Dembele ត្រៀម​ផ្ទេរ​ទៅ Barcelona ខណៈ Dortmund យល់ព្រម​លើ​តម្លៃ​ខ្លួន150លាន​អឺរ៉ូ

ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Borussia Dortmund  ក្នុងតម្លៃ​ខ្លួន150លាន​អឺរ៉ូ (ស្មើនឹង177លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​ស្លាប Ousmane Dembele។ នេះ​បើ​យោងទៅតាម​ប្រភពព័ត៌មាន​ជាច្រើន បើទោះបី​ប្រធាន​ប្រតិបត្តិ​របស់​ក្លិប​អាល្លឺម៉ង់​មួយ​នេះ បា​នប​ដី​សេធ​ក្នុង​ការប្រកាស​ពី​ការផ្ទេរ​នេះ​ក៏ដោយ។

ការផ្ទេរ​ដុល​ក្នុង​ទឹកប្រាក់120លាន​អឺរ៉ូ​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត BeIN Sports កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​កាសែត​បារាំង L’Equipe កាសែត​អាល្លឺម៉ង់ Bild និង​អ្នកយកព័ត៌មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ សុទ្ធតែ​បាន​បញ្ជាក់ថា ការផ្ទេរ​នេះ​នឹងមាន​តម្លៃ​ខ្លួន​សរុប150លាន​អឺរ៉ូ បើ​បូក​ទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗចំនួន30លាន​អឺរ៉ូ​ទៀតផង​នោះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Hans-Joachim Watzke ប្រធាន​ប្រតិបត្តិ​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា ក្លិប​នេះ​នឹងមិន​ធ្វើការ​បកស្រាយ​ទៅលើ​ស្ថានភាព​របស់ Dembele មុនពេល​ការចាប់​ឆ្នោត​សម្រាប់​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង​ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

នៅពេល​ត្រូវបាន​ចោទសួរ​ពី​ការចេញផ្សាយ​របស់​កាសែត L’Equipe លោក Watzke បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនអាច​ធ្វើការ​អះអាង​បានទេ។ យើង​នឹងមិន​ធ្វើការ​បកស្រាយ​អ្វី​ឡើយ»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា វា​ត្រូវបាន​គេ​យល់ឃើញថា ក្រោយពី​ក្លិប Barcelona ដែល​កំពុងតែ​ពិចារណា​ទៅលើ​ការដាក់សំណើ​ដេញថ្លៃ​ជា​លើក​ទី4សម្រាប់​ខ្សែបម្រើ Philippe Coutinho របស់​ក្លិប Liverpoolហើយ​នោះ  មន្ត្រី​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បានជ្រើសរើស​យក​ការចាប់អារម្មណ៍​ទៅលើ Dembele វ័យ20ឆ្នាំ ជំនួស​វិញ ខណៈដែល​ការផ្ទេរ​នេះ​ត្រូវបាន​ឈានដល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្លិប Barcelona បានបញ្ជាក់​ប្រាប់​កាសែត Mundo Deportivo ការចរចាផ្សេងៗ បាន​ដំណើរការ​យ៉ាង​ល្អ និង​បាន​បន្ថែមថា ការព្រមព្រៀង​គ្នា​ជាគោលការណ៍​ត្រូវបាន​ឈានដល់ ខណៈដែល Barca ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រកាស​ពី​ការផ្ទេរ​នេះ​នៅ​ចុង​សប្តាហ៍​នេះ៕

ប្រភពពី៖ ESPN

Advertisement