Hoffenheim សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ ពេល​ប៉ះ Liverpool រាត្រី​នេះ

ក្រុម Hoffenheim នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Liverpool របស់លោក Jurgen Klopp ដោយ​សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ​មួយ​តាមរយៈ​ការលុបចោល​ការដេញ​តាម​ពីក្រោយ​ក្នុង​លទ្ធផល 2-1 ក្នុងការ​ប្រកួត​ជើង​ទី2នៃ​ក្របខ័ណ្ឌ Champions League វគ្គ Playoff នៅ​រាត្រី​នេះ ដើម្បី​ក្លាយជា​ក្រុម​អាល្លឺម៉ង់​ដំបូង​គេ​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ​នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន Anfield។

ក្រុម​ហង្ស​ក្រហម Liverpool ហាក់​ស្ទើរតែ​បាន​បោះជំហាន​យ៉ាងរឹងមាំ​ឆ្ពោះទៅកាន់​វគ្គ​ចែក​ពូ​ល​ទៅហើយ ក្រោយពី​បាន​នាំមុខ 2-០ ក្នុងការ​ប្រកួត​ជើង​ទីមួយ​កាលពី​សប្តាហ៍​មុន​ក្នុងប្រទេស​អាល្លឺម៉ង់ នៅ​មុនពេល​កីឡាករ Mark Uth បា​នរក​គ្រាប់​បាល់​វាយបក​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី87 ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​ដល់​ក្រុម Hoffenheim។ ជាមួយគ្នានេះ ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ នឹង​សម្លឹង​រក​ក្នុងការ​ឈានទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​ជា​លើក​ទី1ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Liverpool មិន​ធ្លាប់​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​របស់​អាល្លឺម៉ង់​ឡើយ​ក្នុងចំណោម​ការប្រកួត14លើក​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​ឈ្នះ​ដល់​ទៅ11លើក និង​ស្មើ3លើក។ ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Kerem Demirbay វ័យ 24ឆ្នាំ​របស់​ក្លិប Hoffenheim បាន​ប្រាប់​កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​អាល្លឺម៉ង់ Bild ថា៖ «នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​យើង​ចង់​ឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាងនេះទៅទៀត​នោះ គឺ​ការបង្កើត​ប្រវត្តិសាស្ត្រ​របស់​យើង​ផ្ទាល់។ វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ»។ បើទោះបី​ពួកគេ​ត្រូវតែ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បាន​យ៉ាងហោចណាស់2គ្រាប់​ក៏ដោយ ប៉ុន្តែ Demirbay បាន​បញ្ជាក់ថា ក្រុម​អាល្លឺម៉ង់​របស់គេ​នឹងមិន​មើលស្រាល​ទៅលើ​ដៃគូ​ប្រកួត​ឡើយ ប៉ុន្តែ​ពោរពេញ​ដោយ​ការគោរព​លើ​ក្រុម​របស់លោក Klopp។

ស្របពេល​ជាមួយគ្នានេះដែរ លោក Klopp ក៏បាន​រំពឹងទុក​ពី​ភាពស្វិតស្វាញ​ក្នុងការ​ប្រកួត​នៅ​រាត្រី​នេះ​ផងដែរ។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​មិន​អាចធ្វើ​ឲ្យ​មានការ​ភ្លាត់ស្នៀត​ណាមួយ​កើតឡើង​ក្នុងការ​ប្រកួត​ជម្រុះ Champions League នេះ​បានឡើយ។ វា​នឹង​លំបាក​សម្រាប់​ក្រុម​ទាំងពីរ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ Sky Sports

Advertisement