ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

Joseph មុន​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

Joseph Flavill អាយុ 19 ឆ្នាំ មិនបាន​ដឹង​អ្វី​សោះ​អំពី Covid-19 ដែល​បាន និង​កំពុង​រាតត្បាត​ពេញ​ពិភព​លោក នៅពេល​បានដឹងខ្លួន​ឡើងវិញ​ក្រោយ​ការ​សន្លប់​រយៈពេល 10 ខែ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើទោះជា​កំលោះ​រូបនេះ​បាន​ឆ្លង​វីរុស​ពីរលើក​មកហើយ​ក៏ដោយ។

កំលោះ Joseph Flavill ត្រូវបាន​រថយន្តបុក​ពេ​ញ្មួ​យ​ទំហឹង​ពេល​កំពុង​ដើរ​នៅក្នុង​ទីរួមស្រុក Burton upon Trent ក្នុង​តំបន់ Staffordshire ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2020 ពោលគឺ 3 សប្ដាហ៍​មុនពេល​អង់គ្លេស​ដាក់​បំរាម​គោចរ​ទូទាំងប្រទេស​លើកដំបូង។ កំលោះ​នេះ​ធ្លាក់​ក្នុង​សភាព​បាត់បង់​ស្មារតី​អស់​ជាច្រើន​ខែ​ព្រោះ​ត្រូវរបួស​ដល់​ខួរក្បាល ប៉ុន្តែថ្មីៗនេះ Joseph ចាប់ផ្ដើម​ដឹងខ្លួន និង​មានប្រតិកម្ម។

«ក្មួយ​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​អំពី​រោគរាតត្បាត​នៅពេល​វា​ត្រូវ​សន្លប់​ជាង 10 ខែ​មកនេះ។ ពេលនេះ វា​ចាប់ផ្ដើម​ដឹងខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា វា​ដឹង​អ្វីខ្លះ​នោះទេ» Sally Flavill Smith ដែលជា​ម្ដាយមីង​របស់ Joseph រៀបរាប់។ «ខ្ញុំ​មិន​ប្រាកដថា Joseph យល់​នូវ​អ្វីដែល​យើង​កំពុងតែ​ឆ្លងកាត់​ដែរ ឬ​យ៉ាងណា»។

Sally ឱ្យដឹងថា គ្រួ​សារបាន​ព្យាបាល​ពន្យល់​តាមរយៈ​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​ថា ពួកគេ​មិន​អាចមក​នៅក្បែរ Joseph បាន ដោយសារតែ​បំរាម​គោចរ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។ «ពេល​អា​ក្មួយ​ខ្ញុំ​ដឹងខ្លួន វា​មិនបាន​ដឹងថា ហេតុអ្វី​បានជា​វា​នៅ​ទីនោះ។ ពួកយើង​បាន​ព្យាយាម​និយាយ​បកស្រាយ​តាម​ទូរស័ព្ទ។

Joseph Flavill ជា​មនុស្ស​ស្វាហាប់​ និង​ចូល​ចិត្ត​​លេង​​កីឡា

Joseph បានចាប់ផ្ដើម​កម្រើក​ដៃ​ជើង បិទ​បើកភ្នែក និង​ញញឹម នៅពេល​ក្រុមគ្រួសារ និង​មិត្តភក្ដិ​សួរនាំ។ អ្នកស្រី Sally និយាយថា ក្មួយ​របស់គាត់​អាច​ធ្វើតាម​អ្វីដែល​ពួកគេ​បានស្នើ ដូចជា​យកដៃ​ប៉ះ​ត្រចៀក​ឆ្វេង​និង​ស្ដាំ​ង លើកដៃ​ជើង និង​ឆ្លើយថា​យល់ព្រម ឬ​មិន​យល់ព្រម តាមរយៈ​ការ​ធ្មេច និង​បើកភ្នែក។ ស្នាមញញឹម​ដំបូង​របស់ Joseph បានធ្វើឱ្យ​គ្រប់គ្នា​ស្រក់​ទឹកភ្នែក។

Joseph ក៏​ធ្លាប់បាន​ឆ្លង Covid-19 ចំនួន​ពីរលើក​ក្នុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​បានជា​សះស្បើយ​ហើយ។ អ្នកស្រី Sharon ម្ដាយ​របស់ Jeseph ធ្លាប់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូលមក​មើល​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 19 កាលពី​ខែធ្នូ ឆ្នាំ 2020 ប៉ុន្តែ ត្រូវ​រក្សា​គម្លាត និង​ពាក់​ឈុត​ការពារ​វីរុស។

Sally រៀបរាប់​ប្រាប់ថា៖ «ពេលនោះ Joseph មិនដឹង​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​គិតថា ម្ដាយ​របស់​វា​បារម្ភ​ខ្លាំងណាស់ ព្រោះ​មិនដឹងថា កូនប្រុស​របស់គាត់​នៅ​ស្គាល់​គាត់​ដែរ ឬ​អត់។ ម្ដាយ Joseph ត្រូវ​រង់ចាំ​អស់​ជាច្រើន​ខែ​ដើម្បី​បាន​ជួប​កូនប្រុស»។

មុនពេល​ជួប​គ្រោះថ្នាក់ Joseph គឺជា​កំលោះ​ដ៏​ស្វាហាប់ និង​ចូលចិត្ត​លេង​កីឡា។ ក្នុង​យុទ្ធនាការ​ស្វែងរក​មូល​និ​ធិ​ដើម្បី​ជួយ​ដល់ Joseph ក្រុមគ្រួសារ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង 30,000 ផោន (41,000 ដុល្លារ​អាមេរិក) សម្រាប់​​ការព្យាបាល និង​ថែទាំ​កូនប្រុស​របស់​ពួកគេ៕

ប្រភព៖ Guardian

Advertisement