សោកស្តាយ អ៊ុំ សេរីរ័ត្ន សម្រេចចិត្ត បោះបង់អាជីពបាល់ទាត់ហើយ

អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បានប្រកាសថា រូបគេ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹម​នេះហើយ ដោយសារតែ​បញ្ហា​របួស​ជង្គង់ និង​សរសៃពួរ​រ៉ាំរ៉ៃ ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង 4ឆ្នាំ​មកហើយ។

អ៊ុំ សេរី​រ័ត្ន ចាប់ផ្ដើម​មាន​បញ្ហា​របួស​សរសៃ MCL នៅ​ឆ្នាំ2018 ហើយ​ក៏បាន​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​សម្រាក​រយៈពេល​ជាង 10ខែ។ បន្ទាប់ពី​របួស​ជាសះស្បើយ សេរី​រ័ត្ន​បាន​ចូល​លេង​ឡើងវិញ​នៅ​ចុងឆ្នាំ2019។ លុះ​លី​គ​កំពូល​កម្ពុជា​ដំណើរការ​នៅ​ឆ្នាំ2020 គេ​លេង​បានតែ 3ប្រកួត​បុ​ណ្ណោះ ក៏​របួស​សរសៃ MCL ផ្សេងទៀត តែ​មិនអាច​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​បានទេ ដោយសារតែ​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ-19។ វិបត្តិ​នេះ​បានធ្វើ​ឱ្យគេ​សម្រេចចិត្ត​ព្យាបាល​នៅក្នុង​ប្រទេស។

កីឡាករ​របស់​ក្លិប Tiffy Army រូបនេះ​បាន​រៀបរាប់​អំពី​អាការ​របួស​របស់គេ​ថា៖ «ពេលដែល​ខ្ញុំ​ប្រកួត​ជាមួយ​វិសាខា​ហ្នឹង គឺ​នៅ​ឆ្នាំ2019 ជាការ​ប្រកួត​ចុងក្រោយ​ហើយ ហើយ​បន្ទាប់ពី​ហ្នឹង​មក ជើង​ខ្ញុំ​វា​ប្រសើរ​ឡើងវិញ​ហើយ ដល់ពេល​ចូលឆ្នាំ2020ហ្នឹង គឺ​ខ្ញុំ​លេង​ជាមួយ​អាស៊ី​អឺរ៉ុប ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា លេង​បាន 3ប្រកួត​ជុំ​ទី1 ដល់ពេល​ហើយ កូ​វីដ​មកដល់ ក៏​សម្រាក…ពេល​គេ​សម្រាក​កូ​វីដ​ហ្នឹង គឺ​បញ្ហា​សាច់ដុំ​ខ្ញុំ ចាប់ផ្ដើម​ស្រក​ទៅវិញ ហើយ​ណាមួយ​គេ​អត់ឱ្យ​ប្រមូលផ្ដុំ​ផង បញ្ហា​សាច់ដុំ​ខ្ញុំ​អត់​សូវ​បាន​ហាត់ វា​ស្រក ដល់ពេល​ចូលទៅ​វិញ ខ្ញុំ​ខំប្រឹង​ទាត់​បាល់​ទៅ វា​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃ​ផ្សេង​មួយទៀត»៕

Advertisement