មហាសេដ្ឋី Elon Musk ធ្លាប់​ព្យាយាម​លក់ Tesla ឱ្យ Apple តែ​មិន​បាន​សម្រេច​

CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla បានឱ្យដឹងថា លោក​ចង់​លក់​ក្រុមហ៊ុន​នេះ​ទៅឱ្យ Apple «នៅក្នុង​កាលៈទេសៈ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្មវិធី Medel 3» ប៉ុន្តែ​មិនបាន​សម្រេច។

«ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​លោក Tim Cook ដើម្បី​សុំ​ពិភាក្សាគ្នា​អំពី​លទ្ធភាព​នៃ​ការលក់ Tesla ឱ្យ Apple ជាមួយនឹង​តម្លៃ​ស្មើនឹង 1/10 នៃ​តម្លៃ​បច្ចុប្បន្ន​របស់​យើង» លោក Musk សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 22 ធ្នូ ដូច្នេះ។ លោក​បន្តថា៖ «ប៉ុន្តែ គាត់​បាន​បដិសេធ​អំពី​កិច្ចពិភាក្សា​នេះ»។

ការ​បង្ហើប​ខាងលើ​របស់លោក Musk ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Reuters បាន​ចុះផ្សាយ​កាលពីមុន​នោះ​មួយថ្ងៃ​ថា Apple កំពុងមាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី បើកបរ​ដោយ​ស្វ័យប្រវត្ត ដែល​ប្រើប្រាស់​អាគុយ​បច្ចេកវិទ្យា​ថ្មី។ លោក Musk និយាយថា ព័ត៌មាន​របស់ Reuters ជា «រឿង​ចម្លែក បើសិន​វា​ជាការ​ពិត»។ ប៉ុន្តែ ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ដោយ Reuters ក៏បាន​ធ្វើឱ្យ​មូល​ប​ត្រ Tesla ត្រូវ​ធ្លាក់​ថ្លៃ​ជាង 6% នៅក្នុង​ថ្ងៃ​ដំបូង​ដែល​ក្រុមហ៊ុន​នេះ​បាន​ចូលរួម​ក្នុង​ស​ន្ទ​ស្សន៍ S&P 500។

Tesla Model 3 បានបង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​កាលពី​ឆ្នាំ 2007។ មុន​នោះ រថយន្ត​ម៉ូ​ដែល​នេះ​ធ្លាប់​ជួបប្រទះ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការផលិត និង​បញ្ហា​ផ្សេង​មួយចំនួនទៀត។ ប៉ុន្តែ បច្ចុប្បន្ន ម៉ូ​ដែល​រថយន្ត​នេះ​បាន​ក្លាយជា​រថយន្ត​ទំនើប​ដែល​បាន​លក់ដាច់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ជួយ​ឱ្យ Tesla ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

សំណេរ​របស់លោក Musk ខាងលើ មកដល់ពេលនេះ មិនត្រូវ​បានបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ។ ក៏ប៉ុន្តែ ការ​លោត​ឆ្លង​វិស័យ​ចូលទៅក្នុង​ទីផ្សារ​ផលិត​រថយន្ត តែងតែ​ជួប​ការលំបាក​ខ្លាំង។ លោក Musk ធ្លាប់បាន​ឱ្យដឹងថា នៅក្នុង​អំឡុង 17 ឆ្នាំ​មកនេះ Tesla វិះ​នឹងត្រូវ​ក្ស័យធន​ជាច្រើន​ដង​មកហើយ។ ក្រុមហ៊ុន​នេះ ក៏​ទើប​តែមាន​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ចាប់​ពី​​ឆ្នាំ 2019 តែ​ប៉ុណ្ណោះ៕

ប្រភព៖ CNN

Advertisement