គ្រូបង្រៀន «សាលារៀន​ជំនាន់​ថ្មី NGS» ទទួលបាន​កុំព្យូទ័រ Google Chromebooks ក្នុងការ​បង្រៀន

សាលារៀន​ជំនាន់​ថ្មី (NGS) ដែល​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ត្រូវបាន​បំពាក់​សុទ្ធតែ​កុំព្យូទ័រ Google Chromebooks សម្រាប់​គ្រូបង្រៀន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ការបង្រៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដល់​សិស្សានុសិស្ស។

ការដាក់ឱ្យ​ប្រើប្រាស់​កុំព្យូទ័រ​ថ្មី​នេះ ធ្វើឡើង​រវាង​ក្រុមហ៊ុន  MYTEB សហការ​ជាមួយនឹង​អង្គការ  KAPE និង​ក្រសួង​អប់រំ​យុវជន និង​កីឡា (MoEYS) ក្នុង​ការដាក់​សាកល្បង​ឱ្យប្រើ​ប្រាស់​កុំព្យូទ័រ Google Chromebooks សម្រាប់​គ្រូបង្រៀន​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី NGS។ គម្រោង​កម្មវិធី​របស់​សាលារៀន NGS មាន​គោលដៅ​ក្នុងការ​បង្កើត​សាលារៀន​ដែល​ជួយ​រៀបចំ​យុវជន​កម្ពុជា​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​នៅក្នុង​សតវត្សរ៍​ទី 21 តាមរយៈ​ការពង្រឹង​ទៅលើ​ការសិក្សា​រៀនសូត្រ​នៅក្នុង​មុខវិជ្ជា​ជាច្រើន​របស់ STEM។

ឆាប់ៗនេះ គ្រូបង្រៀន​ជាច្រើន​នៅ​សាលារៀន​ជំនាន់​ថ្មី (NGS) ទូទាំងប្រទេស​នឹងមាន​ឱកាស​បាន​ប្រើប្រាស់​កុំព្យូទ័រ HP Chromebook 11 ក្នុងការ​បង្រៀន​ហើយ។ កុំព្យូទ័រ HP Chromebook 11 នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​វិធីសាស្ត្រ​ថ្មី​មួយទៀត​ក្នុងការ​បង្រៀន និង​ការរៀនសូត្រ​ដោយ​បញ្ចូល​នូវ​ដំណោះស្រាយ​ពី​ប្រភព​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ដែល​ជួយ​ឱ្យ​ការសិក្សា និង​ការសហការ​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការប្រើប្រាស់​សេវាកម្ម Cloud ។

កុំព្យូទ័រ HP Chromebook 11 ដំណើរការភ្លាមៗ (Instant Boot) មិន​រង់ចាំ​ចំណាយពេល​យូរ​ក្នុង​ការបើក​ដំណើរការ មានការ​ការពារ​ពី​មេរោគ​បាន 100% មានការ​ទាញយក​កម្ម​វិធី​សម្រាប់​សិក្សា​រាប់ពាន់​ចេញពី Chrome Web Store ឥតគិតថ្លៃ និង​ការប្រើប្រាស់​សេវាកម្ម Cloud Storage ឥត​ដែន​កំណត់​សម្រាប់​សាលារៀន។ នេះហើយ​ជាហេតុ​ផល​ដែល​កុំព្យូទ័រ Google Chromebooks ត្រូវបាន​ជ្រើសរើស​ប្រើប្រាស់​នៅក្នុង​សាលារៀន​ច្រើនជាង 50% នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

គួរ​រំឭក​ដែរ​ថា៖ សាលារៀន​ជំនាន់​ថ្មី​ត្រូវបាន​បង្កើតឡើង​ក្រោយពី​មានការ​ចុះ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (KAPE) កាល​ថ្ងៃទី1 ខែតុលា ឆ្នាំ 2015 ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក សៅ វណ្ណា នាយក​ប្រតិបត្តិ​អង្គការ KAPE ។

គម្រោង “សាលារៀន​ជំនាន់​ថ្មី” ជា​គម្រោង​ពិសេស​ដើម្បី​ណែនាំ​ពី​គោលការណ៍ អភិបាលកិច្ច​ដ៏​មាន​ប្រសិទ្ធភាព ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​វិស័យ​ឯកជន​ទៅដល់​ប្រព័ន្ធ​សាលារៀន​សាធារណៈ ដោយ​ប្រើប្រាស់​គម្រោងការ​គ្រប់គ្រង​បែប​ជា​ដៃគូ​រវាង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​រក្សា​និរន្តរភាព បរិស្ថាន​សាលា​កុមារ​មេត្រី ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​សិស្សានុសិស្ស​នៅតាម​ជនបទ និង​ជុំវិញ​រាជធានី​ភ្នំពេញ៕

Advertisement