជីពមួយចំនួននៅប្រទេសថៃ រយៈពេល 2សប្ដាហ៍ក្នុងអំឡុងចុងខែខែឧសភា ឆ្នាំ2019 នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ពីព្រោះនៅកម្ពុជាសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនមានរៀបចំការប្រកួត។
ដើមឡើយ ក្លិបបាល់ទះវិសាខា មានគម្រោងនេះតាំងពីខែកុម្ភៈមកម្ល៉េះ តែដោយសារលីកបាល់ទះអាជីពនៅប្រទេសថៃមិនទាន់បញ្ចប់ ទើបត្រូវពន្យារពេលរង់ចាំរហូតដល់ចុងខែឧសភានេះដែលជាពេលវេលាល្អមួយ និងកាប្រកួតលីកអាជីពនៅប្រទេសថៃក៏ត្រូវបញ្ចប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទះវិសាខា ជាក្លិបបាល់ទះអាជីពមួយរបស់កម្ពុជាដែលមានការហ្វឹកហាត់ និងមានវិន័យតឹងរ៉ឹងល្អ។ កីឡាករហ្វឹកហាត់ដោយការយកចិត្តទុកដាក់ ជាពិសេសក្លិបនេះមានថ្នាលយុវជន និងតែងចេញទៅធ្វើការប្រកួតក្រៅប្រទេស(ជាពិសេសប្រទេសថៃ) ហើយតែងទទួលបានលទ្ធផលល្អជាញឹកញាប់ទៀតផង៕


ប៉ាគីស្ថាន ជម្រុះកីឡាករជាង 30នាក់ចេញពីក្រុមជម្រើសជាតិ និងចម្រាញ់បាន 22នាក់ចុងក្រោយ ត្រៀមបំបាក់កម្ពុជា
ការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក World Cup រវាងកម្ពុជា និងប៉ាគីស្ថាននឹងត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ដោយកម្ពុជានឹងត្រូវបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួនដើម្បីទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី6 មិថុនាខាងមុខនេះ មុននឹងហោះទៅកាន់ប៉ាគីស្ថានវិញម្តងនៅថ្ងៃទី11 ខែដដែល។
ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានធ្វើការកោះហៅកីឡាកររបស់ខ្លួនចំនួនជាង 50រូបដើម្បីមកចូលរួមហ្វឹកហាត់ជាបណ្តើរៗ និងចុងក្រោយនេះបានជម្រុះនៅសល់ត្រឹម 22នាក់ចុងក្រោយប៉ុណញណោះសម្រាប់ត្រៀមប្រកួតជាមួយកម្ពុជា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្នុងចំណោមកីឡាករជម្រើសចុងក្រោយទាំង 22នាក់ដែលប៉ាគីស្ថានត្រៀមមកបំបាក់កម្ពុជានោះ មាន 12នាក់សុទ្ធតែលេងនៅក្នុងក្រុមខ្លាំងៗនៃលីកអ៊ឺរ៉ុប ខណៈដែលកីឡាករកំពូលក្នុងស្រុករបស់ប៉ាគីស្ថានត្រូវបានចម្រាញ់យកតែ 10នាក់ប៉ុណ្ណោះ ហើយពេលនេះពួកគេកំពុងតែបោះជំរំហ្វឹកហាត់នៅឯប្រទេសកាតារហូតដល់ថ្ងៃប្រកួតជាមួយនឹងកម្ពុជានាដើមខែក្រោយតែម្តង៕
